ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 28/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 27/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 27/05 12h00 GMT

អារីស្តូត ​(៣៨៤-៣២២មុនគ.ស)

អារីស្តូត ​(៣៨៤-៣២២មុនគ.ស)
 
អារីស្តូត (ស្តាំ) ជាមួយ​​ផ្លាតុង​ដែល​ជា​គ្រូ នៅ​ក្នុង​រូបគំនូរ "School of Athens" គូរដោយ Raphael Wikipedia/Public Domain

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​រៀបរាប់​អំពី​​ប្រវត្តិ​ទស្សនវិទូ​ដ៏ល្បីល្បាញ​មួយរូបទៀត ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត គឺ​​ “អារីស្តូត”។

សូក្រាត​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា “បិតាស្ថាបនិក​នៃ​ទស្សនវិជ្ជា” ក៏ប៉ុន្តែ ទស្សនវិទូ​ដែល​គោលគំនិត​មាន​ឥទ្ធិពល​​ខ្លាំង យូរអង្វែង និង​ទូលំទូលាយ​ជាង គឺ​ អារីស្តូត។ នៅ​ក្នុងរយៈពេល​រាប់សតវត្សរ៍ គោលគំនិត​របស់​អារីស្តូត​​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ នៅ​ក្នុង​ការ​សិក្សា នៅស្ទើរតែ​គ្រប់​វិស័យ រាប់ចាប់តាំង​ពី​ទស្សនវិជ្ជា រហូត​ទៅដល់​ផ្នែក​តារាសាស្រ្ត, តក្កវិទ្យា និង​វិទ្យាសាស្រ្ត​ទូទៅ។

អារីស្តូត កើតនៅ​ឆ្នាំ​៣៨៤​មុនគ.ស. នៅ​ប៉ែកខាង​ជើង​ប្រទេស​ក្រិក (Stagire)។ ខុសពី​សូក្រាត និង​ផ្លាតុង អារីស្តូត​មិនមែន​ជា​ពលរដ្ឋ​របស់​អាថែន​នោះទេ។ ផ្ទុយ​ទៅវិញ អារីស្តូត​មាន​ទំនាក់ទំនង​ច្រើន​ជាមួយ​នឹង​នគរម៉ាសេដ្វាន់ ដោយ​ឪពុក​របស់​អារីស្តូត គឺ​ជា​គ្រូពេទ្យ​ប្រចាំរាជវាំង​ម៉ាសេដ្វាន់ នៅ​ក្នុង​រជ្ជកាល​នៃ​ជីតា​របស់​អធិរាជ​អាឡិចសង់ឡឺក្រង់។

អារីស្តូត​ធំដឹងក្តីឡើង​ជា​កូនកំព្រា ដោយ​ទាំងឪពុក និង​ទាំងម្តាយ បាន​ស្លាប់​ចោល តាំង​ពី​អារីស្តូត​នៅ​ក្មេង​នៅឡើយ។ នៅ​ពេល​មាន​អាយុ ១៧ឆ្នាំ អារីស្តូត​បាន​ចាកចេញ​ពី​ស្រុក​កំណើត ហើយ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​អាថែន ដើម្បី​ចូលរៀន​នៅ​បណ្ឌិតសភា​ ដែល​បង្កើតឡើង​ដោយ​ផ្លាតុង។

អារីស្តូត​បាន​ចំណាយពេល​ប្រមាណ​ជា ២០ឆ្នាំ នៅ​បណ្ឌិតសភា​របស់​ផ្លាតុង​ តាំងពី​ជា​កូនសិស្ស រហូត​ក្លាយ​ជា​គ្រូ។ នៅពេលនោះ ​អារីស្តូត​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សិស្ស​ដ៏​ឆ្នើម​ម្នាក់ ដែល​មាន​ទាំងការ​គោរពស្រឡាញ់​ផ្លាតុង​ដែល​ជា​គ្រូ ហើយ​ក្នុងពេល​ជាមួយគ្នា ក៏​បាន​ធ្វើការ​​​រិះគន់​ច្រើន​ដែរ ទៅលើ​គោលគំនិត​មួយ​ចំនួន​របស់​ផ្លាតុង ដោយ​មិនមែន​ចេះតែ​រៀនតាម និង​ជឿ​ងប់ងល់​ទៅ​តាមរាល់​​​សេចក្តី​បង្រៀន​របស់​គ្រូ​នោះទេ។

នៅឆ្នាំ៣៤៧​មុនគ.ស. ផ្លាតុង​បាន​ទទួល​មរណភាព។ ផ្ទុយ​ពី​ការរំពឹងទុក​ជាទូទៅ តំណែង​ជា​នាយក​គ្រប់គ្រង​បណ្ឌិតសភា​របស់​ផ្លាតុង​មិន​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​អារីស្តូត​នោះទេ តែបែរ​ជា​ត្រូវ​បាន​ទៅ​ក្មួយ​របស់​ផ្លាតុង​ទៅវិញ។ គេ​មិន​ដឹង​ច្បាស់​នោះទេ ពី​ហេតុផល​ដែល​ផ្លាតុង​មិន​ផ្ទេរ​ការគ្រប់គ្រង​បណ្ឌិត​សភា​ទៅ​ឲ្យ​អារីស្តូត ក៏ប៉ុន្តែ គេ​គិត​ថា នេះ​​ប្រហែល​ជា​មក​ពី​អារីស្តូត​មាន​ទស្សនវិជ្ជា​ផ្ទុយ​ពី​ផ្លាតុង។

អារីស្តូត​ក៏​បាន​ចាកចេញ​ពី​អាថែន ដោយ​ប្រហែល​ជា​មក​ពី​មាន​ការ​ខកចិត្ត​នឹង​ការ​សម្រេច​ចិត្ត​របស់​ផ្លាតុង ឬ​ក៏​ប្រហែល​ជា​ដោយសារ​តែ​ហេតុផល​មួយ​ទៀត គឺ​ការរីកដុះដាល​នៃ​ចលនា​ប្រឆាំង​នឹង​ម៉ាសេដ្វាន់​ពី​សំណាក់​ពលរដ្ឋ​អាថែន ហើយ​គ្រួសារ​របស់​អារីស្តូត គឺ​ជា​អ្នក​ស្និទ្ធិ​នឹង​រាជវាំង​ម៉ាសេដ្វាន់។

អារីស្តូត​បាន​ទៅ​រស់នៅលើ​កោះមួយ នៅ​ជាប់នឹង​ព្រំដែន​ជាមួយ​នឹង​ប្រទេស​តួកគី​បច្ចុប្បន្ន ដោយ​នៅ​ទីនោះ អារីស្តូត​បាន​រៀបការ​​ ហើយ​បាន​ចំណាយ​ពេល​យ៉ាងច្រើន​​ធ្វើការ​សិក្សា​យ៉ាងលម្អិត​​ទៅលើ​សត្វសមុទ្រ (ជីវសាស្រ្ត​សមុទ្រ) រហូត​ដល់​ឆ្នាំ​៣៤២​មុន​គ.ស ទើប​អារីស្តូត​ធ្វើ​ដំណើរ​ទៅកាន់​នគរ​ម៉ាសេដ្វាន់ ទៅតាម​ការ​កោះហៅ​របស់​ព្រះចៅ​ហ្វីលីព​ទី២ ដើម្បី​ទៅ​បង្រៀន​អាឡិចសង់ ដែល​ជា​រាជបុត្រ និង​ជា​អនាគត​អធិរាជ។

ចាប់តាំង​ពីមាន​សង្រ្គាម​ហែកហួរ​គ្នាឯង ដែល​គេហៅថា “សង្រ្គាម​ប៉ែឡូប៉ូនែស” ក្រិក​ដែល​ធ្លាប់​តែ​ជា​មហាអំណាច​ដ៏​ធំមួយ ក៏​​ត្រូវ​ធ្លាក់​ចុះ​ទន់ខ្សោយ ហើយ​បុរីរដ្ឋ​របស់​ក្រិក​ត្រូវ​ដួលរលំ​ម្តងមួយៗ ដោយ​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​មហាអំណាច​ថ្មី​មួយ​ទៀត គឺ​ម៉ាសេដ្វាន់។ អាថែន​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ម៉ាសេដ្វាន់ នៅ​ឆ្នាំ​៣៣៨​មុនគ.ស ហើយ​២ឆ្នាំ​ក្រោយមក អាឡិចសង់ឡឺក្រង់​បាន​ឡើង​គ្រងរាជ្យ​នៅ​ម៉ាសេដ្វាន់ ជំនួស​ព្រះចៅ​ហ្វីលីពទី២​ជាបិតា ដែល​ត្រូវ​គេ​លបធ្វើឃាត។

មួយឆ្នាំ​ក្រោយ​ការ​ឡើងគ្រងរាជ្យ​របស់​អាឡិចសង់ឡឺក្រង់ នៅ​ឆ្នាំ៣៣៥​មុនគ.ស. អារីស្តូត​បាន​ធ្វើ​ដំណើរ​ត្រឡប់​​ទៅ​កាន់​អាថែន​វិញ ដោយ​បាន​បង្កើត​សាលារៀន​ថ្មីមួយទៀត ប្រជែង​ជាមួយ​នឹង​បណ្ឌិតសភា​របស់​ផ្លាតុង។ សាលារៀន​ដែល​អារីស្តូត​ទើប​នឹង​បង្កើត​ថ្មី​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មិន​ចាញ់​សាលា​រៀន​របស់​ផ្លាតុងនោះទេ ហើយ​សាលារៀន​ទាំងពីរ​នេះ​បាន​ទាក់ទាញ​កូនសិស្ស​យ៉ាងច្រើន​មក​ពី​គ្រប់ទិសទី។ នៅទីបំផុត​ទៅ អាថែន ថ្វីដ្បិត​តែ​ត្រូវរលំរលាយ​ខាង​នយោបាយ និង​ខាង​យោធា ក៏ប៉ុន្តែ នៅតែ​មាន​កេរ្តិ៍ឈ្មោះ​ជា​មជ្ឈមណ្ឌល​នៃ​ចំណេះដឹង​​ដូចពីមុនដដែល។ សូម្បីតែ​ម៉ាសេដ្វាន់ ដែល​ក្លាយ​ជា​អ្នក​ត្រួតត្រា​អាថែន ប៉ុន្តែ ត្រូវ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​វប្បធម៌​របស់​អាថែន ជាពិសេស គឺ​ឥទ្ធិពល​នៃ​ទស្សនវិជ្ជា​ក្រិក ទៅលើ​អធិរាជ​អាឡិចសង់ឡឺក្រង់ តាមរយៈ​អារីស្តូត ដែល​ជា​គ្រូ។

នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​៣៣៦​មុនគ.ស. រហូតដល់​ឆ្នាំ​៣២៣​មុន​គ.ស. អធិរាជ​អាឡិចសង់ឡឺក្រង់​បាន​ធ្វើ​សង្រ្គាម​វាតទី​ពង្រីក​ទឹកដី​អាណាចក្រ​ម៉ាសេដ្វាន់ ចាប់តាំង​ពី​ក្រិក ឆ្លងកាត់​តាម​អាណាចក្រ​ពែរ្ស និង​មេសូប៉ូតាមី រហូត​ទៅដល់​ឥណ្ឌា ហើយ​អាណាចក្ររបស់​អាឡិចសង់ឡឺក្រង់​រីកសាយភាយ​ទៅដល់​ទីណា វប្បធម៌​ក្រិក​ក៏​រីកសាយភាយ​ទៅដល់​ទីនោះដែរ។

នៅឆ្នាំ៣២៣​មុន​គ.ស. អធិរាជ​អាឡិចសង់ឡឺក្រង់​ចូល​ទិវង្គត ហើយ​អំណាច​របស់​ម៉ាសេដ្វាន់​ក៏​ចាប់ផ្តើម​រង្គោះរង្គើ។ នៅ​អាថែន​វិញ ចលនា​ប្រឆាំង​នឹង​ម៉ាសេដ្វាន់​ក៏​ចាប់ផ្តើម​កក្រើក​ឡើងវិញ ហើយ​អារីស្តូត ដែល​តាំងពីដើម​មក​ត្រូវ​គេ​ចាត់ទុក​ថា​ជា​អ្នក​ស្និទ្ធិ​នឹង​អាឡិចសង់ឡឺក្រង់ ក៏​ត្រូវ​ក្លាយ​ជា​ចំណុច​ស៊ីប​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ ពី​សំណាក់​ពួក​អាថែន។

មិនយូរ​ប៉ុន្មាន​​ក្រោយ​ការ​ចូលទិវង្គត​របស់​អធិរាជ​អាឡិចសង់ឡឺក្រង់ អារីស្តូត​ក៏​ត្រូវ​បាន​អាជ្ញាធរ​អាថែន​ធ្វើការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​សាសនា ហើយ​អារីស្តូត​ក៏​ត្រូវ​ប្រឈមមុខ​នឹង​ជោគវាសនា​ដូចជា​សូក្រាត កាល​ពី​ជិត​៨០ឆ្នាំមុន។ ក៏ប៉ុន្តែ ខុសពី​សូក្រាត អារីស្តូត​​បាន​រត់គេចខ្លួន ដោយ​មិន​សុខចិត្ត​រង់ចាំ​​​​ទទួល​យក​ការ​ជំនុំជម្រះ និង​ទោសប្រហារ​ជីវិត​ ​ពី​អាជ្ញាធរ​អាថែន​នោះទេ។

ចំពោះ​​សូក្រាត ការណ៍​ដែល​លោក​មិនរត់គេចខ្លួន គឺ​ដោយសារ​តែ​លោក​ប្រកាន់​​ខ្ជាប់​តាម​​​ទស្សនវិជ្ជា​របស់​លោក ដែល​ថា ពលរដ្ឋ​​នៃ​រដ្ឋ​មួយ​​មាន​ករណីយកិច្ច​គោរព​តាម​ច្បាប់​របស់​រដ្ឋ​នោះ បើទោះបីជា​ច្បាប់​នោះ​មាន​ភាព​អយុត្តិធម៌​យ៉ាងណា​ក៏ដោយ។ បើ​គេ​គិតតាម​គោលការណ៍​នេះ ការរត់គេចខ្លួន​របស់​អារីស្តូត​មិនមែន​ជា​ទង្វើ​ផ្ទុយ​នឹង​ទស្សនវិជ្ជា​របស់​សូក្រាត​នោះទេ ពីព្រោះ​ថា អារីស្តូត ថ្វីដ្បិត​តែ​បាន​ចំណាយ​ពេល​ភាគច្រើន​ក្នុង​ជីវិត រស់នៅ រៀនសូត្រ និង​បង្រៀន នៅ​អាថែន តែ​អារីស្តូត​មិនមែន​ជា​ពលរដ្ឋ​អាថែន​នោះទេ ហើយ​អ្នក​ស្រុក​អាថែន​ក៏​មិន​ទទួល​យក​អារីស្តូតថាជា​ជនរួមជាតិ​របស់​ពួកគេ​នោះដែរ។ ដូច្នេះ គេ​អាចនិយាយ​បានថា អារីស្តូត​មិនមាន​កាតព្វកិច្ច​ដាច់ខាត​ត្រូវ​គោរព​តាម​ច្បាប់​​និង​ការ​សម្រេច​របស់​សភា​អាថែន ដូច​សូក្រាត​នោះទេ។

​អារីស្តូត​វិញ​បាន​អះអាង​ថា​ ការណ៍​ដែល​លោក​រត់គេចខ្លួន​ពី​ការកាត់ទោស គឺ “​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​អ្នក​ស្រុក​អាថែន​ប្រព្រឹត្ត​បាបកម្ម​ផ្ទួនៗគ្នា​ប្រឆាំង​នឹង​ទស្សនវិជ្ជា” ដោយ​លោក​​ចង់​សំដៅ​លើ​ “បាបកម្ម” ដែល​ពួក​គេ​​ធ្វើ​ទៅលើ​សូក្រាត​ម្តងរួចទៅហើយ កាល​ពី​លើកមុន។

នៅ​ឆ្នាំ៣២២​មុនគ.ស. ប្រមាណ​ត្រឹមតែ​មួយឆ្នាំ​ក្រោយ​ពី​រត់គេចខ្លួន​ចេញ​ពី​អាថែន​ អារីស្តូត​បាន​ទទួល​មរណភាព​ដោយ​ជំងឺ ដោយ​នៅ​ពេលនោះ អារីស្តូត​មាន​វ័យ ៦២ឆ្នាំ៕

  • កាល់ម៉ាក្ស៍ (១៨១៨-១៨៨៣)

    កាល់ម៉ាក្ស៍ (១៨១៨-១៨៨៣)

    នៅ​ក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមរៀបរាប់​អំពី​ប្រវត្តិ​របស់​ទស្សនវិទូ​មួយ​រូប ដែល​ល្បីល្បាញ និង​ដែល​មាន​ឥទ្ធិពល​យ៉ាងខ្លាំង នៅ​ក្នុង​មនោគមន៍វិជ្ជា​កុម្មុយនិស្ត …

  • ទស្សនវិជ្ជានយោបាយរបស់ហ្សង់ហ្សាក់ រូសូ

    ទស្សនវិជ្ជានយោបាយរបស់ហ្សង់ហ្សាក់ រូសូ

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​ទស្សនវិទូ ហ្សង់ហ្សាក់ រូសូ ជា​បន្តទៀត ដោយ​សូមលើកឡើង អំពី​ទស្សនវិជ្ជា​នយោបាយ​របស់​លោក។

  • ហ្សង់ហ្សាក់ រូសូ (១៧១២-១៧៧៨)

    ហ្សង់ហ្សាក់ រូសូ (១៧១២-១៧៧៨)

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​រៀបរាប់​អំពី​ប្រវត្តិ​ទស្សនវិទូ​ដ៏ល្បីល្បាញ​មួយ​រូបទៀត គឺ​ទស្សនវិទូបារាំង ហ្សង់ហ្សាក់ រូសូ …

  • ទស្សនវិជ្ជានយោបាយ​របស់​ចន ឡក

    ទស្សនវិជ្ជានយោបាយ​របស់​ចន ឡក

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​ក្នុង​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​ទស្សនវិទូ ចន ឡក តទៅទៀត ដោយសូមលើកឡើង​អំពី​គោលគំនិត​ចម្បងៗ​របស់​លោក …

  • ចន ឡក ​(១៦៣២-១៧០៤)

    ចន ឡក ​(១៦៣២-១៧០៤)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍នេះ សេង ឌីណា សូម​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​ទស្សនវិទូ​ដ៏ល្បីល្បាញ​មួយ​រូបទៀត នៅ​ក្នុង​ប្រវត្តិសាស្រ្ត គឺ​ទស្សនវិទូ​អង់គ្លេស …

  • ទស្សនវិជ្ជា​នយោបាយ​របស់​ថូម៉ាស់ ហបស៍

    ទស្សនវិជ្ជា​នយោបាយ​របស់​ថូម៉ាស់ ហបស៍

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​អំ​ពី​ប្រវត្តិ​របស់​ទស្សនវិទូ​អង់គ្លេស ថូម៉ាស់ ហបស៍ (Thomas Hobbes) តទៅទៀត ដោយ​សូម​លើកឡើង​ពី​ស្នាដៃ​ដ៏ល្បីល្បាញ​បំផុត​របស់​លោក …

  • ថូម៉ាស់ ហបស៍ (១៥៨៨-១៦៧៩)

    ថូម៉ាស់ ហបស៍ (១៥៨៨-១៦៧៩)

    នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​ទស្សនវិទូ​ដ៏​ល្បីមួយរូបទៀត គឺ​ទស្សនវិទូ​អង់គ្លេស ថូម៉ាស់ ហបស៍ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ