ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/03 12h00 GMT

ការកកើត​ភពផែនដី

ការកកើត​ភពផែនដី
 
ភពផែនដី​របស់​យើង គឺ​ជា​ភព​ទី៣ រាប់​ពី​ព្រះអាទិត្យ ហើយ​បាន​កកើតឡើង កាល​ពី​ប្រមាណ​ជា ៤៥០០លាន​ឆ្នាំ​មុន Pixabay

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពី​ការចាប់កំណើត​នៃ​ភពផែនដីរបស់​យើង។

កាលពី ៤៥០០លានឆ្នាំមុន នៅក្រោយ​ពេល​ដែល​សារធាតុ​​ប្រមាណ​ជា ៩៩,៩% នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​បាន​ប្រមូលផ្តុំគ្នា​បង្កើត​ទៅជា​ព្រះអាទិត្យ​ សារធាតុ​ប្រមាណ​ជា ០,១% ដែល​នៅ​សេសសល់ ហើយ​ដែល​ស្ថិត​នៅ​ជុំវិញ​ព្រះអាទិត្យ ក៏​បាន​ប្រមូលផ្តុំគ្នា​បន្តិចម្តងៗ បង្កើត​ទៅ​ជា​ភព ដោយ​ក្នុង​ចំណោម​នោះក៏​មាន​ភពផែនដី​របស់​យើង​មួយ​ផងដែរ ដែល​ជា​ភព​ទីបី​រាប់ពី​ព្រះអាទិត្យ។

គេ​អាច​និយាយ​បាន​ថា អ្វីៗ​កើតឡើង​ចេញ​ពី​ល្អងធូលី​ដ៏តូចល្អិត ដែល​ស្ថិត​នៅ​វិលវល់​ជុំវិញ​ព្រះអាទិត្យ។ ក្រោម​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ ល្អងធូលី​ដូចតូចល្អិត​នេះ​បាន​ប្រមូល​ផ្តុំគ្នា​ ពីដំបូង​ជា​ដុំថ្ម​តូចៗ រួចហើយ​​​ដុំថ្មតូចៗ​ទាំងនេះ​ប្រមូលផ្តុំគ្នា​ទៅ​ជា​បំណែក​កាន់តែ​ធំឡើង​បន្តិចម្តងៗ រហូតដល់​រាប់លាន​ឆ្នាំក្រោយ​មក ក៏​​មាន​ម៉ាស់​និង​កម្លាំងទំនាញ​​គ្រប់គ្រាន់ បង្កើត​ទៅ​ដុំ​​​មាន​រាង​ជា​ស្វ៊ែរ ហើយ​ដែល​គេ​អាច​ហៅថា​ជា​ភព។

ភពផែនដី​ដែល​ទើប​នឹង​ចាប់កំណើត​ឡើង​ដំបូង​នោះ ត្រូវ​រង​នូវ​​ការ​ប៉ះទង្គិច​ជាប់​ជា​ប្រចាំ ​ជាមួយ​នឹង​​បំណែក​អាចម៍ផ្កាយ ឬ​ផ្កាយ​ដុះកន្ទុយ ដែល​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​ក្បែរគ្នា ហើយ​ការ​ប៉ះទង្គិចគ្នា​នោះ​​បាន​​​ធ្វើ​ឲ្យ​ផែនដី​អាច​ប្រមូលផ្តុំ​ធាតុផ្សំ​បាន​កាន់តែ​ច្រើន​ឡើង ហើយ​​ទំហំ​ក៏​កាន់តែ​រីក​ធំឡើងទៅតាម​នោះ​ផងដែរ។​ ក៏ប៉ុន្តែ នៅ​ពេលនោះ ផែនដី​របស់​យើង​មិនមែន​ប៉ះទង្គិច​តែ​ជាមួយ​នឹង​បំណែក​អាចម៍ផ្កាយ ឬ​ផ្កាយ​ដុះ​កន្ទុយ​នោះទេ តែ​មាន​ការ​ប៉ះទង្គិច​ដ៏​អស្ចារ្យ​​មួយ​ទៀត ដែល​បាន​បន្សល់​ទុក​នូវ​ផលវិបាក​ដ៏​សំខាន់​បំផុត​ដល់​ភពផែនដី និង​មនុស្សជាតិ​យើង រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ប្រមាណ​ជា ១០០លាន​ឆ្នាំ​ក្រោយ​ការ​ចាប់កំណើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ នៅ​ពេល​ដែល​ផែនដី​​បាន​​កើន​ទំហំ​ជិត​ប៉ុន​នឹង​សព្វថ្ងៃ​ កូនភព​តូចមួយ ដែល​គេ​ឲ្យឈ្មោះ​ថា “តេយ៉ា” (Theia) មាន​ទំហំ​ប៉ុន​ភព​អង្គារ (​ប្រហែល​ពាក់​កណ្តាល​នៃ​ភពផែនដី) ​បាន​ហោះ​មក​បុក​នឹងភពផែនដី។ កម្លាំង​ទង្គិច​បាន​ធ្វើ​ឲ្យ​ភព​ទាំងពីរ​ត្រូវ​រលាយ​ចូល​គ្នា ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា ដោយសារ​តែ​ការ​ទង្គិច​គ្នា​នេះ​កើតឡើង​​ក្នុងទិសដៅ​​បញ្ឆិត ដូច្នេះ ផ្នែកខ្លះ​នៃ​កូនភព​តេយ៉ា ព្រមទាំង​ផ្នែក​ខ្លះ​នៃ​ផែនដី ត្រូវ​ខ្ទាត​ចេញ​ទៅ​​ក្នុង​ទីអវកាស ហើយ​ក្លាយ​ទៅ​ជា​បំណែក​ខ្លះ​តូចខ្លះ​ធំ ស្ថិត​នៅវិល​​ជុំវិញ​ភពផែនដី។ បំណែក​អស់ទាំងនេះហើយ ដែល​ក្រោយ​មកបាន​ប្រមូលផ្តុំគ្នា​បន្តិចម្តងៗ ​បង្កើត​បាន​ទៅ​ជា​ព្រះចន្ទ ដែល​វិលជុំវិញ​ភពផែនដី​របស់​យើង រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

ឥទ្ធិពល​នៃ​កម្លាំង​ទង្គិច​នៅពេលនោះ ​បាន​ធ្វើ​ឲ្យ​អ័ក្សផែនដី ពោលគឺ អ័ក្ស​នៃ​ចលនា​វិលជុំវិញ​ខ្លួនឯង​របស់​ភពផែនដី​ត្រូវ​ទ្រេត​រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន​ ហើយ​ភាព​ទ្រេត​នៃ​អ័ក្សផែនដី​នេះ​ គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ ដែល​​​ធ្វើ​ឲ្យ​ផែនដី​របស់​យើង​​មាន​អាកាសធាតុ ដែល​ចែកចេញ​ជា​រដូវកាល​យ៉ាងទៀងទាត់។

លើសពីនេះទៅទៀត វត្តមាន​របស់​ព្រះចន្ទ នៅ​​វិល​ជុំវិញ​ភពផែនដី ហើយ​ដែល​មាន​ទំហំ​រហូតដល់​ទៅ​ជិត ៣០% នៃ​ទំហំ​ផែនដី​ បាន​បង្កើត​ឲ្យ​មាន​ជា​តុល្យភាព​នៃ​កម្លាំង​ទំនាញ​មួយ ដែល​ជួយ​ឲ្យ​​អ័ក្សផែនដី​របស់​យើង​​​​មាន​លំនឹង ដែល​ជា​កត្តា​ដ៏​ចម្បងមួយធ្វើ​ឲ្យ​អាកាសធាតុ​នៅលើ​ភពផែនដី​មាន​លំនឹង មិនសូវ​ប្រែប្រួល​ខ្លាំង ដែល​ជាកត្តា​ដ៏សំខាន់​ សម្រាប់​ការវិវឌ្ឍ​នៃ​ជីវិត។

ព្រះចន្ទ​ក៏​បាន​ជួយ​​ឲ្យ​ចលនា​វិលជុំវិញ​ខ្លួនឯង​របស់​ផែនដី​ត្រូវ​បន្ថយ​ល្បឿន​ផងដែរ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ថ្ងៃ​​នៅលើ​ភពផែនដី​មាន​រយៈពេល​កាន់តែ​វែង ពោលគឺ មួយថ្ងៃ​ ដែល​ពីមុន​មាន​ត្រឹមតែ ៦ម៉ោង ​ត្រូវ​អូសបន្លាយ​ពេល​បន្តិចម្តងៗ​ រហូត​កើនឡើង​​ដល់ ២៤ម៉ោង ដូចជា​​ពេល​បច្ចុប្បន្ន​នេះ។

កាល​ពី​ដើមដំបូងឡើយ នៅ​ពេល​ដែល​ផែនដី​ទើប​នឹង​កកើត​ជា​រូបរាងឡើង ការប៉ះទង្គិច​ជាមួយ​កូនភព​តេយ៉ា ក៏ដូចជា​ការ​ប៉ះទង្គិច​ស្ទើរជាប់​ជា​ប្រចាំ​ជាមួយ​បំណែក​តូចធំ​ជាច្រើន​ផ្សេងទៀត បាន​​ធ្វើ​ឲ្យ​ផែនដី​មាន​សីតុណ្ហភាព​ក្តៅខ្លាំង គឺ​ក្តៅ​រហូតដល់​ទៅ​ប្រមាណ​ជាង ១០០០អង្សា​ ដែល​​ធ្វើ​ឲ្យ​គ្រប់​អ្វីៗ​ទាំងអស់​ត្រូវ​រលាយ​ទៅ​ជា​សារធាតុ​រាវ ប្រៀបដូច​ជា​កម្អែ​ភ្នំភ្លើង។ គេ​អាច​និយាយ​បាន​ថា ភពផែនដី​របស់​យើង​នៅ​ពេលនោះ​​ត្រូវ​គ្របដណ្តប់​​ទៅដោយ​មហាសមុទ្រ​គ្រប់កន្លែង គ្រាន់តែ​សមុទ្រ​នោះ​​មិនមែន​ជា​សមុទ្រទឹក តែ​ជា​មហាសមុទ្រ​នៃ​កម្អែភ្នំភ្លើង... ហើយ​ក្រោម​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ សារធាតុដែក និង​នីកែល ព្រមទាំង​​សារធាតុ​ផ្សេងទៀត​ដែល​មានដង់ស៊ីតេខ្ពស់ និង​​ទម្ងន់ធ្ងន់ ​ត្រូវ​ធ្លាក់​ចុះ​ទៅ​ខាងក្រោម ចំណែក​ឯ​សារធាតុ​ស្រាលៗ​ស្ថិត​នៅ​ស្រទាប់​ខាងលើ។

ក្រោយមក​ទៀត នៅ​ពេល​ដែល​បំណែក​ភាគច្រើន​ដែល​នៅលើ​គន្លង​ជាមួយគ្នា​បាន​ប៉ះទង្គិច​ ហើយ​រលាយ​ចូលគ្នា​ជាមួយ​នឹង​ភពផែនដី ហេតុការណ៍​ប៉ះទង្គិច​គ្នា​ក៏កើត​មាន​កាន់តែតិច​ទៅៗ ហើយ​សីតុណ្ហភាព​លើ​ភពផែនដី​ក៏​ចាប់ផ្តើម​ថយចុះ។ ដល់​ពេលមួយ​ ស្រទាប់​ខាងលើ​នៃ​ភពផែនដី​ក៏​ចាប់ផ្តើម​កករឹង​ទៅជា​​ផ្នែក​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា "សម្បកផែនដី" ចំណែក​ឯ​សារធាតុដែក​និង​នីកែល​ដែល​ធ្លាក់​ចុះ​ទៅ​ខាងក្រោម ក៏​ប្រមូលផ្តុំគ្នា​បង្កើត​ទៅជា​ “ស្នូលផែនដី”។

ស្នូលផែនដី​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ដែក​នេះហើយ​​ ដែល​​បង្កើត​ឲ្យ​មាន​ជា​ដែន​ម៉ាញេទិក នៅ​​ជុំវិញ​ភពផែនដី ហើយ​ជា​របាំង​​ជួយ​ការពារ​ផែនដី​​ពី​កម្លាំងខ្យល់​ពី​ព្រះអាទិត្យ (Solar Wind) ក៏ដូចជា​សារធាតុ​វិទ្យុសកម្ម​ផ្សេងទៀត​មក​ពី​ទីអវកាស ដែល​នេះ​គឺ​​ជា​កត្តា​ដ៏​ចម្បងមួយ សម្រាប់​​ការ​កកើត​ជីវិត នៅ​ពេល​ក្រោយ​មក​ទៀត។ ក៏ប៉ុន្តែ មុននឹង​ជីវិត​អាច​កកើតឡើង​បាន​នៅលើ​ភពផែនដី គេ​ត្រូវការ​នូវ​ធាតុផ្សំ​ដ៏​ចម្បងមួយ គឺ​ទឹក។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​ដឹង​ថា ផ្ទៃ​នៃ​ភពផែនដី​រហូតដល់​ទៅ​ជាង ៧០% ត្រូវ​គ្រប​ដណ្តប់​ទៅដោយ​ទឹកសមុទ្រ។ ក៏ប៉ុន្តែ សំណួរ​ចោទឡើង​ថា តើ​ទឹក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​មាន​ប្រភព​ដើម​ចេញ​មក​ពីណា?

ជាទូទៅ ប្រភព​ដើម​នៃ​ទឹក​លើ​ភពផែនដី គឺ​ជា​អាថ៌កំបាំង ដែល​តែងតែ​ជា​ប្រធានបទ​នៃ​ការ​ជជែក​ដេញដោលគ្នា​ រវាង​អ្ន​កវិទ្យាសាស្រ្ត ហើយ​ការ​យល់ដឹង​​ទៅលើ​ចំណុច​នេះ​ក៏តែងតែ​មាន​ការ​វិវឌ្ឍ​ជាច្រើន​ដំណាក់កាល​ផងដែរ។ ក៏ប៉ុន្តែ យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ចុងក្រោយ​បង្អស់ អ្នក​វិទ្យាសាស្រ្ត​បាន​កំណត់​ថា ប្រភព​នៃ​ម៉ូលេគុល​ទឹក (H2O) ដើម​ដំបូង​លើ​ភពផែនដី ត្រូវ​ចែកចេញ​ជា​ពីរផ្នែក។ មួយផ្នែក គឺ​មាន​ប្រភព​ចេញ​ពី​ធាតុផ្សំ​ដើម​ដំបូង​​របស់​ភពផែនដី ពោលគឺ ម៉ូលេគុលទឹក​ស្ថិត​នៅ​ក្នុង​​​បំណែក​តូចធំ​ទាំងឡាយ ដែល​ប្រមូលផ្តុំគ្នា​​បង្កើត​ជា​ភពផែនដី។ ម៉ូលេគុលទឹក​មួយ​ផ្នែក​ទៀត មាន​ប្រភព​ចេញ​ពី​អាចម៍ផ្កាយ (Asteroid) ឬ​ផ្កាយដុះកន្ទុយ (Comet) ដែល​ធ្លាក់​មក​លើ​ផែនដី​ នៅ​ពេល​ក្រោយៗ​មកទៀត។

ក៏ប៉ុន្តែ កាល​ពី​ដំបូងឡើយ ដោយសារ​តែ​​ផែនដី​មាន​សីតុណ្ហភាព​ក្តៅខ្លាំងពេក​ ម៉ូលេគុល​ទឹក​​អស់ទាំងនេះមិនអាច​ស្ថិត​នៅ​ជា​សភាពរាវ នៅលើ​ផ្ទៃដី​បាន​នោះទេ ផ្ទុយ​ទៅវិញ ​វា​ត្រូវ​ប្រមូលផ្តុំគ្នា​ជា​ចំហាយទឹក ស្ថិតនៅ​ពាសពេញ​ក្នុង​បរិយាកាសនៃ​ភពផែនដី។ រហូត​ទាល់តែ​ដល់​ពេល​ដែល​សីតុណ្ហភាព​ធ្លាក់​ចុះ​ដល់​កម្រិត​មួយ​ទាបល្មម ទើប​ចំហាយទឹក​នេះ​ប្រមូលផ្តុំគ្នា​ទៅ​ជា​ពពក រួចហើយ​បង្កើត​បាន​ជា​ភ្លៀង​ធ្លាក់​ចុះ​មក​លើ​ផ្ទៃដី ហើយ​បន្តិចម្តងៗ ទឹកភ្លៀង​ទាំងនេះ​បាន​ប្រមូលផ្តុំគ្នា​លើ​ផ្ទៃដី ដំបូង​​បង្កើត​បាន​ជា​ថ្លុក ត្រពាំង បឹងបួរ ហើយ​ក្នុង​រយៈពេល​រាប់លាន​ឆ្នាំ​ក្រោយ​មក​ទៀត បរិមាណទឹក​នៅលើ​ផ្ទៃដី​ក៏​កើនឡើង​កាន់តែ​ខ្លាំង ហើយ ​រីកសាយភាយ​រហូត​បង្កើត​បាន​ទៅ​ជា​មហាសមុទ្រ។

គិតត្រឹម​ប្រមាណ​ជា ៣៨០០លាន​ឆ្នាំមុន ពោលគឺ ប្រមាណ​ជា ៧០០លានឆ្នាំ​ក្រោយ​ការ​ចាប់កំណើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ផែនដី​របស់​យើង​បាន​ចាប់កំណើតឡើង​​ទៅជា​ភពមួយ ដែល​មាន​ “ស្នូល” និង​​ដែន​ម៉ាញេទិក, មាន​ព្រះចន្ទ និង​មាន​ចលនា​វិលជុំវិញ​អ័ក្ស​ប្រកប​ដោយ​លំនឹង ព្រមទាំង​​​មាន​សីតុណ្ហភាព​ធ្លាក់ចុះ​ទាប​ល្មម ដែល​អាច​ឲ្យ​ទឹក​អាច​ស្ថិត​នៅ​ជា​សភាព​រាវ ហើយ​​ប្រមូលផ្តុំគ្នា​ជា​មហាសមុទ្រ​នៅលើ​ផ្ទៃដី​ជាប់​ជា​ប្រចាំ។ ក្នុងពេល​ជាមួយគ្នា ថាមពល​នៃ​កម្តៅ​ក្នុង​ស្នូលផែនដី​បាន​រុញដី​បាតសមុទ្រ​ឲ្យ​ប៉ោងឡើង​បង្កើត​ទៅជា​ភ្នំភ្លើង និង​​ជា​កូនកោះតូចៗ ដែល​ប្រមូលផ្តុំគ្នា​បន្តិចម្តងៗ​ទៅ​ជា​ដីគោក និង​​​​រាប់​រយលាន​ឆ្នាំ​​ក្រោយៗ​មក​ទៀត ​បង្កើត​បានទៅ​ជា​ទ្វីប៕

  • ហេតុការណ៍​ស្លាប់រង្គាល​នៃ​ជីវិត​និង​ការ​លេចមុខ​នៃ​សត្វ​ឌីណូស័រ

    ហេតុការណ៍​ស្លាប់រង្គាល​នៃ​ជីវិត​និង​ការ​លេចមុខ​នៃ​សត្វ​ឌីណូស័រ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពីហេតុការណ៍​នៃ​ការ​ស្លាប់រង្គាល​នៃ​ជីវិត​លើ​ភពផែនដី …

  • ការរីកដុះដាលនៃជីវិតលើភពផែនដី​ក្រោយ​យុគសម័យទឹកកក

    ការរីកដុះដាលនៃជីវិតលើភពផែនដី​ក្រោយ​យុគសម័យទឹកកក

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពី​​ការរីកដុះដាល​នៃ​ជីវិតលើភពផែនដី …

  • ការកកើត​ជីវិត​លើ​ភពផែនដី

    ការកកើត​ជីវិត​លើ​ភពផែនដី

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពី​ការកកើតនៃ​ជីវិត​លើភពផែនដី។

  • ការចាប់កំណើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ

    ការចាប់កំណើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​ចក្រវាល​តទៅទៀត ដោយ​សូម​លើកឡើង អំពី​ការ​ចាប់កំណើត​នៃ​ព្រះអាទិត្យ ព្រមទាំង​ភព …

  • វដ្ត​នៃ​ជីវិត​របស់​ផ្កាយ

    វដ្ត​នៃ​ជីវិត​របស់​ផ្កាយ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​ធ្វើការ​រៀបរាប់ អំពីប្រវត្តិ​ចក្រវាល​តទៅទៀត ដោយ​សូម​លើកឡើង​អំពី​​វដ្តនៃ​ជីវិត​របស់​ផ្កាយ ពី​ការ​ចាប់កំណើត​ …

  • Big Bang ៖ ការចាប់កំណើត​នៃ​ចក្រវាល

    Big Bang ៖ ការចាប់កំណើត​នៃ​ចក្រវាល

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​​​​ធ្វើការ​រៀបរាប់ អំពីប្រវត្តិ​នៃ​ចក្រវាល​របស់​យើង​តទៅទៀត ដោយ​សូម​លើកឡើង អំពី​​ការ​ចាប់កំណើត​នៃ​ចក្រវាល …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ