អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ឆាលស៍ ដាវីន (១៨០៩-១៨៨២)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង​ នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​ធ្វើការ​រៀបរាប់​អំពី​ប្រវត្តិ​អ្នក​ប្រាជ្ញ​ដ៏​ល្បីល្បាញ​បំផុត​មួយ​រូប នៅ​ក្នុង​សតវត្សរ៍ទី១៩ ហើយ​ដែល​ទ្រឹស្តី​របស់​លោក​បាន​ជះឥទ្ធិពល​ដ៏​ខ្លាំង​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន គឺ​លោក ឆាលស៍ ដាវីន (Charles Darwin)។

រូបគំនូរ​បង្ហាញ​ពី​លោក ឆាលស៍ ដាវីន (Charles Darwin)
រូបគំនូរ​បង្ហាញ​ពី​លោក ឆាលស៍ ដាវីន (Charles Darwin) Public Domaine
ផ្សាយពាណិជ្ជកម្ម

ឆាលស៍ ដាវីន គឺ​ជា​ជីវវិទូ និង​ធម្មជាតិ​វិទូ ដ៏​ល្បី​ឈ្មោះ​បំផុត​ ហើយ​ត្រូវបាន​គេ​ចាត់បញ្ចូល​ទៅ​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ដ៏​ចំណាន និង​ដ៏មាន​ឥទ្ធិពល​បំផុត​ខាង​វិទ្យាសាស្រ្ត រួមជាមួយ​នឹង​ កាលីលេ ញូតុន និង​អាញ់ស្តាញ់។ ស្នាដៃ​ដ៏​ល្បីល្បាញ និង​ដ៏មាន​ឥទ្ធិពល​របស់​ឆាលស៍ ដាវីន គឺ​ទ្រឹស្តី​ អំពី​​ការវិវឌ្ឍ​នៃ​ពូជសត្វ​និង​មនុស្ស (Evolution) ទៅតាម​យន្តការ​ដែល​គេ​ឲ្យឈ្មោះ​ថា “ជម្រើស​ដោយ​ធម្មជាតិ” (Sélection naturelle/Natural selection)។

ទ្រឹស្តីនេះ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ដាវីនិស្ត” ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ត​ជា​ទូទៅ​ចាត់ទុក​ថា​ជា​ចំណុច​របត់​ដ៏​សំខាន់​បំផុត​មួយ​នៃ​ការ​យល់ដឹង​របស់​មនុស្ស ទៅលើ​ដើមកំណើត ​និង​ដំណើរវិវឌ្ឍ​នៃ​ជីវិត​ ទាំង​មនុស្ស​និង​សត្វ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ទ្រឹស្តី​របស់​ដាវីន​ក៏​បង្កើត​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​ផងដែរ ជាពិសេស គឺ​ការ​ប្រឆាំង​ពី​សំណាក់​អ្នក​កាន់​សាសនា​ដែល​យល់ថា មនុស្ស​​គឺ​ព្រះជា​ម្ចាស់​ជា​អ្នក​បង្កើត​មក​ឲ្យ​មាន​លក្ខណៈពិសេស​​ខុសពីសត្វ ហើយ​មិន​អាច​មាន​តំណវង្ស​វិវឌ្ឍ​ចេញ​ពី​ពូជសត្វ​ ដូចជា​ទ្រឹស្តី​របស់​ដាវីន​បាន​នោះទេ។

រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ភាពចម្រូងចម្រាស​ទៅលើ​ទ្រឹស្តី​របស់​ដាវីន នៅតែ​បន្ត​កើតមាន​យ៉ាងខ្លាំង​នៅឡើយ។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ គេ​នៅតែ​ចាត់ទុក​ឆាលស៍ ដាវីន​ថា​ជា​អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្រ្ត​ដ៏​អស្ចារ្យ​មួយ​រូប។

ឆាលស៍ ដាវីន កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៨០៩ នៅ​ក្នុង​ទីក្រុង​តូចមួយ ក្នុង​​ប្រទេស​អង់គ្លេស។ ការចាប់កំណើត និង​ការ​ធំដឹង​ក្តី​នៅ​ឯ​ទី​ជនបទ​នេះ​ហើយ ដែល​ជាកត្តា​ដ៏សំខាន់​មួយ​ ដែល​កំណត់​ពី​ចំណង់ចំណូលចិត្ត​របស់​ដាវីន​ទៅលើ​ធម្មជាតិ។

ដាវីន​គឺ​ជា​កូនទី៥ នៅ​ក្នុង​ចំណោម​​បងប្អូន​ទាំងអស់ ៦នាក់ ក្នុងគ្រួសារ​មួយ​ដែល​មាន​ជីវភាព​ស្តុកស្តម្ភ ដោយ​មាន​ឪពុក​ជា​គ្រូពេទ្យ ហើយ​ត្រកូល​ដាវីន​ ក៏​សម្បូរទៅដោយ​អ្នក​មាន​កេរ្តិ៍ឈ្មោះ និង​ខ្សែបណ្តាញ​យ៉ាងច្រើន​ផងដែរ​នៅ​ក្នុង​សង្គម។ ការណ៍​ដែល​កើត​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ទ្រព្យធន​បែបនេះហើយ ដែល​ធ្វើ​ឲ្យ​ដាវីន​មិន​សូវ​ជា​ចាំបាច់​ខ្វាយខ្វល់​ច្រើន​ អំពី​ជីវភាព និង​អនាគត ហើយ​អាច​ចំណាយ​ពេល​ច្រើន ទៅលើ​ចំណង់ចំណូលចិត្ត​ផ្ទាល់​ខ្លួន គឺ​​អំពី​ធម្មជាតិ។

តាមការពិត តាំង​ពី​ក្មេងមក ឆាលស៍ ដាវីន មិនសូវជា​ចូលចិត្ត​រៀនសូត្រ​នោះទេ ដោយ​ជារឿយៗ​តែងតែ​គេច​មិន​ចូល​រៀន ដើម្បី​ទៅដើរលេង ស្ទូចត្រី បាញ់សត្វ ឬ​ដើររើស​សម្បក​ខ្ចៅខ្យង ជាដើម រហូត​ធ្វើ​ឲ្យ​ឪពុក​មាន​ការ​បារម្ភ​ខ្លាច​កូន​អាង​គ្រួសារ​មាន​ទ្រព្យសម្បត្តិ​ គិតតែ​ដើរលេង ហើយ​​ក្លាយ​ជា​មនុស្ស​ចោលម្សៀត។

ឪពុក​របស់​ដាវីន​ចង់​ឲ្យ​កូន​ចាប់អាជីព​ជា​គ្រូពេទ្យ​ដូចខ្លួន ក៏​បាន​បញ្ជូន​កូនប្រុសទាំងពីរ​ឲ្យ​ទៅ​រៀន​សាលាពេទ្យ​។ បងប្រុស​របស់​ដាវីន​ខិតខំ​រៀនសូត្រ​​​ទៅតាម​បំណង​របស់​ឪពុក។ ចំណែក​ដាវីនវិញ​​មិន​ចូលចិត្ត​ទាល់តែ​សោះ​នូវ​មុខវិជ្ជាពេទ្យ ហើយ​លើសពីនេះ​ទៅទៀត ដាវីន​ខ្លាច​ឈាម ហើយ​តែងតែ​គេច​មិន​ចូល​រៀន​ម៉ោងដែល​មាន​ការពិសោធន៍​ជាក់ស្តែង​ទៅលើ​រូបកាយ​របស់​មនុស្ស។ ផ្ទុយទៅវិញ ដាវីន​បាន​ចំណាយ​ពេល​ភាគច្រើន​ដើរលេង សង្កេត និង​សិក្សា​អំពី​ធម្មជាតិ ហើយ​បាន​ចុះឈ្មោះ​ចូលរៀន​មុខវិជ្ជា​ ស្តីអំពី​សត្វ និង​ភូគព្ភសាស្រ្ត ព្រមទាំង​ចូលរួម​ជា​សមាជិក​ក្រុម​និស្សិត ដែល​សិក្សា និង​ជជែក​ពិភាក្សា អំពី​ប្រវត្តិ​នៃ​ធម្មជាតិ។

មិនយូរ​ប៉ុន្មាន​ រឿង​អស់​ទាំងនេះ​បានលេចឮ​ទៅដល់​ឪពុក​របស់​ដាវីន។ ឪពុក​របស់​ដាវីន​មិន​សប្បាយចិត្ត ក៏​បាន​បញ្ឈប់​ដាវីន​ពី​សាលាពេទ្យ ហើយ​បញ្ជូន​ដាវីន​ឲ្យ​ទៅ​រៀន​នៅ​សកលវិទ្យាល័យ​ខេមប៊្រិច ដោយ​សិក្សា​ខាង​ផ្នែក​ទេវសាស្រ្ត ដើម្បី​ក្លាយ​ជា​បុព្វជិត​គ្រិស្តសាសនា។

ជា​រឿង​ដែល​គួរ​ឲ្យ​ហួស​ចិត្ត! គឺ​នៅ​ក្នុង​អំឡុង​ពេលរៀន​អំពី​គ្រិស្តសាសនា នៅ​ឯ​សកលវិទ្យាល័យ​ខេមប៊្រិច​នោះហើយ ដែល​ដាវីន បាន​រកឃើញ​នូវ​គោលដៅ​នៃ​ជីវិត​ពិតប្រាកដ​ទៅថ្ងៃ​អនាគត គឺ​ដាវីន​ សម្រេច​ចិត្ត​ចាប់អាជីព​ជា​ធម្មជាតិ​វិទូ ហើយ​ដែល​នឹង​នាំទៅរក​ការ​បង្កើត​ទ្រឹស្តី​ដ៏សំខាន់​មួយ ដែល​បញ្ច្រាស់​គ្នា​ទាំងស្រុង​ទៅនឹង​ជំនឿ​​ក្នុង​គ្រិស្តសាសនា។

នៅ​ខេមប៊្រិច ដាវីន​មាន​ការ​យកចិត្ត​ទុកដាក់​លើ​ការ​រៀនសូត្រ​ច្រើន​ជាងមុន។ ថ្វីដ្បិត​តែ​មិន​ចូលចិត្ត​មុខវិជ្ជា​ផ្នែក​ទេវសាស្រ្ត តែ​ដាវីន​បាន​ខិតខំ​រៀន​សូត្រ យ៉ាងហោចណាស់ ទៅលើ​មុខវិជ្ជាគោល​មួយ​ចំនួន​ ដែល​ចាំបាច់​សម្រាប់​ការ​ប្រឡង។ និយាយ​ជារួម ដាវីន​ខំរៀន​ល្មម​ឲ្យ​បាន​ត្រឹមតែ​ឲ្យ​បាន​ប្រឡងជាប់ ចំណែក​ឯ​ពេល​សល់​ពីនោះ ដាវីន​យក​ទៅ​ចំណាយ​ទៅលើ​ការ​សិក្សា​ពីធម្មជាតិ​ដូចពីមុន។ នៅ​ខេមប៊្រិច​នោះ ដាវីន​បាន​ស្គាល់​សាស្រ្តាចារ្យ​មួយ​ចំនួន ដែល​ជំនាញ​ខាង​ការសិក្សា​ពី​សត្វ រុក្ខជាតិ និង​ដី (សត្វសាស្រ្ត, រុក្ខសាស្រ្ត និង​ភូគព្ភសាស្រ្ត) ក្នុង​ចំណោម​នោះ សាស្រ្តាចារ្យ ចន ស្ទីវិន ហិនស្លូ (John Stevens Henslow) គឺ​ជា​អ្នក​ដែល​បាន​ដើរតួនាទី​ដ៏សំខាន់​បំផុត នៅ​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ដាវីន ក្លាយ​ទៅ​ជា​អ្នក​វិទ្យាសាស្រ្ត។

លោក​​ ហិនស្លូ គឺ​ជា​អ្នក​ដែល​បាន​បញ្ចុះបញ្ចូល​​ដាវីន​ឲ្យ​​បង្វែរ​ការ​សិក្សា​លើ​ធម្មជាតិ​ពី​​ត្រឹម​ជា​ការ​កំសាន្ត ឲ្យ​ទៅ​ជា​ការសិក្សា​ពិតប្រាកដ ដើម្បី​ចាប់យក​អាជីព​ជា​ធម្មជាតិ​វិទូ។ លើសពីនេះ​ទៅទៀត លោក​ ហិនស្លូ គឺ​ជា​អ្នក​ដែល​បាន​ជួយ​ឲ្យ​ដាវីន​បាន​ធ្វើ​ជា​ធម្មជាតិ​វិទូ នៅ​ក្នុង​ដំណើរ​បេសកកម្ម​​ដ៏សំខាន់​មួយ គឺ​បេសកកម្ម​ជុំវិញ​ពិភពលោក តាម​នាវា​ប៊ីហ្គ័ល (Beagle) នៅឆ្នាំ១៨៣១។

នៅ​ក្នុង​អំឡុង​ពេលនោះ ចក្រភពអង់គ្លេស​គឺ​ជា​មហាអំណាច​ពិភពលោក​លំដាប់​ទីមួយ ហើយ​អំណាច​ទ័ព​ដ៏​កំពូល​របស់​អង់គ្លេស​នៅ​ពេលនោះ គឺ​ទ័ព​ជើងទឹក។ នៅ​ក្នុង​ការវាតទី​ពង្រីក​អំណាច​​របស់​ខ្លួន​ ទាំង​ខាង​យោធា និង​ពាណិជ្ជកម្ម កងទ័ព​ជើងទឹក​អង់គ្លេស​តែងតែ​រៀបចំ​បេសកម្ម​ទៅ​ស្វែងយល់​ពី​ទីតាំង​ភូមិសាស្រ្ត នៅ​តាម​បណ្តា​តំបន់​នានា​នៅ​ទូទាំង​ពិភពលោក ហើយ​នៅ​ឆ្នាំ១៨៣១ បេសកកម្ម​ដ៏ចម្បង​របស់​នាវាចម្បាំង​ប៊ីហ្គ័ល គឺ​ទៅ​ធ្វើការ​សិក្សា​ អំពី​តំបន់​អាមេរិក​ឡាទីន មុននឹង​បន្ត​ដំណើរ​​មួយ​ជុំ​ផែនដី ដោយ​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ទៅ​អូស្រ្តាលី កាត់តាម​មហាសមុទ្រ​ឥណ្ឌា​ទៅអាហ្វ្រិក​ខាង​ត្បូង មុននឹង​វិលត្រឡប់​មក​កាន់​ប្រទេស​អង់គ្លេស​វិញ។

ជាទូទៅ នៅ​ក្នុង​បេសកកម្ម​​សិក្សា​ពី​ទីតាំង​ភូមិសាស្រ្ត​នេះ កងទ័ព​ជើងទឹក​អង់គ្លេស​ក៏​ឆ្លៀត​ឱកាស​ផងដែរ ធ្វើការ​សិក្សា​ អំពី​សក្តានុពល​នៃ​ធនធាន​ធម្មជាតិ នៅ​តាម​តំបន់​ដែល​ខ្លួន​ទៅដល់។ ហេតុដូច្នេះហើយ​បាន​ជា​គេ​ត្រូវការ​អ្នក​ជំនាញ​ខាង​ធម្មជាតិ​​ឲ្យ​ធ្វើ​ដំណើរ​ជាមួយ។

នៅ​ឆ្នាំ១៨៣១​នោះ ដាវីន​ទើប​នឹង​បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ​ខេមប៊្រិច តែ​សញ្ញាបត្រ​ដែល​ដាវីន​ទទួល​បាន​នៅពេលនោះ គឺ​បរិញ្ញាបត្រ​ខាង​ទេវសាស្រ្ត ដោយ​ផ្តោត​ទៅលើ​គ្រិស្តសាសនា។ ចំណែក​ឯ​ជំនាញ​ខាង​ធម្មជាតិ​វិញ ដាវីន​​មិនទាន់​រៀន​បាន​​សញ្ញាបត្រ​ណាមួយ​នៅឡើយនោះទេ។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ លោក​ ហិនស្លូ ដែល​ជា​គ្រូ​​យល់ឃើញ​ថា ដាវីន​មាន​ចំណេះដឹង​ជា​មូលដ្ឋាន​ល្មមអាច​ប្រើការ​បាន ហើយ​ជាពិសេស​ជាងនេះ​ទៅទៀត ដាវីន​​មាន​ចំណង់ចំណូលចិត្ត​ខ្លាំង​ទៅលើ​ធម្មជាតិ និង​មាន​ទេពកោសល្យ​​ខាង​សង្កេត។ ហេតុដូច្នេះហើយ​បាន​ជា​​លោក ហិនស្លូ សម្រេច​បញ្ជូន​ឈ្មោះ​ឆាលស៍ ដាវីន ទៅ​ឲ្យ​មេបញ្ជាការ​នាវាប៊ីហ្គ័ល ដើម្បី​យក​ធ្វើ​ជា​ធម្មជាតិ​វិទូ​អមដំណើរ​​ក្នុង​បេសកកម្ម​ជុំវិញ​ពិភពលោក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ