អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (១៨៤៧-១៩២២)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​​ឥស្សរជន​ដ៏ល្បីឈ្មោះ​​មួយ​រូបទៀត ដែល​ជា​អ្នក​បាន​រកឃើញ​គំនិត​បង្កើត​ទូរស័ព្ទ​ដំបូងគេ គឺ​លោក​ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (Alexander Graham Bell)។

លោក អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (Alexander Graham Bell)
លោក អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (Alexander Graham Bell) Moffett Studio/Public Domaine
ផ្សាយពាណិជ្ជកម្ម

អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល មិនមែន​ជា​អ្នក​​ដែល​បាន​រៀនសូត្រ​ជ្រៅជ្រះ​នោះទេ ដោយ​លោក​រៀន​មិន​បាន​ចប់​ថ្នាក់​សកលវិទ្យាល័យផង ហើយ​​មាន​អាជីព​ដើម​​ត្រឹមតែ​ជា​គ្រូបង្រៀន​ភាសា​ដល់​អ្នក​ថ្លង់​ត្រចៀក​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ចំណង់ចំណូលចិត្ត​ខាង​វិទ្យាសាស្រ្ត ការ​ស្វះស្វែង​​ចង់ដឹង ចង់យល់​ដោយ​ខ្លួនឯង បាន​នាំឲ្យ​លោក​រកឃើញ​នូវ​ឧបករណ៍​ដ៏សំខាន់មួយ ដែល​នៅតែ​បន្ត​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើងគ្រប់គ្នា​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល កើតនៅ​ថ្ងៃទី៣ ខែមីនា ឆ្នាំ១៨៤៧ នៅ​ក្នុង​ទីក្រុង​អេឌីនប៊ើក (Edinburgh) ប្រទេស​ស្កុតឡែនដ៍។ “អាឡិច” (Aleck) ដែល​ជា​ឈ្មោះ​ក្រៅ​នៅ​ផ្ទះ មាន​ម្តាយ​ដែល​ថ្លង់​ត្រចៀក​ទាំងសងខាង​ស្ទើរតែ​ស្តាប់​អ្វីមិនឮ​ទាល់តែសោះ​ ចំណែក​ឪពុកវិញ គឺ​ជា​គ្រូបង្រៀន​ភាសា​ដល់​អ្នក​គថ្លង់ ឬ​អ្នក​ដែល​មាន​បញ្ហា​ក្នុង​ការ​និយាយ។ ជីតា​ខាង​ឪពុក​ក៏​ជា​គ្រូបង្រៀន​ភាសា​គថ្លង់​នេះ​ដែរ ដែល​ទាំងនេះ​ទំនង​ជា​កត្តា​ដ៏សំខាន់​មួយ ដែល​​​ជះឥទ្ធិពល​ទៅដល់​ការជ្រើសរើស​អាជីព​របស់​​​ “អាឡិច” នៅ​ពេល​ធំឡើង។

កាលពី​ក្មេង អាឡិច មិនសូវ​ជា​យកចិត្តទុកដាក់​រៀនសូត្រ​ប៉ុន្មាននោះទេ​ ដោយសារ​តែ​មិនចូលចិត្ត​មុខវិជ្ជា​ដែលគ្រូបង្រៀន ហើយ​នៅទីបំផុត អាឡិច​ក៏​ឈប់រៀន នៅ​អាយុ ១៥ឆ្នាំ ដោយ​នៅ​ពេលនោះ អាឡិច​ទើប​នឹង​​​រៀន​ត្រឹមថ្នាក់​វិទ្យាល័យ​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ អាឡិច​ចាប់ផ្តើម​ផ្លាស់ប្តូរ​គំនិត នៅ​ក្រោយ​ពេល​ដែល​ត្រូវ​ឪពុក​បញ្ជូន​ឲ្យ​ទៅ​រស់នៅ​ជាមួយ​ជីតា នៅឯទីក្រុង​ឡុងដ៍។ នៅ​ទីនោះ អាឡិច​ចាប់ផ្តើម​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​រៀនសូត្រឡើងវិញ រហូតក្រោយមក បាន​ប្រឡង​ជាប់​ចូលរៀន​នៅ​សកលវិទ្យាល័​ដ៏ល្បីមួយ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​​ ឈ្មោះ​ថា University College of London។ ក៏ប៉ុន្តែ នៅទីនោះ អាឡិចក៏​រៀន​មិនបាន​ចប់ចុងចប់ដើម​នោះដែរ ដោយសារ​តែ​ត្រូវ​ចាកចេញ​ពី​អង់គ្លេស​ជាមួយក្រុមគ្រួសារ ទៅរស់​នៅ​ក្នុង​ប្រទេស​កាណាដា នៅ​ឆ្នាំ១៨៧០ ហើយ​មួយ​ឆ្នាំក្រោយមកទៀត ចាកចេញ​ពី​កាណាដា ទៅរស់​នៅ​ក្នុង​ទីក្រុង​បូស្តុន សហរដ្ឋ​អាមេរិក។

នៅ​បូស្តុន​នោះ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ចាប់​អាជីព​ជា​គ្រូបង្រៀន​​ភាសា​ដល់​អ្នក​ថ្លង់ត្រចៀក នៅ​ឯ​សកលវិទ្យាល័យក្រុងបូស្តុន (Boston University) ក៏ប៉ុន្តែ ថ្វីដ្បិត​តែ​មាន​​មុខរបរ​ជា​គ្រូ​បង្រៀន​ក៏​ពិតមែន តែ​ប៊ែល​​មាន​ចំណាប់អារម្មណ៍ និង​មាន​ការ​យល់ដឹងច្រើន អំពី​ប្រព័ន្ធ​ផ្ញើសារ​តាម​តេឡេក្រាហ្វ។ ហេតុដូច្នេះហើយ​បាន​ជា​ក្រៅ​ពី​ការ​បង្រៀន ​ប៊ែល​បាន​​ចំណាយ​ពេល​ជាច្រើន​ផ្តោត​ទៅលើ​ការ​សិក្សាស្រាវជ្រាវ និង​ធ្វើ​ពិសោធន៍ អំពី​បច្ចេកវិទ្យាតេឡេក្រាហ្វ​នេះ។ លើសពីនេះ​ទៅទៀត ប៊ែល​ក៏​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ផងដែរ ទៅលើ​ប្រធានបទ​ទាក់ទង​នឹង​សំឡេង។

នៅ​បូស្តុន ក្រៅពី​ការ​បង្រៀន​នៅ​ឯសកលវិទ្យាល័យ​ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល​ក៏​មាន​ទទួល​បង្រៀន​សិស្ស​ជា​លក្ខណៈឯកជន​ផងដែរ ហើយ​នៅ​ក្នុង​ចំណោម​សិស្ស​ឯកជន​ទាំងនោះ មាន​ពីរនាក់​គឺ​​ជា​កូន​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ គឺ​លោក ហ្កាឌីន័រ ​ហាប់បាដ​ (Gardiner Greene Hubbard) និង​លោក​ ថូម៉ាស់ ស៊ែនឌ័រ (Thomas Sanders) ដែល​​ជា​អ្នក​វិនិយោគ​​មាន​ចំណាប់អារម្មណ៍​ខ្លាំង​លើ​មុខជំនួញ​ខាងតេឡេក្រាហ្វ។

នៅ​ក្នុង​អំឡុង​ពេលនោះ មុខជំនួញ​ខាង​តេឡេក្រាហ្វ​ត្រូវ​បានគ្រប់គ្រង​ផ្តាច់មុខ ដោយ​ក្រុមហ៊ុន​​វេសធើន​យូញៀន (Western Union) ហើយ​ដោយសារ​តែ​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ទីផ្សារ​​ផ្តាច់មុខ​គ្មាន​គូប្រជែងបែបនេះ ក្រុមហ៊ុន​វេសធើន​យូញៀន​​អាច​ធ្វើការ​កំណត់​តម្លៃ​តាមតែ​អំពើចិត្ត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការ​បញ្ជូនតេឡេក្រាម​មាន​កម្រិតខ្ពស់។

ហេតុដូច្នេះហើយ​បានជា​លោក ហ្កាឌីន័រ ​ហាប់បាដ​ និង​លោក​ ថូម៉ាស់ ស៊ែនឌ័រ បាន​ចាប់ផ្តើម​សហការជាមួយ​នឹង​អាឡិចសាន់ឌ័រ ហ្ក្រាហាំ ប៊ែល ដោយ​ផ្តល់​លុយកាក់ និង​ទីតាំង​ ឲ្យ​ប៊ែល​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ពិសោធន៍ ដើម្បី​ធ្វើយ៉ាងណា​​​រកវិធី​កែលម្អ​ប្រព័ន្ធ​តេឡេក្រាហ្វ​ឲ្យ​បាន​ល្អ​ជា​ង និង​មាន​តម្លៃ​ថោក​​ជាង​បច្ចេកវិទ្យា​ដែល​ប្រើ​ដោយក្រុមហ៊ុន​វេសធើន​យូញៀន។

ចំណុច​សំខាន់​នៃ​ការ​ប្រកួតប្រជែងគ្នា​នៅ​ពេលនោះ គឺ​​ការស្វែងរក​វិធី​​ធ្វើ​យ៉ាងណា​​អាច​ផ្ញើ​តេឡេក្រាម​ឲ្យ​បាន​ច្រើន​ក្នុងពេលតែមួយ និង​នៅលើ​ខ្សែតែមួយ។ មកទល់នឹងពេលនោះ ក្រុមហ៊ុន​វេសធើន​យូញៀន​មាន​បច្ចេកវិទ្យា​ដែល​អាច​ផ្ញើ​តេឡេក្រាម​បានដល់​ទៅបួន​រួចទៅហើយ​ក្នុងពេល​តែមួយ ដោយ​ប្រើ​បច្ចេកវិទ្យា​របស់​ថូម៉ាស់ អេឌីសុន។ ដូច្នេះ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​វេសធើន​យូញៀន​បាន គេ​ចាំបាច់​ត្រូវ​តែ​រក​វិធី​ធ្វើ​យ៉ាងណា​អាច​ផ្ញើ​សារ​ឲ្យ​​បាន​លើសពីបួន​ក្នុង​ពេល​តែមួយ។ នេះ​ហើយ​គឺ​ជា​ប្រធានបទ​ចម្បងបំផុត​នៃ​ការ​សិក្សាស្រាវជ្រាវ​របស់​អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល។

ក៏ប៉ុន្តែ នៅ​ក្នុង​ការ​សិក្សា និង​ពិសោធន៍​លើ​ប្រព័ន្ធ​ផ្ញើ​សារ​តាម​តេឡេក្រាហ្វ​នេះ ប៊ែល​បាន​បែកគំនិត​ទៅ​ចាប់អារម្មណ៍​លើ​ប្រធានបទ​ថ្មីមួយទៀត គឺ​បង្វែរ​បច្ចេកវិទ្យា​តេឡេក្រាហ្វ ដែល​គិត​​មក​ទល់​នឹង​ត្រឹមពេលនោះ អាច​ផ្ញើ​សារ​បាន​ត្រឹមតែ​ជា​អក្សរ ទៅជា​ប្រព័ន្ធ​ដែល​អាច​ផ្ញើ​សារ​ជា​សំឡេង​ គឺ​ទូរស័ព្ទ ដែល​អាច​ឲ្យ​គេ​និយាយ​ឆ្លើយឆ្លងគ្នា​ដោយ​ផ្ទាល់បាន។

ប៊ែល​បាន​ចំណាយ​ពេល​យ៉ាងច្រើន​​សិក្សា​និង​ពិសោធន៍​ទៅលើ​ប្រព័ន្ធ​ផ្ញើ​សារជា​សំឡេង​នេះ ក៏ប៉ុន្តែ ក្រុម​អ្នក​វិនិយោគ ដែល​ដឹកនាំ​ដោយ​លោក​ ហ្កាឌីន័រ ហាប់បាដ មិនមាន​ទំនុកចិត្ត​ទៅលើ​បច្ចេកវិទ្យា​ថ្មីនេះ ក៏​បាន​ទាមទារ​ឲ្យ​ប៊ែល​ផ្តោត​ការ​សិក្សា​តែ​ទៅលើ​ប្រព័ន្ធ​តេឡេក្រាហ្វ ដែល​នៅ​ពេល​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​បច្ចេកវិទ្យា​ដែល​​គេ​អាច​យក​ទៅ​ប្រើប្រាស់​ជាក់ស្តែង និង​អាច​ឲ្យ​គេ​រក​ប្រាក់ចំណេញ​បាន។

នៅ​ទីបំផុត លោក​ហាប់បាដ និង​ប៊ែល បាន​រកឃើញ​នូវ​ដំណោះស្រាយ​កណ្តាល​មួយ គឺ​ប៊ែល​អាច​​ចំណាយពេល​ខ្លះ ធ្វើការ​សិក្សា​​និង​ពិសោធន៍​​អំពី​ការ​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​បាន​ទៅតាម​ចំណង់ចំណូលចិត្ត​របស់​លោក ក៏ប៉ុន្តែ ត្រូវ​ចំណាយ​ពេល​ភាគច្រើន ផ្តោត​អាទិភាព​ទៅលើ​ការ​សិក្សា​អំពី​ប្រព័ន្ធ​តេឡេក្រាហ្វ ដែល​ជា​គោលដៅ​របស់​អ្នក​វិនិយោគ។

ការសិក្សា និង​ពិសោធន៍​របស់​ប៊ែល គឺ​ពិត​ជា​ទទួល​បាន​លទ្ធផល​ស្រប​ទៅតាម​ការ​ចង់​បាន​របស់​អ្នក​វិនិយោគ​មែន ដោយ​ប៊ែល​បាន​រកឃើញ​វិធី​បញ្ជូន​តេឡេក្រាម​​រហូតដល់​ទៅ ១០ ក្នុងពេល​តែមួយ​ និង​នៅលើ​ខ្សែតែមួយ ពោលគឺ កើនលើស​ពី​បច្ចេកវិទ្យា​របស់​ថូម៉ាស់ អេឌីសុន និង​ក្រុមហ៊ុន​វេសធើន​យូញៀន កាល​ពីមុន​ ដែល​បញ្ជូន​សារ​បានតែបួន​ក្នុង​ពេល​តែមួយ។

ក្នុងពេល​ជាមួយគ្នា ប៊ែល​ក៏​អាច​សម្រេច​បាន​តាម​បំណង​របស់​​ខ្លួនឯងផងដែរ ដោយ​លោក​បាន​រកឃើញ​វិធី​បញ្ជូន​សំឡេង​តាម​ប្រព័ន្ធ​តេឡេក្រាហ្វ ហើយ​បង្កើត​ទៅជា​​ប្រព័ន្ធ​ទូរស័ព្ទ ព្រមទាំង​អាច​ចុះ​បញ្ជីប្រកាសនីយបត្រ​តកក្កម្ម​ជា​ម្ចាស់​ស្នាដៃ នៅ​ឆ្នាំ១៨៧៦។ មួយឆ្នាំក្រោយ​មក​ទៀត អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល រួមជាមួយ​នឹង ហ្កាឌីន័រ ហាប់បាដ និង​ ថូម៉ាស់ ស៊ែន ក៏​បាន​រួមដៃគ្នា​បង្កើត​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ថ្មី​មួយ​ផ្ទាល់​ខ្លួនឯង ដោយ​ដាក់​ឈ្មោះ​ថា Bell Telephone Company។

ក្រុមហ៊ុន Bell Telephone Company នេះហើយ ដែល​ជា​ប្រភពដើម​របស់​ក្រុមហ៊ុន American Telephone & Telegraph ហៅកាត់ថា AT&T ដែល​នៅ​បន្ត​មាន​ដំណើរការ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន នៅ​សហរដ្ឋ​អាមេរិក ហើយ​​ត្រូវបាន​គេ​ចាត់ទុក​ថា​​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​ជាងបង្អស់​នៅលើ​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ