ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT

អាឡាន់ ធួរីង និង​ទ្រឹស្តី​វិទ្យាសាស្រ្តកុំព្យូទ័រ

អាឡាន់ ធួរីង និង​ទ្រឹស្តី​វិទ្យាសាស្រ្តកុំព្យូទ័រ
 
ម៉ាស៊ីន​កុំព្យូទ័រ​ដំបូង ដែល​ផលិតឡើង​ដោយ​ក្រុមអ្នកស្រាវជ្រាវ​នៅ Manchester ហើយ​ដែល​យក​ទ្រឹស្តី​របស់​អាឡាន់ ធួរីង ជា​មូលដ្ឋាន Parrot of Doom

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​ អាឡាន ធួរីង (Alan Turing) តទៅទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​របស់​លោក​ទាក់ទង​នឹង​ទ្រឹស្តី​នៃ​វិទ្យាសាស្រ្ត​កុំ​ព្យូទ័រ។

តាមការពិត “កុំព្យូទ័រ” បើ​គិតទៅតាម​ន័យ​ទូលាយ បាន​​ចាប់កំណើតឡើង​តាំង​ពីមុន​សម័យកាល​របស់ អាឡាន់ ធួរីង​មក​ម៉្លេះ។ កុំព្យូទ័រ តាម​ភាសាអង់គ្លេស “Computer” គឺ​មានន័យថា “អ្នកគណនា”។ កាល​ពី​​សម័យបុរាណ ពាក្យថា “កុំព្យូទ័រ” ត្រូវបានគេ​ប្រើ​សំដៅ​លើ​​មនុស្ស​ដែល​ធ្វើការ​ក្នុងមុខងារ​ជា​អ្នកគណនាលេខ។ ក្រោយមក គេ​បាន​បង្កើត​ជា​ម៉ាស៊ីន​សម្រាប់​ធ្វើការ​គណនា​ជំនួស​មនុស្ស ដែល​គេ​ឲ្យឈ្មោះថា “ម៉ាស៊ីនកុំព្យូទ័រ” ឬ “កុំព្យូទ័រ” ក៏ប៉ុន្តែ “កុំព្យូទ័រ” កាលពីសម័យបុរាណ​នោះ មាន​លក្ខណៈ​ខុសប្លែកគ្នា​យ៉ាងដាច់ឆ្ងាយ ពី​កុំព្យូទ័រ​សម័យ​ទំនើប ដែល​យើង​ស្គាល់ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ជាទូទៅ គេ​កំណត់​ថា កុំព្យូទ័រ​សម័យ​បុរាណ​ចាប់កំណើត​ឡើង តាំង​ពី​ឆ្នាំ១៨០១ នៅ​ពេល​ដែល​កូនជាងតម្បាញ​សូត្រ​ម្នាក់ នៅ​ទីក្រុង​លីយ៉ុង ប្រទេស​បារាំង គឺ លោក យ៉ូសែហ្វម៉ារី ហ្សាការ (Joseph Marie Jacquard) បាន​បង្កើត​ម៉ាស៊ីន​ត្បាញ​មួយ​ប្រភេទ​ ដែល​អាច​ឲ្យ​គេ​កំណត់​បាន​ដោយ​ស្វ័យប្រវត្តិ​នូវ​សណ្ឋាន ឬ​រូបភាព (គោម)​ ដែល​ត្រូវ​ត្បាញ​ចេញ​នៅលើ​ក្រណាត់។ ​សណ្ឋាន ឬ​រូបភាព​ប្លែកៗគ្នា​អស់ទាំងនោះ​ត្រូវ​កំណត់​ដោយ​កាត​ដែល​គេ​យក​ទៅ​ចោះ​ជា​ប្រហោង​ក្នុង ​ទម្រង់​ខុសៗគ្នា (Carte perforée/Punching card) ហើយ​ម៉ាស៊ីន​ត្បាញ​តែមួយ​ អាច​ឲ្យ​គេ​ត្បាញ​ក្រណាត់​ដែល​មាន​សណ្ឋាន​ ឬ​រូបភាព​ខុសៗគ្នា ដោយគ្រាន់តែ​ធ្វើការ​ផ្លាស់ប្តូរ​​កាត (Carte perforée/Punch Card) នេះ។

ជាង២០ឆ្នាំក្រោយមក​ទៀត នៅ​ឆ្នាំ១៨២២ គណិតវិទូ​អង់គ្លេស​ម្នាក់​ឈ្មោះ ឆាលស៍ បាប៊ិច (Charles Babbage) បាន​បង្កើត​នូវ​ម៉ាស៊ីន​កុំព្យូទ័រ​មួយ​ប្រភេទ​ទៀត ដែល​ជា​ម៉ាស៊ីន​ម៉េកានិច ដើរដោយ​ថាមពល​ចំហាយទឹក ហើយ​ដែល​អាច​ធ្វើការគណនា​លេខ​ដោយ​ស្វ័យប្រវត្តិ​។

នៅ​ឆ្នាំ១៨៩០ វិស្វករ​អាមេរិក​ម្នាក់​ឈ្មោះ ហឺមែន ហូលរីត (Herman Hollerith) បាន​បង្កើត​ម៉ាស៊ីន​គណនាមួយ​ប្រភេទ​ថ្មី​ទៀត ដែលដើរ​ដោយ​ថាមពល​អគ្គិសនី សម្រាប់​យក​ទៅ​ប្រើ ក្នុងការ​គណនា​ធ្វើ​​ជំរឿន​ប្រជាជន​អាមេរិក។

ម៉ាស៊ីន​គណនា ឬ​ម៉ាស៊ីន​កុំព្យូទ័រ​អស់ទាំងនោះ ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​​​ប្រកប​ដោយ​ប្រសិទ្ធភាព ជំនួស​ការ​ងារ​របស់​មនុស្ស ក៏ប៉ុន្តែ ទោះជាយ៉ាងណា ជាទូទៅ គេ​នៅតែ​មិន​ទាន់​ចាត់ទុក​ម៉ាស៊ីន​អស់ទាំងនោះ​ថា​ជា ម៉ាស៊ីន​កុំព្យូទ័រ ដូច​ក្នុង​សម័យ​ទំនើប​នៅឡើយទេ ដោយសារ​តែ​ម៉ាស៊ីន​គណនា​​កាល​ពី​សម័យ​បុរាណ​នោះ គឺ​ជា​ម៉ាស៊ីន​ដែល​មាន​មុខងារពិសេស​ខុសៗគ្នា ហើយ​ប្រើ​បាន​តែ​នៅ​ក្នុង​ការងារ​ជាក់លាក់​ណាមួយ គឺ​ម៉ាស៊ីន​ត្បាញប្រើបាន​តែ​នៅ​ក្នុង​ការ​កំណត់សណ្ឋាន ឬ​រូបភាព​​លើ​ក្រណាត់ ហើយ​ម៉ាស៊ីន​គណនាលេខ ប្រើបាន​សម្រាប់​តែ​ការគណនា​លេខ មិនមែន​ជា​ម៉ាស៊ីន​កុំព្យូទ័រ ដែល​មាន​លក្ខណៈ​ទូទៅ និង​ទូលំទូលាយ​នៅឡើយ។

នៅឆ្នាំ១៩៣៦ នៅ​ក្នុងពេល​កំពុង​ធ្វើការ​ជា​អ្នក​ស្រាវជ្រាវ នៅ​ឯ​សកលវិទ្យាល័យ​ខេមប៊្រិច (University of Cambridge) អាឡាន់ ធួរីង បាន​សរសេរ និង​ចុះផ្សាយ នូវ​ទ្រឹស្តី​ដ៏​សំខាន់មួយ អំពី​ការ​បង្កើត​ម៉ាស៊ីន​គណនា​មួយ​ប្រភេទ ដែល​មានលក្ខណៈ​សកល មាន​សមត្ថភាព​អាច​ធ្វើការ​គណនា​គ្រប់អ្វីៗ​ទាំងអស់​​ដែល​អាច​គណនា​បាន ហើយ​ដែល​អាច​ធ្វើ​ឲ្យ​ដំណើរការ​នូវ​រាល់​កម្មវិធី (Programme) ដែលគេ​បញ្ចូល​ទៅ​ក្នុង​មេម៉ូរី (Memory) របស់​វា។

ទ្រឹស្តី​​ដែល​ អាឡាន់ ធួរីង សរសេរ​នៅ​ឆ្នាំ១៩៣៦​នោះ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ចំណុច​ចាប់ផ្តើម និង​ជា​​មូលដ្ឋានគ្រឹះ​ដ៏សំខាន់​បំផុត នៅ​ក្នុង​វិទ្យាសាស្រ្ត​កុំព្យូទ័រ​សម័យ​ទំនើប ដែល​យើង​បន្ត​ប្រើប្រាស់​រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន។ ក៏ប៉ុន្តែ នៅ​ពេលនោះ អាឡាន់ ធួរីង សរសេរ​តែ​ទ្រឹស្តី​នៅលើ​ក្រដាស​តែ​ប៉ុណ្ណោះ ដោយ​មិនបាន​បង្កើត​ជា​ម៉ាស៊ីនកុំព្យូទ័រ ទៅតាម​ទ្រឹស្តី​ដែល​លោក​បាន​សរសេរ​នេះទេ។

ចាប់ពី​ឆ្នាំ១៩៣៩ អង់គ្លេស ក៏​ដូចជា​ពិភពលោក​ទាំងមូល​ ត្រូវ​ធ្លាក់​ទៅ​ក្នុង​សង្រ្គាម​លោកលើកទី២ ហើយ​អាឡាន់ ធួរីង បាន​ចូល​បម្រើ​ការងារ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស ដោយ​ទទួល​បេសកកម្ម​​ជា​អ្នកសិក្សា​ស្វែងរក​វិធី​បំបែក​សារសម្ងាត់​របស់​អាល្លឺម៉ង់។ បេសកកម្ម ដែល​អាឡាន់ ធួរីង​ធ្វើ​បាន​ដោយជោគជ័យ ដោយ​បាន​បង្កើត​នូវ​ម៉ាស៊ីន​ដែល​មាន​សមត្ថភាព​ក្នុងការ​គណនា និង​បំបែកកូតសម្ងាត់​របស់​អាល្លឺម៉ង់ គឺ​ប្រព័ន្ធ Enigma ដែល​កាលណោះ មាន​ឈ្មោះល្បី​ថា ជា​ប្រព័ន្ធ​សារសម្ងាត់​ដ៏​ស្មុគស្មាញ​គ្មាន​អ្នកណា​អាច​បំបែក​បាន។

នៅ​ក្រោយ​ពេល​ដែល​សង្រ្គាម​លោក​លើកទី២​​ត្រូវ​បិទបញ្ចប់ នៅ​ឆ្នាំ១៩៤៥ អាឡាន់ ធួរីង បានងាក​ទៅ​ផ្តោត​ការសិក្សា​ទៅលើ​ការ​បង្កើត​ម៉ាស៊ីន​កុំព្យូទ័រ​វិញ ដោយ​បាន​យក​ទ្រឹស្តី ដែល​លោក​បាន​សរសេរ​ កាល​ពី​ឆ្នាំ១៩៣៦ ទៅ​សរសេរ​លម្អិត​ចេញ​ជាប្លង់ដែល​បង្ហាញ​ពី​របៀប​បង្កើត​ម៉ាស៊ីន​កុំព្យូទ័រ ដែល​នៅ​ពេលនោះ គេ​ឲ្យឈ្មោះ​ថា Automatic Computing Engine (ACE)។

ម៉ាស៊ីន​កុំព្យូទ័រ​ដែល​អាឡាន់ ធួរីង បាន​គូរប្លង់​នៅ​ពេលនោះ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា ម៉ាស៊ីន​កុំព្យូទ័រ​ដ៏​ទំនើប និង​ដ៏មាន​ល្បឿនលឿន​ដែល​គេ​មិន​ធ្លាប់​ជួប​ប្រទះ​ពីមុនមក ក៏ប៉ុន្តែ ម៉ាស៊ីន​កុំព្យូទ័រនេះ​ក៏​បាន​ត្រឹមជា​ប្លង់​លើ​ក្រដាស​តែ​ប៉ុណ្ណោះដែរ ដោយសារ​តែ​ក្រុម​វិស្វករ នៅ​មន្ទីរពិសោធន៍​ដែល​អាឡាន់ ធួរីង​ធ្វើការនៅ​ពេលនោះ នាំគ្នា​ធ្វើការ​វាយតម្លៃ​ថា ម៉ាស៊ីន​កុំព្យូទ័រ ដែល​អាឡាន់ ធួរីង រចនា​ឡើង​នេះ មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង​ពេក​ក្នុងការ​ផលិត។

នៅ​ទីបំផុត​ទៅ គឺ​ក្រុមការងារ​មួយផ្សេងទៀត នៅ​ឯ​សកលវិទ្យាល័យ​មែនឆេសធ័រ (University of Manchester) ដែល​ទទួល​បាន​ជោគជ័យ​ក្នុងការ​ផលិត​ម៉ាស៊ីន​កុំព្យូទ័រ​​​ នៅ​ឆ្នាំ១៩៤៨។ ម៉ាស៊ីន​កុំព្យូទ័រ​នេះ ថ្វីដ្បិត​តែ​មិនត្រូវ​បាន​ផលិតឡើង ទៅតាម​គំនូរប្លង់​ដែល​រចនា​ឡើង​ដោយ​អាឡាន់ ធួរីង​ ក៏ប៉ុន្តែ សកលវិទ្យាល័យ​មែន​ឆេសធ័រ​បាន​ទទួលស្គាល់ថា ទ្រឹស្តី​ដែល​អាឡាន់ ធួរីង​បាន​ចុះផ្សាយ កាល​ពី​ឆ្នាំ១៩៣៦ គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ពួកគេ ដែល​ឈាន​ដល់​ការ​ផលិត​កុំព្យូទ័រ​នេះ​ឡើង។

នៅ​ឆ្នាំ១៩៥១ អាឡាន់ ធួរីង ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ចូល​ជា​សមាជិក​នៃ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​ដ៏​ល្បីល្បាញ​បំផុតមួយ គឺ​​​រាជបណ្ឌិត​សភា​វិទ្យាសាស្រ្ត​អង់គ្លេស (The Royal Society)។ ក៏ប៉ុន្តែ ស្រប​ពេល​នឹង​ការ​ទទួល​បាន​នូវ​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​នេះ ដំណើរ​ជីវិត​របស់​អាឡាន់ ធួរីង ក៏​ចាប់ផ្តើម​ធ្លាក់​នៅ​ក្នុង​សភា​ព​ដ៏សែន​ដុនដាប​ផងដែរ។

អាឡាន់ ធួរីង គឺ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ហើយ​នៅ​ក្នុង​អំឡុង​ពេលនោះ តាមច្បាប់​របស់​អង់គ្លេស ការស្រឡាញ់​ភេទ​ដូចគ្នា គឺ​ជា​បទល្មើសព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគាររហូតដល់​ទៅ​ពីរឆ្នាំ។ នៅ​ឆ្នាំ១៩៥២ អាឡាន់ ធួរីង ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់ពិរុទ្ធ ពីបទ​ស្រឡាញ់​ភេទ​ដូចគ្នា ក៏ប៉ុន្តែ តុលាការ​បាន​ផ្តល់​ជម្រើស​ពីរ​​៖ ឬមួយ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរឆ្នាំ ឬ​មួយ​​ត្រូវ​ទទួល​ការ​ព្យាបាល​ដោយ​ចាក់​អ័រម៉ូន​រយៈពេល ១២ខែ។ អាឡាន់ ធួរីង បាន​ជ្រើសរើស​យក​ការ​ព្យាបាល​ដោយ​ចាក់​អ័រម៉ូន ដើម្បី​ចៀស​ពី​ពន្ធនាគារ ហើយ​អាច​នៅ​បន្ត​ធ្វើការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​ជា​បន្ត​ទៀត។ ក៏ប៉ុន្តែ ពីរឆ្នាំក្រោយ​មក នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៥៤ អាឡាន់ ធួរីង ដែល​នៅ​​ពេលនោះ​មាន​អាយុ​ ៤១ឆ្នាំ (សល់តែ​ពីរសប្តាហ៍​ទៀត​ចូល ៤២ឆ្នាំ) ត្រូវ​បាន​គេ​រកឃើញ​ដេកស្លាប់​នៅ​ក្នុង​ផ្ទះ ដោយ​ត្រូវ​ថ្នាំពុល។

រហូតមកទល់​នឹង​ពេលនេះ គេនៅតែ​មិន​អាច​ដឹង​ប្រាកដ​នៅឡើយ​ទេ អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​អាឡាន់ ធួរីង ក៏ប៉ុន្តែ តាម​ការ​សន្និដ្ឋាន​ជាទូទៅ អាឡាន់ ធួរីង ផឹកថ្នាំពុល​សម្លាប់​ខ្លួនឯង ដោយសារ​តែ​មាន​បញ្ហា​ផ្លូវចិត្ត ដែល​កើតចេញ​ពី​ការ​ព្យាបាល​ដោយ​ចាក់​អ័រម៉ូន។

ក្រោយ​មរណភាព​របស់​ អាឡាន់ ធួរីង ទ្រឹស្តី​របស់​លោក​ត្រូវ​បាន​គេ​យក​ទៅ​បន្ត​ធ្វើការ​សិក្សា និង​កែលម្អ បង្កើត​ជា​ម៉ាស៊ីន​កាន់តែ​ទំនើប ដែល​គេ​ច្រើន​ហៅ​​ថា “ម៉ាស៊ីន​ធួរីង” (Turing machine) ហើយ​ដែល​ក្រោយ​មក​បាន​វិវឌ្ឍ​​​ទៅ​ជា​ម៉ាស៊ីន ដែល​យើងគ្រប់គ្នា​ហៅ​ថា “កុំព្យូទ័រ” រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ននេះ។

នៅឆ្នាំ២០០៩ ៥៥ឆ្នាំក្រោយ​មរណភាព​របស់​អាឡាន់ ធួរីង នាយករដ្ឋមន្រ្តី​អង់គ្លេស គឺ​លោក​ហ្គរដុន ប្រោន (Gordon Brown) ថ្លែង​ក្នុង​នាម​រដ្ឋាភិបាល​អង់គ្លេស​ទាំងមូល​ បាន​ធ្វើការ​សូមទោស​ជា​សាធារណៈ អំពី​ភាព​អយុត្តិធម៌​ដែល​អង់គ្លេស​បាន​ធ្វើ​ចំពោះ​អាឡាន់ ធួរីង ហើយ​​៤ឆ្នាំក្រោយ​មក​ទៀត គឺ​នៅ​ឆ្នាំ២០១៣ ទោសស្រឡាញ់​ភេទ​ដូចគ្នា​របស់​អាឡាន់ ធួរីង ត្រូវ​បាន​ព្រះមហាក្សត្រិយ៍អេលីហ្សាបិតទី២ ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ចេញ​វិញ​ទាំងអស់៕

  • អាឡាន់ ធួរីង ​(១៩១២-១៩៥៤)

    អាឡាន់ ធួរីង ​(១៩១២-១៩៥៤)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​អ្នកប្រាជ្ញ​ដ៏​ឆ្នើម​មួយរូប ដែល​មិនសូវ​ជា​ត្រូវ​គេ​ស្គាល់​ជាទូទៅ ក៏ប៉ុន្តែ …

  • អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ​និង​ការបង្កើត​ប្រព័ន្ធទូរស័ព្ទ

    អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ​និង​ការបង្កើត​ប្រព័ន្ធទូរស័ព្ទ

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​​របស់​​លោក​ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (Alexander Graham Bell) តទៅទៀត …

  • អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (១៨៤៧-១៩២២)

    អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (១៨៤៧-១៩២២)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​​ឥស្សរជន​ដ៏ល្បីឈ្មោះ​​មួយ​រូបទៀត ដែល​ជា​អ្នក​បាន​រកឃើញ​គំនិត​បង្កើត​ទូរស័ព្ទ​ដំបូងគេ …

  • នីកូឡា តេសឡា ​និង​ប្រព័ន្ធ​បញ្ជូនសារ​ឥតខ្សែ (Wireless)

    នីកូឡា តេសឡា ​និង​ប្រព័ន្ធ​បញ្ជូនសារ​ឥតខ្សែ (Wireless)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់ នីកូឡា តេសឡា (Nikolas Tesla) ជា​បន្ត​ទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​​ដ៏​សំខាន់​មួយ​ទៀត​​របស់​លោក​ …

  • នីកូឡា តេសឡា ​និងចរន្តឆ្លាស់ (AC)

    នីកូឡា តេសឡា ​និងចរន្តឆ្លាស់ (AC)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់ នីកូឡា តេសឡា (Nikolas Tesla) ជា​បន្ត​ទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​ដ៏​​សំខាន់ …

  • នីកូឡា តេសឡា (១៨៥៦-១៩៤៣)

    នីកូឡា តេសឡា (១៨៥៦-១៩៤៣)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​​ឥស្សរជន​ដ៏ល្បីឈ្មោះ​​មួយ​រូបទៀត ដែល​បាន​ដើរតួនាទី​ដ៏សំខាន់ នៅ​ក្នុង​ការរកឃើញ​គំនិត​ថ្មីៗ​ជាច្រើន​​ទាក់ទង​នឹង​​ថាមពល​អគ្គិសនី …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ