អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ទស្សនវិជ្ជានយោបាយ​របស់​ចន ឡក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​ក្នុង​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​ទស្សនវិទូ ចន ឡក តទៅទៀត ដោយសូមលើកឡើង​អំពី​គោលគំនិត​ចម្បងៗ​របស់​លោក ទាក់ទង​នឹង​ទស្សនវិជ្ជានយោបាយ។

រូបគំនូរ​បង្ហាញ​ពី​លោក ចន ឡក (John Locke) ទស្សនវិទូ​អង់គ្លេស
រូបគំនូរ​បង្ហាញ​ពី​លោក ចន ឡក (John Locke) ទស្សនវិទូ​អង់គ្លេស Public Domaine
ផ្សាយពាណិជ្ជកម្ម

ទស្សនវិជ្ជានយោបាយ​ដ៏ល្បីល្បាញ និង​ដ៏មាន​ឥទ្ធិពល​បំផុត​របស់​ចន ឡក គឺ​មាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ ដែល​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេសថា “Two Treatises of Government” ដោយ​នៅ​ក្នុង​នោះ ចន ឡក សរសេរ​អំពី​គោលគំនិតសំខាន់ៗ​របស់​លោក ទាក់ទង​នឹង​​ប្រភព​នៃ​ធម្មានុរូបភាព​របស់​រដ្ឋ និង​អំណាច​របស់​មេដឹកនាំ។

ខ្សែសង្វាក់​នៃ​ទឡ្ហីករណ៍​​របស់​ ចន ឡក ចំពោះ​បញ្ហា​នេះ គឺ​ដូចគ្នា​ទៅនឹង​ថូម៉ាស់ ហបស៍​ដែរ ពោលគឺ ចន ឡក ចាប់ផ្តើម​ពីការ​ពិចារណា​ទៅលើ​សភាពធម្មជាតិ​របស់​មនុស្ស​ មុនពេល​​ការ​បង្កើត​ជា​សហគមន៍ ឬ​ជា​​រដ្ឋ តាមរយៈ​កិច្ចព្រមព្រៀងគ្នាមួយ ដែល​គេ​ឲ្យឈ្មោះ​ថា “កិច្ចសន្យាសង្គម”។ ក៏ប៉ុន្តែ ថ្វីដ្បិត​តែ​មាន​ខ្សែសង្វាក់​នៃ​ទឡ្ហីករណ៍​ដូចគ្នា តែ​គោលគំនិត​របស់​ ចន ឡក ទៅលើ​សភាព​ធម្មជាតិ​របស់​មនុស្ស និង​កិច្ចសន្យាសង្គម គឺ​ផ្ទុយគ្នា​ស្រឡះ​ពី​គោលគំនិត​របស់​ថូម៉ាស់ ហបស៍។

យោងតាម​ថូម៉ាស់ ហបស៍ ធម្មជាតិ​របស់​មនុស្ស គឺ​អាត្មានិយម ចូលចិត្ត​ប្រកួតប្រជែងគ្នា និង​ប្រើ​កម្លាំងបាយ ហើយ​នៅ​ក្នុង​សភាព​ធម្មជាតិ​ដើម​របស់​មនុស្ស គឺ​ពោរពេញ​ទៅដោយ​ភាព​អនាធិបតេយ្យ និង​សង្រ្គាម​ជាប់​ជាប្រចាំ។ ចន ឡកវិញ យល់​ឃើញ​ផ្ទុយ​ពីនេះ​ស្រឡះ។

យោងតាម ចន ឡក ធម្មជាតិ​ដើម​របស់​មនុស្ស គឺ​ល្អ ហើយ​នៅ​ក្នុង​សភាព​ធម្មជាតិ​ មនុស្ស​មាន​សិទ្ធិសេរីភាព​ពេញលេញ ហើយ​ជា​សិទ្ធិសេរីភាព​ស្មើៗគ្នា ដោយ​គ្មាន​ឋានានុក្រម។ សម្រាប់​ចន ឡក សភាព​ធម្មជាតិ​របស់​មនុស្ស មិនមែន​ពោរពេញ​ទៅដោយ​ភាព​អនាធិបតេយ្យ និង​សង្រ្គាម​ជាប់ជា​ប្រចាំ​នោះទេ ពីព្រោះ​ថា នៅ​ក្នុង​សភាព​ធម្មជាតិ​នេះ​ក៏​មាន​ច្បាប់​របស់​វាដែរ គឺ “ច្បាប់ធម្មជាតិ” ហើយ​មនុស្ស​គ្រប់រូប​សុទ្ធតែ​ដឹង​ថាអ្វី​ជា​អំពើ​ល្អ អ្វី​ជា​អំពើ​អាក្រក់ ហើយ​ទង្វើ​ណាមួយ វា​ស្រប ឬ​ផ្ទុយ​នឹង​ច្បាប់​ធម្មជាតិ។ អ្វីដែល​ចោទ​ជា​បញ្ហា នៅ​ក្នុង​សភាព​ធម្មជាតិ​របស់​មនុស្ស គឺ​ការ​អនុវត្តច្បាប់ធម្មជាតិ។ ​នៅ​ក្នុង​សភាព​ធម្មជាតិ មនុស្ស​ម្នាក់ៗ​ដឹង​ថា​ទង្វើណាមួយ​ជា​ទង្វើ​ល្មើស​នឹង​ច្បាប់​ធម្មជាតិ ហើយ​អ្នក​ប្រព្រឹត្តល្មើស​ត្រូវ​ទទួល​ទណ្ឌកម្ម។ ក៏ប៉ុន្តែ សំណួរ​ចោទឡើង​ថា តើ​អ្នកណា​ជា​ធានា​នូវការ​អនុវត្ត​ច្បាប់នេះ? តើ​អ្នកណា​ជា​អ្នក​កំណត់​អំពី​ទណ្ឌកម្ម ហើយ​អ្នកណា​ជា​អ្នក​អនុវត្ត​ទណ្ឌកម្ម​ដែល​បាន​កំណត់?

សរុបមកវិញ តាម​គំនិត​របស់​ចន ឡក បញ្ហាចោទ​នៃ​សភាព​ធម្មជាតិ​របស់​មនុស្ស​​មិនមែនសង្រ្គាមនោះទេ គឺ​បញ្ហា​អយុត្តិធម៌។ ដូច្នេះ មនុស្ស​ត្រូវការ​បង្កើត​ជា​រដ្ឋ​​ ​មិនមែន​​ដើម្បី​ចេញ​ពី​ស្ថានភាព​សង្រ្គាម​នោះទេ តែ​​ដើម្បី​ចេញ​ពី​ស្ថានភាព​អយុត្តិធម៌ ហើយ​​ការព្រមព្រៀង​ដាក់​ខ្លួន​ក្រោម​អំណាច​រដ្ឋ (តាមរយៈ​កិច្ចសន្យាសង្គម) ក៏​មិនមែន​​ជា​ការ​បោះបង់​ទាំងស្រុង​នូវ​សិទ្ធិសេរីភាព​របស់ខ្លួន ដើម្បី​ជា​ថ្នូរ​នឹង​ការ​ធានាសុវត្ថិភាព​ផ្ទាល់​ខ្លួន​ ដូចទ្រឹស្តី​របស់​ថូមាស់ ហបស៍​នោះដែរ តែផ្ទុយ​ទៅវិញ គឺ​គ្រាន់តែ​ជា​ការ​បោះបង់​នូវ​សេរីភាព​មួយ​ផ្នែក ដើម្បី​ជា​ថ្នូរ​នឹង​ការ​ធានានូវ​ការអនុវត្ត​សិទ្ធិមួយផ្នែក​ទៀត​ដែល​នៅ​សេសសល់ ហើយ​ដែល​ជា​សិទ្ធិ​ធម្មជាតិ​គ្មាន​អ្នកណា​ដកហូតបាន រួមមាន​ដូចជា សិទ្ធិ​រស់រាន​មានជីវិត និង​សិទ្ធិលើ​កម្មសិទ្ធិ​ឯកជន​ ជាដើម។

ទស្សនាទាន​ខុសគ្នា រវាង ចន ឡក និង​ថូម៉ាស់ ហបស៍ ស្តីពី​សភាព​ធម្មជាតិ​របស់​មនុស្ស បាន​នាំទៅរក​សេចក្តីសន្និដ្ឋាន​ផ្ទុយគ្នា ស្តីពី​អំណាច​របស់​មេដឹកនាំ​រដ្ឋ។

តាមទស្សនៈ​របស់​ថូម៉ាស់ ហបស៍ នៅ​ពេល​ដែល​បុគ្គល​ម្នាក់ៗ​ព្រមព្រៀងគ្នា​ផ្ទេរសិទ្ធិអំណាច​គ្រប់គ្រង​ទៅ​ឲ្យ​មេដឹកនាំ​រដ្ឋ តាម​រយៈ “កិច្ចសន្យាសង្គម” សិទ្ធិអំណាចនោះ​នឹង​ត្រូវ​ផ្ទេរ​ជា​រៀងរហូត ដោយ​មិន​អាច​ដកហូតមកវិញ​បាន ហើយ​បើទោះបីជា​មេដឹកនាំ​រដ្ឋ​​ចេញ​សេចក្តីសម្រេច ឬ​ដាក់ចេញ​នូវ​នយោបាយ ឬ​ធ្វើ​ច្បាប់ណាមួយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​មិន​សប្បាយចិត្ត ឬ​គ្មាន​ភាព​យុត្តិធម៌ ក៏​ប្រជាជន​នៅតែ​ត្រូវ​បន្ត​ដាក់​ខ្លួន​ក្រោម​អំណាច​មេដឹកនាំ​រដ្ឋ​នោះដដែល។ គោលគំនិ​តនេះ​ហើយ ដែល​នាំ​​ថូម៉ាស់ ហបស៍ឲ្យ​មាន​ទំនោរ​ទៅ​រក​របៀបដឹកនាំ​បែប​រាជានិយម​ផ្តាច់ការ ហើយ​បិទផ្លូវ​មិន​ឲ្យ​ប្រជាជន​មាន​លទ្ធភាព​រើបម្រះ​ប្រឆាំង​នឹង​មេដឹកនាំ​រដ្ឋ។

ចន ឡក​វិញ មាន​ទស្សនៈ​ផ្ទុយស្រះ​ពី​ថូម៉ាស់ ហបស៍។ ចន ឡក​យល់ថា នៅ​ក្នុង “កិច្ចសន្យាសង្គម” ប្រជាជន​មិន​បាន​ផ្ទេរ​សិទ្ធិ​អំណាច​​ទៅ​ឲ្យ​មេដឹក​នាំ​ទាំងអស់ និង​ជា​អចិន្រ្តៃយ៍​នោះទេ ហើយ​កិច្ចសន្យា​នេះ ក៏​មិនមែន​ធ្វើឡើង​តែ​រវាង​ប្រជាជន​គ្នា​ឯងនោះដែរ ពោលគឺ​មាន​មេដឹកនាំ​រដ្ឋ​ជា​ភាគី​នៃ​កិច្ចសន្យា។ នៅ​ក្នុង​ “កិច្ចសន្យាសង្គម” របស់ ចន ឡក បុគ្គល និងបុគ្គល ព្រមព្រៀងគ្នាផ្ទេរ​សិទ្ធិ​មួយ​ផ្នែក​ទៅ​ឲ្យ​រដ្ឋ ដោយ​គ្រប់គ្នា​សុខចិត្ត​ដាក់​ខ្លួន​ឲ្យ​ស្ថិត​ក្រោម​អំណាច​របស់​រដ្ឋ ចំណែក​​រដ្ឋវិញ ​​ដែល​ទទួល​សិទ្ធិ​អំណាច​ពី​ប្រជាជន ​ត្រូវ​ជាប់កាតព្វកិច្ច​ធានា​នូវ​​យុត្តិធម៌ ក្នុងការ​អនុវត្ត​សិទ្ធិ​មួយ​ផ្នែក​ដែល​នៅ​សេសសល់​​របស់​ប្រជាជន។

ដូច្នេះ តាមទស្សនៈ​របស់​ចន ឡក ទំនាក់ទំនង រវាង​ប្រជាជន និង​មេដឹកនាំ​រដ្ឋ គឺ​ជា​ទំនាក់ទំនង​ក្នុង​ឋានៈ​ជា​ភាគី​នៃ​កិច្ចសន្យា ពោលគឺ ភាគីនីមួយៗ (ប្រជាជន​ក៏​ដូចជា​មេដឹកនាំរដ្ឋ) ​ត្រូវ​មាន​ទាំង​សិទ្ធិ និង​​ទាំង​កាតព្វកិច្ច​ ហើយ​ការគោរព​សិទ្ធិ និង​កាតព្វកិច្ច​ទៅវិញទៅមកនេះ គឺ​ជា​មូលដ្ឋានគ្រឹះ​ ដើម្បី​ធានា​នូវ​សុពលភាព​នៃ “កិច្ចសន្យាសង្គម”។

ទស្សនាទាន​នៃ​ “កិច្ចស​ន្យាសង្គម” របស់ ចន ឡក មិនត្រឹមតែ​ជា​មូលដ្ឋាន​នៃ​​​របបដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​ប៉ុណ្ណោះទេ ប៉ុន្តែ អ្វី​ដែល​ពិសេស​ជាងនេះ​ទៅទៀត គឺ​ការ​បើក​លទ្ធភាព​ឲ្យ​ប្រជាជន​អាច​រើបម្រះ​ប្រឆាំង​នឹង​មេដឹកនាំ​រដ្ឋ​ ប្រសិនបើ​មេដឹកនាំ​រដ្ឋ​មិនបាន​គោរព​ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន​ ក្នុង​ឋានៈ​ជា​ភាគី​នៃ​ “កិច្ចសន្យាសង្គម”។ នេះ​ហើយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​បំផុត នៃ​ចលនា​បដិវត្តន៍​ដ៏សំខាន់​ពីរ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។ ​ទីមួយ ​បដិវត្តន៍​​​អាមេរិក​ឆ្នាំ១៧៧៦ ដែល​ជា​ការ​រើបម្រះ​របស់​ប្រជាជន​​ប្រឆាំង​នឹង​អំណាច​របស់​ព្រះមហាក្សត្រ​អង់គ្លេស ដើម្បី​ងាកចេញ​ទៅ​បង្កើត​រដ្ឋឯករាជ្យ​ផ្ទាល់ខ្លួន។ ទីពីរ បដិវត្តន៍​បារាំង​ឆ្នាំ១៧៨៩ ដែល​ជា​ការ​រើ​បម្រះ​របស់​ប្រជាជន​​ប្រឆាំង​នឹង​អំណាច​របស់​ព្រះមហាក្សត្រ រហូត​ឈាន​ទៅ​ផ្តួលរំលំ​របបរាជានិយម ជំនួស​មកវិញ​ដោយ​របបសាធារណរដ្ឋ។

ចំណុច​ដ៏សំខាន់​មួយ​ទៀត នៅ​ក្នុង​ទស្សនវិជ្ជា​នយោបាយ​របស់ចន ឡក គឺ​ទំនាក់ទំនង រវាង​រដ្ឋ និង​សាសនា។ គិត​មក​ទល់​នឹង​សម័យកាល​របស់​ចន ឡក សាសនា​គឺ​ជា​ប្រភព​ដ៏ចម្បងមួយ​នៃ​ធម្មានុរូបភាព​របស់​មេដឹកនាំ​រដ្ឋ និយាយ​ដោយខ្លី គឺ​គ្រប់គ្នា​ជឿ​ថា ស្តេច​​ទទួល​ការជ្រើសតាំង​ពី​ព្រះ​ឲ្យ​មាន​សិទ្ធិ​អំណាច​ត្រួតត្រា​លើ​ប្រជាជន។ ហេតុដូច្នេះហើយ​បាន​ជា​ប្រជាជន​ត្រូវតែ​គោរព​និង​ស្តាប់​បង្គាប់​ស្តេច​ដូចព្រះ។ ចន ឡក បាន​បដិសេធ​ចោល​ទាំងស្រុង​នូវ​​ជំនឿ​បែបនេះ ដោយ​បាន​ប្រកាន់​យក​នូវ​គោលគំនិត​ថា ធម្មានុរូបភាព​នៃ​មេដឹកនាំ​រដ្ឋ​មាន​ប្រភព​តែមួយគត់ គឺ​ប្រជាជន ដែល​ជា​អ្នក​ប្រគល់​សិទ្ធិ​អំណាច​ទៅ​ឲ្យ​មេដឹកនាំរដ្ឋ ទៅតាម​ទ្រឹស្តី “កិច្ចសន្យាសង្គម”។

បន្ថែម​ពីលើ​នេះ​ទៅទៀត ចន ឡក យល់ថា រដ្ឋ​មិន​មាន​តួនាទី ហើយ​ក៏​គ្មាន​សិទ្ធិអំណាច​អ្វី ដើម្បី​ធ្វើការ​ចាត់ចែង ឬ​ត្រួតត្រា​លើ​ជំនឿ​សាសនា​របស់​ប្រជាជន​នោះដែរ។ សិទ្ធិអំណាច​របស់​រដ្ឋ ដែល​ទទួល​បាន​ពី​ប្រជាជន គឺ​ធ្វើ​យ៉ាងណា​ធានា​នូវ​​យុត្តិធម៌​ក្នុងការ​អនុវត្ត​សិទ្ធិ​របស់​ប្រជាជន​ ចំណែក​ឯ​រឿងជំនឿ​សាសនា​ វា​គឺ​ជា​កិច្ចការ​ផ្ទាល់​ខ្លួន​របស់​បុគ្គល​នីមួយៗ។ គោលគំនិតនេះ​របស់​ចន ឡក បាន​នាំទៅរក​ការវិវឌ្ឍ​ដ៏​សំខាន់​ចំនួន​ពីរ ដែល​នៅ​បន្ត​មាន​ឥទ្ធិពល​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន នៅ​តាម​បណ្តា​ប្រទេស​លោកខាងលិច គឺ​ទីមួយ ការ​បែងចែក​គ្នា​យ៉ាង​ដាច់ស្រឡះ រវាង​សាសនា និង​រដ្ឋ (គ្មាន​សាសនា​របស់​រដ្ឋ) និងទីពីរ សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា (គ្រប់បុគ្គលនីមួយៗ​មាន​សិទ្ធិសេរីភាព​យ៉ាងពេញលេញ ក្នុងការ​ជឿ និង​អនុវត្ត​តាមសាសនា​ណាមួយ​ ឬ​មិនជឿ​ទៅលើ​សាសនា​ណាមួយ​សោះ តាមតែ​ការយល់ឃើញ​របស់​គេ​រៀងៗខ្លួន)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ