អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

បេនយ៉ាមីន ហ្វ្រែងឃ្លីន ​និង​ការ​បង្កើត​សហរដ្ឋ​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​ ​បេនយ៉ាមីន ហ្វ្រែងឃ្លីន ដោយ​សូម​លើកឡើង​ អំពី​ស្នាដៃ​របស់​លោក​ទាក់ទង​នឹង​ផ្នែក​នយោបាយ ជាពិសេស ទាក់ទង​នឹង​តួនាទី​របស់​លោក​ ក្នុង​ចលនា​ទាមទារ​ឯករាជ្យ​របស់​អាមេរិក​ពី​ចក្រភពអង់គ្លេស។

រូបគំនូរ​បង្ហាញ​ពី​លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន
រូបគំនូរ​បង្ហាញ​ពី​លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន Public Domaine
ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ១៧៤៨ ក្រោយ​ពី​បាន​ចូលនិវត្តន៍​ពី​ការងារ​ជា​ថៅកែ​រោងពុម្ព និង​ថៅកែ​កាសែត លោក​ បេនយ៉ាមីន ហ្វ្រែងឃ្លីន ត្រូវបានគេជ្រើសរើស​ឲ្យ​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ហ្វីឡាដែលហ្វីយ៉ា ហើយ ៣ឆ្នាំក្រោយ​មកទៀត នៅ​ឆ្នាំ១៧៥១ លោក​បាន​ជាប់ឆ្នោត​ជា​សមាជិក​សភា​ផិនស៊ីលវេញ៉ា។

នៅពេលនោះ អាមេរិក​នៅ​មិនទាន់​ជា​រដ្ឋឯករាជ្យ​នៅឡើយនោះទេ ហើយ​ផេនស៊ីលវេញ៉ា​ក៏​មិនទាន់​ក្លាយ​ជា​រដ្ឋមួយ​នៅឡើយដែរ គឺ​គ្រាន់តែ​ជា​​​ដែនដីមួយ ក្នុង​ចំណោម​ដែនដី​អាណានិគម​ទាំង ១៣​ របស់​អង់គ្លេស។ ​ដែនដី​អាណានិគម​ទាំង ១៣នេះ សុទ្ធសឹងតែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​រៀងៗខ្លួន ​ដាច់ដោយឡែកពីគ្នា​​។

នៅឆ្នាំ១៧៥៦ នៅ​ក្នុងបរិបទ​នៃ​ជម្លោះ​ដណ្តើម​ដែនដីគ្នា រវាង​ដែនដី​អាណានិគម​អង់គ្លេស និង​ដែនដី​អាណានិគម​បារាំង តំណាង​មក​ពី​​ដែនដីអាណានិគមទាំង ១៣​របស់​អង់គ្លេស​ បាន​រៀបចំ​កិច្ចប្រជុំដ៏ធំមួយ (Albany Conference) ដើម្បី​ជជែក​ពិភាក្សា​គ្នា អំពី​យុទ្ធសាស្រ្ត ក្នុងការទប់ទល់​ជាមួយ​នឹង​បារាំង។ លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន គឺ​ជា​សមាជិក​ម្នាក់ ក្នុង​ចំណោមគណៈប្រតិភូ ៤នាក់ តំណាង​ឲ្យ​ដែនដី​ផិនស៊ីលវេញ៉ា។

​​លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន​យល់ឃើញ​ថា បញ្ហា​ចម្បង​បំផុត​ដែល​ចោទឡើង​នៅ​ពេលនោះ គឺ​ការ​ខ្វះ​កិច្ចសហប្រតិបត្តិការ​គ្នា រវាង​ដែនដី​អាណានិគម​ទាំង ១៣ ទើប​ធ្វើ​ឲ្យ​ពួកគេ​​មាន​ភាព​ទន់ខ្សោយ ពិបាក​នឹង​ទប់ទល់​​ជាមួយ​បារាំង។ ហេតុដូច្នេះហើយ​បាន​ជា​ហ្វ្រែងឃ្លីន​បាន​លើកឡើង​នូវ​សំណើ​មួយ គឺ​បង្រួបបង្រួម​ដែនដី​អាណានិគម​ទាំង ១៣ បង្កើត​ទៅជា​សហភាព​មួយ​​ ដែល​មាន​រដ្ឋាភិបាល​កណ្តាល​រួមគ្នា ស្ថិត​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ហើយ​មាន​សភា​រួមគ្នា​ ដែល​​​ក្នុងនោះ ដែនដី​អាណានិគម​នីមួយៗ​​ត្រូវ​មាន​តំណាង​តិច ឬច្រើន អាស្រ័យ​ទៅ​តាម​ទំហំ​នៃ​ដែនដី​របស់​ខ្លួន។ ក៏ប៉ុន្តែ សំណើ​របស់​​លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ត្រូវ​បាន​គណៈប្រតិភូមក​ពី​ដែនដី​អាណានិគម​ទាំង ១៣ ក៏ដូចជា តំណាង​រដ្ឋាភិបាល​អង់គ្លេស​បដិសេធ​ចោល​មិន​ទទួល​យក។

ទោះជាយ៉ាងណា អ្វីៗ​ត្រូវ​ប្រែប្រួល នៅ​ក្រោយ​ពេល​ដែល​សង្រ្គាម​ រវាង​អាណានិគម​អង់គ្លេស និង​អាណានិគម​បារាំង​ត្រូវ​បញ្ចប់ ហើយ​​ជម្លោះ​ថ្មីមួយ​ទៀត​បានផ្ទុះឡើង គឺ​ជម្លោះ រវាង​ដែនដី​អាណានិគម​អង់គ្លេស​ទាំង ១៣ នៅ​អាមេរិក និង​រដ្ឋាភិបាល​កណ្តាល​នៅ​ទីក្រុង​ឡុងដ៍។

នៅ​ឆ្នាំ​១៧៦៣ សង្រ្គាម​រវាង​ បារាំង និង​អង់គ្លេស នៅ​អាមេរិក​ខាងជើង​ត្រូវ​បិទបញ្ចប់ ដោយ​បារាំង​ត្រូវ​ទទួល​បរាជ័យ។ អង់គ្លេស​វិញ ថ្វីដ្បិត​តែ​ទទួល​ជ័យជម្នះ​លើ​បារាំង ហើយ​ដណ្តើម​កាន់កាប់​ទឹកដី​អាណានិគម​យ៉ាងច្រើន​នៅ​អាមេរិក ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា ក៏​ទទួលរងនូវការ​ខូចខាត​ដោយ​សង្រ្គាម​​យ៉ាង​ធ្ងន់ធ្ងរ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អង់គ្លេស​ស្ទើរតែ​នឹងត្រូវ​ក្ស័យធន។

ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បែបនេះ ចក្រភពអង់គ្លេស​ក៏​បាន​សម្រេច​ដំឡើង​ពន្ធអាករ លើ​ប្រជាជន​ ដែល​រស់នៅលើ​ទឹកដី​អាណានិគម នៅ​អាមេរិក​ខាងជើង។ ចក្រភព​អង់គ្លេស​យល់ថា ប្រជាជន​នៅ​ដែនដី​អាណានិគម​អាមេរិក​ខាងជើង​ត្រូវ​តែ​ចូលរួម​វិភាគទាន​ច្រើន នៅ​ក្នុង​វិស័យ​ការពារជាតិ​អង់គ្លេស ពីព្រោះ​ពួកគេ​ទទួល​បាន​ការការពារ​ពី​សំណាក់​ទាហាន​អង់គ្លេស។

នៅ​ពេលនោះ គឺ​លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់ នៅ​ក្នុងការ​​តស៊ូ​មតិ នៅ​ចំពោះ​មុខ​សភា​អង់គ្លេស នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ដើម្បី​ព្យាយាម​ជួយការពារ​ដែនដី​អាណានិគម​ទាំង ១៣។ លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន​បាន​ព្យាយាម​ពន្យល់​សភា​អង់គ្លេស​ថា​ ដែនដី​អាណានិគម​ទាំង ១៣ ក៏​បាន​ចំណាយ​​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ នៅ​ក្នុង​សង្រ្គាម​ជាមួយ​បារាំង គឺ​ចំណាយ​ទាំង​លុយ និង​ទាំង​អាយុជីវិត​ទាហាន។ កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន​បាន​លើកឡើង​ថា វាជារឿង​ដែល​មិនសមហេតុផល ហើយ​មិនស្របច្បាប់​ដែលសភាអង់គ្លេស​យកពន្ធ​ទៅលើ​ប្រជាជន​នៅ​ដែនដី​អាណានិគម ក្នុងពេល​​ដែល​ពួកគេ​គ្មានសិទ្ធិ​អ្វីទាំងអស់ ​ក្នុងការ​​ជ្រើសរើស​​តំណាង​​នៅ​ក្នុង​សភា​អង់គ្លេស​ដូច​ពលរដ្ឋ​ដទៃទៀត។

ទោះជាយ៉ាងណា ការព្យាយាម​​របស់​លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ក្នុង​ការ​សម្រុះសម្រួល​បញ្ចប់​ជម្លោះ​ត្រូវ​ទទួល​បរាជ័យ ហើយ​ប្រជាជន​នៅ​ដែនដី​អាណានិគម​ទាំង ១៣ ក៏​បាន​នាំ​គ្នា​ងើបឡើង​ប្រឆាំង​នឹង​អាជ្ញាធរ​អង់គ្លេស រហូត​ផ្ទុះ​ជា​អំពើ​ហិង្សា និង​បង្កើត​ជា​ចលនា​បដិវត្តន៍​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស។

នៅ​ពេលនោះហើយ ដែល​​គម្រោង​បង្រួបបង្រួម​ដែនដី​អាណានិគម​ទាំង ១៣ ជា​សហភាពតែមួយ ដែល​ស្នើឡើង​ដោយ​បេនយ៉ាមីន ហ្វ្រែងឃ្លីន ហើយ​ដែល​ត្រូវ​គេ​ច្រានចោល​ កាល​ពី​ឆ្នាំ១៧៥៦ ត្រូវបាន​គេ​គាស់កកាយយក​មកវិញ ហើយ​នៅ​ខែកញ្ញា ឆ្នាំ១៧៧៤ តំណាង​ដែនដី​អាណានិគម​ទាំង ១៣ បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ហ្វីឡាដែលហ្វីយ៉ា ដោយ​បាន​សម្រេច​បង្កើត​ជា​សភា​រួម ដោយដាក់​ឈ្មោះ​ថា “Continental Congress”។

មួយឆ្នាំក្រោយមក នៅ​ឆ្នាំ១៧៧៥ លោក បេនយ៉ាមីន ហ្វ្រែងឃ្លីន ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​សមាជិក​គណៈកម្មាធិការមួយ ដែល​សមាជិក ៥រូប (Roger Sherman, Benjamin Franklin, Thomas Jefferson, John Adams, Robert Livingston) ហើយ​ដែល​មាន​តួនាទី​ជា​អ្នក​តាក់តែង​សេចក្តីប្រកាស​ឯករាជ្យ​អាមេរិក​ចេញ​ពី​អាណានិគម​អង់គ្លេស។ សេចក្តីប្រកាស​ឯករាជ្យ​នេះ​ត្រូវ​បាន​តាក់តែងចប់ ហើយ​ត្រូវ​បាន​សភា Continental Congress អនុម័ត​ជាផ្លូវការ នៅថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ១៧៧៦ (ដែល​សហរដ្ឋ​អាមេរិក​កំណត់​យក​​ជាថ្ងៃ​បុណ្យឯករាជ្យជាតិ​រហូតមកទល់​នឹង​សព្វថ្ងៃ​​)។

ភ្លាមៗនោះ ចក្រភពអង់គ្លេស​មិនសុខចិត្ត​ទទួលស្គាល់​ឯករាជ្យ​របស់​អាមេរិក​នោះទេ តែផ្ទុយ​ទៅវិញ ថែម​ទាំង​បាន​បញ្ជូន​កងទ័ព​ជាច្រើន​បន្ថែម​ទៀត​ទៅ​អាមេរិក ដើម្បី​បង្រ្កាប​ចលនា​ទាមទារ​ឯករាជ្យ។ នៅ​ក្នុងបរិបទ​នេះហើយ ដែល​លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ត្រូវ​បានសហរដ្ឋ​អាមេរិក​​បញ្ជូន​​ឲ្យ​ទៅ​កាន់ទីក្រុង​ប៉ារីស ដើម្បី​​ធ្វើ​ជា​ប្រេសិតពិសេស​ចរចា​សុំ ​​ជំនួយ​​ពី​បារាំង។

នៅ​បារាំង លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន គឺ​ជា​ឥស្សរជន​ដ៏​មាន​ប្រជាប្រិយភាព​ស្រាប់ ជាពិសេស ដោយសារ​តែ​ស្នាដៃ​របស់​លោក​នៅ​ក្នុងការរកឃើញ​ទ្រឹស្តី​ខាង​អគ្គិសនី។ បូករួម​ជាមួយ​នឹង​ទេពកោសល្យ​របស់​លោក​ខាង​ផ្នែក​ការទូត លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន បាន​បញ្ចុះបញ្ចូល​​ឲ្យ​បារាំង​ទទួលស្គាល់​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក ហើយ​ព្រមទាំង​បាន​ចូល​ខ្លួន​ជួយ​អាមេរិក ក្នុង​ការ​ធ្វើ​សង្រ្គាម​ទល់​នឹង​ចក្រភព​អង់គ្លេស នៅ​ឆ្នាំ១៧៧៨។

នៅ​ក្នុងរយៈពេល ៥ឆ្នាំ​​បន្តបន្ទាប់​មកទៀត លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន បាន​បន្ត​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉ារីស ដើម្បី​បំពេញ​បេសកកម្ម​ខាង​ផ្នែក​ការទូត​តំណាង​សហរដ្ឋ​អាមេរិក ហើយ​បាន​បន្ត​ដើរតួនាទី​យ៉ាងសំខាន់ នៅ​ក្នុងការ​ចរចា​សន្ធិសញ្ញា​ក្រុងប៉ារីស នៅ​ឆ្នាំ១៧៨៣ ដែល​ជា​សន្ធិសញ្ញា​បញ្ចប់​សង្រ្គាមបដិវត្តន៍​អាមេរិក ហើយ​ដែល​ចក្រភព​អង់គ្លេស​សុខចិត្ត​ទទួលស្គាល់​ជាផ្លូវការ​នូវ​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក។

លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន បាន​វិលត្រឡប់​ទៅ​សហរដ្ឋ​អាមេរិ​កវិញ នៅ​ឆ្នាំ១៧៨៥ ហើយ​បាន​ជាប់ឆ្នោត​​ឡើងកាន់តំណែង​ជា​អភិបាល​រដ្ឋ​ផេនស៊ីលវេញ៉ា។ ពីរឆ្នាំក្រោយ​មក​ទៀត នៅ​ឆ្នាំ១៧៨៧ សហរដ្ឋអាមេរិក​បាន​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មីមួយ ហើយ​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​សហព័ន្ធមួយឡើង ដែល​មាន​លោក​ចច វ៉ាស៊ីងតោន ជា​ប្រធានាធិបតី។

លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីនវិញ មិនមាន​តំណែង​ផ្លូវការ​ណាមួយ នៅ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​ថ្មីនេះ​ទេ ដោយសារ​តែ​ពេលនោះ​ លោក​មាន​វ័យ​ចំណាស់​ណាស់​ទៅហើយ ចំណែក​ឯ​សុខភាព​ក៏​ទ្រុឌទ្រោម​ខ្លាំងផងដែរ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា លោកបេនយ៉ាមីន ហ្វ្រែងឃ្លីន ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ឥស្សរជន​​ដ៏​មាន​ឥទ្ធិពល​បំផុត នៅ​អាមេរិក ​បន្ទាប់​ពី​លោក​ចច វ៉ាស៊ីងតោន។

លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន បាន​ធ្លាក់ខ្លួន​ឈឺធ្ងន់ ហើយ​បាត់មុខ​ពី​ទីសាធារណៈ រហូត​ដល់​ថ្ងៃ​ដែល​លោក​ទទួល​មរណភាព នៅក្នុង​គេហដ្ឋាន​របស់​លោក​នៅ​ហ្វីឡាដែល​ហ្វីយ៉ា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៧៩០ នៅ​ក្នុងវ័យ ៨៤ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ