អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ទស្សនវិជ្ជានយោបាយរបស់ហ្សង់ហ្សាក់ រូសូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​ទស្សនវិទូ ហ្សង់ហ្សាក់ រូសូ ជា​បន្តទៀត ដោយ​សូមលើកឡើង អំពី​ទស្សនវិជ្ជា​នយោបាយ​របស់​លោក។

រូបគំនូរ​បង្ហាញ​ពី ហ្សង់ហ្សាក់ រូសូ (Jean-Jacques Rousseau)
រូបគំនូរ​បង្ហាញ​ពី ហ្សង់ហ្សាក់ រូសូ (Jean-Jacques Rousseau) © Centre d’iconographie genevoise, Genebra
ផ្សាយពាណិជ្ជកម្ម

មនុស្ស​ជាទូទៅ មិនថា​កាល​ពី​ក្នុង​សម័យ​បុរាណ ឬ​ក្នុង​ពេល​បច្ចុប្បន្ន តែងតែ​នាំគ្នា​ជឿ​ទៅលើ​ភាពរីកចម្រើនជឿនលឿន​របស់​មនុស្ស ពោលគឺ ពី​សម័យកាល​មួយ ទៅ​សម័យកាល​មួយ ជីវិត​របស់​មនុស្ស​តែងតែ​​មាន​ភាព​ប្រសើរឡើង ទាំង​ខាង​ផ្នែក​សម្ភារៈ និង​សីលធម៌។

ហ្សង់ហ្សាក់ រូសូ​វិញ យល់ឃើញ​ផ្ទុយ​ពីនេះ។ រូសូ​យល់ថា មនុស្ស​ដើមដំបូង ថ្វីដ្បិត​តែ​មិនមាន​ភាពជឿនលឿន​ខាង​សម្ភារៈ ក៏ប៉ុន្តែ មាន​ទឹកចិត្ត​ល្អ សីលធម៌​ប្រពៃ ហើយ​អាច​រស់នៅ​ប្រកប​ដោយ​សុភមង្គល។ ក៏ប៉ុន្តែ ពី​សម័យកាល​មួយ ទៅសម័យកាល​មួយ មនុស្ស​ស្គាល់​នូវ​ភាព​រីកចម្រើន​ខាង​សម្ភារៈ ក៏ប៉ុន្តែ សីលធម៌​របស់​មនុស្ស​វិញ​ត្រូវ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ ហើយ​បើ​តាម​រូសូ នេះ​គឺ​ដោយសារ​តែ​ឥទ្ធពិល​អាក្រក់​របស់​សង្គម។ ទាក់ទង​នឹង​ចំណុច​នេះ ហ្សង់ហ្សាក់ រូសូ បាន​ធ្វើការ​ពិចារណា​ទៅលើ​សភាព​ធម្មជាតិ​របស់​មនុស្ស (Etat de nature/State of Nature) នៅមុនពេល​បង្កើត​ជា​សហគមន៍ ឬ​ជា​រដ្ឋ។

យោងតាម​រូសូ ធម្មជាតិ​របស់​មនុស្ស គឺ​កើតមក ដើម្បី​រស់នៅឯកោ​តែឯង ដែល​នេះ​គឺ​ជា​ការ​យល់ឃើញ​ផ្ទុយ​គ្នា​ស្រឡះ​ពី​អារីស្តូត ដែល​ថា ធម្មជាតិ​របស់​មនុស្ស​កើតមក គឺ​ដើម្បី​រស់នៅ​ជា​សហគមន៍ ឬ​ជា​រដ្ឋ (L’homme est un animal politique)។ ត្រង់កន្លែងនេះ គេ​អាច​និយាយ​បាន​ថា ហ្សង់ហ្សាក់ រូសូ មាន​ទស្សនៈ​ដូចគ្នា​ទៅនឹង​ថូម៉ាស់ ហបស៍។ ក៏ប៉ុន្តែ ភាព​ស្រដៀងគ្នា​នេះ គឺ​មាននៅ​ត្រឹមតែ​ចំណុច​នេះ​តែ​ប៉ុណ្ណោះ រីឯ​គោលគំនិត​ទូទៅ ស្តីពី​សភាព​ធម្មជាតិ​របស់​មនុស្ស ទស្សនវិទូ​នយោបាយ​ទាំងពីរ​រូបនេះ​មាន​ការយល់ឃើញ​ផ្ទុយ​ពី​គ្នា​ស្រឡះ។

យោងតាម​ថូម៉ាស់ ហបស៍ ធម្មជាតិ​របស់​មនុស្ស គឺ​អាត្មានិយម ចូលចិត្ត​ប្រកួតប្រជែងគ្នា តែងតែគិតថា​ខ្លួនឯង​គ្រាន់បើ​ជាង​អ្នកដទៃ ហើយ​មិនញញើត​នឹង​ប្រើកម្លាំង​វាយប្រហារ​ទៅលើ​អ្នកដទៃ ដើម្បី​តែប្រយោជន៍​ផ្ទាល់ខ្លួនឯង។ ហេតុដូច្នេះហើយ​បាន​ជា​នៅ​ក្នុង​សភាព​ធម្មជាតិ​របស់​មនុស្ស​ គឺ​ពោរពេញ​ទៅដោយ​ភាព​អនាធិបតេយ្យ និង​ជម្លោះ​ជាប់ជាប្រចាំ។

ហ្សង់ហ្សាក់ រូសូ​វិញ យល់ថា អ្វី​ដែល​ថូម៉ាស់ ហបស៍ រៀបរាប់​នេះ មិនមែន​ជា​សភាព​ធម្មជាតិ​ដើម​របស់​មនុស្ស​នោះទេ តែ​ជា​សភាព​​​របស់​មនុស្ស ដែល​រស់​នៅ​ជា​សហគមន៍​រួចទៅហើយ។ យោងតាម​រូសូ ធម្មជាតិ​របស់​មនុស្ស​ពី​កំណើត​មក គឺ​ស្អាតស្អំ ក៏ប៉ុន្តែ គឺ​សង្គម​ដែល​ជា​អ្នក​ធ្វើ​ឲ្យ​មនុស្ស​ខូច (« l’homme naît bon, c’est la société qui le corrompt » )។

ហ្សង់ហ្សាក់ រូសូ បាន​ធ្វើការ​ពិចារណា​ទៅលើ​មនោសញ្ចេតនា​មួយ​របស់​មនុស្ស គឺ​ការ​ស្រឡាញ់​ខ្លួនឯង ដោយ​បាន​ធ្វើការ​បែងចែក​ជាពីរ​ដាច់ចេញ​ពី​គ្នា​ស្រឡះ។ ទីមួយ គឺ​ការ​ស្រឡាញ់​ខ្លួនឯង​ពី​ធម្មជាតិ (amour de soi) ដែល​ជា​ការ​ចេះគិតគូរ​ពី​ខ្លួនឯង ការពារខ្លួន ថែខ្លួន ចង់​ឲ្យ​ខ្លួន​ល្អ និង​មាន​សុភមង្គល ក៏​ប៉ុន្តែ​សម្រាប់តែស្កប់ចិត្ត​ខ្លួនឯង ដោយ​មិន​ធៀប​នឹង​អ្នកដទៃ ហើយ​មិន​ខ្វល់ខ្វាយ​ពី​ទស្សនៈ​របស់​អ្នកដទៃ​ដែល​មើ​លមក​ខ្លួន។ រូសូ​យល់ថា ការ​ស្រឡាញ់​ខ្លួន​ឯង​ពី​ធម្មជាតិ​នេះ គឺ​ជា​ការល្អ ហើយ​វា​ផ្ទុយ​ស្រឡះ​ពី​ការ​ស្រឡាញ់​ខ្លួន​ឯង​មួយ​ទៀត (amour-propre) ដែលកើតចេញ​ពី​ការ​រស់នៅ​ជា​សហគមន៍។ គឺ​ជា​ការ​ស្រឡាញ់​ខ្លួនឯង​ដោយ​ធៀប​ទៅនឹង​អ្នក​ដទៃ និង​ដោយ​ចង់​ឲ្យ​អ្នក​ដទៃ​មើល​មក​ថា​ខ្លួនល្អ។ ការ​ស្រឡាញ់​ខ្លួនឯង​បែបនេះ​ហើយ​ ដែល​​រូសូ​យល់ថា ជា​កត្តា​ចម្បង​ដែល​នាំ​ទៅ​រក​ការ​ប្រកួតប្រជែងគ្នា ការ​ច្រណែនឈ្នានិសគ្នា និង​ការ​ប្រឈមមុខ​ដាក់គ្នា។

ដូចគ្នា​ដែរ​ចំពោះ​វិសមភាព ហ្សង់ហ្សាក់ រូសូ ធ្វើការ​បែងចែក​ដាច់​ពីគ្នា រវាង ទីមួយ ​វិសមភាព​ពី​ធម្មជាតិ (inégalité naturelle) ដែល​ជា​វិសមភាព​ខាង​រូបរាងកាយ (កម្លាំង​, មាឌ, បញ្ញា, សុខភាព...) ដែល​រូសូ​គិត​ថា​គឺ​ជា​រឿងធម្មតា និង​ទីពីរ វិសមភាព​ដែល​កើតចេញ​ពី​​ការកំណត់​ដោយ​សង្គម (inégalité morale)។ វិសមភាព​ប្រភេទ​ទីពីរ​នេះហើយ ដែល​រូសូ​យល់ថា​ជា​ចំណោទ​ដ៏ធំ​របស់​មនុស្ស ហើយ​ដែល​គេ​ចាំបាច់​ត្រូវ​ស្វែងយល់។

យោងតាម​ហ្សង់ហ្សាក់ រូសូ កត្តា​​ដ៏​ចម្បងមួយទៀត ដែល​បង្កើត​ឲ្យ​មាន​វិសមភាព​នៅ​ក្នុង​សង្គម គឺ​កម្មសិទ្ធិឯកជន។ តាមគំនិត​របស់​រូសូ នៅ​ក្នុង​លក្ខណៈធម្មជាតិ អ្វីៗ​ទាំងអស់​នៅលើ​ភពផែនដី​យើងនេះ​គឺ​ជា​របស់​រួមទាំងអស់ មិនមែន​ជា​កម្មសិទ្ធិ​របស់​អ្នកណា​ម្នាក់នោះទេ។ ក៏ប៉ុន្តែ ការបង្កើត​ឲ្យ​មាន​កម្មសិទ្ធិ​ឯកជន ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗ​អាច​យក​របស់​អ្វី​មួយ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ផ្តាច់មុខតែឯង ហើយ​លើសពីនេះ​ទៅទៀត អ្នក​ខ្លះ​អាច​មានច្រើន ខ្លះ​មាន​តិច ហើយ​ខ្លះ​អត់មាន​សោះ​ក៏​មាន ដែល​បង្កើត​ឲ្យ​មាន​ទៅជា​វិសមភាព​រវាង​មនុស្ស និង​មនុស្ស​ដូចគ្នា។

ទស្សនៈរបស់​រូសូ​នេះហើយ ដែល​មេដឹកនាំ​បដិវត្តន៍​កុម្មុយនិស្ត រួមមាន​ទាំង​ទស្សនវិទូ​កាលម៉ាក្ស មេដឹកនាំ​កុម្មុយនិស្ត​សូវៀត​លេនីន ឬ​ក៏​មេដឹកនាំ​ខ្មែរក្រហម​ ជាដើម នាំគ្នា​​​លើក​យក​មក​ធ្វើ​ជា​សំអាង ដើម្បី​ដាក់ចេញ​នូវ​នយោបាយ​លុបបំបាត់កម្មសិទ្ធិឯកជន ហើយ​យក​អ្វីៗ​ទាំងអស់​ដាក់​ជា​សមូហភាព។

ក៏ប៉ុន្តែ តាមការពិត​ទៅ ហ្សង់ហ្សាក់ រូសូ មិនដែល​លើកឡើង​ពី​គំនិត​ថា​គេ​ត្រូវលុបចោល​កម្មសិទ្ធិឯកជន​នេះទេ។ សម្រាប់​រូសូ មនុស្ស​យើង​រស់នៅ​ជា​សហគមន៍​រួចទៅហើយ ដូច្នេះ មិន​អាច​វិលត្រឡប់​ទៅរក​សភាព​ធម្មជាតិ​ដើម​វិញ​បាននោះទេ។ ផ្ទុយទៅវិញ អ្វីដែល​គេ​គួរធ្វើ គឺ​ត្រូវ​រកវិធី​គ្រប់គ្រង​​ទំនាក់ទំនង​នៅ​ក្នុង​សហគមន៍​ ដើម្បី​ធានា​នូវ​យុត្តិធម៌ និង​សិទ្ធិសេរីភាព​របស់​បុគ្គល​នីមួយៗ​នៅ​ក្នុង​សហគមន៍ ហើយ​បើ​តាម​រូសូ​ គេ​អាច​សម្រេច​គោលដៅនេះ​បាន តាមរយៈ “កិច្ចសន្យាសង្គម”។

នៅ​ក្នុង​ “កិច្ចសន្យាសង្គម” របស់​រូសូ មនុស្ស​ម្នាក់ៗ​សុខចិត្ត​លះបង់​សិទ្ធិពីធម្មជាតិ​​របស់​ខ្លួន ហើយ​ជាថ្នូរមកវិញ គឺ​ទទួល​បាន​នូវ​សិទ្ធិពលរដ្ឋ​ដែលកំណត់​ដោយ​ច្បាប់ ដោយ​នៅ​ក្នុងនោះ​ក៏មាន​ដែរ សិទ្ធិ​ទៅលើ​កម្មសិទ្ធិឯកជន។

យោងតាម​រូសូ នៅ​ក្នុង​សង្គមមួយ​ដែល​យុត្តិធម៌ គ្រប់គ្នា​ចាំបាច់​ត្រូវតែ​គោរព​ទៅ​តាម​ “ឆន្ទៈទូទៅ” (Volonté générale) ពោលគឺ ឆន្ទៈរបស់ប្រជារាស្រ្តជាទូទៅ។ ឆន្ទៈទូទៅ​គឺ​មាន​គោលដៅ​ស្វែងរក​ផលប្រយោជន៍​ទូទៅ ហើយ​វាអាច​មាន​ភាព​ផ្ទុយគ្នា​ទៅនឹង​ឆន្ទៈបុគ្គល និង​ប្រយោជន៍​បុគ្គល ក៏ប៉ុន្តែ នៅ​ក្នុង​ករណី​មាន​ភាព​ផ្ទុយគ្នា​នេះ ឆន្ទៈទូទៅ​ត្រូវតែ​មាន​ឧត្តមានុភាព​លើ​ឆន្ទៈបុគ្គល។

ម្យ៉ាងទៀត ហ្សង់ហ្សាក់ រូសូ ក៏​បាន​ធ្វើការ​ទាញភ្ជាប់គ្នា​ផងដែរ រវាង "ឆន្ទៈទូទៅ" និងធម្មានុរូបភាព​នៃ​ច្បាប់ និង​​អំណាច​រដ្ឋ។ រូសូ​យល់ថា ដោយសារ​តែ​អ្វីៗ​ទាំងអស់ ទាំងមេដឹកនាំ និង​ទាំង​ច្បាប់ សុទ្ធតែ​កើតចេញ​ពី​ឆន្ទៈ​ទូទៅ​របស់​ប្រជាជន ដូច្នេះ នៅ​ពេល​ប្រជាជន​ស្តាប់​មេដឹកនាំ និង​គោរពច្បាប់ តាមពិត គឺ​គ្រាន់តែ​ជា​ការ​ស្តាប់ និង​គោរព​តាម​ឆន្ទៈ​របស់​ខ្លួនឯងតែ​ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ​បាន​ជា​រូសូ បាន​សរសេរ​នូវ​ពាក្យដ៏ល្បីល្បាញ​មួយឃ្លាថា “L’obéissance à la loi qu’on s’est prescrite est la liberté” ដែល​មាន​ន័យជារួមថា ការគោរព​ច្បាប់​ដែលកើតចេញ​ពី​ឆន្ទៈខ្លួនឯង វា​គឺ​ជា​សិទ្ធិសេរីភាព ហើយ​មិនមែន​ជា​ការ​បង្ខិតបង្ខំនោះទេ។

ក៏ប៉ុន្តែ សំណួរ​ចម្បងដែល​ចោទឡើង គឺ​នៅត្រង់​ថា តើ​មេដឹកនាំ និង​ច្បាប់ ពិតជា​កើតចេញ​ពី​ឆន្ទៈរាស្រ្ត​ដែរឬទេ? ចំណុច​នេះហើយ ដែល​​​ហ្សង់ហ្សាក់ រូសូ បាន​លើក​យក​មក​ធ្វើ​ជា​មូលដ្ឋាន ក្នុងការ​រិះគន់​របបដឹកនាំ​នៅ​បារាំង នៅ​ក្នុង​សម័យកាល​នោះ (Ancien régime) ដោយ​រូសូ​ចាត់ទុកថា​ជា​របៀបដឹកនាំ​មួយ ដែល​មិនគោរពទៅតាម​ឆន្ទៈទូទៅ​របស់​ប្រជារាស្រ្ត។ ១១ឆ្នាំក្រោយ​មរណភាព​របស់​ហ្សង់ហ្សាក់ រូសូ ទ្រឹស្តី​ទាំងនេះ​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ដ៏​ចម្បងមួយ ក្នុងការ​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​បារាំង នៅ​ឆ្នាំ១៧៨៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ