អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សូក្រាត ​(៤៧០-៣៩៩មុនគ.ស)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​រៀបរាប់​អំពី​​ប្រវត្តិ​ទស្សនវិទូ​ដ៏ល្បីល្បាញ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត គឺ​​ទស្សនវិទូ​ក្រិក "សូក្រាត”។

រូបគំនូរ​របស់​វិចិត្រករ​បារាំង បង្ហាញ​អំពី​ជីវិត​ចុងក្រោយ​របស់​ទស្សនវិទូក្រិក សូក្រាត
រូបគំនូរ​របស់​វិចិត្រករ​បារាំង បង្ហាញ​អំពី​ជីវិត​ចុងក្រោយ​របស់​ទស្សនវិទូក្រិក សូក្រាត
ផ្សាយពាណិជ្ជកម្ម

ក្រិក​កាល​ពី​សម័យបុរាណ គឺ​ជា​អាណាចក្រ​ដ៏ធំមួយ ដែល​មាន​អំណាច​ទាំង​ខាង​ផ្នែក​យោធា នយោបាយ និង​ជាពិសេស អំណាច​ខាង​វប្បធម៌ និង​ចំណេះដឹង ដែល​នៅ​តែ​បន្ត​មាន​ឥទ្ធិពល​​នៅ​ទូទាំង​ពិភពលោក​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

របបដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ ដែល​ជា​របបដឹកនាំ​ដ៏​​មាន​ប្រជាប្រិយភាព​ខ្លាំងជាងគេ នៅ​ក្នុង​ពេល​បច្ចុប្បន្ន គឺ​មាន​ដើមកំណើត​ដំបូង​ចេញ​ពី​ក្រិក។ ចំណែក​ខាង​ផ្នែក​វិទ្យាសាស្រ្ត​វិញ ទ្រឹស្តីបទ​សំខាន់ៗ​ជាច្រើន ទាំង​ខាង​ផ្នែក​រូបវិទ្យា និង​គណិតវិទ្យា គឺ​ត្រូវ​បាន​បង្កើតឡើង​ដោយ​អ្នក​ប្រាជ្ញ​ក្រិក រួមមាន​ដូចជា តាលែស (Thales), ពីតាហ្គ័រ (Pythagore), អឺគ្លីដ (Euclide) និង អាកស៊ីម៉ែដ (Archimède) ជាដើម។ ដូចគ្នាដែរ អ្នក​ដែល​សិក្សា​ខាង​ផ្នែក​ទស្សនវិជ្ជា ប្រាកដ​ជា​គ្មាន​អ្នកណា​ម្នាក់​ដែល​​អាច​ចៀសផុត​ពី​ទ្រឹស្តី​របស់​ទស្សនវិទូ​ក្រិក​សំខាន់ៗ​របស់​ក្រិក​ដែរ គឺ​ទ្រឹស្តី​របស់​អារីស្តូត ផ្លាតុង និង​សូក្រាត។

“សូក្រាត”... ឈ្មោះនេះ នរណា​ក៏​ធ្លាប់​ឮ​ដែរ ក៏ប៉ុន្តែ ប្រវត្តិ​នៃ​ដំណើរជីវិត​របស់​បុគ្គល​ដែល​នៅ​ពីក្រោយ​ឈ្មោះ​នេះ គឺ​តែងតែ​ជា​ប្រធានបទ​ដ៏​ស្មុគស្មាញ​មួយ សម្រាប់​អ្នក​ប្រវត្តិសាស្រ្ត។

សូក្រាត​គឺ​ជា​ទស្សនវិទូ​ដ៏​ល្បីល្បាញ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​ជាទូទៅ លោក​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា “បិតានៃ​ទស្សនវិជ្ជា” ឬ​​យ៉ាងហោចណាស់​គឺ​​ជា “បិតានៃ​ទស្សនវិជ្ជាលោកខាងលិច”។ ក៏ប៉ុន្តែ សូក្រាត​មិនបាន​បន្សល់​ទុក​នូវឯកសារ​ណាមួយ​ ដែល​ជា​សំណេរ​ផ្ទាល់​ខ្លួន​របស់​លោក​នោះទេ។ អ្វីៗ​ដែល​គេ​អាច​ដឹង​ពី​បាន​ពី​សូក្រាត ទាំង​ទ្រឹស្តី​ទស្សនវិជ្ជា​ និង​ទាំង​ដំណើរជីវិត​ផ្ទាល់​ខ្លួន​របស់​លោក គឺ​ដឹង​តាមរយៈ​ការ​រៀបរាប់​​របស់​អ្នក​ផ្សេង ជាពិសេស កូនសិស្ស​របស់​លោក រួមមាន​ដូចជា ផ្លាតុង ជាដើម។ ហេតុដូច្នេះហើយ​បាន​ជា​ដំណើរជីវិត​របស់​សូក្រាត តែងតែ​មាន​ភាព​ស្រពិចស្រពិល​ច្រើន ហើយ​ពេល​ខ្លះ មាន​ការ​អះអាង​ផ្ទុយស្រឡះ​ពីគ្នា​ក៏មាន។

សូក្រាតកើត នៅ​ឆ្នាំ៤៧០​មុនគ.ស (ឯកសារខ្លះ​ថា ៤៦៩)​ នៅ​អាថែន ប្រទេស​ក្រិក។ សូក្រាត​កើតនៅ​ក្នុង​គ្រួសារ​នៃ​អ្នក​មាន​វណ្ណៈមធ្យម​មួយ ដែល​មាន​ឪពុក​ជា​ជាងចម្លាក់ និង​ម្តាយ​ជា​ឆ្មប។ ដោយសារ​តែ​មាន​គ្រួសារ​មិនមែន​ជា​អ្នក​មាន​វណ្ណៈខ្ពង់ខ្ពស់​ សូក្រាត​មិនបាន​ទទួល​ការ​អប់រំ​ខ្ពង់ខ្ពស់​នោះទេ ក៏ប៉ុន្តែ ឪពុកម្តាយ​របស់​សូក្រាត​ក៏​មិនមែន​ជា​អ្នក​ក្រខ្សត់​នោះដែរ គឺ​មាន​ជីវភាព​សមរម្យ​ល្មម ដែល​អាច​បញ្ជូន​សូក្រាត​ទៅ​​​រៀនសូត្រ​បាន​ចំណេះដឹង​ជា​មូលដ្ឋាន រហូត​អាច​ចាប់យក​អាជីព​​ក្នុង​ជួរ​កងទ័ពរបស់​អាថែន​ ដែល​នៅ​ពេលនោះ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អាជីព​ដ៏​សមរម្យមួយ។

នៅ​ក្នុង​ជួរ​កងទ័ព សូក្រាត​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទាហាន​ដ៏​ឆ្នើម​ម្នាក់ ដែល​មា​នកម្លាំង​ខ្លាំង​ទាំង​ខាង​រូបកាយ ហើយ​ចិត្ត​ក៏​អង់អាច​ក្លាហាន។ ស្នាដៃ​ដ៏សំខាន់​​ជាងគេ​របស់​សូក្រាត នៅ​ក្នុង​ពេល​បម្រើការងារ​ជា​ទាហាន ហើយ​ដែល​ជាទូទៅ​តែងតែ​ត្រូវបាន​គេ​លើក​យក​មក​និយាយ​ច្រើន គឺ​ការ​ជួយ​ជីវិត​មេទ័ព​​ដ៏សំខាន់​ម្នាក់ ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​មេ​ដឹកនាំ​ដ៏សំខាន់​មួយរូប​របស់​អាថែន។

នៅពេល​ដែល​សូក្រាត​ចាប់កំណើត​ឡើង ក្រិក​កំពុងតែ​ឆ្លងកាត់​នូវ​យុគសម័យ​ដ៏​រុងរឿង ជា​ប្រទេស​មហាអំណាច​ដ៏សំខាន់​មួយ នៅលើ​ពិភពលោក។ ក៏ប៉ុន្តែ ភាពរុងរឿង​របស់​ក្រិក​បាន​ឈាន​មក​ដល់​ទីបញ្ចប់ នៅ​ពេល​ដែល​ក្រិក​បែកបាក់គ្នា ហើយ​គិត​តែ​ពី​ធ្វើ​សង្រ្គាម​ហែកហួរ​គ្នាឯង គឺ​នៅ​ក្នុង​សង្រ្គាម ដែល​អ្នក​ប្រវត្តិសាស្រ្ត​ដាក់​ឈ្មោះ​ថា “សង្រ្គាម​ប៉េឡូប៉ូនែស” (Peloponnèse)។

តាមការពិត ក្រិក​នៅ​ក្នុង​សម័យបុរាណ គឺ​ជា​បណ្តុំ​នៃ​បុរី​តូចៗ​ជាច្រើន ដែល​មាន​រចនាសម្ព័ន្ធដឹកនាំ​ឯករាជ្យ​ដាច់ចេញ​ពីគ្នា​ប្រៀបបាន​នឹង​កូនរដ្ឋ ដែល​គេ​ឲ្យឈ្មោះ​ថា “បុរីរដ្ឋ”​ (Cité-Etat)។ សង្រ្គាម​ប៉េឡូប៉ូនែស ដែល​ចាប់ផ្ទុះឡើង ពី​ឆ្នាំ​៤៣១​មុន​គ.ស ហើយ​អូសបន្លាយ​ពេល​រហូត​ដល់​ឆ្នាំ​៤០៤​មុន​គ.ស គឺ​ជា​សង្រ្គាម​រវាង​បក្សសម្ព័ន្ធ​ពីរ​នៃ​បុរីរដ្ឋ​ក្រិក៖ បក្ស​សម្ព័ន្ធ​ម្ខាង​​ដឹកនាំ​ដោយ​​អាថែន (Athènes) និង​បក្ស​សម្ព័ន្ធ​ម្ខាងទៀត​ដឹកនាំ​ដោយ​ស្ប៉ាត (Sparte)។

នៅ​ក្នុង​អំឡុង​សង្រ្គាម​នេះ សូក្រាត​ដែល​ជា​ទាហាន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​សមរភូមិ​ជា​ច្រើន​លើក ក៏ប៉ុន្តែ លោក​ក៏​មាន​ពេល​ទំនេរ​​អាច​ចំណាយពេល​នៅ​អាថែន​បានច្រើន​​ដែរ គឺ​ទំនេរ​​ល្មម​អាច​នឹង​មាន​​ពេល​ប្រកប​របរ​មួយ​ទៀត​ដែល​ជា​អាជីព​ទីពីរ​របស់​លោក គឺ​​ការ​បង្រៀន​ខាង​​ទស្សនវិជ្ជា។ នៅ​ក្នុង​ឯកសារ​ខ្លះ គេសរសេរ​ថា សូក្រាត​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការ​បង្រៀន​នេះ ក៏ប៉ុន្តែ បើ​យោងតាម​ផ្លាតុង​វិញ សូក្រាត​ដើរ​បង្រៀន​ទស្សនវិជ្ជា ​ដោយ​មិន​​យក​កម្រៃ​អ្វីទាំងអស់។

នៅ​ក្នុង​ការបង្រៀន​ទស្សនវិជ្ជា​នេះ​ សូក្រាត​បាន​ប្រើ​វិធីសាស្រ្ត​បង្រៀន​ប្លែក​ពី​អ្វី​ដែល​គេ​ធ្លាប់​ឃើញ​ពីមុន ពោលគឺ ការ​បង្រៀន​តាមរយៈ​ការ​ជជែកឆ្លងឆ្លើយគ្នា រវាង​គ្រូ និង​សិស្ស ហើយ​នៅ​ក្នុងការ​ជជែកឆ្លងឆ្លើយ​គ្នា​នេះ​ទៀត​សោត សូក្រាត​​ក៏​មិនបាន​ប្រាប់​សិស្ស​ពី​ការយល់ឃើញ​របស់​លោក​ទៅលើ​បញ្ហា​ណាមួយ​​នោះដែរ ផ្ទុយទៅវិញ លោក​ចោទ​ជា​សំណួរ​គន្លឹះៗ ដើម្បី​ឲ្យ​កូនសិស្ស​គិតពិចារណា​​ ឆ្លើយ​ពី​សំណួរ​មួយ​ទៅ​សំណួរ​មួយ រហូត​ដល់​អាច​ទាញ​ជា​សេចក្តីសន្និដ្ឋាន​ដោយ​ខ្លួនឯង។ វិធីសាស្រ្ត​បង្រៀន​នេះ​ត្រូវ​បាន​គេ​យក​មក​អនុវត្ត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ ដោយ​គេ​តែងតែ​ហៅ​ជាទូទៅថា​ “វិធីសាស្រ្ត​បង្រៀន​តាមបែបសូក្រាត”។

តាមការពិត សូក្រាត​មិន​បាន​តាំងខ្លួន​ថា​ជា​គ្រូ ដែល​មាន​ទស្សនៈ ឬ​គំនិត ដែល​កូនសិស្ស​ត្រូវ​ស្តាប់​តាម ធ្វើ​តាម ឬ​យល់ឃើញ​ដូចលោក​នោះទេ ហើយ​លោក​ក៏​តែងតែ​ប្រកាន់​នូវ​គំនិត​មួយ​យ៉ាងខ្ជាប់ផងដែរ​ថា លោក​មិនមែន​ជា​អ្នក​ប្រាជ្ញ​ ដែល​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​នោះដែរ។ “អ្វីដែល​ខ្ញុំដឹង គឺដឹងថា ខ្ញុំ​មិនដឹង​អ្វីទាំងអស់” នេះ​គឺ​ជា​សម្តី​របស់​សូក្រាត ដែល​នៅ​ល្បីល្បាញ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ សម្រាប់​សូក្រាត លោកមិនមាន​ចំណេះដឹង​អ្វី​ដែល​អាច​បង្រៀន​ទៅ​អ្នក​ដទៃ​នោះទេ ក្រៅតែ​បង្រៀន​ឲ្យគេ​ចេះគិត​ដោយ​ខ្លួនឯង។

ដោយសារ​តែ​សូក្រាត​មិន​ចូលចិត្ត​បង្រៀន​ពី​ទស្សនៈ​គំនិត​របស់​លោក ហើយ​ក៏​មិន​បាន​បន្សល់​ទុក​នូវ​ឯកសារ​ជា​ស្នាដៃ​នៃ​ទស្សនវិជ្ជា​របស់​លោក គេ​ពិបាក​នឹង​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​អ្វីទៅ​ជា​ទស្សនវិជ្ជា​របស់​សូក្រាត។ ទោះជាយ៉ាងណា​ក៏ដោយ ទស្សនវិជ្ជា​របស់​សូក្រាត​តែងតែ​ត្រូវ​បាន​គេ​ធ្វើការ​សង្ខេប​ជារួម​ថា​ជា​ទស្សនវិជ្ជា​ដែល​ផ្តោតលើ​ចំណុច​សំខាន់​មួយ គឺ “ចំណេះដឹង”។

នៅពេលនោះ ទស្សនវិជ្ជា​របស់​សូក្រាត​​ពេញ​និយម នៅ​ក្នុង​ចំណោម​យុវជនអាថែន ក៏ប៉ុន្តែ វា​ប៉ះពាល់​ទៅដល់​សាសនា និង​នយោបាយ ហើយ​​នៅទីបំផុត​ទៅ សូក្រាត​ត្រូវ​បាន​សភា​អាថែនចោទប្រកាន់​ពីបទ​ប្រមាថ​សាសនា​របស់​រដ្ឋ​ និង​សាបព្រោះ​ចំណេះដឹង​ខុសឆ្គង​​ធ្វើ​ឲ្យ​ខូចគំនិត​​​ក្មេង​ជំនាន់ក្រោយ​។ សូក្រាត​ត្រូវ​បាន​គេ​កាត់ទោស​ប្រហារ​ជីវិត ដោយ​ផឹកថ្នាំពុល នៅ​ឆ្នាំ៣៩៩​មុនគ.ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ