ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/06 12h00 GMT

ជីវិត​លើ​ភពផែនដី​ក្រោយ​ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ

ជីវិត​លើ​ភពផែនដី​ក្រោយ​ការ​ស្លាប់​ផុតពូជ​នៃ​សត្វ​ឌីណូស័រ
 
ការស្លាប់ផុតពូជ​នៃ​សត្វ​ឌីណូស័រ​បាន​ក្លាយ​ទៅ​ជា​ឱកាស​ឲ្យ​ពពួក​ថនិកសត្វ​អាច​រីកលូតលាស់​ក្លាយ​ជា​សត្វ​ដែល​ត្រួតត្រា​ភពផែនដី​វិញម្តង Pixabay

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពី​ការ​​​ចាប់ផ្តើម​បើក​ទំព័រ​​​នៃសករាជ​​ថ្មី​នៅ​ក្រោយ​ការ​ស្លាប់​ផុតពូជ​នៃ​ពពួក​សត្វ​ឌីណូស័រ គឺ​សករាជ​ថនិកសត្វ ហើយ​​ដែល​នាំ​ទៅ​ដល់​ការ​ចាប់កំណើត​នៃ​មនុស្សជាតិ។

(មានវីដេអូនៅខាងក្រោម)

ជា​ទូទៅ នៅ​ក្នុង​​ប្រវត្តិ​នៃ​ជីវិត​សត្វ​លើ​ភពផែនដី​របស់​យើង ប្រមាណ​ជាង​៥០០លាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​ធ្វើការ​បែង​ចែក​ចេញ​ជា​ដំណាក់កាល (ឬស័ក) ធំៗ ចំនួន​​៣។

ដំណាក់កាល​ទីមួយ មាន​​ឈ្មោះថា “ប៉ាឡេអូសូអ៊ិក” (Paléozoïque) មាន​រយៈពេលរាប់​​ចាប់​ពី​ការ​រីកដុះដាល​ដ៏លឿន​នៃ​ជីវិត​នៅ​ក្រោយ​យុគសម័យទឹកកក កាល​ពី​ជាង៥០០លាន​ឆ្នាំមុន (Cambrian explosion) រហូតមក​ទល់​នឹង​​ហេតុការណ៍​​ស្លាប់​រង្គាលផុតពូជសត្វ ដែល​គេ​ហៅ​ថា “Great Permian Extinction” កាល​ពី​២៥០លានឆ្នាំមុន។

ដំណាក់កាល​ទីពីរ មានឈ្មោះ​ថា “មេសូសូអ៊ិក” (Mésozoïque) ដែល​ជា​សករាជ​នៃ​សត្វ​ឌីណូស័រ មាន​រយៈពេល​​​រាប់​ចាប់​ពី​ក្រោយ​ហេតុការណ៍​ស្លាប់​រង្គាល “Great Permian Extinction” រហូត​មក​ទល់​នឹង​ការ​ស្លាប់​ផុតពូជសត្វ​ឌីណូស័រ កាល​ពី​ជាង ៦៥លាន​ឆ្នាំមុន។

ដំណាក់កាល​ទីបី ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា “សេណូសូអ៊ិក” (Cénozoïque) ដែល​មាន​រយៈពេល​រាប់​ចាប់​ពី​ក្រោយ​ការ​ស្លាប់​ផុតពូជសត្វ​ឌីណូស័រ បន្ត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ហើយ​​នេះ គឺ​ជា​​​ដំណាក់កាល​មួយ ដែល​ភពផែនដី​របស់​យើង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​នៃ​ពពួក​ថនិកសត្វ។

តាមការពិត​ទៅ ថនិកសត្វ​​បាន​ចាប់​ផ្តើម​មាន​វត្តមាន​នៅលើ​ភពផែនដី​យើង​នេះ​តាំង​ពី​​ជាង​២០០​លាន​ឆ្នាំ​មុន​មក​ម៉្លេះ ពោលគឺ នៅ​ក្នុង​អំឡុងពេល​ប្រហាក់ប្រហែលគ្នា​នឹង​ពពួក​សត្វ​ឌីណូស័រ​ ក៏ប៉ុន្តែ ដោយ​សារ​តែ​មាន​ការ​គំរាមកំហែង​ពី​សំណាក់​ឌីណូស័រ ពពួក​ថនិក​សត្វ​​ដើម​ដំបូងនោះ​មិនមាន​ឱកាស​ក្នុងការ​រីកលូតលាស់​បាន​ធំធាត់​​នោះទេ។ ថនិក​សត្វ​ភាគច្រើន​នៅ​ពេលនោះ​មាន​ទំហំ​ប៉ុន​សត្វកណ្តុរ ហើយ​​ច្រើន​តែ​រស់​នៅ​​លាក់​ខ្លួន​នៅ​តាម​កន្លុកកន្លៀត ឬ​នៅ​​ក្រោមដី ដើម្បី​គេច​ចេញ​ពី​សត្វ​ឌីណូស័រ។

ក៏ប៉ុន្តែ នៅ​ទីបំផុត​ទៅ នៅ​ពេល​ដែល​ភពផែនដី​របស់​យើង​ត្រូវ​ប្រឈម​នឹង​គ្រោះមហន្តរាយ​​ដ៏ធំ ដោយការ​ធ្លាក់​អាចម៍ផ្កាយ​ កាល​ពី​ជាង ៦៥លាន​ឆ្នាំមុន ការណ៍​ដែល​មាន​ទំហំតូច និង​សមត្ថភាព​ក្នុងការ​រស់​នៅ​ក្រោមដី​នេះហើយ ដែល​ជួយ​ឲ្យ​ពពួក​ថនិកសត្វ​ត្រូវ​មាន​ប្រៀប​លើ​សត្វ​ឌីណូស័រ​វិញម្តង... មានប្រៀប​ដោយសារ​តែ​ពួកគេ​​មាន​ឱកាស​រស់ច្រើនជាង​ពួក​ឌីណូស័រ។

នៅ​ក្នុង​ពេល​ដែល​សត្វ​ឌីណូស័រ​មួយ​ចំនួន​ធំ​ត្រូវ​ស្លាប់​​ដោយ​កម្តៅ​ពី​ហេតុការណ៍​ធ្លាក់​អាចម៍​ផ្កាយ ពពួក​ថនិកសត្វ​មួយ​ចំនួន​ធំ​បាន​រួច​ជីវិត ដោយសារ​តែ​ពួកគេ​​​រស់​នៅ​តាម​កន្លុកកន្លៀត និង​នៅ​ក្រោម​ដី។ ហើយ​ក្រោយ​មក​ទៀត នៅ​ពេល​ដែល​ឥទ្ធិពល​នៃ​ការ​ធ្លាក់​អាចម៍​ផ្កាយ​បាន​ធ្វើ​ឲ្យ​ភពផែនដី​ត្រូវ​ប្រឈម​នឹង​បញ្ហា​អាកាសធាតុ បណ្តាល​ឲ្យ​សត្វ​និង​រុក្ខជាតិ​មួយ​ផ្នែក​ធំ​ត្រូវ​ស្លាប់​អស់ ហើយ​ស្បៀងអាហារ​ក៏​ត្រូវ​ខ្សត់ខ្សោយ​ ពពួក​សត្វឌីណូស័រ​ដែល​មាន​ទំហំ​ធំ​ ហើយ​ត្រូវការ​ចំណីអាហារច្រើន​ក៏​​ត្រូវ​ស្លាប់​ជា​បន្តបន្ទាប់​រហូត​ដល់​ផុតពូជ​អស់។ ​ចំណែក​​ពពួក​ថនិកសត្វ​វិញ ដែល​មាន​​ទំហំតូច​ មិន​សូវ​ត្រូវការ​ចំណីអាហារ​ច្រើន ហើយ​ថែម​ទាំង​មាន​ទម្លាប់​ស៊ី​សត្វល្អិត និង​គ្រប់អ្វីៗ​ផ្សេងទៀត​ដែល​គេ​អាច​រកឃើញ​ក្រោមដី​ផងនោះ ក៏​អាច​សម្របខ្លួន​​ទៅ​នឹង​បញ្ហា​អាកាសធាតុ ហើយ​អាច​​ឆ្លងផុត​ពី​គ្រោះអត់ឃ្លាន។

នៅ​ប្រមាណ​ជា ៥០លាន​ឆ្នាំមុន ពោលគឺ​ ១៥លាន​ឆ្នាំ ក្រោយ​ហេតុការណ៍​ធ្លាក់​អាចម៍​ផ្កាយ ដែល​សម្លាប់​សត្វ​ឌីណូស័រ អាកាសធាតុ​នៅលើ​ភពផែនដី​យើង​នេះ​ក៏​បាន​វិលត្រឡប់​មក​រក​ភាព​ធម្មតា​ឡើងវិញ... លក្ខខណ្ឌ​​​អំណោយផល​សម្រាប់​ជីវិត​ក៏​កើតមានឡើងវិញ ហើយ​នៅ​ពេលនោះ ពពួក​សត្វឌីណូស័រ​​​ក៏​ត្រូវ​ស្លាប់​ផុតពូជ​អស់ លែងមាន​មុខ​នៅលើ​ភពផែនដី​យើង​ ដើម្បី​មក​តាម​យាយី​ពពួក​ថនិកសត្វ​ដូច​ជា​ពេល​មុន​ទៀត​នោះដែរ។

ចាប់​ពី​ពេល​នោះហើយ ដែល​ពពួក​ថនិកសត្វ​​ចាប់ផ្តើម​រីកលូតលាស់ និង​រីកសាយភាយ​ទៅ​ស្ទើរតែ​គ្រប់​ទី​កន្លង​ នៅ​ទូទាំង​ភពផែនដី​យើង​ទាំងមូល... ហើយ​សករាជ​ថ្មីមួយ​ក៏​បាន​ចាប់ផ្តើម​ឡើង គឺ​សករាជ​នៃ​ថនិកសត្វ ដែល​​នៅ​បន្ត​រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

ទៅតាម​ចំណាត់ថ្នាក់​តាមបែប​វិទ្យាសាស្រ្ត ថនិកសត្វ​មាន​លក្ខខណៈពិសេស​មួយ... គឺ​ជាប្រភេទ​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ។ ហើយ​​​អម្បូរ​ថនិកសត្វ​នេះ​មាន​មែកធាង​គ្របដណ្តប់​ទៅលើ​ប្រភេទ​សត្វ​ជាច្រើន ដែល​មាន​នៅលើ​ភពផែនដី​របស់​យើង​​ក្នុង​ពេល​បច្ចុប្បន្ន ដោយ​នៅ​ក្នុង​ចំណោម​នោះមាន​ពពួក​ថនិកសត្វ​មួយ​ប្រភេទ ដែល​មាន​បញ្ញា​ខ្ពស់​ជាងគេ គឺ​ពពួក “វានរជាតិ” (តាមភាសាបារាំង Primate)។

ពពួក​វានរជាតិ​នេះ​បាន​ចាប់ផ្តើម​រីកលូតលាស់​ខ្លាំង កាល​ពី​​​​ប្រមាណ​​ជា ​៥០លាន​ឆ្នាំ​មុន​ ​នៅ​ពេល​ដែល​សីតុណ្ហភាព​ទូទៅ​នៅលើ​ភពផែនដី​របស់​យើង​មាន​ការ​កើនឡើងដល់​កម្រិតមួយ​ខ្ពស់​ល្មម​​ធ្វើ​ឲ្យ​តំបន់​ត្រូពិច ដែល​សម្បូរ​ទៅដោយ​ព្រៃឈើ​​ ត្រូវ​រីកសាយភាយ​នៅ​ស្ទើរតែគ្រប់​ទីកន្លែង រាប់​ចាប់​តាំង​ពី​ក្បែរ​តំបន់​អេក្វាទ័រ រហូត​ទៅដល់​ក្បែរ​តំបន់​ប៉ូល។ តាមការ​សិក្សា​ទៅលើ​ផូស៊ីល គេ​បាន​រកឃើញ​ថា នៅ​ក្នុងរយៈពេល​ជាច្រើន​លានឆ្នាំក្រោយៗ​មក​ទៀត ពពួក​វានរជាតិ​ដើមដំបូង​នោះ​បាន​រីកលូតលាស់​ដោយ​មាន​ទំហំ​កាន់តែ​ធំឡើង និង​បញ្ញា​ក៏​កាន់តែ​ខ្ពស់​ឡើង រហូត​ត្រូវ​វិវឌ្ឍ​បន្តិចម្តងៗ ទៅ​ក្នុង​​មែកធាង​នៃ​ពពួក​​​វានរជាតិ​សម័យ​ទំនើប ដែល​ក្នុងនោះ ​រួមមាន​ទាំង​ពពួក​ស្វាតូច ស្វាធំ និង​​មនុស្ស​ជាតិយើង។

កាល​ពី​ប្រមាណ​ជា ៥០លាន​ឆ្នាំ​មុននោះ នៅ​ក្នុង​អំឡុង​ពេល​ប្រហាក់ប្រហែល​គ្នា​នឹង​ការ​ចាប់រីកលូតលាស់​នៃ​ពពួក​ថនិកសត្វ ផ្លាកតិចតូនិក​ឥណ្ឌា ដែល​បាន​បែក​ចេញ​ពី​អាហ្វ្រិក កាល​ពី​ពេល​ប្រេះបែក​នៃ​មហាទ្វីប​ភែនជៀ (Pangea) នៅ​ប្រមាណ​ជា​ជិត២០០លាន​ឆ្នាំមុននោះ ក៏​បាន​រំកិល​មក​ជួប​នឹង​ផ្លាកតិចតូនិក​អាស៊ី ហើយ​ជំនួប រវាង​​ផ្លាកតិចតូនិក​ទាំងពីរ​នេះ​ បាន​បង្កើត​ឲ្យ​មាន​នូវ​ជួរភ្នំ​ដ៏វែង និង​ដ៏​ខ្ពស់​​មួយ គឺ​ជួរភ្នំហិមាល័យ ដែល​មាន​បណ្តោយ​រហូតដល់​ទៅ ២៤០០គីឡូម៉ែត្រ ហើយ​មាន​ភ្នំ​ដ៏​ខ្ពស់​បំផុត​មួយ​នៅលើ​ពិភពលោក​ គឺ​ភ្នំអេវើរែស (Everest) ដែល​មាន​កម្ពស់​រហូតដល់​ទៅ ៨៨៤៨ម៉ែត្រ។

ជួរភ្នំ​ហិមាល័យ​នេះ បូករួម​ជាមួយ​នឹងខ្ពង់រាបទីបេ​ដែល​នៅ​ក្បែរនោះ បាន​ក្លាយ​ទៅ​ជា​ប្រភពទឹក​ដ៏​សំខាន់​មួយ​ ដែល​ផ្គត់ផ្គង់ទឹក​ទៅដល់​បណ្តា​ទន្លេ​ជាច្រើន​នៅ​ក្នុង​តំបន់​អាស៊ី ជាពិសេស គឺ​ទន្លេធំៗ ​​ដែល​ជា​ទី​ចាប់កំណើត​នៃ​អរិយធម៌​២ ​ក្នុង​ចំណោម​អរិយធម៌​ដ៏​ចំណាស់បំផុត​ទាំង៤ ​នៅ​ក្នុង​ប្រវត្តិ​របស់​មនុស្សជាតិ គឺ​ចិន និង​ឥណ្ឌា។

ក៏ប៉ុន្តែ មុននឹង​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​កកើត​អរិយធម៌​នេះ ភពផែនដី​របស់​យើង​ត្រូវ​ឆ្លងកាត់​នូវ​ដំណើរ​​វិវឌ្ឍ​ជាច្រើន​លាន​ឆ្នាំ​ទៀត ដែល​រួមមាន​ទាំង​ការ​ប្រែប្រួល​អាកាសធាតុ​ពី​ក្តៅ ទៅ​ជា​យុគសម័យ​ទឹកកក ពីតំបន់​​ដែល​គ្របដណ្តប់​ទៅ​ដោយ​ព្រៃខ្ពស់ៗ ទៅ​ជា​តំបន់​ដែល​គ្រប់ដណ្តប់​ទៅដោយ​វាលស្មៅ មុននឹង​ឈាន​ទៅដល់​ដំណាក់កាល​នៃ​ការ​លេចមុខ​នៃ​មនុស្សជាតិ​យើង កាល​ពី​ប្រមាណ ២០ម៉ឺន​ឆ្នាំមុន៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ