ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT

សករាជ ១៦០លានឆ្នាំ នៃសត្វឌីណូស័រ

សករាជ ១៦០លានឆ្នាំ នៃសត្វឌីណូស័រ
 
ពពួក​សត្វ​ឌីណូស័រ​បាន​ចាប់លេខមុខឡើង​នៅលើ​ភពផែនដី កាល​ពី​ជាង ២០០លាន​ឆ្នាំមុន Pixabay

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពីសករាជ​នៃ​សត្វ​ឌីណូស័រ ដែល​ត្រួតត្រា​ភព​ផែនដី​អស់រយៈពេល​ប្រមាណ​ជា ១៦០លាន​ឆ្នាំ មុននឹង​ត្រូវ​ស្លាប់​ផុតពូជ កាល​ពី​ជាង ៦៥លាន​ឆ្នាំមុន។

(មានវីដេអូនៅខាងក្រោម)

កាល​ពី​​ប្រមាណ​ជា ២៣០លាន​ឆ្នាំមុន ពោលគឺ ២០លាន​ឆ្នាំក្រោយ​ហេតុការណ៍​ស្លាប់​រង្គាល​ផុតពូជសត្វ ដែល​គេ​ឲ្យឈ្មោះ​ថា « Great Permian Extinction » ពពួក​សត្វល្មូន​​មួយផ្នែក​ដែល​រួចជីវិត​ពី​ហេតុការណ៍​ស្លាប់​រង្គាល​នេះ ក៏​បាន​វិវឌ្ឍ​បន្តិចម្តងៗ ហើយ​ក្លាយ​ទៅ​ជា​ប្រភេទ​សត្វ​មួយ​ថ្មី​ទៀត គឺ​ពពួក​សត្វ​ឌីណូស័រ។

ជាទូទៅ កាលណា​និយាយ​ពី​ឌីណូស័រ ភាគច្រើន​គេ​តែងតែ​នាំគ្នា​ភ្ជាប់​រូបភាព​ទៅ​នឹង​សត្វទៀរ៉ាណូស័រ​រ៉ិច (Tyrannosaure Rex) ឬ ធីរ៉ិច (T-Rex) ដែល​គេ​ច្រើន​ឃើញ​នៅ​ក្នុង​ខ្សែភាព​យន្ត។ ក៏ប៉ុន្តែ តាមពិតទៅ ធីរ៉ិច​នេះ​គ្រាន់តែ​ជា​ប្រភេទ​​​​មួយ​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​ពពួក​សត្វ​ឌីណូស័រ ដែល​មាន​ជាច្រើន​ប្រភេទ៖ មាន​ទាំង​​តូច (ខ្លះ​មាន​ទំហំ​តូច​ប្រហាក់ប្រហែល​នឹង​សត្វ​ទន្សាយ) មាន​ទាំង​​ធំ (ដោយខ្លះ​​មាន​ប្រវែង​រហូតដល់​ទៅ ៣០ម៉ែត្រ ហើយ​ទម្ងន់រហូតដល់​ទៅ ៨០តោន), មានទាំង​ឌីណូស័រ​ដែល​ស៊ីសាច់​ ហើយ​មាន​ទាំង​ឌីណូស័រ​ដែល​ស៊ីស្លឹកឈើ​ជា​អាហារ, មាន​ទាំងឌីណូស័រ​​នៅលើ​គោក ហើយ​មាន​ទាំង​ឌីណូស័រ​ដែល​មាន​ស្លាប​ដូច​បក្សី។

តាមការពិត​ទៅ អ្នក​វិទ្យាសាស្រ្ត​ភាគច្រើន​លើសលុប​បាន​នាំគ្នា​កំណត់​ថា ពពួកសត្វ​បក្សី ដែល​រស់​នៅ​ក្នុងសម័យ​កាល​បច្ចុប្បន្ន​នេះ គឺ​មាន​ដើមកំណើត​ចេញពី​ឌីណូស័រ ហើយតាមពិត​ទៅ ពពួកសត្វ​បក្សី​នេះ​គឺ​ជា​ពពួកសត្វ​តែ​មួយ​គត់ ដែល​នៅ​សេសសល់​ពី​តំណពូជ​នៃ​​សត្វ​ឌីណូស័រ ដែល​ត្រូវ​ស្លាប់​ផុតពូជ​អស់​ពី​ភពផែនដី កាល​ពី​ជាង ៦៥លាន​ឆ្នាំមុន។

នៅ​ពេល​ដែល​ពពួក​សត្វឌីណូស័រ​ចាប់ផ្តើម​លេចមុខឡើង កាល​ពី​ជាង ២០០លានឆ្នាំមុន ភពផែនដី​របស់​យើង​មាន​បរិយាកាស និង​កម្រិត​អុកស៊ីសែន​ជិត​​ប្រហាក់ប្រហែល​នឹង​សម័យកាល​បច្ចុប្បន្ន ហើយ​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ​របស់​ព្រះចន្ទ​បាន​ធ្វើ​ឲ្យ​ល្បឿន​នៃ​​ចលនារង្វិល​របស់​ផែនដី​មាន​ការ​ថយចុះ ធ្វើ​ឲ្យ​មួយថ្ងៃ​មាន​រយៈពេល​​ជិត ២៤ម៉ោង ​ប្រហាក់ប្រហែល​នឹង​​ពេល​បច្ចុប្បន្ន​។ ក៏ប៉ុន្តែ បើ​និយាយ​អំពី​សណ្ឋាន​ដី​វិញ ភពផែនដី​របស់​យើង​នៅ​ពេលនោះ មាន​សភាព​ខុសគ្នា​ដាច់ស្រឡះ​ពី​សម័យ​បច្ចុប្បន្ន។ ​​បណ្តាទ្វីប និង​មហាសមុទ្រ​​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​​ពេល​បច្ចុប្បន្ន​នេះ នៅ​មិន​ទាន់​ចាប់កំណើតឡើង​ចេញ​ជា​ទ្រង់​ទ្រាយ​ដូចដែល​យើង​ឃើញ​សព្វថ្ងៃ​នេះ​នៅឡើយ​នោះទេ ដោយ​រាល់​ដី​គោក​ទាំងអស់​នៅលើ​ភព​ផែនដី​យើង​នេះ ត្រូវ​ប្រមូលផ្តុំ​គ្នា​នៅ​នឹង​កន្លែងតែមួយ បង្កើត​ទៅ​ជា​ទ្វីប​ដ៏​ធំមួយ ដែល​គេ​ឲ្យឈ្មោះ​​តាម​ភាសា​អង់គ្លេស​ថា "ភែនជៀ" (Pangea) ឬ​តាម​ភាសា​បារាំង​ថា "ប៉ង់ហ្សេ” (Pangée)។

នៅ​ក្នុង​ប្រវត្តិ​នៃ​ភពផែនដី ដែល​មាន​រយៈពេល​ប្រមាណ​ជា​ ៤ពាន់៥រយ​លាន​ឆ្នាំ​កន្លងទៅនេះ សណ្ឋានដី និង​ទម្រង់​នៃ​ទ្វីប​នៅលើ​ភពផែនដី​របស់​យើង​ តែងតែ​មាន​ការប្រែប្រួល​ជាប់​ជា​ប្រចាំ ដោយ​ចលនា​នៃ​ផ្លាកតិចតូនិក​ធ្វើ​ឲ្យ​ទ្វីប​​ត្រូវ​ផ្លាស់​ទី​ (ក្នុងល្បឿនយឺត​ៗ តែ​ជាប់​ជា​ប្រចាំ) ដោយ​​​ពេល​ខ្លះ ​ដី​គោក​ត្រូវប្រមូលផ្តុំគ្នា​នៅ​កន្លែងតែមួយ​បង្កើត​ជា​មហាទ្វីប ពេលខ្លះ​ ត្រូវ​​​ប្រេះបែក​ជា​កូនទ្វីបតូចៗ មុននឹង​ប្រមូលផ្តុំគ្នា​ទៅជា​មហាទ្វីបតែមួយ​វិញ។

ការកកើត និង​ការ​ប្រេះបែក​មហាទ្វីប​នេះ​បាន​កើតមានឡើង​ជាច្រើន​លើក​ ហើយ​មហាទ្វីប​ដែល​​កើតឡើង​ជា​បន្តបន្ទាប់​នោះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ខុសៗគ្នា រួមមាន​ដូចជា កូឡុំប៊ីយ៉ា ឬ​នូណា (Colombia/Nuna),​ រ៉ូឌីនញ៉ា (Rodinia) និង​ចុងក្រោយ គឺ​​ ភែនជៀ (Pangea) ដែល​បាន​កកើតឡើង កាល​ពី​ប្រមាណ​ជា ២៥០លាន​ឆ្នាំមុន។

ប្រមាណ​ជា ៥០លាន​ឆ្នាំក្រោយ​មក​ទៀត ពោលគឺ កាល​ពី​​ ២០០លាន​ឆ្នាំមុន នៅ​ពេល​ចាប់ផ្តើម​នៃ​សករាជ​ឌីណូស័រ មហាទ្វីបភែនជៀ​នេះ​ក៏​ត្រូវ​ប្រេះបែក​សាជាថ្មី ដោយ​ពីដំបូង​ត្រូវ​បែក​ចេញ​ជា​ទ្វីប​ធំៗ​ចំនួន​ពីរ គឺ​ ឡូរ៉ាស៊ី (Laurasie) នៅប៉ែក​ខាង​ជើង និង​ហ្កុនដ្វាណា (Gondwana) នៅ​ប៉ែក​ខាង​ត្បូង។

ក្រោយ​មក​ទៀត ទ្វីប​ទាំងពីរ​នេះ​ក៏​ត្រូវ​បែក​ជា​ទ្វីប​តូចៗ​ផ្សេងទៀត ដោយ​ឡូរ៉ាស៊ី​​ក៏​ត្រូវ​បែក​ចេញ​ជា​ពីរ គឺ​អាមេរិក​ខាងជើង​​ទៅ​ខាង​លិច ហើយ​​អឺរ៉ុប​និង​អាស៊ី (ដែល​នៅ​ជាប់​គ្នា​ជា​ផ្លាកតិចតូនិច​តែមួយ​ ឈ្មោះ​ថា "​អឺរ៉ាស៊ី”) បើក​ទៅ​ទិស​ខាង​កើត។

នៅ​ឯ​​ហ្កុនដ្វាណា​ឯណោះ​​វិញ នៅ​ប៉ែក​ខាង​លិច អាមេរិក​ខាង​ត្បូង​ត្រូវ​បែក​ចេញ​ពី​អាហ្វ្រិក ហើយ​រំកិល​បន្តិចម្តងៗ​រហូត​ទៅ​ភ្ជាប់​នឹង​អាមេរិក​ខាងជើង។ ចំណែក​នៅ​ប៉ែក​ខាង​កើតឯណោះវិញ អូស្រ្តាលី និង​អង់តាកទិក​បាន​ប្រេះបែក​ចេញ​ពី​អាហ្វ្រិក ហើយ​រំកិល​ទៅ​ខាង​ត្បូង​ឆៀងខាង​កើត ចំណែក​​​ឥណ្ឌា​វិញ​​​បែក​ចេញ​ពី​អាហ្វ្រិក ហើយ​រំកិល​ទៅ​ខាង​ជើង​ឆៀងខាង​កើត សំដៅ​ទៅ​អាស៊ី។

ចលនារំកិល​នៃ​កូនទ្វីប​ដែល​កើតចេញ​ពី​ការ​ប្រេះបែក​មហាទ្វីប​នេះ​ត្រូវ​ធ្វើឡើង ក្នុង​ល្បឿន​ដ៏​យឺតៗ ត្រឹមតែ​ប្រមាណ​ពី២ ទៅ៣​សង់ទីម៉ែត្រ​​ប៉ុណ្ណោះ​ក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែ រាប់លាន​ឆ្នាំ​ក្រោយមក ទម្រង់​នៃ​ទ្វីប និង​មហាសមុទ្រ​​ដែល​យើង​ស្គាល់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក៏​ចាប់ផ្តើម​ចេញ​ជា​រូបរាងឡើង​បន្តិចម្តងៗ ដោយ​ទ្វីបអាមេរិក ដែល​កាលពីមុន​​នៅ​ជាប់​នឹង​អាហ្វ្រិក និង​អឺរ៉ុប ក៏​ត្រូវ​បែក​ចេញ​ពី​គ្នា ហើយ​ខណ្ឌ​ចំកណ្តាល​ដោយ​មហាសមុទ្រ​ដ៏​ធំមួយ គឺ​មហាសមុទ្រ​អាត្លង់ទិក... ហើយ​រាប់​លាន​ឆ្នាំក្រោយ​មក​ទៀត ឥណ្ឌា​​ក៏​បាន​រំកិល​ទៅ​ដល់​អាស៊ី ហើយ​ជំនួប រវាង​​ផ្លាកតិចតូនិក​ទាំងពីរ​នេះ​ បាន​បង្កើត​ឲ្យ​មាន​នូវ​ជួរភ្នំ​ដ៏វែង និង​ដ៏​ខ្ពស់​បំផុត​មួយ​នៅលើ​ពិភពលោក គឺ​ជួរភ្នំហិមាល័យ។

តាមការពិត​ទៅ ​ផ្លាកតិចតូនិក​អស់ទាំងនេះ​​​​នៅតែ​បន្តមាន​ចលនា​ជាប់​ជាប្រចាំ​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ដោយ​ផ្លាកតិចតូនិក​ឥណ្ឌា និង​អាស៊ី នៅតែ​បន្ត​រំកិល​ចូល​គ្នា ហើយ​រុញគ្នា​ទៅវិញ​ទៅមក បណ្តាល​ឲ្យ​ជួរភ្នំ​ហិមាល័យ​ចេះតែ​បន្ត​កើនកម្ពស់​ប្រមាណ​ជា ២សង់ទីម៉ែត្រ​ក្នុងមួយ​ឆ្នាំ។ ចំណែក​ឯ​មហាសមុទ្រ​អាត្លង់ទិក​វិញ​ក៏​ចេះតែ​បន្ត​​រីក​ធំឡើង ក្នុងពេល​ដែល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ចេះតែ​រួម​តូច ​​ប្រមាណ​ពី​ ២ ទៅ៣​សង់ទីម៉ែត្រ​ក្នុងមួយ​ឆ្នាំ។

អ្នកវិទ្យាសាស្រ្ត​បាន​ធ្វើការ​ប៉ាន់ស្មាន​ថា នៅ​ក្នុង​រយៈពេល​ប្រមាណ​ជា ២០០ ទៅ ២៥០​លាន​ឆ្នាំ​ខាងមុខ ចលនា​ផ្លាកតិចតូនិក​នេះ​នឹង​នាំ​ទ្វីបទាំងអស់​​នៅលើ​ភពផែនដី​យើង​នេះ​​ឲ្យ​ប្រមូល​ផ្តុំគ្នា​នៅ​កន្លែង​តែមួយ​​ ហើយ​បង្កើត​ទៅ​ជា​មហាទ្វីប​​​សាជាថ្មី ដូច​អ្វី​ដែល​ធ្លាប់​កើតមាន​ជាច្រើន​លើក​កាល​ពី​មុន។ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ អ្វី​ដែល​គេ​អាច​សង្កេតឃើញ​​ដោយ​ជាក់ស្តែង ពី​ចលនា​នៃ​ផ្លាកតិចតូនិក​អស់ទាំងនេះ គឺ​ហេតុការណ៍​រញ្ជួយដី និង​​ការ​កកើត និង​ផ្ទុះ​ភ្នំភ្លើង ដែល​តែងតែ​កើតមាន​ជារឿយៗ នៅ​តាម​តំបន់​ ដែល​ជា​ព្រំដែន​នៃ​ផ្លាកតិចតូនិក។

ត្រឡប់​ទៅ​និយាយ​ពី​សត្វ​ឌីណូស័រ​វិញ បើ​ទោះបីជា​ភពផែនដី​មាន​ការប្រែប្រួល​មើល​លែង​ស្គាល់... ចាប់តាំង​ពី​ដីគោក​នៅ​ប្រមូលផ្តុំគ្នា​ជា​មហាទ្វីប​តែមួយ ទៅជា​ការ​ពុះចែក​ជា​កូនទ្វីបតូចៗ... កន្លែង​ដែល​ធ្លាប់​តែ​ជា​ដីគោក ត្រូវ​ក្លាយ​ទៅ​ជា​មហាសមុទ្រ ចំណែក​កន្លែង​ដែល​ធ្លាប់​ជា​សមុទ្រ​ត្រូវ​ក្លាយ​ជាដីគោក... ក៏ប៉ុន្តែ ពពួក​សត្វ​ឌីណូស័រ​នៅតែ​អាច​បន្ត​សម្របខ្លួន ហើយ​បន្ត​ត្រួតត្រា​ភពផែនដី​យើង​នេះ​អស់រយៈពេល​រហូតដល់​ទៅ​ប្រមាណ​ជា ១៦០​លាន​ឆ្នាំ។

តាមការពិត នៅ​ក្នុង​ពេលនោះ ភពផែនដី​យើង​នេះ​មិនមែន​មាន​តែ​ពពួក​សត្វ​ឌីណូស័រ​តែមួយ​នេះ​ទេ។ ក្រៅ​ពី​ឌីណូស័រ នៅ​មាន​ពពួក​សត្វ​​ជាច្រើន​ផ្សេងទៀត រួមមាន​ដូចជា​ពពួក​ល្មូន និង​ថនិក​សត្វ​ ជាដើម ក៏ប៉ុន្តែ គ្មាន​ពពួក​សត្វ​ណាមួយ ដែល​អាច​រីកលូតលាស់ ហើយ​អាច​មក​ប្រជែង​ជាមួយ​នឹង​ពពួក​ឌីណូស័រ​បាន​នោះទេ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ