អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ឆាលស៍ ដាវីន ​និង​ដំណើរ​ជុំវិញ​ផែនដី​តាម​នាវា​ប៊ីហ្គ័ល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង​ នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត ​រៀបរាប់​អំពី​ប្រវត្តិ​​ ​លោក ឆាលស៍ ដាវីន (Charles Darwin)​ តទៅទៀត ដោយ​លើកឡើង អំពី​ដំណើរ​របស់​លោក​​ជុំវិញ​ផែនដី​តាម​នាវាប៊ីហ្គ័ល (HMS Beagle) ដែល​ជា​ឫសគល់ ​នាំ​ទៅដល់​ការ​បង្កើត​ទ្រឹស្តី​ដ៏​ល្បីល្បាញ​របស់​លោក ទាក់ទង​នឹង​ការ​វិវឌ្ឍ​នៃ​ជីវិត។

គំនូសផែនទី​បង្ហាញ​ពី​ផ្លូវ​ធ្វើ​ដំណើរ​របស់​នាវាចម្បាំង HMS Beagle ឆ្នាំ១៨៣១-១៨៣៦
គំនូសផែនទី​បង្ហាញ​ពី​ផ្លូវ​ធ្វើ​ដំណើរ​របស់​នាវាចម្បាំង HMS Beagle ឆ្នាំ១៨៣១-១៨៣៦ Sémhur
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៨៣១ នៅពេល​ដែល​នាវាប៊ីហ្គ័ល​ចាប់ផ្តើម​ចេញ​ដំណើរ​ពី​ប្រទេស​អង់គ្លេស ក្នុង​បេសកកម្ម​ទៅ​អាមេរិក​ខាង​ត្បូង និង​ធ្វើ​ដំណើរ​មួយ​ជុំ​ផែនដី ទំព័រសករាជ​ថ្មី នៅ​ក្នុង​ប្រវត្តិ​នៃវិទ្យាសាស្រ្ត​ធម្មជាតិ​​ក៏​ចាប់បើក​នៅ​ពេលនោះដែរ។

នៅ​ក្នុង​បេសកកម្ម​រយៈពេល​ ៥ឆ្នាំ តាមនាវា​ប៊ីហ្គ័ល​នេះ​ហើយ ដែល​ឆាលស៍ ដាវីន បាន​ចំណាយ​ពេល​សិក្សា​​យ៉ាង​ម៉ត់ចត់​ទៅលើ​ធម្មជាតិ ដោយ​ធ្វើការ​សង្កេត និង​កត់ត្រា ព្រមទាំង​ចាត់ចំណាត់ថ្នាក់​ពូជសត្វ រហូត​ក្រោយមក បង្កើត​បាន​ទៅ​ជា​ទ្រឹស្តី​​ដ៏សំខាន់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ធម្មជាតិ គឺ​ទ្រឹស្តីអំពី​ការ​វិវឌ្ឍ​នៃ​ជីវិត​តាមរយៈ​ជម្រើស​ដោយ​ធម្មជាតិ។

ប៊ីហ្គ័ល​ធ្វើ​ដំណើរ​មក​ដល់​តំបន់​អាមេរិក​ខាង​ត្បូង នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ១៨៣២ ហើយ​បាន​ចំណាយ​ពេល​រហូតដល់​ទៅ​ជាង ៣ឆ្នាំ (រហូតដល់​ខែ​កញ្ញា​ឆ្នាំ១៨៣៥) ធ្វើ​ការ​សិក្សា​​ទាំង​នៅ​ក្នុង​តំបន់​សមុទ្រ នៅ​តាម​បណ្តោយ​ឆ្នេរ នៅ​តាម​ប្រជុំកោះ ក៏​ដូចជា នៅ​តាមតំបន់​ចូល​ជ្រៅ​ទៅ​ក្នុង​ដី​គោក ដោយ​ចាប់ផ្តើម​ដំបូង​ពី​ឆ្នេរខាងកើត ក្នុង​មហាសមុទ្រ​អាត្លង់ទិក (ប្រេស៊ីល) រួចហើយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ឆ្នេរ​ចាក់​ចុះ​ទៅ​ទិស​ខាងត្បូង​ពីតំបន់​មួយ ទៅតំបន់​មួយ រហូត​ដល់​ទៅ​ដល់​ចុង​ខាង​ត្បូង​បំផុត​នៃ​ទ្វីបអាមេរិក (អាហ្សង់ទីន និង​ស្ហ៊ីលី) មុននឹង​ឆ្លង​ទៅ​ខាង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ហើយ​​ធ្វើ​ដំណើរ​សសៀរ​តាម​បណ្តោយ​ឆ្នេរ​ខាងលិច​នៃ​អាមេរិក​ខាង​ត្បូង ​ឡើង​ទៅ​ទិស​ខាងជើង​វិញ រហូត​ទៅដល់​ប្រជុំកោះ​កាឡាប៉ាហ្គោស (Galapagos) ក្នុង​ប្រទេស​អេក្វាទ័រ។

នៅ​ក្នុង​អំឡុង​​ពេល​​​ធ្វើ​ដំណើរ​​តាម​នាវា​ប៊ីហ្គ័ល​នេះ ដាវីន​បាន​ធ្វើការ​កត់ត្រា​​​ទុក​ជា​រៀងរាល់​ថ្ងៃ​នូវ​អ្វី​ដែល​លោក​សង្កេតឃើញ ហើយ​មាន​ការ​សង្កេតមួយ​ចំនួន ដែល​បណ្តុះ​នូវ​គំនិត និង បង្កើត​ជា​ចម្ងល់​ដល់​ដាវីន ហើយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ ​នាំ​ទៅ​ដល់​ការ​បង្កើត​ទ្រឹស្តី​ស្តី​ពី​ការ​វិវឌ្ឍ​នៃ​ជីវិត។

ការ​សង្កេត​ទីមួយ គឺ​ទៅលើ​​ការ​រកឃើញ​ផូស៊ីលនៃ​ប្រភេទ​សត្វ​មួយ​ចំនួន ដែល​ស្លាប់​ផុត​ពូជ​អស់​ទៅហើយ ក៏ប៉ុន្តែ វា​មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅនឹង​ប្រភេទ​សត្វ​​​ដែល​កំពុង​រស់នៅ​នាសម័យកាល​នោះ គ្រាន់តែ​មាន​ទំហំ​ខុសគ្នា ហើយ​ខុសគ្នា​​ច្រើន​ ដែល​គេ​មិន​អាច​ចាត់បញ្ចូល​​ជា​ពូជ​សត្វតែមួយ​បាន។ ផូស៊ីល​ទាំងនេះ​បាន​បង្កើត​ជា​សំណួរ​ចាក់ស្រែះ​នៅ​ក្នុង​ខួរ​ក្បាល​របស់​ដាវីន៖ តើ​ប្រភេទសត្វ​នៅ​ក្នុង​ផូស៊ីល និង​ប្រភេទ​សត្វ​ដែល​នៅរស់​នេះ មាន​ទំនាក់ទំនង​អ្វី​នឹងគ្នា? ចម្ងល់​នេះ​បាន​កើតមាន​កាន់តែ​ខ្លាំង​ថែម​ទៀត នៅ​ពេល​ដែល​ដាវីន​ធ្វើ​ដំណើរ​ទៅដល់​ប្រជុំកោះ​កាឡាប៉ាហ្គោស។

កាឡាប៉ាហ្គោស មាន​កូនកោះ​តូចៗ​សរុបចំនួន ២១ ដោយ​ភាគច្រើន គឺ​ជា​ប្រភេទ​កោះ​ភ្នំភ្លើង។ នៅ​កាឡាប៉ាហ្គោស​នោះ​ ដាវីន​បាន​សង្កេតឃើញ​មាន​ប្រភេទ​សត្វស្លាប​ចំនួន ២៦ ដោយ​ក្នុងនោះ​មានតែ​មួយ​ប្រភេទ​ប៉ុណ្ណោះ ដែល​គេ​អាច​ឃើញ​មាន​នៅ​កន្លែង​ផ្សេង ចំណែក​ ២៥ផ្សេងទៀត គឺ​មាន​តែ​នៅ​កាឡាប៉ាហ្គោស​នេះ​តែ​មួយកន្លែងគត់។

លើសពីនេះទៅទៀត នៅ​ក្នុង​ចំណោម​ប្រភេទ​សត្វស្លាបទាំង ២៥នេះ ក៏​មាន​ការបែងចែក​គ្នា​ទៅ​តាម​កោះនីមួយៗ​ផងដែរ ដោយ​ប្រភេទ​សត្វស្លាប​ខ្លះ​ឃើញ​មាន​តែ​នៅលើ​កោះមួយ ហើយ​​មិន​មាន​នៅលើ​កោះណាផ្សេងទៀត​ទាំងអស់ នៅ​ក្នុង​ចំណោម​កូនកោះ​ទាំង ២១ នៅ​កាឡាប៉ាហ្គោស។ ម្យ៉ាងទៀត មាន​សត្វបក្សី​ចំនួន ១៤ប្រភេទ ដែល​មើលទៅ​គួរតែ​ជា​ប្រភេទសត្វតែមួយ តែ​មាន​លក្ខណៈ​ខុសគ្នា​ ពី​កោះមួយ​ទៅកោះមួយ។ ដូចគ្នា​ដែរ ចំពោះ​ករណី​សត្វអណ្តើក។

សម្រាប់ដាវីន សំណួរ​ជាច្រើន​បាន​ចោទឡើង។ តើ​ហេតុអ្វីបាន​ជា​ប្រភេទសត្វខ្លះ មាន​នៅតែ​កន្លែងមួយ ហើយ​មិន​មាន​សោះ​នៅ​កន្លែងមួយ​ទៀត បើទោះបីជា​កន្លែងទាំងពីរ​នេះ​មាន​ចម្ងាយ​មិន​សូវ​ជា​ឆ្ងាយ​ពី​គ្នា​សោះ ? ផ្ទុយ​ទៅវិញ ហេតុអ្វី​បាន​ជា​ប្រភេទ​សត្វខ្លះ​បែរ​ជា​ត្រូវ​គេ​សង្កេតឃើញ​មាន​នៅ​ទីកន្លែង​ផ្សេងគ្នា ឬ​ប្រទេស​ផ្សេងគ្នា ហើយ​ដែល​នៅ​ចម្ងាយ​យ៉ាង​ឆ្ងាយ​ពី​គ្នា​ទៅវិញ? តើ​ហេតុអ្វី​បាន​ជា​ប្រភេទ​សត្វខ្លះ​មើល​ទៅ​ជា​ប្រភេទ​សត្វតែមួយ តែ​មាន​ទម្រង់ និង​ទំហំ​ខុសៗគ្នាយ៉ាងខ្លាំងទៅវិញ? តើ​ភាពខុសគ្នា​នេះ​កើតមាន​តាំង​ពី​ដើម​រៀងមក ឬ​ក៏​សត្វអស់ទាំងនេះ មាន​ដើមកំណើត​ដំបូង​ចេញ​ពី​ពូជតែមួយ តែ​ក្រោយមក​មាន​ការ​វិវឌ្ឍ​បែកខ្នែង​តំណវង្ស​ចេញ​ពីគ្នា ?

នៅចុងឆ្នាំ១៨៣៥ នាវាប៊ីហ្គ័ល​បាន​ចាកចេញ​ពី​អាមេរិក​ខាង​ត្បូង ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក សំដៅ​ទៅកាន់​ប្រទេស​នូវែលសេឡង់ និង​អូស្រ្តាលី បន្ទាប់មក​ទៀត ធ្វើ​ដំណើរ​កាត់តាម​មហាសមុទ្រ​ឥណ្ឌា ទៅ​ដល់​អាហ្វ្រិក​ខាង​ត្បូង រួចហើយ​​ឆ្លង​ចូល​​ទៅ​កាន់​មហាសមុទ្រ​អាត្លង់ទិក មុននឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ប្រទេស​អង់គ្លេស​វិញ នៅ​ខែតុលា ឆ្នាំ១៨៣៦។

នៅពេលនោះ ដាវីន​នៅ​មិនទាន់​​​រកឃើញ​នូវ​ចម្លើយ​ច្បាស់លាស់ ទៅនឹង​សំណួរ​ចាក់ស្រែះ ដែល​កើតចេញ​ពី​ការ​សង្កេត​​នៅ​ប្រជុំកោះ​កាឡាប៉ាហ្គោស​នៅឡើយទេ ហើយ​ក៏​មិនទាន់​បង្កើត​នូវ​ទ្រឹស្តី​ស្តីពី​ការ​វិវឌ្ឍ​នៃ​ជីវិត​នៅឡើយនោះដែរ ក៏ប៉ុន្តែ ទោះជាយ៉ាងណា លទ្ធផល​នៃ​ការ​សិក្សា​ និង​សង្កេតទៅលើ​ធម្មជាតិ ដែល​ដាវីន​បាន​ធ្វើ​នៅ​ក្នុង​រយៈពេល ៥ឆ្នាំ នៅពេល​ធ្វើ​ដំណើរ​តាម​នាវាប៊ីហ្គ័ល គឺ​គ្រប់គ្រាន់ល្មម​អាច​ឲ្យ​​ដាវីន​ (ដែល​រៀន​មិន​ទាន់​បាន​សញ្ញាបត្រ​អ្វីសោះ​ខាង​វិទ្យាសាស្រ្ត) ​បាន​ក្លាយ​ជា​ធម្មជាតិវិទូ​ដ៏​ល្បីឈ្មោះ​ម្នាក់​នៅ​អង់គ្លេស។

តាមការពិត ដាវីន​បាន​ចាប់ផ្តើម​មាន​ឈ្មោះ​បោះសំឡេង ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត​អង់គ្លេស តាំង​ពី​មិនទាន់​បញ្ចប់​បេសកកម្ម​លើ​នាវាប៊ីហ្គ័ល​មកម៉្លេះ ដោយ​នៅ​អំឡុង​ពេលនោះ ដាវីន​តែងតែ​បាន​ផ្ញើ​លិខិតឆ្លងឆ្លើយ​គ្នា​ជាមួយ​អ្នក​វិទ្យាសាស្រ្ត​នៅ​អង់គ្លេស អំពី​អ្វី​ដែល​លោក​សង្កេតឃើញ​ និង​អំពី​ទស្សនៈ​របស់​លោក​​ដែល​ទាញ​ចេញ​ពី​ការ​សង្កេត​ទាំងនេះ។

នៅ​ខែវិច្ឆិកា​ឆ្នាំ១៨៣៦ ពោលគឺ​តែ​ប្រមាណជាមួយខែ​ប៉ុណ្ណោះ ​ក្រោយ​ពីវិលត្រឡប់​ពី​បេសកម្ម​លើ​នាវាប៊ីហ្គ័ល ដាវីន​​​ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​ចូល​ជា​សមាជិក​វិទ្យាស្ថាន​ស្រាវជ្រាវ​ខាង​​ភូគព្ភសាស្រ្ត​អង់គ្លេស (Geological Society)។ ជាងពីរឆ្នាំក្រោយ​មក​ទៀត គឺ​នៅ​ដើម​ឆ្នាំ១៨៣៩ ដាវីន​បាន​ចូល​ជា​សមាជិក​​វិទ្យាស្ថានស្រាវជ្រាវ​ខាង​សត្វសាស្រ្ត (Zoological Society) ហើយ​ជាពិសេស​ជាងនេះ​ទៅទៀត គឺ​បាន​ចូល​ជា​សមាជិក​ស្ថាប័ន​ដ៏ល្បីល្បាញ​បំផុត​មួយ​នៅ​ពេលនោះ គឺ​ ​រាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​អង់គ្លេស (Royal Society)។

នៅ​ឆ្នាំ១៨៣៩​នោះ ឆាលស៍ ដាវីន បាន​រៀប​ការ​ជាមួយ​ប្អូនស្រី​ជីដូន​មួយ​ ហើយ​តាមការពិត​ទៅ ឪពុក​ក្មេក និង​ដែល​​ត្រូវ​ជា​ឪពុក​មា​របស់​ដាវីន ក៏​ជា​អ្នក​បាន​ដើរតួនាទី​ដ៏សំខាន់​មួយ​ដែរ ក្នុងការ​ជួយ​បញ្ចុះបញ្ចូល​ឪពុក​ដាវីន ឲ្យ​យល់ព្រម​អនុញ្ញាត​​ឲ្យ​ដាវីន​​ទៅ​ធ្វើ​ដំណើរ​ជុំវិញ​ផែនដី តាម​នាវាប៊ីហ្គ័ល ពីព្រោះ​ថា ពីដំបូង ឪពុក​របស់​ដាវីន​បាន​ជំទាស់​​នឹង​គម្រោងនេះ។ នៅ​ពេលនោះ ឪពុក​របស់​ដាវីន​តែងតែ​បារម្ភ​ខ្លាច​កូន​អាង​ទ្រព្យ​សម្បត្តិ​ឪពុក ហើយ​គិតតែ​ចង់​ទៅដើរលេង​សប្បាយភ្លើតភ្លើន មិនគិតពី​អនាគត ហើយ​ក្លាយ​ជា​មនុស្ស​ចោលម្សៀត ខូចដល់​វង្សត្រកូល​ដែល​មាន​ឋានៈ​ខ្ពង់ខ្ពស់​នៅ​ក្នុង​សង្គម​អង់គ្លេស។

នៅទីបំផុត​ទៅ ផ្ទុយពី​ក្តី​បារម្ភ​របស់​ឪពុក ដាវីន​បាន​ក្លាយ​ជា​អ្នក​វិទ្យាសាស្រ្ត​ ដែល​មាន​ទាំង​កេរ្តិ៍ឈ្មោះ​ល្បី និង​ប្រាក់​ចំណូល​ច្រើន ហើយ​ថែម​ទាំង​មាន​គ្រួសារ​ដ៏ល្អមួយ ដែល​មាន​កូន​ទាំងអស់ ១០នាក់ ហើយ​អាច​រស់នៅ​ក្នុង​ជីវិត​មួយ​ប្រកប​ដោយ​សុភមង្គល។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះក៏ដោយ សម្រាប់​ដាវីន ជីវិត​ហាក់ដូចជា​នៅតែ​មិនទាន់​ពេញលេញ​នៅឡើយ ដោយសារ​តែ​ចម្ងល់​ចាក់ស្រែះ​ជាច្រើន ដែល​កើតមាន​ឡើង ពី​ការ​សង្កេត​របស់​លោក​​ទៅលើ​ធម្មជាតិ ក្នុង​អំឡុង​ការ​ធ្វើ​ដំណើរ​តាម​នាវាប៊ីហ្គ័ល នៅតែ​ចោទ​ឡើង ដោយ​មិន​អាច​រក​ដំណោះស្រាយ​ឃើញ។

រហូតទាល់តែ​ដល់​ឆ្នាំ១៨៥៩ ពោលគឺ ជាង ២០ឆ្នាំ​ក្រោយ​​ការធ្វើ​ដំណើរ​តាម​នាវាប៊ីហ្គ័ល ទើប​ ឆាលស៍ ដាវីន បានរៀបចំ​ និង​ចុះផ្សាយ​​​នូវ​ទ្រឹស្តី​ស្តីពី​ការ​វិវឌ្ឍ​នៃ​ជីវិត តាម​រយៈសៀវភៅ ដែល​មាន​ចំណងជើង​ជា​ភាសាអង់គ្លេស​ថា “The Origin of Species”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ