ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT

ស្ទីវ ចប ​និង ​ប៊ីល ហ្គេត៖ ​រវាង​ភាពជាដៃគូ ​និង​ភាព​ជា​គូប្រជែង

ស្ទីវ ចប ​និង ​ប៊ីល ហ្គេត៖ ​រវាង​ភាពជាដៃគូ ​និង​ភាព​ជា​គូប្រជែង
 
Steve Jobs and Bill Gates Joi Ito

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​ស្ទីវ ចប (Steve Jobs) តទៅទៀត ដោយ​សូម​លើកឡើង អំពី ទំនាក់ទំនង​ចម្រូងចម្រាស​​ជាមួយ​នឹង​លោក ប៊ីល ហ្គេត (Bill Gates) ស្ថាបនិក​ក្រុមហ៊ុន​ Microsoft។

ស្ទីវ ចប (Steve Jobs) និង​ប៊ីល ហ្គេត (Bill Gates) កើត​នៅ​ក្នុង​​ឆ្នាំ​១៩៥៥​ដូចគ្នា, មាន​ចំណាប់​អារម្មណ៍​ទៅលើ​វិស័យ​បច្ចេកវិទ្យា​ដូចគ្នា គឺ​បច្ចេកវិទ្យា​កុំ​ព្យូទ័រ ហើយជា​អ្នក​ដែល​រៀន​មិន​ចប់​ថ្នាក់​មហាវិទ្យាល័យ​ដូចគ្នា តែ​​សុទ្ធតែ​ទទួល​ជោគជ័យ​​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​ដ៏ល្បីឈ្មោះ​ដូចគ្នា គឺ​ស្ទីវ ចប បង្កើត​ក្រុមហ៊ុន Apple ហើយប៊ីល ហ្គេត បង្កើត​ក្រុមហ៊ុន Microsoft។

ក៏ប៉ុន្តែ នៅ​ក្នុង​បច្ចេកវិទ្យា​កុំព្យូទ័រ​ ស្ទីវ ចប និង​ប៊ីល ហ្គេត មាន​ជំនាញ​​ផ្សេងគ្នា។ ស្ទីវ ចប មាន​ជំនាញ​ខាង​អេឡិចត្រូនិច និង​ការ​រចនា​​ហាដវែរ (Hardware) កុំព្យូទ័រ។ ចំណែក​ប៊ីល ហ្គេត ជំនាញ​ខាង​សរសេរ​កម្មវិធី​កុំព្យូទ័រ ឬ​សុសវែរ (Software)។ ហេតុដូច្នេះហើយ​បាន​ជា​ពីដំបូង ប៊ីល ហ្គេត និង​ស្ទីវ ចប បាន​សហការគ្នា​ជា​ដៃគូ​ក្នុងការ​រកស៊ី ដោយ​ក្រុមហ៊ុន Microsoft គឺ​ជា​អ្នក​ផលិត​កម្មវិធី​កុំព្យូទ័រ​សម្រាប់​ប្រើ​លើ​កុំព្យូទ័រ​របស់ Apple។ នៅ​ពេលនោះ ស្ទីវ ចប ប្រៀប​ដូចជា​ស្តេច ចំណែក​ឯ ប៊ីល ហ្គេត​វិញ ប្រៀប​ដូចជា​កូនចៅ​ ដែល​​មុខជំនួញ​​ពឹងផ្អែក​ខ្លាំង​លើ​ការ​បញ្ជា​ទិញ​ពី​សំណាក់​ស្ទីវ ចប។

បើ​និយាយ​ពី​ក្រុមហ៊ុន​វិញ ថ្វីដ្បិត​តែ​បង្កើត​ឡើង​មួយ​ឆ្នាំ​ក្រោយ​ Microsoft ក៏ប៉ុន្តែ Apple មាន​ប្រាក់​ចំណូល​ច្រើន​ជាង Microsoft យ៉ាងដាច់ឆ្ងាយ ដោយ​​នៅ​ឆ្នាំ​១៩៨២ Apple រក​ចំណូល​បាន​ពី​ការ​លក់​កុំព្យូទ័រ​ដល់​ទៅ​​ប្រមាណ​ជា​ ១ពាន់លាន​ដុល្លារ​ក្នុងមួយ​ឆ្នាំ ចំណែក​ឯ Microsoft វិញ រក​ប្រាក់​ចំណូល​បាន​តែ​ប្រមាណ​ជា​​ ៣២លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ បន្តិចម្តងៗ Microsoft បាន​ពង្រឹង​មុខជំនួញ​របស់​ខ្លួន ហើយ​បាន​បង្កើន​ប្រភព​​ប្រាក់​ចំណូល​របស់​ខ្លួន​យ៉ាងច្រើន ​​ពី​ការ​​ផលិត​កម្មវិធី​​សម្រាប់​កុំព្យូទ័រ​ផ្សេងក្រៅ​ពី Apple ​ជាពិសេស គឺ​ការ​​ផលិត​កម្មវិធី​ Operating System សម្រាប់​​កុំព្យូទ័រ​ផលិត​ដោយ​ក្រុមហ៊ុន IBM។ នៅពេល​ដែល​ភាព​ជាដៃគូ​រវាង Microsoft និង IBM កាន់តែ​រីក​ធំឡើងៗ ទំនាក់ទំនង​ រវាង Microsft និង Apple ក៏​​ចាប់ផ្តើម​ប្រែប្រួល​យ៉ាង​ខ្លាំង​ផងដែរ គឺ​ចាប់ផ្តើម​ប្រែ​ក្លាយ​​បន្តិចម្តងៗ ពីភាពជាដៃគូ ទៅជា​គូប្រជែង​វិញ ជាពិសេស នៅ​ក្រោយ​ពេល​ដែល​កុំព្យូទ័រ IBM ដែល​ប្រើ​កម្មវិធី​របស់ Microsoft បាន​វាយលុក​ចូល​ដណ្តើម​ចំណែក​ទីផ្សារ​កាន់តែ​ច្រើន​ពី​កុំព្យូទ័រ Apple។ គិត​ត្រឹម​​ឆ្នាំ១៩៨២ កុំព្យូទ័រ Apple ​គឺ​ជា​អ្នកនាំមុខ​កុំព្យូទ័រ IBM នៅលើ​ទីផ្សារ ដោយ​ Apple លក់​​កុំព្យូទ័រ​​បាន​ច្រើន​ជាង IBM ប្រមាណ​ជា​៤ម៉ឺនគ្រឿង​ក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែ ត្រឹមតែ​មួយ​ឆ្នាំក្រោយមក គឺ​នៅ​ឆ្នាំ១៩៨៣ ក្រុមហ៊ុន IBM បាន​ប្រជែង​យក​ឈ្នះ​វិញ ដោយ​លក់​កុំព្យូទ័រ​បាន​ច្រើន​ជាង​ Apple រហូត​ដល់​ទៅ​ជាង ៣ដង (Apple លក់​បានតែ​ ៤២ម៉ឺនគ្រឿង ឯ IBM លក់​បាន​រហូតដល់​ទៅ ១លាន៣សែនគ្រឿង)។

បន្ថែម​ពីលើ​នេះ នៅ​មាន​បញ្ហា​ដ៏ចម្រូងចម្រាស​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​ស្ទីវ​ ចប និង​ប៊ីល ហ្គេត កាន់តែ​ធ្លាក់​ចុះដុនដាប​កាន់តែ​ខ្លាំង​ គឺ​ទាក់ទង​នឹងកម្មវិធី​កុំព្យូទ័រ​ប្រើ​ប្រព័ន្ធ Graphical User Interface ដែល​ក្រុមហ៊ុន Apple ផលិត​ និង​ដាក់​ឲ្យ​ដំណើរការ​លើ​កុំព្យូទ័រ Macintosh នៅ​ឆ្នាំ១៩៨៤ ហើយ​ក្រុមហ៊ុន Microsoft ផលិត និង​ដាក់​ឲ្យ​ដំណើរការ​លើ​កុំព្យូទ័រ IBM នៅ​ឆ្នាំ​១៩៨៥។ នៅ​ពេលនោះ ស្ទីវ ចប ​បាន​ចោទប្រកាន់​ប៊ីល ហ្គេត​ និង​ក្រុមហ៊ុន Microsoft ថា​បាន​លួច​ចម្លង​កម្មវិធី​​របស់ Apple។

តាមការ​ពិត ប្រព័ន្ធ Graphical User Interface មិនមែន​​កើតចេញ​ពី​គំនិត​របស់​​​ប៊ីល ហ្គេត ហើយ​ក៏​មិនមែន​ជា​គំនិត​​របស់​ស្ទីវ ចប​នោះដែរ តែ​ជា​គំនិត​ដើម​ចេញ​ពី​​ក្រុមហ៊ុន​អេឡិចត្រូនិច​​មួយផ្សេងទៀត គឺ​ក្រុមហ៊ុន​ Xerox។

កាលពីពេលមុននោះ គ្រប់ម៉ាស៊ីន​កុំព្យូទ័រ​ទាំងអស់​ប្រើប្រព័ន្ធបញ្ជាមួយ ដែល​គេ​ឲ្យ​ឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា “Command-Line Interface” ដែល​អ្នក​ប្រើប្រាស់​អាច​បញ្ជា​កុំព្យូទ័រ​បានតែ​តាមរយៈ​ “ក្តារចុច” (Keyboard) ដោយ​ក្នុង​នោះ DOS (Disk Operating System) គឺ​ជា​កម្មវិធី​ដែល​​​គេ​ស្គាល់​ច្រើន​ជាងគេ​ គឺ Apple DOS សម្រាប់​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Apple និង MS-DOS របស់​ក្រុមហ៊ុន Microsoft ដែល​ជាទូទៅប្រើ​សម្រាប់​កុំព្យូទ័រ​របស់​ក្រុមហ៊ុន IBM។

នៅ​ឆ្នាំ១៩៧៩ ស្ទីវ ចប បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Xerox ទិញ​ភាគហ៊ុន​របស់ Apple ចំនួន ១០ម៉ឺនហ៊ុន ដោយ​លក់​ក្នុង​តម្លៃ​ថោក​ (១០ដុល្លារ​ក្នុងមួយហ៊ុន)។ ជាថ្នូរមកវិញ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ Xerox បាន​អនុញ្ញាត​ឲ្យ​ ស្ទីវ ចប និង​ក្រុមការងារ​ ចូល​ទៅ​មើល​ប្រព័ន្ធ Graphical User Interface ដែល​ក្រុម​ការងារ​នៅ​មន្ទីរពិសោធន៍​របស់ Xerox (Xerox PARC) បាន​បង្កើតឡើង។ គ្រាន់តែ​បាន​ឃើញ​ប្រព័ន្ធ​នេះ​ភ្លាម ស្ទីវ ចប បាន​សម្រេច​លួច​យក​គំនិត​នេះ​ទៅ​ចម្លង ច្នៃ និង​កែលម្អ ដើម្បី​ប្រើ​​សម្រាប់​កុំព្យូទ័រ​​ថ្មី ដែល​លោក​កំពុងតែ​រៀបចំ​ផលិត គឺ​កុំព្យូទ័រ Macintosh។

នៅ​ពេលនោះ ប៊ីល ហ្គេត ក៏​បាន​ដឹង​ដែរ អំពី​បច្ចេកវិទ្យា​របស់​ Xerox ហើយ​លោក​ក៏​បាន​ប្រមើល​មើល​ឃើញ​ផងដែរ​ថា ប្រព័ន្ធ Graphical User Interface នេះ គឺ​ជា​​គន្លឹះ​ដ៏​សំខាន់​នៃ​​ទីផ្សារ​កុំព្យូទ័រ​ទៅ​ថ្ងៃ​អនាគត។ ក៏ប៉ុន្តែ នៅ​ពេលនោះ ក្រុមហ៊ុន Microsoft ជាប់​កិច្ចសន្យា​ផលិត​កម្មវិធី សម្រាប់​កុំព្យូទ័រ Macintosh ហើយ ប៊ីល ហ្គេត បាន​សន្យា​ជាមួយ​ ស្ទីវ ចប​ ថា Microsoft នឹង​មិន​ផលិត​កម្មវិធី​ប្រើ​ប្រព័ន្ធ Graphical User Interface នេះ លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ជា​គូប្រជែង​របស់ Apple ​ភ្លាមៗ​នោះទេ ដោយ​ត្រូវ​រង់ចាំ​រហូតដល់​​ក្រោយ​ពេល​ដែល​​ Macintosh ចេញលក់​នៅលើ​ទីផ្សារ​បាន​យ៉ាងតិច​មួយ​ឆ្នាំ​សិន ទើប Microsoft អាច​ផលិត​កម្មវិធី​នេះ​បាន។

កុំព្យូទ័រ Macintosh ត្រូវ​បាន​ក្រុមហ៊ុន Apple ចេញលក់​នៅក្នុង​ទីផ្សារ នៅ​ឆ្នាំ១៩៨៤ ហើយ​ Microsoft ​បាន​ចេញលក់​កម្មវិធី​ប្រើ​ប្រព័ន្ធ Graphical User Interface របស់​ខ្លួន គឺ​កម្មវិធី Microsoft Windows នៅ​ឆ្នាំ១៩៨៥ ពោលគឺ​​​ចេញ​ក្រោយ​ Macintosh មួយឆ្នាំ ទៅ​តាម​ការ​ព្រមព្រៀងគ្នា។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ស្ទីវ ចប នៅតែ​ខឹង​នឹង ប៊ីល ហ្គេត ហើយ​នៅ​ចំពោះ​មុខ​បុគ្គលិក​ក្រុមហ៊ុន Apple ជាច្រើន​នាក់ ស្ទីវ ចប បាន​ស្តីឲ្យ​ ប៊ីល ហ្គេត​​យ៉ាងធ្ងន់ៗ​ថា បាន​រំលោភ​លើ​សេចក្តីទុកចិត្ត ហើយ​លួច​ចម្លង​កម្មវិធី​ Graphical User Interface ពី Apple។ ប៊ីល ហ្គេត​វិញ បាន​ឆ្លើយតប​ទៅវិញ​ថា កម្មវិធី​ Graphical User Interface នេះ មិនមែន​ជា​កម្មសិទ្ធិ​របស់ Apple នោះទេ ហើយ​តាមការពិតទៅ ទាំង Microsoft និងទាំង Apple គឺ​សុទ្ធតែ​បាន​លួច​ចម្លង​គំនិត​នេះ​ពី​អ្នក​ផ្សេង​ដូចគ្នា គឺលួចចម្លង​ពី​ក្រុមហ៊ុន Xerox។

នៅ​ក្នុង​រយៈពេល​រាប់សិបឆ្នាំក្រោយ​មក​ទៀត បើទោះបីជា​មាន​ការ​សម្រេច​ពីតុលាការ​ថា Microsoft មិនបាន​រំលោភ​កម្មសិទ្ធិ​បញ្ញា​របស់​ Apple ទាក់ទង​នឹង​កម្មវិធី Graphical User Interface នេះ​ក៏ដោយ ក៏​ស្ទីវ ចប នៅតែ​មិន​រំសាយ​កំហឹង​នឹង​ប៊ីល ហ្គេត​នោះដែរ។ សម្រាប់ ស្ទីវ ចប ក្រុមហ៊ុន​ Microsoft បាន​ក្លាយ​ជា​ក្រុមហ៊ុន​នាំមុខ​ខាង​កម្មវិធី​ Operating System កុំព្យូទ័រ ហើយ​រហូត​បាន​វាយលុក​ដណ្តើម​ទីផ្សារ​ពី​ក្រុមហ៊ុន Apple គឺ​ដោយសារ​តែ ប៊ីល ហ្គេត លួច​គំនិត​ពី​ Apple។ ប៊ីល ហ្គេត​ បាន​ឆ្លើយតប​ទៅវិញ​ថា បើ​សិន​ជា ស្ទីវ ចប ពិត​ជា​យល់ឃើញ​ដូច្នោះមែន ស្ទីវ ចប គឺ​កំពុងតែ​រស់នៅ​ក្នុង​ពិភពមួយ ដែល​កើតចេញ​ពី​ក្តីស្រមើស្រមៃ​របស់​ស្ទីវ ចបខ្លួនឯង៕

  • ស្ទីវ ចប៖ ​ការវិលត្រឡប់​ទៅ​សង្រ្គោះ​ក្រុមហ៊ុន ​Apple

    ស្ទីវ ចប៖ ​ការវិលត្រឡប់​ទៅ​សង្រ្គោះ​ក្រុមហ៊ុន ​Apple

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​ស្ទីវ ចប (Steve Jobs) តទៅទៀត ដោយ​សូម​លើកឡើង អំពី ការវិលត្រឡប់​ទៅ​ជួយ​សង្រ្គោះ​ …

  • ស្ទីវ ចប៖ ​បរាជ័យ ​និង ​“ការនិរទេស” ​ចេញពី​ក្រុមហ៊ុន ​Apple

    ស្ទីវ ចប៖ ​បរាជ័យ ​និង ​“ការនិរទេស” ​ចេញពី​ក្រុមហ៊ុន ​Apple

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​ស្ទីវ ចប (Steve Jobs) តទៅទៀត ដោយ​សូម​លើកឡើង អំពី ទំនាក់ទំនង​​​ដ៏​តានតឹង​នៅ​ក្នុង​ក្រុមហ៊ុន …

  • ស្ទីវ ចប ​និង​ការ​បង្កើត​កុំព្យូទ័រ Macintosh (Mac)

    ស្ទីវ ចប ​និង​ការ​បង្កើត​កុំព្យូទ័រ Macintosh (Mac)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​ស្ទីវ ចប (Steve Jobs) តទៅទៀត ដោយ​សូម​លើកឡើង អំពី​​ការ​បង្កើត​កុំព្យូទ័រ​ …

  • ស្ទីវ ចប៖ ពីបរាជ័យនៅសាលា ទៅការបង្កើតក្រុមហ៊ុន Apple

    ស្ទីវ ចប៖ ពីបរាជ័យនៅសាលា ទៅការបង្កើតក្រុមហ៊ុន Apple

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​ស្ទីវ ចប (Steve Jobs) តទៅទៀត ដោយ​សូម​លើកឡើង អំពី​បរាជ័យ​​របស់​លោក​ក្នុងការ​សិក្សា …

  • ស្ទីវ ចប (១៩៥៥-២០១១)

    ស្ទីវ ចប (១៩៥៥-២០១១)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​បុគ្គល​មួយរូបទៀត ដែល​មាន​ឈ្មោះ​ល្បីល្បាញ នៅ​ក្នុង​វិស័យ​កុំព្យូទ័រ ក៏ដូចជា​ទូរស័ព្ទដៃ …

  • អាឡាន់ ធួរីង និង​ទ្រឹស្តី​វិទ្យាសាស្រ្តកុំព្យូទ័រ

    អាឡាន់ ធួរីង និង​ទ្រឹស្តី​វិទ្យាសាស្រ្តកុំព្យូទ័រ

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​ អាឡាន ធួរីង (Alan Turing) តទៅទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​របស់​លោក​ទាក់ទង​នឹង​ទ្រឹស្តី​នៃ​វិទ្យាសាស្រ្ត​កុំ​ព្យូទ័រ។

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ