អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ទស្សនវិជ្ជា​របស់​ផ្លាតុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​​ប្រវត្តិ​ទស្សនវិទូ​​ក្រិក​ដ៏ល្បីល្បាញ​ គឺ​​ "ផ្លាតុង” ដោយ​សូម​លើកឡើង អំពី​គោលគំនិត​ចម្បងៗ​របស់​លោក។

រូបចម្លាក់​ផ្លាតុង​នៅ​ក្រិក​បច្ចុប្បន្ន
រូបចម្លាក់​ផ្លាតុង​នៅ​ក្រិក​បច្ចុប្បន្ន Carlos Blanco/ Flickr CC
ផ្សាយពាណិជ្ជកម្ម

ផ្លាតុង​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជា​សំណេរ​គិតជា​សរុប ​ចំនួន ៣៦ ដោយ​ក្នុងនោះ រួមមាន​ទាំង​សំណេរ​ជា​សៀវភៅ និង​ជា​សំបុត្រ។ សៀវភៅ​ភាគច្រើន​លើសលុប​របស់​ផ្លាតុង​ គឺ​សរសេរ​ក្នុងទម្រង់​ជា​កិច្ចសន្ទនា ហើយ​ក្នុង​កិច្ចសន្ទនា​ភាគច្រើន គឺ​មាន​សូក្រាត​ជា​តួអង្គ​សំខាន់។

ជាទូទៅ សំណេរ​ជា​កិច្ចសន្ទនា​របស់​ផ្លាតុង​​ត្រូវ​បាន​គេ​បែងចែក​ចេញ​ជា​ច្រើន​ក្រុម អាស្រ័យ​ទៅ​តាម​ប្រធានបទ រួមមាន ​កិច្ចសន្ទនា​ដែល​ផ្តោត​សំខាន់​ទៅលើ​គោលគំនិត​របស់​សូក្រាត, កិច្ចសន្ទនា​ដែល​ផ្តោត​ទៅលើ​គោលគំនិត​ផ្ទាល់​ខ្លួន​របស់​ផ្លាតុង ទាក់ទង​ទៅនឹង​ប្រធានបទ​ដែល​សូក្រាត​ធ្លាប់​បង្រៀន ព្រមទាំង​​កិច្ចសន្ទនា​ទៅលើ​ប្រធានបទ​ផ្សេងៗ​ជាច្រើន​ទៀត ដែល​រាប់ចាប់តាំង​ពី​ការ​ត្រិះរិះ​ពិចារណា​ ស្តីពី​ទស្សនទាន​នៃ “សេចក្តីស្នេហា”, អំពី “សុភមង្គល”, អំពី “ព្រលឹងវិញ្ញាណ” រហូត​ទៅដល់​ការ​ជជែក​ពី​​​ទ្រឹស្តី​ធរមាត្រ​របស់​ពីតាហ្គ័រ ជាដើម។

នៅ​ក្នុង​ចំណោម​ស្នាដៃ​អស់ទាំងនេះ ស្នាដៃ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាងគេ ហើយ​ដែល​ត្រូវ​បាន​គេ​លើកមក​បង្រៀន​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​រហូតមក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គឺ​សៀវភៅ​ដែល​មាន​ចំណងជើង​ជា​ភាសា​បារាំងថា « La République » ហើយ​ដែល​អ្នក​ខ្លះ​បកប្រែជា​ភាសា​ខ្មែរ​ថា “សាធារណរដ្ឋ” ក៏ប៉ុន្តែ តាមការពិត​គួរតែ​ត្រូវ​បកប្រែ​ថា “ស្តីអំពី​ការ​គ្រប់គ្រង​រដ្ឋ” ទើប​ត្រូវ​ទៅ​តាម​អត្ថន័យ។ សៀវភៅ “ស្តីអំពី​ការ​គ្រប់គ្រង​រដ្ឋ”​ នេះ​​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ស្នាដៃ​ដំបូងបង្អស់​នៅ​ក្នុង​ប្រវត្តិ​នៃ​ទស្សនវិជ្ជា​នយោបាយ។

តាម​ទស្សនៈ​របស់​ផ្លាតុង ដូចដែល​មាន​សរសេរ​នៅ​ក្នុង​សៀវភៅ “ស្តីអំពី​ការ​គ្រប់គ្រង​រដ្ឋ” រដ្ឋមួយ​អាច​គ្រប់គ្រង​បាន​ល្អ ឬ​មិន​ល្អ វា​អាស្រ័យ​លើ​​លក្ខណសម្បត្តិ​របស់​មេដឹកនាំ ជាជាង​លើ​ទម្រង់​នៃ​​របប​នយោបាយ។ ឬ​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​របបផ្តាច់ការ ​តែ​មាន​មេដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត វា​ប្រសើរ​ជាង​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​របបប្រជាធិបតេយ្យ​តែ​មាន​មេដឹកនាំ​អសមត្ថភាព។

ផ្លាតុងបាន​ធ្វើការត្រិះរិះពិចារណា ដោយ​​ប្រៀបធៀបគ្នា រវាង​ព្រលឹង​របស់​ជាតិ និង​ ​បុគ្គល ដោយ​លោក​ធ្វើការ​បែងចែក​ជា​ឋានានុក្រម​ជា​បីថ្នាក់​ពីលើ​មក​ក្រោម គឺ បុគ្គល មាន​ក្បាល ​តំណាង​ឲ្យ​វិចារណាញាណ, បេះដូង ដែល​តំណាង​ឲ្យ​មនោសញ្ចេតនា ឬ​អារម្មណ៍ (កំហឹង, ក្តីស្រឡាញ់, មោទនភាព និង​ភាពក្លាហាន...) និង​ក្រពះ ដែល​តំណាង​ឲ្យ​ចំណង់​ផ្លូវកាយ ឬ​តណ្ហា។​ ដូចគ្នា​ដែរ រដ្ឋ មាន​ប្រមុខដឹកនាំ​ជាក្បាល, កងទ័ព​ជា​បេះដូង និង​រាស្រ្ត​ជា​ក្រពះ។ យោងតាម​ផ្លាតុង បុគ្គល​ត្រូវ​យក​វិចារណញាណ​ធ្វើ​ជា​ធំ គឺ​ធំលើស​​មនោសញ្ចេតនា និង​តណ្ហា ហើយ​ដូចគ្នា​ដែរ ប្រមុខដឹកនាំ​រដ្ឋ​ត្រូវ​មាន​អំណាច​ធំជាងគេ ត្រួតត្រា​លើ​មន្រ្តី និង​រាស្រ្ត ក៏ប៉ុន្តែ បុគ្គល​ដែល​ជា​ប្រមុខដឹកនាំរដ្ឋ​នេះ​ត្រូវ​មាន​លក្ខណៈសម្បត្តិ​ដ៏ចាំបាច់មួយ គឺ​ត្រូវតែ​ជា​បុគ្គល​ដែល​យក​វិចារណញាណ​ជា​ធំ និង​ជា​មេដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត។

នៅ​ក្នុង​សៀវភៅ “ស្តីអំពី​ការ​គ្រប់គ្រង​រដ្ឋ​” ផ្លាតុងសរសេរ​ថា​ រដ្ឋ​ដែល​ល្អ​បំផុត គឺ​រដ្ឋ​ដែល​មាន​មេដឹកនាំ​ជា​ទស្សនវិទូ ឬ​ “ស្តេចទស្សនវិទូ” ពោលគឺ គេ​មាន​ជម្រើសពីរ ឬមួយ​​ ត្រូវ​ឲ្យ​ទស្សនវិទូ​ឡើង​ធ្វើ​ជា​មេដឹកនាំ​ ឬ​មួយ ត្រូវ​ឲ្យ​​​អ្នក​ត្រូវ​ធ្វើ​ជា​មេដឹកនាំ​​​ខិតខំ​ស្វែងរក​ចំណេះដឹង​ជា​ទស្សនវិទូ។

គោលគំនិត​បែបនេះ​របស់​ផ្លាតុង គឺ​វា​ផ្សាភ្ជាប់​ទៅនឹង​បទពិសោធន៍​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​លោក។ ស្ទើរតែ​ពេញ​ក្នុងមួយជីវិតរបស់​លោក ផ្លាតុង​បាន​កើត ធំដឹងក្តី និង​រស់នៅ​ ក្នុងពេល​ដែល​ក្រិក​កំពុង​ឆ្លងកាត់​នូវ​កលយុគនយោបាយដ៏ធ្ងន់ធ្ងរ ទាំង​នៅ​ក្នុង​អំឡុង​សង្រ្គាម រវាង​អាថែន និង​ស្ប៉ាត (សង្រ្គាម​ប៉េឡូប៉ូនែស) និង​វិបត្តិ​នយោបាយ​នៅ​ក្រោយ​សង្រ្គាម រហូត​ក្រោយមក​​នាំ​ទៅរក​ការ​ដួលរលំ​នៃ​​​អាណាចក្រ​ក្រិក​​ទាំងមូល។

នៅ​ក្នុង​អំឡុង​ពេលនោះ ផ្លាតុង​បាន​សង្កេតឃើញ និង​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ជាច្រើន ដែល​ធ្វើ​ឲ្យ​លោក​មាន​ការ​ខកចិត្ត​ចំពោះ​របបដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ។ គេ​មិនត្រូវ​ភ្លេចទេថា នៅ​ពេលនោះ អាថែន​គ្រប់គ្រង​ដោយ​របបប្រជាធិបតេយ្យ​ដោយ​ផ្ទាល់ ពោលគឺ ប្រជាជន​ដែល​គ្រប់​អាយុ​ជា​នីតិជន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​នយោបាយ តាមរយៈសភា​អាថែន។ សភា​​ប្រជាធិបតេយ្យ​នេះហើយ ដែល​ជា​សម្រេច​ដាក់ទោស​ប្រហារ​ជីវិត​សូក្រាត ហើយ​ដែល​ផ្លាតុង​យល់ថា​ជា​រឿង​ដ៏​អយុត្តិធម៌​បំផុត។

លើសពីនេះ​ទៅទៀត ផ្លាតុង​ដែល​ជា​កូនចៅ​នៃ​ត្រកូល​អ្នក​មាន​វណ្ណៈខ្ពង់ខ្ពស់ មាន​ខ្សែបណ្តាញ និង​ស្គាល់​អ្នក​នយោបាយ​ច្រើន​ ក៏​បាន​សង្កេតឃើញ​​ផងដែរ​ថា អ្នក​នយោបាយ​អាថែន​ស្ទើរតែ​ទាំងអស់​នៅពេលនោះ ធ្វើ​អ្វីៗ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រយោជន៍​បក្សពួក​ច្រើន​ជាង​ប្រយោជន៍​ប្រជាជន ហើយ​នយោបាយ​ដែល​​ពួកគេ​ដាក់ចេញ គឺ​ភាគច្រើន​មាន​គោលដៅ​បន្ត​រក្សា​អំណាច​ ជាជាង​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ដែល​ជា​ម្ចាស់​អំណាច។

បើ​យោងតាម​ផ្លាតុង ឫសគល់​នៃ​បញ្ហា​របស់​អាថែន​នេះ គឺ​របបប្រជាធិបតេយ្យ​ដោយ​ផ្ទាល់ ដែល​ផ្តល់​អំណាច​ទៅដល់​​ពលរដ្ឋ​គ្រប់រូប គ្រប់មជ្ឈដ្ឋាន ទាំង​អ្នក​ចេះដឹងច្រើន អ្នក​ចេះដឹងតិច និង​អ្ន​កគ្មាន​ចំណេះដឹង ហើយ​អ្នក​ដែល​គ្មាន​ចំណេះដឹង ឬ​មាន​ចំណេះដែរ​តែ​មិន​ត្រូវ​ជំនាញ​នយោបាយ គឺ​ងាយ​នឹងជឿ​ទៅតាម​​ការ​ឃោសនា​ប្រជាភិថុត​នៃ​មន្រ្តី​រដ្ឋាភិបាល និង​ពួក​អ្នក​មាន​វណ្ណៈខ្ពង់ខ្ពស់។

តាមគោលគំនិត​របស់​ផ្លាតុង សង្គមមួយ ឬ​រដ្ឋមួយ គួរតែ​ត្រូវ​ធ្វើការ​បែងចែក​មុខងារគ្នា ទៅតាម​ជំនាញ។ អ្នក​ពូកែ​ខាង​កាត់ខោអាវ​ ត្រូវ​ធ្វើ​ជា​ជាងកាត់ដេរ។ អ្នក​ចេះព្យាបាល​ជំងឺ ត្រូវ​ធ្វើ​ជា​គ្រូពេទ្យ។ អ្នក​ពូកែ​ច្បាំង ត្រូវ​ធ្វើ​ជា​ទាហាន។ល។ និង​។ល។ នៅ​ពីលើ​កំពូល​បំផុត តួនាទី​ជា​មេដឹកនាំ​រដ្ឋ ត្រូវ​ប្រគល់​ទៅ​ឲ្យ​ទស្សនវិទូ។

ផ្លាតុងយល់ឃើញថា ទស្សនវិទូ​ជា​មេដឹកនាំ​ល្អ ពីព្រោះ​ ទស្សនវិទូ​ជា​អ្នក​ដែល​មាន​គតិបណ្ឌិត ហើយ​ជាពិសេស គឺ​ជា​អ្នក​ដែល​មិន​ស្រឡាញ់​អំណាច។ ដូច្នេះ នៅ​ពេល​ដែល​ទស្សនវិទូ​កាន់​អំណាច គេ​យក​អំណាច​នេះ​ទៅប្រើ​ ដើម្បី​ធ្វើ​អ្វីៗ​ដែល​ជា​ប្រយោជន៍​របស់​ប្រជាជន ជាជាង​ប្រើ​អំណាច​ដើម្បី​បន្ត​រក្សា​អំណាច។

ក៏ប៉ុន្តែ ផ្លាតុង​ក៏​យល់ឃើញ​ផងដែរថា តាម​ធម្មជាតិ​ពីកំណើតមក​ មនុស្ស​មិនប្រាកដ​ថា​​មាន​គំនិត​គិតគូរ​ពី​ផលប្រយោជន៍​រួម​ច្រើន​ជាង​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះទេ។ ដូច្នេះ ដើម្បី​សម្រិតសម្រាំង​មនុស្ស (ទោះជា​ពលរដ្ឋ​ធម្មតា ឬ​ក៏​អនាគត​មេដឹកនាំ​ប្រទេស) ឲ្យ​ទៅ​ជា​មនុស្ស​ល្អ ចេះគិតគូរ​ដល់​ផលប្រយោជន៍​រួម គេ​ត្រូវការ​ជាចាំបាច់​នូវ​វិធានការ​ធំៗ​ពីរ។ ទីមួយ គឺ​ការ​អប់រំ ដើម្បី​ផ្តល់​នូវ​ចំណេះដឹង តម្រែតម្រង់​មនុស្ស​ឲ្យ​ស្គាល់​ពី​ផ្លូវល្អ។ ទីពីរ គឺ​ច្បាប់ ដើម្បី​ចែង​កំណត់​ពី​បម្រាម និង​ការ​ដាក់ទោស​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។

នៅ​ក្នុងន័យនេះហើយ ដែល​ផ្លាតុង​បាន​​ចំណាយ​ពេល​មួយ​ផ្នែក​ធំ នៅ​ក្នុង​សៀវភៅ “អំពី​ការ​គ្រប់គ្រង​រដ្ឋ” (La République) និង​សៀវភៅ​មួយទៀត ដែល​មាន​ចំណងជើង​ថា "ច្បាប់" (ជា​ភាសាបារាំង​ថា « Les lois ») ជជែក​អំពី​ការអប់រំ ដើម្បី​ហ្វឹកហ្វឺន​អនាគត​មេដឹកនាំ​​ឲ្យ​ក្លាយ​ទៅ​ជា​ទស្សនវិទូ។ ​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​វិញ​ ផ្លាតុង​ក៏​បាន​ចំណាយពេល​ច្រើន​ទៅលើ​ការ​អប់រំ​នេះ​ដែរ ជាពិសេស តាមរយៈ​ការ​បង្កើត​​​បណ្ឌិត​សភា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ