អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ទស្សនវិជ្ជា​របស់សូក្រាត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​​ប្រវត្តិ​ទស្សនវិទូ​ដ៏ល្បីល្បាញ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត គឺ​​ទស្សនវិទូ​ក្រិក "សូក្រាត” ដោយ​សូមលើកឡើង អំពី​ទស្សនវិជ្ជា​សំខាន់ៗ​របស់​លោក។

សូក្រាត៖ "អ្វីដែលខ្ញុំដឹង គឺដឹងថា ខ្ញុំ​មិនដឹងអ្វីទាំងអស់"
សូក្រាត៖ "អ្វីដែលខ្ញុំដឹង គឺដឹងថា ខ្ញុំ​មិនដឹងអ្វីទាំងអស់"
ផ្សាយពាណិជ្ជកម្ម

តើអ្វីទៅ​ជា​ទស្សនវិជ្ជា​របស់​សូក្រាត? សំណួរ​នេះ បើ​ស្តាប់មួយភ្លែត​ទៅ គួរតែ​មិនពិបាក​នឹង​ឆ្លើយនោះទេ ពីព្រោះ​ថា យ៉ាងណា សូក្រាត​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ “បិតានៃ​ទស្សនវិជ្ជា” ដូច្នេះ លោក​ប្រាកដ​ជា​បាន​បន្សល់ទុក​នូវ​គោលគំនិត​ខាង​ទស្សនវិជ្ជា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​អាច​ឲ្យ​គេ​កំណត់​បាន​ដោយ​គ្មាន​បញ្ហា។ ក៏ប៉ុន្តែ ធាតុពិតជាក់ស្តែង អ្វីៗ​មិន​ងាយស្រួល​ដូចដែល​គេ​គិតនោះទេ។

ភាព​ស្មុគស្មាញ​នៅ​ក្នុងការ​កំណត់​អំពី​ទស្សនវិជ្ជា​របស់​សូក្រាត គឺ​​ស្ថិត​នៅត្រង់​ចំណុចសំខាន់​ពីរ។

ទីមួយ គឺ​ដោយសារ​តែ​សូក្រាត​ខ្លួនឯង​ផ្ទាល់មិនបាន​ចាត់ទុកខ្លួនឯងថា​ជា​អ្នក​ចេះដឹង ឬ​ក៏​ជា​គ្រូ​ដែល​មាន​គោលគំនិត​ផ្ទាល់​ខ្លួន​ទៅ​បង្រៀន​អ្នក​ដទៃ ហើយ​នៅ​ក្នុង​ការ​បង្រៀន​សិស្ស​នោះទៀត​សោត សូក្រាត​ក៏​មិនបាន​ផ្តោត​លើ​ការ​លើកឡើង​នូវ​គោលគំនិត​ផ្ទាល់​ខ្លួន​របស់​លោក​​ប្រាប់​ទៅ​កូនសិស្ស​នោះដែរ ដោយ​ភាគច្រើន​ធ្វើការ​ចោទ​ជា​សំណួរ​ឲ្យ​កូនសិស្ស​ស្វែងរក​ចម្លើយ​នាំ​ទៅ​រក​ការ​សន្និដ្ឋាន​ផ្ទាល់​ខ្លួនឯង។

ទីពីរ គឺ​ដោយសារ​តែ​សូក្រាត​មិន​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ជា​សំណេរ​ផ្ទាល់​ខ្លួន​ ដែល​អាច​ឲ្យ​គេ​កំណត់​បាន​នូវ​គោលគំនិត​របស់​លោក។ ផ្ទុយ​ទៅវិញ ទាំង​ដំណើរជីវិត និង​ទស្សនវិជ្ជា​របស់​សូក្រាត ត្រូវ​បាន​រៀបរាប់​នៅ​ក្នុង​សំណេរ​របស់​អ្នក​ផ្សេង ជាពិសេស ផ្លាតុង និង​អារីស្តូត ដែល​ជា​កូនសិស្ស។ ហេតុដូច្នេះហើយ​បាន​ជា​ភាគច្រើន គេ​ពិបាក​នឹង​ធ្វើការ​បែងចែក រវាង​អ្វី​ដែល​ជា​គោលគំនិត​ដើម​របស់​សូក្រាត ដែល​បង្រៀន​បន្ត​ទៅ​កូនសិស្ស និង​អ្វី​ដែល​ជា​ការ​យល់ឃើញ​របស់​កូនសិស្ស​ខ្លួនឯងផ្ទាល់។ លើសពីនេះ​ទៀត គេ​សង្កេតឃើញ​ថា អ្វីដែល​គេ​អាច​កំណត់​បាន​ថា​ជា​គោលគំនិត​ដើម​របស់​សូក្រាត​នោះ ក៏​អាច​មាន​ការ​ប្រែប្រួល​ខុសៗ​គ្នា​ផងដែរ អាស្រ័យ​ទៅលើ​ថា តើ​គេ​យោងទៅលើ​ការ​រៀបរាប់​របស់​ផ្លាតុង ឬ​របស់​អារីស្តូត ឬ​របស់​កូនសិស្ស​ផ្សេងទៀត​របស់​សូក្រាត។

ទោះជាយ៉ាងណា គេ​សង្កេតឃើញ​មាន​ចំណុច​រួម​ខ្លះ ដែល​គេ​គេ​អាច​កំណត់​បាន​ថា​ជា​គោលគំនិតដើម​របស់​សូក្រាត ហើយ​ជាទូទៅ គេ​បាន​កំណត់​ថា ទស្សនវិជ្ជា​របស់​សូក្រាត​ផ្តោត​ជា​សំខាន់​ទៅលើ​ចំណុច​ដ៏សំខាន់មួយ គឺ “ចំណេះដឹង”។

តាម​ទស្សនៈ​របស់​សូក្រាត “គុណធម៌​គឺ​ចំណេះដឹង” ចំណែក​ឯ “គុណវិបត្តិ​គឺ​ភាពល្ងង់ខ្លៅ” ហើយ​ “ចំណេះដឹង​ដែល​សំខាន់​ជាងគេ គឺ​ការ​ស្គាល់​ពី​ខ្លួនឯង”។ ការស្គាល់​ពី​ខ្លួន​ឯង ការ​ត្រិះរិះពិចារណា ការ​ចេះចោទសួរ​លើ​គ្រប់បញ្ហា​ ​ធ្វើ​ឲ្យ​មនុស្ស​ចេះ​ទាញហេតុ​និង​ផល​ដោយ​ខ្លួនឯង ដោយ​មិនចេះតែ​ជឿ​តាម​គេ ជាពិសេស គឺ​មិនចេះតែ​ជឿ​ងប់ងល់​ទៅលើ​ការ​បង្រៀន​របស់​សាសនា ឬ​ការ​បង្គាប់បញ្ជា​របស់​អាជ្ញាធរ​។ សូក្រាត​ខ្លួនឯង​ផ្ទាល់​ធ្លាប់​បាន​បដិសេធ​​មិន​ធ្វើ​តាម​បញ្ជា​របស់​អាជ្ញាធរ​អាថែន ដែល​នេះ​ជា​ទម្រង់​មួយ​នៃ​អំពើ​​បះបោរ​ដោយ​អហិង្សា។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ទាក់ទង​នឹង​បញ្ហា​នេះ គេ​ក៏​ហាក់ដូចជា​សង្កេតឃើញ​ចំណុច​ផ្ទុយគ្នា​មួយដែរ នៅ​ក្នុង​ដំណើរជីវិត​របស់​សូក្រាត​ ពីព្រោះ​ថា នៅ​ពេល​ដែល​ត្រូវ​បាន​គេ​កាត់ទោស​ប្រហារ​ជីវិត សូក្រាត​បាន​បដិសេធ​មិន​រត់គេច​ខ្លួន ហើយ​ដាក់ចិត្ត​ដាក់​កាយ​ទទួល​យក​សេចក្តីស្លាប់ បើទោះបីជា​ដឹង​ថា ការ​កាត់ទោស​លើ​រូបលោក​នេះ គឺ​ជា​រឿង​ដ៏​អយុត្តិធម៌។

នៅ​ឆ្នាំ​៣៩៩​មុនគ.ស សូក្រាត​ត្រូវ​បាន​សភា​អាថែនចោទប្រកាន់​ពីបទ​ប្រមាថ​សាសនា​របស់​រដ្ឋ​ និង​សាបព្រោះ​ចំណេះដឹង​ខុសឆ្គង​​ធ្វើ​ឲ្យ​ខូចគំនិត​​​ក្មេង​ជំនាន់ក្រោយ​។ សភា​បាន​សម្រេច​ឲ្យ​សូក្រាត​​ជាប់​ពិរុទ្ធ​ទៅតាម​ការ​ចោទប្រកាន់ ក៏ប៉ុន្តែ ​បាន​ទុក​ជម្រើស​ពីរ​ឲ្យ​សូក្រាត៖ ឬ​មួយ​ជ្រើសរើស​យក​ទោស​និរទេសខ្លួន ឬមួយ​​ត្រូវ​​​​​ប្រហារ​ជីវិត។ ក៏ប៉ុន្តែ សូក្រាត​បដិសេធ​មិន​ធ្វើការ​ជ្រើសរើស​ ដោយ​ប្រកាន់​នូវ​ជំហរ​ដ៏តឹងរ៉ឹងមួយ​ថា លោក​មិនមាន​ទោស​ដូចជា​ការ​ចោទប្រកាន់​ ដូច្នេះ លោក​មិន​ត្រូវ​ទទួល​ទោស​អ្វីទាំងអស់ ទោះជា​ប្រហារ​ជីវិត ឬ​ក៏​និរទេស។ នៅទីបំផុត សភា​បាន​បោះឆ្នោត​អនុម័ត​ឲ្យ​សូក្រាតជាប់ទោស​ប្រហារ​ជីវិត ដោយ​ផឹកថ្នាំពុល។

នៅ​ក្នុងពេល​ដែល​សូក្រាត​កំពុង​ជាប់​នៅ​ក្នុង​មន្ទីរឃុំឃាំង ដើម្បី​រង់ចាំ​ការ​ប្រហារ​ជីវិត ផ្លាតុង ព្រមទាំង​កូនសិស្ស និង​មិត្តភក្តិ​ផ្សេងទៀត​របស់​សូក្រាត ដែល​យល់ថា ការកាត់ទោស​សូក្រាត​គឺ​ជា​រឿង​អយុត្តិធម៌ បាន​នាំគ្នា​រៀបចំ​គម្រោងការណ៍​​ឲ្យ​សូក្រាត​រត់គេចខ្លួន។ ក៏ប៉ុន្តែ សូក្រាត​បដិសេធ​មិន​រត់គេចខ្លួន ហើយ​សុខចិត្ត​ទទួល​យក​ទោស​ប្រហារ​ជីវិត​ទៅតាម​ការ​សម្រេច​របស់​សភា ដោយ​ថែម​ទាំង​​​បាន​​​ទទួល​យក​ថ្នាំពុល​មក​ផឹកដោយខ្លួនឯង នៅថ្ងៃ​ប្រហារ​ជីវិត។

យោងតាមសំណេរ​របស់​ផ្លាតុង សូក្រាត​បដិសេធ​មិនរត់គេច​ពី​ទោស​ប្រហារ​ជីវិត ដោយ​លើកហេតុផល​ថា គំនិត​មាន​តម្លៃ​ជាង​រូបកាយ ហើយ​ចំណេះដឹង​និង​គុណធម៌​មាន​តម្លៃ​ជាង​ជីវិត។ សម្រាប់​សូក្រាត ការរត់គេច​ពី​ទោសប្រហារ​ជីវិត គឺ​ធ្វើ​ផ្ទុយ​ពី​គោលគំនិត​របស់​លោក ដែល​តែងតែ​លើកឡើង​ថា ករណីយកិច្ច​ដ៏ចម្បងបំផុត​របស់​ពលរដ្ឋ​នៅ​ក្នុងរដ្ឋ​មួយ គឺ​ចាំបាច់​ត្រូវតែ​​​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ច្បាប់​របស់​រដ្ឋ បើទោះបីជា​ច្បាប់​នោះ​អយុត្តិធម៌​ក៏ដោយ។ យោងតាម​សូក្រាត បើ​សិន​ជា​គេ​យល់ថា​ច្បាប់ណាមួយ​មាន​ភាព​អយុត្ថិធម៌ គេត្រូវ​ស្វះស្វែង​ឲ្យ​មាន​ការ​លុបចោល ឬ​កែប្រែច្បាប់​នោះ ក៏ប៉ុន្តែ ដរាបណា​ច្បាប់​នៅ​ជា​ធរមាន គេ​ចាំបាច់​ត្រូវតែ​គោរព​តាម។

សូក្រាត​ប្រកាន់​ជំហរ​យ៉ាង​ច្បាស់ថា ការ​កាត់ទោសប្រហារ​ជីវិត​រូបលោក​ គឺ​ជា​រឿង​ដ៏​អយុត្តិធម៌ ក៏ប៉ុន្តែ លោក​ក៏​បាន​ប្រកាន់​ជំហរ​យ៉ាងច្បាស់ផងដែរ​ថា ការរត់គេច​ពី​ទោស គឺ​ជា​អំពើ​ល្មើសច្បាប់ ហើយ​ខុសពី​គោលគំនិត​របស់​លោក ដូច្នេះ វា​ក៏​ជា​ទង្វើ​អយុត្តិធម៌​មួយ​ដែរ។ សូក្រាត​យល់ថា គេ​មិនត្រូវ​ឆ្លើយតប​ទៅនឹង​អំពើ​អយុត្តិធម៌ ដោយ​អំពើ​​អយុត្តិធម៌​ដែរ​នោះទេ។

នៅ​ក្នុងឆ្នាំ​ដែល​សូក្រាត​ត្រូវ​ប្រហារ​ជីវិត ក្រិក​កំពុងតែ​ឆ្លងកាត់​នូវ​កលយុគនយោបាយ​យ៉ាងធ្ងន់ធ្ងរ។ សង្រ្គាម​ស៊ីវិល​ដ៏រ៉ាំរ៉ៃ​រយៈពេល ៣០ឆ្នាំ​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “សង្រ្គាម​ប៉េឡូប៉ូនែស”​​ ទើប​នឹង​បាន​បិទបញ្ចប់ កាល​ពី ៥ឆ្នាំមុន។ អាថែន ដែល​ចាញ់​សង្រ្គាម ​ត្រូវ​វិនាស​ហិនហោច ហើយ​របប​ប្រជាធិបតេយ្យ​ត្រូវ​ដួលរលំ។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា បក្ស​សម្ព័ន្ធ​របស់​ស្ប៉ាត ដែល​ជា​អ្នក​ឈ្នះ​សង្រ្គាម ក៏​បាន​ជួប​ប្រទះ​នឹង​​ភាពក្រីក្រ​នៅ​ស្ទើរតែ​គ្រប់ទីកន្លែង​ដែរ។

នៅទីបំផុត សង្រ្គាម​ប៉េឡូប៉ូនែស​​ក៏​បាន​ធ្វើ​ឲ្យ​ភាព​រុងរឿង​នៃ​មហាអំណាច​ក្រិក​ត្រូវ​បញ្ចប់​ជា​ស្ថាពរ ហើយ​មិនយូរ​ប៉ុន្មាន​ អតីត​មហាអំណាច​មួយនេះ​ក៏​​ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​មហាអំណាច​ថ្មីមួយទៀត គឺ​អាណាចក្រ​ម៉ាសេដ្វាន (Macédoine) ដឹកនាំ​ដោយ​អធិរាជ​ដ៏ល្បីល្បាញ​មួយរូប គឺ អាឡិចសង់​ឡឺក្រង់ (Alexandre le Grand ឬ​តាមភាសា​អង់គ្លេស Alexander the Great)។

ផ្ទុយ​ពីនេះ​ទៅវិញ ទស្សនវិជ្ជា​របស់​សូក្រាត​មិនបាន​រលត់រលាយ​ទៅតាម​អាណាចក្រ​ក្រិក​នោះទេ។ សេចក្តីបង្រៀន​របស់​សូក្រាត​ត្រូវបាន​គេ​យក​ទៅ​បង្រៀន​បន្ត​ទៅ​អ្នក​ជំនាន់ក្រោយ​ជា​បន្តបន្ទាប់ គឺ​ផ្លាតុង ដែល​ជា​កូន​សិស្ស​របស់​សូក្រាត បាន​បង្រៀន​បន្ត​ទៅ​អារីស្តូត ហើយ​អារីស្តូត គឺ​ជា​គ្រូ​របស់​អធិរាជ​អាឡិចសង់ឡឺក្រង់។ នៅពេល​ដែល​អាឡិចសង់​ឡឺក្រង់​វាយទី​ពង្រីក​ដែនដី​អាណាចក្រ​ម៉ាសេដ្វាន​ទៅ​ស្ទើរតែ​ពាសពេញ​ពិភពលោក ទស្សនវិជ្ជា​របស់​សូក្រាត​ក៏​បាន​រីកសាយភាយ​ទៅតាម​នោះដែរ ហើយ​បន្ត​​មាន​ឥទ្ធិពល​ទៅលើ​អរិយធម៌​លោក​ខាងលិច​រហូត​មក​ដល់​នឹង​ពេល​បច្ចុប្បន្ន​ ដោយ​ឆ្លងកាត់​តាម​សម័យកាល​ចក្រភព​រ៉ូម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ