ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT

ការចេះប្រើភ្លើង៖ ​ចំណុចរបត់​នៃ​ដំណើរវិវឌ្ឍន៍​របស់​មនុស្ស

ការចេះប្រើភ្លើង៖ ​ចំណុចរបត់​នៃ​ដំណើរវិវឌ្ឍន៍​របស់​មនុស្ស
 
ការចេះប្រើភ្លើង ត្រូវ​បាន​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​បដិវត្តន៍​ដ៏​ចម្បងៗ នៅ​ក្នុង​ប្រវត្តិ​របស់​មនុស្សជាតិយើង Pixabay

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​ភពផែនដី​របស់យើង​​តទៅទៀត ដោយ​សូមលើកឡើង អំពី​ដំណើរវិវឌ្ឍន៍​នៃ​មនុស្ស​សម័យដើម​ដំបូង ចាប់តាំង​ពី​ការ​ចេះដើរជើងពីរ រហូត​ទៅដល់​ការ​ចេះប្រើ​ឧបករណ៍ និង​ការ​ចេះប្រើ​ភ្លើង។

(មានវីដេអូនៅខាងក្រោម)

កាល​ពី​៧លាន​ឆ្នាំមុន... ជិត ៦០លានឆ្នាំមកហើយ ដែល​ពពួក​សត្វ​ឌីណូស័រ​បាន​ស្លាប់​ផុតពូជ​អស់ ហើយ​ភពផែនដី​​របស់​យើង​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតត្រារបស់​ពពួក​ថនិកសត្វ ជាពិសេស គឺ​មាន​ពពួក​ថនិកសត្វ​មួយ​ប្រភេទ ដែល​មាន​បញ្ញា​ខ្ពស់​ជាងគេ គឺ​​ពពួក​វានរជាតិ (Primate) ដែល​បាន​ស្គាល់​នូវ​ការ​រីកលូតលាស់​យ៉ាងលឿន កាលពី​ ៥០លាន​ឆ្នាំមុន នៅពេល​ដែល​​អាកាសធាតុ​លើ​ភពផែនដី​មាន​លក្ខខណ្ឌ​អំណោយផល​ដល់​ការ​រីកសាយភាយ​នៃ​តំបន់​ព្រៃត្រូពិច។ ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មាន​ អាកាសធាតុ​ក៏​ត្រូវ​ប្រែប្រួល​សាជាថ្មី ហើយ​ប្រភេទ​រុក្ខជាតិ​ថ្មី​ម្យ៉ាង​បាន​លេចមុខឡើង និង​​វាតទី​ទៅ​ស្ទើរតែ​គ្រប់​ទីកន្លែង​លើ​ភពផែនដី គឺ​ពពួក​ស្មៅ។ បន្តិចម្តងៗ ​នៅ​ពេល​ដែល​តំបន់​វាលស្មៅ​​រីកសាយភាយ​កាន់តែ​ធំ ​តំបន់​​ព្រៃ​ដែល​មាន​ដើម​ឈើ​ខ្ពស់ៗ​ក៏​មាន​កាន់តែ​តិច ដែល​​ជា​ហេតុ​បណ្តាល​​ឲ្យ​មាន​ការ​ប្រែប្រួល​ដ៏​ធំមួយ ទៅដល់​ទីជម្រក និង​ចំណីអាហារ​របស់​ពពួក​វានរជាតិ។

នៅ​ឯ​តំបន់​អាហ្វ្រិក ការប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ទីកន្លែង​ដែល​ធ្លាប់​តែ​​សម្បូរ​ព្រៃ ត្រូវ​ក្លាយ​ទៅ​ជា​ទីវាល​ស្មៅ​ដ៏​​ស្ងួតហួតហែង... ចំណីអាហារ​ក៏​មាន​កាន់តែ​តិច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពពួកវានរជាតិ​​ត្រូវ​​​ធ្វើ​ដំណើរ​ពី​កន្លែងមួយ​ទៅ​កន្លែងមួយ ក្នុងចម្ងាយ​កាន់តែ​ឆ្ងាយ ដើម្បី​ស្វែង​រក​អាហារ។ ហើយ​ដោយសារ​តែ​​ព្រៃឈើ​មាន​តិច ដើមឈើ​ខ្ពស់​ៗ​ក៏​មិនសូវ​មាន​ច្រើន ហើយ​ថែម​ទាំង​​ស្ថិត​នៅ​ឆ្ងាយៗ​ពីគ្នា ពពួក​វានរជាតិ​​ទាំងនេះ​មិន​អាច​ធ្វើការ​ផ្លាស់ទី ពី​ដើមឈើ​មួយ ទៅ​ដើម​ឈើ​មួយ​ទៀត​ដូចកាល​ពីមុននោះទេ។ ​ពួកគេ​ចាំបាច់​ត្រូវ​សម្របខ្លួន ហើយ​ធ្វើ​ការ​ផ្លាស់ទី​ដោយ​ដើរលើដី។

នៅ​ក្នុង​ការ​សម្របខ្លួន​ទៅនឹង​របៀបរស់នៅ និង​ផ្លាស់ទី​ថ្មី​នេះហើយ ដែល​កាល​ពី​ប្រមាណ​ជា ៤លាន​ឆ្នាំមុន មាន​ពពួក​សត្វស្វាធំ​មួយ​ប្រភេទ បាន​ចាប់ផ្តើម​វិវឌ្ឍន៍​បន្តិចម្តងៗ ​ពីការ​ដើរជើង​បួន ទៅ​ជា​ការ​ដើរជើង​ពីរ។ ពពួក​សត្វស្វា ដែល​ដើរ​ជើងពីរ​​ជា​ដំបូង​នេះ ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា “អូស្ត្រាឡូពីតែក”។

ក្រោយ​មក នៅ​ប្រមាណ​ជា ២លាន​ឆ្នាំមុន ពពួក​អូស្ត្រាឡូពីតែក​នេះ​ត្រូវ​ស្លាប់​ផុតពូជ​អស់​ពីភពផែនដី​របស់​យើង ក៏ប៉ុន្តែ រហូត​មក​ទល់​នឹង​ពេលនោះ ពពួក​វានរជាតិ​ដើរជើងពីរ​មួយ​ទៀត​បាន​លេចមុខឡើង គឺ​ពពួក​ “អូម៉ូអេរិចទុស” (Homo Erectus) ដែល​មិន​ត្រឹមតែ​ដើរជើង​ពីរ​​តែ​​​​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ថែម​ទាំង​ចេះ​ប្រើ​ដៃ​បាន​យ៉ាង​ស្ទាត់​ រហូត​អាច​​យក​ដុំថ្ម​មក​ច្នៃ​ធ្វើ​ជា​ឧបករណ៍​ប្រើប្រាស់​បាន​​យ៉ាងជំនាញ។ ក្រោយ​មក​ទៀត ការវិវឌ្ឍន៍​កាន់តែ​​​សំខាន់​មួយ​ទៀត​បាន​កើតឡើង​ចំពោះ​​​ពពួក​អូម៉ូអេរិចទុស គឺ​ការ​ចេះ​ប្រើភ្លើង។

រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ អ្នក​វិទ្យាសាស្រ្ត​នៅតែ​មិនទាន់​ឯកភាព​គ្នា​នៅឡើយទេ​ថា តើ​ពពួក​មនុស្ស​សម័យ​បុរាណ​ចាប់ផ្តើម​ចេះប្រើ​ភ្លើង​តាំង​ពីពេលណា​ពិតប្រាកដ? តាមការ​សិក្សា​ខ្លះ គេ​បាន​រកឃើញ​ភស្តុតាង​នៃ​ការ​ប្រើប្រាស់​ភ្លើង កាល​ពី​ប្រមាណ​ជា ៤០ម៉ឺន​ឆ្នាំមុន ចំណែក​ឯ​អ្នកវិទ្យាសាស្រ្ត​ខ្លះទៀត​បាន​អះអាង​ថា ការ​ប្រើប្រាស់​ភ្លើង​នេះ​បាន​ចាប់ផ្តើម​ឡើង​​តាំង​ពី​ប្រមាណ​ជា​១លាន​ឆ្នាំ​មុន​មក​ម៉្លេះ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គេ​ក៏​នៅតែ​មិន​ទាន់​អាច​ដឹង​ឲ្យប្រាកដ​បាន​នោះដែរ​ថា ចាប់ពីពេលណាមក​ដែល​មនុស្ស​ចេះបង្កាត់ភ្លើងដោយខ្លួនឯង។

តាមការពិត​ទៅ ភ្លើង​មិនមែន​ជា​របស់​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​នោះទេ។ ភ្លើង​កើតមាន​ជា​លក្ខណៈ​ធម្មជាតិ​​នៅលើ​ភពផែនដី​របស់​យើង​តាំង​ពី​យូរណាស់​មកហើយ ក៏ប៉ុន្តែ សម្រាប់​សត្វ​ជាទូទៅ ភ្លើង​គឺ​ជា​សត្រូវ ភ្លើង​គឺ​ជា​ការគំរាមកំហែង​ដល់​អាយុជីវិត ភ្លើង​គឺ​ជា​របស់​ដែល​គួរ​ឲ្យ​ខ្លាច​ហើយ​ដែល​ត្រូវ​រត់គេចចេញ។

មនុស្ស​វិញ​បាន​រៀន​ស្គាល់​អំពី​ភ្លើង​បន្តិចម្តងៗ​ជាច្រើន​ដំណាក់កាល ដោយ​ពីដំបូងឡើយ​​ចេះ​​​តាមសង្កេត​និង​ស្គាល់​​ភ្លើង​ល្មម​អាច​នឹង​ឈប់​ខ្លាច ហើយ​រត់ចេញ​នៅ​ពេល​ឃើញ​ភ្លើង, បន្ទាប់មកទៀត​ ​មនុស្ស​ចេះ​គ្រប់គ្រងភ្លើង​ដែល​មាន​ស្រាប់​ទៅតាម​លក្ខណៈធម្មជាតិ ជាពិសេស​គឺ​ភ្លើង​ឆេះព្រៃ ហើយ​ចេះ​យក​ភ្លើង​នេះ​មក​ប្រើប្រាស់ និង​ចុងក្រោយ គឺមនុស្ស​​ចេះ​បង្កាត់ភ្លើង​ដោយខ្លួនឯង។

ដំណាក់កាល​នីមួយៗ​ក្នុង​ដំណើរវិវឌ្ឍន៍​នៃ​​ចំណេះដឹងក្នុង​ការប្រើភ្លើង​នេះ​អាច​មានរយៈ​ពេល​យូរ​​រហូតដល់​ទៅ​រាប់​ពាន់ ឬ​រាប់ម៉ឺន​ឆ្នាំឯណោះ ហើយ​​តាមរយៈ​ការ​សិក្សា​ទៅលើ​ផូស៊ីល​នាពេល​កន្លងមក អ្ន​កវិទ្យាសាស្រ្ត​មាន​ការ​ពិបាក​នឹង​​ធ្វើការ​បែងចែក​ឲ្យ​បាន​ច្បាស់លាស់ និង​ដោយ​ឯកភាព​គ្នា​ថា តើ​ចាប់ពីពេលណា​មក​ដែល​មនុស្ស​ចេះ​ត្រឹមតែ​យក​ភ្លើង​ដែល​មាន​ស្រាប់​យក​មកប្រើ ហើយ​ចាប់ពីពេលណា​ដែល​មនុស្ស​ចេះ​បង្កាត់ភ្លើង​ដោយ​ខ្លួនឯង។

ក៏ប៉ុន្តែ បើ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ អ្នក​វិទ្យាសាស្រ្ត​បាន​ឯកភាព​គ្នា​ជាទូទៅ​ថា ការ​ចេះប្រើ​ភ្លើងនេះ គឺ​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ នៅ​ក្នុង​ប្រវត្តិ​របស់​មនុស្ស​ជាតិ​យើង។

ភ្លើង​ជួយ​ឲ្យ​មនុស្ស​​អាច​ផ្លាស់ប្តូរ​បបចំណីអាហារ​ពី​ការ​ទទួល​ទាន​សាច់ឆៅ ទៅ​​​ទទួល​ទាន​សាច់​ឆ្អិន ហើយ​ការ​ទទួលទាន​សាច់ឆ្អិន​នេះគឺ​ជា​កត្តា​ដ៏​ចម្បងមួយ​ដែល​ជួយ​ឲ្យ​មនុស្ស​មាន​ការ​រីកលូតលាស់​លឿន​ជាងមុន ទាំង​ខាង​រូបកាយ និង​ខាង​បញ្ញា។

សាច់ឆ្អិន​ងាយស្រួល​ក្នុងការ​ទំពារ ហើយ​​ពេល​ទៅដល់​ក្នុងពោះ​​នោះទៀត​សោត វាក៏​ងាយ​នឹង​រំលាយ​ ព្រមទាំង​​ងាយ​​ក្នុងការ​ទាញ​យក​កាឡូរី​បាន​ច្រើន​ជាង​សាច់ឆៅ។ ដូច្នេះហើយ​បាន​ជា​នៅ​ពេល​ដែល​មនុស្ស​​ចេះប្រើ​ភ្លើង​​ដើម្បី​ចម្អិន​អាហារ ​កម្លាំង​និង​ថាមពល​ក្នុងការ​ទទួល​ទាន​អាហារ​ក៏​ត្រូវ​ចំណាយ​តិច ក្នុងពេល​ដែល​ថាមពល​ដែល​​ទាញ​យក​ពី​អាហារ​ក៏ត្រូវ​កើនឡើង។ ជាលទ្ធផល ​​រូបរាងកាយ​របស់​មនុស្ស​ត្រូវការ​​អាហារ​ក្នុងបរិមាណ​​តិចជាងមុន ក៏ប៉ុន្តែ​​អាច​​ទាញ​យក​​​​ថាមពល​បាន​​ច្រើន​ជាងមុន ​ទៅ​បំប៉ន​គ្រប់​សេរីរាង្គ​ទាំងអស់ ជាពិសេស គឺ​ជួយ​ឲ្យ​ខួរក្បាល​របស់​មនុស្ស​ចេះតែ​រីក​ធំធាត់​ឡើង ហើយ​បញ្ញា​របស់​មនុស្ស​ក៏​ចេះតែ​រីកលូតលាស់​យ៉ាងលឿន​ទៅតាម​នោះ​ផងដែរ។

បន្ថែម​ពីលើ​នេះ​ទៅទៀត ការចេះប្រើភ្លើង​​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រភព​កម្តៅ​សម្រាប់​ជួយ​ក្នុង​ការ​ទប់ទល់​នឹង​អាកាសធាតុ​ត្រជាក់​នោះផង ហើយ​នៅ​ពេល​យប់ងងឹត មនុស្ស​អាច​ប្រើ​ភ្លើង ដើម្បី​ជា​ឧបករណ៍​​បំភ្លឺ​ផង និង​ដើម្បី​ការពារខ្លួន​ពី​សត្វ​កាចសាហាវផង​ដែរ។

ម្យ៉ាងទៀត ក្រៅពី​ជា​ជំនួយ​ទប់ទល់​នឹង​អាកាសធាតុ និង​ជា​ជំនួយ​ការពារ​សុវត្ថិភាព ការណ៍​ដែល​មាន​ភ្នក់ភ្លើង​ឲ្យ​មនុស្ស​មកអង្គុយ​ជុំៗ​គ្នា​ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​ផងដែរ នៅ​ក្នុង​ដំណើរវិវឌ្ឍន៍​នៃ​ទំនាក់ទំនង​សង្គម​របស់​មនុស្ស និង​ជាពិសេស គឺ​ការ​វិវឌ្ឍន៍​នៃ​ភាសា ​​ដែល​​ជា​លក្ខណៈពិសេស​បំផុត​មួយ​​បែងចែក​គ្នា​ដាច់ស្រឡះ រវាង​សត្វ និង​មនុស្ស។

តាមការពិតទៅ ពពួក​អូស្ត្រាឡូពីតែក ដែល​ចេះដើរ​ជើងពីរ និង​ក្រោយ​មក​ទៀត ​ពពួក​អូម៉ូអេរិចទុស ដែល​ចេះប្រើ​ឧបករណ៍ និង​ប្រើភ្លើង ក៏​នៅ​​មិន​ទាន់​ត្រូវ​បាន​គេ​រាប់​ថា​ជា​មនុស្ស​នៅឡើយ​នោះដែរ ឬ​អាច​រាប់​ថា​ជា​មែកធាង​នៃ​ពូជមនុស្ស​ដែរ តែ​ជា​មនុស្ស​សម័យ​ដើម (Ancient/Primitive human) ដែល​មិនទាន់​មាន​លក្ខណៈ​ជា​ “មនុស្សពេញលេញ” នៅឡើយ។ “មនុស្សពេញលេញ” ​ឬ “មនុស្សសម័យ​ទំនើប” (Modern human) ដែល​ស្ថិត​នៅ​ក្នុង​តំណពូជ​ជាមួយ​នឹង​មនុស្ស​យើង​សម័យ​បច្ចុប្បន្ន​នេះ គឺ​ពពួក​អូម៉ូសាព្យាង (Homo Sapiens) ដែល​ចាប់ផ្តើម​មាន​វត្តមាន​នៅលើ​ភពផែនដី​របស់​យើង កាល​ពី​២០ម៉ឺន​ឆ្នាំមុន៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ