អានតួអត្ថបទ

ប៉ូលិស​ភូមា ​៩ នាក់​ស្លាប់​នៅក្នុង​ការវាយប្រហារមួយ​ក្នុង​រដ្ឋរ៉ាឃីន​

ប៉ូលិស​ភូមា​ចំនួន​ ៩ នាក់​ ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​មួយ​ ដែល​ជាស្នាដៃ​របស់​ពួក​ឧទ្ទាមប្រដាប់អាវុធ​មួយក្រុម​ នៅក្នុង​រដ្ឋរ៉ាឃីន​ ភាគខាងលិច​ប្រទេស​ភូមា​។ នេះ​ គឺជា​ការអះអាង​របស់​អាជ្ញាធរ​ភូមា​នៅថ្ងៃ​អាទិត្យនេះ​ ដោយ​បាន​បន្ថែមថា​ ហេតុការណ៍នេះ​បាន​កើតឡើង​ ខណៈពេល​ដែល​ភាពតានតឹង​បណ្តាលមកពី​ជម្លោះ​ជាតិសាសន៍​ និង​ សាសនា​ កំពុង​កើនឡើង​ស្រាប់​ទៅហើយ​នៅក្នុង​រដ្ឋរ៉ាឃីន​។

អ្នកស្រីអ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋាភិបាល និង​ជា​រដ្ឋមន្រ្តី​ការបរទេស​ភូមា។
អ្នកស្រីអ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋាភិបាល និង​ជា​រដ្ឋមន្រ្តី​ការបរទេស​ភូមា។ REUTERS/Ann Wang
ផ្សាយពាណិជ្ជកម្ម

នៅមួយរយៈពេល​ចុងក្រោយនេះ​ ក្រុម​ប្រដាប់អាវុធ​ អារ៉ាកាន​ (AA) បាន​ធ្វើការ​វាយប្រហារ​ជាច្រើន​លើកសារ​ទៅលើ​កងកម្លាំង​ និង​ក្រុម​មន្រ្តី​រដ្ឋាភិបាល​ភូមា​។ ជាការ​ប្រយុទ្ធ​តស៊ូ​ទាមទារ​សិទ្ធិស្វ័យភាព​ និង​សិទ្ធិ​កាន់តែច្រើន​សម្រាប់​ជនជាតិ​ភាគតិច​ដែល​រស់នៅ​ក្នុង​រដ្ឋរ៉ាឃីន។

ការ​វាយប្រហារ​ចុងក្រោយ​របស់​ពួក​ឧទ្ទាមប្រដាប់អាវុធ​​ អារ៉ាកាន​ បាន​កើតឡើង​កាលពីថ្ងៃសៅរ៍​ទី ៩ មីនា ក្នុង​ភូមិមួយ​របស់​រដ្ឋរ៉ាឃីន​។ ការវាយប្រហារ​ខាងលើនេះ​បានធ្វើឲ្យ​ប៉ូលិស​ភូមា​ ចំនួន​៩ នាក់ស្លាប់​ ម្នាក់​រងរបួស​ និង​ម្នាក់ផ្សេងទៀត​បាត់ខ្លួន​។ នេះ​បើតាម​សម្តី​របស់​មន្ត្រីប៉ូលិស​ភូមា​ម្នាក់​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌​មានបារាំង​ AFP ក្នុង​លក្ខខណ្ឌ​សុំមិន​បញ្ចេញ​ឈ្មោះ​។

ទន្ទឹមគ្នានេះ​ ក៏មាន​របាយការណ៍​លេចធ្លាយ​ដែរថា​ ក្រៅតែពី​បានធ្វើឲ្យ​ប៉ូលិសភូមា​ ស្លាប់ និង​រងរបួស​ហើយ​ ពួក​អារ៉ាកាន​ ថែមទាំងបាន​ប្រមូលយកសព្វាវុធ​មួយចំនួន ចេញពី​ស្នាក់ការ​របស់​ប៉ូលិសភូមា​ទៀតផង​។

គួរជម្រាបជូនថា​ រហូតមកដល់ពេលនេះ​មិនមាន​ក្រុមណាមួយ​ ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ខាងលើ​ឡើយ​ ហើយ​ពួកកងកម្លាំង​អារ៉ាកាន​ ក៏​មិនអាច​ត្រូវបានគេ​ទាក់ទង​សុំ​ការបកស្រាយបំភ្លឺ​បាន​នៅឡើយ​។

តែទោះជាយ៉ាងណាក្តី​ មន្ត្រី​រដ្ឋាភិបាល​ភូមា​បានលើកឡើងថា​ អាជ្ញាធរ​កំពុង​បើក​ការស៊ើបអង្កេត​ លើករណីនេះ​យ៉ាង​សស្រាក់សស្រាំ​។ មួយវិញទៀត​ កងយោធាភូមា​បានពង្រឹង​នូវ​ការយាមកាម​សន្តិសុខ​ដោយបាន​បន្ថែម​កងកម្លាំង​រាប់ពាន់នាក់​ និង​បានបាញ់ផ្លោង​ទៅលើ​ទីតាំង​របស់​ពួកឧទ្ទាមប្រដាប់អាវុធ​ អារ៉ាកាន​ ដោយ​ប្រើកាំភ្លើងធំ​ទៀតផង​។ គួរជ្រាបដែរថា​ ក្រោយ​អំពើហិង្សាកើតឡើងនេះ​ មនុស្ស​រាប់ពាន់នាក់​ត្រូវបានគេបង្ខំ​ឱ្យចាកចេញពី​ផ្ទះ​សម្បែង​របស់ពួកគេ​។

គួររំឭកជូនថា​ ក្រុម​សកម្ម​ប្រយុទ្ធ​អារ៉ាកាន​ បង្កើតឡើង​នៅក្នុងឆ្នាំ​ ២០០៩​ ហើយ​ឥឡូវនេះ ​ពួកគេ​មានគ្នាច្រើន​រហូតដល់​រាប់ពាន់នាក់​ឯណោះ​។ គេជឿថា​ អ្នកស្រុក​រ៉ាឃីន​ជាច្រើន​ដែលជា​ជនជាតិភាគតិច​កាន់សាសនាអ៊ីស្លាម​ កំពុងនាំគ្នា​ចូលរួម​ជាមួយ​ពួក​អារ៉ាកាន​ ដោយសារតែ​ពួកគេ​ឈឺចាប់​ ចំពោះ​ការរើសអើង​មកលើ​ពួកគេ​ពី​សំណាក់​រដ្ឋាភិបាល​ភូមា​ ដែល​មាន​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ