ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/02 12h00 GMT
អាស៊ី

អ្នកកាសែត​ Reuters ដាក់ពាក្យបណ្តឹងចុងក្រោយ​ទៅតុលាការកំពូលភូមា​

media  
ភរិយារបស់អ្នកកាសែតភូមា នៅពេលចាកចេញពីតុលាការទីក្រុងរ៉ង់ហ្គូន កាលពីថ្ងៃទី១១ មករា ឆ្នាំ២០១៩។ REUTERS/Myat Thu Kyaw

មេធាវី​របស់អ្នកយកព័ត៌មាន Reuters ​ចំនួនពីរនាក់​ បានឲ្យដឹងថា​កូនក្តីរបស់លោក​បានសម្រេច​ដាក់ពាក្យបណ្តឹងទៅកាន់​តុលាការកំពូលភូមាហើយ​នៅថ្ងៃសុក្រ​ ទី១​ កុម្ភៈ ឆ្នាំ២០១៩នេះ។ លោកបន្តថា​ បណ្តឹងសារទុក្ខនេះ​ គឺជា​ក្តីសង្ឃឹមចុងក្រោយ​របស់​អ្នកកាសែតភូមាទាំងពីរ​នាក់​ ក្នុងការប្រឆាំងតវ៉ា​ទៅនឹង​ការសម្រេច​របស់តុលាការក្រុង​រ៉ង់ហ្គូន​ ដែលនៅគ្រាកន្លងមក​បានដាក់ទោស​ពួកគេ​ឲ្យជាប់ពន្ធនាគារ​រយៈពេល​ ៧ឆ្នាំ​ ពាក់ព័ន្ធនឹង​ការផ្សាយព័ត៌មាន​ជុំវិញវិបត្តិរ៉ូហ៊ីងយ៉ា​។

ការផ្តន្ទាទោស​ទៅលើអ្នកកាសែតទាំងពីរ​ បានបង្កជាការរិះគន់យ៉ាងខ្លាំង​ចំពោះរដ្ឋាភិបាលភូមា​ ជាពិសេស​ចំពោះសេរីភាពសារព័ត៌មាន​ នៅក្នុងប្រទេសអាស៊ី​មួយនេះ​។ មិនតែប៉ុណ្ណោះ​ សហគមន៍អន្តរជាតិ​ថែមទាំងបានស្នើសុំឲ្យ​តុលាការភូមា​ ដោះលែង​អ្នកកាសែត Reuters ​ទាំងពីរឲ្យបានឆាប់ទៀតផង​។

តែទោះបីជា​ មានការតវ៉ាប្រឆាំងពី​សំណាក់អ្នកកាសែតទាំងពីរ​ និងមាន​គំនាបសង្កត់ពី​មជ្ឈដ្ឋានសហគមន៍អន្តរជាតិ​យ៉ាងណាក្តី​ ក៏តុលាការភូមា​មិនអើពើ​ និងយល់ព្រម​ដោះលែង​អ្នកកាសែតទាំងពីរឡើយ​។ ហេតុដូចនេះហើយ​ ទើប​មេធាវីការពារក្តី​របស់អ្នកទាំងពីរ​សម្រេចដាក់បណ្តឹង​ទៅកាន់តុលាការកំពូល​ ដែល​ជាក្តីសង្ឃឹមចុងក្រោយបង្អស់​ក្នុងការស្វែងរកយុត្តិធម៌​ ភាពស្អាតស្អំ​ និងសេរីភាព​មកឲ្យ​អ្នកកាសែតទាំងពីររូបវិញ​។

សូមជ្រាបថា​ ដំណើរការ​ប្តឹងតវ៉ា​នៅតុលាការកំពូល​ ក្នុងប្រទេសភូមា​ អាចមាន​រយៈពេលយូរ​រហូតដល់ប្រមាណជា​ ៤ ទៅ ៥ ខែ​ឯណោះ​។ ក៏ប៉ុន្តែ​ មានវិធីតែមួយគត់​ផ្សេងទៀត​ ដែល​អាចធ្វើឲ្យ​អ្នកកាសែតទាំងពីរ​ ចេញពីពន្ធនាគារបានលឿន​ នោះ​គឺការលើកលែងទោស​ពីសំណាក់​មេដឹកនាំភូមា​។

ទាក់ទងរឿងនេះដែរ​ ក្រុមអ្នកការពារសិទ្ធិមនុស្ស​ បានទទូចឲ្យ​លោកស្រីអ៊ុង សានស៊ូជី​ ប្រើប្រាស់​អានុភាព​របស់លោកស្រី​ ដើម្បី​ជួយឲ្យអ្នកការសែតភូមាទាំងពីរ​ ទទួលបានកា​រលើកលែងទោស​។ ក៏ប៉ុន្តែ​ផ្លូវដើរមួយនេះ​ ហាក់គ្មានប្រសិទ្ធិភាពនោះទេ​ ពីព្រោះថា​លោកស្រីអ៊ុង សានស៊ូជី​ ធ្លាប់បានបដិសេធ​យ៉ាងម៉ឺងម៉ាត់​ ក្នុងការ​ធ្វើអន្តរាគមន៏​លើករណីនេះ​ និងថា​ វាជាកិច្ចការ​របស់តុលាការ​។

គួររឮកជូនថា អ្នកកាសែត​ជនជាតិភូមា​ពីរនាក់​ បំរើការឲ្យ​ទីភ្ញាក់ងារ​សារព័ត៌មានអន្តរជាតិ​ Reuters ​ ក្នុងនោះម្នាក់​មានឈ្មោះថា​ Wa Lone មានវ័យ ៣២ឆ្នាំ ហើយម្នាក់ទៀតគឺលោក Kyaw Soe Oo ស្ថិតក្នុងវ័យ២៨ ឆ្នាំ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងរ៉ង់ហ្គូន កាលពីខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។ អ្នកទាំងពីរ​ ត្រូវបានតុលាការក្រុងរ៉ង់ហ្គូន ​សម្រេចឲ្យជាប់ពន្ធនាគារ៧ ឆ្នាំ ពីបទកាន់កាប់ឯកសារសម្ងាត់ ដែលអាចប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជាតិ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ