ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

ស្ទីវ ចប (១៩៥៥-២០១១)

ស្ទីវ ចប (១៩៥៥-២០១១)
 
លោក ស្ទីវ ចប (Steve Jobs) ស្ថាបនិក​ក្រុមហ៊ុន Apple DR www.apple.com

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​បុគ្គល​មួយរូបទៀត ដែល​មាន​ឈ្មោះ​ល្បីល្បាញ នៅ​ក្នុង​វិស័យ​កុំព្យូទ័រ ក៏ដូចជា​ទូរស័ព្ទដៃ ហើយ​ដែល​ស្នាដៃ​របស់​លោក​បាន​ជះឥទ្ធិពល​យ៉ាង​សម្បើម នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​របស់​យើង​ស្ទើរ​គ្រប់គ្នា​រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន នោះ គឺ​លោក​ ស្ទីវ ចប (Steve Jobs) ស្ថាបនិក​ក្រុមហ៊ុន Apple។

នៅ​ឆ្នាំ១៩៣៦ អាឡាន់ ធួរីង បាន​ចុះផ្សាយ​នូវ​ទ្រឹស្តី​ដ៏​សំខាន់​មួយ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​វិទ្យាសាស្រ្ត​កុំព្យូទ័រ។ ក៏ប៉ុន្តែ ចាប់ពី​ទ្រឹស្តី​​របស់​អាឡាន់ ធួរីង រហូត​​ទៅដល់​ការផលិត​ម៉ាស៊ីន​កុំព្យូទ័រ​ទំនើបៗ ដែល​យើង​ប្រើប្រាស់​ជា​ទូទៅ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ត្រូវ​ឆ្លងកាត់​នូវ​ដំណាក់កាល​ជាច្រើន​ ហើយ​ទាមទារ​នូវ​ភាព​ឆ្លាតវៃ និង​គំនិត​ច្នៃប្រឌិត​របស់​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ទៀត ជាពិសេស គឺ​ប៊ីល ហ្គេត (Bill Gates) និង ស្ទីវ ចប (Steve Jobs)។

ស្ទីវ ចប កើត​នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ បុគ្គល​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​មាន​លុយ​រាប់ពាន់លាន​ដុល្លារ និង​ជា​អ្នក​មាន​គំនិត​ច្នៃប្រឌិតខ្ពស់ ​នាំ​មក​​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ទាំងស្រុង​នូវ​របៀបរស់នៅ និង​របៀប​ទំនាក់ទំនងគ្នា​របស់​យើងស្ទើរគ្រប់គ្នា​រហូត​មក​ទល់​នឹង​សព្វថ្ងៃនេះ តាមការពិត​ទៅ មាន​ដំណើរជីវិតផ្ទាល់ខ្លួន​ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ ជាពិសេស ពី​កុមារភាព។

ស្ទីវ គឺ​ជា​ក្មេង​ដែល​ត្រូវ​ឪពុកម្តាយ​សម្រេច​​បោះបង់​ចោល​តាំងពីនៅ​ក្នុងពោះ​មកម៉្លេះ។ “ស្ទីវ” នេះ​គឺ​ជា​ឈ្មោះ​ដែល​ឪពុកម្តាយ​ចិញ្ចឹម​ជា​អ្នក​ដាក់​ឲ្យ ហើយ​ “ចប” ក៏​ជា​ត្រកូល​របស់​ឪពុកម្តាយ​ចិញ្ចឹម​ដែរ គឺឪពុក​ឈ្មោះ ប៉ូល ចប (Paul Jobs) ធ្លាប់​បម្រើការ​នៅ​ក្នុង​កងឆ្មាំសមុទ្រ ដោយ​មាន​ជំនាញ​ខាង​មេកានិច ហើយ​ក្រោយ​មក​ចាកចេញ​ពី​កងឆ្មាំសមុទ្រ ទៅ​ប្រកប​របរ​ជា​ជាងឡាន (​ទិញឡានដែល​គេ​ប្រើរួច​យក​ទៅ​​​ជួសជុល​កែលម្អ ដើម្បី​​ទុកលក់)។ ម្តាយ​ឈ្មោះ ក្លារ៉ា ចប (Clara Jobs) ជា​កូនចៅ​អ្នក​ធ្វើ​អន្តោប្រវេសន៍​មក​ពី​ប្រទេស​អារម៉េនី។ អ្នក​ទាំងពីរ​ចង់​បាន​កូន ក៏ប៉ុន្តែ មិនអាច​មាន​កូនបាន ដោយសារ​តែ​ក្លារ៉ា​មាន​បញ្ហា​សុខភាព។

ឪពុកបង្កើត​របស់​ស្ទីវ ​ឈ្មោះ អាប់ឌុលហ្វាតា ចាន់ដាលី (Abdulfattah Jandali) ជា​កូនចៅ​អ្នក​កាន់​សាសនា​អ៊ីស្លាម ដើមកំណើត​មក​ពី​ស៊ីរី ។ ម្តាយបង្កើត​ឈ្មោះ ហ្សូអាន ស្ហ៊ីប្លឺ (Joanne Schieble) ជា​កូន​ចៅ​អ្នក​​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ កាន់​សាសនា​កាតូលិក ដើមកំណើត​អាល្លឺម៉ង់។

អាប់ឌុលហ្វាតា និង​ហ្សូអាន ស្រឡាញ់​គ្នា ក៏ប៉ុន្តែ ឪពុកម្តាយ​ខាង​ហ្សូអាន ជំទាស់​ដាច់ខាត​មិន​ឲ្យ​រៀបការ ដោយសារ​តែ​អាប់ឌុលហ្វាតា​ជា​អ្ន​កកាន់​សាសនា​អ៊ីស្លាម។ នៅ​ឆ្នាំ១៩៥៤ ហ្សូអាន​មាន​ទម្ងន់ ក៏ប៉ុន្តែ មិន​អាច​រៀបការ​បាន​ដោយសារ​តែ​ខ្លាច​ឪពុក​ម្តាយ​កាត់កាល់​ចោល ហើយ​បាត់បង់​សិទ្ធិទទួល​មរតក​រាប់លាន​ដុល្លារ។ ក្នុងពេល​ជាមួយគ្នា បើ​ចង់​រំលូតកូន​ក៏​ពិបាក ដោយសារ​តែ​ជា​គ្រួសារ​អ្នក​ប្រកាន់​ជំនឿ​យ៉ាងតឹងរ៉ឹង​​តាម​សាសនា​កាតូលិក។

​ហ្សូអាន​ក៏​សម្រេច​ចិត្ត​ថា​នឹង​ទុក​កូន​​រហូត​ដល់​កើត ក៏ប៉ុន្តែ នឹង​​ឲ្យ​កូន​នេះ​ទៅ​គេ​ចិញ្ចឹម ដោយ​ហ្សូអាន​បាន​ដាក់​លក្ខខណ្ឌ​ចម្បងមួយ​ថា ឪពុកម្តាយ​ចិញ្ចឹម​ត្រូវតែ​ជា​អ្នក​រៀនសូត្រ​បាន​ចប់​ថ្នាក់​មហាវិទ្យាល័យ។

ពីដំបូងឡើយ នៅ​ពេល​ដែល​កូន​មិនទាន់​កើតនៅឡើយផង ហ្សូអាន​បាន​ព្រមព្រៀង​ឲ្យ​កូន​ទៅ​គ្រួសារ​ជា​មេធាវី​ម្នាក់ ក៏ប៉ុន្តែ នៅ​ពេល​ដែល​កូន​កើតមក​ជា​កូនប្រុស មេធាវី​និង​ប្រពន្ធ ដែល​ចង់​បាន​កូនស្រី ក៏​ស្រាប់តែ​បានប្តូរចិត្ត​​ ហើយ​បដិសេធ​មិន​ទទួល​យក​កូន​នេះ​ទៅ​ចិញ្ចឹម ទើប​កូនប្រុសនេះ​ធ្លាក់​ទៅដល់​ដៃ​ប៉ូល និង​ក្លារ៉ា ចប ដែលជា​អ្នក​រៀនសូត្រ​មិនបាន​ចប់​ថ្នាក់​វិទ្យាល័យផង។ ដោយហេតុនេះហើយ​ទើប ពីដំបូង ហ្សូអាន​បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​លិខិត​ស្មុំកូន​នោះទេ រហូត​ទាល់​តែ​ជាច្រើន​សប្តាហ៍​ក្រោយ​មក ហើយ​ឆ្លងកាត់​ក្តីក្តាំ​រហូត​ដល់​តុលាការ ទើប​ហ្សូអាន​សុខចិត្ត​ចុះហត្ថលេខា ក្រោយ​ពី​​មាន​ការ​សន្យា​ពី​ប៉ូល និង​ក្លារ៉ា ចប ថា នឹង​សន្សំលុយ​ផ្ចុងផ្តើម​ឲ្យ​កូន​ប្រុស​នេះ​រៀនសូត្រយ៉ាងតិច​រហូត​ដល់​ថ្នាក់​វិទ្យាល័យ។

ស្ទីវិន ប៉ូល ចប (Steven Paul Jobs) គឺ​ជា​ឈ្មោះ​ពេញ ដែល​ប៉ូល និង​ក្លារ៉ា ចប បាន​ដាក់​ឲ្យ​កូនប្រុស​ចិញ្ចឹម ហើយ​តាំង​ពី​កូនដឹងក្តីមក អ្នក​ទាំងពីរ​មិនដែល​លាក់​បាំង​នឹង​កូន​ទេ​ថា ពួកគេមិនមែន​ជា​ឪពុកម្តាយបង្កើត​នោះទេ គឺ​​​គ្រាន់តែ​ជា​ឪពុកម្តាយ​ចិញ្ចឹមតែ​ប៉ុណ្ណោះ។

កាល​ពី​ក្មេង​ អាយុ ៦-៧​ឆ្នាំ ស្ទីវ ​ធ្លាប់​មាន​ការ​អាក់អន់​ចិត្ត​យ៉ាងខ្លាំង រហូត​​រត់ទៅ​យំ​ដាក់​ឪពុកម្តាយ នៅ​ពេល​ដែល​មាន​គេ​និយាយ​ថា ខ្លួន​គឺ​ជា​កូន​ដែល​ឪពុកម្តាយ​មិនចង់​បាន ហើយ​បោះបង់ចោល​ទុក​ឲ្យ​គេ​ចិញ្ចឹម។ ក៏ប៉ុន្តែ នៅ​ពេល​ធំដឹងក្តីឡើង ស្ទីវ ចប តែងតែ​បាន​អះអាង​ថា លោក​មិនដែល​មាន​អារម្មណ៍​ថា​ត្រូវ​គេ​បោះបង់ចោល​នោះទេ ដោយសារតែ​ឪពុកម្តាយ​ចិញ្ចឹម​របស់​លោក បាន​ចិញ្ចឹម បីបាច់​ថ្នាក់ថ្មម និង​​ផ្តល់​នូវ​ការ​ស្រឡាញ់​ចំពោះ​លោក​ ប្រៀបដូចជា​កូន​បង្កើត ហើយ​សម្រាប់​លោក​វិញ​​ក៏ដូចគ្នាដែរ គឺតែងតែ​ចាត់ទុក​ ប៉ូល និង​ក្លារ៉ា ​ចប ដូច​​ជា​ឪពុកម្តាយបង្កើត​របស់ខ្លួន​ដូច្នោះដែរ។

ស្ទីវ ចប ធំដឹងក្តី នៅក្នុង​សង្កាត់មួយ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​សម្បុក​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យាថ្មី គឺ​ Silicon Valley។

វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​នៅ​សហរដ្ឋ​អាមេរិក ចាប់ផ្តើម​ស្គាល់​នូវ​ការរីក​ចម្រើន​យ៉ាង​លឿន​គួរ​ឲ្យ​កត់សម្គាល់ ចាប់ពីក្រោយ​សង្រ្គាម​លោក​លើកទី២។ សហគ្រិន​វ័យក្មេង​ជាច្រើន ក៏​នាំគ្នា​ចាប់អារម្មណ៍​លើ​ផ្នែក​បច្ចេកវិទ្យា​នេះ ក៏ប៉ុន្តែ ពីដំបូងឡើយ ពួកគេ​មិន​មាន​ទីតាំង​សម្រាប់​ធ្វើការ​ត្រឹមត្រូវ​នោះទេ ដោយ​អ្នក​ខ្លះ​យក​រោងដាក់​ឡាន​នៅ​ក្នុងផ្ទះ ដើម្បី​ធ្វើ​ជា​កន្លែង​ធ្វើការ​សិក្សា​ និង​ពិសោធន៍​ទៅលើ​បច្ចេកវិទ្យា និង​បង្កើត​ផលិតផល​ថ្មីៗ ដើម្បី​យក​ទៅ​ធ្វើ​អាជីវកម្ម។ David Parcard និង Bill Hewlett ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ចេញ​ពី​រោងដាក់​ឡាន​ក្នុងផ្ទះ គឺ​ក្រុមហ៊ុន Hewlett-Parcard ដែល​គេស្គាល់​ជាទូទៅ​ថា HP។

មិនយូរប៉ុន្មានក្រោយមក ដោយ​មើល​ឃើញ​ពី​ការរីកដុះដាល​នៃ​វិស័យ​បច្ចេកវិទ្យា​នេះ សកលវិទ្យា​ស្តែនហ្វត (Stanford University) បាន​បង្កើត​ទីតាំង​មួយ ក្នុងផ្ទៃដី​ប្រមាណ​ជា ៨ហិចតា ដើម្បី​ឲ្យ​សហគ្រិន​ក្មេងៗ​យក​ធ្វើ​ជា​ទីតាំង ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​អាជីវកម្ម​លើ​បច្ចេកវិទ្យា​ថ្មីៗ។

សង្កាត់​បច្ចេកវិទ្យា​នេះ​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​បច្ចេកវិទ្យា​ដែល​រីកដុះដាល​ខ្លាំង​ជាងគេ នៅ​ពេលនោះ គឺ​ការ​ផលិត​សឺមីកុងឌុចទ័រ ដោយប្រើ​ Silicon ។ ហេតុដូច្នេះហើយ​បាន​ជា​សង្កាត់​នេះ​ត្រូវ​ជាប់​ឈ្មោះ​ថា​ “Silicon Valley” រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន។

ស្ទីវ ចប គឺ​ជា​ក្មេង​ដែល​ធំដឹងក្តីឡើង​ជាមួយ​នឹង Silicon Valley។ ​នៅ​ពេល​ដែល​ស្ទីវ ចប មាន​អាយុ ១០ឆ្នាំ ក្រុមហ៊ុន HP បាន​រីកដុះដាល​ក្លាយ​ទៅជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំមួយ ដែល​មាន​បុគ្គលិក​រហូតដល់​ទៅ​ប្រមាណ​ជា ៩ពាន់នាក់។ ម្តាយ​របស់​ស្ទីវ គឺ​ជា​អ្នក​ធ្វើការ​នៅ Silicon Valley ហើយ​អ្នក​ដែល​រស់នៅ​ជុំវិញ​នោះ ក៏​ភាគច្រើន​សុទ្ធតែ​ជា​អ្នក​ធ្វើការ នៅ​ក្នុង​វិស័យបច្ចេកវិទ្យា។

ស្ទីវ ចប ធ្លាប់​បាន​លើកឡើង​ថា ការធំដឹងក្តីឡើង នៅក្នុង​សង្កាត់​បច្ចេកវិទ្យា​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ទៅដល់​ផ្នត់គំនិត​របស់​លោក។ វាធ្វើ​ឲ្យ​លោក​មាន​គំនិត​ដក់​ជាប់តែ​នឹង​ផ្នែក​បច្ចេកវិទ្យា ចង់​រកស៊ី​ខាង​ផ្នែក​បច្ចេកវិទ្យា ហើយ​ចង់​ក្លាយ​ជា​ផ្នែក​មួយ ក្នុង Silicon Valley​ នេះ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ