ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/06 12h00 GMT

Big Bang ៖ ការចាប់កំណើត​នៃ​ចក្រវាល

Big Bang ៖ ការចាប់កំណើត​នៃ​ចក្រវាល
 
រូបភាព​នៃណេប៊ុយឡា (បណ្តុំ​ធូលី​និង​ឧស្ម័ន​ក្នុង​អវកាស) ដែល​ថតដោយ​តេឡេស្កុប​ហឺបល (Hubble Space Telescope) Pixabay

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​​​​ធ្វើការ​រៀបរាប់ អំពីប្រវត្តិ​នៃ​ចក្រវាល​របស់​យើង​តទៅទៀត ដោយ​សូម​លើកឡើង អំពី​​ការ​ចាប់កំណើត​នៃ​ចក្រវាល នៅ​ក្នុងហេតុការណ៍ ដែល​គេ​ច្រើន​ហៅ​តាម​ភាសា​អង់គ្លេស​ថា "Big Bang"។

(មានវីដេអូនៅខាងក្រោម)

នៅពេល​ដែល​​យើង​ងើបក្បាល សំឡឹង​មើល​ទៅលើ​មេឃ​នៅ​ពេល​យប់ យើង​អាច​សង្កេតឃើញ​ផ្កាយ​រាប់ពាន់​ដួង រះព្រោងព្រាត​ ដោយ​ក្នុង​ចំណោម​នោះ មាន​ផ្កាយ​ខ្លះ​មាន​ពន្លឺ​ចាំងចែង​ខ្លាំង​លើសគេឯង​ទាំងពួង ហើយ​តាមពិតទៅ ផ្កាយ​ដែល​មាន​ពន្លឺ​ចាំងចែង​អស់ទាំងនេះ ភាគច្រើន មិនមែន​ជា​ផ្កាយ​នោះទេ តែ​គឺ​ជា​ភព នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង រួមមាន​ដូចជា ភពសុក្រ ភពព្រហស្បតិ៍ ភព​អង្គារ និង​ភព​ពុធ ដែល​ជាប់ចំណាត់ថ្នាក់​​ក្នុង​ចំណោម​ផ្កាយ​​ទាំង ៥ ដែល​មាន​ពន្លឺ​ខ្លាំង​ជាងគេ​ នៅពេលយប់។

ភព​អស់ទាំងនេះ​មាន​ពន្លឺ​ចាំងចែង​ខ្លាំង​លើសគេឯង មិនមែន​ដោយសារ​តែ​វា​មាន​ទំហំធំ​ជាងគេ​នោះទេ តែ​គឺ​ដោយសារ​តែ​វា​ស្ថិត​នៅ​ជិត​ភពផែនដី​យើង​ជាងគេ។ ផ្កាយ​ជាច្រើន​ផ្សេងទៀត ថ្វីដ្បិត​តែ​យើង​មើល​ទៅ​ឃើញ​មាន​ទំហំតូច ហើយ​មាន​ពន្លឺ​តិច​ជាង ក៏ប៉ុន្តែ តាម​ការពិត​ទៅ គឺ​សុទ្ធសឹង​ជា​ផ្កាយ ដែល​ស្រដៀង​នឹង​ព្រះអាទិត្យ​របស់​យើង ដោយ​ខ្លះ​មាន​ទំហំ​ធំជាង​ព្រះអាទិត្យ​រហូត​ដល់​ទៅ​រាប់រយ ឬ​រាប់ពាន់​ដង ក៏ប៉ុន្តែ ស្ថិត​នៅ​ឆ្ងាយ​ពី​ភពផែនដី​ ដោយ​ខ្លះ​ឆ្ងាយ​រហូត​ដល់​ទៅ​រាប់ម៉ឺនឆ្នាំ​ពន្លឺ​ឯណោះ។

ក៏ប៉ុន្តែ ទោះជាយ៉ាងណា គ្រប់ផ្កាយ​ទាំងអស់ ដែល​យើង​អាច​សង្កេត​មើល​ឃើញ​ដោយ​ភ្នែក​ទទេ (មិនប្រើ​តេឡេស្កុប) បើ​ទោះ​ជា​ស្ថិត​នៅ​ឆ្ងាយ​ប៉ុណ្ណា​ក៏ដោយ គឺ​សុទ្ធតែ​ជា​ផ្កាយ​ដែល​​ស្ថិត​នៅ​ក្នុង​កាឡាក់ស៊ី​មីលគីវេ​ទាំងអស់។

ហេតុដូច្នេះហើយ​បាន កាល​ពី​ដំបូងឡើយ នៅពេល​ដែល​យើង​មិន​ទាន់​មាន​បច្ចេកវិទ្យា​ផលិត​តេឡេស្កុប​បាន​ជឿនលឿន មនុស្សភាគច្រើន​លើសលុប​​​គិត​ថា ចក្រវាល​របស់​យើង គឺ​មានត្រឹមតែ​ក្នុង​មីលគីវេ​នេះឯង ដោយ​មិនមាន​អ្វី​ហួស​ពី​នេះ​ទៀត​នោះទេ។ រហូត​ទាល់តែ​ដល់​ឆ្នាំ​​១៩២៥ ក្រោយ​ពី​តារាវិទូ​អាមេរិក​ម្នាក់ ឈ្មោះ អ៊ែដវីន ហឺបល (Edwin Hubble) បាន​ធ្វើការ​សង្កេត​ដោយ​ប្រើ​តេឡេស្កុប​ប្រភេទ​ថ្មី​ ហើយ​បាន​រកឃើញ​កាឡាក់ស៊ី​ជា​ច្រើន​ផ្សេងទៀត នៅ​ក្រៅ​កាឡាក់ស៊ី​មីលគីវេ ទើប​គេ​អាច​ដឹង​បាន​ថា ព្រំដែន​នៃ​ចក្រវាល​របស់​យើង​នេះ លាតសន្ធឹង​ចេញ​ហួស​ពី​​មីលគីវេ ហើយ​តាមការពិត​ទៅ មីលគីវេ​នេះ​គ្រាន់តែ​ជា​កាឡាក់​ស៊ី​មួយ ក្នុង​ចំណោម​កាឡាក់​ស៊ី​ជាច្រើន​ផ្សេងទៀត​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​អំឡុង​ពេលនោះ អ៊ែដវីន ហឺបល មិនត្រឹមតែ​រកឃើញ​ថា​មាន​​កាឡាក់ស៊ី​ថ្មីៗ​ជាច្រើន នៅ​ក្រៅ​មីលគីវេ​នោះទេ ក៏ប៉ុន្តែ លើសពីនេះ​ទៅទៀត នៅ​ឆ្នាំ១៩២៩ លោក​បាន​រកឃើញ​ថា កាឡាក់ស៊ី​អស់ទាំងនេះ មិនថា​ស្ថិត​នៅ​ទិស​ខាងណា ​សុទ្ធតែ​មាន​ចលនា​ចេញឆ្ងាយ​ពីភពផែនដី​របស់យើង ហើយ​នេះ គឺ​ជា​ភស្តុតាង​ដែល​បញ្ជាក់ថា ចក្រវាល​របស់​យើង​មិន​នៅ​នឹង​ថ្កល់​ឥតប្រែប្រួល (Static Universe) ​​ដូច​ដែល​អ្វីដែល​យើង​ធ្លាប់​​គិត​​​តាំង​ពី​មុនមក​នោះទេ តែផ្ទុយទៅវិញ វា​រីក​កាន់តែ​ធំឡើង​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ (Expanding Universe)។

ចេញពី​ការ​សង្កេតនេះ​ហើយ ដែល​អ្ន​កវិទ្យាសាស្រ្ត​បាន​នាំគ្នា​ទាញ​នូវ​សេចក្តីសន្និដ្ឋាន​ថា បើ​សិន​ជា​ក្នុងពេល​បច្ចុប្ប​ន្ន​​នេះ ​​ចក្រវាល​រីកមាឌ​កាន់តែ​ធំឡើង មានន័យថា កាល​ពី​មុន​ចក្រវាល​មាន​ទំហំតូច​ជាង​ពេល​បច្ចុប្បន្ន ហើយ​បើ​គេ​សំឡឹង​មើល​ទៅ​អតីតកាល​កាន់តែ​ឆ្ងាយ​​ ចក្រវាល​មាន​ទំហំ​​កាន់តែ​តូចទៅៗ រហូត​ដល់​ចំណុច​មួយ​ដ៏តូចបំផុត ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Singularity”។ Singularity នេះហើយ ដែល​ជា​ទី​ចាប់កំណើត​ដំបូង​ មុននឹង​មាន​ហេតុការណ៍ Big Bang បង្កើត​ទៅជា​ចក្រវាល​របស់​យើង។

កាល​ពី​ប្រមាណ​ជា ១៤ពាន់​លាន​ឆ្នាំ​មុន គ្រប់អ្វីៗ​ទាំងអស់ រាប់ចាប់តាំង​ពី​​អាតូម​នៅ​ក្នុង​ខ្លួន​របស់​យើង​គ្រប់គ្នា រហូត​ទៅដល់​សារធាតុ​គ្រប់សព្វបែបយ៉ាង​នៅ​ទូទាំង​ភពផែនដី ព្រមទាំង​ភព និង​ផ្កាយផ្សេងទៀត នៅ​ក្នុង​កាឡាក់ស៊ី​មីលគីវេ ក៏ដូចជា នៅ​ក្នុង​កាឡាក់ស៊ី​រាប់រយពាន់​លាន​ផ្សេងទៀត នៅ​ក្នុង​ចក្រវាល​របស់​យើង​ទាំងមូល ​ប្រមូលផ្តុំគ្នា​​ជា​ចំណុច​ដ៏តូច​ល្អិត​បំផុត​មិន​អាច​គណនា​បាន គឺ​តូច​បំផុត​​រហូត​គ្មាន​កម្លាំង​ទំនាញ គ្មាន​កម្លាំង​អេឡិចត្រូម៉ាញេទិច ឬ​កម្លាំង​ផ្សេងទៀត ដែល​យើង​ធ្លាប់​ស្គាល់​នៅ​ក្នុង​ទ្រឹស្តី​វិទ្យាសាស្រ្ត​នាពេល​​បច្ចុប្បន្ន ហើយ​គ្មាន​សូម្បីតែ​លំហ និង​ពេល។

នៅពេលមួយ នៅ​ក្នុង​យន្តការ និង​ដើមហេតុ ដែល​អ្នក​វិទ្យាសាស្រ្ត​នៅតែ​មិន​ទាន់​អាច​យល់​បាន​នៅឡើយ ចំណុច​ដ៏តូចល្អិត​នេះ​ក៏​ស្រាប់​តែ​ផ្ទុះឡើង នៅ​ក្នុងហេតុការណ៍ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Big Bang”។ នៅ​ក្នុង​រយៈពេល​ត្រឹមតែ​មួយ​ប៉ព្រិចភ្នែក ចក្រវាល​ដែល​ជា​ចំណុច Singularity ​មាន​ទំហំ​តូចជាង​អាតូម​ទៅទៀតនោះ បាន​រីកមាឌ​រហូត​ទៅ​ដល់​ប្រហាក់ប្រហែល​នឹង​ទំហំ​នៃ​​​​កាឡាក់ស៊ី​មួយ​​ ដែល​មានមុខកាត់​​រហូត​ដល់​ទៅ​ ១០ម៉ឺន​ឆ្នាំ​ពន្លឺ។

អ្នក​ខ្លះ​អាច​នឹង​ចោទ​ជា​សំណួរ​ថា បើ​សិន​ជា​ចក្រវាល​រីកមាឌ​លឿន​បែបនេះ​ពិតមែន (គឺ​ពី​ចំណុច​សូន្យ ទៅ​ដល់ ១០ម៉ឺនឆ្នាំ​ពន្លឺ ដោយ​ប្រើ​រយៈពេល​មិនដល់​មួយ​វិនាទី​ផងបែបនេះ) គឺ​មានន័យ​ថា ព្រំដែន​នៃ​ចក្រវាល​ត្រូវ​រីកសាយភាយ​ក្នុង​ល្បឿន​មួយ​ដែល​លឿន​ជាង​ពន្លឺ​ ហើយ​នេះ​វា​ផ្ទុយ​នឹង​គោលការណ៍​រូបវិទ្យា ដែលកំណត់​ថា នៅ​ក្នុង​ចក្រវាល​យើង​នេះ គ្មាន​អ្វី​ដែល​អាច​ធ្វើ​ដំណើរ​បាន​លឿន​ជាង​ពន្លឺនោះទេ។

តាមការពិត គោលការណ៍ “ល្បឿនពន្លឺ” ខាងលើនេះ គឺ​សំដៅលើ​ល្បឿន​នៃ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​លំហ ដែល​គេ​គួរ​និយាយ​មួយបែបទៀត​ថា “គ្មានអ្វី​ដែល​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់លំហ​បាន​លឿន​ជាង​ល្បឿន​នៃ​ពន្លឺ”។ រីឯ​នៅ​ក្នុងហេតុការណ៍ Big Bang វិញ ថ្វីដ្បិត​តែ​ភាគច្រើន​ គេតែងតែ​ប្រើពាក្យ​ថា “ផ្ទុះ” ដើម្បី​ឲ្យ​ងាយយល់ ក៏ប៉ុន្តែ តាមពិតទៅ វា​មិនមែន​ជា​ហេតុការណ៍​ផ្ទុះ​​ធម្មតា​ ដូចអ្វី​ដែល​យើង​ធ្លាប់​ឃើញ​នោះទេ។ នៅ​ក្នុងការ​ផ្ទុះ​ជា​លក្ខណៈ​ធម្មតា កម្លាំងផ្ទុះ​រីកសាយភាយ​ចេញ​ពី​ចំណុចផ្ទុះ​​ដោយធ្វើ​ដំណើរ​ឆ្លងកាត់​តាម​លំហ។ ចំណែក​ឯ​នៅ​ក្នុង Big Bang វិញ វាមិនមែន​ជា​ការ​ផ្ទុះ​កាត់​តាម​លំហ​នោះទេ ប៉ុន្តែ គឺ​លំហ (ឬ​លំហពេល) ខ្លួនឯង​ផ្ទាល់ ដែល​រីកប៉ោងឡើង។

មែនទែនទៅ នៅ​ក្នុង​ដំណាក់កាល​ដំបូងនោះ ចក្រវាល គឺ​នៅ​ជា​លំហ​ទទេ​សុទ្ធសាធ ដោយ​មិនទាន់​មាន​សារធាតុ​អ្វី ដើម្បី​​​នឹង​ធ្វើ​ដំណើរ​កាត់តាម​លំហ​បាន​នៅឡើយនោះទេ។ សូម្បីតែ​អាតូម​ក៏​នៅមិនទាន់​កើតឡើង​នៅឡើយផង។ រហូតទាល់តែ​ដល់​​ប្រមាណ​ជា ៤០ម៉ឺនឆ្នាំ​ក្រោយ Big Bang នៅ​ពេល​ដែល​ចក្រវាល​រីកមាឌ​កាន់តែ​ធំ ដង់ស៊ីតេ និង​សីតុណ្ហភាព​ក៏​ថយចុះ​ទាប​ល្មម ដែល​បង្កើត​ឲ្យ​មាន​លក្ខខណ្ឌ​សមស្រប​មួយ ដល់​ការ​ចាប់កំណើត​នៃ​អាតូម ហើយ​អាតូម​ដែល​ចាប់កំណើត​ឡើង​ដំបូង​នោះ ភាគច្រើន​លើស​លុប គឺ​ជា​អ៊ីដ្រូសែន (H)​។

ក្រោម​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ អ៊ីដ្រូសែន​ទាំងនេះ​បាន​ប្រមូលផ្តុំគ្នា​បន្តិចម្តងៗ​ នៅ​ក្នុង​ដំណើរការ​ដ៏យឺតៗ​ ដែល​ត្រូវ​ចំណាយ​ពេល​រហូតដល់​ទៅ​ប្រមាណ​ជា ២០០លាន​ឆ្នាំ ទើប​​អាច​ប្រមូលផ្តុំ​​​ឲ្យ​មាន​​ម៉ាស់​គ្រប់គ្រាន់​ល្មម​​​ (នាំ​ឲ្យ​មាន​ប្រតិកម្ម​នុយក្លេអ៊ែរ) ​បង្កើត​បាន​ទៅ​ជា​ផ្កាយ​ ហើយ​ផ្កាយ​អស់ទាំងនេះ​ប្រមូលផ្តុំ​គ្នា​ជា​កញ្ចុំ បង្កើត​ទៅជា​បណ្តុំផ្កាយ ឬ​​កាឡាក់ស៊ី៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ