អានតួអត្ថបទ
ឥណ្ឌា

មនុស្ស​៣៧​ម៉ឺន​នាក់​ភៀស​ខ្លួន ដោយសា​ខ្យល់ព្យុះ​ស៊ីក្លូន​នៅ​ឥណ្ឌា

ដូច​តាម​ការ​ស្មានទុក​ របស់​ក្រុម​ព្យាករណ៍​ឧត្តុនិយម​ឥណ្ឌា ខ្យល់ព្យុះ​ស៊ីក្លូន​ដែល​មាន​ឈ្មោះ​ថា ហ៊ុដហ៊ុដ បាន​បោកបក់​ដល់​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ ប្រជាជន​នៅ​ក្នុង​រដ្ឋ​ឥន្ទ្រាប្រាដេហ្ស​ ចំនួន​ប្រមាណ​ជា​៣៧ម៉ឺន​នាក់ ត្រូវ​បាន​ជម្លាស​ចេញ ពី​តំបន់​មាត់​សមុទ្រ។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ឥណ្ឌា​បាន​រាយការណ៍​ថា​មាន​អ្នកស្លាប់​បី​នាក់​ហើយ។

ខ្យល់ព្យុះ​ស៊ីក្លូន​ហ៊ុដហ៊ុដ (Hudhud) បានបោកបក់​រលកសមុទ្រ​ យ៉ាង​កំណាច នៅ​ក្បែរ​ក្រុង វិសាខាប៉ាថាណាំ ភាគ​ខាង​កើត​​ឥណ្ឌា
ខ្យល់ព្យុះ​ស៊ីក្លូន​ហ៊ុដហ៊ុដ (Hudhud) បានបោកបក់​រលកសមុទ្រ​ យ៉ាង​កំណាច នៅ​ក្បែរ​ក្រុង វិសាខាប៉ាថាណាំ ភាគ​ខាង​កើត​​ឥណ្ឌា
ផ្សាយពាណិជ្ជកម្ម

ខ្យល់ព្យុះ​ស៊ីក្លូន​ ហ៊ុដហ៊ុដ ដែល​គេ​ចាត់ទុក​ថា ជា​ខ្យល់ព្យុះ​កំរឹត​ខ្លាំង បាន​បោកបក់​ទៅ​លើ​តំបន់​ឆ្នេរ​សមុទ្រ​ ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា ក្នុង​ល្បឿន​២០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង។ ប្រជាជន​មិន​តិច​ជាង​៣៧ម៉ឺន​នាក់​ទេ នៅ​ក្នុង​ក្រុង​វិសាខាប៉ាថាណាំ ក្នុង​រដ្ឋឥន្ទ្រាប្រាដេហ្ស​ ត្រូវ​អាជ្ញាធរ​តម្រូវ​ឲ្យ​ជម្លៀស​ចេញ​ពី​តំបន់​នេះ ដើម្បី​គេច​ចេញ​ពី​គ្រោះថា្នក់។

យោង​តាម​ភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌា បាន​ឲ្យ​ដឹង​ថា ខ្យល់ព្យុះ បាន​បំផ្លាញ ផ្ទះ​សម្បែង និង​បាន​ផ្តួល​រំលំ​ដើមឈើ និង​បង្គោល​អគ្គីសនី ជាច្រើន​រយ​ដើម ហើយ​បាន​កាត់ផ្តាច់​ផ្លូវ​ថ្នល់​សំខាន់ៗ​ក្នុង​តំបន់​នេះ។ អ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាន់​នាពេល​នេះ គឺ​ត្រូវ​សម្អាត​ផ្លូវ​ទាំង​នោះ ដោយ​ត្រូវ​រើ​ដើមឈើ និង​បង្គោល​ភ្លើង​ដែល​ដួល​រលំ ដើម្បី​ឲ្យ​ក្រុម​សង្គ្រោះ អាច​ធ្វើ​ដំណើរ​ទៅ​ជួយ​ប្រជាជន​ដែល​រងគ្រោះ។ កង​ទាហាន​ម៉ារីន​ឥណ្ឌា​ បាន​ត្រៀមខ្លួន​ជា​ស្រេច ដោយ​មាន​ក្រុម​គ្រូពេទ្យ សម្ភារៈ​ចាំបាច់ ដូច​ជា​អាវពោង ទូក​សង្រ្គោះ នឹង​ស្បៀង​អាហារ ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ។ លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា នរិន្ទ្រម៉ូឌី បាន​កោះ​ប្រជុំ​បន្ទាន់ ជាមួយ​រដ្ឋមន្រ្តី​ពាក់ព័ន្ធ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ដើម្បី​ធានា​ឲ្យបាន​ នូវ​ការ​ត្រៀម​រៀបចំ​ទុក​ជាមុនរបស់​អាជ្ញាធរ​ ដើម្បី​ស្រោចស្រង់​ប្រជាជន​រងគ្រោះ។

ចាប់​តាំង​ពី​ម៉ោង១១ ៣០នាទី​ព្រឹក​ ម៉ោង​នៅ​ឥណ្ឌា ជា​ពេល​ដែល​ខ្យល់​ព្យុះ ហ៊ុដហ៊ុដ​បាន​បក់​ទៅ​ដល់ រហូត​មក​ទល់​ពេល​នេះ មាន​មនុស្ស​ស្លាប់​បីនាក់​ហើយ។ ចំនួន​អ្នក​ស្លាប់​ អាច​នឹង​កើនឡើង​តទៅ​ទៀត ព្រោះ​ថា​ក្រុម​សង្គ្រោះ​នៅ​មិនទាន់​ទៅ​ដល់​គ្រប់​ទីកន្លែង​នៅ​ឡើយ ហើយ​ខ្យល់ព្យុះ​ ក៏​ពុំ​ទាន់​អស់​ឥទ្ធិពល​ដែរ។ តាម​ការ​ព្យាករណ៍ ខ្យល់ព្យុះ​នេះ និង​បន្ត​ដំណើរ​ទៅ​ភាគ​ខាងជើង​ទៀត ហើយ​រដ្ឋ​មួយ​ទៀត​ ដែល​នៅ​ក្បែរ​នោះ ក៏​កំពុង​តែ​ត្រៀម​ខ្លួន​ដែរ។

សូម​បញ្ជាក់ថា តំបន់​ភាគ​ខាងកើត​ឥណ្ឌា ដែល​នៅ​ជាប់​ឈូង​សមុទ្រ​បង់ហ្គាល់ ជា​តំបន់​ដែល​រង​ការ​បំផ្លេចបំផ្លាញ​ ដោយសា​ខ្យល់ព្យុះ​ស៊ីក្លូន​ជា​ញឹកញាប់ ក្នុង​ចន្លោះ​ពី​ខែ មេសា ដល់​ខែ​វិច្ឆិកា។ តំបន់​នេះ កាល​ពី​ឆ្នាំ​ទៅ ក៏​ត្រូវ​បាន ខ្យល់ព្យុះ​ផៃលីន បោកបក់​បំផ្លេច​បំផ្លាញ​ បង្ក​មហន្តរាយ​យ៉ាង​សន្ធឹកសន្ធាប់​ដែរ។ សូម​រំលឹក​ដែរ ថា​គ្រោះ​មហន្តរាយ​ដែល​ធ្ងន់ធ្ងរ​ជាងគេ​នោះ គឺ​នៅ​ឆ្នាំ​១៩៩៩ ដែល​ខ្យល់ព្យុះ​ប្រភេទ​នេះ បាន​សម្លាប់​មនុស្ស​ជាង ៨ពាន់​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ