អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ថូម៉ាស់ អេឌីសុន ​និង​ស្នាដៃ​ខាង​អគ្គិសនី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់​​លោក​ថូម៉ាស់ អេឌីសុន (Thomas Edison) តទៅទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​សំខាន់ៗ​របស់​លោក នៅ​ក្នុង​វិស័យ​អគ្គិសនី។

រូបគំនូរ​បង្ហាញ​ពី​លោក​ថូម៉ាស់ អេឌីសុន ជាមួយ​នឹង​ឧបករណ៍​ដែល​លោក​បាន​បង្កើតថ្មី
រូបគំនូរ​បង្ហាញ​ពី​លោក​ថូម៉ាស់ អេឌីសុន ជាមួយ​នឹង​ឧបករណ៍​ដែល​លោក​បាន​បង្កើតថ្មី Public Domaine
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ១៨៧៦ ឆ្នាំដែល​ថូម៉ាស់ អេឌីសុន ​បង្កើត​មជ្ឈមណ្ឌលស្រាវជ្រាវ​ “មិនឡូផាក” ការ​វិវឌ្ឍ​ខាង​បច្ចេកវិទ្យា​ដ៏​សំខាន់​មួយ​កំពុង​កើតមាន​ឡើង នៅ​សហរដ្ឋ​អាមេរិក។ អ្ន​កវិទ្យាសាស្រ្ត​អាមេរិក (ដើមកំណើតស្កុតឡែនដ៍) ឈ្មោះ​ថា អាឡិចសាន់ដ័រ ហ្ក្រាហាម ប៊ែល (Alexander Graham Bell) បាន​បង្កើត​នូវ​ឧបករណ៍​​​ទាក់ទង​ថ្មី​មួយទៀត គឺ​ទូរស័ព្ទ។

ថូម៉ាស់ អេឌីសុន ដែល​ធ្លាប់​បាន​កែលម្អ​ប្រព័ន្ធផ្ញើ​សារ​ជា​អក្សរ​តាមទូរលេខ ក៏​បាន​ចាប់ផ្តើម​ងាក​មក​ផ្តោត​ការ​សិក្សា​លើ​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​វិញ ដើម្បី​រិះរក​វិធី​ធ្វើ​ឲ្យ​​សំឡេង​ដែល​បញ្ជូន​តាម​ខ្សែទូរស័ព្ទ​​មាន​គុណភាព​កាន់តែ​ល្អ​ជាងមុន។ ប៉ុន្មាន​ឆ្នាំក្រោយៗ​មក​ទៀត អេឌីសុន​ពិត​ជា​​បាន​រកឃើញ​គំនិត​ថ្មីៗ​ជាច្រើន​មែន​​ ដើម្បី​កែលម្អ​គុណភាព​សំឡេង​តាម​ទូរស័ព្ទ ជាពិសេស គឺ​គុណភាព​មីក្រូហ្វូន​របស់​ទូរស័ព្ទ។

ក៏ប៉ុន្តែ អ្វី​ដែល​កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត គឺ​នៅពេល​ដែលសិក្សា​អំពី​សំឡេង​នេះ អេឌីសុន បាន​បែកគំនិត​ទៅ​បង្កើត​ឧបករណ៍​ដ៏ថ្មី​ស្រឡាង​មួយ​ទៀត​នៅ​ឆ្នាំ១៨៧៧ គឺ​ឧបករណ៍ដែល​អាច​ថត​សំឡេង​ទុក រួចហើយ​ចាក់សំឡេង​នេះ​​ស្តាប់ឡើងវិញ ដែល​នៅពេលនោះ គេ​ឲ្យឈ្មោះ​ថា “ហ្វូណូក្រាហ្វ” (Phonograph)។

គេ​ត្រូវ​រង់ចាំ​ជាច្រើន​ឆ្នាំក្រោយ​មក​ទៀត ទើប​ហ្វូណូក្រាហ្វ​របស់​អេឌីសុន ត្រូវ​បាន​កែលម្អ និង​ផលិត​ចេញលក់នៅលើ​ទីផ្សារ ឲ្យ​ប្រជាជន​អាច​ប្រើប្រាស់​ជាទូទៅបាន។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះក៏ដោយ ការ​បង្កើត​បាន​នូវ​ហ្វូណូក្រាហ្វ ត្រឹមតែ​ជា​គំរូ ដើម្បី​ដាក់​បង្ហាញ​សាធារណជននោះ ក៏​បាន​ធ្វើ​ឲ្យ​អេឌីសុន​​​ក្លាយ​ជា​មនុស្ស​ដ៏ល្បីល្បាញ​បំផុត​រួចទៅហើយ នៅ​សហរដ្ឋ​អាមេរិក។

សារព័ត៌មាន​ល្បីៗ​របស់​អាមេរិក​នៅពេលនោះ​ បាន​នាំគ្នា​ចុះផ្សាយ​ព្រោងព្រាត អំពី​ការ​បង្កើត​ហ្វូណូក្រាហ្វ​របស់​អេឌីសុន។ ក៏ប៉ុន្តែ នៅ​ក្នុង​អំឡុង​ពេលនោះ គឺ​នៅ​ក្នុង​អំឡុង​ឆ្នាំ១៨៧៨ ថូម៉ាស់ អេឌីសុន បាន​ងាក​ទៅ​ចាប់អារម្មណ៍​​សិក្សា​លើ​ឧបករណ៍​អគ្គិសនី​ផ្សេងមួយ​ទៀត ហើយ​ដែល​ក្រោយ​មក​បង្កើត​បាន​ទៅ​ជា​ស្នាដៃដ៏​សំខាន់​មួយ ហើយ​ដែល​ទំនង​ជា​ស្នាដៃ​ដ៏ល្បីល្បាញ​ជាងគេ​បំផុត​របស់​អេឌីសុន និង​ដែល​មាន​ឥទ្ធិពល​ខ្លាំងជាងគេ​ទៅលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន គឺ​អំពូលភ្លើងអគ្គិសនី។

តាមការពិត ថូម៉ាស់ អេឌីសុន មិនមែន​ជា​អ្នក​បង្កើត​អំពូលភ្លើងអគ្គិសនី​ដំបូងគេ​នោះទេ។ មុន​អេឌីសុន គេ​បាន​ដឹង​រួចទៅហើយថា នៅពេល​ដែល​ថាមពល​អគ្គិសនី​ឆ្លងកាត់​ខ្សែភ្លើង​ដែលមាន​រេស៊ីស្តង់ខ្ពស់ វានឹង​ធ្វើ​ឲ្យ​ខ្សែភ្លើង​នេះ​ក្តៅខ្លាំង​រហូត​ប្រែពណ៌ទៅជា​ក្រហម​ ឬ​លឿង ហើយ​បញ្ចេញ​ជា​ពន្លឺ។ គំនិត​នេះ​ត្រូវ​បាន​គេ​យក​ទៅ​កែច្នៃ ដើម្បី​បង្កើត​ជា​អំពូលភ្លើង​អគ្គិសនី តាំង​ពី​មុន​ថូម៉ាស់ អេឌីសុន​ទៅទៀត ក៏ប៉ុន្តែ អំពូល​ភ្លើង​អស់ទាំងនោះ មិនមាន​​មួយណា ដែល​អាច​ឲ្យ​គេ​យក​មក​ប្រើ​ប្រាស់​ជាក់ស្តែង​បាននោះទេ ដោយសារ​តែ​ខ្លះ​មិន​សូវ​ភ្លឺ​ច្បាស់ ខ្លះ​ភ្លឺខ្លាំង​តែ​ស៊ីភ្លើង​ខ្លាំង​ហួសហេតុ ខ្លះទៀតជះពន្លឺខ្លាំង​ហួសហេតុ​ដែល​ភ្នែក​របស់​យើង​ពិបាក​នឹង​ទ្រាំ ហើយ​កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត គឺ​អំពូលភ្លើង​អគ្គិសនី​អស់ទាំងនេះ​​មិន​អាច​ស្ថិតស្ថេរ​នៅ​បាន​យូរអង្វែង ពោលគឺ​ភ្លឺ​បានតែ​មួយភ្លែត ក៏​ត្រូវ​ដាច់ទៅវិញ។

ហេតុដូច្នេះហើយ​បាន​ជា​គិតមកទល់​នឹង​សម័យកាល​ថូម៉ាស់ អេឌីសុន ឧបករណ៍​បំភ្លឺ​ដែល​គេ​ប្រើប្រាស់​ជាទូទៅ គឺ​នៅតែ​ជា​ចង្កៀង​ប្រើប្រេង និង​ចង្កៀង​ប្រើ​ហ្កាស់។ នៅ​ឆ្នាំ១៨៧៨ ថូម៉ាស់ អេឌីសុន បាន​កំណត់​ក្នុង​ចិត្ត​ថា លោក​នឹង​ធ្វើ​យ៉ាងណា​រកវិធី​ផលិត​ឲ្យ​បាន​នូវ​អំពូល​ភ្លើង​អគ្គិសនី ដែល​អាច​ប្រើប្រាស់​ជាទូទៅ​ជំនួស​ចង្កៀង​ប្រើប្រេង និង​ហ្កាស់។

នៅពេលនោះ ថូម៉ាស់ អេឌីសុន និង​ក្រុមការងារ​នៅ “មិនឡូផាក” បាន​ផ្តោត​ការ​សិក្សា និង​ធ្វើ​ពិសោធន៍​ទៅលើ​សារធាតុ​គ្រប់ប្រភេទ ដើម្បី​ស្វែងរក​សារធាតុ​ណាមួយ​​​ដែល​មាន​រេស៊ីស្តង់ខ្ពស់ ហើយ​ធន់នឹងកម្តៅ អាច​ភ្លឺបាន​យូរ​មិន​ឆាប់ដាច់ ហើយ​ប្រើ​អគ្គិសនី​ដែល​មាន​តង់ស្យុងទាប ត្រឹម ១១០វ៉ុល។ ក្នុងពេល​ជាមួយគ្នា អេឌីសុន​ក៏​បាន​ធ្វើការ​សិក្សា​ផងដែរ ដើម្បី​រកវិធី​បូមខ្យល់​​ឲ្យ​អស់​ចេញ​ពី​អំពូល ហើយ​បិទ​ទៅវិញ​យ៉ាង​ជាប់​មិន​ឲ្យ​ខ្យល់​ជ្រាបចូល ពីព្រោះ​ថា នៅ​ក្នុង​ខ្យល់​ គឺ​មាន​អុកស៊ីសែន ហើយ​អុកស៊ីសែន​​ជា​សារធាតុ​សំខាន់​បំផុតមួយ ដែល​ធ្វើ​ឲ្យ​ “រេស៊ីស្តង់” អំពូល​ត្រូវ​ឆេះ។

នៅចុងឆ្នាំ១៨៧៩ អេឌីសុន និង​ក្រុមការងារ​បាន​ធ្វើ​ពិសោធន៍​ប្រកបដោយ​ជោគជ័យ ទៅលើ​​អំពូលភ្លើង​អគ្គិសនី​ប្រភេទ​ថ្មីមួយ ដែល​ភ្លឺ​បាន​ ១៣ម៉ោង​កន្លះ​ទើបដាច់ ដែល​ជា​រយៈពេល​មួយ​យូរ ក៏ប៉ុន្តែ ១៣ម៉ោង​កន្លះ ក៏នៅតែ​តិច​នៅឡើយដែរ ដើម្បី​អាច​យក​ទៅ​ធ្វើ​អាជីវកម្ម​បាន។ អេឌីសុន​ក៏​បាន​បន្ត​ធ្វើ​ពិសោធន៍​រកវិធី​កែលម្អ​វិធី​ផលិត​អំពូលភ្លើង​អគ្គិសនី​របស់​លោក​ រហូត​អាច​បំភ្លឺ​បាន​ជាង ៤០ម៉ោង ហើយ​ក្រោយ​មក​ទៀត​បង្កើន​គុណភាព​រហូតដល់​ទៅ​ប្រមាណ​ជា ១ពាន់២រយម៉ោង។

នៅ​ក្នុង​អំឡុង​ពេល​ជាមួយគ្នា​នោះ អ្ន​កវិទ្យាសាស្រ្ត​ម្នាក់​នៅ​អង់គ្លេស ឈ្មោះ​ថា យ៉ូសែប ស្វែន (Joseph Swan) ក៏​បាន​រកឃើញ​វិធី​ផលិត​អំពូលភ្លើងអគ្គិសនី​ដែល​មាន​គុណភាព​ប្រហាក់ប្រហែល​នឹង​អំពូលភ្លើង​របស់​អេឌីសុន​នេះដែរ​ ហើយ​ដើម្បី​បញ្ចៀស​វិវាទ អេឌីសុន និង​ស្វែន បាន​ចុះកិច្ចព្រមព្រៀង​បង្កើត​ជា​ក្រុមហ៊ុន​វិនិយោគរួមគ្នាមួយ ដោយ​ដាក់​ឈ្មោះ​ថា អេឌីស្វែន (Ediswan) ដើម្បី​អាច​ផលិត​និង​ធ្វើ​អាជីវកម្ម​​អំពូលភ្លើង​រួមគ្នា នៅ​ក្នុង​ទីផ្សារ​អង់គ្លេស។

នៅទីបំផុត ថូម៉ាស់ អេឌីសុន បាន​សម្រេចគោលដៅ​ដែល​ចង់​បង្កើត​អំពូលភ្លើងអគ្គិសនី ដែល​មាន​ប្រសិទ្ធភាព និង​តម្លៃ​សមរម្យល្មម​អាច​​ឲ្យ​ប្រជាជន​ទូទៅ​ប្រើប្រាស់​បាន ក៏ប៉ុន្តែ អេឌីសុន​ក៏​មិន​បាន​ស្កប់ចិត្ត​តែ​ត្រឹមនេះ​ដែរ ពីព្រោះ​ថា ដើម្បី​ឲ្យ​អំពូលភ្លើងអគ្គិសនី​អាច​ជំនួស​ចង្កៀងប្រេង​និង​ហ្កាស់​បាន គេ​ត្រូវការ​ជាចាំបាច់​នូវ​ប្រព័ន្ធ​ចែកចាយ​ថាមពល​អគ្គិសនី​ដ៏មាន​ប្រសិទ្ធភាព​មួយ ដើម្បី​នាំ​ថាមពល​អគ្គិសនី ពី​កន្លែងផលិត​ទៅដល់​ផ្ទះ​របស់​ប្រជាជន។

ដោយ​​មាន​ការ​ដាក់​ទុនវិនិយោគ​ពី​​លោក ជេភី ម័រហ្គែន (JP Morgan) ដែល​ជា​​អ្នក​វិនិយោគ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​សម័យកាល​នោះ ថូម៉ាស់ អេឌីសុន បាន​បង្កើត​ក្រុមហ៊ុន​មួយ​រួចទៅហើយ ​ដោយដាក់ឈ្មោះ​ថា Edison Electric Light Company ដើម្បី​រកស៊ី​ខាង​ផលិត​អំពូលភ្លើង​អគ្គិសនី។ ក្រោយមក អេឌីសុន ក៏​បាន​បង្កើត​ក្រុមហ៊ុន​ថ្មីមួយទៀត គឺ​ក្រុមហ៊ុន Edison Illuminating Company ដែល​ផ្តោត​លើ​បច្ចេកវិទ្យា​ផលិត និង​ចែកចាយ​ថាមពល​អគ្គិសនី។

ក្រោយ​ពី​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​ពិសោធន៍ ហើយ​រកឃើញ​វិធី​ផលិត និង​ចែកចាយ​ថាមពល​អគ្គិសនី​ដែល​មាន​ប្រសិទ្ធភាព អេឌីសុន បាន​ចាប់ផ្តើម​សាងសង់​ស្ថានីយ៍ផលិត​អគ្គិសនី​លើកដំបូង នៅ​ទីក្រុង​ញូយ៉ក ព្រមទាំង​បាន​​ធ្វើការ​រាយបណ្តាញ​ចែកចាយ​ថាមពល​អគ្គិសនី​ទៅ​ដល់​ផ្ទះ​រ​បស់​ប្រជាជន ដែល​រស់នៅ​ជុំវិញ​នោះ។

ក៏ប៉ុន្តែ អគ្គិសនី​ដែល​អេឌីសុន​ផលិត​និង​ចែកចាយ គឺ​ជា​ប្រភេទ​ចរន្តជាប់ ឬ Direct Current (DC) ដែល​ជា​ប្រភេទចរន្តអគ្គិសនី​ដែល​មិនសូវ​បង្ក​ឲ្យគ្រោះថ្នាក់​ដល់​មនុស្ស តែ​មាន​ប្រសិទ្ធភាព​ក្នុងការ​ចែកចាយ​តែ​ក្នុង​រយៈចម្ងាយជិត ពោលគឺ​ក្នុងរង្វង់​តែ​ប្រមាណ​ជា ១ម៉ៃល៍ (១ពាន់៦រយម៉ែត្រ​ពី​ស្ថានីយ៍ផលិត) តែ​ប៉ុណ្ណោះ។ មិនយូរ​ប៉ុន្មាន​ក្រោយ​មក អេឌីសុន​ត្រូវ​ប្រឈមមុខ​នឹង​គូប្រជែង​​​ដ៏ធំ ដែល​ផលិត និង​ចែកចាយ​អគ្គិសនី​ជា​ប្រភេទចរន្តឆ្លាស់ ឬ Alternating Current (AC) ដោយ​ប្រើ​បច្ចេកវិទ្យា​របស់​អ្នក​ជំនាញ​ខាង​អគ្គិសនី​ដ៏​ល្បី​ឈ្មោះ​មួយ​រូបទៀត​ក្នុង​ប្រវត្តិសាស្រ្ត គឺ ​នីកូឡា តេសឡា (Nikolas Tesla)។

ដើម្បី​យក​ឈ្នះ​នៅ​ក្នុងការ​ប្រកួតប្រជែងគ្នា​នេះ ថូម៉ាស់ អេឌីសុន បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ដើម្បី​វាយប្រហារ​លើ​គូប្រជែង ជាពិសេស តាមរយៈ​ការ​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​ដែល​ចរន្តឆ្លាស់​អាច​បង្ក​ឡើង​ដល់​ជីវិត​មនុស្ស ក្នុងគោលដៅ​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ខ្លាចរអា។ យុទ្ធនាការដែល​ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា “War of Currents” (​សង្រ្គាម​រវាង​ចរន្តជាប់​និង​ចរន្តឆ្លាស់)។

ក៏ប៉ុន្តែ នៅ​ទីបំផុត​ទៅ គឺ​ចរន្តឆ្លាស់​របស់​នីកូឡា តេសឡា ដែល​ជា​អ្នក​ទទួល​ជ័យជម្នះ​លើ​ចរន្តជាប់​របស់​ថូម៉ាស់ អេឌីសុន។ បន្តិចម្តងៗ ឥទ្ធិពល​របស់​អេឌីសុន នៅ​ក្នុង​វិស័យ​ផលិត​និង​ចែកចាយ​ថាមពល​អគ្គិសនី​ចេះតែ​ថមថយ​ទៅៗ រហូត​ត្រូវ​បង្ខំចិត្ត​លក់​ក្រុមហ៊ុន​របស់​លោក គឺ​ក្រុមហ៊ុន Edison Genral Electric Company ដោយ​ច្របាច់​បញ្ចូលគ្នា​ជាមួយក្រុមហ៊ុន​ជា​គូប្រជែង ដែល​ផលិតនិងចែកចាយ​ចរន្តឆ្លាស់ រួចហើយ​​ប្តូរឈ្មោះ​ទៅជា​ក្រុមហ៊ុន General Electric ដែល​​នៅ​បន្ត​មាន​ដំណើរការ​ជា​ក្រុមហ៊ុន​ដ៏ធំ​ខ្នាត​អន្តរជាតិ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

ក្រោយ​ពី​ទទួលបរាជ័យ​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​នឹង​ចរន្តឆ្លាស់ អេឌីសុន ក៏​លែង​រវីរវល់​នឹង​រឿង​អំពូលភ្លើងអគ្គិសនី និង​ការផលិត​និង​ចែកចាយ​ថាមពល​អគ្គិសនី​តទៅទៀត ដោយ​ងាក​ទៅ​​ផ្តោត​ការ​សិក្សា​ទៅលើ​បច្ចេកវិទ្យា​ផ្សេង ហើយ​បង្កើតបាន​នូវ​ស្នាដៃ​ជាច្រើន​ទៀត ជាពិសេស គឺ​ការ​បង្កើត​ឧបករណ៍​ថតរូប​មាន​ចលនា ដែល​ជា​ចំណុច​ចាប់ផ្តើម​ដ៏សំខាន់​មួយ នៅ​ក្នុង​វិស័យ​ភាពយន្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ