អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

នីកូឡា តេសឡា (១៨៥៦-១៩៤៣)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​​ឥស្សរជន​ដ៏ល្បីឈ្មោះ​​មួយ​រូបទៀត ដែល​បាន​ដើរតួនាទី​ដ៏សំខាន់ នៅ​ក្នុង​ការរកឃើញ​គំនិត​ថ្មីៗ​ជាច្រើន​​ទាក់ទង​នឹង​​ថាមពល​អគ្គិសនី គឺ​លោកនីកូឡា តេសឡា (Nikolas Tesla)។

នីកូឡា តេសឡា (Nikolas Tesla) នៅឆ្នាំ១៨៩០
នីកូឡា តេសឡា (Nikolas Tesla) នៅឆ្នាំ១៨៩០ Napoleon Sarony/Public Domain
ផ្សាយពាណិជ្ជកម្ម

ជាទូទៅ គេ​សង្កេតឃើញ​ថា កាលណា​និយាយ​អំពី​អគ្គិសនី គេច្រើនតែគិតទៅ​ដល់​ ម៉ៃឃើល ហ្វារ៉ាដេ និង​ថូម៉ាស់ អេឌីសុន ហើយ​កាលណា​និយាយ​អំពី​ប្រព័ន្ធទាក់ទង​តាមវិទ្យុ គេច្រើន​តែគិតទៅ​ដល់​អ្នកវិទ្យាសាស្រ្ត​អ៊ីតាលី ហ្គូលីយែលម៉ូ ម៉ាកូនី (Guglielmo Marconi)។ ក៏ប៉ុន្តែ តាមពិត នៅមាន​អ្នក​ប្រាជ្ញ​ដ៏ឆ្នើម​ម្នាក់​ទៀត​ ដែល​គេច្រើន​តែនាំគ្នា​មើល​រំលង ហើយ​ជា​អ្នក​ប្រាជ្ញ​ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ដ៏​សំខាន់ និង​ដ៏មាន​ឥទ្ធិពល ​​ទាំង​នៅ​ក្នុង​វិស័យ​អគ្គិសនី និង​ប្រព័ន្ធ​ទាក់ទង​តាម​វិទ្យុ គឺ នីកូឡា តេសឡា។

នីកូឡា តេសឡា កើតនៅ​ថ្ងៃទី១០​ ខែកក្កដា ឆ្នាំ១៨៥៦ នៅ​ក្នុងស្រុកមួយ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ប្រទេស​ក្រូអាស៊ី ក៏ប៉ុន្តែ កាលណោះ ស្ថិត​នៅ​ក្នុង​ទឹកដី​នៃ​ចក្រភព​អូទ្រីសហុងគ្រី។ តេសឡា​មាន​ឈាមជ័រ​ជា​ជនជាតិ​ស៊ែរប៊ី ដោយ​មាន​ឪពុក​ជា​បុព្វជិត​គ្រិស្តសាសនា​និកាយ​អកតូដុកស៍ (Orthodox) ចំណែក​ម្តាយ​គឺ​ជា​មេផ្ទះ ក៏ប៉ុន្តែ ពូកែ​ខាង​មេកានិក, ​ជំនាញ​ខាង​កែច្នៃ​របស់របរប្រើប្រាស់​នៅ​ក្នុងផ្ទះ និង​ពូកែចងចាំ។ ប្រហែល​ជា​កាត់ទៅរក​ម្តាយនេះហើយ ទើប​នីកូឡា តេសឡា ចូលចិត្ត​​ខាង​វិស្វកម្ម​អគ្គិសនី ផ្ទុយ​ពី​បំណង​របស់​ឪពុក ដែល​ចង់​ឲ្យ​តេសឡា​ធ្វើ​ជា​បុព្វជិតគ្រិស្តសាសនា។

តាំងពីនៅតូចមក តេសឡា​ចូលចិត្ត​ធ្វើ​ពិសោធន៍​ទៅលើ​អ្វីៗ​​គ្រប់សព្វបែបយ៉ាង ហើយមាន​វត្ថុមួយ​​ដែល​តេសឡា​​មាន​ចំណាប់​អារម្មណ៍​​ជាពិសេស​ គឺ​​រហាត់ទឹក។ នៅថ្ងៃមួយ ក្រោយ​ពី​បាន​ឃើញ​រូបគំនូរ​ទឹកធ្លាក់​ដ៏ធំ​នៅ​ចន្លោះព្រំដែន​អាមេរិក និង​កាណាដា គឺទឹកធ្លាក់​ញ៉ាហ្ការ៉ា (Niagara Falls) តេសឡា​បាន​និយាយ​ប្រាប់​ឪពុកមា​ថា នៅ​ពេល​ធំឡើង ខ្លួន​នឹង​សង់​រហាត់ទឹក​ដ៏ធំមួយ ទៅដាក់​ពីក្រោម​ទឹកធ្លាក់​នេះ ដើម្បីទាញយក​កម្លាំងទឹកធ្លាក់​មក​ប្រើប្រាស់។ ក្តីស្រម៉ៃ​ដែល​តេសឡា​ពិត​ជា​អាច​សម្រេច​បាន នៅ​ឆ្នាំ១៨៩៣ ពេលដែល​តេសឡា​មាន​វ័យ ៣៧ឆ្នាំ។

ក្រោយ​ពី​បញ្ចប់ការ​សិក្សា​ថ្នាក់​វិទ្យាល័យ តេសឡា​បាន​ចូលរៀន​នៅ​សាលា​ប៉ូលីតិចនិច ដែល​ជា​សាលា​វិស្វកម្ម​ដ៏ល្បីមួយ នៅ​អូទ្រីស។ នៅ​ទីនោះហើយ​ដែល​តេសឡា​បាន​ឃើញ​ជាលើកទីមួយ​នូវ​ឌីណាម៉ូ ដែល​បង្កើតឡើង​ដោយវិស្វករ​ប៊ែលហ្ស៊ិក​ (Zénobe Gramme) ហើយ​យក​តាម​គោលការណ៍​របស់​ម៉ៃឃើល ហ្វារ៉ាដេ ដើម្បី​ផលិត​ថាមពល​អគ្គិសនី តែ ថាមពល​ដែល​ផលិត​ដោយ​ឌីណាម៉ូ​នេះ គឺ​ជា​ប្រភេទ​ចរន្តជាប់ ឬ Direct Current (DC)​។

ក្រោយ​ពី​បាន​ឃើញ​ឌីណាម៉ូ​នេះ តេសឡា​បានជជែក​ជាមួយ​គ្រូ​ អំពី​វិធីសាស្រ្ត​ក្នុងការ​បង្កើត​​​ម៉ាស៊ីន​ដែល​អាច​ផលិត​អគ្គិសនី​ជា​ចរន្តឆ្លាស់ ឬ Alternating Current (AC) ក៏ប៉ុន្តែ គ្រូបាន​ឆ្លើយតបទៅវិញ​ថា អ្វីដែល​តេសឡា​បាន​លើកឡើងនេះ គឺ​ជា​រឿង​ដែល​មិន​អាច​ទៅរួចនោះទេ។ ទោះជាយ៉ាងណា តេសឡា​នៅតែ​ជឿ​ថា វា​គឺ​ជា​រឿងដែល​អាច​ធ្វើ​ទៅរួច ហើយ​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត ធ្វើការ​សិក្សា​ទៅលើ​វិធីសាស្រ្ត​ផលិត​អគ្គិសនី​ជា​ចរន្តឆ្លាស់។

នៅ​សាលាប៉ូលីតិចនិច តេសឡា​គឺ​ជា​និស្សិត​ដ៏ឆ្នើម​ម្នាក់ ក៏ប៉ុន្តែ ក៏​ជា​និស្សិត​ដែល​ចំណាយ​ពេល​រៀនសូត្រ​ដ៏ច្រើន​ហួសហេតុផងដែរ រហូត​ធ្វើ​ឲ្យ​គ្រូ​សរសេរ​សំបុត្រ​ទៅ​ប្រាប់​ឪពុក​របស់​តេសឡា​ថា ប្រសិនបើ​ទុក​បណ្តោយ​ឲ្យ​តេសឡា​រៀនហួសហេតុបែបនេះ តេសឡាអាច​នឹង​ត្រូវ​​ខូចខួរក្បាល ឬ​ក៏​អាច​ស្លាប់​ដោយសារ​រៀន​ក៏​អាច​ថាបាន។

ចូល​ដល់ឆ្នាំទី៣ ការ​សិក្សា​របស់​តេសឡា​​នៅ​សាលា​ប៉ូលីតិចនិចចាប់ផ្តើម​ជួប​នឹង​បញ្ហា។ ការចំណាយពេល​ដ៏ច្រើន​សិក្សា​ទៅលើ​ចរន្តឆ្លាស់ ដោយ​គ្មាន​បានលទ្ធផល​ បាន​ធ្វើ​ឲ្យ​តេសឡា​បាក់ទឹកចិត្ត ហើយ​មុខវិជ្ជា​ទូទៅ​ផ្សេងទៀត​​នៅ​ក្នុង​សាលា​ក៏​​​​លែងចង់​រៀន។ នៅពេលនោះ តេសឡា​ចាប់ផ្តើម​ដើរលេង ស៊ីចាយ ហើយ​ងប់នឹង​ល្បែងស៊ីសង រហូត​ចាញ់​អស់​លុយ​កាក់ ដែល​ឪពុក​ម្តាយ​បញ្ជូន​មក​ឲ្យ​រៀន និង​បង់ថ្លៃ​សាលា។ នៅទីបំផុត​ទៅ តេសឡា​ត្រូវ​គេ​បញ្ឈប់​ពី​សាលា ដោយ​មិនបាន​សញ្ញាបត្រ​អ្វី​ទាំងអស់។

ក្រោយ​មក​ទៀត ដោយ​មាន​ការ​ជួយជ្រោមជ្រែង​ពី​ឪពុក ព្រមទាំង​ឪពុកមា តេសឡា​ក៏​បាន​ចូលរៀន​នៅ​សាលា​ថ្មី​មួយទៀត គឺ​សកលវិទ្យាល័យ​​នៅ​ប្រាក (ប្រទេស​ឆែក​បច្ចុប្បន្ន) ក៏ប៉ុន្តែ រៀន​បាន​តែ​មួយ​ឆ្នាំ តេសឡា​ក៏​ឈប់រៀន ហើយ​ចេញ​ទៅធ្វើការ ដោយ​ដំបូង​ទៅធ្វើការ​ឲ្យ​ក្រុមហ៊ុន​ទូរលេខ​ នៅ​ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី និង​បន្ទាប់មក​ទៀត ទៅ​ធ្វើ​ការ​ឲ្យ​សាខា​​ក្រុមហ៊ុន​​អំពូលភ្លើង​របស់​ថូម៉ាស់ អេឌីសុន នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

គិតមក​ត្រឹមពេលនោះ ថូម៉ាស់ អេឌីសុន គឺ​ជា​អ្នក​ជំនួញ និង​ជា​អ្នក​ជំនាញ​ខាង​អគ្គិសនី​ដ៏​ល្បីឈ្មោះ​បំផុតមួយ ទាំង​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​អឺរ៉ុប ហើយ​ការណ៍​ដែល​អាច​ធ្វើការ​ក្នុងក្រុមហ៊ុន​របស់​អេឌីសុន គឺ​ជា​បំណងប្រាថ្នា​ដ៏​ធំមួយ​របស់​តេសឡា។ ក្តីស្រម៉ៃ​កាន់តែ​ធំមួយ​ទៀត​របស់​តេសឡា គឺ​ចង់​ទៅ​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​នឹង​ថូម៉ាស់ អេឌីសុន នៅ​សហរដ្ឋ​អាមេរិក។

នៅឆ្នាំ១៨៨៤ ក្រោយ​ពី​ធ្វើការ​នៅ​ប៉ារីស​បាន​ពីរឆ្នាំ នីកូឡា តេសឡា ក៏​បាន​សម្រេច​ធ្វើ​អន្តោប្រវេសន៍​ទៅ​សហរដ្ឋ​អាមេរិក ហើយ​បាន​ចូល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​របស់​អេឌីសុន នៅ​ក្នុង​ទីក្រុង​ញូយ៉ក។ ក៏ប៉ុន្តែ តេសឡា​ធ្វើការ​នៅ​ទីនោះ​បានតែ​ប្រមាណ​ជា ៦ខែ​ប៉ុណ្ណោះ ក៏លាឈប់​ពីការងារ​ដោយសារ​តែ​មាន​ទំនាស់​ជាមួយ​នឹង​អេឌីសុន។

គេដឹងថា នីកូឡា តេសឡា និង​ថូម៉ាស់ អេឌីសុន គឺ​មាន​គំនិតផ្ទុយគ្នា​ស្រឡះ ទាក់ទង​នឹង​ចរន្តអគ្គិសនី។ តេសឡា គឺ​ជា​អ្នក​ដែល​មាន​ជំនឿ​យ៉ាងមុតមាំ​ទៅលើ​អគ្គិសនី​ចរន្តឆ្លាស់ ចំណែក​ឯ​អេឌីសុនវិញ​ប្រកាន់​គំនិត​ខាង​ចរន្តជាប់ ហើយ​រចនាសម្ព័ន្ធក្រុមហ៊ុន​របស់​អេឌីសុន ទាំង​អំពូលភ្លើងអគ្គិសនី​ និង​ទាំង​ការផលិត​និង​ចែកចាយ​ថាមពល​អគ្គិសនី គឺ​សុទ្ធតែ​រៀបចំ​ធ្វើឡើង ដោយ​មាន​មូលដ្ឋានគ្រឹះ​ទៅលើ​ចរន្តជាប់​នេះឯង។

ដូច្នេះ នៅ​ក្នុងការ​បំពេញ​ការងារ​ឲ្យ​អេឌីសុន តេសឡា​មិនអាច​យក​គំនិត​របស់​លោក​ទាក់ទង​នឹង​ចរន្តឆ្លាស់​ទៅ​អនុវត្ត​បាន​នោះទេ ដោយ​ត្រូវ​ធ្វើការ​តែ​ទៅលើ​ចរន្តជាប់​ទាំងស្រុង។ នៅថ្ងៃ​មួយ អេឌីសុន​បាន​ឲ្យ​តេសឡា​សិក្សា​​រកវិធី​កែលម្អ​យន្តការ​ផលិត​អគ្គិសនី​ ដោយ​ម៉ាស៊ីន​ភ្លើងចរន្តជាប់ ដោយសន្យាថា ប្រសិន​បើ​តេសឡា​អាច​ធ្វើបាន​ជោគជ័យ​​នឹងផ្តល់​ប្រាក់រង្វាន់​ចំនួន ៥ម៉ឺនដុល្លារ ដែល​នៅពេលនោះ គឺ​ជា​ចំនួន​ទឹកប្រាក់​ដ៏ច្រើន​សន្ធឹកសន្ធាប់ ពោលគឺ ប្រហាក់ប្រហែល ១លាន២សែន​​ដុល្លារ ​បើ​គិត​ទៅតាម​តម្លៃ​លុយ​​បច្ចុប្បន្ន។

បើទោះបីជា​នេះ​គឺ​ជា​ការងារ​ខាង​ចរន្តជាប់ ដែល​ខ្លួន​មិន​សូវ​ចូលចិត្ត ក៏ប៉ុន្តែ នីកូឡា តេសឡា​បាន​ខិតខំ​ព្យាយាម​ទាំងថ្ងៃ​ទាំងយប់ ទាំងថ្ងៃធ្វើការ​ ទាំងថ្ងៃ​ឈប់សម្រាក ដើម្បី​​សិក្សា​ទៅលើ​បញ្ហា​ដែល​អេឌីសុន​ដាក់​ឲ្យ រហូត​បាន​ទទួល​ជោគជ័យ។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​តេសឡា​ទៅទារ​យក​ប្រាក់រង្វាន់ អេឌីសុន​មិនឲ្យ ដោយ​ប្រាប់​តេសឡា​ថា ការសន្យា​ផ្តល់​ប្រាក់រង្វាន់​ដ៏ច្រើន​សន្ធឹកសន្ធាប់​នេះ គឺ​គ្រាន់តែ​ជា​ការ​និយាយ​លេងតែ​ប៉ុណ្ណោះ។ តេសឡា​អន់ចិត្ត​នឹង​អេឌីសុន ក៏​បាន​ដើរចេញ​ ឈប់​ធ្វើការ​ឲ្យ​អេឌីសុន​។

ភ្លាមៗ​នោះ ការចាកចេញ​របស់​នីកូឡា តេសឡា មិនទាន់​ជា​បញ្ហា​ដែល​គួរ​ឲ្យ​អេឌីសុន​ត្រូវ​ព្រួយបារម្ភ​នោះទេ។ ទាល់តែ​ប៉ុន្មាន​ឆ្នាំក្រោ​យមកទៀត ទើប​អេឌីសុន​ដឹងខ្លួន​ថា ការ​បណ្តោយ​ឲ្យ​តេសឡា​ចេញ​ពី​ក្រុមហ៊ុន គឺ​ប្រៀបដូចជា​លែងខ្លា​ឲ្យ​ចូលព្រៃ​បែបនោះដែរ ពីព្រោះ​ថា ​ចំណេះដឹង​ខាង​ចរន្តឆ្លាស់​របស់​នីកូឡា តេសឡា​នេះហើយ​ ដែល​​ជួយ​ឲ្យ​ក្រុមហ៊ុន​ជា​គូប្រជែង​អាច​យក​ឈ្នះ​លើ​ចរន្តជាប់​របស់​ថូម៉ាស់ អេឌីសុន នៅ​ក្នុង​ការ​ប្រកួតប្រជែងគ្នា​ដ៏​ស្វិតស្វាញមួយ ដែល​ច្រើន​ហៅ​តាម​ភាសា​អង់គ្លេស​ថា “War of Currents” (សង្រ្គាម​រវាង​ចរន្ត DC និង AC)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ