អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

កាល់ម៉ាក្ស៍ (១៨១៨-១៨៨៣)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមរៀបរាប់​អំពី​ប្រវត្តិ​របស់​ទស្សនវិទូ​មួយ​រូប ដែល​ល្បីល្បាញ និង​ដែល​មាន​ឥទ្ធិពល​យ៉ាងខ្លាំង នៅ​ក្នុង​មនោគមន៍វិជ្ជា​កុម្មុយនិស្ត និង​សង្គមនិយម គឺ​លោក​កាល់ម៉ាក្ស៍។

ទស្សនវិទូ​អាល្លឺម៉ង់ កាល់ម៉ាក្ស៍ (Karl Marx)
ទស្សនវិទូ​អាល្លឺម៉ង់ កាល់ម៉ាក្ស៍ (Karl Marx) International Institute of Social History/John Jabez Edwin Mayal
ផ្សាយពាណិជ្ជកម្ម

គិតត្រឹមឆ្នាំ២០១៨ គឺ​ជា​ខួបគម្រប់​២០០ឆ្នាំគត់ នៃ​ការ​ចាប់កំណើត​របស់​កាល់ម៉ាក្ស៍ ហើយ​នៅ​ក្នុង​ឱកាសខួប២០០ឆ្នាំនេះ គេឃើញ​មាន​មតិយោបល់​ចម្រុះគ្នា ជុំវិញ​គោលគំនិត​​របស់​កាល់ម៉ាក្ស៍ ដោយ​មាន​ទាំងអ្ន​ករិះគន់ និង​ទាំងអ្នក​ដែលគិត​ថា ទ្រឹស្តី​របស់​កាល់ម៉ាក្ស៍​នៅតែ​ជា​បច្ចុប្បន្នភាព​នៅឡើយ​ ហើយ​រឹតតែមាន​អត្ថន័យ​សំខាន់​ទៅទៀត នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ននេះ។

កាល់ម៉ាក្ស៍ (Karl Heinrich Marx) កើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៨១៨ នៅ​អាល្លឺម៉ង់។ គេមិនសូវ​ជាមាន​ព័ត៌មាន​លម្អិតច្រើន​ទេ អំពី​កុមារភាព​របស់​កាល់ម៉ាក្ស៍ ដោយគេ​គ្រាន់តែ​ដឹង​ថា កាល់ម៉ាក្ស​គឺ​ជា​កូនទី៣ ក្នុង​ចំណោម​បងប្អូន ៩នាក់ ក្នុងត្រកូល​អ្នក​មាន​ជីវភាពស្តុកស្តម្ភម្នាក់ ដោយ​ឪពុក​របស់​កាល់ម៉ាក្ស​​មាន​មុខរបរ​ជា​មេធាវី។

ទាំងឪពុក និង​ទាំងម្តាយ​របស់​កាល់ម៉ាក្ស៍ សុទ្ធតែ​ជា​អ្នក​នៅ​ក្នុង​ត្រកូល​ជាជនជាតិជ្វីហ្វ ក៏ប៉ុន្តែ ឪពុក​របស់​កាល់ម៉ាក្ស៍បាន​ជ្រើសរើស​ផ្លូវដើរ​ខុសពី​វង់ត្រកូល ដោយងាក​ទៅ​រក​គ្រិស្តសាសនា​និកាយ​ប្រូតេស្តង់។ កាល់ម៉ាក្ស៍វិញ​ជា​អ្នក​ដែល​មិនមាន​ជំនឿ​ទៅលើ​សាសនា​ណាមួយ​ទាំងអស់ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ការណ៍​ដែល​មាន​សាច់ឈាម​ក្នុងត្រកូល​ជ្វីហ្វ​​បាន​ធ្វើ​ឲ្យ​កាល់ម៉ាក្ស៍​ត្រូវ​រង​នូវ​ការ​រើសអើង​នៅ​អាល្លឺម៉ង់។ ហេតុដូច្នេះហើយ​បាន​ជា កាល់ម៉ាក្ស៍​តែងតែ​មាន​គំនិតប្រឆាំង​នឹង​តួនាទី​របស់​សាសនា​នៅ​ក្នុង​សង្គម។

នៅ​ក្នុងសម័យកាល​របស់​កាល់ម៉ាក្ស៍ អាល្លឺម៉ង់​ស្ថិតក្រោម​ការ​គ្រប់គ្រង​ដោយ​របបរាជានិយម​ផ្តាច់ការ ចំណែក​ឪពុករបស់​កាល់ម៉ាក្ស៍ គឺ​ជា​អ្នក​ដែល​ជាប់ចិត្ត​នឹងទ្រឹស្តី​របស់​​ទស្សនវិទូ​សេរីនិយម ជាពិសេស គឺ​ទស្សនវិទូ​អាល្លឺម៉ង់ ​អេម៉ានុយអែល កង់ (Emmanuel Kant) និង​ទស្សនវិទូ​បារាំង វ៉ុលទែរ ហើយ​ជា​អ្នក​មាន​គំនិត​ប្រឆាំង​នឹង​របបរាជានិយម​ផ្តាច់ការ។ ហេតុដូច្នេះហើយ​បាន​ជា​កាល់ម៉ាក្ស៍​ត្រូវ​​បាន​ឪពុក​បញ្ជូន​ឲ្យ​ទៅ​រៀនសូត្រ​នៅ​វិទ្យាល័យ​មួយ ដែលសម្បូរ​ទៅដោយ​គ្រូ​ដែល​មាន​គំនិត​សេរីនិយម ហើយ​ដែល​ត្រូវ​ស្ថិត​ក្រោម​ការឃ្លាំមើល​ជាប់ជា​ប្រចាំ​​ពី​សំណាក់​អាជ្ញាធរ​ ដោយ​​សង្ស័យថា​ជា​សាលា​បណ្តុះ​គំនិត​បដិវត្តន៍​ប្រឆាំង​នឹង​ព្រះមហាក្សត្រ។

ក្រោយ​រៀនចប់​វិទ្យាល័យ កាល់ម៉ាក្ស៍​បាន​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​នៅ​សកលវិទ្យាដោយ​ពី​ដំបូង​បាន​ជ្រើសរើស​យក​ជំនាញ​ខាង​អក្សរសាស្រ្ត និង​ទស្សនវិជ្ជា ក៏ប៉ុន្តែ ក្រោយ​មក​បាន​ប្តូរ​ទៅ​រៀន​ខាង​ច្បាប់វិញ ទៅតាម​បំណង​របស់​ឪពុក​ដែល​ជា​មេធាវី។ ទោះជាយ៉ាងណា នៅ​ទីចុងបំផុត​ទៅ ក្រោយ​ការ​បញ្ចប់​ការ​សិក្សា​ កាល់ម៉ាក្ស៍​ក៏​មិន​បាន​ចាប់យក​អាជីព​ជា​អ្នក​ច្បាប់​នោះដែរ តែ​បែរជា​ទៅធ្វើ​ជា​អ្នក​កាសែត​ទៅវិញ។

ពេល​នៅ​ជា​និស្សិត​នៅ​សកលវិទ្យាល័យ កាល់ម៉ាក្ស៍​ ថ្វីដ្បិត​តែ​ចាប់យក​ជំនាញ​ខាង​ច្បាប់ ក៏ប៉ុន្តែ នៅតែ​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ទស្សនវិជ្ជា ហើយ​លើសពីនេះ​ទៅទៀត កាល់ម៉ាក្ស៍​បាន​ចូលរួម​​ក្នុង​ចលនា​និស្សិត ដែល​មាន​គំនិត​បដិវត្តន៍​ឆ្វេងនិយម ទៅតាម​ទ្រឹស្តី​របស់​ទស្សនវិទូ​អាល្លឺម៉ង់ ឈ្មោះថា ហឺហ្គែល (Hegel)។ ចលនា​និស្សិត​នេះ​មាន​គំនិត​ប្រឆាំង​នឹង​សាសនា​ផង (ដោយ​ពីដំបូង​ប្រឆាំង​នឹង​គ្រិស្តសាសនា​ ហើយ​ក្រោយ​មក​រាលដាល​ទៅជា​ចលនា​ប្រឆាំង​នឹង​គ្រប់​សាសនា​ទាំងអស់) ហើយ​ក៏​មាន​គំនិត​ប្រឆាំង​នឹង​របបរាជានិយមផងដែរ។

នៅឆ្នាំ១៨៤១ ក្នុងវ័យ​ ២៣ឆ្នាំ កាល់ម៉ាក្ស៍​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បណ្ឌិត។ ពីដំបូង កាល់ម៉ាក្ស​មាន​បំណង​​ចាប់អាជីព​ជា​សាស្រ្តាចារ្យ ឬ​ជា​អ្នក​សិក្សាស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ ក៏ប៉ុន្តែ បំណង​នេះ​មិន​អាច​សម្រេច​បាន​ ដោយសារ​តែ​មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ ដែល​មើលឃើញ​ថា កាល់ម៉ាក្ស៍​មាន​ជាប់ពាក់ព័ន្ធ​នឹង​ចលនានិស្សិត​បដិវត្តន៍​ឆ្វេងនិយម និង​សេរីនិយម។

ហេតុដូច្នេះហើយ​បាន​ជា​កាល់ម៉ាក្ស៍​ងាក​ទៅ​ចាប់អាជីព​ជា​អ្ន​កកាសែត ដោយសរសេរ​អត្ថបទ​ទាក់ទង​នឹង​សេដ្ឋកិច្ច និង​សង្គម ឲ្យ​កាសែត​ថ្មីមួយ ដែល​ទើប​នឹង​បង្កើតឡើង ហើយ​ដែល​ភាគច្រើន​សរសេរ​ប្រឆាំង​រដ្ឋាភិបាល​។ ក៏ប៉ុន្តែ​ ធ្វើការ​បានតែប្រមាណ​ជា​មួយ​ឆ្នាំ កាសែតប្រឆាំង​នេះ​ត្រូវ​រដ្ឋាភិបាល​បិទលែង​ឲ្យ​ចុះផ្សាយ។ កាល់ម៉ាក្ស៍​ក៏​បាន​ចាកចេញ​ពី​អាល្លឺម៉ង់ ហើយ​ទៅ​ធ្វើការ​ឲ្យ​សារព័ត៌មាន​ឆ្វេងនិយមផ្សេងទៀត ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប៉ារីស។

នៅពេលនោះ ទីក្រុង​ប៉ារីស​ត្រូវ​បាន​គេស្គាល់​ថាជាសម្បុក​នៃ​គំនិត​បែបសង្គមនិយម រួមទាំង​ក្រុម​អ្នក​សង្គមនិយមជ្រុលមួយក្រុម​ ដែល​គេ​ឲ្យឈ្មោះ​ថា "​កុម្មុយនិស្ត”។ គឺ​នៅទីក្រុង​ប៉ារីស​នោះហើយ ដែល​កាល់ម៉ាក្ស៍​បាន​ជួប​ជាមួយ​នឹង​ទស្សនវិទូ​អាល្លឺម៉ង់​មួយរូប​ទៀត ដែល​មាន​គំនិត​ឆ្វេងនិយមដូចគ្នា គឺ​​ ហ្វ្រ៊ីឌ្រិច អង់ហ្គែល (Friedrich Engel)។ កាល់ម៉ាក្ស៍ និងអង់ហ្គែល​បាន​ចាប់ផ្តើម​ធ្វើការ​ជាមួយគ្នា ជា​មិត្តរួមអាជីព រួមមនោគមន៍វិជ្ជា ហើយ​បន្តិចម្តងៗ​អ្នក​ទាំងពីរ​ក៏​បាន​រាប់អានគ្នា​ជា​មិត្តភ័ក្តិ​ដ៏​ជិតស្និទ្ធិ​បំផុត។

នៅ​ឆ្នាំ១៨៤៥ នៅ​ពេល​ដែល​សារព័ត៌មាន​ឆ្វេងនិយម​នៅ​ប៉ារីស​ត្រូវ​អាជ្ញាធរ​បារាំង​បិទលែង​ឲ្យ​ផ្សាយ កាល់ម៉ាក្ស៍ និង​អង់ហ្គែល​បាន​នាំគ្នា​ចាកចេញ​ទៅ​រស់​នៅ​ទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក​ទាំងពីរនាក់​ មុននឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អង់គ្លេស។

នៅ​ក្នុង​អំឡុងពេលនោះ​ កាល់ម៉ាក្ស៍ និង​អង់ហ្គែល​បាន​សរសេរសៀវភៅ​មួយរួមគ្នា គឺ​សៀវភៅ​ស្តីពី​ “គោលគំនិតកុម្មុយនិស្ត” ឬ “គោលគំនិតនៃ​បក្សកុម្មុយនិស្ត” (Manifeste du parti communiste)។ សៀវភៅ​នេះ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ នៅ​ឆ្នាំ១៨៤៨ ហើយ​ក្រោយ​មក​បាន​ក្លាយ​ទៅជា​សៀវភៅ​ដែល​មាន​ឥទ្ធិពល​នយោបាយ​បំផុត​មួយនៅ​ក្នុង​មនោគមន៍​វិជ្ជា​កុម្មុយនិស្ត ជាពិសេស គឺ​នៅ​បន្ត​មាន​ឥទ្ធិពល​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ជាពិសេស នៅ​ក្នុង​ប្រទេស​ចិន។

ពេលរស់នៅ​ក្នុង​ប្រទេស​អង់គ្លេស កាល់ម៉ាក្ស៍​​បាន​ចូលរួម​យ៉ាងសកម្ម​នៅ​ក្នុង​បក្សសម្ព័ន្ធកុម្មុយនិស្ត (Ligue des communistes) ដែល​ជំរុញ​ឲ្យ​មាន​ចលនា​បដិវត្តន៍​ប្រឆាំង​នឹង​វណ្ណៈសក្តិភូមិ ហើយ​លើកតម្កើង​វណ្ណៈពលករ។ ក៏ប៉ុន្តែ​ក្រោយមក ទំនាក់ទំនង​ រវាង​កាល់ម៉ាក្ស៍​ និង​បក្សសម្ព័ន្ធកុម្មុយនិស្ត​ក៏​ចាប់ផ្តើម​បែកបាក់ ដោយសារ​តែ​កាល់ម៉ាក្ស៍​ប្រឆាំង​នឹង​គំនិត​របស់​​មេដឹកនាំ​កុម្មុយនិស្ត​មួយក្រុម​ដែល​​ទាមទារ​ចង់​​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​រដ្ឋាភិបាល​នៅ​ទូទាំង​អឺរ៉ុប​ ដើម្បី​ដណ្តើម​អំណាច​មក​កាន់កាប់ភ្លាមៗ។

កាល់ម៉ាក្ស៍​យល់ថា ការធ្វើ​បដិវត្តន៍​ផ្តួលរំលំ​រដ្ឋាភិបាល​នៅ​ទូទាំង​តំបន់​អឺរ៉ុប​នៅ​ពេលនោះ គឺ​ប្រៀបដូចជា​យក​ពងមាន់​ទៅ​ជល់​នឹង​ថ្ម ហើយ​លើសពីនេះ​ទៅទៀត កាល់ម៉ាក្ស៍ ក៏ដូចជាអង់ហ្គែលដែរ សុទ្ធតែ​ប្រកាន់​នូវ​គំនិត​ថា គោលដៅ​ចម្បង​នៃ​បដិវត្តន៍​របស់​ពួកគេ គឺ​មិនមែន​ដើម្បី​ដណ្តើម​អំណាច​មក​កាន់​កាប់ភ្លាមៗ​នោះទេ តែ​ជា​បដិវត្តន៍​ដោយ​សន្សឹមៗ ដើម្បី​នាំមកនូវ​ការ​ផ្លាស់ប្តូរ​ខាង​ផ្នត់គំនិត និង​រចនាសម្ព័ន្ធ​សង្គមក្នុងរយៈពេល​វែង។

ការ​មាន​គំនិត​ផ្ទុយគ្នា​នេះ​បាន​ធ្វើ​ឲ្យ​កាល់ម៉ាក្ស៍ កាត់ផ្តាច់​ទំនាក់ទំនង​ពី​បក្សសម្ព័ន្ធ​កុម្មុយនិស្ត, ​លែង​រវីរវល់​នឹង​រឿង​បដិវត្តន៍​កុម្មុយនិស្ត ហើយ​ងាក​ទៅចំណាយ​ពេល​ធ្វើការ​សិក្សា និង​ត្រិះរិះពិចារណា ជុំវិញ​ទ្រឹស្តី​សេដ្ឋកិច្ច​នយោបាយ​វិញ ជាពិសេស ពិចារណា​ទៅលើ​ទ្រឹស្តី​របស់​អ្នក​ប្រាជ្ញ​សេដ្ឋកិច្ច​អង់គ្លេស​ដ៏​​មាន​ឥទ្ធិពល​ពីររូប គឺ​អាដាម ស្មីត (Adam Smith) និង​ដាវីដ រីការដូ (David Ricardo)។ នៅ​ពេលនោះហើយ ដែល​កាល់ម៉ាក្ស៍​បាន​សរសេរ​សៀវភៅ​ ដែល​ជា​ស្នាដៃ​ដ៏​ល្បីល្បាញ​មួយ​ទៀត​របស់​លោក គឺ​សៀវភៅ​ដែល​មាន​ចំណងជើង​ជាភាសាអាល្លឺម៉ង់​ថា “Das Kapital” ដោយ​នៅ​ក្នុងនោះ កាល់ម៉ាក្ស៍​បាន​ធ្វើការ​វិភាគ​ទៅលើ​ទ្រឹស្តី​សេដ្ឋកិច្ច​តាមបែបមូលធននិយម ជាពិសេស ទៅលើ​ចំណុច​អវិជ្ជមាន ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ពី​សេដ្ឋកិច្ច​មូលធននិយម ទៅ​សេដ្ឋកិច្ច​សង្គមនិយម ព្រមទាំង​បង្កើត​ឲ្យ​មាន​​ទំនាស់​រវាង​វណ្ណៈ​នៅ​ក្នុង​សង្គម។

សៀវភៅ “Das Kapital” ត្រូវ​បាន​កាល់ម៉ាក្ស៍​សរសេរ​ចែកចេញ​ជា​បី​ភាគធំៗ។ ក៏ប៉ុន្តែ មាន​តែ​មួយ​ភាគ​ដំបូង​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ចេញផ្សាយ នៅ​ពេល​ដែល​កាល់ម៉ាក្ស៍​នៅរស់។ ចំណែក​ឯ​ភាគ២ និង​ភាគ៣ ត្រូវ​បាន​រៀបចំ​បោះពុម្ពផ្សាយ​ដោយ​អង់ហ្គែល ទៅតាម​សំណៅ​ដើម​ដែល​បន្សល់ទុក​ដោយ​កាល់ម៉ាក្ស៍ ក្រោយ​ពេល​ដែល​លោក​ទទួល​មរណភាព​ដោយ​ជំងឺ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ១៨៨៣ ក្នុងវ័យ ៦៤ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ