អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពលរដ្ឋ​កូរ៉េខាងត្បូង​​សុខចិត្ត​ឃុំឃាំង​ខ្លួនឯង​ ដើម្បី​គេចផុត​ពី​ជីវិត​ដ៏សែនរវល់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាទូទៅ​ មនុស្ស​ស្រលាញ់​សេរីភាព​ ហើយ​មន្ទីរ​ឃុំឃាំង​គឺជា​កន្លែងមួយ​ ដែល​មនុស្ស​ម្នា ​ភាគច្រើន​ប្រាថ្នា​គេចចេញ​ឲ្យឆ្ងាយ​។ ផ្ទុយទៅវិញ​ ប្រជាជន​កូរ៉េខាងត្បូង​មួយចំនួន​ នាពេល​បច្ចុប្បន្ននេះ​ បែរ​ជា​ជ្រើសរើស​យក​ការ​ឃុំខ្លួន​នៅក្នុង​មន្ទីរ​ឃុំឃាំងសិប្បនិម្មិត​ទៅវិញ​ ធ្វើយ៉ាងណា​ដើម្បីតែ​អាច​មាន​ពេលសម្រាក​ពី​ជីវិត​ការងារ​ ដ៏​មមាញឹក​ប្រចាំ​ថ្ងៃ​បាន​។តើ​ជីវិត​ការងារ​ ក្នុង​ប្រទេស​កូរ៉េខាងត្បូង​រវល់ខ្លាំង​ និង​ពិបាក​ដល់​កម្រិត​ណាទៅ​ ទើបបាន​ជា​ពលរដ្ឋ​កូរ៉េខាងត្បូង​ ស្ម័គ្រចិត្តបោះបង់សេរីភាពខ្លួនឯងបែបនេះ?

ពលរដ្ឋកូរ៉េម្នាក់ ដែលកពុងស្នាក់នៅក្នុងមន្ទីរឃុំឃាំងសប្បនិម្មិត Prison Inside Me
ពលរដ្ឋកូរ៉េម្នាក់ ដែលកពុងស្នាក់នៅក្នុងមន្ទីរឃុំឃាំងសប្បនិម្មិត Prison Inside Me REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងត្បូង​ មាន​វប្បធម៌​ធ្វើការងារច្រើន​មិនចាញ់​ប្រទេសជប៉ុន​

នៅពេល​ដែល​និយាយ​ពី​ប្រទេស​ ដែល​មាន​ប្រជាជន​ទម្លាប់​ធ្វើ​ការងារ​ច្រើន​ គេ​ប្រាកដជា​ នឹកឃើញ​មុនគេ​ដល់​ប្រជាជន​ជប៉ុន​ជាមិនខាន​។ ក៏ប៉ុន្តែ​ គេ​ក៏​ត្រូវ​ដឹង​ដែរថា​ វប្បធម៌​ធ្វើ​ការងារ​ច្រើន​ ក៏​ត្រូវបាន​អនុវត្ត​ផងដែរ​ នៅក្នុង​ប្រទេស​អាស៊ី​ក្បែរខាង​ជប៉ុន​ ដែល​ជាប់​ចំណាត់ថ្នាក់​សេដ្ឋកិច្ច​ធំជាងគេ​ទី១១​លើលោក​ នោះ​គឺ​ប្រទេស​កូរ៉េខាងត្បូង​។

មានឈ្មោះ​ជា​ប្រទេស​ស្ងប់ស្ងាត់​នៅពេល​ព្រឹក​ ដោយសារ​សម្រស់​ដ៏​ស្រស់ស្អាត​នៃ ធម្មជាតិ​ជុំជិត ប៉ុន្តែ​ជីវិត​រស់នៅ​របស់​ប្រជាជន​កូរ៉េ​ នា​បច្ចុប្បន្ន​នេះ​មិន​ស្ងប់ស្ងាត់​ ដូច​នាម​របស់ប្រទេសនោះទេ​។ សង្គម​ការងារ​កូរ៉េ​មាន​លក្ខណៈ​ប្រកួត​ប្រជែងខ្លាំង​ ដូច្នោះហើយ​ចង់​ ឬ​មិនចង់​ ដើម្បី​មាន​ការងារ​ល្អ​សមរម្យ​ ដើម្បី​ចិញ្ចឹម​ជីវិត​ ប្រជា​ពលរដ្ឋ​កូរ៉េ ​ត្រូវ​ទម្លាប់​ធ្វើការ​ល្អ​ ច្រើន​និង​លឿនរហ័ស​។

វា​រឿងធម្មតា​ទៅហើយ​ ដែល​ប្រជាជន​កូរ៉េ​ខាងត្បូង​មានទម្លាប់​ធ្វើការ ១១​ម៉ោង ឬច្រើនជាងនេះ​ ក្នុងមួយថ្ងៃ​។ បរិមាណ​នេះ​គឺ​វា​ច្រើនជាង ប្រទេសបារាំងស៊ឹងតែ​ពីរដង​ទៅហើយ​ ដែល​ជា​ធម្មតា​នយោជិត​ធ្វើការ​រយៈពេល​ ៧ ​ម៉ោង​ក្នុងមួយថ្ងៃ​ប៉ុណ្ណោះ។

បន្ទុក​ការងារ​ដ៏ច្រើន​ និង​ទំហំ​ដ៏ធំ​នៃ​ភាព​តានតឹង​ បាន​ធ្វើឲ្យ​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ ផ្តើម​ហត់នឿយ​នឹង​ជីវិត​ប្រចាំថ្ងៃ​ កាន់តែ​ខ្លាំងឡើងៗ​។ មិនតែ​ប៉ុណ្ណោះ​ ភាពនឿយហត់​នេះ​ វាបាន​និងកំពុង​ធ្វើឲ្យ​ពួកគេ​មួយចំនួន​សម្រេចចិត្ត​ឃុំខ្លួន​ឯង​ ក្នុង​មន្ទីរឃុំឃាំង​សប្បនិម្មិត​ទៀតផង​ដើម្បី​គេចឲ្យផុត​ចេញពី​សង្គម​ការងារ​ដ៏តានតឹង​។

មន្ទីរ​ឃុំឃាំង​សប្បនិម្មិត​ ផ្តល់ឱ្យ​ប្រជាជន​កូរ៉េ​នូវ​សន្តិភាព​ និង​សេរីភាព​ផ្លូវចិត្ត​

តើ​វាមាន​អារម្មណ៍​យ៉ាងណា​ ចំណាយ​ពេល​១ ថ្ងៃ​ ២ថ្ងៃ​ ឬ៧ថ្ងៃ​ ឃុំខ្លួន​ក្នុង​មន្ទីរឃុំឃាំង​សប្បនិម្មិត​ សម្រាប់​ពលរដ្ឋ​កូរ៉េ​? វា​ជារឿង​ពិបាកនឹង​យល់​ ក៏ប៉ុន្តែ​ វា​ក៏​មិនមែន​ជារឿង​ភ្ញាក់ផ្អើល​អ្វីដែរ ​នៅ​ក្នុង​សង្គមកូរ៉េ​។

ដើម្បី​គេចផុតពី​ជីវិតការងារ​ ដែល​ពោរពេញ​ទៅដោយ​ភាពតានតឹង​ និង​ក្តីកង្វល់​គរ​ដូចភ្នំ​ ជនជាតិកូរ៉េ​ បានសុខចិត្ត​ ទៅរស់នៅ​ក្នុងមន្ទីរឃុំឃាំង​សប្បនិម្មិត​ មួយរយៈពេលខ្លី​ក្នុងគោលបំណង​ ដកឃ្លា​ចេញពី​ជីវិត​បែបសម័យ​ទំនើប​ និង​ដើម្បី​អាច​ស្វែងយល់​ពី​ខ្លួន​ និង​ដំណើរជីវិត​ នាពេល​កន្លងមក​។

សូមជ្រាបថា​ ដើម្បី​អាច​មករស់នៅ​ក្នុងមន្ទីរ​ឃុំឃាំង​សិប្បនិម្មិត​នេះ​ អតិថិជន​កូរ៉េ​ម្នាក់​ ត្រូវ​បង់ប្រាក់​ចំនួន​៩០​ ដុល្លារ​ ក្នុង​រយៈពេល​មួយ​ថ្ងៃ​ ។ មន្ទីរឃុំឃាំង​សប្បនិម្មិត​នេះ​ មាន​ទីតាំង​ ស្ថិតនៅ​ភាគឦសាន​នៃ​ទីក្រុង​សេអ៊ូល​ និង​ចាប់ផ្តើម​ដំណើរការ​ ដំបូង​ក្នុងឆ្នាំ​២០១៣​។ រហូត​មក ដល់​ពេលនេះ​ មាន​ពលរដ្ឋ​កូរ៉េ​ចំនួន​ ២ ០០០​ អ្នក​ហើយ​ ដែល​បាន​ជ្រើសរើស​យក​ ទីនេះ​ ជា​កន្លែង​សម្រាប់​រត់គេច​ចេញពី​ពិភពខា​ងក្រៅ​រយៈពេល​ខ្លី​ និង​ដើម្បី​ ព្យាបាល​ភាព​តប់ប្រមល់​ដោយសារ​ជីវិតការងារ​និងសង្គមគ្រួសារ​។

ពលរដ្ឋកូរ៉េ​ មួយចំនួន​និយាយថា​ ការ​ប្រើប្រាស់​ជីវិត​មួយ​រយៈពេលខ្លី​ ក្នុង​មន្ទីរ​ឃុំឃាំង​សប្បនិម្មិត​ ជួយឲ្យ​ពួកគេ​មាន​សន្តិភាព​ផ្លូវចិត្ត​ លែង​ខ្វល់​លែង​បារម្ភខ្លាំង​ហួសហេតុ ​អំពី​ទំនួលខុស​ត្រូវ​ការងារ​ និង​ជីវភាព​ប្រចាំថ្ងៃ​។

នេះ​ក៏ដោយសារ​តែ​ ច្បាប់​រស់នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​សប្បនិម្មិត មាន​ភាពតឹងរ៉ឹង​ខ្លាំង​។ នៅទីនោះ​ ពួកគេ​ត្រូវ​សម្រាក​លើ​ឥដ្ឋ​ ក្នុង​បន្ទប់​ដែល​ស្ងប់ស្ងាត់​បិតជិត​ ទំហំ​ប្រាំម៉ែត​ការ៉េ​។ ភាគច្រើន​នៃ​ពេលវេលា​ដែល​ត្រូវ​ចំណាយ​នៅក្នុង​មន្ទីរឃុំឃាំង​សិប្បនិម្មិត​នេះ​ គេ​ត្រូវ​ស្ថិតនៅ​ក្រោម​ការ​បង្ខាំង​នៅ​ក្នុង​បន្ទប់​ ហាត់​យូហ្គា​ រៀន​លត់ដំ​ផ្លូវចិត្ត​ និង​សរសេរ​ កំណត់ហេតុ​ប្រចាំថ្ងៃ​។ នៅ​ទីនោះ​ ពួកគេ​មិន​ត្រូវបាន​អនុញ្ញាត​ ឲ្យ​ប្រើប្រាស់​សម្ភារៈ​ បច្ចេកវិទ្យា​ ដូចជា​ទូរស័ព្ទដៃ​ ឬ​នាឡិកា​ឡើយ​ ហើយ​ពួកគេ​ ក៏​មិនអាច​និយាយ​រកគ្នា​បានឡើយ​។

សូម​ជម្រាប​ជូនថា​ ដោយសារ​តែ​មើលឃើញ​ ពី​វិបត្តិ​សង្គម​មួយនេះ​ ចាប់​ផ្តើម​រីក​សាយភាយ​ នៅក្នុង​ប្រទេស​បែបនេះ​ហើយ​ ទើប​រដ្ឋការ​លោក​ប្រធានាធិបតី​ម៉ូន​ ចែអ៊ីន​ ងាកមក​យកចិត្ត​ ទុកដាក់​ជាខ្លាំង​ លើ​គោលនយោបាយ​បង្កើន​តុល្យភាព​ ជីវិត​ ផ្ទាល់ខ្លួន​និង​ជីវិត​ការងារ​ របស់​ពលរដ្ឋ​កូរ៉េខាងត្បូង​។ ជាក់ស្តែង​ កាលពី​ឆ្នាំ​២០១៧​ កន្លងទៅ​ថ្មីៗ​នេះ​ ដើម្បី​ជួយ​ នយោជិត​កូរ៉េ​ឲ្យ​ធ្វើការ​តិចម៉ោង​ និង​រកប្រាក់​កំរៃ បានច្រើន​ ជាងមុន​ រដ្ឋាភិបាល​ កូរ៉េខាងត្បូង​ បានដំឡើង​ប្រាក់ឈ្នួល​អប្បបរមា ហើយនិង​កាត់បន្ថយ​ម៉ោងធ្វើការ​ ពី​ចំនួន​ ៦៨​ ម៉ោង​ ក្នុងមួយសប្តាហ៍​ មកត្រឹម​៥២​ម៉ោងវិញ​ ឬអាច​និយាយ​ម្យ៉ាងទៀត​ថា​ ពី​ប្រមាណជា ១៣​ ម៉ោង​ក្នុងមួយថ្ងៃ​ ចុះមកត្រឹម​ប្រមាណជា​ ១១​ ម៉ោង​ក្នុង​មួយថ្ងៃ​។

តែទោះជាមានការកាត់បន្ថយម៉ោងធ្វើការមកត្រឹមប្រមាណជា​១១​ម៉ោង​ក្នុង​មួយថ្ងៃ​ យ៉ាងណាក្តី​ ក៏​រដ្ឋមន្រ្តី​សមភាព​យេនឌ័រ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ នៅតែ​គិតថា​ ចំនួន​ ម៉ោង​ធ្វើការ​នេះ​ នៅតែ​មានរយៈ​យូរ​ និង​មិនយុត្តិធម៌​សម្រាប់​បុគ្គលិក​ធ្វើការ​ក្នុង ប្រទេស​ កូរ៉េឡើយ​។ រដ្ឋមន្រ្តី​សមភាព​យេនឌ័រកូរ៉េ​ បាន​អះអាង​ទៀតថា​ បន្ទុកការងារ​ច្រើន​របស់​ ប្រជាជន​ ជា​មូលហេតុ​ចម្បងមួយ​ ដែល​ធ្វើឲ្យ​អត្រា​កំណើត​ ក្នុង​ប្រទេស​ធ្លាក់ចុះ​ ហើយ​ ចំនួន​មនុស្សចាស់​កើនឡើង​ ដែល​ជាហេតុ​ ធ្វើឲ្យ​ប៉ះពាល់​ដល់សេដ្ឋកិច្ច​ ប្រទេស​កូរ៉េ ខាងត្បូង​ នាពេល​អនាគត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ