ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT

ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?
 
ប្រតិទិន​សុរិយគតិ​ដែល​យើងប្រើ​ជាទូទៅ នៅ​ក្នុង​ពេល​បច្ចុប្ប​ន្ន​នេះ មាន​ដើមកំណើត​ចេញ​ពី​ប្រតិទិន​របស់​ចក្រភព​រ៉ូម Pixabay

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង អំពី​ប្រវត្តិ​នៃ​ប្រតិទិន​សុរិយគតិ​​សម័យ​ទំនើប​ដែល​យើង​កំពុងប្រើ​បច្ចុប្បន្ន​ ដោយ​នៅ​ក្នុងនោះ យើងសង្កេតឃើញ​ថា ខែ​ទាំងអស់​មាន​ចំនួន​ថ្ងៃ​ឆ្លាស់គ្នា រវាង ៣០ថ្ងៃ និង ៣១ថ្ងៃ លើកលែង​តែ​ខែកុម្ភៈ​មួយ​ចេញ ដែល​មាន​ចំនួន​ថ្ងៃ​តិច​ខុសគេ។

(មានវីដេអូ​នៅខាងក្រោម)

ប្រតិទិន​សុរិយគតិ​ដែល​យើង​ប្រើ​​ទូទៅ​ជា​លក្ខណៈ​សកល នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​ប្រតិទិន ដែល​បង្កើត​ឡើង​ដោយ​ចក្រភព​រ៉ូម ហើយ​ភាព​ចម្លែក​នៃ​ខែ​កុម្ភៈ ដែល​មាន​ត្រឹមតែ ២៨ថ្ងៃ​ខុសគេ​នោះ ក៏​មាន​ឫសគល់​ចេញ​ពី​ចក្រភព​រ៉ូម​នេះ​ដែរ។

តាមការពិត​ទៅ ប្រតិទិន​ដើមដំបូង​​ដែល​ចក្រភព​រ៉ូម​បាន​បង្កើត​ឡើង កាល​ពី​ជាង ៧០០ឆ្នាំ​មុនគ.ស.​មកនោះ មានលក្ខណៈ​ខុសគ្នា​ស្រឡះ​ពី​​អ្វី​ដែល​យើង​ប្រើ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ប្រតិទិន​ដើម​ដំបូង​នោះ មាន​ត្រឹមតែ ១០ខែ​ប៉ុណ្ណោះ ដោយ​​ចាប់ផ្តើម​ពី​ខែ​មីនា​ ដែល​គេ​រាប់​ថា​ជា​ខែទី១ ហើយ​បញ្ចប់​ត្រឹមខែ​ធ្នូ ដែល​គេ​រាប់​ថា​ជា​ខែ​ទី១០។ តាមការពិត​ទៅ តម្រ៉ុយ​នៃ​ប្រតិទិន​១០ខែ ហើយ​បញ្ចប់​ត្រឹមខែ​ធ្នូ​នេះ នៅតែ​បន្ត​មាន​មក​ទល់​នឹង​សព្វថ្ងៃនេះ គឺ​មាន​នៅ​ក្នុង​​ឈ្មោះ​ខែ​មួយ​ចំនួន​​ជា​ភាសា​នៅ​ប្រទេស​លោកខាងលិច ដូចជា ភាសាបារាំង និង​អង់គ្លេស ជាដើម​ ដែល​​ទទួល​ឥទ្ធិពល​ពី​ភាសា​ឡាតាំង។ យើងឃើញ​ថា ខែធ្នូ ជា​ភាសា​បារាំង Décembre និង​ជា​ភាសា​អង់គ្លេស December គឺ​ក្លាយ​ពី​ពាក្យឡាតាំង​ “Decem” ដែល​មាន​ន័យ​ថា ១០។

នៅ​ក្នុង​ចំណោម​ខែ​ទាំង១០​នៃ​ប្រតិទិន​រ៉ូម៉ាំង​ដើម​ដំបូង​នោះ ៤ខែ​មាន ៣១ថ្ងៃ (មីនា ឧសភា កក្កដា តុលា) ចំណែក​ ៦ខែផ្សេងទៀត មាន ៣០ថ្ងៃ។ គិតជាសរុប ១ឆ្នាំ​មានត្រឹមតែ ៣០៤ថ្ងៃតែប៉ុណ្ណោះ ពោលគឺ តិចជាង​ឆ្នាំពិតប្រាកដ​រហូតដល់​ទៅ ៦១ថ្ងៃ​ឯណោះ។ រយៈពេល ៦១ថ្ងៃនេះ ដែល​ត្រូវ​ចំ​នឹង​រដូវ​ធ្លាក់​ទឹកកក​នៅ​ចក្រភព​រ៉ូម ត្រូវ​បាន​គេ​ទុក​ឲ្យ​នៅ​ទំនេរ​​ចោល​ដោយ​មិន​រាប់ ពោលគឺ នៅ​ក្រោយ​ពេល​ដែល​ខែ​ទី១០​ត្រូវ​ចប់ គេ​មិន​រាប់​ចូល​ឆ្នាំ​ថ្មី​ភ្លាម​នោះទេ ដោយ​គេ​រង់ចាំ​រហូត​ទាល់តែ​ផុត​រដូវ​ត្រជាក់ ហើយ​ដល់​ពេល​ដែល​គេ​សង្កេតឃើញ​មាន​ព្រះចន្ទ​ចេញ​ជា​ចំណិត​ថ្មី ជាលើកទី១ នៃ​រដូវ​ផ្ការីក ទើប​គេ​ចាប់ផ្តើម​រាប់​ជា​ថ្ងៃ​ទី១​នៃ​ឆ្នាំ​ថ្មី​ឡើងវិញ។

ដោយ​មើល​ឃើញ​ពី​ភាព​ខ្វះចន្លោះ​បែបនេះ ស្តេច​ថ្មី​របស់​រ៉ូម ឈ្មោះ​ថា នូម៉ា ប៉ុមពីលីយុស (Numa Pompilius) ដែល​ជា​ស្តេច​ទី២ ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ៧១៥​មុនគ.ស. ក៏​បាន​សម្រេច​ធ្វើការ​កែប្រែ​ប្រតិទិន​ចាស់ ដោយ​បាន​សម្រេច​បន្ថែម​២ខែ​ទៀត គឺ​ខែ​មករា និង​ខែ​កុម្ភៈ។ ប្រតិទិន​ថ្មី​នេះ នៅតែ​ចាប់ផ្តើម​ពី​ខែ​មីនា​ជា​ខែ​ទី១​ ហើយ​ខែ​ធ្នូ​ជា​ខែ​ទី១០​ដដែល ចំណែក​ឯ​ខែ​ដែល​ទើប​នឹង​បង្កើត​ថ្មី​ត្រូវ​ដាក់​នៅ​ខាង​ចុង​ឆ្នាំ ជា​ខែទី១១ និង​ខែ​ទី១២។

នៅ​ក្នុងការ​កែប្រែប្រតិទិន​នេះ នូម៉ា ប៉ុមពីលីយុស ចង់​តម្រូវ​ឲ្យ​ត្រូវ​ទៅតាម​ឆ្នាំ​ចន្ទគតិ ដែល​មាន ៣៥៤​ថ្ងៃ។ ក៏ប៉ុន្តែ ៣៥៤ គឺ​ជា​លេខគូ ហើយ​ នូម៉ា ប៉ុមពីលីយុស ជា​មនុស្ស​ដែល​មាន​ជំនឿ​យ៉ាង​ខ្លាំងថា​លេខគូ គឺ​ជា​លេខ​មិនល្អ។ ដូច្នេះហើយ​បាន​ជា​ប្រតិទិន​ថ្មី​នេះ​ត្រូវ​ដំឡើង​១ថ្ងៃ ឲ្យ​ទៅ​ជា​ថ្ងៃ​សេស គឺ ៣៥៥ថ្ងៃ ក្នុង​មួយ​ឆ្នាំ។

ក្នុងពេល​ជាមួយគ្នា ចំនួន​ថ្ងៃ​នៅ​ក្នុង​ខែ​នីមួយៗ​ក៏​ត្រូវ​បាន​ធ្វើការ​កែប្រែ​ឲ្យ​ទៅ​ជា​ចំនួន​សេស​ផងដែរ ដោយ​ខែ​ទាំង​៤ ដែល​មាន​ ៣១​ថ្ងៃ​ស្រាប់​នៅ​ក្នុង​ប្រតិទិន​ចាស់ ត្រូវ​ទុក​ឲ្យ​នៅ​ ៣១​ថ្ងៃ​ដដែល ចំណែក​ឯ​ខែ​៦​ផ្សេងទៀត​ ដែល​ពី​មុន​មាន ៣០ថ្ងៃ ត្រូវ​កាត់បន្ថយ​​១ថ្ងៃ ឲ្យ​មក​នៅ​ត្រឹម ២៩​ថ្ងៃ​​គ្រប់ខែ​ទាំងអស់។ ចំពោះ​ខែ​ពីរទៀត​​ដែល​ទើប​នឹង​បង្កើត​ថ្មី ដោយសារ​តែ​ថ្ងៃ​ដែល​នៅ​សល់​ (៥៧ថ្ងៃ) មិន​អាច​ចែក​ជា​ចំនួន​សេស​ទាំងពីរ​បាន នូម៉ា ប៉ុមពីលីយុស ក៏​សម្រេច​​យក ២៩ថ្ងៃ​​ដាក់​ឲ្យ​ខែ​មករា ចំណែក ឯ​កុម្ភៈ ត្រូវ​មាន​ ២៨ថ្ងៃ​ ដែល​នៅសល់​ចុងក្រោយ​។

៤៩ឆ្នាំ​មុន​គ.ស. ចក្រភព​រ៉ូម​មាន​មេដឹកនាំ​ថ្មី​ឈ្មោះ​ថា ហ្ស៊ុលស៍ សេហ្សា (Jules César ឬ​ តាមភាសាឡាតាំង Iulius Caesar)។ គិត​មក​ទល់​នឹង​ពេលនោះ ប្រតិទិន​របស់ នូម៉ា ប៉ុមពីលីយុស ត្រូវ​បាន​គេ​ប្រើប្រាស់​អស់រយៈពេល​ជាង ៦សតវត្សរ៍​មកហើយ... ហើយ​កំណែទម្រង់​សំខាន់ៗ​មួយ​ចំនួន​ក៏​ធ្លាប់​ត្រូវ​បាន​គេ​ធ្វើ​រួចមកហើយ​ដែរ​ ក្នុង​នោះ គឺ​មានការ​ប្តូរ​ខែ​មករា​ឲ្យ​ទៅ​ជា​ខែទី១ ហើយ​ខែធ្នូ​ជា​ខែ​ទី១២ និង​មាន​ការ​បង្កើត​ឲ្យ​មាន​ថ្ងៃ​បន្ថែម (ឬ​លើក​ថ្ងៃ) និងខែ​បន្ថែម​ (ឬលើកខែ) នៅ​ឆ្នាំខ្លះ ដើម្បី​តម្រូវ​ទៅតាម​ឆ្នាំ និង​រដូវកាល​ជាក់ស្តែង។

ក៏ប៉ុន្តែ បើ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ភាព​មិន​ស៊ីចង្វាក់គ្នា រវាង​ប្រតិទិន និង​ឆ្នាំពិតប្រាកដ​នៅតែ​កើតមាន ហើយ​គិត​មក​ទល់​នឹង​ពេល​ដែល ហ្ស៊ុលស៍ សេហ្សា ឡើងកាន់តំណែង ប្រតិទិន​រ៉ូម៉ាំង​ដើរលឿន​ជាង​ឆ្នាំ និង​រដូវកាល​ជាក់ស្តែង រហូតដល់​ទៅ​ប្រមាណ​ជា ៣ខែ​ឯណោះ។ ហេតុដូច្នេះហើយ​បាន​ជា ហ្ស៊ុលស៍ សេហ្សា បាន​សម្រេច​ធ្វើការ​រុះរើ​ប្រតិទិន​នេះ​សា​ជា​ថ្មី​ឡើងវិញ ហើយ​​​​សេហ្សា​ (ដែល​ធ្លាប់​បាន​ចំណាយពេល​ច្រើន​​ធ្វើ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ហើយ​ទំនង​ជា​បាន​ដឹងច្រើន​ពី​វប្បធម៌​អេហ្ស៊ីប​ផងនោះ) បាន​សម្រេច​ថា ប្រតិទិន​ថ្មី​នឹង​ត្រូវ​យក​គំរូ​តាម​អេហ្ស៊ីប ពោលគឺ​​​​ត្រូវ​អនុវត្ត​ទៅតាម​ឆ្នាំ​សុរិយគតិ​សុទ្ធសាធ ហើយ​​កាត់ផ្តាច់​​ទាំងស្រុង​ពី​ឆ្នាំ​ចន្ទគតិ។

គិត​មក​ទល់​នឹង​សម័យកាល​សេហ្សា​នោះ ពួក​អេហ្ស៊ីប​បាន​រកឃើញ​តាំង​ពី​ជាង​ពីរពាន់ឆ្នាំ​មុន​ម៉្លេះ​ថា ១ឆ្នាំ​គិត​តាម​សុរិយគតិ​មាន​រយៈពេល ៣៦៥​ថ្ងៃ ហើយ​ក្រោយ​មក​ទៀត​ អ្នកប្រាជ្ញ​ក្រិក​ជាច្រើន ជាពិសេស គឺ​ តារាវិទូ និង​គណិតវិទូ​ដ៏ល្បីល្បាញ​មួយ​រូប ​ឈ្មោះថា ហ៊ីប៉ាក់ (Hipparque) បា​ន​រកឃើញ​កាន់តែ​លម្អិត​ទៅទៀត​ថា តាមពិត​ទៅ ១ឆ្នាំ​ មាន​រយៈពេល​លើស​ពី​ ៣៦៥ថ្ងៃ ដល់​ទៅ​​ជិត ៦ម៉ោង​ឯណោះ។ ១ឆ្នាំ​ស្មើនឹង​៣៦៥ថ្ងៃ​និង​៦ម៉ោង​នេះហើយ ដែល​ជា​រយៈពេល​ដែល​ ហ្ស៊ុលស៍ ​សេហ្សា​ កំណត់​យក​ សម្រាប់​ការ​រៀបចំ​ប្រតិទិន​ថ្មី​របស់​រ៉ូម​ ដែល​គេ​ឲ្យ​ឈ្មោះតាម​ភាសាអង់គ្លេស​ថា « Julian Calendar »។

ប្រតិទិន​ថ្មី​នេះ​ត្រូវ​ចែក​ចេញ​ជា​១២ខែ​ដូចមុន ដោយ​រក្សា​​​លំដាប់លំដោយ​ខែ​ដូចពីមុន គឺ​ចាប់ផ្តើម​ពី​ខែ​មករា​ជា​ខែ​ទី១ ហើយ​បញ្ចប់​នៅ​ខែ​ធ្នូ​​ជា​ខែ​ទី១២។ ​​ឈ្មោះ​ខែ​វិញ​​​ក៏ត្រូវ​​​រក្សា​​ឲ្យ​នៅ​ដូចមុនផងដែរ ហើយ​​អ្វីដែល​ត្រូវ​ផ្លាស់ប្តូរ គឺ​ចំនួន​ថ្ងៃ​នៅ​ក្នុង​ខែ​នីមួយៗ។

នៅ​ក្នុង​ប្រតិទិន​ចាស់​​របស់​នូម៉ា ប៉ុមពីលីយុស ១ឆ្នាំ​មានតែ ៣៥៥ថ្ងៃ​តែ​ប៉ុណ្ណោះ ហើយ​ខែ​នីមួយៗ​​មាន​ចំនួន​ថ្ងៃ​ឆ្លាស់គ្នា រវាង ខែ​ ២៩ថ្ងៃ និង​ខែ ៣១ថ្ងៃ។ នៅ​ក្នុង​ប្រតិទិន​ថ្មី​វិញ ដើម្បី​បង្គ្រប់​ឲ្យ​បាន ៣៦៥​ថ្ងៃ សេហ្សា​បាន​​បន្ថែម ១០ថ្ងៃ​ពីលើ ហើយ ១០ថ្ងៃ​នេះ​ត្រូវ​យក​ទៅពង្រាយ​​នៅ​តាម​ខែ​នីមួយៗ​ ដើម្បី​បង្កើត​ទៅ​ជា​ខែ​ ដែល​​ឆ្លាស់គ្នា រវាង ខែ ៣០ថ្ងៃ និង​ខែ ៣១ថ្ងៃ​។ ចំពោះ​ខែ​កុម្ភៈ​វិញ គេ​រក្សា​ទុក​ឲ្យ​នៅ​ត្រឹម ២៨ថ្ងៃ ដូច​កាល​ពី​មុន​ លើកលែងតែ​នៅ​ក្នុងរយៈពេល ៤ឆ្នាំ​ម្តង ដែល​ខែ​កុម្ភៈ​ត្រូវ​មាន ២៩ថ្ងៃ ដើម្បី​បង្រ្គប់​​ឲ្យ​បាន​១ឆ្នាំ​ ៣៦៥ថ្ងៃ និង​៦ម៉ោង។

ក៏ប៉ុន្តែ សេហ្សា​មិនបាន​នៅ​តាមដាន​មើល​ដោយ​ផ្ទាល់ភ្នែក​ខ្លួន​ឯង នូវ​ការ​បន្ថែម​ថ្ងៃ (ឬ​លើកថ្ងៃ)​ នេះទេ ដោយសារ​តែ​លោក​ត្រូវ​បាន​គេ​ធ្វើ​ឃាត នៅ​ឆ្នាំ​៤៤​មុនគ.ស. ពោលគឺ តែ​ពីរឆ្នាំ​ប៉ុណ្ណោះ ក្រោយ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​​ប្រតិទិន​ថ្មី​របស់​លោក​។ ក្រោយ​ការ​ធ្វើ​ឃាត​នេះ សភា​រ៉ូម​ក៏​បាន​សម្រេច​​ប្តូរឈ្មោះ​ខែ​មួយ ដាក់​តាម​ឈ្មោះ​របស់​ហ្ស៊ុលស៍ សេហ្សា គឺ​​ខែ​កក្កដា ដែល​ពី​មុន​មាន​ឈ្មោះ​ « Quintilis » (តាមភាសាឡាតាំង​មានន័យថា “ខែទី៥” ទៅតាម​ប្រតិទិន​ដើម​ដំបូង​ដែល​មានតែ ១០ខែ) ​ដូរ​ទៅជា​ « Iulius » ហើយ​ដែល​បច្ចុប្បន្ន​គេ​ហៅ​តាម​ភាសា​​អង់គ្លេស​ថា « July »។

ក្រោយ​មក​ទៀត នៅ​ពេល​ដែល​រ៉ូម​បាន​ធ្វើការ​ផ្លាស់ប្តូរ​របបដឹកនាំ ពី​របបសាធារណរដ្ឋ​ទៅ​ជា​របបដឹកនាំ​តាមបែប​ចក្រភព អធិរាជ​ទី១​នៃ​ចក្រភព​រ៉ូម ឈ្មោះ​ថា អូហ្គូស (Auguste ឬ​តាម​ភាសា​ឡាតាំង Augustus) បាន​សម្រេច​យក​ឈ្មោះ​របស់​ខ្លួន​ទៅ​ដាក់​​ឲ្យ​ខែ​មួយ​ទៀត ដែល​នៅបន្ទាប់​ពី​ខែ​កក្កដា​របស់​សេហ្សា គឺ​ខែ​សីហា ​ដែល​បច្ចុប្បន្ន​គេ​ហៅ​តាម​ភាសា​អង់គ្លេស​ថា « August » ហើយ​​ដែល​ពី​មុន​មាន​ឈ្មោះ​ថា « Sixtilis » (ជា​ភាសាឡាតាំង​មានន័យថា “ខែទី៦” ទៅតាម​ប្រតិទិន​ដើម​ដំបូង​ដែល​មានតែ ១០ខែ)។

ប្រតិទិន​ Julian Calendar នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទូទៅ​អស់រយៈពេល​​រហូត​ដល់​ទៅ​ជាង ១៦០០ឆ្នាំ​ឯណោះ។ ក៏ប៉ុន្តែ វា​ក៏មិនមែន​ជា​ប្រតិទិន​ដែល​មាន​ភាព​សុក្រិត ១០០% នៅឡើយ​នោះដែរ ពីព្រោះ​ថា តាមការពិត​ទៅ ១ឆ្នាំ​​មាន​មិនដល់ ៣៦៥ថ្ងៃ និង ៦ម៉ោង​​គត់​នោះទេ ប៉ុន្តែ មាន​តិច​ជាង​នេះ​បន្តិច គឺ​ត្រឹម ៣៦៥ថ្ងៃ ៥ម៉ោង ៤៨នាទី និង​៤៦វិនាទី (៣៦៥,២៤២២​ថ្ងៃ)។ ដូច្នេះ ការ​បន្ថែម​ ១ថ្ងៃ នៅ​រៀងរាល់​ ៤ឆ្នាំ​ម្តង គឺ​ជា​ការ​បន្ថែម​ច្រើន​​ជ្រុល ហើយ​គិត​ត្រឹម​សតវត្សរ៍​ទី​១៦គ.ស. ប្រតិទិន Julian Calendar នេះ ដើរ​យឺតជាង​ឆ្នាំពិតប្រាកដ​រហូតដល់​ទៅ​ជាង ១០ថ្ងៃ។

ហេតុដូច្នេះហើយ បាន​ជា​នៅ​​​ឆ្នាំ​១៥៨២ សម្តេច​ប៉ាប Gregory/Gréroire XIII បាន​សម្រេច​ធ្វើការ​កែសម្រួល​ប្រតិទិននេះ​សាជាថ្មី​ម្តងទៀត ដោយ​កំណត់​ថា នៅ​រៀងរាល់​ ៤ឆ្នាំ​ម្តង ពោលគឺ នៅ​ឆ្នាំ​ដែល​ចែកដាច់​នឹង ៤ គេ​នៅតែ​បន្ត​បន្ថែម​ ១ថ្ងៃ គឺ​ថ្ងៃទី២៩​ខែ​កុម្ភៈ លើកលែងតែ​ឆ្នាំណា​ដែល​ចែកដាច់​នឹង ១០០ ប៉ុន្តែចែក​មិន​ដាច់​នឹង ៤០០ ថ្ងៃទី២៩​កុម្ភៈ​នេះ​នឹង​មិន​ត្រូវ​គេ​បន្ថែម​នោះទេ។

ប្រតិទិន​ថ្មី​នេះ ដែល​គេ​ហៅ​តាមភាសា​អង់គ្លេសថា « Gregorian Calendar » ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់​តាំង​ពីថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ១៥៨២ ហើយ​វា​គឺ​ជា​ប្រតិទិន​ ដែល​យើងប្រើប្រាស់​ជា​ទូទៅ​រហូត​មកទល់​នឹង​សព្វថ្ងៃ​នេះ។

ទោះជាយ៉ាងណា នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង គេ​មិន​សូវ​ជា​សង្កេតឃើញ​ភាព​ខុសគ្នាច្រើន​ប៉ុន្មាន​នោះទេ រវាង Julian Calendar និង Gregorian Calendar នេះ ដោយសារ​តែ​ចំណុច​ខុសគ្នា​នេះ វា​ស្ថិត​នៅ​ចម្ងាយ​ពី​គ្នា​ខ្លាំង រហូត​ដល់​ទៅ រាប់​រយឆ្នាំ​ឯណោះ។ លើកចុងក្រោយ ដែល​​​យើង​ត្រូវ​បន្ថែម​ថ្ងៃទី២៩​កុម្ភៈ ទៅតាម​ Julian Calendar ក៏ប៉ុន្តែ​បែរ​ជា​មិន​បន្ថែម​ទៅវិញ ដោយ​អនុវត្ត​ទៅតាម Gregorian Calendar គឺ​បាន​កើតឡើង តាំង​ពី​ឆ្នាំ១៩០០ ហើយ​រហូត​ទាល់តែ​ដល់​ឆ្នាំ២១០០​ខាងមុខ ទើប​ករណី​នេះ​អាច​កើតមានឡើង​សាជាថ្មី​ម្តងទៀត៕

  • Rosetta ៖ បេសកកម្មទៅចុះចតលើផ្កាយដុះកន្ទុយ

    Rosetta ៖ បេសកកម្មទៅចុះចតលើផ្កាយដុះកន្ទុយ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពីបេសកកម្ម​ “រ៉ូហ្សេតា” (Rosetta) របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប …

  • តើផ្កាយដុះកន្ទុយជាអ្វីពិតប្រាកដ?

    តើផ្កាយដុះកន្ទុយជាអ្វីពិតប្រាកដ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​ការ​សិក្សា​របស់​អ្នកវិទ្យាសាស្ត្រ​ជុំវិញ​សំណួរ​ថា …

  • ផ្កាយដុះកន្ទុយ៖ រវាងអបិយជំនឿ និងវិទ្យាសាស្ត្រ

    ផ្កាយដុះកន្ទុយ៖ រវាងអបិយជំនឿ និងវិទ្យាសាស្ត្រ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​​ផ្កាយដុះកន្ទុយ ដែល​នៅ​ក្នុង​ជំនឿសម័យបុរាណ​ចាត់ទុកថា​ជា​សញ្ញា​នៃ​ការមកដល់​នៃ​​សង្រ្គាម …

  • ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

    ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​ភពសុក្រ ដែល​តែងតែ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​បងប្អូនភ្លោះ​នៃ​ភពផែនដី​របស់​យើង។

  • តើការធ្វើដំណើរទៅភពព្រះអង្គារត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?

    តើការធ្វើដំណើរទៅភពព្រះអង្គារត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ភពព្រះអង្គារ។

  • Curiosity ៖ មន្ទីរពិសោធន៍លើភពព្រះអង្គារ

    Curiosity ៖ មន្ទីរពិសោធន៍លើភពព្រះអង្គារ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​បេសកកម្ម​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ឈ្មោះ​ថា …

  • ភពព្រះអង្គារ៖ ទិសដៅនៃការស្វែងរកជីវិតក្រៅភព

    ភពព្រះអង្គារ៖ ទិសដៅនៃការស្វែងរកជីវិតក្រៅភព

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​ភពព្រះអង្គារ ដែល​មនុស្ស​យើង​ធ្លាប់​បាន​សង្កេត​និង​សិក្សា​តាំង​ពី​សម័យ​បុរាណ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ