អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ចន ឡក ​(១៦៣២-១៧០៤)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍នេះ សេង ឌីណា សូម​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​ទស្សនវិទូ​ដ៏ល្បីល្បាញ​មួយ​រូបទៀត នៅ​ក្នុង​ប្រវត្តិសាស្រ្ត គឺ​ទស្សនវិទូ​អង់គ្លេស ចន ឡក (John Locke)។

រូបគំនូរ​បង្ហាញ​ពី​លោក ចន ឡក (John Locke) ទស្សនវិទូ​អង់គ្លេស
រូបគំនូរ​បង្ហាញ​ពី​លោក ចន ឡក (John Locke) ទស្សនវិទូ​អង់គ្លេស Public Domaine
ផ្សាយពាណិជ្ជកម្ម

ចន ឡក គឺ​ជា​ទស្សនវិទូ​អង់គ្លេស​ដូច​ថូម៉ាស់ ហបស៍​ដែរ ហើយ​ចន ឡក ថ្វីដ្បិតតែ​កើតក្រោយ​ថូម៉ាស់ ហបស៍មួយ​ជំនាន់ តែ​អ្នក​ទាំងពីររស់នៅ​ក្នុង​យុគសម័យកាល​ប្រហាក់ប្រហែលគ្នា ឆ្លងកាត់​បរិបទ​នយោបាយ​ស្រដៀងគ្នា គឺ​សង្រ្គាមស៊ីវិល រវាង​ក្រុម​អ្នក​សភានិយម និង​អ្នក​រាជានិយម​អង់គ្លេស។

ចន ឡក និង​ថូម៉ាស់ ហបស៍ គឺ​ជា​ទស្សនវិទូ​នយោបាយ ដែល​សិក្សា​លើ​ប្រធានបទ​ដូចគ្នា គឺ​ “សភាពធម្មជាតិ​របស់​មនុស្ស” និង ទ្រឹស្តី “កិច្ចសន្យាសង្គម” ក៏ប៉ុន្តែ អ្នក​ទាំងពីរ​មាន​ទស្សនៈផ្ទុយ​ពី​គ្នា​ស្រឡះ ហើយ​នៅ​ទី​ចុង​បំផុត ទ្រឹស្តី​របស់​ទស្សនវិទូ​ទាំងពីរ​រូបនេះ បាន​ក្លាយ​ទៅ​ជា​មូលដ្ឋានគ្រឹះ​នៃ​ទ្រឹស្តី​ធំៗ​ពីរ​ផ្ទុយគ្នា គឺ​ថូម៉ាស់ ហបស៍ ជា​មូលដ្ឋាន​នៃ​​ទ្រឹស្តី “ប្រាកដនិយម” (Réalisme) ចំណែក​ចន ឡក ជា​មូលដ្ឋានគ្រឹះ​នៃ​ទ្រឹស្តី “សេរីនិយម” (Libéralisme)។

ចន ឡក កើត​នៅ​ថ្ងៃទី២៩ ខែ​សីហា ឆ្នាំ១៦៣២។ នៅពេល​ដែល​ចន ឡក កើត ថូម៉ាស់ ហបស៍ មាន​វ័យ​ ៤៤ឆ្នាំ ហើយ​ស្រុក​កំណើត​របស់​ចន ឡក ស្ថិត​​នៅ​ចម្ងាយ​តែ​ប្រមាណ​ជា ១០០គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ស្រុក​កំណើត​របស់​ថូម៉ាស់ ហបស៍។ ឪពុក​របស់​ចន ឡក គឺ​ជា​មេធាវី​ ហើយ​បាន​ចូល​បម្រើ​ការ​ជា​នាយទាហាន​មួយរូប នៅ​ក្នុង​សង្រ្គាម​ស៊ីវិល​អង់គ្លេស ដោយ​ឈរ​នៅ​ខាង​ក្រុម​សភា​និយម។ ក្រោយ​មក ចន ឡក ផ្ទាល់ ក៏​ជា​អ្នក​ដែល​គាំទ្រ​ក្រុម​សភា​និយម​នេះដែរ ពោលគឺ ផ្ទុយ​ស្រឡះ​ពី ថូម៉ាស់ ហបស៍ ដែល​គាំទ្រ​ក្រុម​រាជានិយម។

ចន ឡក បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ពី​សាលា​ដ៏ល្បីល្បាញមួយ នៅ​ក្នុង​ទីក្រុង​ឡុងដ៍ រួចហើយ​បាន​បន្ត​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​ដ៏​កាន់តែ​ល្បីល្បាញ​មួយ​ទៀត គឺ​សកលវិទ្យាល័យ​អកស្វត (Oxford) ដោយ​នៅពេលនោះ ចន ឡក ចាប់យក​ជំនាញ​ជា​វេជ្ជបណ្ឌិត។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា ចន ឡក បាន​ចូល​ធ្វើការ​ជា​គ្រូពេទ្យ​ផ្ទាល់​ខ្លួន​របស់​អ្នក​នយោបាយ​អង់គ្លេស​​​ដ៏​មាន​ឥទ្ធិពល​មួយរូប​នៅពេលនោះ គឺ​អង់តូនី អាស្ហ្លី ឃូភ័រ (Anthony Ashley Cooper) ហើយ​ដែល​គេ​ច្រើន​ហៅ​ដោយ​កាត់ខ្លី ទៅតាម​គោរមងារ​របស់​លោកថា ឡដ អាស្ហ្លី (Lord Ashley)។

ទំនាក់ទំនង រវាង​ចន ឡក និង​ឡដ អាស្ហ្លី គឺ​មិនស្ថិត​ត្រឹម​​​កម្រិត​ជា​ចៅហ្វាយនាយ និង​កូនចៅ ឬ​អ្នក​ជំងឺ និង​គ្រូពេទ្យ​នោះទេ ប៉ុន្តែ គឺ​ជា​ទំនាក់ទំនង​ជា​មិត្តភាព​យ៉ាង​ជិតស្និទ្ធិ​បំផុត ដែល​អូសបន្លាយ​ពេល​រហូតដល់​ទៅ​ជិត ២០ឆ្នាំ ពោលគឺ រហូតដល់​ពេល​ដែល​ឡដ អាស្ហ្លី ទទួល​មរណភាព។ គេដឹង​ថា ចន ឡក ធ្លាប់បាន​ប្រើ​ជំនាញ​ជា​គ្រូពេទ្យ​របស់​លោក ជួយ​សង្រ្គោះ​ជីវិត​របស់​ឡដ អាស្ហ្លី ពី​ជំងឺ​ថ្លើម​ដ៏ធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​អ្នក​ទាំងពីរ​កាន់តែ​ស្អិតល្មួត​ជាងនេះ​ទៅទៀត គឺ​គោលគំនិត​ស្រដៀងគ្នា​ខាង​ផ្នែក​នយោបាយ។

ឡដ អាស្ហ្លី គឺ​ជា​អ្នក​នៅ​ខាង​ក្រុម​សភា​និយម តែ​ក្នុង​ពេល​ជាមួយគ្នា គឺ​ក៏​ជា​អ្នក​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ក្រុម​រាជានិយម។ នៅ​ក្រោយ​ពេល​ដែល​មេដឹកនាំផ្តាច់ការ​អង់គ្លេស អូលីវ័រ ក្រមវែល ទទួល​មរណភាព គឺ​ឡដ អាស្ហ្លី ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការស្តារ​របបរាជានិយម ហើយ​នាំ​ព្រះមហាក្សត្រ​អង់គ្លេស​ឲ្យ​ឡើង​មក​គ្រងរាជ្យ​វិញ។ ហេតុដូច្នេះហើយ​បាន​ជា​នៅ​ក្រោម​របបរាជានិយម​ថ្មី​នេះ ឡដ អាស្ហ្លី ត្រូវ​បាន​តែងតាំង​ឲ្យ​កាន់តំណែង​ខ្ពស់ ហើយ​រហូ​តបាន​ក្លាយ​ទៅ​ជា​ប្រធាន​ក្រុមទីប្រឹក្សា​ព្រះមហាក្សត្រ។

បើ​និយាយ​ពី​គំនិតនយោបាយ​វិញ ឡដ អាស្ហ្លី មិនចូលចិត្ត​របបរាជានិយម​ផ្តាច់ការ​ដែល​អង់គ្លេស​មាន​ពីមុន ហើយ​ក៏​មិនចូលចិត្ត​របបសាធារណរដ្ឋ​ផ្តាច់ការ​តាមបែប​អូលីវ័រ ក្រមវែល ដែល​បង្កើតឡើង​ក្រោយ​ការ​ផ្តួលរំលំ​របបរាជានិយមនោះដែរ។ ឡដ អាស្ហ្លី គឺ​ជា​អ្នក​គាំទ្រ​ឲ្យ​មាន​របបដឹកនាំ​តាមបែប​រាជានិយម​អាស្រ័យធម្មនុញ្ញ ដែល​សភា​មាន​តួនាទី​សំខាន់ ហើយ​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​ត្រូវ​បាន​ធានា។ គោលគំនិត​បែបនេះ គឺ​ត្រូវគ្នា​ទៅនឹង​គោលគំនិត​របស់ ចន ឡក។

គេ​សង្កេតឃើញ​ថា នៅ​ក្នុង​រយៈពេលជិត ២០ឆ្នាំ ចាប់តាំង​ពី​បាន​ស្គាល់​ ឡដ អាស្ហ្លី ដំណើរជីវិត​របស់​ចន ឡក បាន​ផ្សារភ្ជាប់​​យ៉ាងស្អិត​ជាមួយ​នឹងភាពឡើងចុះ នៃ​​អាជីព​នយោបាយ​របស់ ឡដ អាស្ហ្លី។

នៅ​ក្នុង​អំឡុង​ពេល​ដែល​អាជីព​នយោបាយ​របស់​ ឡដ អាស្ហ្លី កំពុង​ស្ថិត​ក្នុង​ភាព​រុងរឿង ដំណើរជីវិត​របស់​ចន ឡក ក៏​ស្គាល់​នូវ​ភាព​រុងរឿង​ទៅតាម​ចៅហ្វាយនាយ​របស់ខ្លួន​ដែរ ហើយ​នៅ​ក្នុង​អំឡុង​ពេលនោះ ចន ឡក បាន​ចំណាយពេល​ជាច្រើន​របស់​លោក ផ្តោត​ទៅលើ​ការ​សិក្សា​​មិនត្រឹមតែ​ទៅលើ​ផ្នែក​វេជ្ជសាស្រ្ត​ប៉ុណ្ណោះទេ តែ​ទៅលើ​ផ្នែក​វិទ្យាសាស្រ្ត​ជាទូទៅ។

ចន ឡក ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​ចូល​ជា​សមាជិក​រាជបណ្ឌិត្យសភា​វិទ្យាសាស្រ្ត​អង់គ្លេស (The Royal Society) នៅ​ឆ្នាំ​១៦៦៨ ហើយ​ក្រោយ​មក​បាន​ស្គាល់ និង​ក្លាយ​ជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធិ​របស់​អ៊ីសាក់ ញូតុន ដែល​បាន​ចូល​ជា​សមាជិក​រាជបណ្ឌិត្យសភា​វិទ្យាសាស្រ្ត​បួនឆ្នាំក្រោយ​ ចន ឡក (ឆ្នាំ១៦៧២)។

នៅ​ឆ្នាំ១៦៧៩ ឡដ អាស្ហ្លី ដែល​ជា​អ្នក​កាន់​គ្រិស្តសាសនា​និកាយ​ប្រូតេស្តង់ បាន​ធ្វើ​ជា​មេគំនិត​រៀបចំ​ទាមទារ​ឲ្យ​​តាក់តែង​​​ច្បាប់​មួយ ដើម្បី​ហាមឃាត់​មិន​ឲ្យ​ព្រះអង្គម្ចាស់​ដែល​កាន់និកាយ​កាតូលិក អាច​ឡើង​ស្នងរាជបល្ល័ង្ក។ គម្រោងការណ៍​នេះ​ត្រូវ​ទទួល​បរាជ័យ ហើយ​នៅ​ឆ្នាំ១៦៨១ ឡដ អាស្ហ្លី ត្រូវ​បាន​គេ​ដកតំណែង ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ការ​ចោទប្រកាន់​ពីបទក្បត់ជាតិ។ ឡដ អាស្ហ្លី ក៏​បាន​រត់ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ហូឡង់ ក៏ប៉ុន្តែ ត្រូវ​ធ្លាក់​ខ្លួន​ឈឺធ្ងន់ ហើយ​ទទួល​មរណភាព​នៅ​ឆ្នាំ១៦៨៣។

នៅ​ឆ្នាំ​ដដែល​នោះ ចន ឡក ដែល​ត្រូវ​រស់​នៅ​ក្រោម​ការ​តាមឃ្លាំមើល​ជាប់ជា​ប្រចាំ​ពី​អាជ្ញាធរ​អង់គ្លេស ក៏​បាន​សម្រេច​​​រត់ភៀសខ្លួន​ទៅប្រទេស​ហូឡង់​ដែរ។ នៅ​ក្នុង​អំឡុង​ពេលនោះហើយ ដែល​ចន ឡក បាន​ចំណាយ​ពេល​សរសេរ ហើយ​ចាប់ផ្តើម​ចេញផ្សាយ​សៀវភៅ​របស់​លោក ស្តីពី​ទស្សនវិជ្ជា​នយោបាយ។

ចន ឡក រស់នៅ​និរទេស​ខ្លួន នៅ​ក្នុង​ប្រទេស​ហូឡង់​អស់រយៈពេល ៥ឆ្នាំ ​រហូត​ទាល់​តែ​ក្រោយ​ពេល​ដែលមាន​បដិវត្តន៍​ផ្តួលរំលំ​ព្រះមហាក្សត្រ​កាតូលិក​នៅ​អង់គ្លេស ជំនួស​មកវិញ​ដោយ​ព្រះមហាក្សត្រ​ប្រូតេស្តង់ នៅ​ឆ្នាំ១៦៨៨ ទើប​ចន ឡក វិលត្រឡប់​ចូល​ទៅ​កាន់​ប្រទេស​អង់គ្លេស​វិញ។

ចន ឡក បាន​ចំណាយពេល​ប៉ុន្មានឆ្នាំចុងក្រោយ​ដែល​នៅសេសសល់​ក្នុង​ជីវិត​របស់​លោក សរសេរសៀវភៅ​ជាច្រើន​ទៀត ស្តីពី​ទស្សនវិជ្ជា​នយោបាយ ព្រមទាំង​បាន​ចូលរួម​យ៉ាង​សកម្ម នៅ​ក្នុងការ​រៀបចំ​តាក់តែង​​ច្បាប់​ធម្មនុញ្ញ​អង់គ្លេស ដែល​គេ​ឲ្យឈ្មោះ​ថា “Bill of Rights” (១៦៨៩) ដោយ​នៅ​ក្នុងនោះ មាន​ចែង​ដាក់កម្រិត​អំណាច​របស់​ព្រះមហាក្សត្រ​, កំណត់​ពី​សិទ្ធិអំណាច​របស់​សភា ព្រមទាំង​អំពី​សិទ្ធិសេរីភាព​របស់ប្រជា​ពលរដ្ឋ។ “Bill of Rights” នេះហើយ ដែល​ត្រូវបាន​គេ​កំណត់​ថា​ ជា​ចំណុច​ចាប់ផ្តើម​នៃ​របបរាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ​នៅ​អង់គ្លេស ហើយ​ដែល​ក្លាយ​ជា​គំរូ​ទៅដល់​ប្រទេស​ជាច្រើន​ផ្សេងៗ​ទៀត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

ចន ឡក ទទួល​មរណភាព​ នៅ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៧០៤ ក៏ប៉ុន្តែ ទស្សនវិជ្ជា​នយោបាយ​របស់​លោក​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ទៅដល់​បដិវត្តន៍​ដ៏​សំខាន់​ចំនួនពីរ នៅ​ក្នុង​ប្រវត្តិសាស្រ្ត គឺ​បដិវត្តន៍​ទាមទារ​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ១៧៧៦ និង​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​នៅ​បារាំង នៅ​ឆ្នាំ​១៧៨៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ