ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT

ការចាប់កំណើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ

ការចាប់កំណើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ
 
ព្រះអាទិត្យ និង​ភព​ទាំង៨ នៃ​ប្រព័ន្ធព្រះអាទិត្យ Pixabay

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​ចក្រវាល​តទៅទៀត ដោយ​សូម​លើកឡើង អំពី​ការ​ចាប់កំណើត​នៃ​ព្រះអាទិត្យ ព្រមទាំង​ភព នៅ​ក្នុង​​​ប្រព័ន្ធព្រះអាទិត្យរបស់​យើង។

(មានវីដេអូនៅខាងក្រោម)

នៅ​​ពេល​យប់ ក្នុងចន្លោះ​ពី​ខែ​មេសា ដល់​ខែ​តុលា នៅតាម​បណ្តា​ប្រទេស​នៅ​អឌ្ឍគោលខាងជើង ដូចជា​ប្រទេស​កម្ពុជា​ជាដើម អ្នក​ដែល​នៅ​​ជនបទ ឆ្ងាយ​ពី​ភាព​រំខាន​នៃ​ពន្លឺ​ទីក្រុង អាច​នឹង​មើលឃើញ​ពន្លឺផ្កាយ​ដ៏ចម្លែក ដែល​មាន​ទម្រង់​ដូចជា​ពពក​រាង​វែង​ពុះកាត់​ផ្ទៃមេឃ​​ជាពីរ។ នេះ​មិនមែន​ជា​ផ្កាយ​នោះទេ តែ​ជា​បណ្តុំផ្កាយ ឬ​​កាឡាក់ស៊ី ឈ្មោះ “​មីលគីវេ” (Milky Way) ដែល​មាន​ទំហំ​រហូតដល់​ទៅ​ប្រមាណ​ជា ១០ម៉ឺន​ឆ្នាំ​ពន្លឺ ហើយ​មាន​ផ្កាយ​រហូតដល់​ទៅ​ប្រមាណ​ពី ២០០ ទៅ ៤០០ពាន់លាន ដោយ​ក្នុងនោះ ក៏​មាន​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​​មួយ​ផងដែរ។

កាលពី​ ៤៥០០លាន​ឆ្នាំមុន នៅ​ក្នុង​តំបន់​មួយ ចម្ងាយ​ប្រមាណ​ជា​ជិត ៣ម៉ឺន​ឆ្នាំ​ពន្លឺ (​ក្នុងច​ន្លោះ​ពី ២៦០០ ទៅ ២៨០០ឆ្នាំពន្លឺ) ពី​ចំណុច​កណ្តាល​នៃ​កាឡាក់ស៊ី​មីលគីវេ សារធាតុ​ចម្រុះ ដែល​មាន​ទម្រង់​ជា​ល្អងធូលី​ដ៏​តូចល្អិត​នៅឡើយ ប្រមូលផ្តុំគ្នា​​នៅ​កន្លែងតែមួយ​ប្រៀបដូចជា​ពពក ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ណេប៊ុយឡា” (Nebula/Nébuleuse)។ នៅ​ពេលមួយ ផ្កាយ​ដែល​នៅ​ក្បែរនោះ​បាន​ផ្ទុះ​ជា​ស៊ូពើណូវ៉ា (Supernova) ហើយ​​កម្លាំងសម្ពាធ​ដែល​កើតចេញ​ការ​ផ្ទុះនេះ​បាន​រុញច្រាន​សារធាតុ​​ដែល​នៅ​ក្នុង​ណេប៊ុយឡាទាំងនោះ​ឲ្យ​ហាប់ចូ​លគ្នា។​

ចាប់ពីពេលនោះមក ក្រោម​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ​ សារធាតុ​ដែល​ស្ថិត​នៅ​តំបន់​ដែល​មាន​ដង់ស៊ីតេ​ខ្ពស់​ជាងគេ មាន​កម្លាំង​ទំនាញ​ខ្លាំង​ជាងគេ ក៏​បាន​ស្រូប​យក​សារធាតុ​ផ្សេងៗ​ទៀត​ដែល​នៅ​ជុំវិញ​នោះ ហើយ​ប្រមូលផ្តុំគ្នា​ជា​ដុំស្វ៊ែរ​ឧស្ម័ន ដែល​មាន​ទំហំ​​កាន់តែ​ធំឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូត​ដល់​ពេលមួយ​​មាន​ម៉ាស់​គ្រប់គ្រាន់ នាំ​ឲ្យ​មាន​ប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​ស្នូល​ខាងក្នុង ហើយ​បង្កើត​បាន​ជា​ផ្កាយ ដែល​យើង​ឲ្យ​ឈ្មោះ​ថា “ព្រះអាទិត្យ”។

ព្រះអាទិត្យ​គឺ​​ជា​ប្រភេទ​ “កូនផ្កាយលឿង” ដែល​គេ​ហៅ​តាម​ភាសា​អង់គ្លេស​ថា « Yellow Dwarf »... ជា​ប្រភេទ​ផ្កាយ​ដែល​មាន​​​ទំហំ​មធ្យម បើ​ធៀប​នឹង​ផ្កាយ​ផ្សេងទៀត​នៅ​ក្នុង​ចក្រវាល ក៏ប៉ុន្តែ បើ​គិត​ត្រឹមតែ​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​នេះ ព្រះអាទិត្យ​មាន​ម៉ាស់​រហូតដល់​ទៅ​ជិត ៩៩,៩% (៩៩,៨៥%) នៃ​ម៉ាស់សរុប​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​ទាំងមូល ពោលគឺ សារធាតុ​ស្ទើរតែ​ទាំងអស់​​ដែល​មាន​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង​នេះ​​ត្រូវ​ប្រមូលផ្តុំគ្នា​នៅ​ក្នុង​​ព្រះអាទិត្យតែមួយ។

សារធាតុ​ប្រមាណ​ជា ០,១% ដែល​នៅ​សេសសល់​ពី​ការ​បង្កើត​ព្រះអាទិត្យ បន្ត​ស្ថិត​នៅ​រាយប៉ាយ​វិល​ជា​រង្វង់​​ជុំវិញ​ព្រះអាទិត្យ ដោយ​ក្នុង​ចំណោម​នោះ សារធាតុ​មួយផ្នែក​ធំ ​ដែលជា​ប្រភេទ​ឧស្ម័ន ដែល​មាន​ម៉ាស់​ស្រាលៗ រួមមាន​ដូចជា អ៊ីដ្រូសែន និង​អេលីយ៉ូម ជាដើម ​ត្រូវ​កម្លាំង​ខ្យល់​នៃ​ព្រះអាទិត្យ (Solar Wind) រុញច្រាន​ឲ្យ​​​​ចេញ​ទៅ​ប៉ែក​​ខាងក្រៅ​ឆ្ងាយ​ពី​ព្រះអាទិត្យ​ ចំណែក​ឯ​នៅ​ប៉ែក​ខាង​ក្នុង​ក្បែរ​ព្រះអាទិត្យ គឺ​ភាគច្រើន​​​ជា​សារធាតុ​ដែល​មាន​ម៉ាស់​ធ្ងន់ៗ។

សារធាតុ​ធ្ងន់ៗ​​ទាំងនេះហើយ ដែល​​ប្រមូលផ្តុំគ្នា បង្កើត​ទៅ​ជា​​ភព ៤ នៅ​ប៉ែក​ខាង​ក្នុង​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ គឺ ​ភព​ពុធ ភព​សុក្រ ភពផែនដី និង​ភព​អង្គារ ដែល​ជា​ប្រភេទ​​ភព​មាន​ធាតុផ្សំ​ជា​សារធាតុ​រឹង ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ភព​ថ្ម” ឬ “ភពដី” (ឬភព​ដែល​មាន​ទម្រង់​ស្រដៀងផែនដី)។ ចំណែក​ឯ​នៅ​ប៉ែក​ខាង​ក្រៅ​ឯណោះវិញ សារធាតុ​ដែល​ជា​ប្រភេទ​ឧស្ម័ន​បាន​ប្រមូលផ្តុំគ្នា​ជា​​ភព ៤ ផ្សេងទៀត រួមមាន​ ភពព្រហស្បតិ៍ ភព​សៅរ៍ ភព​អ៊ុយរ៉ានុស និង​ភព​ណិបទូន ដែល​ជា​ប្រភេទ​ភព​មាន​ធាតុផ្សំ​ជា​ឧស្ម័ន​សុទ្ធសាធដោយ​គ្មាន​ផ្ទៃដី​រឹង ហើយ​ដែល​សុទ្ធតែ​មាន​ទំហំ​យ៉ាង​ធំ​សម្បើម​ បើ​ធៀប​នឹង​ភព​នៅ​ប៉ែក​ខាង​ក្នុង។

ក្រៅ​​ពីបាន​​បង្កើតព្រះអាទិត្យ និង​ភព​ទាំង៨​ហើយ សារធាតុ​មួយ​ផ្នែក​តូច​ដែល​នៅ​សេសសល់​ពីនោះ មួយផ្នែក​ត្រូវ​ប្រមូលផ្តុំ​គ្នា​បង្កើត​ទៅ​ជា​តារារណបធម្មជាតិ​ដែល​វិល​ជុំវិញ​ភព ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ព្រះចន្ទ” ដោយ​ភពខ្លះ​ ដូចជា ភពព្រហស្បតិ៍​ ជាដើម មាន​ព្រះចន្ទ​ច្រើន​​រហូតដល់​ទៅ ៦៧​ ចំណែក​ភពខ្លះ​ទៀត​មាន​ព្រះចន្ទ​តិច ដូចជា​ភព​ផែនដី​របស់​យើង ដែល​មាន​ព្រះច​ន្ទ​តែ​មួយ​ ក្នុងពេល​ដែល​ភព​ពុធ និង​ភព​សុក្រ មិនមាន​ព្រះចន្ទ​ទាល់តែ​សោះ។

សារធាតុ​ដែល​នៅ​សេសសល់​ចុងក្រោយ ខ្លះ​ប្រមូលផ្តុំ​គ្នា​ជា​បំណែក​ធំ​ល្មម​ ក្លាយ​ទៅជា “កូនភព” (Dwarf planet) រីឯ​ខ្លះ​ទៀត​​បាន​ត្រឹម​ជា​បំណែក​តូចៗ​ដែល​នៅ​សេសសល់​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ គឺ​​​អាចម៍ផ្កាយ (Asteroid) និង​ផ្កាយ​ដុះ​កន្ទុយ (Comet)។

ប្រសិនបើ​យើង​​ធ្វើ​ដំណើរ​​ឆ្លងកាត់​ប្រព័ន្ធ​ព្រះអាទិត្យ ចេញ​ពី​ចំណុច​កណ្តាល ឆ្ពោះទៅ​ព្រំដែន​ខាងក្រៅ គេឃើញ​ថា ភព​ពុធ គឺ​ជា​ភព​ដែល​ស្ថិត​នៅ​ជិត​នឹង​ព្រះអាទិត្យ​ជាងគេ បន្ទាប់​មក គឺ​ភពសុក្រ មុននឹង​មក​ដល់​ភព​ផែនដី ហើយ​ចេញ​ពី​ផែនដី ទៅដល់​ភព​អង្គារ ដែល​ជា​ភព​ទី៤ និង​ជា​ភព​ចុងក្រោយ នៅ​ក្នុង​ចំណោម​ភព​ប៉ែក​ខាង​ក្នុង​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ។

បន្ទាប់​ពី​ភព​អង្គារ យើង​ត្រូវ​ឆ្លងកាត់​តាម​តំបន់​ដ៏ធំ​មួយ ដែល​មាន​ចម្ងាយ​ប្រហាក់ប្រហែល​នឹង​ចម្ងាយ​​ពី​ព្រះអាទិត្យ​មកផែនដី... នេះ គឺ “ខ្សែក្រវ៉ាត់​អាចម៍ផ្កាយ” (Asteroid Belt) ដែល​ជា​ទី​ប្រមូលផ្តុំ​​​​អាចមន៍​ផ្កាយ​ភាគច្រើន​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។

ឆ្លងផុត​ខ្សែក្រវ៉ាត់​អាចម៍​ផ្កាយ​នេះ គេ​ធ្វើ​ដំណើរ​ទៅដល់​ភព​ព្រហស្បតិ៍ ដែល​ជា​ភព​ធំជាង​គេ​បង្អស់ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ពោលគឺ​ធំជាង​ផែនដី​រហូតដល់​ទៅ ១១ដង។ ចេញ​ពី​ភពព្រហស្បតិ៍ យើង​ទៅ​ដល់​​ភពសៅរ៍ បន្ទាប់​មក គឺ​ភពអ៊ុយរ៉ានុស មុននឹង​ទៅដល់​ភព​ណិបទូន ដែល​ជា​ភព​ទី៨ និង​ជា​ភព​ចុងក្រោយ នៃ​ប្រព័ន្ធ​ព្រះអាទិត្យ។

ក៏ប៉ុន្តែ ព្រំដែន​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​មិន​មែន​បញ្ចប់​តែ​ត្រឹម​នេះទេ។ ចេញ​ពី​ភព​ណិបទូន​ទៅ គឺ​ជា​តំបន់​ដ៏​សែន​ធំ​ល្វឹងល្វឺយ​មួយ​ទៀត ដែល​លាតសន្ធឹង​​ក្នុង​ចម្ងាយ​រហូតដល់​ទៅ ២០ដង នៃ​​​ចម្ងាយ​ពី​ព្រះអាទិត្យ​មក​ផែនដី​ ហើយ​ដែល​គេ​ឲ្យ​ឈ្មោះថា “ខ្សែក្រវ៉ាត់គុយពែរ” (Kuiper Belt)។ ​ខ្សែក្រវ៉ាត់​គុយពែរ​នេះ​ហើយ ដែល​ជា​ទីប្រមូលផ្តុំ​បំណែក​តូចធំ​ជាច្រើន ដែល​ភាគច្រើន​ជា​ដុំ​ទឹកកក ហើយ​ដែល​នៅ​ពេល​ធ្វើ​ដំណើរ​កាត់​មក​ប៉ែក​ខាង​ក្នុង​ក្បែរព្រះអាទិត្យ ក៏​ត្រូវ​រលាយ​ទៅ​ជា​ចំហាយ និង​បញ្ចេញ​ជា​ពន្លឺ​យ៉ាងវែងជាប់តាម​​ពី​ខាងក្រោយ ដែល​យើង​ហៅ​ថា "ផ្កាយដុះកន្ទុយ"។​

នៅ​ក្នុង​តំបន់​ខ្សែក្រវ៉ាត់​គុយពែរ​នេះ​ ក៏​មាន​ដែរ កូនភព​ជាច្រើន ជាពិសេស ភ្លុយតុង ដែល​កាល​ពីមុន​ត្រូវ​បាន​គេ​ចាត់ទុក​ថា​​ជា​ភព​ទី៩ នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ក៏ប៉ុន្តែ ត្រូវ​បាន​គេ​ទម្លាក់​តំណែង​មក​នៅ​ត្រឹម​កូនភព​វិញ កាលពី​ឆ្នាំ​២០០៦។

ចេញ​ពី​ខ្សែក្រវ៉ាត់គុយពែរ​ទៅ គឺ​ជា​ស្រទាប់​ចុងក្រោយ ដែល​មាន​រាង​ជា​ស៊្វែរ​ហ៊ុំព័ទ្ធ​ជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ... នេះ គឺ​ជា​តំបន់ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “អួតខ្លោវដ៍” (Oort Cloud) ហើយ​ជា​ព្រំដែន​ខាង​ក្រៅបង្អស់​នៃ​ប្រព័ន្ធព្រះអាទិត្យ។

គិត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ មាន​យានតែ​ពីរ​គត់​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស ហើយ​ដែល​អាច​ធ្វើ​ដំណើរ​ចេញ​ទៅ​ដល់​ព្រំដែន​ខាងក្រៅ​បំផុត​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​បាន គឺ​យាន​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Voyageur។ យាន​ទាំងពីរ​នេះ​ត្រូវ​បាន​គេ​បាញ់​បង្ហោះ​ តាំង​ពី​ឆ្នាំ​១៩៧៧ ហើយ​ធ្វើ​ដំណើរ​ក្នុងល្បឿន​រហូតដល់​ទៅជាង ៥ម៉ឺនគីឡូម៉ែត្រ​ក្នុងមួយម៉ោង (ជាង ១៥គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី) ពោលគឺ​លឿន​ជាង​យន្តហោះ​ដឹកអ្នក​ដំណើរ​រហូតដល់​ទៅ​ប្រមាណ​ជា ៦០ដង ហើយ​លឿន​ជាង​ល្បឿន​គ្រាប់កាំភ្លើង​ដល់​ទៅ​ជាង ៣០ដង។ ក៏ប៉ុន្តែ បើទោះបីជា​មាន​ល្បឿន​ដ៏​លឿន​បែបនេះ​ក៏ដោយ យាន​ទាំងពីរ​នេះ​បាន​ចំណាយ​ពេល​រហូតដល់​ទៅ ៤០ឆ្នាំ ទើប​អាច​ធ្វើ​ដំណើរ​ចេញ​ទៅដល់​ផ្នែក​ខាងក្រៅ​បំផុត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​បាន។

ចេញ​ផុត​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​ទៅ គឺ​ជា​ដែន​អវកាស ដែល​គេ​ឲ្យឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា “Interstellar” គឺ​លំហអវកាស ដែល​ស្ថិត​នៅ​ចន្លោះ​ពី​​​ប្រព័ន្ធផ្កាយមួយ ទៅ​​ប្រព័ន្ធផ្កាយ​មួយទៀត។

ផ្កាយ​ដែល​ស្ថិត​នៅ​ជិត​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​ជាងគេ គឺ​ប្រព័ន្ធផ្កាយ​ឈ្មោះ “អាល់ហ្វាសិនថូរី” (Alpha Centauri) ដែល​ស្ថិត​នៅ​ចម្ងាយ​រហូតដល់​ទៅ​ជាង ៤ឆ្នាំ​ពន្លឺ ពី​ប្រព័ន្ធ​ព្រះអាទិត្យ ពោលគឺ ពន្លឺ​ដែល​ចេញ​ពី​ផ្កាយអាល់ហ្វាសិនថូរី​នេះ ត្រូវ​ចំណាយ​ពេល​រហូតដល់​ទៅ​ជាង ៤ឆ្នាំ ទើប​អាច​ធ្វើ​ដំណើរ​មក​ដល់​ប្រព័ន្ធ​ព្រះអាទិត្យ​ និង​ភពផែនដី​របស់​យើង៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ