អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាម​ឈូង​សមុទ្រ​ពែក្ស១៩៩១៖ ​ដំណើរ​ដើមហេតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​ អំពី​ដំណើរដើមហេតុ​ ដែល​នាំ​ឲ្យ​ផ្ទុះសង្រ្គាម រវាង​អាមេរិក និង​អ៊ីរ៉ាក់ ឬ​សង្រ្គាម​ឈូងសមុទ្រ​ពែក្ស នៅ​ឆ្នាំ​១៩៩១។

រថក្រោះ​ធុន T72 របស់​កងទ័ព​អ៊ីរ៉ាក់ នៅ​ក្នុង​អំឡុង​សង្រ្គាម​ឈូងសមុទ្រ​ពែក្ស ឆ្នាំ​១៩៩១
រថក្រោះ​ធុន T72 របស់​កងទ័ព​អ៊ីរ៉ាក់ នៅ​ក្នុង​អំឡុង​សង្រ្គាម​ឈូងសមុទ្រ​ពែក្ស ឆ្នាំ​១៩៩១
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​ឈូងសមុទ្រ​ពែក្ស​​នៅ​ឆ្នាំ​១៩៩១​បាន​ចាប់​ឆាបឆេះឡើង ជាមួយ​នឹង​​ការឈ្លានពាន​​របស់​អ៊ីរ៉ាក់​ទៅលើ​កូវ៉ែត ក៏ប៉ុន្តែ ដើមឫសនៃ​សង្រ្គាម​បាន​កើតមាន​តាំង​ពី​រាប់ឆ្នាំ​មុន​មកម៉្លេះ គឺ​ចាប់​តាំង​ពី​សង្រ្គាម​អ៊ីរ៉ាក់-អ៊ីរ៉ង់ (ឆ្នាំ១៩៨០-១៩៨៨)។

នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ ពិភពលោក​កំពុងតែ​ស្ថិត​នៅ​ក្នុង​សង្រ្គាម​ត្រជាក់ ហើយ​ទាំង​អ៊ីរ៉ាក់ និង​ទាំង​អ៊ីរ៉ង់ សុទ្ធតែ​ជា​ប្រទេស​ដែល​​កំពុងមាន​ទំនាស់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ អ៊ីរ៉ាក់​​នៅពេលនោះ​ គឺ​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​សហភាព​សូវៀត ចំណែក​ឯ​អ៊ីរ៉ង់វិញ បាន​ក្លាយ​ទៅជា​សត្រូវ​ដ៏ធំមួយ​របស់​អាមេរិក ក្រោយ​ពីមាន​វិបត្តិ​ចំណាប់ខ្មាំង​អាមេរិក​នៅ​អ៊ីរ៉ង់​ នៅ​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩៧៩។

ហេតុដូច្នេះហើយ​បាន​ជា​នៅពេលដែល​សង្រ្គាម​អ៊ីរ៉ាក់-អ៊ីរ៉ង់​ចាប់ផ្តើម​ផ្ទុះឡើង នៅ​ឆ្នាំ​១៩៨០ សហរដ្ឋ​អាមេរិក​​បាន​ប្រកាន់​យក​ជំហរ​កណ្តាល​មួយ ​ដោយ​មិន​​លូកដៃ​ចូល​ជួយ​ភាគី​ណាមួយ​នោះទេ។ ក៏ប៉ុន្តែ ជំហរ​របស់​អាមេរិក​បាន​ចាប់ផ្តើម​ប្រែប្រួល នៅ​ពេល​ដែល​អ៊ីរ៉ង់​មានប្រៀបខ្លាំង​ទៅលើ​អ៊ីរ៉ាក់ នៅ​ក្នុង​សង្រ្គាម។ ក្តីបារម្ភ​ដ៏ធំ​របស់​អាមេរិក​នៅពេលនោះ គឺ​ខ្លាច​អ៊ីរ៉ង់​ទទួល​ជ័យជម្នះ​លើ​អ៊ីរ៉ាក់ រួចហើយ​វាតទី​ចូល​ឈ្លាន​ពាន​ប្រទេស​ផ្សេងៗ​ទៀត នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។

អ៊ីរ៉ង់ ដែល​ជា​ប្រទេស​មហាអំណាច​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត គឺ​ជា​គូប្រជែង​ដ៏ធំ​របស់​អារ៉ាប៊ីសាអ៊ូឌីត ព្រមទាំង​ប្រទេស​ផ្សេងទៀត​​នៅ​តំបន់​ឈូងសមុទ្រ​ពែក្ស ដែល​សុទ្ធសឹង​ជា​ប្រទេស​អ៊ីស្លាម​ស៊ុននីត។ អ៊ីរ៉ាក់​វិញ ថ្វីដ្បិត​តែ​ជា​ប្រទេស​មាន​ប្រជាជន​ភាគច្រើន​កាន់​និកាយ​ស្ហ៊ីអ៊ីត ក៏ប៉ុន្តែ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​ស៊ុននីត គឺ​គណបក្ស​របស់​សាដាមហ៊ូសេន។

ហេតុដូច្នេះ​ហើយ​បាន​ជា​អារ៉ាប៊ីសាអ៊ូឌីត​ និង​សម្ព័ន្ធមិត្ត​នៅ​ឈូងសមុទ្រ​ពែក្ស បាន​នាំគ្នា​​សហការ​ជាមួយ​​អាមេរិក ក្នុងការ​ផ្តល់ជំនួយ​យោធា​ទៅ​ឲ្យ​សាដាមហ៊ូសេន ដើម្បី​ទប់ទល់​ជាមួយ​នឹង​អ៊ីរ៉ង់។

ដោយសារ​តែ​បាន​ជំនួយ​អស់ទាំងនេះ​ហើយ ទើប​​អ៊ីរ៉ាក់​​អាច​មាន​តុល្យភាព​កម្លាំង​​ទ័ព​​ជាមួយ​នឹង​អ៊ីរ៉ង់ ហើយ​នៅ​ឆ្នាំ​១៩៨៨ ភាគីជម្លោះ​ទាំងពីរ​ក៏​បាន​ចុះកិច្ចព្រមព្រៀង​ឈប់បាញ់ ដើម្បី​ឈាន​ទៅបញ្ចប់​សង្រ្គាម។
 

នៅ​ក្រោយ​ពេលដែល​សង្រ្គាម​អ៊ីរ៉ាក់-អ៊ីរ៉ង់​ត្រូវ​បញ្ចប់ នៅ​ឆ្នាំ​១៩៨៨ គេ​រំពឹង​ថា សាដាមហ៊ូសេន និង​ប្រទេស​នៅ​ឈូងសមុទ្រ​ពែក្ស​អាច​នឹង​បន្ត​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​នឹងគ្នា ដូចកាល​ពី​អំឡុង​សង្រ្គាម ដោយ​គេឃើញ​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨៩ អ៊ីរ៉ាក់​​បាន​ចុះ​សន្ធិសញ្ញា​មិនឈ្លានពានគ្នា និង​មិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​គ្នា​ទៅវិញ​ទៅមក​ជាមួយ​នឹង​អារ៉ាប៊ីសាអ៊ូឌីត និង​​បន្ទាប់មកទៀត ​ចុះ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ទឹកសាប​ទៅ​ឲ្យ​កូវ៉ែត។ ក៏ប៉ុន្តែ ភាព​ល្អូកល្អឺន​នេះ​មាន​រយៈពេល​ប្រមាណ​​តែ​មួយឆ្នាំ​ប៉ុណ្ណោះ!

នៅ​អ៊ីរ៉ាក់ សាដាមហ៊ូសេន​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​ខូចខាត​ក្នុង​សង្រ្គាម​ជាមួយ​អ៊ីរ៉ង់។ បន្ថែម​ពីលើ​នេះ​ទៅទៀត បំណុល​ដែល​អ៊ីរ៉ាក់​ខ្ចី​ពី​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​យក​ទៅ​ចំណាយ​ធ្វើ​សង្រ្គាម​ក៏​មាន​ទំហំធំធេង​ដែល​ជា​បន្ទុក​​កាន់តែ​ ធ្ងន់​សម្រាប់​​សេដ្ឋកិច្ច​ជាតិ​ ហើយ​ក្នុងពេល​ជាមួយគ្នា តម្លៃប្រេងឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ក៏​មាន​កម្រិត​ទាប ដែល​​ហេតុ​ធ្វើ​ឲ្យ​អ៊ីរ៉ាក់ ដែល​ជា​ប្រទេស​នាំចេញ​ប្រេងឆៅ ពិបាក​នឹង​បង្កើន​ប្រាក់​ចំណូល​យក​មក​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន។

ប្រឈមមុខ​នឹង​បញ្ហា​នេះ សាដាមហ៊ូសេន​បាន​ស្នើសុំ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត​​ និង​ប្រទេស​ផ្សេងទៀត នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស លុបចោល​បំណុលប្រមាណ​ជា​ ៣០ពាន់លាន​ដុល្លារ​ដែល​អ៊ីរ៉ាក់​ខ្ចី កាល​ពីសម័យសង្រ្គាម​ជាមួយ​អ៊ីរ៉ង់ ព្រមទាំង​ទាមទារ​ឲ្យ​អង្គការ OPEC ចាត់វិធានការ ដើម្បី​បង្កើន​តម្លៃ​ប្រេងឆៅ។ ក៏ប៉ុន្តែ ការទាមទារ​ទាំង​​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​អារ៉ាប៊ីសាអ៊ូឌីត។

នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩០ សាដាមហ៊ូសេន​ក៏​បាន​ចាប់ផ្តើម​ធ្វើការ​បរិហា​រិះគន់​យ៉ាងធ្ងន់ៗ​ទៅលើ​​អារ៉ាប៊ីសាអ៊ូឌីត និង​សម្ព័ន្ធមិត្ត​នៅ​ឈូងសមុទ្រ​ពែក្ស ដោយ​បាន​ចោទ​ប្រទេស​អស់ទាំងនេះ​ថា​កំពុងតែ​ធ្វើ​នយោបាយ​បម្រើ​ផលប្រយោជន៍​អាមេរិក ហើយ​បំផ្លិចបំផ្លាញ​​ប្រទេស​អារ៉ាប់​គ្នាឯង។ សម្រាប់​សាដាមហ៊ូសេន ការណ៍​ដែល​អារ៉ាប៊ីសាអ៊ូឌីត​ដាក់សម្ពាធ​លើ​ប្រទេស​ផ្សេងទៀត​ក្នុង​អង្គការ OPEC កុំ​ឲ្យ​ចាត់វិធានការ​ដំឡើង​តម្លៃ​ប្រេងឆៅ គឺ​ដើម្បី​តម្រូវ​ចិត្ត​សហរដ្ឋ​អាមេរិក ដែល​ចង់​ទិញប្រេង​ពី​មជ្ឈិមបូព៌ា​ក្នុង​តម្លៃ​ថោក។

នៅ​ខែកក្កដា​ឆ្នាំ​១៩៩០ សាដាមហ៊ូសេន​បាន​ចោទ​កូវ៉ែត​ថា​បាន​លួច​បូមប្រេង​ចូល​មក​ក្នុង​ទឹកដី​អ៊ីរ៉ាក់ ហើយ​បាន​ប្រកាស​គំរាម​ជាសាធារណៈ​ចង់​ប្រើ​កម្លាំង​ទ័ព​​បើក​ការ​វាយប្រហារ​ទៅលើ​កូវ៉ែត។ ព្រមជាមួយ​នឹង​ពាក្យ​គំរាម សាដាមហ៊ូសេន​បាន​ចល័ត​ទ័ព​ប្រមាណ​ជា ៣ម៉ឺននាក់​ឲ្យ​ទៅកាន់​ព្រំដែន​ជាមួយ​កូវ៉ែត។

ដោយមើលឃើញ​ពីស្ថានភាព​ក្តៅគគុក​បែបនេះ លោក​ហ៊ូស្នី មូបារ៉ាក់ ប្រធានាធិបតី​អេហ្ស៊ីប ក្នុងនាម​បក្សសម្ព័ន្ធ​អារ៉ាប់ បាន​ព្យាយាម​សម្រុះសម្រួល​ភាគី​ជម្លោះ ឲ្យ​ដោះស្រាយ​វិវាទ​តាមរយៈ​ការចរចា ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​​សង្រ្គាម រវាង​ប្រទេស​អារ៉ាប់​គ្នាឯង។

នៅថ្ងៃ​ទី៣១​កក្កដា កិច្ចចរចា រវាង​អ៊ីរ៉ាក់ និង​កូវ៉ែត​​​ក៏​បាន​ចាប់បើក​ធ្វើឡើង នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយ​មាន​លោក​ហ៊ូស្នី​ មូបារ៉ាក់ ធ្វើ​ជា​អន្តរការី។ នៅ​ក្នុង​ការចរចា​នេះ អ៊ីរ៉ាក់​បាន​ទាមទារ​ឲ្យ​កូវ៉ែត​បង់លុយ​​ជា​សំណង​ចំនួន​​ ១០ពាន់លាន​ដុល្លារ​អាមេរិក ដើម្បី​ជា​ការ​ប៉ះប៉ូវ​ការ​ខាតបង់ប្រេង​របស់​អ៊ីរ៉ាក់។ កូវ៉ែត​បាន​យល់​ព្រម​បង់​សំណង​ទៅតាម​ការ​ទាមទារ ក៏ប៉ុន្តែ សុំ​តថ្លៃ​បញ្ចុះ​សំណង​មកនៅ​ត្រឹម​ ៩ពាន់លាន​ដុល្លារ។ ឆ្លើយតបមកវិញ សាដាមហ៊ូសេន​ស្រាប់តែ​បាន​ប្រកាស​ចេញ​បញ្ជា​ឲ្យ​កងទ័ព​អ៊ីរ៉ាក់​​បើក​ការ​វាយលុក​ភ្លាមៗ​ដោយ​ឥតបង្អង់​ទៅលើ​ទឹកដី​កូវ៉ែត។

នៅថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​១៩៩០ កងទ័ព​អ៊ីរ៉ាក់​បាន​ចាប់ផ្តើម​បើក​ការ​វាយ​លុក​ចូល​ឈ្លានពាន​ប្រទេស​កូវ៉ែត។ អាមេរិក​ចូល​មក​ជួយ​កូវ៉ែត ហើយ​សង្រ្គាម​ឈូងសមុទ្រ​ពែក្ស​ក៏​ចាប់ផ្តើម​ផ្ទុះឡើង នៅ​ខែ​មករា ឆ្នាំ​១៩៩១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ