នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមលើកយកប្រវត្តិអ្នកនយោបាយ និងជាអ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញមួយរូប មករៀបរាប់ជូនលោកអ្នកស្តាប់ គឺលោកបេនយ៉ាមីន ហ្វ្រែងឃ្លីន (Benjamin Franklin)។
បេនយ៉ាមីន ហ្វ្រែងឃ្លីន... បើទោះបីជាអ្នកខ្លះមិនស្គាល់ឈ្មោះ តែភាគច្រើនប្រាកដជាធ្លាប់ឃើញមុខ ពីព្រោះថា រូបថតរបស់លោកស្ថិតនៅលើក្រដាសប្រាក់ដុល្លារអាមេរិក គឺក្រដាស ១០០ដុល្លារ។ លោកបេនយ៉ាមីន ហ្វ្រែងឃ្លីន គឺជាឥស្សរជនមួយរូប ក្នុងចំណោមឥស្សរជនតែពីររូបគត់ ដែលមិនមែនជាប្រធានាធិបតីអាមេរិក តែមានរូបថតលើក្រដាសប្រាក់ដុល្លារ (ឥស្សរជនមួយរូបទៀត គឺលោកអាឡិចសិនឌ័រ ហាមីលតុន រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុដំបូងបង្អស់របស់អាមេរិក ហើយដែលមានរូបនៅលើក្រដាស ១០ដុល្លារ)។
ថ្វីដ្បិតតែមិនធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិក ក៏ប៉ុន្តែ លោកបេនយ៉ាមីន ហ្វ្រែងឃ្លីន ត្រូវបានគេចាត់ទុកថាជាអ្នកនយោបាយដ៏មានឥទ្ធិពលមួយរូបនៅក្នុងប្រវត្តិសាស្រ្តអាមេរិក ពីព្រោះលោកស្ថិតក្នុងចំណោមឥស្សរជនទាំង ៧រូប ដែលជាបិតាស្ថាបនិកសហរដ្ឋអាមេរិក ព្រមទាំងជាអ្នកដែលបានចូលរួមក្នុងការតាក់តែងសេចក្តីប្រកាសឯករាជ្យរបស់អាមេរិក។
លើសពីនេះទៅទៀត លោកបេនយ៉ាមីន ហ្វ្រែងឃ្លីន ក៏ជាអ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញមួយរូបផងដែរ ដោយលោកត្រូវបានគេចាត់បញ្ចូលទៅក្នុងចំណោមអ្នកវិទ្យាសាស្រ្តដែលបានដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងប្រវត្តិនៃការរកឃើញថាមពលអគ្គិសនី ដែលមនុស្សជាតិយើងប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងពេលបច្ចុប្បន្ននេះ។
បេនយ៉ាមីន ហ្វ្រែងឃ្លីន កើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៧០៦ នៅក្នុងទីក្រុងបូស្តុន សហរដ្ឋអាមេរិក ដែលពេលនោះ នៅជាដែនដីអាណានិគមមួយរបស់អង់គ្លេស ហើយមិនទាន់ចាប់កំណើតជារដ្ឋឯករាជមួយនៅឡើយនោះទេ។ ឪពុកម្តាយរបស់បេនយ៉ាមីន ហ្វ្រែងឃ្លីន គឺជាអ្នកកើតនៅក្នុងប្រទេសអង់គ្លេស ហើយធ្វើចំណាកស្រុកមកទឹកដីថ្មី កាលពី ២៣ឆ្នាំមុន។ បេនយ៉ាមីន ហ្វ្រែងឃ្លីន គឺជាកូនទី ៨ នៅក្នុងចំណោមបងប្អូនបង្កើត ១០នាក់ បូករួមជាមួយនឹងបងប្អូនឪពុកតែមួយម្តាយទីទៃ ៧នាក់ផ្សេងទៀត។
ពីដំបូងឡើយ ឪពុករបស់ហ្វ្រែងឃ្លីនមានបំណងចង់ឲ្យកូនទៅរៀននៅសកលវិទ្យាល័យហាវ៉ាដ (Harvard) ហើយចាប់អាជីពជាបុព្វជិតគ្រិស្តសាសនា ទើបបញ្ជូនហ្វ្រែងឃ្លីនឲ្យទៅរៀនត្រៀមនៅសាលាភាសាឡាតាំង។ ក៏ប៉ុន្តែ នៅទីបំផុតទៅ ដោយសារតែបញ្ហាជីវភាព ហ្វ្រែងឃ្លីនចូលសាលាបានតែពីរឆ្នាំប៉ុណ្ណោះ ក៏ត្រូវបោះបង់សាលា តាំងពីទើបនឹងមានអាយុបាន ១០ឆ្នាំ។
ឈប់ពីសាលា ហ្វ្រែងឃ្លីននៅជួយធ្វើការឪពុកបានពីរឆ្នាំ មុននឹងទៅធ្វើជាកូនជាងរៀនខាងបោះពុម្ពជាមួយនឹងបងប្រុស។ បងប្រុសរបស់ហ្វ្រែងឃ្លីនបានបង្កើតកាសែតមួយ ដែលគេចាត់បញ្ចូលក្នុងចំណោមកាសែតឯករាជដំបូងគេនៅអាមេរិក។ នៅពេលនោះ ហ្វ្រែងឃ្លីន ដែលជាកូនជាង គឺជាអ្នកទទួលការងារខាងរៀបពុម្ពអក្សរ ហើយក្នុងពេលជាមួយគ្នា ហ្វ្រែងឃ្លីន ដែលមានអាយុទើបនឹងបាន ១៥ឆ្នាំ បានសុំសរសេរអត្ថបទ ដើម្បីចុះផ្សាយក្នុងកាសែត ក៏ប៉ុន្តែ បងប្រុសមិនអនុញ្ញាត។
ការបដិសេធរបស់បងប្រុសមិនបានធ្វើឲ្យហ្វ្រែងឃ្លីនរួញរានោះទេ។ ហ្វ្រែងឃ្លីននៅតែសរសេរអត្ថបទ ដោយប្រើឈ្មោះក្លែងក្លាយ ហើយផ្ញើទៅឲ្យកាសែតចុះផ្សាយ។ អត្ថបទរបស់ហ្វ្រែងឃ្លីនមិនត្រឹមតែត្រូវបានកាសែតសុខចិត្តយកទៅចុះផ្សាយនោះទេ តែថែមទាំងបាន ដាក់នៅលើទំព័រមុខថែមទៀត។ ចាប់ពីពេលនោះមក ហ្វ្រែងឃ្លីនបានបន្តសរសេរអត្ថបទដោយប្រើឈ្មោះក្លែងក្លាយនេះជាច្រើនទៀត ផ្ញើទៅឲ្យកាសែតចុះផ្សាយ ហើយនៅក្នុងអត្ថបទខ្លះ ហ្វ្រែងឃ្លីនបានសរសេររិះគន់អាជ្ញាធរ និងការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
គិតជាសរុប ហ្វ្រែងឃ្លីនបានសរសេរអត្ថបទចំនួន ១៤ ចុះផ្សាយលើទំព័រកាសែតរបស់បងប្រុស ហើយនៅក្នុងអត្ថបទទី១៤ ដែលជាអត្ថបទចុងក្រោយ ហ្វ្រែងឃ្លីនបានបង្ហាញអត្តសញ្ញាណពិតឲ្យគេដឹងថា លោកគឺជាអ្នកសរសេរ។
ក្រោយមក ទំនាក់ទំនង រវាងហ្វ្រែងឃ្លីន និងបងប្រុស មានភាពតានតឹងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ពេលមួយ ហ្វ្រែងឃ្លីនក៏បានរត់ចេញពីផ្ទះ លែងនៅធ្វើជាកូនជាងជាមួយបងប្រុសតទៅទៀត។
នៅឆ្នាំ១៧២៣ បេនយ៉ាមីន ហ្វ្រែងឃ្លីន ក្នុងវ័យ ១៧ឆ្នាំ ដែលបានរត់ចេញពីផ្ទះរបស់បងប្រុសនៅបូស្តុន បានធ្វើដំណើរទៅដល់ទីក្រុងហ្វីឡាដែលហ្វីយ៉ា។ នៅទីនោះ ហ្វ្រែងឃ្លីនបានចាប់ផ្តើមជីវិតពីដៃទទេ ដោយប្រកបរបរជាជាងបោះពុម្ព ទៅតាមជំនាញដែលរៀនពីបងប្រុស។ ដំបូង ហ្វ្រែងឃ្លីនធ្វើការជាកូនឈ្នួល បន្ទាប់មកបានឡើងធ្វើជាអ្នកគ្រប់គ្រងរោងពុម្ព ហើយ ៥ឆ្នាំក្រោយមក នៅឆ្នាំ១៧២៨ ហ្វ្រែងឃ្លីនបានសម្រេចឈប់ធ្វើការឲ្យគេ ហើយចាប់បើករោងពុម្ពមួយដោយខ្លួនឯង ព្រមទាំងបានបង្កើតកាសែតថ្មីមួយ ដោយដាក់ឈ្មោះថា The Pennsylvania Gazette។
គិតមកត្រឹមនឹងពេលនោះ បេនយ៉ាមីន ហ្វ្រែងឃ្លីន បានក្លាយទៅជាអ្នកមានមុខមានមាត់ម្នាក់នៅហ្វីឡាដែលហ្វី (ជាថៅកែរោងពុម្ព ថៅកែកាសែត និងអ្នកសរសរអត្ថបទកាសែត)។ ហ្វ្រែងឃ្លីនរៀបការសាងគ្រួសារ ដែលមានកូនប្រុសម្នាក់ និងស្រីម្នាក់។ នៅក្នុងពេលជាមួយគ្នានោះ បេនយ៉ាមីន ហ្វ្រែងឃ្លីន ក៏បានធ្វើសកម្មភាពខាងផ្នែកសង្គមជាច្រើនផងដែរ ជាពិសេស គឺសកម្មភាពទាក់ទងនឹងការលើកតម្កើងការអប់រំ និងសីលធម៌សង្គម។
ហ្វ្រែងឃ្លីនបង្កើតក្លឹបមួយ ឈ្មោះថា Junto ដើម្បីប្រមូលផ្តុំសមាជិកឲ្យធ្វើការជជែកដេញដោលគ្នាអំពីបញ្ហាសង្គម សីលធម៌ នយោបាយ ទស្សនវិជ្ជា វិទ្យាសាស្រ្ត ព្រមទាំងចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ទាក់ទងទៅនឹងកិច្ចការជំនួញ។ បន្តិចម្តងៗ ការងារក្លឹប Junto នេះ បានរីករាលដាលទៅសកម្មភាពសង្គមជាច្រើនផ្សេងទៀត។
នៅឆ្នាំ១៧៣១ ដើម្បីបំពេញតម្រូវការខាងចំណេះដឹង និងការអានរបស់សមាជិកក្លឹប Juntoហ្វ្រែងឃ្លីនបានផ្តួចផ្តើមគំនិតបង្កើតបណ្ណាល័យមួយ ឈ្មោះថា « Library Company of Philadelphia » ដែលនៅដំណើរការរហូតមកទល់នឹងពេលបច្ចុប្បន្ន ហើយដែលត្រូវបានគេចាត់ទុកជាស្ថាប័នវប្បធម៌ដ៏ចំណាស់បំផុតរបស់សហរដ្ឋអាមេរិក។
លើសពីនេះទៅទៀត តាមការជជែកផ្តោះប្តូរយោបល់គ្នាក្នុងក្លឹប Junto ហ្វ្រែងឃ្លីនក៏បានស្នើផងដែរឲ្យបង្កើតជាក្រុមពន្លត់អគ្គិភ័យស្ម័គ្រចិត្តប្រចាំក្រុងហ្វីឡាដែលហ្វី និងបង្កើតកងរក្សាសន្តិសុខប្រចាំក្រុង ដែលធ្វើការពេញម៉ោង ដោយទទួលប្រាក់ខែ ហើយប្រាក់ខែនេះបានមកពីការយកពន្ធលើអចលនទ្រព្យ។
ក្រៅពីបណ្ណាល័យ ក្រុមពន្លត់អគ្គិភ័យ និងកងរក្សាសន្តិសុខក្រុង ហ្វ្រែងឃ្លីនបានចូលរួមផ្តួចផ្តើមគំនិតបង្កើតស្ថាប័នសំខាន់ៗមួយចំនួនទៀតខាងវិស័យអប់រំ រួមមាន បណ្ឌិតសភាហ្វីឡាដែលហ្វី ដែលក្រោយមកបានក្លាយទៅជាសកលវិទ្យាល័យផេនស៊ីលវេនញ៉ា (University of Pennsylvania) និង បណ្ឌិតសភាទស្សនវិជ្ជា (American Philosophical Society) ដែលសុទ្ធសឹងតែជាស្ថាប័នអប់រំដ៏ចំណាស់ៗបំផុតរបស់អាមេរិក ហើយដែលនៅបន្តមានដំណើរការរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ