អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

បដិវត្តន៍​អ៊ីរ៉ង់​និង​វិបត្តិ​ចំណាប់ខ្មាំង​អាមេរិក ​ឆ្នាំ១៩៧៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​បដិវត្តន៍​អ៊ីស្លាម​នៅ​អ៊ីរ៉ង់ និង​វិបត្តិ​ចំណាប់​ខ្មាំង​អាមេរិក នៅ​ឆ្នាំ​១៩៧៩។ វិបត្តិ​ដែល​បន្សល់ទុក​នូវ​ស្លាកស្នាម​រហូត​មក​ទល់​បច្ចុប្បន្ន នៅ​ក្នុង​ទំនាក់ទំនង អាមេរិក-អ៊ីរ៉ង់។

ចលនាបាតុកម្ម នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់ ក្នុង​អំឡុង​បដិវត្តន៍​អ៊ីរ៉ង់ ឆ្នាំ​១៩៧៩
ចលនាបាតុកម្ម នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់ ក្នុង​អំឡុង​បដិវត្តន៍​អ៊ីរ៉ង់ ឆ្នាំ​១៩៧៩
ផ្សាយពាណិជ្ជកម្ម

 

អស់រយៈពេល​ជាង ៣០ឆ្នាំមកហើយ ដែលគេ​តែងតែ​សង្កេតឃើញ​មាន​ជា​ប្រចាំ​នូវ​ភាព​ជាសត្រូវ រវាង​អ៊ីរ៉ង់ និង​សហរដ្ឋ​អាមេរិក និង​ រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល។ ក៏ប៉ុន្តែ តាមការ​ពិត អ្វីៗ​គឺ​មិន​ដូចនេះ​ទេ កាល​ពី​មុន​ឆ្នាំ​១៩៧៩។

អ៊ីរ៉ង់​នៅ​មុន​បដិវត្តន៍​ឆ្នាំ​១៩៧៩ គឺ​ជា​របបរាជានិយម ដែល​ស្ថិត​ក្រោម​អំណាច​របស់​ស្តេចស្ហា មហាម៉ាត់ រ៉េសា ផាឡាវី (Mohammad Reza Pahlavi) ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​អាមេរិក និង​បណ្តា​ប្រទេស​លោកខាងលិច។

នៅ​ឆ្នាំ​​​១៩៥២ ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​មួយ​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​ ហើយ​អ្នក​ដែល​ជាប់ឆ្នោត​ឡើង​មក​ធ្វើ​ជា​នាយករដ្ឋមន្រ្តី គឺ​ជា​អ្នក​នយោបាយ​ជាតិនិយម​ម្នាក់ ដែល​មាន​ឈ្មោះ​ថា មហាម៉ាត់​ ម៉ូសាដេក (Mohammad Mossadegh)​។
 

គ្រាន់តែ​បាន​ឡើង​មក​កាន់​តំណែង​ភ្លាម លោក​មហាម៉ាត់ ម៉ូសាដេក ក៏​បាន​ចាប់ផ្តើម​​​ដាក់ចេញ​នូវ​នយោបាយ​ជាច្រើន​ ដែល​មាន​លក្ខណៈ​ជាតិនិយម ជាពិសេស គឺ​ការ​ធ្វើ​ជាតូបនីយកម្ម​លើ​វិស័យ​ប្រេង ដោយដកហូត​សិទ្ធិ​ធ្វើ​អាជីវកម្ម​បូមប្រេង​ពី​ក្រុមហ៊ុន​បរទេស។ ជម្លោះ​ជាមួយ​នឹង​បណ្តា​ប្រទេស​លោកខាងលិច​ក៏​ចាប់ផ្តើម​ផ្ទុះឡើង ហើយ​នៅ​ឆ្នាំ​១៩៥៣ កាន់អំណាច​បាន​ត្រឹមតែ​មួយ​ឆ្នាំ លោក​មហាម៉ាត់ ម៉ូសាដេក ក៏​ត្រូវ​បាន​គេ​ទម្លាក់​ចេញ​ពី​តំណែង នៅ​ក្នុង​រដ្ឋប្រហារ​យោធា​មួយ ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​​សេអ៊ីអា ដើម្បី​ប្រមូល​ផ្តុំ​អំណាច​រដ្ឋ​ទាំងអស់ យក​មក​ឲ្យ​ស្តេចស្ហា មហាម៉ាត់ រ៉េសា ផាឡាវី​វិញ។

រដ្ឋប្រហារ​ឆ្នាំ​១៩៥៣​នេះ គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏សំខាន់​មួយ ដែល​នាំ​ឲ្យ​មាន​ការ​រីកដុះដាល​នៃ​ចលនា​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​​នៅ​អ៊ីរ៉ង់ ដោយ​ចាប់ផ្តើម​ដំបូង ចេញ​ពី​មជ្ឈដ្ឋាន​បញ្ញវន្ត និង​មេដឹកនាំ​សាសនា ហើយ​ក្រោយៗ​មក​ទៀត ដោយសារ​តែ​នយោបាយ​និយម​អាមេរិក បូករួម​ជាមួយ​នឹង​ការ​​កាន់អំណាច​ផ្តាច់ការ រំលោភ​សិទ្ធិមនុស្ស និង​អំពើ​ពុករលួយ ចលនា​ប្រឆាំង​នឹង​របបដឹកនាំ​របស់​ស្តេច​ស្ហា ផាឡាវី ក៏​បាន​​​​រីករាលដាល​កាន់តែ​ខ្លាំង ​ទៅ​ជា​ចលនា​មហាជន។

នៅ​ក្នុង​ចំណោម​មេដឹកនាំ​ចលនា​ប្រឆាំង​នឹង​ស្តេចស្ហា នៅ​អ៊ីរ៉ង់ ​មាន​​មេដឹកនាំ​សាសនា​ម្នាក់ ដែល​ក្រោយ​មក​នឹង​ក្លាយ​ទៅជា​មេដឹកនាំ​បដិវត្តន៍ គឺ​អាយ៉ាតូឡា ខូម៉ីនី (Ayatollah Ruhollah Khomeini)។ នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល អាយ៉ាតូឡា ខូម៉ីនី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក ហើយ​ក្រោយ​មក​ត្រូវ​បង្ខំ​ចិត្ត​រត់​ទៅរស់​នៅ​និរទេស​ខ្លួន​ឯ​ក្រៅប្រទេស គឺ​ពីដំបូង​នៅ​អ៊ីរ៉ាក់ និង​ក្រោយ​មក​ទៀត នៅ​ប្រទេស​បារាំង។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​អាជ្ញាធរ​តាម​ធ្វើ​ទុក្ខបុកម្នេញ​កាន់តែ​ខ្លាំង ប្រជាប្រិយភាព​របស់​អាយ៉ាតូឡា ខូម៉ីនី កាន់ឡើង​កាន់តែ​ខ្លាំង ហើយ​បើទោះបីជា​លោករស់នៅ​និរទេស​ឯក្រៅប្រទេស ក៏ប៉ុន្តែ នៅតែ​ជា​មេដឹកនាំ​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​យ៉ាងច្រើន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

នៅ​ដើមឆ្នាំ​១៩៧៨ ចលនា​បាតុកម្ម​​បាន​ផ្ទុះឡើង​​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ចលនា​ប្រឆាំង​នេះ កើតចេញ​ពី​​សិស្ស​សាលា​សាសនា ដែល​ជា​អ្នក​គាំទ្រ​យ៉ាងពេញទំហឹង​របស់​អាយ៉ាតូឡា ខូម៉ីនី និង​ចេញ​ពី​មជ្ឈដ្ឋាន​យុវជន ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​អត់ការងារ​ធ្វើ។​

ប្រឈមមុខ​នឹង​ចលនា​បាតុកម្ម​ប្រឆាំង​នេះ ស្តេចស្ហា ផាឡាវី បាន​ជ្រើសរើស​ចម្លើយតប​ដោយ​ប្រើ​កម្លាំង​បង្រ្កាប ក៏ប៉ុន្តែ នៅ​ពេល​ដែល​អាជ្ញាធរ​ធ្វើ​ការ​បង្រ្កាប​កាន់តែ​ខ្លាំង ចលនា​បាតុកម្ម​ប្រឆាំង​មាន​សន្ទុះកាន់តែ​ខ្លាំង ជាពិសេស នៅ​ពេល​ដែល​មាន​បាតុករ​ស្លាប់​ដោយ​ការ​បង្រ្កាប​ពី​សំណាក់​អាជ្ញាធរ​ ពិធី​បុណ្យ​សព​បាតុករ​តែងតែ​បាន​ប្រែក្លាយ​ទៅជា​ចលនាបាតុកម្ម​​ថ្មី​មួយ​ទៀត​ជា​បន្តបន្ទាប់។

ចលនា​បាតុកម្ម​ប្រឆាំង​នឹង​ស្តេច​ស្ហា​បាន​កើនឡើង​ដល់​កម្រិត​កំពូល នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៧៨ ដោយមានអ្នក​ចូលរួម​ក្នុង​ចន្លោះ​ពី ៦លាន ទៅ ៩លាន​នាក់ នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់។ កម្លាំង​បដិវត្តន៍​​មហាជន​ដ៏​មហិមា​នេះ​​ក៏​បាន​ធ្វើ​ឲ្យ​ស្តេចស្ហា ផាឡាវី ត្រូវ​បង្ខំ​ចិត្ត​រត់ចេញ​​ពី​ប្រទេស ហើយ​និរទេសខ្លួន​ទៅកាន់​ប្រទេស​អេហ្ស៊ីប នៅ​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ​១៩៧៩។ របបរាជានិយម​អ៊ីរ៉ង់​ត្រូវ​ដួលរលំ ហើយ​ជំនួស​មកវិញ​ដោយរដ្ឋាភិបាលបដិវត្តន៍​ ក្រោម​ការដឹកនាំ​របស់​អាយ៉ាតូឡា ខូម៉ីនី ដែល​បាន​ធ្វើ​ដំណើរ​ពី​ការរស់នៅនិរទេស​ក្នុង​ប្រទេស​បារាំង ចូល​មក​កាន់​ប្រទេស​អ៊ីរ៉ង់​វិញ នៅថ្ងៃទី១​ ខែ​កុម្ភៈ ឆ្នាំ​១៩៧៩។

នៅ​ក្រោយ​ជ័យជម្នះនៃ​បដិវត្តន៍​អ៊ីរ៉ង់ ភាព​ជាសត្រូវ​ជាមួយ​សហរដ្ឋ​អាមេរិក​ ដែល​ជា​អ្នក​គាំទ្រ​របបចាស់​ក៏​ចាប់ផ្តើម​ផ្ទុះឡើង ហើយ​ស្ថានទូត មន្រ្តី​ទូត​​អាមេរិក​ក៏​ត្រូវ​ទទួលរងនូវការ​វាយប្រហារ​ជាច្រើន​លើក​ ពី​សំណាក់​ក្រុម​បាតុករ​គាំទ្រ​បដិវត្តន៍។

ចលនា​ប្រឆាំង​នឹង​អាមេរិក​បាន​ពុះកញ្ជ្រោល​កាន់តែ​ខ្លាំង នៅ​ចុងខែ​តុលា ឆ្នាំ​១៩៧៩ នៅ​ក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ទទួល​ឲ្យ​អតីត​ស្តេច​ស្ហា ផាឡាវី ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ញូវយ៉ក ដើម្បី​​ទទួល​ការ​ព្យាបាល​ជំងឺ។

ប្រមាណ​ជា ២សប្តាហ៍ក្រោយ​មក នៅថ្ងៃ​ទី៤ ​ខែ​វិច្ឆិកា ឆ្នាំ​១៩៧៩ និស្សិត​ប្រមាណ​ជា ៣ពាន់​នាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម នៅ​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​តេហេរ៉ង់ បន្ទាប់​មក ​ពួកគេ​បាន​នាំគ្នា​សម្រុក​ចូល​ទៅ​ក្នុង​ស្ថានទូត ហើយ​ចាប់​មន្រ្តី និង​បុគ្គលិក​ស្ថានទូត​ចំនួន ៦៣នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង។
 

ក្រុម​បាតុករ​និស្សិត​អ៊ីរ៉ង់ សម្រុក​ចូល​ទៅ​ក្នុង​ស្ថានទូត​អាមេរិក ហើយ​ចាប់​មន្រ្តី និង​បុគ្គលិក​ទូត​អាមេរិក​ធ្វើ​ជា​ចំណាប់ខ្មាំង នៅ​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩៧៩
ក្រុម​បាតុករ​និស្សិត​អ៊ីរ៉ង់ សម្រុក​ចូល​ទៅ​ក្នុង​ស្ថានទូត​អាមេរិក ហើយ​ចាប់​មន្រ្តី និង​បុគ្គលិក​ទូត​អាមេរិក​ធ្វើ​ជា​ចំណាប់ខ្មាំង នៅ​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩៧៩

ការរំលោភ​លើ​អភ័យឯកសិទ្ធិ​នៃ​ស្ថានទូត និង​មន្រ្តី​ទូត​បរទេស​បែបនេះ គឺ​ជា​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​វីយ៉ែន (១៩៦១) ស្តីពីទំនាក់ទំនងការទូត ហើយ​សហគមន៍​អន្តរជាតិ រួមទាំង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប និង​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ សុទ្ធតែ​បាន​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​រដ្ឋាភិបាល​អ៊ីរ៉ង់។

ជាការពិត​ថា សកម្មភាព​ចាប់ចំណាប់ខ្មាំង​នៅ​ស្ថានទូត​អាមេរិក មិនមែន​ធ្វើឡើង​ដោយ​កងកម្លាំង​រដ្ឋាភិបាល ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ត្រូវតែ​មាន​ការទទួលខុសត្រូវ ដោយសារ​តែ​ខកខាន​មិនបាន​បំពេញ​តាមកាតព្វកិច្ច​ការពារ​សុវត្ថិភាព​ស្ថានទូត ហើយ​ជាពិសេស​ទៅទៀត ក្រោយ​ពីមាន​ការចាប់ចំណាប់ខ្មាំង​នេះ អាយ៉ាតូឡា ខូម៉ីនី មិនត្រឹមតែ​មិន​បាន​ទាមទារ​ឲ្យ​បាតុករ​ដោះលែង​ចំណាប់ខ្មាំង​នោះទេ តែថែមទាំង​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ខ្លះ ដែល​មាន​អត្ថន័យ​គាំទ្រ​សកម្មភាព​ចាប់ចំណាប់ខ្មាំង​នេះ​ថែម​ទៀត​ផង។ លើសពីនេះ​ទៅទៀត នៅ​ក្នុងការ​ចរចា​ជាមួយ​អាមេរិក គឺ​រដ្ឋាភិបាល​តេហេរ៉ង់​ផ្ទាល់ ដែល​ជា​អ្នក​ដាក់លក្ខខណ្ឌ ជាថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង។

ក្រោយ​ពី​ឆ្លងកាត់​ការ​ចរចា​យ៉ាងតឹងតែង ចំណែក​ឯ​​ប្រតិបត្តិការរំដោះ​ចំណាប់ខ្មាំង​ដោយ​កងកុម្ម៉ង់ដូ​អាមេរិក​​ក៏​ត្រូវ​ទទួល​បរាជ័យ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន​ក៏​បាន​ព្រមព្រៀង​តាម​លក្ខខណ្ឌ​របស់​អ៊ីរ៉ង់ ហើយ​ចំណាប់ខ្មាំង​ទាំងអស់​ត្រូវ​បាន​ដោះលែង នៅថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ​១៩៨១។ គិតជា​សរុប ចំណាប់​ខ្មាំង​អស់​ទាំងនេះ​ត្រូវ​ជាប់​ឃុំឃាំង​អស់រយៈពេល ៤៤៤ថ្ងៃ ហើយ​ចាប់​ពី​មាន​​វិបត្តិ​ចំណាប់ខ្មាំង​នេះ​ហើយ ដែល​ទំនាក់ទំនង​ការទូត រវាង​អាមេរិក និង​អ៊ីរ៉ង់​​ត្រូវកាត់ផ្តាច់​ទាំងស្រុង រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ