អានតួអត្ថបទ

ភូមា​បង្កើត​គណៈកម្មការ​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​តាក់តែង​ដោយ​របបយោធា​

នៅថ្ងៃអង្គារ ទី១៩ កុម្ភៈ​ ភូមា​បាន​បង្កើត​គណៈកម្មការ​មួយ​ ដើម្បី​ពិភាក្សា​ពី​ការ​ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ​ ដែល​បាន​តាក់តែងឡើង​ដោយ​របប​យោធា​។ និន្នាការថ្មីនេះ​ គូសបង្ហាញយ៉ាងច្បាស់​និង​បើកចំហ​ ពី​គោលបំណង​របស់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​អ្នកស្រីអ៊ុងសាន ស៊ូជី​ ដើម្បី​ប្រឆាំងទៅ​នឹង​ក្រុមយោធា​ដ៏មានឥទ្ធិពល​នៅក្នុង​ប្រទេស​។

ទីប្រឹក្សារដ្ឋរបស់ភូមាគឺលោកស្រីអ៊ុងសាន ស៊ូជី ចូលរួមក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Naypidaw ប្រទេសភូមា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។
ទីប្រឹក្សារដ្ឋរបស់ភូមាគឺលោកស្រីអ៊ុងសាន ស៊ូជី ចូលរួមក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Naypidaw ប្រទេសភូមា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ REUTERS/Ann Wang
ផ្សាយពាណិជ្ជកម្ម

ខណៈពេល​ដែល​ការបោះឆ្នោតសកល​ នឹងត្រូវប្រព្រឹត្តទៅ​ នាឆ្នាំ២០២០ ខាងមុខ​ សភា​ភូមា​ក៏បាន​បោះឆ្នោតអនុម័ត​ លើ​ការបង្កើត​គណៈកម្មការ​មួយ​ ដើម្បី​ជជែក​ពិភាក្សាគ្នា​ អំពី​ការធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ​។

រហូតមកដល់ពេលនេះ​ គេ​នៅ​មិនទាន់ដឹង​នៅឡើយ​ទេថា​ ចំណុចអ្វីខ្លះ​ ដែល​គណៈកម្មការ​ភូមា​ នឹង​យកទៅ​ពិភាក្សា​ ហើយ​ចំណុចអ្វីខ្លះ​ដែល​គេ​ចង់​ធ្វើការ​កែប្រែ​។​ ក៏ប៉ុន្តែ​ ដំណឹង​នៃការ​ធ្វើ​កំណែងទម្រង់​រដ្ឋធម្មនុញនេះ​ បានធ្វើឲ្យ​ក្រុមយោធា​ភូមា​មាន​ការព្រួយបារម្ភ​។ បារម្ភ​ពីការ​បាតបង់​ឥទ្ធិពល​-សិទ្ធិអំណាច​ ហើយដំណឹងនេះ​បាន​ជំរុញឲ្យ​អ្នកគាំទ្រ​របប​យោធា​មួយចំនួន​ចេញ​ធ្វើការ​ប្រឆាំងតវ៉ា​កាលពី​ដើម​ខែកុម្ភៈ​នេះ​ទៀតផង​។

ទាក់ទងរឿងនេះដែរ​ មេ​កងទ័ព​ភូមា​ បាននិយាយ​នៅក្នុង​បទសម្ភាសន៍​ដ៏​កម្រមួយ​ ជាមួយ​សារព័ត៌មាន​ជប៉ុន​ Asahi Shimbun ថា​ ក្រុម​កងទ័ព​ទទួលស្គាល់​ថា​ រដ្ឋធម្មនុញ​ ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​មែន​។ ក៏ប៉ុន្តែ​ រឿង​ដែល​សំខាន់​នោះ​គឺ​ថា​ គ្មាន​ការកែប្រែ​ណាមួយ​ ធ្វើឲ្យ​ប៉ះពាល់​ដល់​ក្រុមកងទ័ព​នោះទេ​។

សូមជម្រាបជូនថា​ កាលពី​ពេលថ្មីៗនេះ​ សភា​តំណាររាស្ត្រ​ម្នាក់​មកពី​បក្ស​អ្នកស្រីអ៊ុងសាន ស៊ូជី​ គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ និយាយថា​ គោលបំណង​សំខាន់​នៃការ​បង្កើត​គណៈកម្មការ​ គឺដើម្ប​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ២០០៨​។ តែ​លោកមិ​នបាន​បញ្ជាក់​ពិស្តារ​ ពី​ប្រធានបទ​សំខាន់ៗ​ដែល​គណៈកម្មការ​ នឹង​ជជែក​ពិភាក្សាគ្នា​នោះទេ​។

តែទោះជាយ៉ាងនេះក្តី​ គេដឹងថា​នឹងមាន​ការបែងចែក​អាសនៈ​គ្នា​សាជាថ្មី​ នៅក្នុង​សភា​ភូមា​។ ក្នុងនោះ​ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ នឹង​ទទួលបាន​អាសនៈ​សភា​ចំនួន​ ១៨​ ក្នុង​ចំណោម​អាសនៈ​សរុបទាំងអស់​ចំនួន​ ៤៥​ ខណៈពេលដែលក្រុមយោធាទទួលបាន​ ៨ អាសនៈ​។ ចំណែកឯ​ចំនួន​អាសនៈ​ដែលនៅ​សេសសល់​ គេ​ទុក​បែងចែក​ឲ្យ​គណបក្ស​នយោបាយ​ដទៃទៀត​។

សូមរំឭកជូនថា​ រដ្ឋធម្មនុញ្ញ​ ឆ្នាំ២០០៨​ ជា​ច្បាប់​ដែល​តាក់តែងដោយ​ ក្រុម​យោធាភូមា​ ក្នុងគោលបំណង​ការពារ​ផលប្រយោជន៍​ ក៏ដូចជា​រក្សា​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​ឆាកនយោបាយ​ភូមា​។ ជាក់ស្តែង​ រដ្ឋធម្មនុញនេះ​ ផ្តល់ឲ្យ​ក្រុមយោធា​កាន់កាប់​ដោយស្វ័យប្រវត្តិ​នូវ​សំឡេង​ចំនួន​ ២៥​ ភាគរយ​ក្នុងសភា​ ជាពិសេស​គឺ​អាច​គ្រប់គ្រង​កងកម្លាំងទ័ព​បាន​ទាំងអស់​។ តែផ្ទុយទៅវិញ​ រដ្ឋធម្មនុញ​ភូមា​ឆ្នាំ២០០៨​នេះ​ មិនបាន​ផ្តល់ឥទ្ធិពល​ច្រើនឡើយ​ ដល់​គណបក្ស​ស៊ីវិល​ ទោះបីជា​អាច​ឈ្នះការបោះឆ្នោត​ដោយសំឡេង​ភាគច្រើន​ដ៏ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ