អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភាព​ក្រីក្រ​គំរាម​កំហែង​ប្រជាជន​ចំនួន ២០០ លាន​នាក់​នៅ​ទ្វីប​អាមេរិកខាងត្បូង

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចុប្បន្ន​នេះ​ភាព​ក្រី​ក្រ​កំពុង​ប៉ះ​ពាល់​ដល់​ប្រជា​ជន​ប្រមាណ​ ១៤៤​ លាន​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង។​ តួ​លេខ​នេះ​អាច​កើន​ដល់​ ២០០ លាន​នាក់​ស្មើ​នឹង​មួយ​ភាគ​បី​នៃ​ចំនួន​ប្រជា​ជន​សរុប​ក្នុង​តំបន់​ ខណ​ពេល​ដែល​សេដ្ឋ​កិច្ច​របស់​បណ្តា​ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ពុំ​សូវ​កើន​ឡើង​ខ្លាំង​។ ​កម្ម​វិធី​សហ​ប្រជា​ជាតិ​សម្រាប់​ការ​អភិ​វឌ្ឈន៍​បាន​ប្រកាស​ភាព​អាសន្ន​បែប​នេះ​នៅ​ក្នុង​របាយ​ការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​សីហា​កន្លង​មក​នេះ​។ ​របាយ​ការណ៍​នោះ​មាន​ចំណង​ជើង​ថា​ «ទំរង់​រូប​ភាព​នៃ​ស្រទាប់​សង្គម​នៅ​ទ្វីប​អាមេរិចកខាង​ត្បូង​÷ អ្នក​ក្រី​ក្រ​ អ្នក​ទន់​ខ្សោយ​ និង​អ្នក​វណ្ណៈ​កណ្តាល​»។​

កុមារ​​ប៉េរូ នៅ​ខាង​មុខ​ផ្ទះចាស់​ទ្រុឌ​ទ្រោម - ប៉េរូ ​ជា​ប្រទេស​ដែល​មាន​សន្ទុះ​សេដ្ឋកិច្ច​ល្អ​ប្រសើរ លំដាប់​ទី​៦ នៅ​អាមេរិក​ខាងត្បូង តែ​ទន្ទឹមនេះ គម្លាត​រវាង​អ្នក​ក្រ​នឹង​អ្នកមាន​មាន​កាន់​តែខ្លាំង
កុមារ​​ប៉េរូ នៅ​ខាង​មុខ​ផ្ទះចាស់​ទ្រុឌ​ទ្រោម - ប៉េរូ ​ជា​ប្រទេស​ដែល​មាន​សន្ទុះ​សេដ្ឋកិច្ច​ល្អ​ប្រសើរ លំដាប់​ទី​៦ នៅ​អាមេរិក​ខាងត្បូង តែ​ទន្ទឹមនេះ គម្លាត​រវាង​អ្នក​ក្រ​នឹង​អ្នកមាន​មាន​កាន់​តែខ្លាំង
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ឆ្នាំ​ ២០០០ ​ក្រុម​ប្រជា​ជន​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ទន់​ខ្សោយ​ ដែល​មាន​ប្រាក់​ចំណូល​ចាប់​ពី​៤​ទៅ១០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​មាន​អត្រា​ចំនួន​ ៣៥% ប៉ុន្តែ អត្រា​នេះ​បាន​កើន​ឡើង​ដល់​ ៣៨%​ កាល​ពី​ឆ្នាំ​២០១២។​ការ​សិក្សា​របស់​កម្ម​វិធី​សហ​ប្រជា​ជាតិ​សម្រាប់​ការ​អភិ​វឌ្ឈន៍​បាន​បង្ហាញ​អោយ​ដឹង​ថា​ មាន​ប្រជា​ជនតិច​តួច​ប៉ុណ្ណោះ​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ ដែល​មាន​ជីវ​ភាពអាច​​ឡើង​ដល់​លំដាប់​អ្នក​វណ្ណៈ​ថ្នាក់​កណ្តាល។​គេ​អាច​ចាត់​ទុក​មនុស្ស​ម្នាក់​ថា​មាន​ជីវភាព​ថ្នាក់​កណ្តាល​បាន​ ប្រសិន​បើ​បុគ្គល​នោះ​អាច​រក​បា្រក់​ចំណូល​បាន​ចំន្លោះ​ពី​ ១០ ទៅ​ ៥០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

 
ទោះ​បី​ជា​ប្រជា​ជន​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​រាប់​លាន​នាក់​ ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ទន់​ខ្សោយ​អាច​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​ក្រី​ក្រ​ក៏​ដោយ​ ក៏​របាយ​ការណ៍​នេះ​បាន​បង្ហាញ​ពី​ចំនុច​វិជ្ជ​មាន​មួយ​ផង​ដែរ​។ ​ពោល​គឺ​ចំនួន​អ្នក​ក្រី​ក្រ​ ដែល​មាន​ប្រាក់​ចំណូល​ទាប​ជាង​ ៤ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​បាន​ថយ​ចុះ​ពី​ ១៨៩ លាន​នាក់​មក​នៅ​ត្រឹម​តែ​ចំនួន​ ១៣៣ លាន​នាក់ចន្លោះគិត​ចាប់​ពី​ឆ្នាំ ២០០០ដល់​ឆ្នាំ​ ២០១២។​

បើ​តាម​ការ​វិភាគ​របស់​លោក​ William Pleitez អ្នក​ជំនាញ​សេដ្ឋ​កិច្ច​របស់​កម្ម​វិធី​សហ​ប្រជា​ជាតិ​សម្រាប់​ការ​អភិ​វឌ្ឈន៍​បាន​បញ្ជាក់​អោយ​ដឹង​ថា នា​ពេល​បច្ចុ​ប្បន្ន​នេះ​ សន្ទុះ​នៃ​ការ​លូត​លាស់​សង្គម ​និង​សេដ្ឋ​កិច្ច​នៅ​តាម​បណ្តា​ប្រទេស​អាមេរិច​ឡាទីន​មាន​ភាព​យឺត​យ៉ាវ​ដោយ​សារ​វិបត្តិ​សេដ្ឋ​កិច្ច​ និង​មហន្ត​រាយ​គ្រោះ​ធម្ម​ជាតិ​។ លើស​ពី​នេះ​មាន​កត្តា​មួយ​ចំនួន​ទៀត​ដូច​ជា​ គម្លាត​រវាង​អ្នក​ក្រ​និង​អ្នក​មាន​ ចំណាក​ស្រុក​ អំពើរ​ហឹង្សា​ វិសម​ភាព​រវាង​ស្រ្តី​ និង​បុរសជា​ដើម​។ នយោ​បាយ​សេដ្ឋ​កិច្ច​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នោះ​កំពុង​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ ដោយ​សារ​បញ្ហា​ក្នុង​ការ​គ្រប់​គ្រង​ថវិការ​ និង​បូរិយ​វត្ថុ​ក្នុង​ស្រុក។​

នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ ទស​វត្ស​រុង​រឿងក្នុង​ឆ្នាំ ១៩៨០ និង​១៩៩០​លែង​មាន​ទៀត​ហើយ​ ដែល​កាល​នោះ​សន្ទុះ​សេដ្ឋ​កិច្ច​ក្នុង​តំបន់​មាន​ចន្លោះ​ពី ៥ ទៅ​ ៦ %។ ​សំរាប់​ឆ្នាំ​២០១៤​នេះ អ្នក​ជំនាញ​សេដ្ឋ​កិច្ច​បាន​ប៉ាន់​ប្រមាណ​ថា កំណើន​សេដ្ឋ​កិច្ច​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នោះ​មាន​ត្រឹម​តែ​ ២ %​ ប៉ុណ្ណោះ​។

បច្ចុ​ប្បន្ន​នេះ​ សេដ្ឋ​កិច្ច​ប្រទេស​ប្រេស៊ីលកំពុងលូត​លាស់​យឺត​ ខណ​ពេល​ដែល​ប្រទេស​អា​ហ្សង់​ទីន​កំពុង​ជួប​បញ្ហា​ក្នុង​ការ​សង​បំណុល​ពុំ​បាន​ទៀង​ទាត់​។​ គេ​រំពឹង​ទុក​ថា ​មាន​តែ​ប្រទេស​ស៊ីលី​ ប្រទេស​កូឡំប៊ី​ និង​ប្រទេស​ប៉េរូ​ប៉ុណ្ណោះ​ដែល​អាច​បន្ត​កំណើន​បាន​ខ្ពស់​ពោល​គឺ​ ៣%​ នៅ​ឆ្នាំ ២០១៤​នេះ​ និង​ ៤%​ នៅ​ឆ្នាំ​២០១៥​ខាង​មុខ​។

ទោះ​បី​ជា​សេដ្ឋ​កិច្ច​របស់​ប្រទេស​ប្រេ​ស៊ីល​កំពុង​ដើរ​យឺត​ក៏​ដោយ​ ក៏​ប៉ុន្តែ ​ប្រទេស​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​មាន​សេដ្ឋ​កិច្ច​គំរូ​ក្នុង​តំបន់​ ព្រោះ​គ្រាន់​តែ​រយៈ​ពេល​ ៥ ឆ្នាំ​ប៉ុណ្ណោះ (ពី​ឆ្នាំ​ ២០០៥ ដល់​ឆ្នាំ ២០១០)​ ប្រទេស​នេះ​បាន​ជួយ​មនុស្ស​ចំនួន​ ៣០​ លាន​នាក់​អោយ​ចេញ​ពី​ភាព​ក្រី​ក្រ​។ ​ប៉ុន្តែ ​សំរាប់​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០១៤​នេះ​ កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​នេះ​បាន​ថយ​ចុះ​។ អ្វី​ដែល​គួរ​អោយ​បារម្ភ​នោះ​គឺ​ ការ​សំរេច​ចិត្ត​របស់​រដ្ឋា​ភិបាល​ប្រេស៊ីល​ក្នុង​ពេល​មាន​វិបត្តិ​ ដោយ​សារ​គេ​ចំណាយ​លុយ​ច្រើន​លើ​កម្ម​វិធី​សង្គម​កិច្ច​ជា​ជាង​សន្សំ​សំចៃ​លុយ​កាក់​ដោយ​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដូច​ជា​ ផ្លូវ​ថ្នល់ និង​ស្ពាន​ជាដើម​។​ ការ​ចំណាយ​ច្រើន​លើ​ផែ្នក​សង្គម​កិច្ច​បែប​នេះ​ធ្វើ​អោយ​រដ្ឋ​មាន​បន្ទុក​កាន់​តែ​ធ្ងន់​ហើយ​អាច​បង្ករ​អោយរដ្ឋ​ក្ស័យ​ធន​ទៀត​ផង​។

ចំណែក​ប្រទេស​អាហ្សង់​ទីន​ ដែល​កំពុង​ជួប​បញ្ហា​សេដ្ឋ​កិច្ច​ដាំ​ក្បាល​ថយ​ចុះ​ និង​អតិ​ផរ​ណា​ត្រូវ​បាន​បណ្តា​​ភ្នាក់​ងារ​វាយ​តម្លៃ​ហានិ​ភ័យ​បំណុល​ចាត់​ទុក​ថា​ ជា​ប្រទេស​កំពុង​ខក​ខាន​ពុំ​បាន​សង​បំណុល​អោយ​បាន​ទៀង​ទាត់ ​ដោយ​សារ​ប្រទេស​អាហ្សង់​ទីន​កំពុង​មាន​ជំលោះជា​មួយ​សហ​រដ្ឋ​អាមេរិក​ជុំវិញ​មូល​និធិ​ទិញ​លក់​កេង​យក​ចំណេញ​(hedge funds)។​បច្ចុ​ប្បន្ន​ ជំលោះ​នេះ​ត្រូវ​បាន​អាហ្សង់​ទីន​កំពុង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ប្រចាំ​នៅ​ទី​ក្រុង​ឡាអេ​ ប្រទេស​ហូឡង់​។

បើ​តាម​ការ​វិភាគ​របស់​លោក Augusto de la Torre​ អ្នក​វិភាគ​សេដ្ឋ​កិច្ច​របស់​ធនាគារ​ពិភព​លោក​បាន​អោយ​ដឹង​ថា បើ​តាម​បទ​ពិសោធន៍​កន្លង​មក​ នៅ​ពេល​ណា​ដែល​វិបត្តិ​សេដ្ឋ​កិច្ច​ និង​វិបត្តិ​ហិរញ្ញ​វត្ថុ​បែប​នេះ​កើត​ឡើង​ បណ្តា​ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​តែង​ជួប​បញ្ហា​សង្គម​ស្មុគ​ស្មាញ​ពិបាក​ដោះ​ស្រាយ​។

ដូច​នេះ​ វា​ជា​ការ​ចាំ​បាច់​ដែល​ត្រូវ​អោយ​ប្រជា​ជន​ដែល​ស្ថិត​នៅ​ក្នុង​កំរិត​ទន់​ខ្សោយ​អាច​មាន​ជីវភាព​កាន់​តែ​ធូរ​ធារជាង​នេះ​ ដើម្បី​អោយ​ពួក​គេ​អាច​ឈាន​ចូល​ទៅ​ក្នុង​កំរិត​ជីវភាព​វណ្ណៈកណ្តាល។​ ប្រសិន​បើ​និន្នាការ​វិបត្តិ​សេដ្ឋ​កិច្ច​ និង​វិបត្តិ​ហិរញ្ញ​វត្ថុ​នៅ​តែ​បន្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ ប្រជា​ជន​នៅ​តាម​បណ្តា​ប្រទេស​អាមេរិក​ខាង​ត្បូង​កាន់​តែ​ច្រើន​ឡើង​អាច​នឹង​ធ្លាក់​ខ្លួនពី​ស្ថាន​ភាព​ទន់​ខ្សោយ​ចូល​ទៅ​ក្នុង​ភាព​ក្រី​ក្រ​លំបាក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ