ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

ស្ទីវ ចប៖ ពីបរាជ័យនៅសាលា ទៅការបង្កើតក្រុមហ៊ុន Apple

ស្ទីវ ចប៖ ពីបរាជ័យនៅសាលា ទៅការបង្កើតក្រុមហ៊ុន Apple
 
លោក ស្ទីវ ចប ឈប់​រៀន​នៅ​ឆ្នាំ១៩៧៤ ហើយ​ពីរឆ្នាំក្រោយ​មក បាន​បង្កើត​ក្រុមហ៊ុន Apple នៅ​ឆ្នាំ១៩៧៦ REUTERS/Kimberly White

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​ស្ទីវ ចប (Steve Jobs) តទៅទៀត ដោយ​សូម​លើកឡើង អំពី​បរាជ័យ​​របស់​លោក​ក្នុងការ​សិក្សា ក៏ប៉ុន្តែ អាច​ឈាន​ទៅ​បង្កើត​ក្រុមហ៊ុន​ Apple ដ៏ល្បីឈ្មោះ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

ស្ទីវ ចប គឺ​ជា​ក្មេង​ដែល​ធំដឹងក្តីឡើង​​ នៅ​ក្នុង​សង្កាត់​បច្ចេកវិទ្យា​ដ៏ល្បីឈ្មោះ​នៅ​អាមេរិក គឺ​ Silicon Valley។ តាំង​ពី​នៅ​ក្មេង​មក ស្ទីវ ចប បាន​មើលឃើញ​ស្ទើរតែ​រៀងរាល់ថ្ងៃ​នូវ​ការងារ ទាក់ទង​នឹង​បច្ចេកវិទ្យា។ ក្រៅ​ពី​កិច្ចការ​របស់​ឪពុក ដែល​ជា​អ្នក​ធ្វើឡាន ទាំង​ខាង​មេកានិច និង​អេឡិចត្រូនិច ស្ទីវ ចប ក៏​ឧស្សាហ៍​ឃើញ​កិច្ចការ​របស់​អ្នក​ដែល​រស់នៅ​ជុំវិញ​នោះផងដែរ។

លើសពីនេះ​ទៅទៀត ស្ទីវ មាន​ឪពុកម្តាយ ដែល​ផ្តល់​ការ​អប់រំ ប្រកប​ដោយ​អំណោយផល នៅ​ក្នុង​ការ​ជំរុញ​ភាព​ឆ្លាតវៃ​របស់​កូន។ នៅពេលដែល​ស្ទីវ​លើកឡើង​ពី​គំនិត​អ្វីមួយ បើទោះបីជា​ផ្ទុយស្រឡះ​ពី​គំនិត​របស់​ឪពុកម្តាយ​ក៏ដោយ ក៏​ឪពុកម្តាយ​របស់​លោក​មិនបាន​ប្រើ​អំណាច​ជា​ឪពុកម្តាយ ឬ​ជា​មនុស្ស​ចាស់ ដើម្បី​គ្របដណ្តប់​ទៅលើ​គំនិត​របស់​កូន​នោះដែរ ផ្ទុយ​ទៅវិញ ពួកគាត់​​បាន​ចំណាយ​ពេល​ស្តាប់​ហេតុផល​របស់​កូន លើកហេតុផល​របស់​ខ្លួនឯង ​យក​មក​ជជែក​ដេញដោល ហើយ​ពេលខ្លះ បើ​ខ្លួន​ខុស សុខចិត្ត​ទទួលស្គាល់​ចំពោះ​មុខកូន​ថា​ខ្លួន​ខុស។ ម្យ៉ាងទៀត ឪពុកម្តាយ​របស់​ស្ទីវ តែងតែ​សុខ​ចិត្ត​សម្រប​ការ​រស់នៅ ឲ្យ​ស្របទៅ​តាម​ភាព​ឆ្លាតវៃ​របស់​កូន ហើយ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ជំរុញ​ភាពឆ្លាតវៃ​នេះ​ឲ្យ​កាន់តែ​ទៅមុខ​ថែមទៀត។

ក៏​ប៉ុន្តែ ទាំងអស់​នេះ​ ក៏​បាន​បង្កើត​នូវ​ផលវិបាក​ជា​អវិជ្ជមាន​មួយ​ផងដែរ​ដល់​ស្ទីវ​នៅ​​ពេល​ចូល​រៀន​នៅ​​សាលា។ នៅពេល​ចូលរៀន ស្ទីវ ដែល​ជាក្មេង​ឆ្លាត​ស្រាប់ ហើយ​ឪពុក​ម្តាយ​បង្រៀន​ឲ្យ​ចេះ​ច្រើន​ហើយ​នោះ ចាប់ផ្តើម​មាន​ភាព​ធុញទ្រាន់​នឹង​ការ​រៀនសូត្រ​នៅ​ក្នុង​សាលា។ លើសពីនេះ​ទៅទៀត ការណ៍​ដែល​នៅ​ផ្ទះ មាន​ឪពុកម្តាយ​ចេះ​​សម្របសម្រួល​ទៅ​តាម​កូន ​លើកសរសើរកូន​ សារភាព​ទទួលថា​ខ្លួន​ជា​ឪពុកម្តាយ​ជាអ្នកខុស និង​ការ​មិនប្រើ​អំណាច​ជា​ឪពុកម្តាយ​ទៅ​គ្របលើ​កូន ក៏​បានធ្វើ​ឲ្យ​ស្ទីវ​ក្លាយ​ជា​សិស្ស​​ដែល​មិនសូវ​ខ្លាច​គ្រូ​ផងដែរ។

ទោះជាយ៉ាង​ណា ស្ទីវ​នៅតែ​រៀនបាន​លទ្ធផល​ល្អ រហូត​បាន​ជាប់ចូល​ថ្នាក់​មហាវិទ្យាល័យ។ ក៏ប៉ុន្តែ នៅ​មហាវិទ្យាល័យ​នេះ ក៏​មិនខុស​ពី​នៅ​សាលា​មុនៗ​ដែរ ស្ទីវ​ធុញទ្រាន់​នឹង​កម្មវិធី​សិក្សា ហើយ​លើសពីនេះ​ទៅទៀត ស្ទីវ​មិន​ចង់​ឲ្យ​ឪពុកម្តាយ​ត្រូវ​រ៉ាប់រង​បន្ទុក​បង់ថ្លៃ​សាលា​ដែល​ថ្លៃ​កប់ពពក។ នៅ​ទីបំផុត​ទៅ​ ស្ទីវ​ក៏​បាន​ឈប់​រៀន​​ពាក់កណ្តាលទី។

នៅ​ឆ្នាំ១៩៧៤ ក្រោយ​ពី​បាន​ឈប់​រៀន​ពី​មហាវិទ្យាល័យ ស្ទីវ ចប បាន​ចូល​ធ្វើការ​នៅ​ក្នុងក្រុមហ៊ុន​ផលិត​វីដេអូហ្គេមមួយ ឈ្មោះ​ថា Atari ដែល​ទើបនឹង​បង្កើតឡើង កាល​ពី​ពីរឆ្នាំមុន។ ក៏ប៉ុន្តែ ការងារ​នេះ​ក៏​មិនបាន​ជាប់លាប់​យូរ​ប៉ុ​ន្មាន​នោះដែរ ដោយ​នៅ​ពេលនោះ ស្ទីវ ចប ដក់ចិត្ត​នឹង​គំនិត​​ចង់​ចេញ​ទៅ​ធ្វើ​សមាធិ សិក្សា​អំពី​ពុទ្ធសាសនា នៅ​ឥណ្ឌា។

ក្រោយ​ពី​ធ្វើការ​បាន​ប៉ុន្មាន​ខែ ហើយ​អាច​សន្សំលុយ​បាន​គ្រប់ ស្ទីវ ចប ក៏​បាន​ឈប់​ធ្វើការ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ដោយ​នៅទីនោះ ស្ទីវ ចប បាន​ចំណាយ​ពេល​រហូតដល់​ទៅ ៧ខែ ធ្វើសមាធិ និង​សិក្សា​អំពី​ពុទ្ធសាសនា​ ក៏​ដូចជា​សិក្សា​​ព្រហ្មញ្ញ​សាសនា ព្រមទាំង​វប្បធម៌​ និង​ទំនៀមទម្លាប់​របស់​ប្រជាជន​ឥណ្ឌា​ជាទូទៅ។

វិលត្រឡប់​មក​អាមេរិកវិញ ស្ទីវ ចប ត្រូវ​បាន​ក្រុមហ៊ុន Atari រើស​ឲ្យ​ចូល​ធ្វើការ​វិញ ហើយ​ ជារឿយៗ នៅ​ក្រោយ​ពេល​ចេញ​ពី​ធ្វើការ ស្ទីវ ចប ច្រើន​តែ​ចំណាយពេល​ជាមួយ​មិត្តភ័ក្តិ​ដ៏​ជិតស្និទ្ធម្នាក់ ឈ្មោះថា ស្ទីវ វ៉ូសញ៉ាក់ ដែល​ស្គាល់​គ្នា​តាំង​ពី​កាល​នៅ​រៀន។

ស្ទីវ វ៉ូសញ៉ាក់ (Steve Wozniak) មាន​អាយុ​ច្រើន​ជាង ស្ទីវ ចប ដល់​ទៅ ៥ឆ្នាំ ហើយ​ផ្ទុយ​ពី ចប ដែល​រៀន​មិន​ចប់​ថ្នាក់​មហាវិទ្យាល័យ វ៉ូសញ៉ាក់​​វិញ រៀន​ចប់​ថ្នាក់​វិស្វករ​អគ្គិសនី ពី​សកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ គឺ​ University of California, Berkeley។ ស្ទីវ​ទាំងពីរ​នេះ (ស្ទីវ ចប និង​ស្ទីវ វ៉ូសញ៉ាក់) ថ្វីដ្បិត​តែ​មាន​បុគ្គលិក​លក្ខណៈ​ខុសគ្នា ក៏ប៉ុន្តែ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹងគ្នា ហើយ​បំពេញ​គ្នា​ទៅវិញ​ទៅមក គឺ វ៉ូសញ៉ាក់​ពូកែ​ខាង​បច្ចេកទេស ចំណែក​ឯ ចប វិញ ពូកែ​ខាង​យក​គំនិត​របស់​វ៉ូសញ៉ាក់​ទៅ​រក​លុយ​មក​ចែក​គ្នា​ចាយ​តាំង​ពី​ពេល​ដែល​ពួកគេ​ទាំង​ពីរ​នៅ​ជាសិស្ស​មក​ម៉្លេះ។

នៅពេល​ដែល​ចប​ធ្វើការ​នៅ​ក្រុមហ៊ុន​វីដេអូហ្គេម Atari វ៉ូសញ៉ាក់​ធ្វើការ​នៅ​ក្រុមហ៊ុន​អេឡិចត្រូនិច HP។ នៅថ្ងៃ​មួយ ថៅកែ​ក្រុមហ៊ុន Atari បាន​ឲ្យ​ចប​ធ្វើការ​រចនា​ហ្គេម​ថ្មីមួយ ដោយ​យក​ចេញ​ពី​ហ្គេម​ចាស់​ដែល​មាន​ស្រាប់ ហើយ​បាន​សន្យាថា បើ​សិន​ជា​ចប​ធ្វើ​បាន​ជោគជ័យ ចប នឹង​ទទួល​បាន​ប្រាក់រង្វាន់​បន្ថែម​ពីលើ​ប្រាក់​ខែ​ដែល​មាន​ស្រាប់។

ចប​មិនមាន​ជំនាញ​ខាង​បច្ចេកទេស​គ្រប់គ្រាន់ ដើម្បី​រចនា​ហ្គេម​នេះ​ទេ ក៏ប៉ុន្តែ ចប រំពឹង​លើ​វ៉ូសញ៉ាក់។ ចប​ក៏​ទទួល​យក​ការងារ​នេះ​មក​ធ្វើ ដោយ​សហការ​ជាមួយ​នឹង​វ៉ូសញ៉ាក់ ហើយ​រចនា​ហ្គេម​នេះ​បាន​ដោយ​ជោគជ័យ យក​​ប្រាក់​រង្វាន់​ដែល​ទទួល​បាន ទៅ​ចែកគ្នា​ស្មើ ពាក់កណ្តាល​ម្នាក់។ បទពិសោធន៍​នៅ Atari នេះ គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​មួយ នៅ​ក្នុង​ដំណើរ​ជីវិត​របស់​ស្ទីវ ចប ទាក់ទង​នឹង​មុខជំនួញ​ខាង​បច្ចេកវិទ្យា និង​ការ​ចាប់ដៃគូ​ជាមួយ​ស្ទីវ វ៉ូសញ៉ាក់ ឈាន​ទៅ​បង្កើត​ក្រុមហ៊ុន​ Apple។

គិតត្រឹម​ឆ្នាំ១៩៧៥ ម៉ាស៊ីន​កុំព្យូទ័រ​សម័យ​ទំនើប ទៅតាម​ទ្រឹស្តី​របស់​អាឡាន់ ធួរីង ត្រូវ​បាន​គេ​ផលិត និងមាន​ដំណើរការ អាច​ឲ្យ​គេ​ប្រើប្រាស់​ទៅតាម​តម្រូវការ​ជាក់ស្តែង​រួចទៅហើយ។ ក៏ប៉ុន្តែ នៅ​ពេលនោះ កុំព្យូទ័រ​ភាគច្រើន​មាន​ទំហំ​ធំ តម្លៃ​ថ្លៃ ហើយ​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​តែ​នៅ​តាម​ស្ថាប័ន​រដ្ឋ ជាពិសេស ក្នុង​វិស័យ​ការពារជាតិ។

កុំព្យូទ័រ​ផ្ទាល់ខ្លួន (Personal Computer) ដែល​មាន​ទំហំតូច ត្រូវ​បាន​គេ​ផលិតឡើង​ជា​ដំបូង នៅ​ឆ្នាំ​១៩៧៤ (កុំព្យូទ័រ​នេះ​មាន​ឈ្មោះ​ថា Altair 8800)។ កុំព្យូទ័រ​នេះហើយ​ ដែល​ជា​ឫសគល់​នាំ​ទៅដល់​ការ​បង្កើត​ក្រុមហ៊ុន​កុំព្យូទ័រ​ដ៏ល្បីល្បាញ​ទាំងពីរ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន គឺ​ក្រុមហ៊ុន Microsoft និង Apple។

នៅឆ្នាំ១៩៧៥ នៅ​ពេល​ដែល​លោក​ប៊ីល ហ្គេតស៍ និង​ដៃគូ​របស់​លោក គឺ​លោក​ប៉ូល អាលែន បង្កើត​ក្រុមហ៊ុន Microsoft ស្ទីវ វ៉ូសញ៉ាក់ និង​ស្ទីវ ចប ក៏​មាន​ការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដែរទៅលើ​កុំព្យូទ័រផ្ទាល់ខ្លួន​នេះ។ វ៉ូសញ៉ាក់ ដែល​នៅ​ពេលនោះ​កំពុង​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ HP ​បែកគំនិត​ចង់បង្កើត​កុំព្យូទ័រ​មួយ​ប្រភេទ​ថ្មី​ទៀត ​ដែល​មាន​តួម៉ាស៊ីន (Central Unit) និង​ក្តាចុច (Keyboard) ជា​ប្លុកតែមួយ ហើយ​អាច​តភ្ជាប់​ជាមួយ​ទូរទស្សន៍ ដើម្បី​ធ្វើ​ជា​អេក្រង់។

​វ៉ូសញ៉ាក់​យក​រឿងនេះ​ទៅ​ប្រាប់​ចប ហើយ​លើកនេះ​ក៏​មិនខុស​ពី​កាល​ពីមុន​ដែរ គឺ​ចប ដែល​ជា​អ្នក​មាន​គំនិត​​ចង់​យក​កុំព្យូទ័រ​​ដែល​វ៉ូសញ៉ាក់​បាន​រចនាឡើង​នេះ​ទៅ​រកស៊ី។​ ពីដំបូងឡើយ វ៉ូសញ៉ាក់​មាន​ការ​រារែក ដោយសារ​តែ​ម្យ៉ាង ការ​បង្កើត​ជា​ក្រុមហ៊ុន​រកស៊ី គឺ​ត្រូវការ​ចំណាយ​ដើមទុនច្រើន ហើយ​ម្យ៉ាងទៀត វ៉ូសញ៉ាក់ ដែល​ឆ្លាត​តែ​ខាង​បច្ចេកទេស ហើយ​មិនយល់​អំពី​ការ​ធ្វើ​ជំនួញ ចេះតែ​គិត​ថា វាទំនង​ជា​មិន​អាច​ទៅរួចទេ ដែល​កុំព្យូទ័រ​របស់​ពួកគេ​​អាច​នឹង​មាន​អ្នក​ទិញ។

ចប​បាន​ព្យាយាម​បញ្ចុះបញ្ចូល​វ៉ូសញ៉ាក់ ដោយ​លើកឡើង​ថា បើទោះបីជា​នៅ​ទី​ចុងបំផុត​ទៅ មុខជំនួញ​របស់​ពួកគេ​មិន​បាន​ជោគជ័យ តែ​យ៉ាងហោចណាស់ វា​ក៏​អាច​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​​ដែរ​នៅ​ក្នុង​ជីវិត។ បើទោះបីជា​ពួកគេ​ត្រូវ​ខាត​លុយ តែ​ពួកគេ​អាច​ស្គាល់​រសជាតិ​ថា​អ្វី​ទៅជា​ការ​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួនឯង។ វ៉ូសញ៉ាក់​យល់ព្រម ហើយ​អ្នក​ទាំងពីរ​ក៏​បាន​លក់​ទ្រព្យ​របស់​ខ្លួន ដើម្បី​ប្រមែរប្រមូល​លុយ​យក​មក​ធ្វើ​ជា​ដើមទុន​ទៅ​បង្កើត​ក្រុមហ៊ុន។

នៅថ្ងៃ​ទី១ ខែមេសា ឆ្នាំ១៩៧៦ ស្ទីវ ចប និង​ស្ទីវ វ៉ូសញ៉ាក់ រួម​ជាមួយ​នឹង រ៉ូណាល់ដ៍ វេន (Ronald Wayne) ដែល​ជា​មិត្តរួមការងារ​របស់​ចប នៅឯ​ក្រុមហ៊ុន​ Atari ក៏​បាន​បង្កើត​ក្រុមហ៊ុន​មួយឡើង ដោយដាក់​ឈ្មោះ​ថា Apple Computer Company។ នៅ​ក្នុងក្រុមហ៊ុន​នេះ ចប និង​វ៉ូសញ៉ាក់ មាន​ចំណែកហ៊ុន​ស្មើគ្នា គឺ ៤៥% ម្នាក់ ចំណែក​ រ៉ូណាល់ដ៍ វេន ទទួល​បាន​ចំណែកហ៊ុន ១០%។ ការងារ​ក៏​ត្រូ​វ​បាន​បែងចែក​គ្នា​ផងដែរ រវាង​ស្ថាបនិក​ទាំងបី គឺ​វេន មាន​មុខងារ​ជា​អ្នក​មើល​ការខុសត្រូវ​ខាង​រដ្ឋបាល​របស់​ក្រុមហ៊ុន, វ៉ូសញ៉ាក់​ទទួល​ខុសត្រូវ​ទូទៅ​​ខាង​ផ្នែក​​បច្ចេកវិទ្យា ចំណែក​ចប ក្រៅពី​ការ​ទទួលខុសត្រូវ​មួយផ្នែក​ខាង​ផ្នែក​វិស្វកម្ម​អេឡិចត្រូនិច គឺ​​ជា​អ្នក​ទទួល​ខុសត្រូវ​រួម​ខាង​​យុទ្ធសាស្រ្ត​ជំនួញ និង​ទីផ្សារ៕

  • ស្ទីវ ចប ​និង ​ប៊ីល ហ្គេត៖ ​រវាង​ភាពជាដៃគូ ​និង​ភាព​ជា​គូប្រជែង

    ស្ទីវ ចប ​និង ​ប៊ីល ហ្គេត៖ ​រវាង​ភាពជាដៃគូ ​និង​ភាព​ជា​គូប្រជែង

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​ស្ទីវ ចប (Steve Jobs) តទៅទៀត ដោយ​សូម​លើកឡើង អំពី ទំនាក់ទំនង​ចម្រូងចម្រាស​​ជាមួយ​នឹង​លោក …

  • ស្ទីវ ចប ​និង​ការ​បង្កើត​កុំព្យូទ័រ Macintosh (Mac)

    ស្ទីវ ចប ​និង​ការ​បង្កើត​កុំព្យូទ័រ Macintosh (Mac)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​ស្ទីវ ចប (Steve Jobs) តទៅទៀត ដោយ​សូម​លើកឡើង អំពី​​ការ​បង្កើត​កុំព្យូទ័រ​ …

  • ស្ទីវ ចប (១៩៥៥-២០១១)

    ស្ទីវ ចប (១៩៥៥-២០១១)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​បុគ្គល​មួយរូបទៀត ដែល​មាន​ឈ្មោះ​ល្បីល្បាញ នៅ​ក្នុង​វិស័យ​កុំព្យូទ័រ ក៏ដូចជា​ទូរស័ព្ទដៃ …

  • អាឡាន់ ធួរីង និង​ទ្រឹស្តី​វិទ្យាសាស្រ្តកុំព្យូទ័រ

    អាឡាន់ ធួរីង និង​ទ្រឹស្តី​វិទ្យាសាស្រ្តកុំព្យូទ័រ

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​ អាឡាន ធួរីង (Alan Turing) តទៅទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​របស់​លោក​ទាក់ទង​នឹង​ទ្រឹស្តី​នៃ​វិទ្យាសាស្រ្ត​កុំ​ព្យូទ័រ។

  • អាឡាន់ ធួរីង ​(១៩១២-១៩៥៤)

    អាឡាន់ ធួរីង ​(១៩១២-១៩៥៤)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​អ្នកប្រាជ្ញ​ដ៏​ឆ្នើម​មួយរូប ដែល​មិនសូវ​ជា​ត្រូវ​គេ​ស្គាល់​ជាទូទៅ ក៏ប៉ុន្តែ …

  • អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ​និង​ការបង្កើត​ប្រព័ន្ធទូរស័ព្ទ

    អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ​និង​ការបង្កើត​ប្រព័ន្ធទូរស័ព្ទ

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​​របស់​​លោក​ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (Alexander Graham Bell) តទៅទៀត …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ