អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​ព្យុះសង្ឃរា​ ​Havey ​សម្លាប់​​មនុស្ស​​២នាក់​​នៅ​​តិចសាស់​ និង​​កំពុង​​​បង្ក​​គ្រោះ​ទឹកជំនន់​​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មនុស្ស​២នាក់​បានស្លាប់ និង​ច្រើននាក់​ទៀត​បានរងរបួស ដោយគ្រោះ​ព្យុះសង្ឃរា Havey នៅ​រដ្ឋ​តិចសាស់ ភាគខាងត្បូង​សហរដ្ឋ​អាមេរិក។ ​ព្យុះ Havey បាន​​​​​បោកបក់​នៅតិចសាស់​ នៅ​​​ថ្ងៃ​សុក្រ ពេលនេះ​​បាន​បន្ថយ​ឥទ្ធិពល​មកនៅ​ត្រឹម​កម្រិត​ព្យុះត្រូពិក។ អាជ្ញាធរ​អាមេរិក​កំពុង​បារម្ភថា ​ភ្លៀងដែល​បន្ត​​​ធ្លាក់​ជោគជាំ​ច្រើនថ្ងៃ​ទៅនេះ អាច​បង្កអោយ​មាន​មហន្តរាយ​ទឹកជំនន់​បាន។

បុរសម្នាក់​កំពុង​ដើរ​កាត់ទឹក​លិច នៅក្រុង ​Rockport  រដ្ឋតិចសាស់ ​​
បុរសម្នាក់​កំពុង​ដើរ​កាត់ទឹក​លិច នៅក្រុង ​Rockport រដ្ឋតិចសាស់ ​​ REUTERS/Adrees Latif
ផ្សាយពាណិជ្ជកម្ម

​ព្យុះHavey បន្ថយឥទ្ធិពលមកនៅត្រឹមកម្រិតព្យុះត្រូពិក ប៉ុន្តែ ភ្លៀងធ្លាក់ច្រើនថ្ងៃ អាច​បង្ក​ជាគ្រោះទឹកជំនន់

ព្យុះ Haveyនេះ ជាព្យុះ​មានអានុភាពដល់ទៅ​​កម្រិត​៤ ក្នុងចំណោម​​កម្រិតសរុបចំនួន​៥។ ដូច្នេះ វាជាព្យុះ​មាន​កម្លាំងខ្លាំង​បំផុត ដែល​វាយប្រហារ​សហរដ្ឋ​អាមេរិក បើ​យើង​គិត​តាំងពីឆ្នាំ​២០០៥មក គឺគិតតាំង​ពីអាមេរិក​រងការវាយប្រហារ​ដោយ​​​ព្យុះ​កាទ្រីណា សម្លាប់​មនុស្ស​ជាង​​​១៨០០នាក់ នៅ​ឆ្នាំ២០០៥។ ​ព្យុះ​ Havey នៅតិចសាស់ សប្តាហ៍​នេះ ​ សម្លាប់​មនុស្ស​តិចជាង​ព្យុះកាទ្រីណា ដោយសារ​អាមេរិ​កត្រៀមវិធានការការពារ​​ទុក​មុន។ ប៉ុន្តែ ព្យុះ​នេះ​មានកម្រិត​៤ ដូច្នេះ វា​ក៏​បង្កការខូចខាត​គួរសម​ដែរ។

ព្យុះ​ Havey បាន​កាត់ផ្តាច់​អគ្គិសនី ​ធ្វើអោយ​មនុស្ស​២សែន៣ម៉ឺននាក់​គ្មានអគ្គិសនី​ប្រើប្រាស់។ ពួកគេ​ត្រូវនៅចាំ​ច្រើនថ្ងៃទៀត ដើម្បី​អាច​មានភ្លើងប្រើ​វិញ។ ​ទីតាំង​សហគ្រាស និង​ផ្ទះសម្បែង​ច្រើនខ្នង ​ក៏​បាន​រងការ​​បំផ្លាញធ្ងន់ធ្ងរដែរ។ ពន្ធនាគារ​មួយកន្លែង​​​មានអ្នកសទោស​៤៥០០នាក់ ​នៅរ៉ូស្ហារ៉ុន ​ភាគខាងត្បូង ហុសស្តុន ​ក៏ត្រូវបាន​គេជម្លៀស​ដែរ ដោយសារ​តែ​ទឹក​កើនកម្ពស់​នៅទីនោះ។ ​​​

ពេលនេះដែរ ​អាជ្ញាធរ​បារម្ភ​ពី​ទីតាំង​កំពង់ផែផ្សេងៗ​នៅ​តិចសាស់ ព្រោះ​វាជា​ទីតាំង​សេដ្ឋកិច្ចសំខាន់។ នៅ​ឆ្នេរ​តិចសាស់ មាន​ទីតាំង​ចម្រាញ់​ប្រេង​ ហើយ​លទ្ធភាពចម្រាញ់​ប្រេង​វិញ គឺ​មាន​ដល់ទៅ​ជិត​១ភាគ៣ គិតទូទាំង​សហរដ្ឋអាមេរិក។ បើនិយាយ​ពី​ឈូងម៉ិចស៊ិកវិញ ការ​ផលិតប្រេង គឺ​មា​នដល់ទៅ​២០ភាគរយ​ឯណោះ។ ថ្ងៃសៅរ៍ ​ម្សិលមិញ អាជ្ញាធរ​បា​នជម្លៀសទីតាំង​ឧស្សាហកម្ម​ផ្សេងៗ​នៅទីនោះ។ ​ឥឡូវព្យុះ Haveyថយឥទ្ធិពល​មកនៅ​ត្រឹម​​ព្យុះត្រូពិកមែន តែ​ភ្លៀង​នៅតែ​ធ្លាក់ជោគជាំ ហើយ​អាច​ធ្លាក់ច្រើនថ្ងៃ​ទៀត គឺ​​រហូត​ដល់​ថ្ងៃព្រហស្បតិ៍​ខាងមុខ​នេះ។ ដូច្នេះ វា​អាច​បង្ក​ជា​ទឹកជំនន់​ធ្ងន់ធ្ងរ​ អាច​សម្លាប់​ម​នុស្ស​បាន។ ​យោងតាម​ផ្នែក​ឧតុនិយម ទឹកភ្លៀង​ធ្លាក់ជោគជាំ​អាច​បង្ក​អោយ​កម្ពស់ទឹក​ដែល​លិច​តាមផ្លូវនោះ​ឡើងដល់​មួយម៉ែត្រ តាម​កន្លែង​មួយចំនួន។

អាជ្ញាធរ​កំពុង​មមាញឹក​ដៃជើង ក្នុង​ប្រតិបត្តិការ​សង្គ្រោះ ដោះស្រាយ​បញ្ហា​ ព្រោះថា អាមេរិក​មាន​មេរៀន​ពី​​​​​មហន្តរាយ​​ព្យុះ​សង្ឃរា កាទ្រីណា កាលពី​ឆ្នាំ២០០៥រួចហើយ។ ព្យុះកាទ្រីណា​កាលនោះ​បង្ក​ការខូចខាត​សម្បើម​ណាស់ គឺបាន​សម្លាប់​មនុស្ស​ជាង​១៨០០នាក់ ​និង​បំផ្លាញ​ទាំងស្រុង​សង្កាត់​ផ្សេងៗ ​នៅ​នូវែលអរឡេអង់ និង​ល្វីស្យាន។ កាលនោះ អាជ្ញាធរ​​មិនសូវ​ជាបានត្រៀមវិធានការ​ទុកមុនទេ។ កាលនោះ​ដែរ ប្រធានាធិបតី​ហ្ស៊ក ដាប់ប៊ែលយូ ប៊ុស្ហ ​ត្រូវគេ​ចោទប្រកាន់​ថា ​រើសអើង​ប្រជាជន​ក្រីក្រ និង​ប្រជាជន​ស្បែកខ្មៅ ក្នុង​តំបន់​ទៀតផង ទើប​បានជា​មាន​មហន្តរា​យធ្ងន់​បែបនេះ។ ​ប្រធានាធិបតី​ដូណាល់ ត្រាំ មិនអាច​អាច​អោយ​អាមេរិ​កជួបផលវិបាក​ដូច​ឆ្នាំ២០០៥ទេ មិនអាច​​អោយ​គេរិះគន់​លោក​ថា អសមត្ថភាព​ជួយប្រជាជនទេ។ ​លោកត្រាំ​បាន​ចុះហត្ថលេខា​លើសេចក្តី​ប្រកាសអំពីគ្រោះ​មហន្តរាយ​ធម្មជាតិ តាំងពី​ថ្ងៃសុក្រ​ម្ល៉េះ។ លោក​បាន​អំពាវនាវ​អោយ​នៅ​តែ​សកម្ម​ក្នុង​​ប្រតិបត្តិការ​​សង្គ្រោះ​ ព្រោះថា​​ភ្លៀង​នៅតែ​បន្តជោគជាំ​ច្រើនថ្ងៃទៀត ផលវិបាក​នៃ​ព្យុះ​ Havey មិនទាន់ផុត​​​រលត់​​​ភ្លាមៗទេ។ ​​ ​ ​​

ក្រុមអ្នកវិទ្យាសាស្ត្រ៖ សតវត្ស​ទី២១ ​ព្យុះផ្សេងៗ​ក្នុងពិភពលោកអាច​​កាត់បន្ថយ​ហ្វ្រេកង់ តែ​អាចមាន​អានុភាព​​កាន់តែ​ខ្លាំង

ព្យុះមួយ​អាច​មាន​កម្លាំង​ខ្លាំង ត្រង់នេះ ​យើង​និយាយ​ពី​អានុភាព​ខ្យល់បក់​និង​ភ្លៀង​ធ្លាក់។ ព្យុះ​មានកម្លាំងខ្លាំងបាន​មកពី​មូលហេតុ​ចំបង​ពីររួមគ្នា គឺថា ពេល​​សីតុណ្ហភាព​ទឹកកើនឡើង ហើយ​កម្រិតសំណើម​​កើនឡើងដែរនោះ នោះ​ព្យុះ​នឹង​កាន់តែ​ខ្លាំង។ ក្រុមឧតុនិយម​​លើកមូលហេតុថា ​ការកើនឡើង​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់ ក្នុង​ពិភពលោក​យើងពេលនេះ បាន​ធ្វើអោយ​សីតុណ្ហភាព​កើនឡើងតាមនោះ​ដែរ ដូច្នេះ ព្យុះ​ក្នុង​សតវត្ស​ទី​២១នេះ អាច​នឹង​មាន​កម្លាំង​កាន់តែខ្លាំង។ ​គេ​គិតថា ពេល​សីតុណ្ហភាព​កើនឡើងមួយ​ដឺក្រ​ ​នឹង​មាន​សំណើម​ក្នុង​បរិយាកាស​​ ​៧ភាគរយ​បន្ថែម​ ទៅ​តាមនោះដែរ។ ​

​កំណើន​សីតុណ្ហភាព​នៃ​ភពផែនដី ជាកត្តា​ដែល​ធ្វើអោយ​​ព្យុះ​កាន់តែ​មាន​អានុភាព​​ជាងមុន​​ ធ្វើអោយ​កម្ពស់​ទឹកសមុទ្រ​កើនឡើង។ ដូច្នេះ ពិភពលោក​ត្រូវតែកាត់បន្ថយ​​​​​ឧស្ម័ន​ផ្ទះកញ្ចក់​ ជាចាំបាច់ ដើម្បីកាត់បន្ថយ​​ផលវិបាក​នៃ​មហន្តរាយគ្រោះ​ធម្មជាតិ​ ក្នុង​សតវត្ស​ទី​២១យើងនេះ៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ