ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT

ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?
 
១ថ្ងៃ គឺ​រយៈពេល​ដែល​ផែនដី​វិល​ជុំវិញ​ខ្លួនឯង​១ជុំ ប៉ុន្តែ តើ​អ្នកណា​ជា​អ្នកកំណត់​ថា ១ថ្ងៃ​ត្រូវ​មាន​២៤ម៉ោង? Pixabay

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង អំពី​ដំណើររឿង​នៃ​ការ​បែងចែក​​ថ្ងៃ​ទៅជា​២៤ម៉ោង និង​ការ​បែងចែក​ម៉ោង​​ជា​៦០នាទី។

(មានវីដេអូនៅខាងក្រោម)

តើហេតុអ្វីបាន​ជា​១ថ្ងៃ​មាន២៤ម៉ោង ? យើងដឹង​ថា ភពផែនដី​របស់​យើង​មាន​ចលនា​វិល​ជុំវិញ​ខ្លួនឯង​ជាប់​ជា​ប្រចាំ​តាំង​ពី​ដើម​រៀងមក ហើយ​១ថ្ងៃ​ គឺ​ជា​រយៈពេលដែល​ផែនដី​វិល​ជុំវិញ​ខ្លួនឯង​១ជុំ​ពេញ... វា​ជា​ដំណើរការ​ធម្មតា​ទៅតាម​លក្ខណៈ​ធម្មជាតិ​។ ក៏ប៉ុន្តែ ហេតុអ្វី​បាន​ជា​គេ​បែងចែក​រយៈពេល​ដែល​ផែនដី​វិល​ជុំវិញ​ខ្លួនឯង​នេះ​ទៅ​ជា​២៤ម៉ោង? ហេតុអ្វី​មិន១០ម៉ោង? ២០ម៉ោង? ១០០ម៉ោង? ឬ​ក៏​ចំនួន​ណាមួយ​ផ្សេងទៀត ? ហេតុអ្វី​ក៏​ចាំបាច់ត្រូវតែ​២៤ម៉ោង?

ការបែងចែក​១ថ្ងៃ​ ​ជា​២៤ម៉ោង គឺ​ជា​មរតក​ដែល​បន្សល់ទុក​ដោយ​ពួក​អេហ្ស៊ីប​សម័យ​បុរាណ តាំង​ពី​ប្រមាណ​ជា ២ពាន់ ទៅ៣ពាន់​ឆ្នាំ​មុន​គ.សមកម៉្លេះ។ នៅ​ពេលនោះ ​អេហ្ស៊ីប​ ក្រោយ​ពី​បាន​បង្កើត​ប្រតិទិន​សុរិយគតិ ដែល​មាន ៣៦៥​ថ្ងៃ​រួចហើយ ក៏​​បាន​ធ្វើការ​បែងចែក​​ថ្ងៃ ដោយ​អង្កន់​​ជា​រង្វាស់ពេល​កាន់តែ​តូច​បន្ថែម​ទៀត គឺ​ចែក​ពេល​​យប់ជា​១២ម៉ោង និង​ពេល​ថ្ងៃ​១២ម៉ោង។

​ការណ៍​ដែល​អេហ្ស៊ីប​បែងចែក​យប់​និង​ថ្ងៃ​ជា​១២ម៉ោង​បែបនេះ គឺ​​ ម្យ៉ាង ​ដោយសារ​តែ​ ១២ ​ជា​ចំនួន​ដែល​ត្រូវ​នឹង​វដ្ត​នៃ​ព្រះចន្ទ ពោលគឺ ១វដ្ត​នៃ​ព្រះចន្ទ​ស្មើ​នឹង​១ខែ ហើយ​១២វដ្ត ឬ១២ខែ​ស្មើ​នឹង​មួយ​ឆ្នាំ។ ម្យ៉ាងទៀត ដោយសារ​តែចំនួន ១២ គឺ​ជា​មូលដ្ឋាន​នៃ​ប្រព័ន្ធលេខ​របស់​អេហ្ស៊ីប​សម័យបុរាណ។

ប្រព័ន្ធរាប់លេខ (ឬ​ប្រព័ន្ធរបាប់) ​ដែល​យើង​ប្រើជាទូទៅ​ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​មូលដ្ឋាន​លើ​ចំនួន ១០ ដែល​គេហៅថា​ “ប្រព័ន្ធគោលដប់” ឬ “ប្រព័ន្ធទសភាគ” (Système décimal)។ ការរាប់លេខ​ដោយ​យក​ចំនួន ១០​ជា​មូលដ្ឋាន​នេះ គឺ​ដោយសារ​តែ​មូលដ្ឋាន​នៃ​ការ​រាប់​របស់​យើង គឺ​រាប់​​​ម្រាម​ដៃ​ទាំង១០។

ចំពោះ​ពួក​អេហ្ស៊ីប​សម័យ​បុរាណ​វិញ គេ​មិន​រាប់​ម្រាម​ទាំង១០​នោះទេ។ ផ្ទុយទៅវិញ ​គេ​រាប់​ថ្នាំងដៃ ហើយ​រាប់​តែ​ដៃម្ខាង​ប៉ុណ្ណោះ ដោយ​យក​មេដៃ​ធ្វើ​​​ជា​អ្នក​រាប់ ហើយ​រាប់​​ថ្នាំង​នៃ​ម្រាម​៤ផ្សេងទៀត (ដោយសារ​តែ​ម្រាម​មួយ​ មាន​ថ្នាំង ៣ ដូច្នេះ ម្រាម​ ៤ ត្រូវ​មាន​ថ្នាំង ១២)។ ហេតុដូច្នេះហើយ​បាន​ជា​​អេហ្ស៊ីប​សម័យ​បុរាណ​នោះ​​ប្រើ​ប្រព័ន្ធ​គោល១២ (Système duodécimal) ដើម្បី​រាប់​លេខ ហើយ​ការ​បែងចែក​ម៉ោង​នៅ​ពេល​យប់ និង​ពេលថ្ងៃ ក៏​ត្រូវ​បាន​ធ្វើឡើង ដោយ​យក​ ១២​ជា​ចំនួន​គោល។

នៅ​ក្នុង​ការ​បែងចែក​ម៉ោង​នេះ អ្នក​ជំនាញ​ខាង​តារាសាស្រ្ត​អេហ្ស៊ីប​បាន​ធ្វើ​ការ​បែងចែក​ម៉ោង​នៅ​ពេល​យប់​​ជាមុន ដោយ​ម៉ោង​នីមួយៗ​ត្រូវ​រាប់​ដោយ​​​យក​ផ្កាយ​ចំនួន​១២​ធ្វើ​គោល។ ផ្កាយ​ទាំង១២​នេះ​រះ​បន្ត​កន្ទុយគ្នា (ម្នាក់ម្តងៗ) ​ពេញ​ក្នុង​មួយ​យប់ ដោយ​រះ​ក្នុង​ចន្លោះ​ពេល​ស្មើៗគ្នា ហើយ​ចន្លោះ​ពេល​ចាប់​ពី​ផ្កាយ​មួយ​រះ ទៅដល់​ផ្កាយ​មួយ​ទៀត​រះឡើង ត្រូវ​រាប់​ថា​ជា​មួយ​ម៉ោង។

បន្ទាប់​មក​ទៀត ការបែងចែក​ម៉ោង​នៅ​ពេលថ្ងៃ​ត្រូវ​ធ្វើឡើង ដោយ​យក​​រង្វាស់​នៃ​ស្រមោល​ចេញ​ពី​ពន្លឺ​ព្រះអាទិត្យ​ធ្វើ​ជា​គោល។ ​នៅ​ក្នុង​ការ​វាស់​ស្រមោល​ចេញ​ពី​ពន្លឺ​ព្រះអាទិត្យ​នេះ ពីដំបូង​ឡើយ​ ពួក​អេហ្ស៊ីប​​​​ប្រើ​ត្រឹមតែ​​ឧបករណ៍​ដ៏​សាមញ្ញ​​​មួយ​ប៉ុណ្ណោះ គឺ​​​យក​បង្គោល​មួយ​ដោត​លើ​ដី​បញ្ឈរ​ត្រង់​ទៅលើ ហើយ​យក​​បង្គោល​មួយ​ទៀត​ដាក់​ផ្តេក​នៅលើ​ដី ដោយ​គូស​គំនូស​ចំណាំ​ ដើម្បី​កំណត់​ម៉ោង ទៅតាម​ទីតាំង​នៃ​​សម្រោល​ដែល​ចាំង​ពី​បង្គោលបញ្ឈរ។ ក្រោយ​ៗមក​​​ទៀត គេ​បាន​បង្កើត​ ឧបករណ៍​ដែល​កាន់តែ​មាន​ភាព​សុក្រិត​ជាងមុន​ ដែលគេ​ឲ្យ​ឈ្មោះ​តាម​ភាសា​បារាំង​ថា “Cadran solaire” ឬ​តាម​ភាសា​អង់គ្លេស “Sundial”។

ក៏ប៉ុន្តែ នៅ​ក្នុង​ការ​បែងចែក​ម៉ោង​ពេលថ្ងៃ ដោយ​ការ​​​វាស់​​ស្រមោល​ព្រះអាទិត្យ​នេះ ពួកអេហ្ស៊ីប​ត្រូវ​ប្រឈម​នឹង​ចំណោទ​ សម្រាប់​ពេល​ព្រឹកព្រលឹម នៅពេល​ដែល​មេឃ​ចាប់ផ្តើម​ភ្លឺ​ស្រាងៗ​ពិបាក​នឹង​មើល​ផ្កាយ ចំណែក​ឯ​​ថ្ងៃ​​ក៏​មិន​ទាន់​រះ​ដែល​អាច​ចាំងស្រមោល​ឲ្យ​គេ​វាស់បាន ហើយ​ដូចគ្នា​ដែរ នៅ​ពេល​ព្រលប់ នៅ​ពេល​ដែល​ថ្ងៃ​ក៏​លិច​បាត់ ចំណែក​មេឃ​ក៏​មិនទាន់​ងងឹត​ខ្លាំង ដែល​អាច​ឲ្យ​គេ​មើល​ផ្កាយឃើញ​ច្បាស់​នៅឡើយ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ពួកអេហ្ស៊ីប​ក៏​បាន​​កំណត់​ថា ពេលព្រឹកព្រលឹម ​(ចាប់​ពី​ចុងម៉ោងទី១២​នៃ​ពេល​យប់ រហូត​ដល់​ពេល​ថ្ងៃ​ចាប់ផ្តើម​រះ) ត្រូវ​រាប់​ជា​១ម៉ោង ហើយ​​ពេល​ព្រលប់ (ចាប់​ពី​ពេល​ថ្ងៃ​លិច ​រហូត​ដល់​ពេល​ដែល​ផ្កាយ​តំណាង​ឲ្យ​ម៉ោង​ទី១​នៃ​ពេលយប់​ចាប់ផ្តើម​រះ) ត្រូវ​រាប់​ជា​មួយ​ម៉ោង​ដូចគ្នា។ ចំណែក​ឯ​រយៈពេល​ចាប់​ពី​ថ្ងៃ​រះ រហូត​ដល់​ថ្ងៃ​លិច ត្រូវ​បែង​ចែក​ចេញ​ជា ១០​ម៉ោង។ និយាយ​ជា​រួម គឺ ១២ម៉ោង សម្រាប់​ពេល​យប់ ១០ម៉ោង សម្រាប់​រយៈពេល​ពី​ថ្ងៃ​រះដល់​ថ្ងៃ​លិច ១ម៉ោង​សម្រាប់​ពេល​ព្រឹក​ព្រលឹម និង​១ម៉ោង​សម្រាប់​ពេល​ព្រលប់… គិត​ជា​សរុប​១ថ្ងៃ​ពេញ ស្មើ​នឹង ២៤ម៉ោង។

ក៏ប៉ុន្តែ ម៉ោង​របស់​ពួក​អេហ្ស៊ីប​នៅ​ពេលនោះ មាន​ពេល​មិន​ស្មើគ្នា​នោះទេ រវាង​ម៉ោង​នៅ​ពេលថ្ងៃ និង​ម៉ោង​នៅ​ពេលយប់។ ដោយសារ​តែ​ពេលថ្ងៃ​និង​ពេល​យប់​ត្រូវ​បែងចែក​ចេញ​ជា​១២ម៉ោង​ដូចគ្នា​ជាប់​ជា​និច្ច​ពេញ​ក្នុង​មួយ​ឆ្នាំៗ ដូច្នេះ នៅ​ក្នុង​អំឡុង​រដូវក្តៅ នៅ​ពេល​ដែល​ថ្ងៃ​មាន​រយៈពេល​យូរ​ជាង​យប់ ១ម៉ោង​​នៅ​ពេលថ្ងៃ​មាន​រយៈពេល​វែងជាង​១ម៉ោង​នៅ​ពេល​យប់ ហើយ​ផ្ទុយ​ពីនេះ​ទៅវិញ នៅ​ក្នុង​អំឡុង​រដូវ​ត្រជាក់ នៅ​ពេល​ដែល​ថ្ងៃ​មាន​រយៈពេល​ខ្លី​ជាង​យប់ ១ម៉ោងៗ​នៅ​ពេលថ្ងៃ​ក៏​មាន​រយៈពេល​កាន់តែ​ខ្លី​ទៅតាម​នោះ​ផងដែរ។

ក៏ប៉ុន្តែ សម្រាប់​អេហ្ស៊ីប​សម័យ​បុរាណ​នោះ ការណ៍​ដែល​ម៉ោងនីមួយៗ​មាន​រយៈពេល​មិន​ស្មើ​គ្នា​នេះ​មិន​ចោទ​ជា​បញ្ហា​អ្វី​ធំដុំ​នោះទេ ដោយសារ​តែ​នៅ​ពេលនោះ​ គេ​រាប់​តែ​ចំនួន​ម៉ោង​តែ​ប៉ុណ្ណោះ ដោយ​មិន​ត្រូវការ​ដឹង​លម្អិត​អំពី​រយៈពេល​នៃ​ម៉ោង​នីមួយៗ​នោះទេ ហើយ​​គេ​ក៏​នៅ​មិនទាន់​ធ្វើការ​បែងចែក​ម៉ោង​​​ទៅ​ជា​នាទី និង​​វិនាទី​នៅឡើយ​នោះដែរ។

តាមការពិតទៅ ការ​បែងចែក​ម៉ោង​ចេញ​ទៅ​ជា​នាទី និង​វិនាទី ដើម្បី​យក​មក​ប្រើ​ជា​រង្វាស់​ពេល ទើប​នឹង​ត្រូវ​បាន​ធ្វើឡើង កាល​ពី​ប្រមាណ​ជា​ ៤០០ឆ្នាំ​មុន​នេះ​តែ​ប៉ុណ្ណោះ ពោលគឺ នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី១៦​នៃ​គ្រិស្តសករាជ។ ក៏ប៉ុន្តែ ឫសគល់​នៃ​ការ​បែងចែក​១ម៉ោង​ទៅជា ៦០នាទី និង​១នាទី ទៅ​ជា ៦០វិនាទី ដែល​យើង​ប្រើ​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ គឺ​កើតចេញ​ពី​ប្រព័ន្ធ​លេខ (ឬ​ប្រព័ន្ធរបាប់) របស់​ពួក​បាប៊ីឡូន។

របៀប​រាប់​លេខ​របស់​ពួក​បាប៊ីឡូន គឺ​មាន​មូលដ្ឋាន​លើ​លេខ ៦០ ដែល​គេ​ហៅ​ថា “ប្រព័ន្ធគោល៦០” (Système sexagésimal) ហើយ​​តាមរយៈ​ប្រព័ន្ធ​គោល៦០​នេះ​ ​​​ពួក​បាប៊ីឡូន​បាន​ធ្វើការ​បែងចែក​រង្វង់​ចេញ​ទៅ​ជា ៣៦០​ផ្នែក ដែល​យើង​ហៅ​ថា “ដឺក្រេ”។

ក្រោយ​មក​ទៀត នៅ​ក្នុង​ចន្លោះ​ពី​១០០ឆ្នាំ ទៅ ៣០០ឆ្នាំ​មុន​គ្រិស្ត​សករាជ អ្នក​ប្រាជ្ញ​ក្រិក​មួយ​ចំនួ​ន រួមមាន អាក់ស៊ីម៉ែត (Archimède), អារីស្តាក់ (Aristarque de Samos) និង​ហ៊ីប៉ាក់ (Hipparque) ជាដើម បាន​ប្រើប្រព័ន្ធ​លេខ​របស់​ពួក​បាប៊ីឡូន​នេះ ដើម្បី​​បែងចែក​ដឺក្រេ​ចេញ​ទៅ​ជា​៦០មីនុត ឬ​នាទី ហើយ​នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី១​នៃ​គ្រិស្ត​សករាជ អ្នក​ប្រាជ្ញរ៉ូម ដើម​កំណើត​ក្រិក​ម្នាក់ ឈ្មោះ​ថា ផ្តូលេមេ (Ptolémée/Ptolemy) ក៏​បាន​ធ្វើការ​បែងចែក​មីនុត ឬ​នាទី​នេះ​ឲ្យ​កាន់តែ​តូច​ថែម​ទៀត គឺ​១មីនុត ស្មើ​នឹង ៦០សឺកុង ឬ​វិនាទី។

ក៏ប៉ុន្តែ ទោះជា​យ៉ាងណា ពីដំបូងឡើយ ការបែងចែក​នេះ​ត្រូវ​បាន​ធ្វើឡើង សម្រាប់​តែ​រង្វាស់​មុំ​​តែប៉ុណ្ណោះ។ រហូត​ទាល់តែ​ដល់​សតវត្សរ៍​ទី​១១ ទើប​រង្វាស់មុំ​នេះ​ត្រូវ​បាន​អ្នក​តារាស្ត្រ​យក​ទៅ​បំផ្លែង​ជា​រង្វាស់​ពេល ហើយ​រហូត​ទាល់តែ​ដល់​សតវត្សរ៍​ទី​១៦ ទើប​ការបែងចែក​ម៉ោង​ចេញ​ជា​មីនុត ឬ​នាទី ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជា​រង្វាស់ពេល​ នៅ​ក្នុង​ការ​រស់នៅ​ជា​ប្រចាំថ្ងៃ​ជាទូទៅ៕

  • អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីបេសកកម្ម​អាប៉ូឡូទី១១ ដែល​នាំ​ ​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ …

  • ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីដំណើរ​ដើម​ទង​នាំ​ទៅដល់​ការ​ចាប់កំណើត​នៃ​បេសកកម្ម​​អាប៉ូឡូ​​​ …

  • ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​គម្រប់ ៥០ឆ្នាំ …

  • តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ