ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT

អាឡាន់ ធួរីង ​(១៩១២-១៩៥៤)

អាឡាន់ ធួរីង ​(១៩១២-១៩៥៤)
 
អាឡាន់ ធួរីង (Alan Turing) នៅ​ពេល​មាន​អាយុ ១៦ឆ្នាំ DR

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​អ្នកប្រាជ្ញ​ដ៏​ឆ្នើម​មួយរូប ដែល​មិនសូវ​ជា​ត្រូវ​គេ​ស្គាល់​ជាទូទៅ ក៏ប៉ុន្តែ ជា​អ្នក​ដើរតួ​ដ៏​សំខាន់​បំផុត នៅ​ក្នុង​ការ​បង្កើត​ម៉ាស៊ីន​កុំព្យូទ័រ ដែល​យើង​ប្រើ​ប្រាស់​ជាទូទៅ​រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន។ អ្នក​ប្រាជ្ញ​រូបនេះ​មាន​ឈ្មោះ​ថា អាឡាន់ ធួរីង (Alan Turing)។

ជាទូទៅ កាលណា​និយាយ​ពី​ម៉ាស៊ីន​កុំព្យូទ័រ គេច្រើន​តែ​នាំគ្នា​គិត​ភ្លាម​ទៅដល់​​លោក​ប៊ីល ហ្គេត (Bill Gates) ឬ​ក៏​លោក​ស្ទីវ ចប (Steve Jobs)។ ក៏ប៉ុន្តែ តាមពិតទៅ ប្រវត្តិ​នៃ​ម៉ាស៊ីន​កុំព្យូទ័រ​បាន​ចាប់​កំណើត​ឡើង​តាំង​ពី​មុនសម័យកាល​លោក​ប៊ីល ហ្គេត និង​លោក​ស្ទីវ ចប​ ទៅទៀត ហើយ​អ្នក​ដែល​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​បង្កើត​ទ្រឹស្តី ដែល​នាំ​ទៅ​ដល់​ការ​បង្កើត​ម៉ាស៊ីន​កុំព្យូទ័រ ហើយ​ដែល​ពេលខ្លះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ “បិតានៃ​​វិទ្យាសាស្រ្តកុំព្យូទ័រសម័យទំនើប" គឺ​អ្នក​ប្រាជ្ញ​ខាង​គណិតវិទ្យា​អង់គ្លេស អាឡាន់ ធួរីង។

អាឡាន់ ធួរីង កើតនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩១២ នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស គឺ​កើតតែ​២ឆ្នាំប៉ុណ្ណោះ មុន​ពេល​ដែល​អង់គ្លេស ក៏​ដូចជា​ប្រទេស​ផ្សេងទៀត​ត្រូវ​ធ្លាក់​ទៅ​ក្នុង​សង្រ្គាម​លោក​លើកទី១ (១៩១៤-១៩១៨)។

តាំងពី​ក្មេងមក អាឡាន់ ធួរីង គឺ​ជា​ក្មេង​ឆ្លាត ហើយ​គ្រូ​នៅ​សាលា​ក៏​ចាប់អារម្មណ៍​ដែរ​ពី​ភាព​ឆ្លាតវៃ​ខុសពី​ធម្មតា​របស់​អាឡាន់ ធួរីង ក៏ប៉ុន្តែ គ្រូ​​មិន​សូវ​ជា​យកចិត្ត​ទុកដាក់ ដោយសារ​តែ​ភាព​ឆ្លាតវៃ​របស់​អាឡាន់ ធួរីង គឺ​នៅ​ក្នុង​ផ្នែក​គណិតវិទ្យា ចំណែក​ឯ​សាលា​ដែល​ ​អាឡាន់ ធួរីង រៀន​នៅ​ពេលនោះ មាន​កម្មវិធី​សិក្សា​ផ្តោត​លើ​ផ្នែក​សង្គម និង​ទស្សនវិជ្ជា។ ទោះជាយ៉ាងនេះ​ក៏ដោយ អាឡាន់ ធួរីង​នៅតែ​បន្ត​ផ្តោត​អារម្មណ៍​ខ្លាំង​លើ​ការ​សិក្សា​ខាង​គណិតវិទ្យា និង​វិទ្យាសាស្រ្ត​ជាទូទៅ រហូត​បាន​ប្រឡង​ជាប់​ចូលរៀន​នៅ​ឯសកលវិទ្យាល័យ​ដ៏ល្បីល្បាញ​មួយ​នៅ​អង់គ្លេស គឺ​សកលវិទ្យាល័យ​ខេមប្រ៊ិច (King’s College, University of Cambridge)។

នៅ​ខេមប្រ៊ិចនោះ អាឡាន់ ធួរីង​បាន​រៀន​ជាប់​ជា​និស្សិត​ឆ្នើម​លំដាប់ទី១​ខាង​គណិតវិទ្យា ​រហូត​ត្រូវ​បាន​សកលវិទ្យាល័យ​ជ្រើសរើស​ឲ្យ​ធ្វើ​​​ជា​អ្នក​ស្រាវជ្រាវ​ខាង​គណិតវិទ្យា នៅ​ឆ្នាំ១៩៣៥ ដោយ​ពេលនោះ អាឡាន់ ធួរីង ទើប​នឹង​មាន​វ័យ ២២ឆ្នាំ​ប៉ុណ្ណោះ។

នៅ​ក្នុង​ការងារ​ជា​អ្នក​ស្រាវជ្រាវ​ខាង​គណិតវិទ្យា នៅ​សកលវិទ្យាល័យ​ខេមប្រ៊ិច​នោះហើយ ដែល​អាឡាន់ ធួរីង បាន​សរសេរ និង​ចុះផ្សាយនូវ​ឯកសារដ៏សំខាន់មួយ អំពី​​គោលការណ៍​នៃ​ការបង្កើត​ម៉ាស៊ីន​មួយ​ប្រភេទ ដែល​មាន​សមត្ថភាព​​អាច​ធ្វើការ​គណនា​នូវ​គ្រប់អ្វីៗ​ទាំងអស់​ដែល​គេ​អាច​គណនា​បាន​។ ទ្រឹស្តី​នៅ​ក្នុង​ឯកសារ​នេះ​ហើយ ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​មូលដ្ឋាន​គ្រឹះ នៃ​វិទ្យាសាស្រ្ត​កុំព្យូទ័រ​សម័យ​ទំនើប ហើយ​ដែល​ត្រូវ​គេ​ចាត់ទុក​​ថា​ជា​មូលដ្ឋាន​គ្រឹះមួយ​ផងដែរ ​នៃ​បញ្ញាសប្បនិមិត្ត (Intelligence artificielle/Artificial Intelligence)។

ក៏ប៉ុន្តែ ទោះជាយ៉ាងណា នៅពេលនោះ គោលការណ៍​របស់​ អាឡាន់ ធួរីង គឺ​មាន​ត្រឹមតែ​ជា​ទ្រឹស្តី​នៅលើ​ក្រដាស​តែ​ប៉ុណ្ណោះ ដោយ​មិន​ទាន់​មាន​ការ​បង្កើត​ចេញ​ជា​ម៉ាស៊ីន​កុំព្យូទ័រ​ជាក់ស្តែង ទៅ​តាម​ទ្រឹស្តី​នេះ​នៅឡើយទេ។

នៅឆ្នាំ១៩៣៦ អាឡាន់ ធួរីង បាន​ចាកចេញ​ពី​អង់គ្លេស ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ខាង​គណិតវិទ្យា នៅ​ឯសកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ​នៅ​សហរដ្ឋ​អាមេរិក គឺ​សកលវិទ្យាល័យ​ព្រីនស្តុន (Princeton University)។ នៅ​ក្នុង​អំឡុងពេល​ដែល​ អាឡាន់ ធួរីង រៀន​ថ្នាក់​បណ្ឌិត​នោះ អាល់ប៊ែរ អាញ់ស្តាញ់ ដែល​រត់ចេញ​ពី​អាល្លឺម៉ង់​ណាស៊ី មក​ធ្វើ​ជា​ជនភៀសខ្លួន​នៅ​អាមេរិក ក៏​ជា​សាស្រ្តាចារ្យ និង​ជា​អ្នក​ស្រាវជ្រាវ នៅ​សកលវិទ្យាល័យ​ព្រីនស្តុន​នោះដែរ។ ក៏ប៉ុន្តែ អាឡាន់ ធួរីង មិនបាន​រៀន ឬ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាមួយ​នឹង​អាញ់ស្តាញ់​នោះទេ ដោយសារ​តែ​ស្ថិត​នៅ​ក្នុង​ផ្នែក​ផ្សេងគ្នា គឺ​អាឡាន់ ធួរីង រៀន​ខាង​គណិតវិទ្យា ចំណែក​អាញ់ស្តាញ់ បង្រៀន​ខាង​រូបវិទ្យា។

នៅ​ឯសកលវិទ្យាល័យ​ព្រីនស្តុន អាឡាន់ ធួរីង បាន​ចំណាយ​ពេល​ត្រឹមតែ​ពីរឆ្នាំ​ប៉ុណ្ណោះ ក៏​បានសរសេរ​និក្ខេបបទ​ចប់ ហើយ​​​ទទួល​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ខាង​គណិតវិទ្យា នៅ​ឆ្នាំ១៩៣៨។ នៅ​ពេលនោះ អាឡាន់ ធួរីង នៅ​ក្នុង​វ័យ​ត្រឹម ២៦ឆ្នាំ ត្រូវ​បាន​សាស្រ្តាចារ្យ​​នៅ​ព្រីនស្តុន​​ស្នើ​ឲ្យ​នៅ​បន្ត​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ថ្នាក់​ក្រោយ​បណ្ឌិត ក៏ប៉ុន្តែ អាឡាន់ ធួរីង​បដិសេធ ហើយ​សម្រេច​ចិត្ត​វិលត្រឡប់​ទៅ​ធ្វើការ​នៅ​ឯ​សកលវិទ្យាល័យ​ខេមប្រ៊ិច នៅ​អង់គ្លេស​វិញ។

ត្រឡប់​ទៅ​ដល់​អង់គ្លេស​បាន​មួយ​ឆ្នាំ សង្រ្គាម​លោកលើកទី២​ក៏​បាន​ផ្ទុះឡើង ហើយ​អាឡាន់ ធួរីង ក៏​ត្រូវ​បាន​រដ្ឋាភិបាល​អង់គ្លេស​ជ្រើសរើស​ឲ្យ​ចូល​បម្រើការ​នៅ​ក្នុង​ការិយាល័យ​ពិសេសមួយ ដែល​មាន​ភារកិច្ច​សិក្សា​ស្រាវជ្រាវ ស្វែងរក​វិធី​បំបែក​កូតសម្ងាត់ នៅ​ក្នុង​សារ​ឆ្លើយឆ្លងគ្នា​របស់​​កងទ័ព​អាល្លឺម៉ង់ ដែល​ជា​គូសត្រូវ។

នៅ​ក្នុង​អំឡុង​ពេលនោះ អាល្លឺម៉ង់​មាន​ប្រព័ន្ធ​បញ្ជូន​សារ​ដោយ​ប្រើ​កូតសម្ងាត់ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Enigma” ហើយ​ដែល​គេ​ស្គាល់​ជាទូទៅ​ថា ជា​ប្រព័ន្ធ​បញ្ជូន​សារ​សម្ងាត់​ដ៏​ស្មុគស្មាញ មិន​អាច​នឹង​បំបែកបាន។

តាមការពិត Enigma ធ្លាប់​ត្រូវ​បាន​គណិតវិទូ​ប៉ូឡូញ​បំបែក​បាន​ម្តង​រួចមកហើយ តាំង​ពី​មុន​សង្រ្គាម​លោក​លើកទី២ ក៏ប៉ុន្តែ ពីមួយឆ្នាំ​ទៅមួយ​ឆ្នាំ គណិតវិទូ​អាល្លឺម៉ង់​ចេះតែ​រកវិធី​កែលម្អ​ប្រព័ន្ធ​សារសម្ងាត់​នេះ​កាន់តែ​ស្មុគស្មាញ​ឡើង​ពិបាក​នឹង​បំបែក។ នៅ​ទីបំផុត វិធី​បំបែក​កូតសម្ងាត់​របស់​ប៉ូឡូញ​ក៏​លែង​មាន​ប្រសិទ្ធភាព ដោយសារ​តែការ​បំបែក​កូតសម្ងាត់​នីមួយៗ​តាម​វិធី​នេះ គឺ​​ត្រូវការ​ពេលវេលាយូរ ហើយ​នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ កងទ័ព​អាល្លឺម៉ង់​បាន​ធ្វើការ​ផ្លាស់ប្តូរ​កូតសម្ងាត់​ថ្មី​ជា​រៀងរាល់​ថ្ងៃ។ ដូច្នេះ ទម្រាំ​តែ​គេ​អាច​បំបែក​កូតសម្ងាត់​ចាស់បាន អាល្លឺម៉ង់​បាន​ផ្លាស់ប្តូរ​កូត​សម្ងាត់​ថ្មី​​មួយ​ទៀត​រួចទៅហើយ។

នៅ​ឆ្នាំ១៩៣៨ នៅពេល​ចាប់ផ្តើម​សិក្សា​លើ​ប្រព័ន្ធ​សារសម្ងាត់​ Enigma ​របស់​អាល្លឺម៉ង់ អាឡាន់ ធួរីង មាន​គំនិត​ថ្មី ខុសពី​អ្វី​ដែល​គេ​ធ្លាប់​ធ្វើ​ពីមុនៗ។ ជាជាង​ចំណាយ​ពេល​ទៅលើ​ការ​បំបែក​កូតសម្ងាត់ សម្រាប់​ថ្ងៃនីមួយៗ អាឡាន់ ធួរីង ផ្តោត​ការ​សិក្សា​ទៅលើ​ការ​បង្កើត​ម៉ាស៊ីន​មួយ ដែល​មាន​សមត្ថភាព​ក្នុងការ​គណនា​លឿន​ ហើយ​អាច​បំបែក​គ្រប់​កូតសម្ងាត់​ទាំងអស់។

នៅ​ឆ្នាំ១៩៤០ កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាឡាន់ ធួរីង​ក៏​សម្រេច​បាន​ជោគជ័យ រហូត​ឈាន​ទៅ​បង្កើត​បាន​នូវ​ម៉ាស៊ីន​បំបែក​កូតសម្ងាត់ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “The Bombe”។ គិតត្រឹម​ឆ្នាំ១៩៤២ « The Bombe » អាច​អាន​សារ​សម្ងាត់​របស់​អាល្លឺម៉ង់​បាន​ប្រមាណ​ជា​​ជិត​៤ម៉ឺន​សារ​ក្នុងមួយខែៗ ហើយ​ក្រោយ​មក​ទៀត ​ចំនួន​នេះ​បាន​កើនឡើង​រហូតដល់​ទៅ ៨ម៉ឺន៤ពាន់​សារ​ក្នុងមួយខែៗ។

តាមរយៈ​ម៉ាស៊ីន​របស់​អាឡាន់ ធួរីង អង់គ្លេស​ និង​ប្រទេស​ជា​​សម្ព័ន្ធមិត្ត​ក្នុង​សង្រ្គាម​លោក​លើកទី២ អាច​ដឹង​អំពី​ព័ត៌មាន​​សម្ងាត់​ជាច្រើន​​របស់​អាល្លឺម៉ង់ រាប់ចាប់តាំង​ពី​​ទីតាំង​នាវាមុជទឹក​អាល្លឺម៉ង់, ពេលវេលា​និង​​គោលដៅ​ដែល​អាល្លឺម៉ង់​គ្រោង​វាយប្រហារ ព្រមទាំង​គម្រោងការណ៍សម្ងាត់​ជាច្រើន​ផ្សេងទៀត​របស់អាល្លឺម៉ង់ណាហ្ស៊ី។

នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​កងទ័ព​អង់គ្លេស និង​សម្ព័ន្ធមិត្ត គេទទួល​ស្គាល់​ជា​ទូទៅ​ថា ការ​បំបែក​កូតសម្ងាត់​របស់​អាល្លឺម៉ង់ គឺ​ជា​កត្តា​ដ៏ចម្បងមួយ​ ដែល​ជួយ​ឲ្យ​កងទ័ព​សម្ព័ន្ធមិត្ត​យក​ជ័យជម្នះ​លើ​អាល្លឺម៉ង់​បាន​លឿន ​​អាច​បញ្ចប់​សង្រ្គាម​លោកលើកទី២​បាន​ឆាប់ ហើយ​​កាត់បន្ថយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​សង្រ្គាម​បាន​រហូតដល់​ទៅ​រាប់លាន​នាក់។

ហេតុដូច្នេះហើយ​បាន​ជា​ភ្លាមៗ​ក្រោយ​ការ​បញ្ចប់​សង្រ្គាម​លោកលើកទី២ ឧត្តមសេនីយ៍ ដ្វៃ អៃសិនហូវ័រ (Dwight Eisenhower) ដែល​ជា​អគ្គបញ្ជាការ​កងទ័ព​សម្ព័ន្ធមិត្ត និង​ក្រោយ​មក​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក បាន​សរសេរ​លិខិត​ទៅ​ថ្លែង​អំណរគុណ​ដោយ​ផ្ទាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​អាឡាន់ ធួរីង។ អាឡាន់ ធួរីង​ខ្លួនឯង​ផ្ទាល់ ក៏​បាន​ទទួល​នូវ​មេដាយ​​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​មួយ​ផងដែរ ពី​សំណាក់​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស៕

  • ស្ទីវ ចប (១៩៥៥-២០១១)

    ស្ទីវ ចប (១៩៥៥-២០១១)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​បុគ្គល​មួយរូបទៀត ដែល​មាន​ឈ្មោះ​ល្បីល្បាញ នៅ​ក្នុង​វិស័យ​កុំព្យូទ័រ ក៏ដូចជា​ទូរស័ព្ទដៃ …

  • អាឡាន់ ធួរីង និង​ទ្រឹស្តី​វិទ្យាសាស្រ្តកុំព្យូទ័រ

    អាឡាន់ ធួរីង និង​ទ្រឹស្តី​វិទ្យាសាស្រ្តកុំព្យូទ័រ

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​ អាឡាន ធួរីង (Alan Turing) តទៅទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​របស់​លោក​ទាក់ទង​នឹង​ទ្រឹស្តី​នៃ​វិទ្យាសាស្រ្ត​កុំ​ព្យូទ័រ។

  • អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ​និង​ការបង្កើត​ប្រព័ន្ធទូរស័ព្ទ

    អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ​និង​ការបង្កើត​ប្រព័ន្ធទូរស័ព្ទ

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​​របស់​​លោក​ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (Alexander Graham Bell) តទៅទៀត …

  • អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (១៨៤៧-១៩២២)

    អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល (១៨៤៧-១៩២២)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​​ឥស្សរជន​ដ៏ល្បីឈ្មោះ​​មួយ​រូបទៀត ដែល​ជា​អ្នក​បាន​រកឃើញ​គំនិត​បង្កើត​ទូរស័ព្ទ​ដំបូងគេ …

  • នីកូឡា តេសឡា ​និង​ប្រព័ន្ធ​បញ្ជូនសារ​ឥតខ្សែ (Wireless)

    នីកូឡា តេសឡា ​និង​ប្រព័ន្ធ​បញ្ជូនសារ​ឥតខ្សែ (Wireless)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់ នីកូឡា តេសឡា (Nikolas Tesla) ជា​បន្ត​ទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​​ដ៏​សំខាន់​មួយ​ទៀត​​របស់​លោក​ …

  • នីកូឡា តេសឡា ​និងចរន្តឆ្លាស់ (AC)

    នីកូឡា តេសឡា ​និងចរន្តឆ្លាស់ (AC)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់ នីកូឡា តេសឡា (Nikolas Tesla) ជា​បន្ត​ទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​ដ៏​​សំខាន់ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ