ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អាស៊ី

ក្រុមហ៊ុន​ហ្វេសប៊ុក​ លុប​ទំព័រហ្វេសប៊ុក​ដែលជាប់ពាក់ព័ន្ធនឹង​យោធាភូមា​

media  
អ្នកប្រើទូរស័ព្ទដៃម្នាក់កំពុងចូលមើលទៅទំព័រហ្វេសប៊ុក នៅហាងមួយនៅផ្លូវ Latha ទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៨ ខែសីហាឆ្នាំ ២០១៨។ REUTERS/Ann Wang

នៅថ្ងៃពុធ​ ទី១៩ ធ្នូ នេះ​ ក្រុមហ៊ុនហ្វេសប៊ុក​ បានលុបចេញនូវ​ ទំព័រ​និងគណនី​រាប់រយ​ នៅភូមា​ ដោយសារតែ​ ទំព័រ​និងគណនី​ហ្វេសប៊ុក​ទាំងអស់នោះ​ មាន​ទំនាក់ទំនង​ជាមួយនឹង​ពួកយោធាភូមា​។ យុទ្ធនាការ​របស់​ក្រុមហ៊ុនហ្វេសប៊ុកនេះ​ ធ្វើឡើង​គឺ​ដើម្បីឆ្លើយតបទៅនឹងការរិះគន់​ដែលថា​ហ្វេសប៊ុក​ បរាជ័យ​ក្នុងការគ្រប់គ្រង​ការផ្សព្វផ្សាយព័ត៌មានមិនពិត​និងមានលក្ខណៈញុះញង់​ ដែល​ជំរុញឲ្យ​មានការរើសអើង​លើ​ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា​ កើនឡើង​នៅក្នុងប្រទេសភូមា​។

ទំព័រហ្វេសប៊ុក​ចំនួន​៤២៥​ទំព័រ​ ទំព័រក្រុម​ចំនួន​១៧​ ព្រមទាំង​គណនីហ្វេសប៊ុក​ចំនួន​១៣៥​ និង​គណនី​ Instagram​ ចំនួន​១៥​ របស់ភូមា​ ត្រូវបានលុបចេញ​នៅថ្ងៃពុធនេះ​។ ក្រុមហ៊ុនហ្វេសប៊ុក​បានបញ្ជាក់ប្រាប់ថា​ ទំព័រ​ និង​គណនី​បណ្តាញសង្គម​ទាំងនោះ​ បើមើលពីក្រៅ​គឺមានលក្ខណៈ​ជា​ ទំព័រ​សារព័ត៌មានឯករាជ្យ​ កំសាន្ត​ សម្រស់​ និង​ផ្សព្វផ្សាយ​ពីរបៀបរស់នៅ​។ ប៉ុន្តែ​ តាមពិតទៅ​ទំព័រទាំងនោះ​ មានទំនាក់ទំនង​សម្ងាត់​ជាមួយ​ក្រុមកងទ័ពភូមា​។

សូមជ្រាបថា​ ហ្វេសប៊ុក​ គឺជា​បណ្តាញសង្គម​ដែលមាន​ប្រជាប្រិយភាព​ និង​ឥទ្ធិពលខ្លាំងបំផុត​នៅក្នុង​ប្រទេសភូមា​។ នៅគ្រាកន្លងមក​ មានការរិះគន់ថា​ហ្វេសប៊ុក​ បានចូលរួម​ចំណែក​ផងដែរ​ ក្នុងការ​បញ្ឆេះ​ការប្រឆាំង​ ការស្ពប់ខ្ពើម​ចំពោះ​ក្រុម រ៉ូហ៊ីងយ៉ា​កាន់សាសនាអ៊ីស្លាម​ ដែលជា​ជនជនភាគតិច​រស់នៅក្នុង ​រដ្ឋរ៉ាឃីន​ ​​ភាគខាងជើង​ប្រទេសភូមា​។

ក្រោយ​ផ្ទុះការរិះគន់​ក្នុងប្រទេសភូមា​ ក្រុមហ៊ុនហ្វេសប៊ុ​ក បាន​ព្យាយាម​កសាងកេរ្តិ៍ឈ្មោះ​របស់ខ្លួនឡើងវិញ​ តាមរយៈ​ការគ្រប់គ្រងព័ត៌មាន​មិនពិត​ ជាពិសេស​ព័ត៌មាន​ទាំងឡាយណា​ដែល​មានលក្ខណៈញុះញង់​ និង​បង្ហឲ្យមាន​ការរើសអើង​ជាតិសាសន៍​ និង​បង្កជាអសន្តិសុខផ្សេងៗ​ក្នុងសង្គមភូមា​។ ជាក់ស្តែង​ ក្រុមហ៊ុន​បានប្តេជ្ញា​បង្កើនបុគ្គលិក​ផ្នែកវាយតម្លៃ​ភាសាភូមា​ របស់ខ្លួន​រហូតដល់​ចំនួន១០០​នាក់​នៅចុងឆ្នាំ២០១៨នេះ ​។

ទោះជាបែបនេះក្តី​ មាន​មតិរិះគន់​មួយចំនួន​ លើកឡើងថា​ ចំណាត់ការ​របស់ក្រុមហ៊ុនហ្វេសប៊ុក​នេះ​ នៅ​មិនទាន់គ្រប់គ្រាន់​នៅឡើយទេ​ ក្នុង​យុទ្ធនាការ​ត្រួតពិនិត្យ​គណនីហ្វេសប៊ុក​ដែល​មានប្រមាណជា​ ២០​លានគណនី​ នៅក្នុង​ប្រទេសភូមា​នាពេលបច្ចុប្បន្ននេះ​។

គួររំឭកជូនថា​ ការផ្សព្វផ្សាយ​ព័ត៌មានមិនពិត​ តាមរយៈ​ទំព័រសង្គមដ៏ធំ​ដូចជាហ្វេសប៊ុក​ ត្រូវបាន​គេព្រួយបារម្ភយ៉ាងខ្លាំង​ ដោយសារ​វា​អាចជំរុញឲ្យមាន​អំពើហឹង្សាប្រឆាំងនឹង​ក្រុមរ៉ូហ៊ីងយ៉ា​កើនឡើង​។ ជាពិសេស​ បញ្ហានេះ​ត្រូវបានគេ​យកចិត្តទុកដាក់​ជាខ្លាំង​ បន្ទាប់ពី​មានជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​ចំនួនជាង​ ៧២​ម៉ឺននាក់​ បានរត់ភៀសខ្លួនពី​ប្រទេសភូមា​ទៅកាន់ប្រទេស​បង់ក្លាដេស​ ដោយសារ​ការធ្វើទុក្ខបុកម្នេញ​ពីសំណាក់​យោធា​ និង​ពលរដ្ឋភូមា​ កាលពីឆ្នាំ​២០១៧​ កន្លងទៅថ្មីៗនេះ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ