ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT

ការរីកដុះដាលនៃជីវិតលើភពផែនដី​ក្រោយ​យុគសម័យទឹកកក

ការរីកដុះដាលនៃជីវិតលើភពផែនដី​ក្រោយ​យុគសម័យទឹកកក
 
នៅក្រោយ​យុគសម័យទឹកកក ជីវិត​លើ​ភពផែនដី​បាន​ស្គាល់​នូវ​ការ​វិឌ្ឍ និង​រីកលូតលាស់​យ៉ាងខ្លាំង ក្នុង​សម័យកាល ដែល​គេ​ឲ្យឈ្មោះ​ថា "Cambrian Explosion" www.nsf.gov

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពី​​ការរីកដុះដាល​នៃ​ជីវិតលើភពផែនដី នៅ​​ក្រោយ​យុគសម័យ​ទឹកកក និង​ការ​វិវឌ្ឍ​នៃ​ជីវិតពី​ក្នុងទឹក ទៅលើដីគោក។

(មានវីដេអូនៅខាងក្រោម)

កាលពី​​ជាង ៦០០លាន​ឆ្នាំមុន... រាប់លាន​ឆ្នាំ​មកហើយ​ ដែល​ភពផែនដី​​ទាំងមូល​ត្រូវ​គ្រប​ដណ្តប់​ពេញ​ទៅ​ដោយ​ទឹកកក ដែល​មាន​កម្រាស់​រហូតដល់​ទៅ​ប្រមាណ​ជា ៣ពាន់​ម៉ែត្រ។ ទឹកកក​កាន់តែច្រើន វាធ្វើ​ឲ្យ​ពន្លឺ​និង​កម្តៅព្រះអាទិត្យ​ត្រូវ​ចាំងផ្លាត​ចេញ​ទៅវិញ​កាន់តែ​ច្រើន ហើយ​សីតុណ្ហភាព​ក៏​ត្រូវ​​​ធ្លាក់​ចុះ​ត្រជាក់​កាន់តែ​ខ្លាំង ដែល​ជា​យន្តការមួយ តម្រូវ​ឲ្យ​ភពផែនដី​របស់​យើង​ត្រូវ​ជាប់​ក្នុង​អន្ទាក់ទឹកកក ដោយ​មើល​ទៅ​ហាក់ដូចជា​​គ្មាន​ថ្ងៃ​ដែល​អាច​ចេញ​រួច​មកវិញបាន។

ក៏ប៉ុន្តែ នៅ​ពេល​ដែល​ផ្ទៃ​ដី​ត្រូវ​គ្របដណ្តប់​ពេញ​ទៅ​ដោយ​ទឹកកក នៅឯ​ខាង​ក្នុង​ផែនដី​ឯណោះ​វិញ ស្នូលផែនដី​នៅតែ​​មាន​សីតុណ្ហភាព​ក្តៅខ្លាំង​ដដែល គឺ​ក្តៅ​​​រហូតដល់​ទៅ​ប្រមាណ​ជា ៦០០០អង្សារ (ក្តៅ​ជាង​ផ្ទៃខាងលើ​នៃ​ព្រះអាទិត្យ​ទៅ​ទៀត)។ ជាថ្មីម្តងទៀត គឺ​ឥទ្ធិពល​នៃ​កម្លាំង​ចេញ​ពី​កម្តៅ​ក្នុង​ស្នូលផែនដី​នេះហើយ ដែល​ធ្វើ​ឲ្យ​ភពផែនដី​ត្រូវ​ក្រឡាប់ចាក់​សាជាថ្មីម្តងទៀត ហើយ​ម្តងនេះ អ្វីៗ​ត្រូវ​ដើរបញ្ច្រាស់​ទៅវិញ។

ការ​​ផ្ទុះ​ភ្នំភ្លើង​ដែល​ធ្លាប់​កើតមាន​ជា​រឿយៗ​តាំង​ពី​មុ​ន​មក​នោះ បាន​​​កើតឡើង​យ៉ាង​សកម្ម​​សាជាថ្មី​ម្តងទៀត​នៅ​ទូទាំង​ពិភពលោក​ទាំងមូល ហើយ​ការ​ផ្ទុះ​ភ្នំភ្លើង​នេះ​បាន​ធ្វើ​ឲ្យ​ឧស្ម័នកាបូនិក​ដែល​ត្រូវ​​ជាប់​នៅ​ក្នុងដី​តាំង​ពីមុន​យុគសម័យ​ទឹកកក​​មកនោះ ត្រូវ​​​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស​វិញ។ កាលពីមុន មាន​ថ្ម​ដែល​អាច​ស្រូប​​ឧស្ម័នកាបូនិក​ទាំងនេះ​​ពី​ក្នុង​បរិយាកាស ទៅ​ក្នុង​ដីវិញ ក៏ប៉ុន្តែ នៅ​ពេលនេះ ថ្ម​អស់ទាំងនេះ​ត្រូវ​កប់​បាត់​នៅ​ក្រោម​ផ្ទាំងទឹកកក​អស់ទៅហើយ មិនអាច​ស្រូប​យក​ឧស្ម័នកាបូនិក​ទៅវិញ​បាន​ដូចកាល​ពីមុន​ទៀត​នោះទេ។

ឧស្ម័ន​កាបូនិក​ក៏​ត្រូវ​ប្រមូល​ផ្តុំ​​នៅ​ក្នុង​បរិយាកាស ហើយ​នៅ​ពេល​ដែល​ឧស្ម័ន​កាបូនិក​នៅ​ក្នុង​បរិយាកាស​មាន​កាន់តែ​ច្រើន វា​​​អាច​ទប់កម្តៅ​ព្រះអាទិត្យ​បាន​កាន់តែ​ច្រើន ​​​ធ្វើ​ឲ្យ​សីតុណ្ហភាព​លើ​ភពផែនដី​ចាប់ផ្តើម​កើនឡើងមកវិញ។ នៅ​ពេល​ដែល​សីតុណ្ហភាព​កើនឡើង ​ផ្ទាំង​ទឹកកក​ក៏​ចាប់ផ្តើម​រលាយ ហើយ​នៅ​ពេល​ដែល​ផ្ទាំងទឹកកក​ថយចុះ ពន្លឺ​និង​កម្តៅព្រះអាទិត្យ​ក៏​លែង​សូវ​ចាំងផ្លាត​ចេញ​ទៅវិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សីតុណ្ហភាព​ទូទៅ​លើ​ភពផែនដី​កើនឡើង​កាន់តែ​ខ្លាំង... បន្តិចម្តងៗ នៅ​ក្នុងរយៈពេល​រាប់​លាន​ឆ្នាំក្រោយមកទៀត យន្តការ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​​​ភពផែនដី​របស់​យើង​មាន​ការ​វិវឌ្ឍ​​ត្រឡប់​ទៅ​រក​សភាព​ដើម ​ដូចកាល​ពី​មុន​យុគសម័យ​ទឹកកក​វិញ។

តាមពិត ភពផែនដី​មិន​ត្រឹមតែ​វិលត្រឡប់​ទៅ​រកសភាព​ដើម​វិញ​នោះទេ ក៏ប៉ុន្តែ កម្រិត​អុកស៊ីសែន នៅ​ក្នុង​បរិយាកាស​ក៏​ថែម​ទាំង​​បាន​កើនឡើង​យ៉ាងខ្លាំង​​លើ​សពី​មុន​ផងដែរ។

នៅ​ក្នុង​អំឡុង​ពេល​ដែល​ភពផែនដី​ត្រូវ​គ្របដណ្តប់​ដោយ​ផ្ទាំង​ទឹកកក​ ម៉ូលេគុល​ទឹក​នៅ​ក្នុង​ផ្ទាំង​ទឹកកក​នេះ មាន​ប្រតិកម្ម​ជាមួយ​នឹង​កាំរស្មីព្រះអាទិត្យ​ បង្កើត​ទៅ​ជា​សារធាតុ​គីមី​មួយ​ប្រភេទ ដែល​គេ​ឲ្យឈ្មោះ​ថា “ទឹកអុកស៊ីសែន” (H2O2) ឬហៅ​តាម​ភាសាបារាំង​ថា “Peroxyde d’hydrogène”។ ប្រតិកម្ម​នេះ​ចេះតែ​កើតមាន​ឡើង​អស់រយៈពេល​រាប់​លាន​ឆ្នាំ ​នៅ​ពេញ​ក្នុង​អំឡុង​យុគសម័យទឹកកក ដែល​បង្កើត​ឲ្យ​មាន​ទឹកអុកស៊ីសែន​យ៉ាងច្រើន​ជាប់​នៅ​ក្នុង​ផ្ទាំង​ទឹកកក។

នៅ​ពេល​ដែល​ផ្ទាំង​ទឹកកក​ត្រូវ​រលាយ​ ទឹកអុកស៊ីសែន​នេះ​ក៏​ត្រូវ​បំបែក​ខ្លួន​ចេញ​ទៅជា​ម៉ូលេគុល​ពីរផ្សេងគ្នា គឺ​ទឹក និង​អុកស៊ីសែន ដោយ​មួយ​ផ្នែក​ត្រូវ​បញ្ចេញ​ទៅ​ក្នុង​ទឹកសមុទ្រ ហើយ​មួយផ្នែក​ទៀត​ត្រូវ​បំភាយ​ចេញ​ទៅ​ក្នុង​បរិយាកាស។ ហេតុដូច្នេះហើយ​​​បាន​ជា​​​​បរិមាណ​អុកស៊ីសែន​នៅលើ​ភពផែនដី ​ក្រោយ​យុគសម័យ​ទឹកកក​នោះ ត្រូវ​កើនឡើង​យ៉ាងខ្លាំង ទាំង​នៅ​ក្នុង​ទឹកសមុទ្រ និង​នៅ​ក្នុង​បរិយាកាស។

កាល​ពី​មុន​ពេល​ដែល​ភពផែនដី​ត្រូវ​គ្របដណ្តប់​ទៅដោយ​ផ្ទាំង​ទឹកកក ជីវិត​បាន​ចាប់ផ្តើម​កកើត​រួចទៅហើយ​នៅលើ​ភពផែនដី​របស់​យើង គឺ​ជីវិត​ក្នុង​ទម្រង់​ជា​បាក់តេរី​កោសិកាទោល នៅ​ក្នុង​ទឹកសមុទ្រ។ ក៏ប៉ុន្តែ សំណួរ​ចោទឡើង​ថា តើ​បាក់តេរីអស់ទាំងនេះ​អាច​នៅ​រស់រាន​មាន​ជីវិត​ដែរ​ឬ​ក៏​យ៉ាងណា ក្រោយ​ពី​ត្រូវ​គ្របដណ្តប់​ទៅដោយ​ផ្ទាំងទឹកកក​អស់រយៈពេល​រាប់លាន​ឆ្នាំ​មកនេះ?

តាមការពិត គេរកឃើញ​ថា បាក់តេរី​ដែល​មាន​តាំង​ពី​មុន​មកនោះ យ៉ាងហោចណាស់​ក៏​មាន​មួយផ្នែក​ដែរ ដែល​​នៅ​បន្ត​រស់រាន​មាន​ជីវិត​នៅ​ក្រោម​ផ្ទាំង​ទឹកកក ហើយ​នៅ​ក្រោយ​ពេល​ដែល​ផ្ទាំងទឹកកក​រលាយ​អស់... ជាមួយ​នឹង​​​​កម្រិត​អុកស៊ីសែន​ដែល​កើនឡើង​យ៉ាង​ខ្លាំង​ផងនោះ ជីវិត​នៅលើ​ភពផែនដី​របស់​យើង​​បាន​ស្គាល់​នូវ​ការ​រីកលូតលាស់​ និង​វិវឌ្ឍ​យ៉ាង​លឿន​បំផុត នៅ​ក្នុង​យុគសម័យមួយ ដែល​គេ​ឲ្យឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា (Cambrian explosion)។

នៅ​ក្នុង​អំឡុង​ពេលនោះ (ដែល​មាន​​​រយៈពេល​ប្រមាណ​ពី ៧០ ទៅ ៨០លាន​ឆ្នាំ) ជីវិត​នៅលើ​ភពផែនដី​បាន​វិវឌ្ឍ​ពី​ទម្រង់​ជីវិត​​កោសិកា​ទោល ទៅ​ជា​ទម្រង់​ជីវិត​ពហុកោសិកា ដែល​ជា​ទម្រង់​ជីវិត​មាន​លក្ខណៈ​​កាន់តែ​ជឿនលឿន ហើយ​មាន​រូបរាង និង​ទំហំ​កាន់តែ​ធំឡើង ពី​មួយថ្ងៃ​ទៅមួយថ្ងៃ។ ​រហូតដល់​ពេល​មួយ​ ទឹកសមុទ្រ​ដែល​កាល​ពីមុន​មាន​ត្រឹមតែ​បាក់តេរី ក៏​មាន​ពេញ​ទៅ​ដោយ​រុក្ខជាតិ​ និង​មច្ឆជាតិ​តូចធំ​គ្រប់​ប្រភេទ។

ក៏ប៉ុន្តែ នៅ​ក្នុង​រយៈពេល​រាប់លាន​ឆ្នាំ​កន្លងទៅនោះ ជីវិត​មាន​ការ​រីកដុះដាល​តែ​នៅ​ក្នុង​ទឹកសមុទ្រ​តែ​ប៉ុណ្ណោះ។ បើ​គេ​ក្រឡេក​មើល​ទៅលើ​ដីគោកវិញ គ្រប់​ទីកន្លែង​​ទាំងអស់ គឺ​នៅ​ជា​ទីវាលរហោស្ថាន​ គ្មាន​រុក្ខជាតិ គ្មាន​សត្វ គ្មាន​ជីវិត​អ្វី​ទាំងអស់... ហើយ​ដើមហេតុចម្បង​បំផុត ដែល​ធ្វើ​ឲ្យ​ជីវិត​មិន​អាច​រីកដុះដាល​នៅលើ​ដីគោក​បាន​នៅ​ពេលនោះ គឺ​ដោយសារ​តែ​​វិទ្យុសកម្ម​​នៃ​កាំរស្មីអ៊ុលត្រាវីយ៉ូលេ (UV) ពី​​​ព្រះអាទិត្យ។

អ្វីៗ​ត្រូវ​ប្រែប្រួល ក្រោយ​ពី​ប្រតិកម្ម​គីមី​ដ៏​សំខាន់​មួយ​បាន​កើតឡើង នៅ​ក្នុងបរិយាកាស នៅ​ឯរយៈកម្ពស់​​ប្រមាណ​ជា ៣០ ទៅ ៥០គីឡូម៉ែត្រ​ពីភពផែនដី។ នៅ​ពេល​ដែល​កម្រិត​អុកស៊ីសែន​នៅ​ក្នុង​បរិយាកាស​មាន​ការ​កើនឡើង ម៉ូលេគុល​អុកស៊ីសែន​នេះ​មាន​ប្រតិកម្ម​ជាមួយ​នឹង​កាំរស្មី​អ៊ុលត្រាវីយ៉ូលេ​របស់​ព្រះអាទិត្យ​ ក៏​បង្កើត​បាន​ទៅ​ជាឧស្ម័ន​មួយ​ប្រភេទ​ទៀត គឺ ​អូហ្សូន (O3)។ ​បន្តិចម្តងៗ ​ឧស្ម័ន​អូហ្សូន​នេះ​បាន​ប្រមូលផ្តុំ​គ្នា​ទៅ​ជា​ស្រទាប់​​កាន់តែក្រាស់​ឡើងៗ... រហូត​មាន​កម្រាស់​​ល្មម​​អាច​នឹង​​ការពារ​ផ្ទៃដី​ពី​កាំរស្មី​អ៊ុលត្រាវីយ៉ូលេបាន។

ចាប់ពីពេលនោះហើយ ដែល​ជីវិត​ចាប់ផ្តើម​មាន​ការ​វិវឌ្ឍ​ រីករាលដាល​ចេញ​ពី​ក្នុង​ទឹក​សមុទ្រ ឡើងទៅលើ​ដីគោក ដោយ​ចាប់ផ្តើម​ដំបូងចេញ​ពី​រុក្ខជាតិ ហើយ​បន្ទាប់​មក​ទៀត នៅ​ប្រមាណ​ជា​ជិត ៤០០លាន​ឆ្នាំមុន ប្រភេទ​សត្វ​សមុទ្រ​​​មួយ​ចំនួន ក៏​ចាប់ផ្តើម​ចេញ​ពី​ទឹក​មក​រស់​នៅលើ​ដី​គោក ដោយ​ពីដំបូង​​រស់នៅ​ជាប់នឹង​មាត់ទឹក ជា​ប្រភេទ​សត្វពាក់កណ្តាលគោក​ពាក់កណ្តាលទឹក។

​ក្រោយៗមក​ទៀត ប្រភេទ​សត្វ​ទាំងនេះ​បាន​សម្របខ្លួន​លើ​ជីវិត​ដីគោក​បាន​កាន់តែ​ច្រើន អាច​​រស់នៅ​លើ​គោក​បាន​​កាន់តែ​យូរ និង​កាន់តែ​​ឆ្ងាយ​ពី​មាត់ទឹក ក៏ប៉ុន្តែ បើ​ទោះ​បី​ជា​យ៉ាងនេះ​ក៏ដោយ ​ពពួក​សត្វ​ទាំងនេះ​ក៏​នៅ​​មិនទាន់​​អាច​ផ្តាច់​ខ្លួន​ចេញ​ពី​ទឹក​បាន​ទាំងស្រុង​នោះដែរ ដោយ​ពួកគេ​ចាំបាច់​​ត្រូវត្រឡប់​ទៅ​ពងក្នុងទឹក ដើម្បី​បន្តពូជ។

នៅ​ប្រមាណ​ជា ៣០០លាន​ឆ្នាំមុន មាន​ប្រភេទសត្វមួយ​ចំនួន​ (ជាពិសេស ពពួកល្មូន) បានរកឃើញ​វិធី​បន្តពូជ​​ថ្មី​មួយ​ ដែល​លែងចាំបាច់​ត្រូវ​​ពឹងផ្អែក​លើ​ទឹក​​សមុទ្រ​តទៅទៀត គឺ​ការ​បន្តពូជ​តាមរយៈ​​​ស៊ុត​ដែលមាន​សម្បករឹង​ ហើយ​ដែល​អាច​ស្តុកទឹក​នៅ​ក្នុងនោះបាន។ តាមរយៈវិធី​បន្ត​ពូជ​បែបនេះ ពពួកសត្វ​ទាំងនេះ​អាច​ពង​​​នៅលើ​ដីគោក​បាន ដោយ​​លែង​ចាំបាច់​វិលត្រឡប់​ទៅ​ពង​ក្នុង​ទឹក​ដូចកាលពីមុន​ ហើយប្រែក្លាយ​ខ្លួន​ទៅ​ជា​សត្វដី​គោក ដោយ​កាត់ផ្តាច់​ទាំងស្រុង​ពី​ជីវិត​ក្នុងទឹក៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ