អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អារីស្តូត​និងទ្រឹស្តី​វិទ្យាសាស្រ្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​រៀបរាប់​អំពី​​ប្រវត្តិ​ទស្សនវិទូ​ “អារីស្តូត” តទៅទៀត ដោយ​សូមលើកឡើង អំពី​គោលគំនិត​សំខាន់ៗ​របស់​លោក ទាក់ទង​នឹង​វិស័យ​ដ៏ថ្មី​ស្រឡាង​មួយ នៅ​ក្នុង​សម័យកាល​របស់​លោក គឺ​ខាង​វិទ្យាសាស្រ្ត។

អារីស្តូត (ស្តាំ) ជាមួយ​​ផ្លាតុង​ដែល​ជា​គ្រូ នៅ​ក្នុង​រូបគំនូរ "School of Athens" គូរដោយ Raphael
អារីស្តូត (ស្តាំ) ជាមួយ​​ផ្លាតុង​ដែល​ជា​គ្រូ នៅ​ក្នុង​រូបគំនូរ "School of Athens" គូរដោយ Raphael Wikipedia/Public Domain
ផ្សាយពាណិជ្ជកម្ម

អារីស្តូត​មាន​ភាព​ល្បីល្បាញ​មិនមែន​តែ​​អំពី​ទស្សនវិជ្ជា​​​នយោបាយ​របស់​លោក​នោះទេ ក៏ប៉ុន្តែ រឹតតែ​ល្បីល្បាញ​ជាងនេះទៅទៀត គឺអំពី​​ទ្រឹស្តី​វិទ្យាសាស្រ្ត។

យោងតាម​អារីស្តូត និយមន័យ​ទូលាយ​នៃ​ទស្សនវិជ្ជា គឺ​ការ​ស្រឡាញ់ និង​ការ​ស្វែងរក​ចំណេះដឹង​គ្រប់សព្វបែបយ៉ាងទាំងអស់ ទាំង​ចំណេះដឹងខាង​សង្គម សីលធម៌ នយោបាយ និងវិទ្យាសាស្រ្ត (គឺ​ការ​សិក្សា​ទៅលើ​ធម្មជាតិ)។ ហេតុដូច្នេះហើយ​បានជាទស្សនវិជ្ជា​របស់​អារីស្តូត​មិនផ្តោត​ជា​ចម្បងតែ​ទៅលើ​​ការ​ត្រិះរិះ​ពិចារណា​ពី​ទស្សនទាន​អរូបិយនោះទេ។ ផ្ទុយ​ទៅវិញ អារីស្តូត​បាន​ចំណាយពេល​ជាច្រើន​ សិក្សា​ទៅលើ​ផ្នែក​វិទ្យាសាស្រ្ត។

ជាការពិតណាស់​ថា “វិទ្យាសាស្រ្ត” នៅ​ក្នុង​សម័យកាល​អារីស្តូតនោះ មិនមាន​លក្ខណៈ​វិទ្យាសាស្រ្ត​ដូចជា​នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះទេ ហើយ​ជាទូទៅ គេតែងតែចាត់​បញ្ចូល​ “វិទ្យាសាស្រ្ត” របស់​អារីស្តូត​ទៅ​ក្នុង​ផ្នែក​​ទស្សនវិជ្ជាមួយដែរ គឺ “ទស្សនវិជ្ជានៃធម្មជាតិ”។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ជាទូទៅ គេនៅតែ​ចាត់ទុក​អារីស្តូត​ថា​ជា “អ្នកវិទ្យាសាស្រ្ត​ដំបូងគេបង្អស់” នៅ​ក្នុង​ប្រវត្តិសាស្រ្ត។

នៅ​ក្នុង​ការ​សិក្សា​ទៅលើ​វិទ្យាសាស្រ្ត អារីស្តូត​បាន​បង្កើតឡើង​នូវ​វិធីសាស្រ្ត​ដ៏ថ្មីស្រឡាងមួយ ហើយ​ដែល​គេចាត់ទុក​ថា​ជា​ស្នាដៃ​ដ៏ចម្បងមួយ​របស់​អារីស្តូត គឺ​ តក្កវិទ្យា (Logique)។

“មនុស្សគ្រប់រូប​សុទ្ធតែ​ត្រូវ​ស្លាប់។

“សូក្រាត​គឺ​ជា​មនុស្ស។

“ដូច្នេះ សូក្រាត​គឺ​ត្រូវស្លាប់។

នេះ​គឺ​ជា​ពំនោល​ដែល​គេ​តែងតែ​ធ្លាប់​ឮ​ជា​ញឹកញយ ហើយ​​ពំនោល​នេះ ថ្វីដ្បិត​តែ​និយាយ​ពី​ឈ្មោះ​សូក្រាត តែ​តាមការពិត វា​គឺ​ជា​គោលការណ៍​តក្កវិទ្យា​ ដែល​បង្កើតឡើង​ដោយ​អារីស្តូត ដើម្បី​ទុក​ប្រើ​ជា​វិធីសាស្រ្ត​ក្នុងការ​សិក្សា ស៊ើបអង្កេត​ ទាំង​នៅ​ក្នុង​ផ្នែក​ទស្សនវិជ្ជា ក៏ដូចជា​វិទ្យាសាស្រ្ត។

តាមការពិត ឥទ្ធិពល​ខ្លាំងជាងគេ​នៃ​គោលគំនិត​របស់​អារីស្តូត ដែល​បាន​រីកសាយភាយ និង​អូសបន្លាយពេល​​រហូតដល់​ទៅ​​រាប់ពាន់ឆ្នាំ​ក្រោយ​មក​ទៀត​នោះ គឺ​ទ្រឹស្តី​ទាក់ទង​នឹង​វិទ្យាសាស្រ្ត​នេះឯង។ នៅ​ក្នុង​ការ​សិក្សា​ខាង​ផ្នែក​វិទ្យាសាស្រ្ត​នេះ អារីស្តូត​បាន​ប្រើ​តក្កវិទ្យា​ធ្វើ​ជា​មូលដ្ឋាន ដើម្បី​ធ្វើការ​ត្រិះរិះពិចារណា ​ទាញហេតុ​​និង​ផល ចេញ​ពី​ការ​សង្កេត​ទៅលើ​ធម្មជាតិ ហើយ​ឈាន​ទៅ​ធ្វើ​សេចក្តីសន្និដ្ឋាន​បង្កើត​ជា​ទ្រឹស្តី។ ក៏ប៉ុន្តែ ទ្រឹស្តី​វិទ្យាសាស្រ្ត​អស់ទាំងនេះ មិន​ត្រូវ​បាន​ឆ្លងកាត់​ការ​ផ្ទៀងផ្ទាត់​ដោយ​ការ​ធ្វើ​ពិសោធន៍​នោះទេ។ ហេតុដូច្នេះហើយ​​បាន​ជា​​រហូតមកទល់​នឹង​ពេលបច្ចុប្បន្ន​នេះ គេដឹង​ថា ទ្រឹស្តី​វិទ្យាសាស្រ្ត​​មួយ​ចំនួន​​របស់​អារីស្តូត​ជា​ទ្រឹស្តី​ខុសឆ្គង​ទាំងស្រុង។

អារីស្តូត​លើកឡើង​ថា គ្រប់អ្វីៗ​ទាំងអស់​ដែល​គេ​មើលឃើញ​នៅ​ក្នុង​ធម្មជាតិ​​សុទ្ធតែ​ផ្សំឡើង​ដោយ​សារធាតុ​ដើមតែ ៤ប៉ុណ្ណោះ គឺ​ ទឹក ដី ភ្លើង និង​ខ្យល់។ បូក​នឹង​សារធាតុដើម​ទី៥ ដែល​ជា​ធាតុផ្សំ​នៃ​អ្វីៗ​ដែល​នៅលើ​មេឃ ឬ​នៅស្ថានសួគ៌។ ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ការសិក្សា​​ស្រាវជ្រាវ តាមរយៈ​ការ​ធ្វើ​ពិសោធន៍ និង​ការ​សង្កេត​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ​បង្ហាញ​ថា ទឹក ដី ភ្លើង និង​ខ្យល់ មិនមែន​ជា​សារធាតុដើម​នោះទេ។ ផ្ទុយ​ទៅវិញ ទាំងទឹក ដី ភ្លើង និង​ខ្យល់ ព្រមទាំង​អ្វីៗ​ផ្សេងទៀត​នៅ​ក្នុង​ចក្រវាល​យើងនេះ​សុទ្ធតែ​ផ្សំឡើង​ដោយ​សារធាតុ​ផ្សេង ដែល​រួមមាន​ដូចជា អ៊ីដ្រូសែន អុកស៊ីសែន កាបោន ព្រមទាំង​សារធាតុ​ដើម​​ផ្សេងទៀត ដែល​មាន​ចំនួន​ដល់​ទៅ​រាប់រយឯណោះ។

ទាក់ទង​នឹង​ផ្នែក​តារាសាស្រ្ត និង​ការ​សិក្សា​ពី​លោកធាតុ (Cosmologie) អារីស្តូត​អះអាង​ថា ផែនដី​មាន​រាង​ជា​ស៊្វែរ ដែល​ផ្ទុយ​ពី​ការ​យល់ឃើញ​​របស់​មនុស្ស​ទូទៅ​នៅពេលនោះ​ដែល​ថា​ផែនដី​មាន​រាង​សំប៉ែត ក៏ប៉ុ​ន្តែ អារីស្តូត​យល់ថា ផែនដី​ គឺ​ជា​ចំណុច​កណ្តាល​នៃ​ចក្រវាល ពោលគឺ ផែនដី​ស្ថិត​នៅ​ស្ងៀម​មួយ​កន្លែង ចំណែក​ឯ​ព្រះអាទិត្យ ព្រះចន្ទ ព្រមទាំង​ផ្កាយទាំងអស់​ដែល​នៅលើ​មេឃ​សុទ្ធតែ​ធ្វើ​ដំណើរ​វិល​ជុំវិញ​ភពផែនដី។

ម្យ៉ាងទៀត អារីស្តូត​បាន​កំណត់ថា គ្រប់​វត្ថុទាំងអស់​សុទ្ធតែ​មាន​ចលនា​សំដៅ​ទៅរក​ចំណុចកណ្តាល​នៃ​ចក្រវាល ហើយដោយសារតែ​ផែនដី​គឺ​ជា​ចំណុចកណ្តាល​នៃ​ចក្រវាល ដូច្នេះ​ហើយ​បាន​ជា​គ្រប់វត្ថុ​ទាំងអស់​ត្រូវ​ធ្លាក់​មក​លើ​ដី ហើយ​វត្ថុ​ដែល​មា​នទម្ងន់​​កាន់តែ​ធ្ងន់​ធ្លាក់​ចុះ​កាន់តែ​លឿន។

ក្រោយ​មក​ ទ្រឹស្តី​អស់ទាំងនេះ​របស់​អារីស្តូត​ត្រូវ​បាន​ច្រានចោល​ដោយ​អ្នក​វិទ្យាសាស្រ្តសម័យទំនើប ដោយ​ចាប់ផ្តើម​ចេញ​ពី​ នីកូឡា កូពែនិក ដែល​លើកឡើង​ថា ភពផែនដី​មិនមែន​ជា​ចំណុចកណ្តាល​នៃ​ចក្រវាល។ កាលីឡេ​បង្កើត​នូវ​ទ្រឹស្តី​ដែល​លើកឡើង​ថា រា​ល់​វត្ថុ​ទាំងអស់ មិនថា​ធ្ងន់​ឬ​ស្រាល សុទ្ធតែ​ធ្លាក់​ចុះ​ក្នុង​ល្បឿន​ស្មើគ្នា។ ទ្រឹស្តី​ដែល​ត្រូវ​បាន​គេ​បញ្ជាក់​តាម​រយៈ​ការ​ធ្វើ​ពិសោធន៍​ជាក់ស្តែង នៅលើ​ដី​ព្រះចន្ទ នៅ​ឆ្នាំ១៩៧១។ ចំណែក​ឯ​អ៊ីសាក់​ញូតុន​បាន​បង្កើត​នូវ​ទ្រឹស្តី​ដែល​ព​ន្យល់ថា វត្ថុ​ធ្លាក់​ចុះ​មក​លើ​ដី គឺ​ដោយសារ​តែ​កម្លាំង​ទំនាញ ហើយ​កម្លាំង​ទំនាញ​នេះ​ក៏​មិនមែន​មានតែ​នៅលើ​ផែនដី​នោះដែរ តែ​មាន​នៅ​គ្រប់ទីកន្លែង​ទាំងអស់​នៅ​ក្នុង​ចក្រវាលទាំងមូល ដែល​គេហៅ​ថា “កម្លាំងទំនាញសកល”។

ក៏ប៉ុន្តែ បើទោះបីជា​មាន​ការ​ខុសឆ្គង​ច្រើន​បែបនេះ​ក៏ដោយ ក៏​ទ្រឹស្តី​វិទ្យាសាស្រ្ត​របស់​អារីស្តូត​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​សិក្សា និង​មាន​ឥទ្ធិពល​ចាក់ឫស​នៅ​ក្នុង​សង្គម​​អស់រយៈពេល​រហូត​ទៅដល់​រាប់ពាន់​ឆ្នាំ ហើយ​នេះ​មិនមែន​ជា​កំហុស​របស់​អារីស្តូត​នោះទេ។

តាមការពិត តាមការ​សង្កេតមើល​ជាទូទៅ ទ្រឹស្តី​វិទ្យាសាស្រ្ត មិនថា​របស់​អារីស្តូត ឬ​របស់​អ្ន​កប្រាជ្ញ​ខាង​វិទ្យាសាស្រ្ត​ល្បីៗ​ណាមួយ​ផ្សេងទៀត​ក៏ដោយ មិនមាន​ទ្រឹស្តីណាមួយ​ដែល​ត្រឹមត្រូវ​ឥតខ្ចោះនោះទេ។ មាន​ទ្រឹស្តី​វិទ្យាសាស្រ្ត​ជាច្រើន​ដែល​ពីដំបូង​គេ​គិតថា​ត្រឹមត្រូវ តែ​ក្រោយ​មក​ត្រូវ​គេ​រកឃើញ​ថា​ជា​ទ្រឹស្តី​ខុសឆ្គង ឬ​មិនពេញលេញ ហើយ​ត្រូវគេ​ច្រានចោល ឬ​ធ្វើការកែលម្អ​ឲ្យ​កាន់តែ​សុក្រឹតឡើង​ពី​ជំនាន់មួយ​ទៅ​ជំនាន់មួយ។ ទាំងនេះ​គឺ​ជា​រឿង​ធម្មតា ហើយ​វា​ជា​ផ្នែកមួយ​នៃ​ដំណើរវិវឌ្ឍ​កាន់តែ​ប្រសើរឡើង​នៃ​ចំណេះដឹង​របស់​មនុស្សជាតិ។

ចំពោះ​ករណី​អារីស្តូតវិញ ទ្រឹស្តី​វិទ្យាសាស្រ្ត​របស់​អារីស្តូត​ (រួមទាំង​ទ្រឹស្តី​ខុសឆ្គង​ជាច្រើន​ផងនោះ) បាន​ជះ​ឥទ្ធិពល​យូរអង្វែង​ដោយ​គ្មាន​អ្នក​ប្រឆាំង ឬ​កែលម្អ ​ដោយសារ​តែ​ហេតុផល​ដ៏ចម្បងមួយ គឺ​អារីស្តូត​មាន​ទ្រឹស្តី​ស្រប​នឹង​គោលជំនឿ​របស់​​​វិហារ​កាតូលិក ដែល​ជា​ស្ថាប័ន​ដ៏​មាន​អំណាច​បំផុត​នៅ​​ចាប់តាំងពី​សម័យកាល​ចក្រភព​រ៉ូម និង​​នៅ​ក្នុង​សម័យកាល​ក្រោយៗ​មកទៀត។

ហេតុដូច្នេះហើយ​បាន​ជា បណ្តា​ជន​ទូទៅ​នៅ​តាម​បណ្តា​ប្រទេស​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល និង​ក្រោម​អំណាច​វិហារ​កាតូលិក តែងតែ​នាំគ្នា​ជឿ​ទាំងស្រុង​ទៅលើ​ទ្រឹស្តី​របស់​អារីស្តូត ហើយ​បើទោះជា​អ្នក​ដែល​មិនយល់ស្រប​តាម​អារីស្តូត​ក៏​ភាគច្រើន​មិនហ៊ា​ន​បង្ហាញ​នូវ​ទស្សនៈ​របស់​ពួកគេ​ជា​សាធារណៈ​នោះដែរ ពីព្រោះ​ថា​ ការ​បញ្ចេញ​​ទស្សនៈ​ផ្ទុយ​ពី​ទ្រឹស្តី​របស់​អារីស្តូត គឺ​មានន័យ​ស្មើ​នឹង​ការ​ប្រឆាំង​ទៅនឹង​សេចក្តីបង្រៀន​របស់​វិហារ​កាតូលិក ហើយ​អាច​នឹង​ត្រូវ​ជាប់ទោស​ពីបទ​ប្រមាថ​សាសនា។

ទ្រឹស្តី​វិទ្យាសាស្រ្ត​របស់​អារីស្តូត​​ក៏​បាន​ចាក់គ្រឹះ​​យ៉ាងយូរអង្វែង​អស់រយៈពេល​រហូតដល់​ទៅ​ប្រមាណ​ជា ២ពាន់​ឆ្នាំ គឺ​រហូត​ដល់​សតវត្សរ៍​ទី១៧​គ.ស ទើប​ចាប់ផ្តើម​មាន​ការកែប្រែ ដែល​គេហៅ​ថា​ជា “បដិវត្តន៍​នៃ​វិទ្យាសាស្រ្ត” ជាពិសេស គឺ​តាមរយៈ​ទ្រឹស្តី​​វិទ្យាសាស្រ្ត​សម័យទំនើប​របស់​កាលីឡេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ