ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

ភូមា​-បង់ក្លាដែស​ ព្រមព្រៀងគ្នា​បញ្ជូន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ត្រលប់ទៅ​ភូមាវិញ​

media  
ក្មេងស្រីរ៉ូហ៊ីងយ៉ា សើចនៅពេលឃើញកាមេរ៉ា នៅឯជំរំ Kutupalong ប្រទេសបង់ក្លាដែសថ្ងៃទី១៣ ខែតុលាឆ្នាំ ២០១៨។ REUTERS/Mohammad Ponir Hossain

រដ្ឋាភិបាលភូមា​ និង​បង់ក្លាដែស​ បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃអង្គារ​ទី៣០​ តុលា​ ដើម្បី​រៀបចំ​បញ្ជូន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ត្រលប់​ទៅកាន់​ប្រទេសភូមាវិញ​ នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​។ ទោះជាយ៉ាងណាក្តី គេមើលឃើញថា កិច្ចព្រមព្រៀងនេះ​ សម្រេចបាន គឺ​បន្ទាប់ពី​ក្រុមអ្នកស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​ បាន​ក្រើនរឭកថា​ អំពើប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិភាគតិច​​ នៅតែបន្តកើតមាននៅភូមា​នាពេលបច្ចុប្បន្ននេះ។

មួយឆ្នាំ​ក្រោយពី​បរាជ័យ​ក្នុងការ​ធ្វើមាតុភូមិនិវត្តន៍​ជនជន​ភាគតិច​រ៉ូហ៊ីងយ៉ា​ នាពេលនេះ​ប្រទេស​ក្បែរខាងពីរ​គឺ​ភូមា​ និងបង់ក្លាដែស​ បាន​ស្រុះស្រួលគ្នា​សារជាថ្មី​ម្តងទៀត​ ក្នុងការ​បន្តយុទ្ធនាការ​រួមគ្នា​នេះ​។ ទាក់ទង​រឿងនេះ​ រដ្ឋមន្ត្រី​ការបរទេស​បង់ក្លាដេស​បាន​និយាយថា​ គេ​នឹង​ចាប់ផ្តើម​បញ្ជូន​ជនភាគ​តិចរ៉ូហ៊ីងយ៉ា​ ត្រលប់​ទៅកាន់​ប្រទេសភូមា​វិញ​ នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​។

ទន្ទឹមគ្នានេះ​ដែរ​ មន្ត្រីភូមា​ដែលបាន​ចូលរួម​ក្នុង​កិច្ចចចារ​ជាមួយ​បង់ក្លាដែស​ បាន​លើកឡើងថា​ ភាគីទាំងពីរ​ បាន​ព្រមព្រៀងគ្នា​ និង​តាំងចិត្ត​យ៉ាង​មោះមុត​ ក្នុងការ​ធ្វើមាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ឲ្យ​លេចចេញ​ជា​រូបរាង​ឡើង​ឲ្យខាត​តែបាន​។ "ភូមា​ មានឆន្ទៈ​នយោបាយ​រឹងមាំ​និងបត់បែន​ ហើយ​មាន​ទីជម្រក​ សម្រាប់​ទទួល​ជនជាតិ​រ៉ូហ៊ីងយ៉ា​ តាម​កាលកំណត់​"។ មន្ត្រីភូមា​ បញ្ជាក់​បន្ថែម​។

តែទោះ​ជា​រដ្ឋាភិបាលភូមា​ បាន​បង្ហាញឆន្ទៈ​វិជ្ជមាន​បែបនេះក្តី​ គេមើល​ឃើញថា​ វា​គឺ​ ដោយសារតែ​ អ.ស.ប​ ទើបតែ​បាន​ចេញ​សេចក្តី​ព្រមាន​មួយ​ស្តីអំពី​ អំពើ​ប្រល័យ​ពូជសាសន៍​ ប្រឆាំងនឹង​ជនជាតិភាគតិច​កាន់​សាសនាអ៊ីស្លា​ម ដែល​នៅតែ​បន្ត​កើតមាន​ នាភាគ​ខាងជើង​រដ្ឋរ៉ាឃីន​ នៃ​ប្រទេសភូមា​ ដែល​ជាភូមិឋាន​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​។

ដោយឡែក​ អ.ស.ប​ ក៏បា​នលើកឡើង​ផងដែរថា​ រាល់​ប្រតិបត្តិការ​បញ្ជូន​ក្រុមរ៉ូហ៊ីងយ៉ា​ គឺ​ត្រូវធ្វើឡើង​ដោយ​មាន​ការស្ម័គ្រចិត្ត​ ហើយត្រូវ​ធ្វើឡើង​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​ និង​សុខសុវត្តិភាព​។

គួរឭកជូនថា​ ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ កាន់​សាសនាអ៊ីស្លាម​ ចំនួន​ជាង​ ៧២០.០០០ នាក់​ បាន​រត់ភៀសខ្លួន​ទៅកាន់​ប្រទេសបង់ក្លាដែស​ កាលពី​ខែសីហា​ ឆ្នាំ២០១៧ កន្លងទៅ​។ ការរត់ភៀសខ្លួននេះ​ គឺដើម្បី​រត់គេចពី​ការធ្វើទុក្ខ​បុក​ម្នេញ ​ការកាប់សម្លាប់​ ក្រោម​យុទ្ធនាការ​បង្ក្រាបប​យ៉ាងឃោរឃៅ​ ពី​សំណាក់​ពួកយោធាភូមា​ ក្នុង​បំណង​ប្រឆាំងនឹង​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​ ​ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ