ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/10 12h00 GMT

ស្ទីវ ចប៖ ​ការវិលត្រឡប់​ទៅ​សង្រ្គោះ​ក្រុមហ៊ុន ​Apple

ស្ទីវ ចប៖ ​ការវិលត្រឡប់​ទៅ​សង្រ្គោះ​ក្រុមហ៊ុន ​Apple
 
ស្ទីវ ចប បាន​ពង្រីក​មុខជំនួញ​ពី​វិស័យ​កុំព្យូទ័រ ចូល​ទៅ​ក្នុង​វិស័យ​ដូរតន្រ្តី (iTune/iPod) និង​ទូរគមនាគមន៍ (iPhone) TONY AVELAR / AFP

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​ស្ទីវ ចប (Steve Jobs) តទៅទៀត ដោយ​សូម​លើកឡើង អំពី ការវិលត្រឡប់​ទៅ​ជួយ​សង្រ្គោះ​ Apple ពី​ការ​ដួលរលំ ហើយ​ព្រមទាំង​បាន​ប្រែក្លាយ​ Apple ឲ្យ​ទៅ​ជា​ក្រុមហ៊ុន​ដ៏ជោគជ័យ និង​ជា​ផលិតផល​ដ៏​មាន​ឥទ្ធិពល​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ ក្រោយ​ការ​ចាកចេញ​របស់ ស្ទីវ ចប (Steve Jobs) Apple នៅតែ​ជា​ក្រុមហ៊ុន​ដែល​មាន​ជោគជ័យ​ក្នុងការ​​​រកស៊ី ហើយ​នៅតែ​អាច​រក​​បាន​ប្រាក់ចំណេញ​ច្រើន ក៏ប៉ុន្តែ ជោគជ័យ​នេះ​​​មិន​ស្ថិតស្ថិរ​នៅ​បាន​យូរ​ប៉ុន្មាន​នោះទេ។

បញ្ហា​ចោទ​ចម្បង​របស់​ Apple នៅ​ពេលនោះ គឺ​ខ្វះគំនិត​ច្នៃប្រឌិត មិន​បង្កើត​ផលិតផល​ប្លែក​ថ្មី ហើយ​ពឹងផ្អែក​ខ្លាំង​តែ​ទៅលើ​ការ​កែលម្អ​​កុំព្យូទ័រ Macintosh ដែល​ត្រូវ​បាន​ចេញលក់​​ជាច្រើន​ឆ្នាំមកហើយ ពោលគឺ តាំង​ពី​មុនពេល​ដែល​ ស្ទីវ ចប មិនទាន់​ចាកចេញ​ពី​ក្រុមហ៊ុន​មកម៉្លេះ។ ក្នុងពេល​ជាមួយគ្នា​នោះ ក្រុមហ៊ុន Microsoft ដែល​ជា​គូប្រជែង បាន​​ផលិត​នូវ​កម្មវិធី Windows របស់​ខ្លួន​​កាន់តែ​ល្អឡើង ហើយ​បាន​វាយលុក​ចូល​ដណ្តើម​ចំណែក​ទីផ្សារ​របស់ Apple បាន​កាន់តែ​ច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

នៅឆ្នាំ១៩៩៥ Microsoft បាន​ចេញលក់​កម្មវិធី Windows 95 ដែល​នៅពេលនោះ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​កម្មវិធី Operating System ​ដ៏​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត។ ក្រោយ​ការ​ចេញ​កម្មវិធី​ Windows 95 នេះ កុំព្យូទ័រ​របស់ Apple ក៏​លក់​លែង​ដាច់ ​ប្រាក់​ចំណូល​របស់ Apple ក៏​ត្រូវ​ធ្លាក់​ចុះ​យ៉ាង​គំហុក ហើយនៅ​ឆ្នាំ១៩៩៦ Apple ត្រូវ​ខាត​លុយ​រហូតដល់​ទៅ​ប្រមាណ​ជា ១ពាន់លាន​ដុល្លារ ហើយ​តម្លៃ​ហ៊ុន​នៅលើ​ទីផ្សារ​ក៏​ធ្លាក់​ដាំដូង​ផងដែរ (៧០​ដុល្លារ​ក្នុងមួយហ៊ុន កាល​ពី​ឆ្នាំ១៩៩១ ធ្លាក់ចុះ​​មក​នៅ​ត្រឹមតែ ១៤ដុល្លារ​ប៉ុណ្ណោះ​ក្នុងមួយហ៊ុន)។

នៅ​ពេលនោះ ស្ទីវ ចប ក៏​បាន​ដឹងដែរ អំពី​ការ​ធ្លាក់​ដុនដាប​នៃ​ក្រុមហ៊ុន Apple ហើយ​ ស្ទីវ ចប ថ្វីដ្បិតតែ​កំពុងតែ​ទទួល​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ នៅ​ក្នុង​ក្រុមហ៊ុន Pixar ក៏ប៉ុន្តែ លោក​នៅតែ​មាន​បំណង​ចង់​វិលត្រឡប់​មក​ដឹកនាំ​ក្រុមហ៊ុន Apple វិញ ដោយសារ​តែ​ ម្យ៉ាង Apple គឺ​ជា​ក្រុមហ៊ុន​ដែល​លោក​ជា​អ្នក​បង្កើតឡើង​តាំងពី​បាតដៃទទេ ហើយ​កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត លោក​នៅតែ​ដក់​គំនិត​​​ស្រឡាញ់​​​ការងារ​​ទាក់ទង​នឹង​ការ​រចនា​ផលិតផល​ថ្មី, ​បង្កើត​បច្ចេកវិទ្យា​ថ្មី ហើយ​អាច​ប្រើ​គំនិត​ច្នៃ​ប្រឌិត​របស់​លោក​បាន​យ៉ាងពេញលេញ ដែល​លោក​ធ្លាប់​ធ្វើ​នៅ​ក្នុង​ក្រុមហ៊ុន Apple កាលពី​ពេល​កន្លងមក។

ពីដំបូងឡើយ មាន​អ្នក​វិនិយោគ​ដ៏​ធំមួយ​បាន​មក​ជជែក​ជាមួយ​នឹង​ស្ទីវ ចប ដោយ​គ្រោង​​ចំណាយ​លុយ​ ប្រមាណ​ជា ៣ពាន់លាន​ដុល្លារ​អាមេរិក ប្រមូល​ទិញ​ភាគហ៊ុនរបស់ Apple នៅលើ​ទីផ្សារ គឺ​ទិញ​ឲ្យ​​បាន​សំឡេង​ភាគច្រើនល្មម​អាច​​ច្បាម​យក​ក្រុមហ៊ុន​មក​កាន់កាប់នៅ​ក្នុងដៃ​បាន ហើយ​យក​ស្ទីវ ចប ឲ្យ​ទៅ​ដឹកនាំ​ក្រុមហ៊ុន​វិញ។ ក៏ប៉ុន្តែ នៅ​ពេលនោះ ស្ទីវ ចប បាន​បដិសេធ ដោយ​​បាន​លើកឡើង​ថា លោក​មិន​ចូល​ចិត្ត​វិធី​​​ប្រមូល​ទិញ​ភាគហ៊ុន ដើម្បី​ដណ្តើម​យក​ក្រុមហ៊ុន​មក​កាន់កាប់​ដោយ​បង្ខំ​បែបនេះ​ទេ ក៏ប៉ុន្តែ ប្រសិនបើ​ក្រុមហ៊ុន Apple ហៅ​លោក​ឲ្យ​ទៅ​ដឹកនាំ​ក្រុមហ៊ុន​វិញ​តាម​ការ​ព្រមព្រៀងគ្នា​ទាំងសងខាង លោក​ពេញ​ចិត្ត​នឹងទៅ។

នៅ​ចុងឆ្នាំ១៩៩៦ ក្រុមហ៊ុន Apple បាន​​ចរចា​​ទិញ​យក​ក្រុមហ៊ុន NeXT ពី​ស្ទីវ ចប ព្រមទាំង​បាន​យក ស្ទីវ ចប ឲ្យ​វិលត្រឡប់​ចូល​មក​ធ្វើការ​នៅ Apple វិញ ដោយ​ពីដំបូង​ត្រឹមជា​ទីប្រឹក្សា ហើយ​ក្រោយមក​ត្រូវ​បានតែងតាំង​ឲ្យ​ធ្វើ​ជា​អគ្គនាយកក្រុមហ៊ុន​ នៅ​ខែកញ្ញា​ឆ្នាំ១៩៩៧។ មុននឹង​សុខចិត្ត​ទទួល​យក​តំណែង​នេះ ស្ទីវ ចប បាន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ស្ទើរតែ​ទាំងអស់ ដោយ​ក្នុង​ចំណោម​អ្នក​ដែល​ ស្ទីវ ចប ទាមទារ​ឲ្យ​លាឈប់​ពីតំណែង​នោះ ក៏មាន​ដែរ ម៉ៃខ៍ ម៉ាឃូល័រ។

ម៉ៃខ៍ ម៉ាឃូល័រ គឺ​ជា​ឥស្សរជន​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ នៅ​ក្នុង​ដំណើរជីវិត​របស់​ក្រុមហ៊ុន​ Apple ។ គឺ ម៉ៃខ៍ ម៉ាឃូល័រ ដែល​ជា​អ្នក​បាន​បោះទុន​វិនិយោគ​ចូល​ក្នុង​ក្រុមហ៊ុន Apple កាល​ពីដើម​ដំបូង នៅ​ពេល​ដែល​ Apple មិនទាន់​មាន​រូបរាង​ជា​ក្រុមហ៊ុន​ត្រឹមត្រូវ ហើយ​ដែល​គ្មាន​អ្នកណា​ចង់​បោះទុន​រកស៊ី​ជាមួយ។ ហើយ​ ម៉ៃខ៍ ម៉ាឃូល័រ ស្ថិត​ក្នុង​ចំណោម​ម្ចាស់​ហ៊ុន​ដំបូង​ទាំង៣​របស់ Apple ដោយ​មាន​ចំណែក​ហ៊ុន​ស្មើគ្នា​នឹង ស្ទីវ ចប និង​ស្ទីវ វ៉ូសញ៉ាក់។

ក៏ប៉ុន្តែ ម៉ៃខ៍ ម៉ាឃូល័រ ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​គាំទ្រ​សេចក្តីសម្រេច​ដក​តំណែង ស្ទីវ ចប កាល​ពី​ឆ្នាំ១៩៨៥។ ហេតុដូច្នេះហើយ​បាន​ជា ស្ទីវ ចប លែង​ទុកចិត្ត​ ម៉ៃខ៍ ម៉ាឃូល័រ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ លោក​នៅតែ​គោរព​និង​ស្រឡាញ់ ម៉ៃខ៍ ម៉ាឃូល័រ ដោយ​ចាត់ទុក​ដូចជា​ឪពុក។ ដូច្នេះហើយ​បាន​ជា​ នៅ​ពេល​ទាមទារ​ឲ្យ​មាន​ការ​រុះរើ​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ថ្មី ស្ទីវ ចប ដែល​ចង់​បង្ហាញ​ពី​ការគោរព​ដល់​ ម៉ៃខ៍ ម៉ាឃូល័រ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​គេហដ្ឋាន​របស់​ ម៉ៃខ៍ ម៉ាឃូល័រ ដើម្បី​ស្នើ​សុំ​ដោយ​ផ្ទាល់​មាត់ឲ្យ​លោក​លាឈប់​ពីតំណែង។

នៅ​ពេលនោះ ស្ទីវ ចប មាន​ការ​ធូរ​ចិត្ត​ដោយ​បាន​ដឹង​ថា ម៉ៃខ៍ ម៉ាឃូល័រ មិន​​អាក់អន់​ចិត្ត​នឹង​លោក ហើយ​​បង្ហាញ​នូវ​ការ​យោគយល់​ថា វា​ក៏​​ល្មម​​​ដល់​ពេល​ដែល​លោក​ត្រូវ​ចាកចេញ​ពី​ក្រុមហ៊ុន​ហើយ​ដែរ។

មុននឹង​ចាកចេញ​ ស្ទីវ ចប បាន​សុំយោបល់​ជាលើកចុងក្រោយ​ពី ម៉ៃខ៍ ម៉ាឃូល័រ អំពី​អនាគត​នៃ​ក្រុមហ៊ុន Apple គឺ​ថាតើ​ត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ Apple ក្លាយ​ជា​ក្រុមហ៊ុន​ដែល​ជោគជ័យ ហើយ​ស្ថិតស្ថិរ​នៅ​បាន​យូរ​អង្វែង​ទៅ​ថ្ងៃ​ខាងមុខ។ ម៉ៃខ៍ ម៉ាឃូល័រ បាន​ឆ្លើយ​តប​ទៅវិញ​ថា មធ្យោបាយ​មានតែ​មួយ​គត់ គឺ Apple ត្រូវតែ​ចេះ​ផ្លាស់ប្តូរ បត់បែន សម្របខ្លួន​ទៅ​តាម​ទីផ្សារ ដោយ​ត្រូវ​​បង្កើត​បច្ចេកវិទ្យា​ថ្មី ឬ​ឧបករណ៍​ប្រើ​ប្រាស់​ថ្មី​សម្រាប់​អតិថិជន។ នៅពេលនោះ ស្ទីវ ចប មិន​បាន​និយាយ​អ្វី​តបតទៅវិញ​ច្រើន​នោះទេ ក៏ប៉ុន្តែ នៅ​ក្នុង​ចិត្ត​ លោក​ឯកភាព​នឹង​គំនិត​យោបល់​របស់ ម៉ៃខ៍ ម៉ាឃូល័រ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​លោក​នឹង​ធ្វើ​សម្រាប់​ក្រុមហ៊ុន Apple នៅ​ពេល​ក្រោយៗ​មក​ទៀត។

នៅ​ឆ្នាំ១៩៩៨ មួយឆ្នាំក្រោយ​ពី​បាន​ឡើង​មក​គ្រប់គ្រង​ក្រុមហ៊ុន Apple វិញ ស្ទីវ ចប បាន​ចេញលក់​កុំព្យូទ័រ​សេរីថ្មី​ គឺ​កុំព្យូទ័រ iMAC ហើយ​គិត​ត្រឹម​ចុងឆ្នាំ ១៩៩៨ iMAC នេះ បាន​ក្លាយ​ជា​កុំព្យូទ័រ​ដែល​លក់​ដាច់​ច្រើន​ជាងគេ​បំផុត នៅ​សហរដ្ឋ​អាមេរិក។ មួយឆ្នាំក្រោយ​មក​ទៀត នៅ​ឆ្នាំ១៩៩៩ ស្ទីវ ចប បាន​ចេញលក់​កុំព្យូទ័រ​ប្រភេទ​មួយ​ទៀត គឺ​កុំព្យូទ័រ​យួរដៃ​ iBook ដែល​រចនាឡើង​តម្រូវ​ទៅតាម​ទីផ្សារ​នៃ​អតិថិជន​ជា​និស្សិត។

គិតត្រឹមនឹងពេលនោះ Apple ថ្វីដ្បិត​តែ​មិន​អាច​យកឈ្នះ​គូប្រជែង គឺ​ក្រុមហ៊ុន Microsoft ក្នុងការ​គ្រប់គ្រង​ទីផ្សារ​កុំព្យូទ័រ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ស្ទីវ ចប បាន​សង្រ្គោះ​ក្រុមហ៊ុន Apple ពី​ការ​ដួលរលំ​ ឲ្យ​ក្លាយ​ទៅជា​ក្រុមហ៊ុន​ដែល​មាន​ប្រាក់​ចំណេញ​ខ្ពស់ និង​មាន​កេរ្តិ៍ឈ្មោះ​ឡើងវិញ។

ប៉ុន្មាន​ឆ្នាំក្រោយ​មក​ទៀត ស្ទីវ ចប បាននាំ​ក្រុមហ៊ុន Apple មក​ដល់​ចំណុច​របត់​ដ៏​សំខាន់​មួយ​ទៀត គឺ​ពង្រីក​មុខជំនួញ​​ចេញ​ពី​វិស័យ​កុំព្យូទ័រ ដោយ​ដំបូង​ឈាន​ជើង​ចូល​ទៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដូរតន្រ្តី តាមរយៈ​ការ​បង្កើត​កម្មវិធី iTune ​សម្រាប់​ស្តុក ចាត់ចែង និង​ចាក់ស្តាប់​បទចម្រៀង​នៅលើ​កុំព្យូទ័រ, ហើយ​ប៉ុន្មាន​ខែ​ក្រោយ​មក​ទៀត ​ចេញលក់ឧបករណ៍​សម្រាប់​ស្តាប់​ភ្លេង គឺ iPod មុននឹង​ដាក់​ឲ្យ​ដំណើរការ iTune Store សម្រាប់​លក់​បទចម្រៀងអនឡាញ (Online store) នៅឆ្នាំ២០០៣។

នៅឆ្នាំ២០០៧ ក្រោយ​ពី​បាន​ផ្លាស់ប្តូរ​ឈ្មោះ​ក្រុមហ៊ុន ពី “Apple Computer” ដោយ​លុប​ពាក្យ “Computer” ចេញ ទុក​ត្រឹមតែ “Apple” ស្ទីវ ចប បាន​បោះជំហាន​ចូល​ក្នុង​វិស័យ​ថ្មី​មួយ​ទៀត គឺ​វិស័យ​ទូរគមនាគមន៍ តាមរយៈ​ការ​ចេញលក់​ទូរស័ព្ទ iPhone ដែល​ជា​ផលិតផល​ដ៏ជោគជ័យ​បំផុត​មួយ​របស់ Apple។

ក៏ប៉ុន្តែ គិតមក​ទល់​នឹង​ពេលនោះ ស្ទីវ ចប ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ផ្ទាល់ខ្លួន​ដ៏ធំមួយ ដែល​ភាព​ឆ្លាតវៃ គំនិត​ច្នៃប្រឌិត និង​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់​លោក​ក៏​មាន​អាច​ជួយ​បាន គឺ​បញ្ហា​សុខភាព។

ស្ទីវ ចប ត្រូវ​បាន​គ្រូពេទ្យ​រកឃើញ​ថា​មាន​ជំងឺ​មហារីក​លំពែង តាំង​ពី​ឆ្នាំ២០០៣ ហើយ​ទទួល​ការ​វះកាត់​​​​ម្តង​ នៅ​ឆ្នាំ២០០៤ ក៏ប៉ុន្តែ ប៉ុន្មាន​ឆ្នាំក្រោយ​មក​ទៀត ជំងឺ​មហារីក​នេះ​ក៏​បាន​រើឡើងវិញ ធ្វើ​ឲ្យ​សុខភាព​របស់ ស្ទីវ ចប ធ្លាក់​ចុះ​ដុនដាប​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ រហូត​ត្រូវ​បង្ខំចិត្ត​ឈប់​សម្រាក​ពីការងារ នៅ​ក្នុង​ក្រុមហ៊ុន Apple នៅ​ខែមករា​ឆ្នាំ២០១១ មុននឹង​លាឈប់​ពី​មុខ​​​​តំណែង​ជា​អគ្គនាយក​ក្រុមហ៊ុន​ទាំងស្រុង នៅ​ខែ​សីហា។

ជាង​២ខែ​ក្រោយ​មក គឺ​នៅថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ២០១១ ស្ទីវ ចប បាន​ទទួល​មរណភាព​ ដោយ​បន្សល់​ទុក​នូវ​ក្រុមហ៊ុន​ដ៏​ជោគជ័យ​មួយ ដែល​បច្ចុប្បន្ន​ក្លាយ​ជា​ក្រុមហុន​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ព្រមទាំង​បន្សល់​ទុក​នូវ​ផលិតផល និង​បច្ចេកវិទ្យា ដ៏​មាន​ឥទ្ធិពល​បំផុតមួយ សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​ទាំង​មូល៕

  • ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

    ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​ភពសុក្រ ដែល​តែងតែ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​បងប្អូនភ្លោះ​នៃ​ភពផែនដី​របស់​យើង។

  • តើការធ្វើដំណើរទៅភពព្រះអង្គារត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?

    តើការធ្វើដំណើរទៅភពព្រះអង្គារត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ភពព្រះអង្គារ។

  • Curiosity ៖ មន្ទីរពិសោធន៍លើភពព្រះអង្គារ

    Curiosity ៖ មន្ទីរពិសោធន៍លើភពព្រះអង្គារ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​បេសកកម្ម​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ឈ្មោះ​ថា …

  • ភពព្រះអង្គារ៖ ទិសដៅនៃការស្វែងរកជីវិតក្រៅភព

    ភពព្រះអង្គារ៖ ទិសដៅនៃការស្វែងរកជីវិតក្រៅភព

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​ភពព្រះអង្គារ ដែល​មនុស្ស​យើង​ធ្លាប់​បាន​សង្កេត​និង​សិក្សា​តាំង​ពី​សម័យ​បុរាណ …

  • អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីបេសកកម្ម​អាប៉ូឡូទី១១ ដែល​នាំ​ ​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ …

  • ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីដំណើរ​ដើម​ទង​នាំ​ទៅដល់​ការ​ចាប់កំណើត​នៃ​បេសកកម្ម​​អាប៉ូឡូ​​​ …

  • ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​គម្រប់ ៥០ឆ្នាំ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ