ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT

ម៉ៃឃើល ហ្វារ៉ាដេ ​(១៧៩១-១៨៦៧)

ម៉ៃឃើល ហ្វារ៉ាដេ ​(១៧៩១-១៨៦៧)
 
Painting portrait of Michael Faraday by Thomas Phillips Public Domaine

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា លើកឡើង​អំពី​ប្រវត្តិ​អ្នក​វិទ្យាសាស្រ្ត​ដ៏ល្បីល្បាញ​មួយ​រូប​ ដែល​បាន​ដើរតួនាទី​ដ៏សំខាន់ នៅ​ក្នុង​ការរកឃើញ​ថាមពល​អគ្គិសនី គឺ​លោក​ម៉ៃឃើល ហ្វារ៉ាដេ (Michael Faraday)។

ម៉ៃឃើល ហ្វារ៉ាដេ ចាប់កំណើតឡើង​ប្រមាណ​ជាជាង​មួយឆ្នាំ ក្រោយ​មរណភាព​របស់​បេនយ៉ាមីន ហ្វ្រែងឃ្លីន ហើយ​នៅ​ក្នុង​ចន្លោះ​ពេល​ចាប់ពី​បេនយ៉ាមីន ហ្វ្រែងឃ្លីន​រកឃើញ​ថាមពល​អគ្គិសនី​នៅ​ក្នុង​បាតុភូតធម្មជាតិ គឺ​រន្ទះ រហូត​មក​ដល់​សម័យកាល​របស់​ម៉ៃឃើល ហ្វារ៉ាដេ ការយល់ដឹង​របស់​មនុស្ស​ទៅលើ​អគ្គិសនី​​មាន​ភាព​ជឿនលឿន​ទៅមុខ​​គួរសម​រួចទៅហើយ​ដែរ ជាពិសេស តាមរយៈ​​ការ​រកឃើញ​របស់​អ្នក​វិទ្យាសាស្រ្ត​ល្បីៗ​មួយ​ចំនួន នៅ​ក្នុង​សម័យកាល​ប្រហាក់ប្រហែល​នឹង​ហ្វារ៉ាដេ។

​អ្នក​ប្រាជ្ញ​អ៊ីតាលី អាឡិចសាន់ដ្រូ វ៉ុលតា (Alessandro Volta) ​បាន​រកឃើញ​វិធី​ផលិត​ថាមពល​អគ្គិសនី​ដោយ​ប្រើ​ធាតុផ្សំ​គីមី ហើយឈាន​ទៅ​បង្កើត​បាន​នូវ​ថ្មពិល​ដំបូង​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ដែល​គេ​ឲ្យឈ្មោះ​ថា “ថ្មពិល​វ៉ុលតា” (Voltaic pile/Pile Volta)។ ឈ្មោះ​របស់​អាឡិចសាន់ដ្រូ វ៉ុលតា ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជា​រង្វាស់​នៃ​តង់ស្យុងអគ្គិសនី គឺ “វ៉ុល”។

អ្នក​ប្រាជ្ញ​បារាំង អង់ដ្រេ​ម៉ារី អំពែរ (André-Marie Ampère) បាន​រកឃើញ​ទ្រឹស្តី​អំពី​ទំនាក់ទំនង​រវាង​អគ្គិសនី និង​ម៉ាញ៉េទិក ហើយ​ដែល​បង្កើត​ទៅជា​ផ្នែក​ថ្មីមួយ​នៃ​វិទ្យាសាស្រ្ត គឺ​​ “អេឡិចត្រូឌីណាមិក” ហើយ​ដែល​ក្រោយមក​ក្លាយ​ទៅជា “អេឡិចត្រូម៉ាញេទិក”។ ឈ្មោះ​របស់​​អង់ដ្រេម៉ារី អំពែរ ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជា​រង្វាស់​នៃ​ចរន្តអគ្គិសនី គឺ « អំពែរ”។

អ្នក​ប្រាជ្ញ​អាល្លឺម៉ង់ ​ចច អូម (George Ohm) ដែល​បាន​រកឃើញ​ទ្រឹស្តី​ដែល​កំណត់​ពី​ទំនាក់ទំនង​រវាង​ចរន្តអគ្គិសនី ​តង់ស្យុង និង​រ៉េស៊ីស្តង់។ ឈ្មោះ​របស់ ចច អូម ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជា​រង្វាស់​នៃ​រ៉េស៊ីស្តង់ គឺ “អូម”។

ក៏ប៉ុន្តែ ជាទូទៅ គឺ​ម៉ៃឃើល ហ្វារ៉ាដេ ដែល​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​អ្នក​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត នៅ​ក្នុង​ការរកឃើញ​ទ្រឹស្តី ដែល​អាច​ឲ្យ​មនុស្ស​ទាញ​យក​ថាមពល​អគ្គិសនី​មក​ប្រើប្រាស់​​នៅ​ក្នុង​ជីវិតប្រចាំថ្ងៃ​រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន។

ម៉ៃឃើល ហ្វារ៉ាដេ កើតនៅថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ១៧៩១ នៅ​ក្នុងទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។ ហ្វារ៉ាដេ​គឺ​ជា​កូនទី៣ នៅ​ក្នុង​ចំណោម​បងប្អូន ៤នាក់ នៅ​ក្នុង​គ្រួសារ​ដ៏ក្រីក្រមួយ ដែល​មាន​ឪពុក​ជា​ជាងដំដែក។ ដោយសារ​តែ​ជីវភាពក្រីក្រ ហ្វារ៉ាដេ​មិនបាន​រៀនសូត្រ​ជ្រៅជ្រះ​នោះទេ ដោយ​ត្រូវ​ធ្វើការ​រកលុយ​ចិញ្ចឹមជីវិត​តាំង​ពី​ក្មេង ដោយ​ដំបូង​ធ្វើ​ជា​អ្នក​ចែកចាយ​កាសែត និង​បន្ទាប់មក​ធ្វើ​ជា​កូនជាង​ខាង​ធ្វើ​សៀវភៅ។

ក៏ប៉ុន្តែ បើទោះបីជា​មិន​បាន​ចូលសាលា ហ្វារ៉ាដេ ដែល​ជា​ក្មេង​ចង់ចេះចង់ដឹង ក៏​នៅតែ​ខិតខំ​ព្យាយាម​រៀនសូត្រ​ដោយខ្លួនឯង ហើយ​ការធ្វើការ​​​នៅ​កន្លែង​ធ្វើ​សៀវភៅ គឺ​ជា​ឱកាស​ដ៏ល្អមួយ​សម្រាប់​ហ្វារ៉ាដេ ដែល​ចូលចិត្ត​អាន។ ហ្វារ៉ាដេ​ឆ្លៀត​អានសៀវភៅ​ដែល​គេ​យក​មក​ឲ្យធ្វើ ហើយ​​ហ្វារ៉ាដេ​បាន​ចាប់អារម្មណ៍​ជាពិសេស ទៅលើ​សៀវភៅ​ដែល​និយាយ​អំពី​អគ្គិសនី។ ក៏ប៉ុន្តែ ឱកាស​ដ៏ល្អបំផុត និង​ជា​ចំណុច​របត់​ដ៏សំខាន់​នៅ​ក្នុង​ជីវិត​របស់​ហ្វារ៉ាដេ គឺ​នៅពេល​ដែល​ហ្វារ៉ាដេ​បាន​ចូល​ទៅស្តាប់​ការ​បង្រៀន​របស់​​អ្នក​ប្រាជ្ញ​ខាង​គីមី​ដ៏ល្បីល្បាញ​បំផុត​មួយ​រូប​នៅ​អង់គ្លេស​នាសម័យកាល​នោះ គឺ​លោក​ហាំហ្វ្រី ដេវី (Humphry Davy)។

នៅ​ឆ្នាំ១៨១២ ម៉ៃឃើល ហ្វារ៉ាដេ ក្នុងវ័យ ២០ឆ្នាំ បាន​ទទួល​កាដូ​ជា​សំបុត្រ ដើម្បី​ចូល​ទៅ​ស្តាប់​ការ​បង្រៀន​របស់​លោក​ហាំហ្វ្រី ដេវី នៅ​ឯ​វិទ្យាស្ថានវិទ្យាសាស្រ្ត​អង់គ្លេស (The Royal Institution)។ ហ្វារ៉ាដេ​បាន​ត្រង់ត្រាប់​ស្តាប់​ ព្រមទាំង​បាន​កត់ត្រា​នូវ​សេចក្តីបង្រៀន​ដោយ​យកចិត្ត​ទុកដាក់។ នៅពេលនោះហើយ ដែល​ហ្វារ៉ាដេ​បាន​ដាក់ក្តីស្រម៉ៃ​ចង់​ក្លាយ​ជា​អ្នក​វិទ្យាសាស្រ្ត​នៅ​ Royal Institution។

ក្រោយ​ពី​បាន​ស្តាប់​ការ​បង្រៀន​នេះ ហ្វារ៉ាដេ​បាន​យក​អ្វី​ដែល​លោក​កត់ត្រា​បាន​ទៅ​ចងក្រង​ជា​សៀវភៅ ដែល​មាន​កម្រាស​រហូតដល់​ទៅ ៣០០ទំព័រ ​ផ្ញើ​ទៅកាន់​លោក​ហាំហ្វ្រី ដេវី អមជាមួយ​នឹង​ពាក្យសុំ​ចូល​ធ្វើការ។ ភ្លាមៗនោះ សំណើ​របស់​ហ្វារ៉ាដេ​ត្រូវ​បាន​លោក​ហាំហ្វ្រី ដេវី បដិសេធ ដោយសារ​តែ​មិនមាន​កន្លែង​ទំនេរ។ ក៏ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏​លោក​មិនភ្លេច​ហ្វារ៉ាដេ​នោះដែរ។ ប្រមាណ​ជា​មួយ​ឆ្នាំក្រោយ​មក នៅពេល​ដែល​មុខងារ​ជា​ជំនួយការ​ខាង​ពិសោធន៍​ត្រូវ​នៅ​ទំនេរ លោក​ហាំហ្វ្រី ដេវី ក៏​បាន​ហៅ​ហ្វារ៉ាដេ​ឲ្យ​ចូល​ធ្វើការជាមួយ​លោក នៅ​ឯ Royal Institution។

នៅ​ទីនោះ ហ្វារ៉ាដេ​មាន​ភារកិច្ច​ជួយ​លោក​ហាំហ្វ្រី ដេវី ក្នុងការ​រៀបចំ​ការពិសោធន៍​ខាង​គីមី ហើយ​ក្នុងពេល​ជាមួយគ្នា ហ្វារ៉ាដេ​ក៏​មាន​ឱកាស​យ៉ាងច្រើន​ផងដែរ ក្នុងកា​ររៀនសូត្រ​បាន​យ៉ាងស៊ីជម្រៅ​​​អំពី​គីមីវិទ្យា គឺ​រៀនសូត្រ​បាន​ទាំង​ខាង​ទ្រឹស្តី និង​ជាពិសេស គឺ​មាន​ទាំង​ឧបករណ៍​សម្រាប់​ធ្វើ​ពិសោធន៍។

បន្ថែម​ពីលើ​នេះ​ទៅទៀត ការងារ​ជា​ជំនួយ​ការ​របស់​លោក​ហាំហ្វ្រី ដេវី ក៏​ផ្តល់​នូវ​ឱកាស​ដ៏ល្អមួយ​ដែរ​ដល់​ហ្វារ៉ាដេ ក្នុងការ​ធ្វើ​ដំណើរ​ជុំវិញ​តំបន់​អឺរ៉ុប ហើយ​អាច​ជួប​ជាមួយ​នឹង​អ្នកប្រាជ្ញ​​ខាង​វិទ្យាសាស្រ្ត​ដ៏ល្បីល្បាញ និង​ដ៏​មាន​ឥទ្ធិពល នៅ​ក្នុង​សម័យកាល​នោះ ជាពិសេស គឺ​នៅ​ក្នុង​អំឡុង​ការ​ធ្វើ​ដំណើរ​រយៈពេល ១៨ខែ ទៅកាន់​ប្រទេស​បារាំង ស្វីស និង​អ៊ីតាលី (​ក្នុង​ចន្លោះ​ពី​ឆ្នាំ១៨១៣ ដល់​ឆ្នាំ១៨១៥) ដែល​ហ្វារ៉ាដេ​មាន​ឱកាស​ជួបជាមួយ​ អង់ដ្រេម៉ារី អំពែរ នៅ​ក្នុង​ទីក្រុង​ប៉ារីស (បារាំង) និង​ជួប​ជាមួយ អាឡិចសាន់ដ្រូ វ៉ុលតា នៅ​ក្នុង​ទីក្រុង​មីឡង់ (អ៊ីតាលី)។

មួយឆ្នាំ​ក្រោយ​ពី​វិលត្រឡប់​មកដល់​ប្រទេស​អង់គ្លេស​វិញ នៅ​ឆ្នាំ១៨១៦ ហ្វារ៉ាដេ ដែល​មិនទាំង​បាន​ចូល​សាលា​ស្រួលបួល​ផងនោះ ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​បឋកថា​ជាសាធារណៈ​នៅ​ឯ​វិទ្យាស្ថាន​ទស្សនវិជ្ជា​អង់គ្លេស ចំណែក​ឯ​អត្ថបទ​ស្តីពី​គីមី​វិទ្យា​របស់​លោក ក៏​ត្រូវ​បាន​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​យក​ទៅ​ចុះផ្សាយ​ផងដែរ។

ប្រាំឆ្នាំក្រោយ​មកទៀត គឺ​នៅ​ឆ្នាំ១៨២១ ហ្វារ៉ាដេ​ត្រូវ​បាន Royal Institution ​គេ​ដំឡើង​តំណែង​ពី​ជំនួយការ​ ទៅ​ជា​អ្នក​មើល​ការ​ខុសត្រូវ​មន្ទីរពិសោធន៍​ ហើយ​នៅ​ឆ្នាំដដែល​នោះ ហ្វារ៉ាដេ​បាន​ធ្វើ​ពិសោធន៍ ​រកឃើញ និង​ចុះផ្សាយ​នូវ​ទ្រឹស្តី​ដ៏សំខាន់​មួយ​ខាង​ផ្នែក​អេឡិចត្រូម៉ាញ៉េទិក គឺ​ចលនារង្វិល​នៃ​អេឡិចត្រូម៉ាញេទិក ពោលគឺ​ការ​ប្រើ​ថាមពល​អគ្គិសនី​ ដើម្បី​បង្កើត​ជា​ចលនា​ម៉េកានិក ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​មូលដ្ឋាន​គ្រឹះ​​​ក្នុង​ការ​បង្កើត​ម៉ូទ័រ​​ដើរដោយ​អគ្គិសនី ដែល​យើង​ប្រើប្រាស់​យ៉ាងទូលំទូលាយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ចាប់តាំង​ពី​​ឧបករណ៍​ទំនើបៗ ដូចជា រថភ្លើង ឬ​រថយន្ត​​​ដើរដោយ​ថាមពល​អគ្គិសនី រហូតដល់​ឧបករណ៍​តូចតាច​ដែល​យើង​ប្រើប្រាស់​ក្នុងផ្ទះ​ជា​ប្រចាំថ្ងៃ រួមមាន​ដូចជា​កង្ហារ ឬ​ម៉ាស៊ីន​បោក​ខោអាវ ជាដើម។

ដប់ឆ្នាំក្រោយ​មក​ទៀត គឺ​នៅ​ឆ្នាំ១៨៣១ ហ្វារ៉ាដេ​បាន​ធ្វើ​ពិសោធន៍​រកឃើញ​ទ្រឹស្តី​បញ្ច្រាស់​មកវិញ ពោលគឺ​ការ​ប្រើប្រាស់​ចលនា​ម៉េកានិក ដើម្បី​បង្កើត​ជា​ថាមពល​អគ្គិសនី ដែល​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​បំផុត នៅ​ក្នុង​ការ​ផលិត​ថាមពល​អគ្គិសនី។

ស្នាដៃ​អស់ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ហ្វារ៉ាដេ​បាន​ក្លាយ​ទៅជា​អ្នក​វិទ្យាសាស្រ្ត​ដ៏ល្បីល្បាញ​មួយ​រូប នៅ​ក្នុង​សម័យកាល​នោះ។ លោក​ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ចូល​ជា​សមាជិក​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​ដ៏ល្បីល្បាញ​បំផុត គឺ​រាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​អង់គ្លេស (Royal Society) ព្រមទាំង​ត្រូវ​បាន​គេ​ស្នើ​តែងតាំង​ជា​ប្រធានរាជបណ្ឌិតសភា​នេះ​ដល់​ទៅពីរលើក តែ​លោក​បដិសេធ ដោយ​សុខចិត្ត​នៅ​ត្រឹមជា​សមាជិក​ធម្មតា។

កេរ្តិ៍ឈ្មោះ​របស់​​ហ្វារ៉ាដេ​មិនមែន​ល្បីល្បាញ​នៅ​ត្រឹមតែ​ក្នុង​ប្រទេស​អង់គ្លេស​នោះទេ តែ​ល្បី​រន្ទឺ​ទៅដល់​បណ្តា​ប្រទេស​ជា​ច្រើន​ផ្សេងទៀត ហើយ​លោក​ត្រូវ​បាន​វិទ្យាស្ថានវិទ្យាសាស្រ្ត​បរទេស​ល្បីៗ​ជាច្រើន​ជ្រើសរើស​ឲ្យ​ចូល​ជា​សមាជិក គឺ​រួមមាន រាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​ស៊ុយអែត (Royal Swedish Academy of Sciences), បណ្ឌិតសភាវិទ្យាសាស្រ្ត​ហូឡង់ (Royal Netherlands Academy of Arts and Sciences), បណ្ឌិតសភា​វិទ្យាសាស្រ្ត​អាមេរិក (American Academy of Arts and Sciences) និង​បណ្ឌិតសភា​វិទ្យាសាស្រ្ត​បារាំង (Académie des sciences)៕

  • នីកូឡា តេសឡា ​និងចរន្តឆ្លាស់ (AC)

    នីកូឡា តេសឡា ​និងចរន្តឆ្លាស់ (AC)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់ នីកូឡា តេសឡា (Nikolas Tesla) ជា​បន្ត​ទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​ដ៏​​សំខាន់ …

  • នីកូឡា តេសឡា (១៨៥៦-១៩៤៣)

    នីកូឡា តេសឡា (១៨៥៦-១៩៤៣)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​​ឥស្សរជន​ដ៏ល្បីឈ្មោះ​​មួយ​រូបទៀត ដែល​បាន​ដើរតួនាទី​ដ៏សំខាន់ នៅ​ក្នុង​ការរកឃើញ​គំនិត​ថ្មីៗ​ជាច្រើន​​ទាក់ទង​នឹង​​ថាមពល​អគ្គិសនី …

  • ថូម៉ាស់ អេឌីសុន ​និង​ស្នាដៃ​ខាង​អគ្គិសនី

    ថូម៉ាស់ អេឌីសុន ​និង​ស្នាដៃ​ខាង​អគ្គិសនី

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់​​លោក​ថូម៉ាស់ អេឌីសុន (Thomas Edison) តទៅទៀត ដោយ​សូម​លើកឡើង …

  • ថូម៉ាស់ អេឌីសុន ​(១៨៤៧-១៩៣១)

    ថូម៉ាស់ អេឌីសុន ​(១៨៤៧-១៩៣១)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​​ឥស្សរជន​ដ៏ល្បីឈ្មោះ​​មួយ​រូបទៀត ដែល​បាន​ដើរតួនាទី​ដ៏សំខាន់ នៅ​ក្នុង​ការរកឃើញ​គំនិត​ថ្មីៗ​ជាច្រើន​​ទាក់ទង​នឹង​​ថាមពល​អគ្គិសនី …

  • ម៉ៃឃើល ហ្វារ៉ាដេ ​និង​ស្នាដៃ​សំខាន់ៗ​ខាង​អគ្គិសនី

    ម៉ៃឃើល ហ្វារ៉ាដេ ​និង​ស្នាដៃ​សំខាន់ៗ​ខាង​អគ្គិសនី

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​ ​អំពី​ប្រវត្តិ​​របស់​​លោក​ម៉ៃឃើល ហ្វារ៉ាដេ (Michael Faraday)​ ជា​បន្តទៀត ដោយ​សូមលើក​ឡើង …

  • បេនយ៉ាមីន ហ្វ្រែងឃ្លីន ​និង​ការ​បង្កើត​សហរដ្ឋ​អាមេរិក

    បេនយ៉ាមីន ហ្វ្រែងឃ្លីន ​និង​ការ​បង្កើត​សហរដ្ឋ​អាមេរិក

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​ ​បេនយ៉ាមីន ហ្វ្រែងឃ្លីន ដោយ​សូម​លើកឡើង​ អំពី​ស្នាដៃ​របស់​លោក​ទាក់ទង​នឹង​ផ្នែក​នយោបាយ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ