ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT

មនុស្សសម័យទំនើប៖ ​អូម៉ូសាព្យាង ​និង​ការ​ចេះ​ប្រើ​ភាសា

មនុស្សសម័យទំនើប៖ ​អូម៉ូសាព្យាង ​និង​ការ​ចេះ​ប្រើ​ភាសា
 
អូម៉ូសាព្យាង ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ក្នុង​តំណវង្ស​នៃ​មនុស្ស​យើង​បច្ចុប្បន្ន បាន​ចាប់មាន​វត្តមាន​ដំបូង​ កាល​ពី២០ម៉ឺន​ឆ្នាំមុន នៅ​ក្នុង​តំបន់​អាហ្វ្រិក Pixabay

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​​ភពផែនដី​របស់​យើង​​តទៅទៀត ដោយ​សូមលើកឡើង អំពី​ការ​ចាប់លេចមុខឡើង​នៃ​ពពួក​អូម៉ូសាព្យាង ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា “មនុស្សសម័យទំនើប” ស្ថិត​ក្នុង​តំណវង្ស​នៃ​មនុស្ស​យើង​បច្ចុប្បន្ន។

(មានវីដេអូនៅ​ខាង​ក្រោម)

គិតត្រឹម​ប្រមាណ​ជា ២០ម៉ឺន​ឆ្នាំមុន ពពួក​ថនិកសត្វ​មួយក្រុម​ ដែល​គេ​ឲ្យឈ្មោះ​ថា “វានរជាតិ” (Primate) បាន​ឆ្លងកាត់​នូវ​ដំណើរវឌ្ឍ​ដ៏​យឺតៗ ក្នុង​រយៈពេល​រហូតដល់​ទៅ​រាប់​លាន​ឆ្នាំ រហូតដល់​អាច​ចេះដើរ​ជើងពីរ ចេះប្រើឧបករណ៍ និង​ចេះប្រើភ្លើង។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ពពួក​វានរជាតិ​ទាំងនោះ មិនត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មនុស្ស ដែល​ស្ថិត​នៅ​ក្នុង​តំណពូជ​នៃ​មនុស្សជាតិយើង​បច្ចុប្បន្ន​នេះ​នោះទេ។

តាមការពិត​ទៅ ពាក្យ​ថា “មនុស្ស” បើ​និយាយ​តាម​ន័យ​ទូលាយ គឺ​គេ​​អាច​រាប់​បញ្ចូល​គ្រប់មែក​ធាង​នៃ​​ពូជ​ ដែល​គេ​ឲ្យឈ្មោះ​ថា “អូម៉ូ” (Homo ជា​ភាសា​ឡាតាំង​ដែល​មានន័យថា​ “មនុស្ស”) ដោយ​នៅ​ក្នុងនោះ​រួមមាន​ដូចជា​ ​​អូម៉ូ​អេរិចទុស (Homo erectus) ដែល​ចាប់ផ្តើម​មាន​វត្តមាន​លើភពផែនដី​របស់​យើង​កាល​ពី​ប្រមាណ​ជា ២លាន​ឆ្នាំមុន ហើយ​ត្រូវ​ស្លាប់​ផុតពូជ​អស់​នៅ​ក្នុងចន្លោះ​ពី​ ៥ទៅ១០ម៉ឺន​ឆ្នាំមុន និង​អូម៉ូណេអង់ឌែរតាល់ (Homo Neandertal) ដែល​គេច្រើន​ហៅដោយខ្លីថា “ណេអង់ឌែរតាល់” ដែល​ចាប់មាន​វត្តមាន​កាល​ពី​ប្រមាណ ៤០ម៉ឺនឆ្នាំមុន ហើយ​ត្រូវ​ស្លាប់​ផុតពូជ​អស់​នៅ​ប្រមាណ​ជា ៦ម៉ឺន​ឆ្នាំមុន។

ក៏ប៉ុន្តែ ទាំង​អូម៉ូអេរិចទុស និង​ទាំង​ណេអង់ឌែរតាល់​នេះ មិន​​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ ​ "មនុស្សពេញលេញ" ដែល​ស្ថិត​នៅ​ក្នុង​តំណពូជ​នៃ​មនុស្ស​យើង​បច្ចុប្បន្ន​នេះ​នោះទេ។ មនុស្ស​ជាតិ​យើង​សព្វថ្ងៃនេះ​គឺ​ជា​តំណវង្ស​នៃ​ពូជ​ថ្មី​មួយទៀត ដែល​គេ​ឲ្យ​ឈ្មោះ​ថា “អូម៉ូសាព្យាង” (Homo sapiens) តាមភាសា​ឡាតាំង​ដែល​មានន័យថា “មនុស្សឆ្លាត” ពោលគឺ “មនុស្ស” ដែល​មាន​បញ្ញាខ្ពស់។

អូម៉ូសាព្យាង​ដើម​ដំបូង​បាន​ចាប់ផ្តើម​លេចមុខឡើង កាល​ពី​ប្រមាណ​ជា ២០ម៉ឺន​ឆ្នាំមុន នៅ​ក្នុង​តំបន់​អាហ្វ្រិក មុននឹង​រីកសាយភាយ​ទៅកាន់​តំបន់​ផ្សេងៗ​ទៀត។ លក្ខណៈដ៏ពិសេស​របស់​​អូម៉ូសាព្យាង គឺ​ការ​ចេះប្រើ​ភាសា​ដែល​មាន​លក្ខណៈជឿនលឿន ហើយ​ដែល​អាច​និយាយ​ទាក់ទងគ្នា ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍​ដល់​គ្នា​ទៅវិញ​ទៅមក​បាន។

គិត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គេ​នៅ​មិនទាន់​អាច​កំណត់​បាន​ដោយ​ច្បាស់លាស់​នៅឡើយទេ​ថា តើ​ពពួក​អូម៉ូសាព្យាង​នេះ​ចាប់ផ្តើម​ចេះ​ប្រើភាសា​និយាយ​ទាក់ទងគ្នា​នៅ​ពេលណា​ពិតប្រាកដ​នោះទេ។ ក៏ប៉ុន្តែ ភស្តុតាង​ដែល​គេ​បាន​​រកឃើញនាពេល​កន្លងមក​អាច​ឲ្យ​គេ​​កំណត់​បាន​យ៉ាង​ច្បាស់​ថា អូម៉ូសាព្យាង ពោល​គឺ​មនុស្សជាតិយើង​ ចាប់ផ្តើម​ចេះប្រើភាសា​និយាយ​ទាក់ទងគ្នា​បាន​យ៉ាងស្ទាត់​ជំនាញ​ នៅ​យ៉ាងតិច កាល​ពី​ ៥ម៉ឺន​ឆ្នាំមុន ហើយ​​ប្រហែល​ជា​នៅ​មុននេះផង​ក៏​អាច​ថាបាន។

ការចេះប្រើភាសា​និយាយគ្នា​បាន​នេះហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​និយាយ​រ៉ាយរ៉ាប់​រឿង​​រ៉ាវ​​ប្រាប់គ្នា​ទៅវិញ​ទៅមក, អាច​ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍​ដល់​គ្នា​​ពី​មនុស្សម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ​ទាំង​នៅ​ក្នុង​ជំនាន់​ជាមួយគ្នា ក៏ដូចជា ផ្ទេរ​បទពិសោធន៍​ក្នុង​ជីវិត​ពី​ជំនាន់​មួយ​ ទៅ​​ក្មេង​ជំនាន់​​ថ្មី​មួយ​ទៀត ហើយ​នេះ គឺ​​​ជា​កត្តា​ដ៏​ចម្បង​បំផុត​មួយ ជួយ​​​ឲ្យ​មនុស្ស​មាន​ការ​វិវឌ្ឍន៍​ខាង​បញ្ញា​បាន​យ៉ាងលឿន​ខុស​ពី​សត្វ​ផ្សេងទៀត។

គិតត្រឹម ៥ម៉ឺនឆ្នាំមុន មនុស្សយើង (មនុស្ស​នៅ​ក្នុង​អម្បូរ​អូម៉ូសាព្យាង) ចេះ​ធ្វើ​ឧបករណ៍ប្រើប្រាស់ ចេះ​ប្រើភ្លើង និង​ចេះប្រើភាសា​ក្នុងការ​និយាយ​ទាក់ទង​គ្នា ហើយ​មនុស្ស​យើងក៏​បាន​ពង្រីក​វត្តមាន​របស់​ខ្លួន​ចេញ​ពី​តំបន់​អាហ្វ្រិក​ផងដែរ ដោយ​បាន​រីកសាយភាយ​រហូត​ទៅដល់​តំបន់​មជ្ឈិមបូព៌ា អាស៊ី អូស្រ្តាលី និង​ប្រមាណ​ជា ៣ម៉ឺន ទៅ​៤ម៉ឺន​​ឆ្នាំមុន ក៏​បាន​ធ្វើដំណើរ​​ទៅដល់​អឺរ៉ុប។

ក៏ប៉ុន្តែ នៅ​ពេល​ដែល​មនុស្ស​យើង​ធ្វើ​ដំណើរ ពង្រីក​វត្តមាន​ទៅ​ទិស​ខាងជើង តំបន់​ទឹកកក​វិញ បាន​រីកសាយភាយ​ពី​តំបន់ប៉ូល​ចាក់​ចុះ​មក​ទិស​ខាង​ត្បូង ហើយពេល​ទៅដល់​អឺរ៉ុប មនុស្ស​យើង​ត្រូវ​ប្រឈម​នឹង​​ការ​ប្រែប្រួល​អាកាសធាតុ​ដ៏​ចម្បងមួយ គឺ​យុគសម័យទឹកកក។

តាមការពិត​ទៅ នៅ​ក្នុង​រយៈពេល​ជាង ៤ពាន់៥រយលាន​ឆ្នាំ​កន្លងទៅនេះ ភពផែនដី​របស់​យើង​បាន​ឆ្លងកាត់​នូវ​យុគសម័យទឹកកក​ចម្បងៗ​​យ៉ាងតិច​រហូតដល់​ទៅ ៥លើកឯណោះ ហើយ​យុគសម័យទឹកកក​ដ៏​ធំជាងគេ ដែល​ផ្ទាំង​ទឹកកក​មាន​កម្រាស់​រហូតដល់​ទៅ​រាប់ពាន់ម៉ែត្រគ្របដណ្តប់​ស្ទើរតែ​គ្រប់​ទីកន្លែង​​នៅ​ទូទាំង​ភពផែនដី​ទាំងមូល​ ​រហូត​ធ្វើ​ឲ្យ​គេ​ដាក់​ឈ្មោះ​ថា “ផែនដីដុំទឹកកក” (Snowball Earth) គឺ​បាន​កើតឡើង​តាំង​ពី​ជាង ៧០០លាន​ឆ្នាំ​មុនឯណោះ។

ក៏ប៉ុន្តែ នៅ​ក្នុង​ចំណោម​យុគសម័យ​ទឹកកក​ចម្បងៗ​ទាំង ៥លើកនេះ មាន​ ៤លើក បាន​កើតមានឡើង នៅ​ពេល​ដែល​មនុស្ស​យើង​មិន​ទាន់​ចាប់កំណើត​ឡើង​នៅឡើយ ហើយ​គឺ​​យុគសម័យទឹកកក​​លើកទី៥​ និង​ជា​លើកជើងក្រោយ​ ដែល​​មនុស្ស​យើង​ត្រូវ​ប្រឈម។

នៅ​ក្នុង​អំឡុង​ពេលនោះ ថ្វីដ្បិត​តែ​តំបន់​ទឹកកក​មិនបាន​រីកសាយភាយ​រហូត​ត្រូវ​គ្រប់​ដណ្តប់​ពេញលើ​ភពផែនដី​ទាំងមូល ដូច​ជា​កាល​ពី​ក្នុង​អំឡុង​យុគសម័យ​ទឹកកក​ផ្សេងទៀត​កាល​ពី​លើកមុនៗ ក៏ប៉ុន្តែ តំបន់​មួយ​ផ្នែក​ធំ ជាពិសេស ​​អឺរ៉ុប ក៏ដូចជា​​តំបន់​ផ្សេងទៀត ដែល​នៅក្បែរ​តំបន់​ប៉ូល​ អ្វីៗ​ត្រូវ​គ្របដណ្តប់​ទៅ​ដោយ​ផ្ទាំង​ទឹកកក​កម្រាស់​រហូតដល់​ទៅ​ប្រមាណ​ជា ២ពាន់​ម៉ែត្រ​ឯណោះ។ ក៏ប៉ុន្តែ បើ​ទោះបីជា​នៅ​ក្នុង​ស្ថានភាព​អាកាសធាតុ​ដ៏​សែន​ត្រជាក់​​បែបនេះ​ក៏ដោយ មនុស្ស​យើង​​ក៏​នៅតែ​អាច​សម្របខ្លួន​​បាន ហើយ​​មនុស្ស​យើង​មិន​ត្រឹមតែ​​មិន​ស្លាប់​ផុតពូជ​ប៉ុណ្ណោះទេ តែ​ថែម​ទាំង​អាច​បន្ត​ពង្រីក​វត្តមាន​ទៅ​កាន់​ទ្វីប​ចុងក្រោយ​មួយ​ទៀត គឺ​ទ្វីប​អាមេរិក។

នៅ​ក្នុង​យុគសម័យទឹកកក​​នោះ នៅ​​ពេល​ដែល​ទឹកសមុទ្រ​ត្រូវ​កក​ជាប់​នៅ​ក្នុង​ផ្ទាំង​ទឹកកក កម្រិត​កម្ពស់​ទឹកសមុទ្រ​នៅលើ​ភពផែនដី​ក៏​ត្រូវ​ធ្លាក់ចុះ រហូត​ដល់​កម្រិត​មួយ ដែល​ធ្វើ​ឲ្យ​នៅ​កន្លែងខ្លះ ដូចជា នៅ​ច្រក​សមុទ្រ​ “បេរីង” (Bering Sea) ជាដើម ដែល​នៅ​ចន្លោះ ​រវាង​រុស្ស៊ី និង​រដ្ឋ​អាឡាស្កា​សហរដ្ឋ​អាមេរិក  ត្រូវ​ក្លាយ​ជា​តំបន់​​​ដីគោក ដែល​អាច​ឲ្យ​មនុស្ស​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន។ ​នៅត្រង់​កន្លែង​នេះ​ហើយ ដែល​កាល​ពី​ប្រមាណ​ជា ២ម៉ឺន​ឆ្នាំមុន មនុស្ស​យើង​​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ ចេញ​​ពី​តំបន់​អាស៊ី​ ឆ្ពោះ​ទៅកាន់​ទ្វីបអាមេរិក។

​នៅ​ប្រមាណ​ជា ១ម៉ឺន២ពាន់​ឆ្នាំមុន វដ្តនៃ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​ភពផែនដី​បាន​ដើរ​បញ្ច្រាស់​មកវិញ... សីតុណ្ហភាព​​ទូទៅ​បាន​កើនឡើង ធ្វើ​ឲ្យ​ផ្ទាំង​ទឹកកក​ត្រូវ​រលាយ​បន្តិចម្តងៗ រហូត​ធ្វើ​ឲ្យ​យុគសម័យទឹកកក​ត្រូវ​បិទបញ្ចប់ ហើយ​ភពផែនដី​របស់​យើង​ក៏​បាន​វិលត្រឡប់​មក​រក​អាកាសធាតុ​ធម្មតា​ដូច​កាល​ពី​មុនវិញ។

គិត​មក​ទល់​នឹង​ពេលនោះ តាមរយៈ​ចលនា​នៃ​ផ្លាកតិចតូនិក សណ្ឋានដី​នៅលើ​ភពផែនដី​របស់​យើង​បាន​វិវឌ្ឍន៍​មក​ដល់​ចំណុច​មួយ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​អ្វី​ដែល​យើង​អាច​សង្កេតឃើញ​នៅ​ពេល​បច្ចុប្បន្ន​... បណ្តា​ទ្វីប សមុទ្រ និង​មហាសមុទ្រ ដែល​យើង​ស្គាល់​សព្វថ្ងៃនេះ​ក៏​បាន​ចាប់​កំណើត​ចេញ​ជា​រូប​រាង​រួចទៅហើយ​ដែរ។

ការ​រលាយ​ផ្ទាំង​ទឹកកក​នៅក្រោយ​យុគសម័យទឹកកក​ក៏​បាន​បន្សល់​ទុក​នូវ​បណ្តា​បឹង និង​ទន្លេ​ចម្បងៗ​មួយ​ចំនួន​ទៀត​នៅ​ទូទាំង​ពិភពលោក ជាពិសេស គឺ​ទន្លេ​នីល នៅ​អេហ្ស៊ីប ទន្លេ​អឺហ្វ្រាត និង​ទន្លេ​ទីហ្គ្រីស នៅ​មេសូប៉ូតាមី ទន្លេឥណ្ឌុស នៅ​ឥណ្ឌា (ក្នុងទឹកដីឥណ្ឌា និង​ប៉ាគីស្ថាន​បច្ចុប្បន្ន) ទន្លេ​លឿង និង​ទន្លេ​យ៉ាងស៊ី (ឬ​ឆាងជាំង) នៅ​ចិន ដែល​​ក្រោយ​មក បាន​ក្លាយ​ទៅ​ជា​ទី​ចាប់កំណើត​នៃ​អរិយធម៌​​ដ៏​ចំណាស់​បំផុត​​ទាំង៤​របស់​មនុស្ស​ជាតិ​យើង៕

  • អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីបេសកកម្ម​អាប៉ូឡូទី១១ ដែល​នាំ​ ​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ …

  • ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីដំណើរ​ដើម​ទង​នាំ​ទៅដល់​ការ​ចាប់កំណើត​នៃ​បេសកកម្ម​​អាប៉ូឡូ​​​ …

  • ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​គម្រប់ ៥០ឆ្នាំ …

  • តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ