អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ផ្លាតុង ​(៤២៨-៣៤៧មុនគ.ស)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​រៀបរាប់​អំពី​​ប្រវត្តិ​ទស្សនវិទូ​ដ៏ល្បីល្បាញ​មួយរូបទៀត ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត គឺ​​ "ផ្លាតុង”។

រូបចម្លាក់​ផ្លាតុង​នៅ​ក្រិក​បច្ចុប្បន្ន
រូបចម្លាក់​ផ្លាតុង​នៅ​ក្រិក​បច្ចុប្បន្ន Carlos Blanco/ Flickr CC
ផ្សាយពាណិជ្ជកម្ម

ផ្លាតុង គឺ​ជា​សិស្ស​របស់​សូក្រាត និង​ជា​គ្រូ​របស់​អារីស្តូត។ ផ្ទុយ​ពី​សូក្រាត​ដែល​មិនបាន​បន្សល់ទុក​នូវ​ស្នាដៃ​​ជា​សំណេរ​អ្វី​ទាំងអស់​​នោះ ផ្លាតុង​វិញ​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន ដែល​និយាយ​ទាំង​ពី​ទស្សនវិជ្ជា​របស់​លោក និង​ទស្សនវិជ្ជា​របស់​សូក្រាត​ដែល​ជា​គ្រូ។ តាមការពិត គឺ​តាមរយៈ​សំណេរ​របស់​ផ្លាតុង ដែល​គេ​អាច​ដឹង​ពី​ប្រវត្តិ​ផ្ទាល់ខ្លួន និង​ទស្សនវិជ្ជា​របស់​សូក្រាត ហើយ​សំណេរ​ខ្លះ​របស់​ផ្លាតុង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​​ទស្សនវិជ្ជានយោបាយ​ដំបូង​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។

ផ្លាតុង​កើតនៅ​ក្នុង​អំឡុង​ឆ្នាំ​៤២៨​មុនគ.ស នៅ​អាថែន ប្រទេស​ក្រិក។ ផ្ទុយ​ពី​សូក្រាត​ដែល​កើត​ក្នុង​គ្រួសារ​នៃ​អ្នក​មាន​វណ្ណៈមធ្យម ផ្លាតុងវិញ គឺ​ជា​កូនចៅ​អ្នក​មាន​ត្រកូល​ខ្ពង់ខ្ពស់ ហើយ​ទទួល​បាន​នូវ​ការ​អប់រំ​ខ្ពស់។ ក៏ប៉ុន្តែ ផ្លាតុង​ធំដឹង​ក្តីឡើង នៅ​ក្នុង​ពេល​ដែល​ក្រិក​កំពុង​ស្ថិតក្នុង​កលយុគ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ គឺ​សង្រ្គាម​ស៊ីវិល រវាង​អាថែន និង​ស្ប៉ាត ដែល​គេ​ឲ្យឈ្មោះ​ថា “សង្រ្គាម​ប៉េឡូប៉ូនែស”។

នៅ​ក្នុង​កលយុគនយោបាយ​នេះ ផ្លាតុង​បាន​ឆ្លងកាត់​នូវ​ការ​ផ្លាស់ប្តូរ​របបនយោបាយ​ជាច្រើន​លើក​ នៅ​អាថែន គឺ​ចេញ​ពី “​របបប្រជាធិបតេយ្យ” (របប​នយោបាយ ដែល​រដ្ឋាភិបាល​កើតចេញ​ពី​ការជ្រើសរើសដោយ​ប្រជាជន​ជាទូទៅ) ទៅ “​​របប​អប្បជនាធិបតេយ្យ” (របបនយោបាយ​ដែល​រដ្ឋាភិបាល​កើតចេញ​ពី​​​ជនមួយក្រុមតូច) មុននឹង​វិលត្រឡប់​មក​កាន់​របបប្រជាធិបតេយ្យ​វិញ។

ផ្លាតុង ​ដែល​ជា​កូនចៅ​អ្នក​មាន​ត្រកូលខ្ពង់ខ្ពស់​​និង​មាន​ខ្សែបណ្តាញ​ច្រើន មាន​ឱកាស​ច្រើន​ក្នុង​ការ​ក្លាយ​ជា​​​អ្នក​នយោបាយ​ និង​មាន​តួនាទី​ធំដុំ​នៅ​ក្នុង​រដ្ឋាភិបាល ក៏ប៉ុន្តែ ផ្លាតុង​បាន​បដិសេធ​មិន​ចាប់អាជីព​នយោបាយ ដោយសារ​តែ​បាន​សង្កេតឃើញ​ថា អ្នក​នយោបាយ​ជា​ទូទៅ​នៅពេលនោះ មិនថា​នៅ​ក្នុង​របបប្រជាធិបតេយ្យ ឬ​ក្នុង​របបអប្បជនាធិបតេយ្យ​ គឺ​ធ្វើ​អ្វីៗ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រយោជន៍​បក្សពួក ជាជាងដើម្បី​ប្រយោជន៍​របស់​ប្រជាជន​ទូទៅ ហើយ​នយោបាយ​ដែលរដ្ឋាភិបាល​​ដាក់ចេញ​ភាគច្រើន​មាន​គោលដៅ​បន្ត​រក្សា​អំណាច ជាជាង​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ដែល​ជា​ម្ចាស់​អំណាច។

នៅ​ក្នុង​បរិបទ​នេះហើយ​ដែល​ផ្លាតុង​បាន​ចំណាយ​ពេល​ច្រើន ធ្វើការ​គិតពិចារណា​ទៅលើ​​ទស្សនវិជ្ជា​នយោបាយ ជាពិសេស ទៅលើ​សំណួរ​ដ៏​ចម្បងមួយថា តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​​​​ឲ្យ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​ជនមួយក្រុមតូចអាច​ធ្វើការ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​បម្រើ​ផលប្រយោជន៍ និង​សុខមាលភាព​របស់​ប្រជាជន​ទូទៅ ដែល​ជា​អ្នក​ផ្តល់​អំណាច​ដល់​ពួកគេ?

នៅ​ក្នុង​ការ​សិក្សា​លើ​ទស្សនវិជ្ជា អ្នក​ដែល​មាន​ឥទ្ធិពល​បំផុត​ទៅលើ​ផ្លាតុង គឺ​សូក្រាត។ គេ​សង្កេតឃើញ​ថា ស្នាដៃ​ដែល​ផ្លាតុង​បាន​បន្សល់ទុក​ភាគច្រើន​គឺ​ជា​សំណេរ​ក្នុងទម្រង់​ជា​កិច្ចសន្ទនា ហើយ​នៅ​​ក្នុង​ស្ទើរតែ​គ្រប់​កិច្ចសន្ទនា​អស់​ទាំងនេះ តួអង្គ​ចម្បង គឺ​សូក្រាត។ ឥទ្ធិពល​របស់​សូក្រាត​ទៅលើ​ផ្លាតុង​មិនមែន​មាន​ត្រឹមតែ​ទៅលើ​​សេចក្តីបង្រៀន​ទស្សនវិជ្ជា​កាល​ពី​ពេលនៅ​រស់​នោះទេ តែ​​សូម្បីតែ​ការស្លាប់​របស់​សូក្រាត​​ក៏​បាន​ក្លាយ​ជា​របត់​ដ៏សំខាន់​មួយ​ដែរ នៅ​ក្នុង​ដំណើរ​ជីវិត​​ជា​ទស្សនវិទូ​របស់​ផ្លាតុង។

នៅ​ឆ្នាំ៣៩៩​មុនគ.ស សូក្រាត​ត្រូវ​បាន​អាជ្ញាធរ​អាថែន​កាត់ទោស​ប្រហារ​ជីវិត​ ដោយចោទប្រកាន់​​​ពីបទ​ប្រមាថ​សាសនា​របស់​រដ្ឋ​ និង​សាបព្រោះ​ចំណេះដឹង​ខុសឆ្គង​​ធ្វើ​ឲ្យ​ខូចគំនិត​​​ក្មេង​ជំនាន់ក្រោយ​។ ក៏ប៉ុន្តែ សម្រាប់​ផ្លាតុង ដំណើរការ​កាត់ទោស​សូក្រាត តាំង​ពីដើម​រហូតដល់​ចប់ គឺ​មាន​ពោរពេញ​ទៅដោយ​ល្បិចកល ការប្រឌិតភស្តុតាង និង​ការ​ចោទប្រកាន់​ដែលមាន​លក្ខណៈ​នយោបាយ​សុទ្ធសាធ។ និយាយ​ជា​រួម ផ្លាតុង​យល់ថា សូក្រាត​គឺ​ជា​ជនរងគ្រោះ​នៃ​អំពើ​​អយុត្តិធម៌។

ហេតុដូច្នេះហើយ​បាន​ជា​នៅ​ក្នុង​អំឡុង​ពេល​ប្រមាណ​ជា១ខែ ដែល​សូក្រាត​ជាប់​ក្នុង​មន្ទីរឃុំឃាំង​រង់ចាំ​ថ្ងៃ​ប្រហារ​ជីវិត ផ្លាតុង ដែល​ជា​កូនចៅ​អ្នក​ត្រកូល​ខ្ពង់ខ្ពស់ និង​មាន​ខ្សែបណ្តាញ​ក្នុង​ចំណោម​អ្នក​មាន​ឥទ្ធិពល​នយោបាយ បាន​ខ្នះខ្នែង​រកវិធី​ឲ្យ​សូក្រាត​អាច​រត់ចេញ​ពី​ពន្ធនាគារ ដើម្បី​គេច​ពី​ការប្រហារ​ជីវិត។ ក៏ប៉ុន្តែ គម្រោងការណ៍​នេះ​មិនបាន​សម្រេច ដោយសារ​តែ​សូក្រាត​ខ្លួនឯង​ផ្ទាល់​បដិសេធ​មិនរត់គេចខ្លួន ហើយ​សុខចិត្ត​ទទួល​យក​សេចក្តីស្លាប់។

នៅ​ក្នុង​អំឡុង​ពេលនោះ ក្រៅ​ពី​ស្វះស្វែង​រក​វិធី​ឲ្យ​សូក្រាត​រត់គេចខ្លួន ផ្លាតុង​ក៏​បាន​​ចំណាយពេល​យ៉ាងច្រើន​ផងដែរ ​ធ្វើការ​ត្រិះរិះ​ពិចារណា​ទៅលើ​សំណួរ​ថា ​តើគេ​​គួរធ្វើ​បែបណា ដើម្បី​ឲ្យ​សូក្រាត​ទទួល​បាន​នូវ​យុត្តិធម៌ ហើយ​កាន់តែ​ទូលំទូលាយ​​ជាងនេះ​ទៅទៀត តើ​គេ​គួរធ្វើ​បែបណា​ ដើម្បីអាច​ផ្តល់​នូវ​យុត្តិធម៌​ទៅដល់​ប្រជាជន​ជាទូទៅ?

ការត្រិះរិះពិចារណា ការជជែក​ដេញដោល និង​ការ​លើកទឡ្ហីករណ៍​អំពី “យុត្តិធម៌” នេះហើយ ដែល​ជា​ប្រធានបទ​ដ៏​សំខាន់មួយ នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​​ជា​ភាសាបារាំងថា “La République” ហើយ​ដែល​គេ​អាច​បកប្រែជាភាសាខ្មែរ “អំពី​ការគ្រប់គ្រង​​រដ្ឋ” ដែល​ជា​​​ស្នាដៃ​ដ៏ល្បីល្បាញ​បំផុត​របស់​ផ្លាតុង និងដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ស្នាដៃ​ដំបូងបង្អស់​នៅ​ក្នុង​ប្រវត្តិ​នៃ​ទស្សនវិជ្ជា​នយោបាយ។

នៅក្រោយ​ពេល​ដែល​សូក្រាត​ត្រូវ​ប្រហារ​ជីវិត​ដោយ​ផឹកថ្នាំពុល ផ្លាតុង​បាន​ចាកចេញ​ពី​អាថែន ហើយ​ចំណាយ​ពេលជាច្រើន​ឆ្នាំ ធ្វើ​ដំណើរ​ទៅ​កាន់​បុរីរដ្ឋ​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​ក្រិក ព្រមទាំង​ធ្វើ​ដំណើរ​ទៅ​​ក្រៅប្រទេស រួមមាន​ ​ប្រទេស​អេហ្ស៊ីប និង​អ៊ីតាលី ជាដើម។

នៅពេល​វិលត្រឡប់​ចូល​ទៅ​អាថែន​វិញ ផ្លាតុង​ ដែល​នៅ​ពេលនោះ​មាន​វ័យ​ប្រមាណ​ជា ៤០ឆ្នាំ ​បាន​បង្កើត​នូវ​បណ្ឌិតសភា​មួយ ក្នុងគោលដៅ​ផ្តល់​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​ខាង​ផ្នែក​ទស្សនវិជ្ជា វិទ្យាសាស្រ្ត និង​ច្បាប់ ទៅ​ដល់​អនាគត​មេដឹកនាំ​រដ្ឋ។

បណ្ឌិត​សភា​របស់​ផ្លាតុង​ត្រូ​វ​បាន​គេ​ចាត់ទុក​ថា​ជា​សកលវិទ្យាល័យ​ដំបូង​បង្អស់​ នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​មនុស្សជាតិ ហើយ​បណ្ឌិតសភា​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ទាក់ទាញ​ ​កូនសិស្ស​ជាច្រើន​ពី​គ្រប់ទិសទី ក្នុងនោះ​ក៏​រួមមាន​ទាំង​អនាគត​ប្រវត្តិ​វិទូដ៏ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្រ្ត​ម្នាក់​ផងដែរ គឺ​អារីស្តូត។

ផ្លាតុង​ទទួល​មរណភាព​នៅ​ក្នុងវ័យ​ ៦០ឆ្នាំ ហើយ​បើទោះបីជា​ផ្លាតុង​លាចាក​លោក​នេះ​ទៅ ហើយ​​អាណាចក្រ​ក្រិក​ត្រូវ​ដួលរលំ​បាត់ទៅ តែ​បណ្ឌិតសភារបស់​លោក​នៅតែ​មាន​ដំណើរការ​ រហូត​ដល់​ប្រមាណ​ជា ៣០០ឆ្នាំក្រោយ​មក​ទើប​ត្រូវ​គេ​បិទ។ ហើយ​បើទោះបីជា​បណ្ឌិត​សភា​នេះ​ត្រូវ​បិទ នៅ​ឆ្នាំ​៨៣​មុនគ.ស តែ​ទស្សនវិជ្ជា​របស់​ផ្លាតុង​​នៅតែ​ត្រូវ​បាន​គេ​យក​ទៅ​បង្រៀន​តៗគ្នា ​រីកសាយភាយ​ទៅតាម​​ចក្រភពរ៉ូម ហើយ​បន្ត​រហូត​មក​ទល់​នឹង​សម័យកាល​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ