ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT

ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី
 
អាមេរិក​មានគម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ព្រះចន្ទ​ជា​ថ្មី​ទៀត នៅ​ឆ្នាំ២០២៤​ខាងមុខ Getty Images

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​គម្រប់ ៥០ឆ្នាំ នៃ​បេសកកម្ម​អាប៉ូឡូ នៅ​ក្នុង​ខែកក្កដា​នេះ សេង ឌីណា ​សូម​​ធ្វើ​ការ​ផ្តោត​ជាពិសេស​ទៅលើ​ ​ព្រះចន្ទ ដែល​ជា​ទីកន្លែង​តែមួយគត់​នៅ​ក្នុង​ចក្រវាល​យើង​នេះ ដែល​មនុស្ស​យើង​ធ្លាប់​ធ្វើ​ដំណើរ​ទៅដល់។

(មានវីដេអូនៅខាងក្រោម)

“ព្រះចន្ទ”... ដូចដែល​យើង​អាច​សង្កេតឃើញ​ស្រាប់​នៅ​ក្នុង​ពាក្យ​ខ្មែរ គឺ​មាន​ពាក្យ​ថា “ព្រះ” នៅពីមុខ ដោយសារ​តែ​នៅ​ក្នុង​អរិយធម៌​ខ្មែរ ក៏ដូចជា​អរិយធម៌​ជាច្រើន​ផ្សេងទៀត​ដែរ​កាល​ពី​សម័យ​បុរាណ ព្រះចន្ទ​ត្រូវ​បាន​គេ​គោរព​បូជា​ដូចជា​ព្រះ។

ព្រះចន្ទ គឺ​ជា​អ្នក​ត្រួតត្រា​ផ្ទៃមេឃ​របស់​យើង​នៅ​ពេលយប់ ដោយសារ​តែ​មាន​ទំហំ​ធំជាងគេ និង​​​​មាន​ពន្លឺ​​ខ្លាំងជាងគេ ហើយ​​​​ក៏​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ផងដែរ​ទៅដល់​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​របស់​មនុស្សជាតិ​យើង។ សម្រាប់​មនុស្សជាតិ​សម័យ​បុរាណ ព្រះចន្ទ​គឺ​ជា​ពន្លឺ​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ជា​ទីសម្គាល់​ទិស និង​ជា​គោល​សម្រាប់​សម្គាល់​ពេល ពោលគឺ​ជា​គោល​នៃ​ប្រតិទិន​ចន្ទគតិ។

តាម​ការពិត​ទៅ ព្រះចន្ទ​មិនមែន​ជា​របស់​ពិសេស​ដែល​មាន​តែមួយគ្មាន​ពីរ​នោះទេ នៅ​ក្នុង​ចក្រវាល​របស់​យើង​នេះ។

ព្រះចន្ទ បើ​និយាយ​ទៅតាម​ន័យ​ទូលាយ គឺ​គេ​សំដៅ​ទៅលើ​តារារណបធម្មជាតិ ដែល​ធ្វើ​ដំណើរ​វិលជុំវិញភព ហើយ​​គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គេ​បាន​រកឃើញ​ថា នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​នេះ ​មាន​ព្រះចន្ទ​រហូតដល់​ទៅ​ជាង ១៥០​ឯណោះ។ ភពខ្លះ​មាន​ព្រះចន្ទ​ច្រើន​រហូតដល់​ទៅ​រាប់សិប (ដូចជា ភព​ព្រហស្បតិ៍​ជាដើម) ចំណែក​ភពផែនដី​របស់​យើងវិញ មាន​ព្រះចន្ទតែមួយគត់។

បើ​និយាយ​ពី​ទំហំ​វិញ ព្រះចន្ទ​របស់​យើង​នេះ​ ថ្វីដ្បិត​តែ​យើង​មើល​ទៅ​ឃើញ​មាន​ទំហំ​ធំ​​ជាងគេ​នៅលើ​មេឃ ក៏ប៉ុន្តែ តាមពិតទៅ ក៏​មិនមែន​ជា​ព្រះចន្ទ​ដែល​មាន​ទំហំ​ធំជាងគេ​នោះដែរ។ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​នេះ ព្រះចន្ទ​ដែល​មាន​ទំហំ​ធំជាង​គេ​បង្អស់ គឺ​​ព្រះចន្ទ​របស់​ភពព្រហស្បតិ៍​ឈ្មោះ​ថា “ហ្កានីម៉ែដ” (Ganymède)។ ចំណែក​ព្រះចន្ទ​របស់​យើង​វិញ ស្ថិត​នៅ​លំដាប់​ទី៥​ឯណោះ។

ក៏ប៉ុន្តែ បើ​គេ​និយាយជាលក្ខណៈ​ធៀប​វិញ ព្រះចន្ទ​របស់​យើង​នេះ​មាន​ទំហំ​ធំជាងគេ​ធៀប​ទៅនឹង​ភពផែនដី ដែល​ខ្លួន​ជា​តារារណប។ ហ្កានីម៉ែដ ​ជា​ព្រះចន្ទ​ធំជាងគេ​នៅក្នុង​​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង ក៏ប៉ុន្តែ មាន​ទំហំ​ត្រឹមតែ​ប្រមាណ​ជា ៣%​ ប៉ុណ្ណោះ នៃ​ទំហំ​ភពព្រហស្បតិ៍ ក្នុងពេល​ដែល​ព្រះចន្ទ​របស់​យើង​នេះ​វិញ មាន​ទំហំ​រហូត​ដល់​ទៅ ២៧% ឯណោះ ពោលគឺ​លើស​ពី ១ភាគ៤ នៃ​ទំហំ​ភពផែនដី។

ព្រះចន្ទ​​​​ធ្វើ​ដំណើរ​វិល​មួយ​​ជុំ​ភពផែនដី ក្នុងរយៈពេល​ស្មើ​គ្នា​នឹង​រយៈពេល​ដែល​ព្រះចន្ទ​វិល​ជុំវិញ​ខ្លួនឯង​ដែរ គឺ ២៩ថ្ងៃ។ ហេតុដូច្នេះហើយ​បាន​ជា​ ពី​ភពផែនដី​ទៅ យើង​អាច​មើល​ឃើញ​​ព្រះចន្ទ​តែ​ម្ខាង​ប៉ុណ្ណោះ ដោយ​ម្ខាង​ទៀត​ត្រូវ​បែរ​ចេញ​ពី​ភព​ផែនដី​ជាប់​ជា​ប្រចាំ ហើយ​មិន​អាច​ឲ្យ​យើង​មើល​ឃើញ​បាន។

កាល​ពី​សម័យ​បុរាណ នៅ​ពេល​ដែល​មនុស្ស​យើង​មិន​ទាន់​ចេះ​បង្កើត​តេឡេស្កុប ​យើង​មើល​ទៅ​​ព្រះចន្ទ​ដោយ​ភ្នែក​ទទេ​ឃើញ​ថា ព្រះចន្ទ​ហាក់ដូចជា​ដុំស្វ៊ែរ​មួយ ដែល​មាន​ផ្ទៃ​រាប​ស្មើ​ល្អ​ឥតខ្ចោះ ដោយ​នៅ​ចំកណ្តាល​មាន​ស្រមោល​ខ្មៅ ដែល​មាន​រូបរាង​ដូចជា​សត្វទន្សាយ ឬ​ជា​រូបអ្វីផ្សេងទៀត​អាស្រ័យ​ទៅតាម​ការ​បកស្រាយ និង​ជំនឿ​​របស់​អរិយធម៌​ផ្សេងៗគ្នា។

ក៏ប៉ុន្តែ ក្រោយ​​ពី​សម័យកាល​កាលីលេ ដែល​បាន​សង្កេត​មើល​ព្រះចន្ទ​ដោយ​ប្រើ​តេឡេស្កុប ទើប​គេ​ដឹង​ថា ស្រមោល​ខ្មៅ​ដែល​មាន​រាង​ដូចជា​សត្វទន្សាយ​នេះ តាមការ​ពិត​ទៅ គឺ​ជា​តំបន់​ទំនាប ឬ​បណ្តុំនៃ​រណ្តៅ​អាចម៍ផ្កាយ ហើយ​ដែល​អ្នកតារាសាស្រ្ត​ប្រសិទ្ធនាម​ឲ្យថា « Maria » ដែល​​ជាភាសាឡាតាំង​មានន័យថា​ “សមុទ្រ”។ ការសង្កេតមើល​តាម​តេឡេស្កុប​ក៏​អាច​ឲ្យ​គេ​ឃើញ​ផងដែរ​ថា រណ្តៅអាចម៍ផ្កាយ​នៅលើ​​ផ្ទៃដី​ព្រះចន្ទ គឺ​មាន​រាប់រយពាន់ ហើយ​មាន​នៅ​ស្ទើរតែ​គ្រប់​ទីកន្លែង​ទាំងអស់ ដោយ​រណ្តៅខ្លះ​តូច ហើយ​ខ្លះទៀត​ធំ រហូត​ដល់​ទៅ​រាប់​រយគីឡូម៉ែត្រ​ឯណោះ។

តាមការពិត ​រណ្តៅ​អាចម៍ផ្កាយ​ទាំងនេះ​ មាន​ខ្លះ​មាន​អាយុកាល​រហូតដល់​ទៅ​រាប់ពាន់លាន​ឆ្នាំ​ឯណោះ ក៏ប៉ុន្តែ ដោយសារ​តែ​នៅលើ​ព្រះចន្ទ​​ គ្មាន​បរិយាកាស គ្មាន​ខ្យល់ គ្មាន​ទឹក  ដែល​អាច​ធ្វើ​ឲ្យ​ស្លាកស្នាម​អស់​ទាំងនេះ​ត្រូវ​ផ្លាស់ប្តូរ ឬ​រលុប​បាន ទើប​​រណ្តៅ​អស់​ទាំងនេះ​នៅ​តែ​អាច​រក្សា​រូបរាង​ដើម​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ សូម្បីតែ​ស្នាមជើង​របស់​​អវកាស​យានិក​អាប៉ូឡូ ដែល​បាន​ជាន់ដី​ព្រះចន្ទ កាល​ពី​៥០ឆ្នាំមុន​នោះ ក៏​នៅ​បន្ត​រក្សា​រូបរាង​ដើម​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះដែរ។

ការណ៍​ដែល​ព្រះចន្ទ​​គ្មាន​បរិយាកាស​នេះ​ ក្រៅពីធ្វើ​ឲ្យ​រណ្តៅ​ចំណាស់​រាប់ពាន់លាន​ឆ្នាំ​នៅ​រក្សា​រូបរាង​ដើម​បាន​ វា​ក៏​ធ្វើ​ឲ្យ​មាន​​លក្ខណៈ​ពិសេស​ខុសគ្នាជាច្រើន​ទៀត​ផងដែរ រវាង​អ្វី​ដែល​យើង​សង្កេតឃើញ​នៅលើ​ផែនដី និង​អ្វី​ដែល​យើង​អាច​សង្កេតឃើញ​នៅលើ​ព្រះចន្ទ។

គ្មាន​បរិយាកាស គឺ​មានន័យ​ថា គ្មាន​​ខ្យល់​​អុកស៊ីសែន​សម្រាប់​ឲ្យ​យើង​ដកដង្ហើម​ ហើយ​ក៏​គ្មាន​ម៉ូលេគុល​ខ្យល់​សម្រាប់​ចម្លង​សំឡេង​បាន​នោះដែរ។ មានន័យ​ថា នៅលើ​ព្រះចន្ទ បើទោះបីជា​យើង​ឈរ​នៅ​ក្បែរគ្នា ហើយ​ខំប្រឹង​ស្រែក​ខ្លាំង​យ៉ាងណា​ក៏ដោយ ក៏​យើង​មិន​អាច​ស្តាប់​​គ្នា​ឮបាន​នោះដែរ (លើកលែង​តែ​ប្រើ​វិទ្យុទាក់ទង)។

ម្យ៉ាងវិញ​ទៀត ការណ៍​ដែល​គ្មាន​បរិយាកាស និង​គ្មាន​​ម៉ូលេគុល​ខ្យល់ ដើម្បី​បំភាយ​ពន្លឺ​ពីព្រះអាទិត្យ មានន័យថា ផ្ទៃមេឃ​នៅលើ​ព្រះចន្ទ​មិនមាន​ពណ៌​ខៀវ​ដូចជា​នៅលើ​ផែនដី​នោះទេ ផ្ទុយ​ទៅវិញ គឺ​មាន​ពណ៌​ខ្មៅ​ជាប់​ជា​និច្ច​ បើ​ទោះបីជា​នៅ​នៅ​ពេល​ថ្ងៃ​ក៏ដោយ។

សីតុណ្ហភាព​វិញ​ក៏​មាន​ការ​ខុសប្លែក​គ្នា​​​យ៉ាង​ខ្លាំង​ផងដែរ ពី​អ្វីដែល​យើង​ឃើញ​មាន​នៅលើ​ភពផែនដី​។ នៅលើ​ភពផែនដី សីតុណ្ហភាព រវាង​ពេល​ថ្ងៃ និង​ពេល​យប់ ថ្វីដ្បិត​តែ​មាន​ការ​ប្រែប្រួល​ខ្លះ ក៏ប៉ុន្តែ ក៏​មិន​សូវ​ជា​ខុសគ្នា​ខ្លាំង​ប៉ុន្មាន​នោះដែរ។ នេះ​ក៏ដោយសារ​តែ​ផែនដី​មាន​ស្រទាប់​បរិយាកាស សម្រាប់​ទប់​កម្តៅ​ពី​ព្រះអាទិត្យ។ នៅលើ​ព្រះចន្ទ​វិញ ដែល​គ្មាន​បរិយាកាស​ សីតុណ្ហភាព​ រវាង​ពេល​ថ្ងៃ និង​ពេល​យប់​ត្រូវ​ប្រែប្រួល​ខុសគ្នា​ដូច​មេឃ​នឹង​ដី គឺ​ពេល​ថ្ងៃ​អាកាសធាតុ​ក្តៅខ្លាំង​រហូតដល់​ទៅ​ជាង​១២០​អង្សា (១២៧អង្សា) ចំណែក​នៅ​ពេល​យប់​វិញ សីតុណ្ហភាព​ចុះ​ត្រជាក់​ភ្លាមៗ​រហូត​ដល់​ទៅ​ជាង ១៧០ ក្រោម​សូន្យ (-១៧៣អង្សា)។​

ចំណុច​ខុសគ្នា​ដ៏​សំខាន់​មួយ​ទៀត គឺ​កម្លាំង​ទំនាញ។ ព្រះចន្ទ​មាន​ម៉ាស់​តិច​ជាង​ផែនដី​រហូតដល់​ទៅ​ ៨០ដង ហើយ​កម្លាំង​ទំនាញ​ក៏​​​ខ្សោយ​ជាង​ផែនដី​រហូតដល់​ទៅ​៦ដងផងដែរ។ មានន័យថា អ្នក​ដែល​មាន​ទម្ងន់ ៦០គីឡូ​​ក្រាម ពេល​ទៅ​ឈរលើ​ដី​ព្រះចន្ទ នឹង​មាន​ទម្ងន់ត្រឹមតែ ១០គីឡូក្រាម​តែប៉ុណ្ណោះ។

ព្រះចន្ទ​ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ​​ប្រមាណ​​ជាង ៣៨ម៉ឺន​គីឡូម៉ែត្រ​​ប៉ុណ្ណោះ ពី​ភព​ផែនដី ពោលគឺ ជា​ចម្ងាយ​មួយ​ដ៏​ជិត​បំផុត បើ​ធៀប​នឹង​ភព ឬ​ព្រះចន្ទ​ផ្សេងទៀត នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។ ដើម្បី​ជា​ការ​ប្រៀបធៀប ភពសុក្រ ដែល​ជា​ភព​ស្ថិត​នៅ​ជិត​ផែនដី​ជាងគេ​លំដាប់​ទីពីរ​បន្ទាប់​ពី​ព្រះច​ន្ទ គឺ​ស្ថិត​នៅ​ចម្ងាយ​រហូតដល់​ទៅ​ប្រមាណ​ជា ៤០លាន​គីឡូម៉ែត្រ​ឯណោះ​ពី​ផែនដី ពោលគឺ ឆ្ងាយ​ជាង​ព្រះចន្ទ​រហូត​ដល់​ទៅ​ជាង​១០០ដង​ឯណោះ។

ព្រះចន្ទ ដែល​ត្រូវ​បាន​​អ្ន​កវិទ្យាសាស្រ្ត​ជាច្រើន​នាំគ្នា​ប្រសិទ្ធិនាម​ឲ្យ​ថា​ជា “ទ្វីបទី៨​របស់​ផែនដី” នោះ គឺ​ជា​ទី​​កន្លែង​តែមួយគត់​នៅ​ក្នុង​ចក្រវាល​នេះ ដែល​មនុស្ស​យើង​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​​ចុះចត គឺ​នៅ​ក្នុង​អំឡុង​​​បេសកកម្ម​អាប៉ូឡូ នៅ​​ចន្លោះ​ពី​ឆ្នាំ​១៩៦៩ ដល់​ឆ្នាំ១៩៧២​កន្លងទៅ៕

  • អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីបេសកកម្ម​អាប៉ូឡូទី១១ ដែល​នាំ​ ​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ …

  • ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីដំណើរ​ដើម​ទង​នាំ​ទៅដល់​ការ​ចាប់កំណើត​នៃ​បេសកកម្ម​​អាប៉ូឡូ​​​ …

  • តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ