ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT

អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ​និង​ការបង្កើត​ប្រព័ន្ធទូរស័ព្ទ

អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ​និង​ការបង្កើត​ប្រព័ន្ធទូរស័ព្ទ
 
តែមប្រិ៍​ប្រៃសណីយ៍ ដែល​បង្ហាញ​ពី​គំនូសបំព្រួញ​នៃ​ប្រព័ន្ធ​ទូរស័ព្ទ​ដើម​ដំបូង​បង្កើត​ឡើង​ដោយ​លោក​ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (Alexander Graham Bell) US Post Office/Public Domain

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​​របស់​​លោក​ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (Alexander Graham Bell) តទៅទៀត ដោយ​សូម​លើកឡើង​ អំពី​ស្នាដៃ​ដ៏​សំខាន់​របស់​លោក គឺ​ការ​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ។

គិត​មកទល់​នឹង​សម័យកាល​​របស់​ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល មនុស្ស​យើង​អាច​បញ្ជូន​សារ​ពី​កន្លែងមួយទៅកន្លែងមួយ​ទៀត តាមរយៈ​មធ្យោបាយ​សំខាន់ៗ​ចំនួន​ពីរ។

មធ្យោបាយ​ទីមួយ គឺ​ការ​បញ្ជូន​សារ​​ដោយ​ផ្ទាល់​តាមរយៈ​អ្នកនាំសារ ឬ​ប្រៃសណីយ៍ ដែល​ជា​មធ្យោបាយ​បញ្ជូន​សារ​មួយ​ ​មាន​ល្បឿន​យឺត និង​មិនសូវ​មាន​ប្រសិទ្ធភាព​ សម្រាប់​រយៈចម្ងាយ​ឆ្ងាយ។

មធ្យោបាយទីពីរ គឺ​ការ​បញ្ជូនសារ​តាម​ប្រព័ន្ធតេឡេក្រាហ្វ (តេឡេក្រាម)។ បើធៀប​នឹង​ការ​បញ្ជូន​សារ​តាម​ប្រៃសណីយ៍ តេឡេក្រាហ្វ គឺ​ជា​ប្រព័ន្ធ​បញ្ជូន​សារ​មួយ ដែល​មាន​ល្បឿនលឿន និង​មាន​ប្រសិទ្ធភាព​ក្នុង​រយៈចម្ងាយ​ឆ្ងាយ ក៏ប៉ុន្តែ វា​មាន​តម្លៃ​ថ្លៃ ដោយសារ​តែ​​ពីដំបូងឡើយ នៅលើ​ខ្សែតេឡេក្រាហ្វមួយ​ គេ​អាច​បញ្ជូន​សារ​ម្តងបានតែ​មួយ​ប៉ុណ្ណោះ។ ក្រោយ​មក តាមរយៈ​ការ​សិក្សា និង​ពិសោធន៍​របស់​អ្នក​ជំនាញ រួមមាន​ដូចជា ថូម៉ាស់ អេឌីសុន និង​អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ជាដើម គេ​អាច​រកវិធី​បញ្ជូន​តេឡេក្រាម​បាន​រហូតដល់​ទៅ ២ បន្ទាប់មក ៤ ហើយ​ក្រោយមក​រហូត​ដល់​ទៅ ១០ ក្នុងពេល​តែមួយ។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះក៏ដោយ ​ប៊ែល​នៅតែ​យល់ថា ការផ្ញើសារ​តាម​ប្រព័ន្ធ​តេឡេក្រាហ្វនេះ ក៏​នៅតែ​មិនសូវ​ជា​មាន​ប្រសិទ្ធភាពនោះដែរ ដោយសារ​តែ​វាមាន​ដំណាក់កាល​ស្មុគស្មាញ​ច្រើន។ ដំបូង គេ​ត្រូវ​​យកសារ​ដែល​ត្រូវ​ផ្ញើ​យក​ទៅ​បំប្លែង​ជា​កូតតេឡេក្រាហ្វ​ជាមុនសិន គឺ​កូត​ដែល​មានទ្រង់ទ្រាយ​ជា​បណ្តុំ​នៃ​ចំណុច​និង​ឆ្នូត (dot and dash) ទើប​អាច​ផ្ញើ​ចេញ​ទៅបាន។ នៅ​ឯ​ចុងខ្សែម្ខាងទៀត សារ​ដែល​គេ​ទទួលបាន ក៏​ជា​សុទ្ធតែ​ជា​ចំណុច​និង​ឆ្នូត​នេះដែរ ដែល​គេ​ចាំបាច់​ត្រូវតែ​យក​ទៅ​បំប្លែង​ឲ្យ​ទៅ​ជា​សារអក្សរ​ឡើងវិញ ទើប​អាច​មើល​យល់។

ហេតុដូច្នេះហើយ​បាន​ជា នៅ​ក្នុង​ពេល​សិក្សា​ទៅលើ​ប្រព័ន្ធ​តេឡេក្រាហ្វ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ផ្តោតអារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​សំណួរ​មួយ​ថា ចុះបើ​គេ​អាច​បញ្ជូន​សារ​ជា​សំឡេង ហើយ​អាច​និយាយ​ឆ្លើយឆ្លងគ្នា​ដោយ​ផ្ទាល់បាន? ប៊ែល ដែល​ជា​អ្នក​មាន​ជំនាញ​ខាង​ប្រព័ន្ធតេឡេក្រាហ្វផង ហើយ​​ជា​អ្នក​មាន​ចំណេះដឹង​ច្រើន​ខាង​ភាសា​និង​ការបញ្ចេញសំឡេង​របស់​មនុស្ស​ផងនោះ ក៏​ចេះតែ​គិត​ថា គេ​គួរ​តែ​អាច​រកវិធី​កែច្នៃ​ខ្សែតេឡេក្រាហ្វ​​ពី​ការ​បញ្ជូន​សារ​ជា​ចំណុច​និង​ឆ្នូត ទៅ​ជា​ការ​បញ្ជូន​សំឡេង​មនុស្ស​ដោយ​ផ្ទាល់​បាន។

នៅ​ក្នុងអំឡុង​ពេលនោះ ប៊ែល​​ប្រកប​មុខរបរ​ជា​គ្រូបង្រៀន​ភាសា​ដល់​អ្នកថ្លង់​ត្រចៀក​ផង និង​ទទួល​ការងារ​ពី​អ្នក​វិនិយោគ​ដើម្បី​សិក្សា​រកវិធី​កែលម្អ​ប្រព័ន្ធ​តេឡេក្រាហ្វផង ក៏ប៉ុន្តែ ប៊ែល​នៅតែ​ឆ្លៀត​យក​ពេល​ដែល​សល់​ពីនេះ ជាពិសេស​ពេលយប់ យក​ទៅ​ធ្វើ​ពិសោធន៍ ដើម្បី​រកវិធី​បញ្ជូន​សារ​ជា​សំឡេង។

អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ដែល​មាន​ជីតា និង​ឪពុក បូករួម​ទាំង​ខ្លួនឯង ជា​គ្រូបង្រៀន​ភាសា​​និង​ការ​បញ្ចេញ​សំឡេង​ដល់​អ្នកថ្លង់ត្រចៀក មាន​ការ​យល់ដឹង​ច្រើន​ពី​​សំឡេង​របស់​មនុស្ស។ ប៊ែល​ដឹង​ថា សំឡេង​ចេញ​ពី​ពាក្យ​សម្តី​ដែល​យើង​និយាយ គឺ​វា​មាន​ឥទ្ធិពល​បង្កើត​ទៅ​ជា​រំញ័រ​នៅ​ក្នុង​បរិយាកាស ដែល​គេ​ហៅ​ថា រលកនៃ​សំឡេង (sound waves/ondes sonore) ហើយ​រំញ័រ​នេះ​មាន​លក្ខណៈ​ពិសេស​ខុសៗគ្នា​អាស្រ័យ​ទៅលើ​សំឡេង​ដែល​ចេញ​ពី​ពាក្យ​នីមួយៗ។ ដូច្នេះ ប្រសិនបើ​គេ​អាច​រកវិធី​បង្កើត​ឧបករណ៍​ ដែល​អាច​ចាប់​​​រំញ័រ​របស់​សំឡេង បំប្លែង​ទៅ​ជា​សញ្ញា​អេឡិចត្រូ​ម៉ាញេទិច បញ្ជូន​តាម​ខ្សែ​តេឡេក្រាហ្វ ហើយ​នៅ​ចុង​ម្ខាងទៀត​ បំប្លែង​សញ្ញា​អេឡិចត្រូម៉ាញេទិច​នេះ​ឲ្យ​ទៅ​ជា​រំញ័រ​នៃ​សំឡេងឡើងវិញ គេ​ប្រាកដ​ជា​នឹង​អាច​បង្កើត​ជា​ខ្សែទូរស័ព្ទ ដើម្បី​អាច​និយាយ​ឆ្លើយឆ្លង​គ្នា​ដោ​យ​ផ្ទាល់​បាន។

នេះ​ហើយ​ជា​ចំណុច​គន្លឹះ ដែល​ប៊ែល​ចំណាយ​ពេល​សិក្សា​និង​ពិសោធន៍ ជាមួយ​នឹង​ជំនួយការ​របស់​លោក ដែល​មាន​ឈ្មោះ​ថា ថូម៉ាស់ វ៉ាត់សុន (Thomas Watson)។

នៅ​ដើម​ឆ្នាំ១៨៧៦ ប៊ែល​បាន​ធ្វើ​ពិសោធន៍​ប្រកប​ដោយ​ជោគជ័យ ក្នុងការ​បញ្ជូន​សំឡេង​​តាម​ខ្សែតេឡេក្រាហ្វ ក៏ប៉ុន្តែ នៅ​មិនទាន់​អាច​បង្កើត​ជា​ខ្សែ​ទូរស័ព្ទ​បាន​នៅឡើយទេ ដោយសារ​តែ​នៅ​ពេល​នោះ សំឡេង​ដែល​គេ​ទទួល​បាន​នៅ​ចុងខ្សែម្ខាងទៀត មិនទាន់​អាច​ឲ្យ​គេ​ស្តាប់​ឮ​​ច្បាស់ ហើយ​បែងចែក​ពាក្យអ្វី​ជាពាក្យ​អ្វី​ពិតប្រាកដ ដែល​អាច​ឲ្យ​គេ​និយាយ​ស្តាប់គ្នា​​យល់​​បាន​នៅឡើយនោះទេ។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ប៊ែល​​បាន​ប្រញាប់ប្រញាល់​យក​អ្វី​ដែល​លោក​បាន​រកឃើញ ទៅ​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​តក្កកម្ម ដើម្បី​សុំ​ការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ថា​ជា​ស្នាដៃ​របស់​លោក ពីព្រោះ​ថា នៅ​ក្នុង​អំឡុង​ពេល​ជាមួយគ្នា​នោះ ក្រៅ​ពី​ប៊ែល នៅ​មាន​អ្នក​ផ្សេងទៀត ​ដែលក៏​​កំពុង​ធ្វើការ​សិក្សា​និង​ពិសោធន៍​រកវិធី​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​ដែរ ហើយ​ក្នុង​ចំណោម​នោះ មាន​ម្នាក់​ដែល​ធ្វើ​ពិសោធន៍​បាន​ជឿនលឿន​ទៅមុខ​យ៉ាង​ខ្លាំង​ដែរ គឺ​វិស្វករ​ខាង​អគ្គិសនី​ ឈ្មោះ​ថា អេលីស្ហា ហ្គ្រេយ៍ (Elisha Gray)។

តាមការពិត អេលីស្ហា ហ្គ្រេយ៍ ក៏​បាន​រកឃើញ​វិធី​បញ្ជូន​សំឡេង​តាម​ខ្សែតេឡេក្រាហ្វ នៅ​ក្នុង​ពេល​ប្រហាក់ប្រហែល​ជាមួយ​នឹង​អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល​ដែរ ក៏ប៉ុន្តែ អាជ្ញាធរ​អាមេរិក​បាន​ផ្តល់​ប្រកាសនីយបត្រ​តក្កកម្ម (ប៉ាតង់) ទៅ​ឲ្យ​ប៊ែល ដោយ​លើក​ហេតុផល​ថា ប៊ែល​គឺ​ជា​អ្នក​បាន​មក​ចុះ​ឈ្មោះ​ដាក់ពាក្យសុំ​មុន​ គឺ​ប៊ែល​ទៅ​​ដាក់ពាក្យ​នៅ​ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ១៨៧៦ ចំណែក​ហ្គ្រេយ៍​វិញ ទៅ​ដាក់ពាក្យពាក្យ​នៅថ្ងៃ​ជាមួយគ្នា​នោះដែរ តែ​​​ប៉ុន្មានម៉ោង​​ក្រោយ​ប៊ែល។

រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ននេះ ថ្វីដ្បិត​តែ​ភាពចម្រូងចម្រាស​នៅ​តែ​បន្ត​កើតមាន​ខ្លះៗ ក៏ប៉ុន្តែ ជាទូទៅ គេ​នាំគ្នា​កំណត់​ថា ប៊ែល និង​ហ្គ្រេយ៍ សុទ្ធតែ​ជា​អ្នក​បាន​រកឃើញ​វិធី​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​ តាមរយៈ​ការ​សិក្សានិង​ពិសោធន៍​ដាច់ដោយឡែក​ពីគ្នា ដោយ​គ្មាន​អ្នកណា​លួច​ចម្លង​អ្នកណា​នោះទេ ក៏ប៉ុន្តែ ប៊ែល​ជាប់ឈ្មោះ​ជា​អ្នក​បង្កើត​ទូរស័ព្ទ គឺ​ដោយសារ​តែ​ប៊ែល​​ជា​អ្នក​ទទួល​បាន​ប្រកាសនីយបត្រ​តកក្កកម្ម​ពី​អាជ្ញាធរ​អាមេរិក។

នៅ​ខែ​មីនា​ ឆ្នាំ១៨៧៦ ក្រោយ​ពី​ទទួល​បាន​ប្រកាសនីយបត្រ​តក្កកម្ម​ពី​អាជ្ញាធរ​​រួចហើយ ទើប​ប៊ែល​​អាច​រកវិធី​ផលិត​ខ្សែ​ទូរស័ព្ទ ដែល​អាច​និយាយ​គ្នា​យល់​បាន រួចហើយ​យក​ទៅ​ដាក់​តាំង​បង្ហាញ​ឲ្យ​សាធារណជន​បាន​ឃើញ និង​សាកល្បង នៅ​ខែ​មិថុនា​ឆ្នាំ​ដដែល​នោះ នៅ​ក្នុង​ពិព័រណ៍​រំឭកខួប​១០០ឆ្នាំ​នៃ​ការ​កកើត​សហរដ្ឋ​អាមេរិក។

ចាប់ពីពេលនោះ​ហើយ ដែល​ស្នាដៃ​ និង​កេរ្តិ៍ឈ្មោះ​របស់​ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ចាប់ផ្តើម​ល្បី​រន្ទឺ ក៏ប៉ុន្តែ នៅ​ពេល​ដែល​ប៊ែល​យក​បច្ចេកវិទ្យា​ទូរស័ព្ទ​នេះ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​វេសធើន​យូញៀន​យក​ទៅ​ធ្វើ​អាជីវកម្ម វេសធើន​យូញៀន​បដិសេធ​មិន​ព្រមទិញ។ ប៊ែល​ក៏​បាន​សម្រេច​​យក​បច្ចេកវិទ្យា​នេះ​ទៅ​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួនឯង ដោយ​បាន​​រួមដៃ​គ្នា​​ជាមួយ​នឹង​អ្នក​វិនិយោគ​ពីរ​នាក់ទៀត គឺ​លោក ហ្កាឌីន័រ ​ហាប់បាដ​ (Gardiner Greene Hubbard) និង​លោក​ ថូម៉ាស់ ស៊ែនឌ័រ (Thomas Sanders) បង្កើត​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​មួយឡើង នៅ​ឆ្នាំ១៨៧៧ ដោយ​ដាក់​ឈ្មោះ​ថា Bell Telephone Company។

ប៉ុន្មានថ្ងៃ​ក្រោយ​ការ​បង្កើត​ក្រុមហ៊ុន​នេះ ប៊ែល​បាន​រៀបការ​ជាមួយ​ ម៉ាប៊ែល ហាប់បាដ (Mabel Hubbard) ដែល​ជា​អតីត​កូនសិស្ស និង​ត្រូវ​​ជា​កូនស្រី​របស់​លោក ហ្កាឌីន័រ ហាប់បាដ។ ហើយ​​ក្រោយៗ​មក​ទៀត ប៊ែល​បាន​បន្ត​ធ្វើការ​សិក្សា​និង​ពិសោធន៍​ទៅលើ​បច្ចេកវិទ្យា​ជាច្រើន​ផ្សេងទៀត ជាពិសេស គឺ​ការ​បង្កើត​​អូឌីយ៉ូម៉ែត្រ (audiometer/audiomètre) គឺ​ឧបករណ៍​​ដើម្បី​វាស់​​ត្រចៀក​ក្នុងការ​ស្តាប់សំឡេង។ ហេតុដូច្នេះហើយ​បាន​ជា​ឈ្មោះ​របស់​ប៊ែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ ដើម្បី​ធ្វើ​ជា​រង្វាស់​នៃ​ភាពខ្លាំង​ឬ​ខ្សោយ​នៃ​សំឡេង គឺ ដេស៊ីប៊ែល (décibel អក្សរកាត់​ថា dB)។

អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ទទួល​មរណភាព​ដោយ​ជំងឺ នៅ​ថ្ងៃទី២ ខែ​សីហា ឆ្នាំ១៩២២ ក្នុងវ័យ ៧៥ឆ្នាំ។ នៅថ្ងៃ​បញ្ចុះសព​របស់លោក​ សេវាកម្ម​ទូរស័ព្ទ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ទាំងមូល ​ត្រូវ​បាន​គេ​ផ្អាក​ដំណើរការ​រយៈពេល ១នាទី ដើម្បី​ជា​ការ​គោរព​វិញ្ញានក្ខន្ធ​ដល់​​​​ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ដែល​នៅ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ក្រោយៗ​មក​ទៀត ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ចារឈ្មោះ​ថា​ជា​អ្នក​​បង្កើត​​ទូរស័ព្ទ បន្សល់​ទុក​នូវ​បច្ចេកវិទ្យា​ដែល​យើង​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ៕

  • អាឡាន់ ធួរីង និង​ទ្រឹស្តី​វិទ្យាសាស្រ្តកុំព្យូទ័រ

    អាឡាន់ ធួរីង និង​ទ្រឹស្តី​វិទ្យាសាស្រ្តកុំព្យូទ័រ

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​ អាឡាន ធួរីង (Alan Turing) តទៅទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​របស់​លោក​ទាក់ទង​នឹង​ទ្រឹស្តី​នៃ​វិទ្យាសាស្រ្ត​កុំ​ព្យូទ័រ។

  • អាឡាន់ ធួរីង ​(១៩១២-១៩៥៤)

    អាឡាន់ ធួរីង ​(១៩១២-១៩៥៤)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​អ្នកប្រាជ្ញ​ដ៏​ឆ្នើម​មួយរូប ដែល​មិនសូវ​ជា​ត្រូវ​គេ​ស្គាល់​ជាទូទៅ ក៏ប៉ុន្តែ …

  • អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (១៨៤៧-១៩២២)

    អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (១៨៤៧-១៩២២)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​​ឥស្សរជន​ដ៏ល្បីឈ្មោះ​​មួយ​រូបទៀត ដែល​ជា​អ្នក​បាន​រកឃើញ​គំនិត​បង្កើត​ទូរស័ព្ទ​ដំបូងគេ …

  • នីកូឡា តេសឡា ​និង​ប្រព័ន្ធ​បញ្ជូនសារ​ឥតខ្សែ (Wireless)

    នីកូឡា តេសឡា ​និង​ប្រព័ន្ធ​បញ្ជូនសារ​ឥតខ្សែ (Wireless)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់ នីកូឡា តេសឡា (Nikolas Tesla) ជា​បន្ត​ទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​​ដ៏​សំខាន់​មួយ​ទៀត​​របស់​លោក​ …

  • នីកូឡា តេសឡា ​និងចរន្តឆ្លាស់ (AC)

    នីកូឡា តេសឡា ​និងចរន្តឆ្លាស់ (AC)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់ នីកូឡា តេសឡា (Nikolas Tesla) ជា​បន្ត​ទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​ដ៏​​សំខាន់ …

  • នីកូឡា តេសឡា (១៨៥៦-១៩៤៣)

    នីកូឡា តេសឡា (១៨៥៦-១៩៤៣)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​​ឥស្សរជន​ដ៏ល្បីឈ្មោះ​​មួយ​រូបទៀត ដែល​បាន​ដើរតួនាទី​ដ៏សំខាន់ នៅ​ក្នុង​ការរកឃើញ​គំនិត​ថ្មីៗ​ជាច្រើន​​ទាក់ទង​នឹង​​ថាមពល​អគ្គិសនី …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ