អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ក្រុមភេរវជន​នៅ​ពីក្រោយ​ការវាយប្រហារ​អត្តឃាត​នៅ​ឥណ្ឌូណេស៊ី​ជា​នរណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​សៅរ៍ និង​ថ្ងៃ​ចន្ទ​កន្លងទៅនេះ ឥណ្ឌូណេស៊ី​បាន​រង​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត​ផ្ទួនៗគ្នា ហើយ​បើយោងតាម​ប៉ូលិស​ឥណ្ឌូណេស៊ី អ្នក​នៅពីក្រោយ​ភេរវកម្ម​អត្តឃាតនេះ គឺ​ក្រុម​ចាម៉ាអះអានស្ហារូតដៅឡះ (Jamaah Ansharut Daulah) ដែល​ជា​ក្រុម​ភេរវជន​ក្នុងស្រុក​ឥណ្ឌូណេស៊ី តែ​ភ្ជាប់ខ្លួន​ជាមួយ​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។ តើ​ក្រុម​ចាម៉ាអះអានស្ហារូតដៅឡះនេះ​ជានរណា? ហើយ​មាន​ដើមកំណើត​ចេញមកពីណា?

ទិដ្ឋភាព​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ទៅលើ​វិហារគ្រិស្តសាសនា នៅឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៣ ឧសភា ២០១៨
ទិដ្ឋភាព​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ទៅលើ​វិហារគ្រិស្តសាសនា នៅឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៣ ឧសភា ២០១៨ JUNI KRISWANTO / AFP
ផ្សាយពាណិជ្ជកម្ម

ចាម៉ាអះអានស្ហារូតដៅឡះ ដែល​គេច្រើន​ហៅកាត់ដោយខ្លីថា “JAD” គឺ​ជា​ក្រុមអ៊ីស្លាមជ្រុលនិយម​ឥណ្ឌូណេស៊ី ដែល​ទើប​នឹង​បង្កើតឡើង​ កាលពីឆ្នាំ២០១៥​ ហើយ​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​បញ្ចូល​ជាក្រុម​ភេរវជន កាល​ពី​ឆ្នាំ​ទៅមិញ។

តាមការពិត មេដឹកនាំ​មួយ​ផ្នែក​របស់​ក្រុម JAD នេះ គឺ​មាន​ប្រភពដើម​ចេញ​ពី​ក្រុងចេម៉ាអះ​អ៊ីស្លាមីយ៉ះ (Jemaah Islamiyah) ដែល​ជា​សាខា​របស់​ក្រុមអាល់កៃដា​​ប្រចាំតំបន់​អាស៊ីអាគ្នេយ៍ ហើយ​ដែល​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​ធំៗ​ជាច្រើន​នៅ​ឥណ្ឌូណេស៊ី ជាពិសេស ភេរវកម្ម​នៅកោះបាលី កាល​ពីឆ្នាំ២០០២ ដែល​កាលណោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង២០០នាក់​ត្រូវ​បាត់បង់ជីវិត និង​រាប់រយនាក់​ផ្សេងទៀត​ត្រូវរបួស ក្នុងនោះ​ភាគច្រើន​គឺ​ជា​អ្នក​ទេសចរបរទេស។

នៅ​ឆ្នាំ២០១៣ ក្រុមអាល់កៃដា​​ត្រូវបែកបាក់គ្នា ដោយ​សាខាមួយ​របស់​អាល់កៃដា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដឹកនាំ​ដោយ​អាប៊ូបាគ័រអាល់បាក់ដាឌី បាន​ផ្តាច់ខ្លួន​ទៅ​បង្កើត​ក្រុមថ្មី ដាក់ឈ្មោះ​ថា “រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី” ហើយ​ដែល​ជាទូទៅ​ត្រូវបាន​គេ​ហៅកាត់ដោយខ្លី​ថា ក្រុមរដ្ឋអ៊ីស្លាម។

ចាប់ពីពេលនោះមក ក្រុមភេរវជនអន្តរជាតិ​ធំៗ​ទាំងពីរ គឺ​អាល់កៃដា និង​រដ្ឋអ៊ីស្លាម ក៏​បាន​ក្លាយ​ជា​គូសត្រូវនឹងគ្នា ហើយ​ម្ខាងៗ​ព្យាយាម​ប្រជែងដណ្តើម​ឥទ្ធិពលគ្នា ដើម្បី​ទាក់ទាញ​អ្ន​កគាំទ្រ និង​បង្កើត​សាខា​ នៅ​តាម​បណ្តា​ប្រទេសអ្នក​កាន់​សាសនាអ៊ីស្លាម​នៅ​ទូទាំង​ពិភពលោក។ ជាទូទៅ គេ​សង្កេតឃើញ​ថា នៅតាម​បណ្តាប្រទេស​ដែល​ធ្លាប់តែ​មាន​សាខាអាល់កៃដា​ក៏ត្រូវ​​បែកបាក់គ្នា ដោយ​ម្ខាងបន្ត​នៅ​ជា​សាខា​អាល់កៃដា ហើយ​ម្ខាងទៀត​ផ្តាច់ខ្លួនចេញ ហើយ​ប្រកាស​ភ្ជាប់ខ្លួន​ជា​សាខា​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម។

នៅ​ឥណ្ឌូណេស៊ី​ក៏ដូចគ្នាដែរ។ ក្រុមអ៊ីស្លាមជ្រុលនិយម​ប្រមាណ​ជាង១០ក្រុម ដែល​កាល​ពីមុន​ធ្លាប់​ស្ថិត​នៅ​ជាផ្នែកមួយ​នៃ​ក្រុម​ចេម៉ាអះអ៊ីស្លាមីយ៉ា បាន​ប្រកាស​ផ្តាច់ខ្លួន​ចេញ ទៅបង្កើត​ជា​ក្រុមថ្មី ដាក់ឈ្មោះ​ថា “ចាម៉ាអះអានស្ហារូតដៅឡះ” ហើយ​ប្រកាសដាក់ខ្លួន​ជា​សាខាមួយ​របស់​ក្រុម​រដ្ឋអ៊ីស្លាម នៅ​ឆ្នាំ២០១៥។

ក្រុមថ្មីនេះ​មាន​ទំនាក់ទំនងច្រើន​ជាមួយ​នឹង​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី ដោយ​ក្រុម​នៅ​ស៊ីរី​ជា​អ្នក​ផ្តល់​លុយកាក់ សម្រាប់​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ចំណែក​ឯ​មេដឹកនាំ​ក្រុម​ចាម៉ាអះអានស្ហារូតដៅឡះវិញ ដែល​មាន​ឈ្មោះ​ថា អាម៉ាន់អាប់ឌូរ៉ះម៉ាន់ (Aman Abdurrahman) ដែល​តាម​ពិត​​ចំណាយពេលភាគច្រើន​​នៅ​​ក្នុង​ពន្ធនាគារ​ឥណ្ឌូណេស៊ី​តាំង​ពី​ឆ្នាំ២០០៤មកនោះ គឺ​ជា​មេដឹកនាំ​អ៊ីស្លាមជ្រុលនិយម​ដ៏​មាន​ឥទ្ធិពលមួយរូប​​ ដែល​ដើរតួនាទី​ដ៏សំខាន់​ក្នុងការ​អូសទាញ​ប្រជាជន​ឥណ្ឌូណេស៊ី​ឲ្យ​ចេញ​ទៅ​ធ្វើ​ជីហាត​នៅ​ស៊ីរី ក៏ដូចជា​ធ្វើ​សកម្មភាព​នៅ​ក្នុងស្រុក។

ក្រុមចាម៉ាអះអានស្ហារូតដៅឡះ​​ត្រូវ​បាន​គេ​ចាប់ផ្តើម​ស្គាល់​ច្រើន ក្រោយ​ពី​ពួកគេ​បាន​ធ្វើការ​វាយប្រហារ​​ភេរវកម្មអត្តឃាត​នៅ​ក្នុង​​ទីក្រុង​ហ្សារការតា កាល​ពី​ខែមករា​ឆ្នាំ២០១៦ ដែល​កាលណោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់ ហើយ​ដែល​ត្រូវ​បាន​គេចាត់ទុកថា​ជា​ភេរវកម្ម​លើកដំបូងបង្អស់​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ចាប់ពីពេលនោះមក ក្រុម​ JAD នេះ បាន​រៀបចំ ឬ​ជាប់ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ចំនួន​ទៀត នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី មុននឹង​ឈាន​ដល់​ការ​វាយប្រហារ​ភេរវកម្ម​ផ្ទួនៗគ្នា កាល​ពី​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​ចន្ទកន្លងទៅ ដែល​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​ភេរវកម្ម​ដ៏​ធំបំផុត​មួយ​នៅ​ឥណ្ឌូណេស៊ី នៅ​ក្នុងរយៈពេល​ប្រមាណ​ជា​១០ឆ្នាំកន្លងមកនេះ។

តាមការពិត កាល​ពី​ពេល​កន្លងមក អ្នក​ជំនាញ​ខាង​ភេរវកម្ម​ធ្លាប់​បាន​លើកឡើង​រួចមកហើយ​ថា ការវាយប្រហារ​ភេរវកម្ម​នៅ​ឥណ្ឌូណេស៊ី​​យូរនឹងឆាប់ គឺ​ប្រាកដ​ជា​នឹង​ត្រូវ​កើតឡើង ហើយ​ក្តីបារម្ភ​ពី​ភេរវកម្ម​នៅ​ឥណ្ឌូណេស៊ីនេះ គឺ​​ដោយសារ​តែ​គេ​មើលឃើញ​ពី​លំហូរ​នៃ​ប្រជាជន​ឥណ្ឌូណេស៊ី ដែលនាំគ្នា​ចេញ​ទៅ​ធ្វើ​ជីហាត​ជាមួយ​ក្រុម​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី កាល​ពី​ពេល​កន្លងទៅ។

នៅពេលនេះ ពេលដែល​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​​កំពុង​ទទួល​នូវ​បរាជ័យ​ជា​បន្តបន្ទាប់ នៅ​លើ​សមរភូមិ​ក្នុង​ប្រទេស​​​ស៊ីរី អាច​ជាពេល​ដែល​ក្រុមយុទ្ធជនជីហាតបរទេស ក្នុងនោះ​រួម​ទាំង​អ្នក​មក​ពី​ឥណ្ឌូណេស៊ី​ផង ត្រូវនាំគ្នាចាក់ចេញ​ពី​ស៊ីរី ហើយ​វិលត្រឡប់ចូល​ទៅ​កាន់​ប្រទេស​ដើមរៀងៗខ្លួនវិញ ដោយ​នាំ​ទៅ​ជាមួយ​នូវ​មនោគមន៍វិជ្ជាជ្រុលនិយម និង​ជា​ពិសេស ការហ្វឹកហ្វឺន បទពិសោធន៍ និង​ជំនាញ​ខាង​ភេរវកម្ម ដើម្បី​​ទៅ​ធ្វើ​សកម្មភាព​នៅ​ក្នុងប្រទេស​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ