ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT

ម៉ៃឃើល ហ្វារ៉ាដេ ​និង​ស្នាដៃ​សំខាន់ៗ​ខាង​អគ្គិសនី

ម៉ៃឃើល ហ្វារ៉ាដេ ​និង​ស្នាដៃ​សំខាន់ៗ​ខាង​អគ្គិសនី
 
រូបគំនូរ​បង្ហាញ​ពី​លោក ម៉ៃឃើល ហ្វារ៉ាដេ (Michael Faraday) Public Domaine

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​ ​អំពី​ប្រវត្តិ​​របស់​​លោក​ម៉ៃឃើល ហ្វារ៉ាដេ (Michael Faraday)​ ជា​បន្តទៀត ដោយ​សូមលើក​ឡើង អំពី​ស្នាដៃ​សំខាន់ៗ​របស់​លោក​ខាង​ផ្នែក​អគ្គិសនី។

គិតមកទល់នឹង​ដើមសតវត្សរ៍​ទី១៩ មនុស្សជាតិយើង​ ថ្វីដ្បិត​តែ​មាន​ការ​យល់ដឹងខ្លះៗ​អំពី​អគ្គិសនី ក៏ប៉ុន្តែ នៅមិនទាន់​អាច​ទាញ​យក​ថាមពល​អគ្គិសនី​មក​ប្រើប្រាស់​ នៅ​ក្នុង​ជីវិត​រស់នៅ​ជា​ប្រចាំថ្ងៃ​បាន​នៅឡើយនោះទេ។ អគ្គិសនី​នៅត្រឹមតែ​ជា​ប្រធានបទ​នៃ​ការ​សិក្សាស្រាវជ្រាវ ការធ្វើ​ពិសោធន៍ ឬ​ប្រើប្រាស់​ក្នុង​ទស្សនិយភាព​ជា​ការកម្សាន្ត​តែ​ប៉ុណ្ណោះ។

នៅ​ឆ្នាំ១៨២០ អ្នកវិទ្យាសាស្រ្ត​នៅ​អឺរ៉ុប​កំពុង​នាំគ្នា​ចាប់អារម្មណ៍​ទៅលើ​បាតុភូតមួយ គឺ​ទំនាក់ទំនង រវាង​អគ្គិសនី និង​ម៉ាញេទិក។ នៅពេលនោះ អ្នកវិទ្យាសាស្រ្ត​ដាណឺម៉ាក ឈ្មោះ ​ហានស៍ គ្រីស្ទីយ៉ាន អឺស្ទែត (Hans Christian Ørsted) បាន​​សង្កេតឃើញ​ថា ប្រសិនបើ​គេ​យក​ខ្សែភ្លើង​ដែល​ភ្ជាប់​ចរន្តអគ្គិសនី​ទៅដាក់​ក្បែរ​ត្រីវិស័យ វាធ្វើ​ឲ្យ​ទ្រនិចត្រីវិស័យ​មាន​ចលនា ហើយ​គេដឹង​ថា ទ្រនិចត្រីវិស័យ​គឺ​ជា​ម៉ាញេទិក។ ​ហានស៍ គ្រីស្ទីយ៉ាន អឺស្ទែត ក៏​បាន​ទាញ​សេចក្តីសន្និដ្ឋាន​ថា អគ្គិសនី និង​ម៉ាញេទិក គឺ​មាន​ទំនាក់ទំនង​នឹងគ្នា ពោលគឺ លំហូរ​នៃ​ចរន្តអគ្គិសនី​​បង្កើត​ឲ្យ​មាន​ជា​កម្លាំង​ម៉ាញេទិក​នៅ​ជុំវិញ​ខ្សែភ្លើង​ដែល​ចរន្តអគ្គិសនី​ឆ្លងកាត់។

លទ្ធផល​នៃ​ការ​សិក្សា​របស់​ ​ហានស៍ គ្រីស្ទីយ៉ាន អឺស្ទែត បាន​ទាក់ទាញ​នូវ​ចំណាប់​អារម្មណ៍​របស់​អ្នក​វិទ្យាសាស្រ្ត​ នៅ​ទូទាំង​តំបន់​អឺរ៉ុប​ទាំងមូល នៅ​សម័យកាលនោះ។ អ្នក​ប្រាជ្ញ​បារាំង អង់ដ្រេម៉ារី អំពែរ បាន​​​សិក្សា​លម្អិត រហូត​ក្រោយ​មក ​បង្កើត​បាន​​នូវ​ទ្រឹស្តីបទ​ស្តីពី​ទំនាក់ទំនង រវាង​អគ្គិសនី និង​ម៉ាញេទិក។ នៅ​អង់គ្លេស បណ្តា​អ្នក​វិទ្យាសាស្រ្ត ដែល​ក្នុងនោះ​រួមមាន​ទាំង​លោក​ហាំហ្វ្រី ដេវី ដែល​ជា​ចៅហ្វាយ​របស់​ហ្វារ៉ាដេ​ផង ក៏​បាន​នាំគ្នា​ស្វះស្វែង​ធ្វើការ​សិក្សា និង​ពិសោធន៍​​​ អំពី​ទំនាក់ទំនង រវាង​អគ្គិសនី និង​ម៉ាញេទិក​នេះ​ដែរ ក៏ប៉ុន្តែ មិន​បាន​លទ្ធផល​អ្វី​ទាំងអស់។ ម៉ៃឃើល ហ្វារ៉ាដេ​វិញ ដែល​ធ្លាប់​បាន​ជួយ​រៀបចំ​ការពិសោធន៍​ឲ្យ​លោក​ហាំហ្វ្រី ដេវី ក៏​បាន​បែក​គំនិត​រៀបចំ​ធ្វើការ​ពិសោធន៍ដោយ​ខ្លួនឯង នៅ​ឆ្នាំ១៨២១។

នៅ​ក្នុងការ​ពិសោធន៍​នេះ ហ្វារ៉ាដេ​បាន​យក​កែវមួយ ដែល​នៅ​ក្នុងនោះ​មាន​​ផ្ទុក​សារធាតុ​បារ៉ត ហើយ​មាន​បង្គោល​ម៉ាញេទិក (ដែកឆក់) បញ្ឈរ​នៅ​ចំកណ្តាល។ នៅពីលើ​ ហ្វារ៉ាដេ​ចងព្យួរ​ខ្សែភ្លើង​ ដោយ​ចុងម្ខាង​សំយ៉ុងចុះ​ទៅក្នុង​បារ៉ត​ក្នុងកែវ ហើយ​ចុងម្ខាងទៀត​តភ្ជាប់​ទៅនឹង​ថ្មពិល។ អ្វីដែល​ហ្វារ៉ាដេ​សង្កេតឃើញ​នៅពេលនោះ គឺ​នៅពេល​ភ្ជាប់​​ចរន្តអគ្គិសនី ចុងម្ខាង​នៃ​ខ្សែភ្លើងដែល​នៅ​ក្នុងកែវ ​មាន​ចលនា​ជា​រង្វង់​វិលជុំវិញ​បង្គោល​ម៉ាញេទិក។ នៅពេលនោះ ម៉ៃឃើល ហ្វារ៉ាដេ ទើប​នឹង​បាន​រកឃើញ​នូវ​គោលការណ៍​ដ៏សំខាន់​មួយ នៅ​ក្នុង​ប្រវត្តិ​នៃ​ថាមពល​អគ្គិសនី គឺ​ការ​ប្រើ​ម៉ាញេទិក ដើម្បី​បំប្លែង​ថាមពល​អគ្គិសនី​ឲ្យ​ទៅ​ជាថាមពល​​ម៉េកានិក ហើយ​បង្កើត​ទៅជា​ម៉ូទ័រអគ្គិសនី​​លើកដំបូង​បង្អស់​​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។

គំនូរបង្ហាញ​ពី​ការធ្វើ​ពិសោធន៍​របស់​ម៉ៃឃើល ហ្វារ៉ាដេ ដែល​នាំទៅដល់​ការ​រកឃើញ​ម៉ូទ័រអគ្គិសនី Public Domaine

ក្រោយ​ពី​បាន​ធ្វើ​ពិសោធន៍​​រកឃើញ​ម៉ូទ័រអគ្គិសនី​ នៅ​ឆ្នាំ១៨២១ ម៉ៃឃើល ហ្វារ៉ាដេ ដែល​កាល​ពីមុន​គ្រាន់តែ​ជា​អ្នក​ជំនួយការ​មន្ទីរពិសោធន៍​មួយ​រូបនោះ បាន​ក្លាយ​ទៅជា​អ្ន​កវិទ្យាសាស្រ្ត​ដ៏​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយរូប​នៅ​អង់គ្លេស។ នៅ​ឆ្នាំ១៨២៤ ហ្វារ៉ាដេ ក្នុងវ័យ ៣២ឆ្នាំ ហើយ​ដែល​មិន​ធ្លាប់​បាន​ចូល​សាលា​ស្រួលបួល​នឹងគេ​ផងនោះ ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ចូល​ជា​សមាជិក​រាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​អង់គ្លេស (Royal Society) ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​​ខាង​វិទ្យាសាស្រ្ត​ដ៏ល្បីល្បាញ​បំផុត​នៅ​អង់គ្លេស ក៏ដូចជា​នៅ​លើ​ពិភពលោក​ទាំងមូល។

ក៏ប៉ុន្តែ នៅ​ក្នុងពេល​ជាមួយគ្នា​នោះ អាជីព​ជា​អ្នក​វិទ្យាសាស្រ្ត​របស់​ហ្វារ៉ាដេ​ក៏​ត្រូវ​ជួប​នឹង​បញ្ហាដ៏ធំ​មួយ​​ផងដែរ។ លោក​ហាំហ្វ្រី ដេវី ដែល​ជា​ចៅហ្វាយ​របស់​ហ្វារ៉ាដេ មាន​ការ​ខឹងសម្បារ​យ៉ាងខ្លាំង ដែល​ហ្វារ៉ាដេ​បាន​​យក​លទ្ធផល​ពិសោធន៍ អំពី​ម៉ូទ័រអគ្គិសនី​ទៅ​ចុះផ្សាយ ដោយ​មិន​បាននិយាយ​​​ទាល់តែ​សោះ អំពី​​ការងារ​ដែល​លោក​បាន​ធ្វើ​ពីមុន​ ហើយ​ដែល​លោក​គិតថា​​ជា​មូលដ្ឋាន​នៃ​ការ​ពិសោធន៍​រ​បស់​ហ្វារ៉ាដេ។ ចាប់ពីពេលនោះ​មក លោក​ហាំហ្វ្រី ដេវី ក៏​បាន​ប្រគល់​ភារកិច្ច​ផ្សេងទៅ​ឲ្យ​ហ្វារ៉ាដេ ហើយ​ហ្វារ៉ាដេ​ក៏​លែង​មាន​ឱកាស​ធ្វើ​ការងារ​​​ខាង​​អគ្គិសនី និង​​ម៉ាញេទិក​ដូចពីពេលមុនទៀត។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ហ្វារ៉ាដេ​នៅតែ​បន្ត​ឆ្លៀតពេល​ដែល​ទំនេរ​ពី​ការងារ​ដែល​លោក​ហាំហ្វ្រី ដេវី​ឲ្យ​ធ្វើ ទៅ​បន្ត​ធ្វើការ​សិក្សា និង​ពិសោធន៍​ខាង​អេឡិចត្រូម៉ាញេទិក​តទៅទៀត ហើយ​ក្រោយ​ពី​​លោក​ហាំហ្វ្រី ដេវី ​ទទួល​មរណភាព នៅ​ឆ្នាំ១៨២៩ ហ្វារ៉ាដេ​​ក៏​កាន់តែ​អាច​ផ្តោត​​ការងារ​ពិសោធន៍​របស់​លោក​​ខាង​អេឡិចត្រូម៉ាញេទិក​នេះ​បាន​កាន់តែ​ច្រើន​ថែមទៀត។

នៅ​ឆ្នាំ១៨៣១ ការពិសោធន៍​របស់​ ម៉ៃឃើល ហ្វារ៉ាដេ បាន​ឈាន​ទៅដល់​ការ​រកឃើញ​​នូវ​គោលការណ៍​ដ៏រឹតតែ​សំខាន់​មួយ​ទៀត​ខាងអេឡិចត្រូម៉ាញេទិក ហើយ​ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ចំណុចរបត់​ដ៏សំខាន់​​បំផុត​នៃ​ចំណេះដឹង​របស់​មនុស្ស​ទៅលើ​ថាមពល​អគ្គិសនី។

នៅ​ក្នុងការ​ធ្វើ​ពិសោធន៍​នេះ ហ្វារ៉ាដេបាន​សង្កេតឃើញ​ថា នៅពេលដែល​គេ​យក​ដែកឆក់ (ម៉ាញេទិក) ទៅ​ដាក់​ឲ្យ​មាន​ចលនា​នៅ​ចំកណ្តាល​ខ្សែភ្លើង​ដែល​គេ​រុំ​ជា​រ៉ឺស័រ ចលនារបស់​ម៉ាញេទិក​​នេះ​បង្កើត​ឲ្យ​មាន​ជា​​ចរន្តអគ្គិសនី ហើយ​នៅពេល​ដែល​ម៉ាញេទិក​លែង​មាន​ចលនា​ចរន្តអគ្គិសនី​ក៏​លែងមាន​ទៅវិញ។ ហ្វារ៉ាដេ​ក៏​បាន​ទាញ​សេចក្តីសន្និដ្ឋាន​ថា ប្រសិនបើ​គេ​អាច​រកវិធី​ឲ្យ​ម៉ាញេទិក​នេះ​មាន​ចលនា​ជាប់​ជា​ប្រចាំ គេ​ក៏​អាច​បង្កើត​ឲ្យ​មាន​​ចរន្តអគ្គិសនី​ជាប់ជា​ប្រចាំ​ទៅតាម​នោះដែរ។

នៅពេលនោះ ម៉ៃឃើល ហ្វារ៉ាដេ ទើប​នឹង​បាន​រកឃើញ​យន្តការ​ថ្មីមួយ ដែល​បញ្ច្រាស​ពី​យន្តការ​​នៃ​ម៉ូទ័រ​អគ្គិសនី​ដែល​លោក​បាន​រកឃើញ កាល​ពី១០ឆ្នាំមុន។ នៅ​ក្នុង​ម៉ូទ័រអគ្គិសនី គឺ​ថាមពល​អគ្គិសនី​ដែល​បង្កើត​ទៅជា​ថាមពលមេកានិក ចំណែក​នៅ​ក្នុង​យន្តការ​ថ្មីនេះវិញ គឺ​ថាមពល​មេកានិក​ដែល​បង្កើត​ទៅជា​ថាមពល​អគ្គិសនី។ យន្តការ​ទីពីរនេះហើយ​ដែល​ជា​មូលដ្ឋានគ្រឹះ​នៅ​ក្នុង​ការ​ផលិត​ថាមពល​អគ្គិសនី​​ដែល​យើង​ប្រើប្រាស់​ជាទូទៅ​នៅ​ក្នុងពេល​បច្ចុប្បន្ន រាប់ចាប់តាំង​ពី​​ការ​ផលិត​ថាមពល​អគ្គិសនី​ដោយ​ម៉ាស៊ីនភ្លើង​តូចតាច រហូតទៅដល់​រោងចក្រ​ផលិតអគ្គិសនី​ដោយ​ដោយ​ធ្យូងថ្ម, រោងចក្រ​ផលិតអគ្គិសនី​ដោយ​ថាមពល​នុយក្លេអ៊ែរ, ទំនប់វារីអគ្គិសនី... ។ល។​ និង ។ល។

នៅក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់មកទៀត ហើយ​រហូតទៅដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​របស់​លោក ម៉ៃឃើល ហ្វារ៉ាដេ បាន​ផ្តោត​ការ​សិក្សា​របស់​លោក​ទៅលើ ទំនាក់ទំនង រវាង​អគ្គិសនី និង​ម៉ាញេទិក ហើយជាចុងក្រោយ ហ្វារ៉ាដេ បាន​ទាញ​នូវ​សេចក្តីសន្និដ្ឋាន​មួយ​ថា ​អគ្គិសនី និង​ម៉ាញេទិក មិនមែន​ជា​កម្លាំងពីរ​ដាច់ពីគ្នា ដែល​​គ្រាន់តែ​មាន​ទំនាក់ទំនង​នឹង​គ្នា​នោះទេ តែ​តាមការពិត អគ្គិសនី និង​ម៉ាញេទិក គឺ​ជា​កម្លាំង​តែមួយ គ្រាន់តែ​បង្ហាញ​ចេញ​ជា​ទម្រង់ខុសគ្នា​តែប៉ុណ្ណោះ។

ក៏ប៉ុន្តែ នៅពេលនោះ ហ្វារ៉ាដេ​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ដ៏ធំមួយ។ ហ្វារ៉ាដេ​អាច​ធ្វើការ​សង្កេត​តាម​រយៈការ​ធ្វើ​ពិសោធន៍ ហើយ​អាច​​​ទាញ​ចេញ​ជា​សេចក្តីសន្និដ្ឋាន​សម្រាប់ខ្លួនឯង។ ប៉ុន្តែ ចំណោទ​នៅត្រង់ថា តើ​ធ្វើ​ដូចម្តេច​អាច​យក​គំនិត​នេះ​ទៅ​បង្កើត​ជា​ទ្រឹស្តី​វិទ្យាសាស្រ្ត​ដ៏ពេញលេញមួយ​​ ដែល​អាច​ឲ្យ​គេ​ទទួល​យក​បាន? នៅ​ពេលនោះហើយ ដែល​ការ​មិនបាន​ចូល​រៀន​នៅ​សាលា​ត្រឹមត្រូវ​ក្លាយ​ជា​ចំណោទ​សម្រាប់​ហ្វារ៉ាដេ ពីព្រោះ​ លោក​​​មិនមាន​​ជំនាញ​ខាង​ទ្រឹស្តី និង​ខាង​គណិតវិទ្យា ដែល​អាចយក​គំនិត​របស់​លោក​ទៅ​បង្កើត​ជា​ទ្រឹស្តី ដែល​មាន​រូបមន្ត និង​សមីការ​ជា​សំអាង​​អាច​ឲ្យ​អ្ន​កវិទ្យាសាស្រ្ត​ទូទៅ​​ទទួល​យក​បាន។ គេ​ត្រូវ​រង់ចាំ​ជាច្រើន​ឆ្នាំ​ក្រោយ​មក​ទៀត ទើប​ចំណោទ​របស់​ហ្វារ៉ាដេ​អាច​មាន​ដំណោះស្រាយ។

នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៨៦១-១៨៦២ ​អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្រ្ត​ដ៏​ចំណាន​​មួយរូបទៀត​មក​ពី​ស្កុតឡែនដ៍ គឺ​លោក​ជេមស៍ឃ្លើក ម៉ាក់ស្វ៊ែល (James Clerk Maxwell) ដែលជា​អ្នក​​មាន​ជំនាញ​ខាង​គណិតវិទ្យា និង​ទ្រឹស្តី​រូបវិទ្យា បាន​យក​គំនិត​របស់​ហ្វារ៉ាដេ​ទៅ​​ធ្វើការ​សិក្សា​លម្អិត រហូត​បង្កើត​បាន​ទៅ​ជា​សមីការ ដែល​បញ្ជាក់​ពី​ភាពរួមគ្នា​នៃ​អគ្គិសនី និង​ម៉ាញេទិក​ជា​កម្លាំងតែមួយ ដែល​គេ​ឲ្យឈ្មោះ​ថា “អេឡិចត្រូម៉ាញេទិក”។

ម៉ាក់ស្វ៊ែល​ខ្លួនឯង​ផ្ទាល់ បាន​ទទួលស្គាល់​ជា​សាធារណៈថា ទ្រឹស្តី​​អេឡិចត្រូម៉ាញេទិក ដែល​លោក​បង្កើតឡើង គឺ​មាន​មូលដ្ឋានគ្រឹះ​ចេញ​ពី​គំនិត​របស់​​ហ្វារ៉ាដេ។ ម៉ៃឃើល ហ្វារ៉ាដេ ​ទទួលមរណភាព នៅ​ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៨៦៧ នៅ​ក្នុងវ័យ ៧៥ឆ្នាំ ដោយបន្សល់ទុក​នូវ​ស្នាដៃ និង​កេរ្តិ៍ឈ្មោះ​ជា​អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្រ្ត​ដ៏​មាន​ឥទ្ធិពល​មួយរូប​ក្នុង​ប្រវត្តិសាស្រ្ត៕

  • អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ​និង​ការបង្កើត​ប្រព័ន្ធទូរស័ព្ទ

    អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ​និង​ការបង្កើត​ប្រព័ន្ធទូរស័ព្ទ

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​​របស់​​លោក​ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (Alexander Graham Bell) តទៅទៀត …

  • អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (១៨៤៧-១៩២២)

    អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (១៨៤៧-១៩២២)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​​ឥស្សរជន​ដ៏ល្បីឈ្មោះ​​មួយ​រូបទៀត ដែល​ជា​អ្នក​បាន​រកឃើញ​គំនិត​បង្កើត​ទូរស័ព្ទ​ដំបូងគេ …

  • នីកូឡា តេសឡា ​និង​ប្រព័ន្ធ​បញ្ជូនសារ​ឥតខ្សែ (Wireless)

    នីកូឡា តេសឡា ​និង​ប្រព័ន្ធ​បញ្ជូនសារ​ឥតខ្សែ (Wireless)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់ នីកូឡា តេសឡា (Nikolas Tesla) ជា​បន្ត​ទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​​ដ៏​សំខាន់​មួយ​ទៀត​​របស់​លោក​ …

  • នីកូឡា តេសឡា ​និងចរន្តឆ្លាស់ (AC)

    នីកូឡា តេសឡា ​និងចរន្តឆ្លាស់ (AC)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់ នីកូឡា តេសឡា (Nikolas Tesla) ជា​បន្ត​ទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​ដ៏​​សំខាន់ …

  • នីកូឡា តេសឡា (១៨៥៦-១៩៤៣)

    នីកូឡា តេសឡា (១៨៥៦-១៩៤៣)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​​ឥស្សរជន​ដ៏ល្បីឈ្មោះ​​មួយ​រូបទៀត ដែល​បាន​ដើរតួនាទី​ដ៏សំខាន់ នៅ​ក្នុង​ការរកឃើញ​គំនិត​ថ្មីៗ​ជាច្រើន​​ទាក់ទង​នឹង​​ថាមពល​អគ្គិសនី …

  • ថូម៉ាស់ អេឌីសុន ​និង​ស្នាដៃ​ខាង​អគ្គិសនី

    ថូម៉ាស់ អេឌីសុន ​និង​ស្នាដៃ​ខាង​អគ្គិសនី

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់​​លោក​ថូម៉ាស់ អេឌីសុន (Thomas Edison) តទៅទៀត ដោយ​សូម​លើកឡើង …

  • ថូម៉ាស់ អេឌីសុន ​(១៨៤៧-១៩៣១)

    ថូម៉ាស់ អេឌីសុន ​(១៨៤៧-១៩៣១)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​​ឥស្សរជន​ដ៏ល្បីឈ្មោះ​​មួយ​រូបទៀត ដែល​បាន​ដើរតួនាទី​ដ៏សំខាន់ នៅ​ក្នុង​ការរកឃើញ​គំនិត​ថ្មីៗ​ជាច្រើន​​ទាក់ទង​នឹង​​ថាមពល​អគ្គិសនី …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ