ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/09 12h00 GMT

នីកូឡា តេសឡា ​និង​ប្រព័ន្ធ​បញ្ជូនសារ​ឥតខ្សែ (Wireless)

នីកូឡា តេសឡា ​និង​ប្រព័ន្ធ​បញ្ជូនសារ​ឥតខ្សែ (Wireless)
 
នីកូឡា តេសឡា (Nikola Tesla) ក្នុង​មន្ទីរពិសោធន៍ ក្នុងអំឡុង​ឆ្នាំ១៨៩៩ Dickenson V. Alley

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់ នីកូឡា តេសឡា (Nikolas Tesla) ជា​បន្ត​ទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​​ដ៏​សំខាន់​មួយ​ទៀត​​របស់​លោក​ ដែល​ភាគច្រើន​​ត្រូវ​បាន​គេ​បំភ្លេច ហើយ​ត្រូវ​ជាប់​ឈ្មោះ​ទៅ​អ្នក​ផ្សេង គឺ​បច្ចេកវិទ្យា​បញ្ជូន​សារ​តាមរលកធាតុ​អាកាស។

គិតត្រឹមឆ្នាំ១៨៨៩ លុយ​ដែល​បាន​ពី​ការ​លក់​បច្ចេកវិទ្យា​ចរន្តឆ្លាស់ (AC) បាន​ធ្វើ​ឲ្យ​ នីកូឡា តេសឡា ក្លាយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភម្នាក់ គឺ​ល្មមគ្រប់គ្រាន់​អាច​ឲ្យ​តេសឡាមាន​ទាំង​ពេលវេលា និង​លុយកាក់ ក្នុងការ​សិក្សា និង​ពិសោធន៍​ទៅលើ​ប្រធានបទ ដែល​ជា​ចំណង់ចំណូលចិត្ត​ផ្ទាល់​ខ្លួន​របស់​លោក ហើយ​​បាន​បង្កើត​នូវ​មន្ទីរពិសោធន៍ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន។

ចាប់ពីឆ្នាំ១៨៩៤ តេសឡា​បាន​ផ្តោត​ការ​ពិសោធន៍​ទៅលើ​ថាមពល​មួយ​ប្រភេទ ដែល​ចេញ​ពីរលក​​អេឡិចត្រូម៉ាញេទិក​​ក្នុង​ហ្វ្រកង់កម្រិត​ខ្ពស់ ដែល​គេ​មិន​អាច​មើល​ឃើញ​នឹង​ភ្នែក។ នៅ​ក្នុង​ការពិសោធន៍​នេះ តេសឡា​បាន​ផ្តិត​យក​រូបភាព​កាំរស្មី​អ៊ិច (X-Ray) ជាលើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ ក៏ប៉ុន្តែ នៅ​ពេលនោះ តេសឡា​នៅមិនទាន់​ដឹង​នៅឡើយទេ​ថា នោះ​គឺ​ជា​កាំរស្មីអ៊ិច។

រហូត​ទាល់តែ​ក្រោយ​ពេល​ដែល​អ្នកប្រាជ្ញ​អាល្លឺម៉ង់ ឈ្មោះ វីលហិម រើនត៍ហ្គិន (Wilhelm Röntgen​) ប្រកាស​ពី​ការ​រកឃើញ​កាំរស្មីអ៊ិច នៅ​ខែធ្នូ​ឆ្នាំ១៨៩៥ ទើប​តេសឡា​ត្រឡប់​ទៅ​រៀបចំ​ធ្វើ​ពិសោធន៍​មើល​ឡើងវិញ ហើយ​ដឹង​ថា រូបភាព​ដែល​ខ្លួន​ថតបាន កាល​ពី​ប៉ុន្មាន​ខែមុន គឺ​ជា​រូបភាព​មក​ពី​កាំរស្មីអ៊ិច។ ប៉ុន្តែ​ពេលនោះ គឺវាហួសពេលទៅហើយ ពីព្រោះ​ថា គ្រប់គ្នា​​ទទួលស្គាល់​​ថា វីលហិម រើនត៍ហ្គិន គឺ​ជា​អ្នក​​រកឃើញ​កាំរស្មីអ៊ិច​ ហើយ​នៅ​ឆ្នាំ១៩០១ គឺ​វិលហិម រើនត៍ហ្គិន​ ដែល​ជា​អ្នក​បាន​ទទួល​រង្វាន់​ណូបែល ពីការ​រកឃើញ​កាំរស្មីអ៊ិចនេះ។

ទោះជាយ៉ាងណា នីកូឡា តេសឡា​ខ្លួនឯងផ្ទាល់ ក៏​ហាក់ដូចជា​មិនសូវ​ជា​យកចិត្ត​ទុកដាក់​ចំពោះ​​ការ​សិក្សា​លើ​​កាំរស្មីអ៊ិចនេះ​ប៉ុន្មាន​នោះដែរ ដោយ​ពេលនោះ តេសឡា​កំពុងតែ​ផ្តោត​អារម្មណ៍​ទៅលើ​​បាតុភូត​ដ៏ចម្លែក​មួយ​ទៀត គឺ​ការ​បញ្ជូន​​ថាមពល​អគ្គិសនី និង​សញ្ញា​អេឡិចត្រូម៉ាញេទិច ដោយ​មិនចាំបាច់​ប្រើ​ខ្សែភ្លើង (Wireless)។

តេសឡា​ចាប់ផ្តើម​ចាប់អារម្មណ៍​ទៅលើ​បច្ចេកវិទ្យា​បញ្ជូន​ថាមពល​ដោយគ្មាន​ខ្សែ (Wireless) នៅ​ឆ្នាំ១៨៨៩ គឺ​​នៅ​ក្នុង​អំឡុង​ពេល​​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្នុង​ពិព័រណ៍​ពិភពលោក​ (Exposition Universelle 1889) នៅ​ក្នុង​ទីក្រុង​ប៉ារីស ​ដែល​តេសឡា​បាន​ដឹង​អំពី​ការពិសោធន៍​​ទៅលើ​រលកធាតុអាកាស​អេឡិចត្រូម៉ាញេទិច (Electromagnetic waves)​ ដែល​ធ្វើ​ឡើង​ដោយ​​​អ្នក​ប្រាជ្ញ​អាល្លឺម៉ង់​ម្នាក់​ឈ្មោះ​ថា ហានរីស្ហ ហ៊ែត្ស៍ (Heinrich Hertz)។

ទ្រឹស្តី​នៃ​រលកធាតុអាកាស​អេឡិចត្រូម៉ាញេទិច​នេះ​ត្រូវ​បាន​រកឃើញ​ ដោយ​អ្នកប្រាជ្ញ​ស្កុតឡែនដ៍​ដ៏ល្បីល្បាញ​មួយរូប ឈ្មោះ​ថា ជេមស៍ ឃ្លើក ម៉ាក់ស្វ៊ែល (James Clerk Maxwell)។ យោងតាម​ម៉ាក់ស្វ៊ែល ទាំង​ពន្លឺ និង​ទាំង​រលកធាតុអាកាសវិទ្យុ គឺ​សុទ្ធសឹង​តែ​ជា​ផ្នែក​​មួយ​នៃ​អេឡិចត្រូម៉ាញេទិច ដែល​អាច​ធ្វើ​ដំណើរ​នៅ​ក្នុងលំហ (រួមទាំងភាព​ទទេ​នៅ​ក្នុង​ទីអវកាស​ផង) ដោយ​មិន​ចាំបាច់​មាន​​​អ្វី​ជា​មធ្យោបាយ​ចម្លង​ទាំងអស់។ ក៏ប៉ុន្តែ អ្វីៗ​អស់ទាំងនេះ ស្ថិត​នៅ​ត្រឹមតែ​ជា​ទ្រឹស្តី និង​ជា​សមីការ​គណិតវិទ្យាតែ​ប៉ុណ្ណោះ។

រហូត​ទាល់តែ​ដល់​ចន្លោះ​ពីឆ្នាំ១៨៨៦​ដល់​ឆ្នាំ១៨៨៩ ទើប​ ហាន់រីស្ហ ហ៊ែត្ស៍ បាន​ធ្វើ​ពិសោធន៍​ជាក់ស្តែង ហើយ​បញ្ជាក់​បាន​ច្បាស់លាស់​ថា រលកធាតុអាកាស​នៃ​អេឡិចត្រូម៉ាញេទិច ក្នុងនោះ រួមទាំង​រលកធាតុ​អាកាស​វិទ្យុផង ដែល​ព្យាករ​ដោយ​ម៉ាក់ស្វ៊ែល គឺ​ពិតជា​មាន​ពិតប្រាកដ​មែន។

ក្រោយ​ពី​បាន​ដឹង​អំពី​លទ្ធផល​នៃ​ការ​ធ្វើ​ពិសោធន៍​របស់​​ហ៊ែត្ស៍​នេះ នីកូឡា តេសឡា ក៏​បាន​ចាប់ផ្តើមផ្តោត​​ការ​សិក្សា​អំពី​រលកធាតុ​អាកាស​អេឡិចត្រូម៉ាញេទិច​នេះ ដោយ​នៅ​ពេលនោះ តេសឡា​ងប់ងល់​តែ​នឹង​គំនិតមួយ គឺ​ធ្វើយ៉ាងណា​ស្វែងរក​វិធី​បញ្ជូន​និង​ទទួល​ថាមពល​ដោយ​មិន​ចាំបាច់​ប្រើ​ខ្សែ មិនត្រឹមតែ​ដើម្បី​អាច​បញ្ជូន​សារនោះទេ តែ​សំខាន់​ជាងនេះ​ទៅទៀត គឺ​អាច​ចែកចាយ​ថាមពល​អគ្គិសនី ដោយ​មិន​ចាំបាច់​ប្រើ​ខ្សែភ្លើង។

នីកូឡា តេសឡា ចាប់ផ្តើម​រកឃើញ​នូវ​គំនិត​ខ្លះៗ ទាក់​ទង​នឹង​បច្ចេកវិទ្យា​បញ្ជូន​និង​ទទួល​សញ្ញា​តាម​រលកធាតុ​អាកាស ចាប់តាំង​ពី​ឆ្នាំ១៨៩២ ហើយ​រហូត​ឈាន​ទៅ​ផលិត​បាន​ទូកមួយ​ដែល​អាច​បញ្ជា​ពី​ចម្ងាយ​ដោយ​ប្រើ​​ទូរបញ្ជា ឬ​តេឡេកុម្ម៉ង់ នៅ​ឆ្នាំ១៨៩៨។ ក៏ប៉ុន្តែ នៅ​ក្នុង​អំឡុង​ពេលនោះ អ្នក​វិទ្យាសាស្រ្ត​ជាច្រើន​ផ្សេងទៀត ក៏​កំពុងតែ​ធ្វើការ​សិក្សា​ទៅលើ​រលកធាតុអាកាស​វិទ្យុ​នេះ​ដែរ ក្នុងនោះ រួមមាន​អ្ន​កវិទ្យាសាស្រ្ត​​បារាំង រុស្ស៊ី និង​ជាពិសេស វិស្វករអគ្គិសនី​ជនជាតិ​អ៊ីតាលី​​ឈ្មោះ​ថា ហ្គូលីយែលម៉ូ ម៉ាកូនី (Guglielmo Marconi)។

ម៉ាកូនី ដែល​មាន​ដើមកំណើត​នៅ​អ៊ីតាលី តែ​រស់​នៅ​ក្នុង​ប្រទេស​អង់គ្លេស បានរក​ឃើញ​បច្ចេកវិទ្យា​បញ្ជូន​សារ​តាម​រលកធាតុអាកាស​វិទ្យុ ហើយ​បាន​ចុះ​វិញ្ញាបនបត្រ​តក្កកម្ម​ នៅ​ក្នុង​ប្រទេស​អង់គ្លេស នៅ​ឆ្នាំ​១៨៩៧។ ម៉ាកូនី បាន​ជាប់​ឈ្មោះ​ជា​អ្នក​បង្កើត​បច្ចេកវិទ្យា​ទំនាក់ទំនង​តាម​វិទ្យុ​រហូត​មក​ទល់​នឹង​សព្វថ្ងៃ គឺ​ដោយសារ​តែ​បច្ចេកវិទ្យា​ដែល​ម៉ាកូនី​បាន​រកឃើញ ត្រូវ​បាន​ម៉ាកូនី​​យក​ទៅ​ប្រើប្រាស់​ក្នុង​ការអនុវត្ត​ជាក់ស្តែង​ដោយ​ជោគជ័យ​ តាមរយៈ​ការ​បង្កើត​​ក្រុមហ៊ុន​​ទូរលេខ​ឥតខ្សែ​មួយ​នៅ​អង់គ្លេស គឺក្រុមហ៊ុន Marconi Company Ltd. (ចាប់ផ្តើមដំបូង​ ក្រុមហ៊ុន​នេះ​មាន​ឈ្មោះ​ថា Wireless Telegraph & Signal Company)។

ផ្ទុយ​ពីនេះ​ទៅវិញ អ្វី​ដែល​នីកូឡា តេសឡា បាន​រកឃើញ គឺ​បាន​ត្រឹមតែ​យក​​ទៅ​បង្ហាញ​ឲ្យ​សាធារណជន​ឃើញ​ជា​គំរូ​តែ​ប៉ុណ្ណោះ។ តេសឡា​បាន​ព្យាយាមស្វះស្វែង​រក​ទុនវិនិយោគ យក​មក​​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់​ខ្លួន ដើម្បី​យក​ទៅ​ធ្វើ​អាជីវកម្ម ក៏ប៉ុន្តែ មិន​បាន​ជោគជ័យ។

តាមការពិត នីកូឡា តេសឡា អាច​រកបាន​ទុនវិនិយោគ​មួយ​ជំហាន​ដំបូង​ដែរ​ ពី​សំណាក់​អ្នកវិនិយោគ ជេភី ម័រហ្គែន ដើម្បី​យក​ទៅ​ចំណាយ​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនាក់ទំនង​តាម​រលកធាតុអាកាស ហើយ​​តេសឡា​បាន​សាងសង់​ប៉ម​ដ៏​ខ្ពស់​មួយ នៅ​ Long Island (រដ្ឋ​ញូយ៉ក) ដើម្បី​ធ្វើ​ជា​អង់តែន សម្រាប់​ប្រព័ន្ធ​ទាក់ទង​តាមរលកធាតុ​អាកាស​ទៅកាន់​គ្រប់​កន្លែង​នៅ​ទូទាំង​ពិភពលោក​ទាំងមូល។

ក៏ប៉ុន្តែ នៅ​ពីក្រោយ​គម្រោង​ប្រព័ន្ធ​ទាក់ទង​នេះ នីកូឡា តេសឡា នៅតែ​​​ងប់ងល់​នឹង​គំនិត​​ចង់​​បង្កើត​ប្រព័ន្ធ​ចែកចាយ​ថាមពល​អគ្គិសនី​​តាមរលកធាតុអាកាស ដោយ​មិន​ចាំបាច់​ប្រើ​ខ្សែភ្លើង ដែល​ជា​គម្រោង​ត្រូវការ​ចំណាយ​លុយ​ច្រើន។ ហេតុដូច្នេះហើយ​បាន​ជា​​ក្នុង​រយៈពេល​ត្រឹមតែ​​មួយ​ឆ្នាំ នៅ​ក្នុង​ពេល​ដែល​ប្រព័ន្ធទាក់ទង​តាម​រលកធាតុ​អាកាស​នៅ​មិន​ទាន់​អាច​ដំណើរការ​​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​បាន​នៅឡើយ ​តេសឡា​ត្រូវ​​អស់​លុយ ហើយ​ត្រូវ​ត្រឡប់​ទៅ​រក​លុយ​ពី​អ្នក​វិនិយោគ​សាជាថ្មី​ម្តងទៀត។

នៅ​ក្នុងពេលនោះ ហ្គូលីយែលម៉ូ ម៉ាកូនី បាន​ពង្រីក​មុខជំនួញ​ពី​អង់គ្លេស​ចូល​​មក​បើក​ក្រុមហ៊ុន​នៅ​ញូយ៉ក ហើយ​ក្នុង​ពេល​ជាមួយគ្នា ម៉ាកូនី​បាន​ធ្វើ​តេស្ត​ប្រកប​ដោយ​ជោគជ័យ ក្នុងការ​បញ្ជូន​ទូរលេខ​ឥតខ្សែ​ឆ្លងកាត់​មហាសមុទ្រ​អាត្លង់ទិក​ជាលើកដំបូង​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។ ជោគជ័យ​នេះ​បាន​ទាក់ទាញ​​​អ្នក​វិនិយោគ​អាមេរិក​​ ក្នុងនោះ​រួមមាន​ទាំង​លោក​ ជេភី ម័រហ្គែន​ផង ឲ្យ​នាំគ្នា​បោះទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​របស់​ម៉ាកូនី ដោយ​មិន​រវីរវល់​នឹង​គម្រោង​របស់​នីកូឡា តេសឡា។

គិតត្រឹម​ឆ្នាំ១៩០៤ ដោយ​លុយ​ក៏​អស់ ហើយ​អ្នក​វិនិយោគ​ថ្មី​ក៏​គ្មាន នីកូឡា តេសឡា ក៏​បាន​បោះបង់​គម្រោង​សាងសង់​ប្រព័ន្ធ​ទាក់ទង​តាម​រលកធាតុ​អាកាសរបស់​ខ្លួន​ចោល។ ៥ឆ្នាំក្រោយ​មក​ទៀត នៅ​ឆ្នាំ១៩០៩ ហ្គូលីយែលម៉ូ ម៉ាកូនី បាន​ទទួល​រង្វាន់ណូបែល​រូបវិទ្យា ទាក់ទង​នឹង​ស្នាដៃ​បង្កើត​បច្ចេកវិទ្យា​ទូរលេខ​ឥតខ្សែ ក្នុងពេល​ដែល​​តេសឡា​ត្រូវ​រស់​នៅ​ក្នុង​សភាព​ឯកោ ទ្រព្យសម្បត្តិ​ក៏​អស់ មុខជំនួញ​ក៏​លែង​មាន ហើយ​គម្រោង​ស្រាវជ្រាវ​អ្វីផ្សេងទៀត​ក៏​មិន​ដំណើរការ​ទៅមុខ​ដោយ​ខ្វះលុយ ហើយ​គ្មាន​អ្នក​បោះទុនវិនិយោគ។

នៅ​ឆ្នាំ១៩១៥ នីកូឡា តេសឡា បាន​​ប្តឹង​ទៅ​តុលាការ​អាមេរិក ដោយ​ចោទ​​ម៉ាកូនី​ថា​បាន​លួច​ចម្លង​ស្នាដៃ​របស់​ខ្លួន ក៏ប៉ុន្តែ បណ្តឹងនេះ​ក៏​មិន​បាន​លទ្ធផលអ្វី​នោះដែរ ដោយសារ​តែ​តេសឡា​ខ្វះខាត​លុយ ហើយ​គ្មាន​លទ្ធភាព​ក្នុងការ​បន្ត​ក្តីក្តាំ​ទល់​នឹង​ម៉ាកូនី។ រហូត​ទាល់តែ​ជិត ៣០ឆ្នាំ​ក្រោយ​មក គឺ​នៅខែមិថុនា​​ឆ្នាំ១៩៤៣ ទើប​តុលាការ​កំពូល​អាមេរិក​បាន​ចេញសេចក្តីសម្រេច​មួយ ដោយ​កំណត់​ថា ថ្វីដ្បិត​តែ​ម៉ាកូនី​ជា​អ្នក​ដែល​បាន​បង្កើត​បច្ចេកវិទ្យា​ទូរលេខ​ឥតខ្សែ​មុនគេ ក៏ប៉ុន្តែ ផ្នែក​ខ្លះ​នៃ​បច្ចេកវិទ្យា​នេះ គឺ​ជា​ការ​ចម្លង​ចេញ​ពី​ស្នាដៃ​របស់​នីកូឡា តេសឡា។

ក៏ប៉ុន្តែ រហូតមក​ទល់​នឹង​ពេលនោះ តេសឡា​លែង​មាន​វត្តមាន​នៅលើ​ភពផែនដី​ទៀតហើយ។ នីកូឡា តេសឡា បាន​ទទួលមរណភាព​ក្នុង​សភាព​ឯកោ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​​​ក្នុង​ទីក្រុង​ញូយ៉ក នៅថ្ងៃ​៧ ខែមករា ឆ្នាំ១៩៤៣ នៅ​ក្នុង​វ័យ ៨៦ឆ្នាំ៕

  • នីកូឡា តេសឡា ​និងចរន្តឆ្លាស់ (AC)

    នីកូឡា តេសឡា ​និងចរន្តឆ្លាស់ (AC)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់ នីកូឡា តេសឡា (Nikolas Tesla) ជា​បន្ត​ទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​ដ៏​​សំខាន់ …

  • នីកូឡា តេសឡា (១៨៥៦-១៩៤៣)

    នីកូឡា តេសឡា (១៨៥៦-១៩៤៣)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​​ឥស្សរជន​ដ៏ល្បីឈ្មោះ​​មួយ​រូបទៀត ដែល​បាន​ដើរតួនាទី​ដ៏សំខាន់ នៅ​ក្នុង​ការរកឃើញ​គំនិត​ថ្មីៗ​ជាច្រើន​​ទាក់ទង​នឹង​​ថាមពល​អគ្គិសនី …

  • ថូម៉ាស់ អេឌីសុន ​និង​ស្នាដៃ​ខាង​អគ្គិសនី

    ថូម៉ាស់ អេឌីសុន ​និង​ស្នាដៃ​ខាង​អគ្គិសនី

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់​​លោក​ថូម៉ាស់ អេឌីសុន (Thomas Edison) តទៅទៀត ដោយ​សូម​លើកឡើង …

  • ថូម៉ាស់ អេឌីសុន ​(១៨៤៧-១៩៣១)

    ថូម៉ាស់ អេឌីសុន ​(១៨៤៧-១៩៣១)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ប្រវត្តិ​​ឥស្សរជន​ដ៏ល្បីឈ្មោះ​​មួយ​រូបទៀត ដែល​បាន​ដើរតួនាទី​ដ៏សំខាន់ នៅ​ក្នុង​ការរកឃើញ​គំនិត​ថ្មីៗ​ជាច្រើន​​ទាក់ទង​នឹង​​ថាមពល​អគ្គិសនី …

  • ម៉ៃឃើល ហ្វារ៉ាដេ ​និង​ស្នាដៃ​សំខាន់ៗ​ខាង​អគ្គិសនី

    ម៉ៃឃើល ហ្វារ៉ាដេ ​និង​ស្នាដៃ​សំខាន់ៗ​ខាង​អគ្គិសនី

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​ ​អំពី​ប្រវត្តិ​​របស់​​លោក​ម៉ៃឃើល ហ្វារ៉ាដេ (Michael Faraday)​ ជា​បន្តទៀត ដោយ​សូមលើក​ឡើង …

  • ម៉ៃឃើល ហ្វារ៉ាដេ ​(១៧៩១-១៨៦៧)

    ម៉ៃឃើល ហ្វារ៉ាដេ ​(១៧៩១-១៨៦៧)

    នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា លើកឡើង​អំពី​ប្រវត្តិ​អ្នក​វិទ្យាសាស្រ្ត​ដ៏ល្បីល្បាញ​មួយ​រូប​ ដែល​បាន​ដើរតួនាទី​ដ៏សំខាន់ នៅ​ក្នុង​ការរកឃើញ​ថាមពល​អគ្គិសនី …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ